Author: អេបិល

  • ស្វាយរៀង បន្តភាពខ្លាំង ដោយលត់ក្រុមជើងឯកលីកកំពូលរបស់សិង្ហបុរី  5ទល់នឹង1

    ស្វាយរៀង បន្តភាពខ្លាំង ដោយលត់ក្រុមជើងឯកលីកកំពូលរបស់សិង្ហបុរី  5ទល់នឹង1

    ការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមព្រះខ័នរាជស្វាយរៀង នឹងក្រុមជើងឯកលីកកំពូលសិង្ហបុរី DPMM FC បានបញ្ចប់ទៅហើយកាលពីម្សិលមិញនេះ ដោយក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ដោយលទ្ធផល 5 ទល់នឹង1 នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

    គួរបញ្ជាក់ផងដែរថា ក្រុម DPMM FC ជាក្រុមរបស់ប្រទេសប្រ៊ុយណេ ក៏ប៉ុន្តែមកប្រកួតប្រជែងនៅក្នុងលីកកំពូលរបស់សិង្ហបូរី ដោយទទួលបានចំណាត់ថ្នាក់លេខ1 ក្នុងរដូវកាល2020កន្លងទៅនេះ៕


  • វង្វាន់លីកកំពូលរបស់កម្ពុជា អាចនឹងដំឡើងដល់ 80លានរៀល

    វង្វាន់លីកកំពូលរបស់កម្ពុជា អាចនឹងដំឡើងដល់ 80លានរៀល

    លោក ឈី កុលបុត្រា អនុប្រធានលេខាធិការរដ្ឋាន នៃគណៈកម្មការរៀបចំប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) បានបញ្ជាក់ក្នុងសន្និសីទកាសែតបើករដូវកាលឆ្នាំ2020 ទាំងពានរង្វាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលីកកំពូលកម្ពុជាថា ប្រាក់រង្វាន់នៃពានលីកកំពូលកម្ពុជា រដូវកាល2020 នេះ នឹងត្រូវដំឡើងជាលើកដំបូងចាប់តាំងពីឆ្នាំនេះតទៅ។

    ចំពោះចំនួនដែលត្រូវដំឡើងប៉ុនណា គឺមិនទាន់ត្រូវបានបញ្ជាក់ឱ្យបានច្បាស់ការនៅឡើយទេ ដោយសារតែមិនទាន់បញ្ចប់ការស្នើសុំនេះ ដោយលោកដឹងត្រឹមតែថា នឹងមានការដំឡើងតែប៉ុណ្នោះ។

    តាមប្រភពស្និទ្ធនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហើបឱ្យដឹងថាមានការស្នើសុំដំឡើងពី 60លានរៀល (កាលពីឆ្នាំចាស់) ទៅកាន់ 80លាន ក្នុងរដូវកាលឆ្នាំ2020 នេះ តែចំនួននេះទើបតែស្នើឡើងទៅ នៅមិនទាន់ទទួលបានការយល់ព្រមនៅឡើយទេ៕


  • លីកកំពូលប្រទេសវៀតណាម ប្រកាសលើកពេលប្រកួត ព្រោះតែវីរុសកូរ៉ូណា

    លីកកំពូលប្រទេសវៀតណាម ប្រកាសលើកពេលប្រកួត ព្រោះតែវីរុសកូរ៉ូណា

    កាលពីពេលថ្មីៗនេះ មានការប្រកាសចេញពីសហព័ន្ធកីឡាបាល់ទាត់ចិន ថា ការប្រកួតលីកកំពូលក្នុងប្រទេសចិន នឹងត្រូវពន្យារពេល ព្រោះតែការរាតត្បាតនៃមេរោគវីរុសថ្មីកូរ៉ូណា។

    មកទល់នឹងពេលនេះ លីកកំពូលវៀតណាម ក៏ចាប់ផ្តើមប្រកាសអំពីការលើកពេលប្រកួតក្នុងលីករបស់ខ្លួនដូចគ្នាដែរ។

    គួរបញ្ជាក់ផងដែរថា ក្រោយពីផ្ទុះវីរុសនេះឡើង នៅជុំវិញពិភពលោក ជាពិសេសប្រទេសវៀតណាម បានប្រកាសពន្យារពេលប្រកួតពានរង្វាន់កម្រិតជាតិរបស់ពួកគេគ្រប់កម្រិតទាំងអស់ ចន្លោះពី 2 ទៅ 3សប្តាហ៍៕

  • ផ្ទុះការរិះគន់..ចុំ ​«គេងពីព្រលឹម ក្រោកពីព្រលប់ » តើគួរគេង​ពេល​ណា​ឱ្យប្រាកដ​ទៅ??

    ផ្ទុះការរិះគន់..ចុំ ​«គេងពីព្រលឹម ក្រោកពីព្រលប់ » តើគួរគេង​ពេល​ណា​ឱ្យប្រាកដ​ទៅ??

    ដោយគេមើលឃើញការលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលបានឱ្យដឹងថា បទចម្រៀងរបស់ រាជិនីសំឡេងមាស រស់ សេរីសុទ្ធា « ចម្រៀងលាគ្នា » ត្រូវបានតារាចម្រៀងជំនាន់ក្រោយៗយកមកច្រៀងឡើងវិញ​យ៉ាងពីរោះរណ្ដំចិត្ត។ ក៏ប៉ុន្ដែក្នុងនោះក៏មានទង្វើធ្វេសប្រហែសមួយចំនួនដែលធ្វើឱ្យអ្នកច្រៀងប្រាសចាកឃ្លាដើមត្រង់ឃ្លា « គេងពីព្រលឹម ក្រោកពីព្រលប់ » ទាំងដែលស្ដាប់ទៅមិនទំនងន័យ។ ក្នុងនោះក៏មានការលើកឡើងរបស់អ្នកលេងបណ្ដាញសង្គម ដែលមានស្នើឱ្យការផលិតបទចម្រៀងមានការត្រួតពិនិត្យឱ្យបានល្អិតល្អន់ឡើងវិញ។ សំនួររបស់អ្នកលេងបណ្ដាញសង្គមក៏ចង់ដឹងដែលថា តើបទនេះត្រូវគេងពេលណាឱ្យប្រាកដទៅ??

    យ៉ាងណាមិញ មានការលើកឡើងក្នុងហ្វេសប៊ុកថា «មកពីមិនសិក្សាប្រវត្តិបទចម្រៀងគេជាមុនសិន បានចេះតែច្រៀងមកខុសពេញទឹកពេញដី ពេលខ្លះ ខុសទាំងការដឹកនាំសម្ដែងកាយវិការ ឱ្យសមជាមួយនឹងសាច់រឿងដើមរបស់គេទៀត។ ជាក់ស្ដែងដូចជាបទចម្រៀងនេះអញ្ចឹង តួស្រីផ្ដាំតួប្រុសឱ្យ “គេងពីព្រលប់ ក្រោកពីព្រលឹម” មិនមែន “គេងពីព្រលឹម ក្រោកពីព្រលប់”នោះទេ។ សូមបញ្ជាក់ផងដែរថា បទ”ចម្រៀងលាគ្នា” របស់លោកយាយរស់សេរីសុទ្ធា គឺជាបទចំរៀងដែលប្រសូតចេញពីផលិតកម្មចិនមួយ ដើម្បីដាក់បញ្ចូលទៅក្នុងភាពយន្តចិន ដែលមានចំណងជើងថា “អូនឈឺចិត្តណាស់” ។ នៅក្នុងរឿងនេះ មានរយៈពេលបញ្ចាំងជាច្រើនម៉ោង និងសាច់រឿងដ៏កំសត់ អមជាមួយនឹងបទចម្រៀងជាច្រើនបទ។ ចម្រៀងលាគ្នា ត្រូវបានបកប្រែ និង រៀបចំទំនុកបទចម្រៀង ជាខេមរភាសា ដោយ លោកតា ម៉ក់ ឈួន។ បទដើម មានចំណងជើងថា “谁来爱我” ច្រៀងដោយអ្នកស្រី 邓丽君 ។»

    ហើយក៏មានការអះអាងពីគណនីហ្វេសប៊ុកមួយទៀតដែរថា «កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានបង្ហោះបទចម្រៀងដែលច្រៀងឡេីងវិញដោយអ្នកនាង ឪក សុគន្ធកញ្ញាគឺ ចម្រៀងលាគ្នា ដែលបទនេះដកស្រង់ពីខ្សែភាពយន្តភាគចិន “អូនឈឺចិត្តណាស់” រហូតដល់សារព័ត៌មានមួយចំនួនយកទៅផ្សាយ បង្កើតជាការងឿងឆ្ងល់ ប្រទាញប្រទង់គ្នា។ បេីយោងតាមបទម្ចាស់ដេីមគឺ “គេងពីព្រលប់ ក្រោកពីព្រលឹម” មិនមែនដូចអ្វីដែលអ្នកនាង កញ្ញា ច្រៀងនោះទេ ហេីយឃ្លានេះគឺវាសុីនិងបរិបទសង្គមសម្រាប់មនុស្សទូទៅផងដែរ។ វាមិនដែលមានគេងពីព្រលឹម ក្រោកពីព្រលប់ ទោះបីមនុស្សមួយចំនួនយកយប់ធ្វេីថ្ងៃ យកថ្ងៃធ្វេីយប់ក៏គេមិនដែលនិយាយដែរ»៕

  • ស្រីស្អាត ​មុ​ន្នី​ ​វិជ្ជ​រា ក្ដោបតំណែងតួស្រីក្នុងរឿងថ្មីទូរទស្សន៍ PNN

    ស្រីស្អាត ​មុ​ន្នី​ ​វិជ្ជ​រា ក្ដោបតំណែងតួស្រីក្នុងរឿងថ្មីទូរទស្សន៍ PNN

    កាលពីព្រឹកថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២០ ទូរទស្សន៍ PNN បានប្រកាសក្រុងពាលីចេញថតរឿងថ្មី យ៉ាងអាធឹកអធម ក្រោមការដឹកនាំរបស់អ្នកស្រី ពាន់ភួង បុប្ផា។ អ្វីដែលគេកត់សម្គាល់គឺភាពយន្តមួយរឿងនេះ ចម្រុះសុទ្ធតែតារាល្បីៗ ដែលគ្រាន់តែឃើញសមាសភាពតួ ក៏ចាប់អារម្មណ៍តែម្ដង។

    រឿងថ្មីចំណងជើង «រសជាតិអ្នកមាន» នេះក៏មានការចូលរួមសម្ដែងដោយតារាសម្តែងល្បីៗថ្មីចាស់ដូចជា លោក ជា សំណាង, កញ្ញា កែវ យ៉ាវិញ កូនស្រីអ្នកនាង កែវ កល្យាណ, កញ្ញា ទឹម រដ្ឋា, កញ្ញា ខាត់ យ៉ាឡាង, កញ្ញា មុន្នី វិជ្ឋរា, លោក បញ្ញា សិទ្ឋិ, លោក អ៊ែត វីន, លោក ហង្ស សម្បើមស័ក្តិ, លោក ជន, កញ្ញា នីតា វរវង្ស, និងតារាផ្សេងៗទៀត។

    យ៉ាងណាមិញ កញ្ញា មុន្នី វិជ្ឋរា បានឱ្យដឹងថា រឿងថ្មីនេះជាប្រភេទរឿងអប់រំបែបគ្រួសារដែលនិយាយពីសង្គមពិត និងការអប់រំពាក់ព័ន្ឋគម្លាតរវាងអ្នកមាន និងក្រ ក្នុងការរស់នៅ។ រឿងនេះចង់បង្ហាញនិងអប់រំដល់ បុរសទាំងឡាយ ពេលមានប្រពន្ឋនៅរួមសុខទុក្ខ មិនត្រូវបោះបង់គ្នានោះទេ ក្នុងពេលជីវិតនៅពេលខាងមុខប្រសើរ។ សេចក្តីសុខ មនុស្សមិនស្ថិតតែលើទ្រព្យសម្បត្តិនោះទេ ។ មានទ្រព្យ តែបាត់បង់គ្រួសារបាត់បង់ប្តីប្រពន្ឋ តើមានប្រយោជន៏អ្វី។ សេចក្តីសុខរបស់ មនុស្សពិតប្រាកដគឺ កើតចេញពីគ្រួសារ កូនប្រពន្ឋនាំគ្នាសាង តែបើប្រេះហើយ សួរថាមានប្រយោជន៏អ្វី យកលុយមកដូរសេចក្តីសុខពិតអត់បាននោះទេ។

    យ៉ាងណាមិញ អ្នកស្រីពាន់ ភួងបុប្ឋា ជាអ្នកដឹកនាំរឿងក៏បានប្រមូលផ្តុំតារាថ្មីចាស់ មកសំពះពរជ័យ សុំសេចក្តីសុខ មុនចេញដំណើរការថតនេះ គឺរឿងដែលឆ្លុះបញ្ចាំងពីជីវិតអ្នកមាន។ ដោយអ្នកស្រីប្រាប់ថា រឿងនេះគឺជាការសន្សំទុនតាក់តែង និងខំសរសេរ ក្នុងពេលផ្អាកពីការថតភាពយន្តរយៈពេល២ឆ្នាំ ពេលទៅនៅអាមេរិក។ អ្នកស្រីសង្ឃឹមថាភាពយន្តនេះ នឹងបណ្តុះគំនិតឱ្យគ្រួសារនីមួយៗ ខំថែសេចក្តីសុខឱ្យល្អ នៅក្នុងសង្គម៕

  • មិនធម្មតា!! បទ «ចាបយំល្វើយៗ» កក្រើកខ្លាំងប្រទេសបារាំង

    មិនធម្មតា!! បទ «ចាបយំល្វើយៗ» កក្រើកខ្លាំងប្រទេសបារាំង

    ដូចមហាជនបានស្គាល់មកថា លោក ចាន់ មករា គឺជាតារាចម្រៀងមួយរូប ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន តាមរយៈចម្រៀងជាច្រើនបទដូចជា «ចាបយំល្វើយៗ» បទ «បារីសបណ្ដូលចិត្ត» បទ «ខ្លួនចាស់ចិត្តចង់» បទ «បងខំស្កាត់រក» និង បទ «ព្រះឥន្ទទាត់សី» ដែលបងប្អូនខ្មែរ សឹងតែគ្រប់ទិសទីនិយមស្តាប់ ច្រៀង និងរាំ រាល់ពេលសម្រាកពីការងារម្តងៗ។

    ថ្មីៗនេះ លោក ចាន់ មករា ជាម្ចាស់បទ «ចាបយំល្វើយៗ» បានចេញទៅច្រៀងនៅប្រទេសបារាំងរយៈពេល១ខែកន្លះ និងត្រូវត្រឡប់មកកម្ពុជាវិញប៉ុន្មានថ្ងៃទៀតនេះ។ រយៈពេលមួយខែកន្លះ គឺពិតជាលឿនណាស់ សម្រាប់លោក ព្រោះបើមើលពីសន្ទុះនៃការគាំទ្រ ពីសំណាក់បងប្អូនខ្មែរនៅទីនោះ គឺមានអ្នកចូលរួមទស្សនា និងរាំលេងកម្សាន្តពេញៗសាលប្រគំតន្រ្តីតែម្តង ពេលដឹងថា ម្ចាស់បទទៅដល់ទីនោះផ្ទាល់។

    លោក ចាន់ មករា បានប្រាប់អ្នកសារព័ត៌មានថា ជាមួយនឹងការនាំយកនូវភាពជោគជ័យ ត្រឡប់មកកម្ពុជាវិញ ពេលនេះលោកពិតជាសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលឃើញបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង មានការស្រឡាញ់រាប់អានចូលចិត្ត និងគាំទ្ររូបលោក ជាពិសេសគាំទ្របទចម្រៀងរបស់លោក ធ្វើឱ្យមានមោទនភាពជាខ្លាំង។ តែយ៉ាងណា លោកក៏សោកស្តាយដែរ ដែលបានទៅសម្តែងជូនបងប្អូនខ្មែរទស្សនា នៅទីនោះមានរយៈពេលខ្លី ហើយបើមានឱកាស លោកនឹងទៅសម្តែងនៅបារាំងម្តងទៀត។

  • រកឃើញចម្លាក់សត្វតោរចនាបថសម័យបាយ័ន្តស.វ ទី១៣ មានអាយុរាប់ពាន់ឆ្នាំ

    រកឃើញចម្លាក់សត្វតោរចនាបថសម័យបាយ័ន្តស.វ ទី១៣ មានអាយុរាប់ពាន់ឆ្នាំ

    បើតាមនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ បានឱ្យដឹងថា ចម្លាក់សត្វតោមួយស្ថិតក្នុងរចនាបថសម័យបាយ័ន្តស.វ ទី១៣ ត្រូវបានប្រទះឃើញក្នុងកំឡុងពេលធ្វើកំណាយសិក្សាស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះកំពង់ទឹករបស់បារាយមេបុណ្យនៃប្រាសាទបន្ទាយ

    កាលថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ២០២០ ក្នុងកំឡុងពេលធ្វើកំណាយសិក្សាស្រាវ ជ្រាវរចនាសម្ព័ន្ធគ្រឹះកំពង់ទឹករបស់បារាយមេបុណ្យនៃប្រាសាទបន្ទាយឆ្មារ មុនពេលចាប់ផ្តើមជួសជុល ក្រុមការងារ បច្ចេកទេសនៃនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ បានរកឃើញចម្លាក់សត្វតោមួយស្ថិតក្នុងរចនាបថសម័យបាយ័ន្តស.វទី១៣ កប់ក្នុងដីជម្រៅប្រហែលជាងមួយម៉ែត្រ ។ ដើម្បីការពារសុវត្ថិភាពចម្លាក់តោដែលទើបនឹងរកឃើញនេះ នាយកដ្ឋានបានសហការយ៉ាងជិតស្និទជាមួយនគរបាលបេតិកភណ្ឌប្រចាំការប្រាសាទបន្ទាយឆ្មារ ដោយចាត់កម្លាំងយាមកាមជាប្រចាំ។

    សូមបញ្ជាក់ជូនថា បន្ទាប់ពីពិនិត្យឃើញ កំពង់ទឹកនេះទទួលរងនូវការខូចខាតស្ទើតែបាត់រូបរាងអស់ទៅហើយនោះ ក្រសួង វប្បធម៌និងវិចិត្រសិល្បៈបានអនុញ្ញាតគោល ការណ៍ឲ្យមន្ត្រីបច្ចេកទេសនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ ចំណុះឲ្យអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើការអភិរក្សនិងជួសជុល ដើម្បីលើកតម្លៃសោភ័ណភាពនៃសំណង់កំពង់ទឹកមួយនេះឲ្យរស់ឡើងវិញ។ ការអភិរក្ស និងជួសជុលកំពង់ទឹកនេះ ទទួលបានការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាពីលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ៕

  • Huawei ជាប់​លេខ2 ពិភពលោក ​ផ្នែក​លក់​ស្មាតហ្វូន​ដាច់​បំផុត​កាល​ឆ្នាំ2019

    Huawei ជាប់​លេខ2 ពិភពលោក ​ផ្នែក​លក់​ស្មាតហ្វូន​ដាច់​បំផុត​កាល​ឆ្នាំ2019

    យោង​តាម​របាយការណ៍​ផ្លូវការ​ពី Strategy Analytics និង Counterpoint Research បាន​បង្ហាញ​ឱ្យដឹងថា ពេញ​ 1​ឆ្នាំនៃឆ្នាំ2019 កន្លង​ទៅ ទីផ្សារ​លក់​ស្មាតហ្វូន​ដែលលក់ដាច់​បំផុតលំដាប់លេខ2 លើ​ពិភពលោក ​បាន​​ទៅ​លើ​ក្រុមហ៊ុន Huawei ។

    ការ​ប៉ាន់​ស្មាន​​ថ្មី​ចុង​ក្រោយ​បំផុត​ពី​ប្រភព​ដដែល​ទាំង​2 ​ខាង​លើបាន​បង្ហាញ​ថា​ Apple ឈរ​នៅ​លំដាប់​ថ្នាក់​លេខ1 ប្រចាំ​ត្រីមាស​ទី4 ឆ្នាំ2019 ក្លាយ​ជា​ក្រុមហ៊ុន​លក់​ស្មាតហ្វូន​បាន​ច្រើន​ជាង​គេ​លើ​ពិភពលោក​។ Apple លក់​ iPhone បាន​ 70.7លាន​គ្រឿងអំឡុង​រយៈពេល 3ខែ(គិត​ត្រឹម​ចុង​ខែ​​ធ្នូ2019) ដែល​អាច​កាន់​កាប់​ទីផ្សារ​បាន 18.9%។ តួលេខ​នេះ​​កើន​ឡើង​ 7% បើ​ប្រៀប​នឹង​ឆ្នាំ​2018 ដែល​លក់​បាន 65.9លាន​គ្រឿងពេល​ដែល Apple ឈរ​លំដាប់​លេខ2 នៅ​ពី​ក្រោយ Samsung។

    សូមជម្រាបជូនថា សរុប​ទៅ​ពេញ​ 1​ឆ្នាំ2019 ក្រុមហ៊ុន Apple លក់ iPhone បាន 197.4លាន​គ្រឿងដែល​ឈរ​នៅ​លំដាប់​ថ្នាក់​លេខ3 គិត​ជា​ប្រចាំ​ឆ្នាំ។ លេខ​1 ​ប្រចាំ​ឆ្នាំ 2019 នៅ​តែ​ជា Samsung ដែល​លក់​បាន​ 295.1លាន​គ្រឿង តាម​ពី​ក្រោយ​ដោយ Huawei លក់​បាន​ 240.5លាន​គ្រឿង។ ​លេខ 4 ប្រចាំ​ឆ្នាំ​ គឺ​បាន​ទៅ​លើ​ក្រុមហ៊ុន Xiaomi ជា​មួយ​ចំនួន​លក់​សរុប​ 124.8 លាន​គ្រឿង និង​ OPPO ស្ថិត​នៅ​លេខ​5 ជា​មួយ​ចំនួន​លក់​សរុប​ 115.1លាន​គ្រឿង ក្នុង​រយៈពេល 12ខែកន្លងទៅ៕

    A man walks inside a Huawei’s customer service center in Hong Kong, Friday, March 29, 2019. Chinese tech giant Huawei’s deputy chairman defended its commitment to security Friday after a stinging British government report added to Western pressure on the company by accusing it of failing to repair dangerous flaws in its telecom technology. (AP Photo/Kin Cheung)


  • ​ស្មាតហ្វូន Huawei ប្រើ​បន្ទះឈីប Kirin 810 ដំបូង​បំផុត​ដែល​លក់​នៅ​ក្រៅ​ប្រទេស​ចិន

    ​ស្មាតហ្វូន Huawei ប្រើ​បន្ទះឈីប Kirin 810 ដំបូង​បំផុត​ដែល​លក់​នៅ​ក្រៅ​ប្រទេស​ចិន

    ​ស្មាតហ្វូន Huewei ម៉ូដែល Nova 7i ​នឹង​ត្រូវ​លេច​មុខ​នៅ​លើ​ទីផ្សារ​នៅ​ប្រទេស​ម៉ាឡេស៊ី ​​នៅថ្ងៃ​ទី14 ខែ​កុម្ភៈ ​ឆ្នាំ2020 ខាង​មុខ​នេះ ដើម្បីឱ្យ​​ចំ​នឹង​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​តែ​ម្ដង​។ យោង​តាម​របាយ​ការណ៍​ បាន​ឱ្យ​ដឹង​ថា ​ស្មាតហ្វូន Nova 7i ​បំពាក់​បន្ទះឈីប​ល្បឿន​លឿន Kirin 810 ស្ថិត​ក្នុង​សែស្រឡាយ​​ផលិត​ផល​ដែល​លក់​នៅ​​ក្រៅ​ប្រទេស​ចិន​ជា​លើក​ដំបូង​បំផុត។ បន្ទះឈីប​នេះ ​កន្លង​មក​មាន​តែ​នៅ​ក្នុងទីផ្សារ​ប្រទេស​ចិន​មួយ​គត់។ 

    Nova 7i នឹង​បំពាក់​កាមេរ៉ា 4គ្រាប់ផ្នែកនៅ​ខាងក្រោយ (48+8+2+2MP)​ ដាក់​​លេនស៍​ដែល​មាន​នាទី​ផ្សេងៗ​គ្នា និង​ផ្នែក​ខាងមុខ​មានកាមេរ៉ា 1គ្រាប់ ​រចនា​ប័ទ្ម​ជា​ប្រឡោះ​ក្រោម​អេក្រង់ មើល​ទៅឃើញស្រដៀងនឹង​ប្រជ្រុយ​មនុស្ស​ដូច្នោះ​ដែរ​។ ​ស្មាតហ្វូន​នេះនឹង​នៅ​តែ​​ដំណើការ​ដោយ Android 10 ស្រោប​ដោយ​ស្បែក EMUI ជំនាន់10។ ក្នុងអំឡុងពេលជម្លោះពាណិជ្ជកម្ម​ជាមួយ​អាមេរិក ស្មាតហ្វូន​នេះ​នឹង​គ្មាន​សេវាកម្ម Google ឡើយ។ 

    ​​សម្រាប់​ម៉ូដែល RAM តូច​បំផុត ​(អាចនឹង RAM 4GB) និង​មេម៉ូរី​តូច​បំផុត(អាច​នឹង 128GB)នឹងមានតម្លៃ​​ប្រមាណ​ជា 2,199យន់(​ប្រមាណ 310ដុល្លារ)៕​


     

  • ហាង Travel Hub ថ្មីៗនឹងជួយឱ្យអ្នកទេសចរណ៍កម្ពុជាអាចរៀបចំផែនការដំណើរកំសាន្ដបានកាន់តែងាយស្រួល​

    ហាង Travel Hub ថ្មីៗនឹងជួយឱ្យអ្នកទេសចរណ៍កម្ពុជាអាចរៀបចំផែនការដំណើរកំសាន្ដបានកាន់តែងាយស្រួល​

    ហាងលក់សម្ភារៈសម្រាប់​ដំណើ​កម្សាន្ដថ្មី​ ​«ដែល​មាន​ផលិត​ផល​សម្បូរ​បែប» ​​នៅ​រាជ​ធានី​ភ្នំ​ពេញ ក្រុង​សៀម​រាប និង​ក្រុង​​ព្រះ​សីហ​នុ នឹងជួយឲ្យ​អ្នកទេសចរណ៍កម្ពុជាអាចរៀបចំផែនការដំណើរកម្សាន្ដរបស់ខ្លួន បានកាន់​តែ​ងាយ​ស្រួល តាមរយៈ​ការ​ផ្តល់​​​ជូន​នូវ​ផលិត​ផល​​ជាច្រើនម៉ាកដ៏សម្បូរបែបដែលមាន​​គុណ​ភាព​ខ្ពស់ដូច​ជា Lojel និង Victorinox ស្ថិត​ក្រោម​ដំបូលហាង​​តែមួយ​។

    Travel Hub ដែល​មាន​ហាង​ចំនួន​២​​ទី​តាំង​រួច​ជាស្រេច​នៅ​​រាជ​ធានី​ភ្នំពេញ នា​​ផ្សារ​ទំនើប​អ៊ី​អន ភ្នំ​ពេញ និង​អ៊ី​អន សែន​សុខ នឹង​​ចាប់​ផ្តើម​​បើក​សាខាថ្មីៗ​របស់​ខ្លួន​នា​ពេល​ឆាប់​ៗ​នេះ នៅ​ក្រុង​សៀម​រាប និង​ក្រុង​ព្រះ​សីហ​នុ ដើម្បីជា​ផ្នែក​មួយនៃ​ការពង្រីកសាខា​​ទូ​ទាំង​ប្រទេសរបស់ខ្លួន ដែលនឹងមានហាងចំនួន​៩សាខា នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ​​។

    ហាង Central Mall ដែលស្ថិតនៅ​ក្បែរ​ផ្សារ​ធំ​ថ្មី ក៏​​នឹង​ត្រូវ​ប្តូរ​ឈ្មោះ​ទៅ​ជា​ហាង​ Travel Hub មួយ​ផងដែរ ដើម្បី​បង្កើត​ឲ្យ​មាន​បណ្តាញ​ហាង​ទូ​ទាំង​ទី​ក្រុង ​ដែល​លក់​​ផលិត​​ផល​​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​ ដូច​​ជា វ៉ា​លី សម្ភារៈ​ផ្សេង​ៗ​សម្រាប់​ធ្វើ​ដំណើរ និង​សម្លៀក​បំពាក់​​​សម្រាប់​ការ​ធ្វើ​​ដំណើរ​ទៅ​ក្រៅ​ទី​ក្រុង ជា​ដើម​​។

    Travel Hub គឺជាកម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន Campore Group ហើយលោក David Ghani ដែល​ជា​ប្រធានក្រុម​ហ៊ុន​នេះ បាន​បញ្ជាក់​ថា៖ «ចំណុច​ដែល​ធ្វើ​ឲ្យ​ Travel Hub មាន​លក្ខខណៈ​ពិសេស​ជាង​គេនោះ​ គឺការដែលយើងផ្ដល់ជូនអតិថិជននូវ​ផលិត​ផល ​​ម៉ាក​យីហោ​ល្បី​ៗ ដែលមានគុណ​ភាពខ្ពស់ជាច្រើនជម្រើស ក៏ដូច​ជាការផ្ដល់ជូនពួកគាត់នូវ​អ្នក​ឯក​ទេស​ដែលអាចជួយផ្ដល់យោបល់ជូនដល់​អ្នក​ដំណើរ​​ដ៏​ឆ្លាត​វៃ​របស់​កម្ពុជា ដែល​ស្វែង​រក​​ផលិត​​ផល​ធ្វើ​ដំណើរ​ដែល​ពួក​​គាត់​អាច​ជឿ​ទុក​ចិត្ត​បាន​»​។

    លោក David Ghani បាន​ប្រាប់​បន្ត​ថា៖ «មនុស្សភាគច្រើន តែងមានអារម្មណ៍រំភើបខ្លាំង នៅពេលដែលពួកគាត់រ​​រៀប​ចំ​ផែន​ការដំណើរកម្សាន្ដរបស់គាត់។ ​នោះ​​ហើយគឺ​ជា​មូល​ហេតុ​ដែល Travel Hub ដាក់​ពាក្យ​ស្លោក​ថា «កន្លែង​ដែល​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ចាប់​ផ្តើម​»​។ សូម្បី​តែ​​នៅមុន​ពេលដែល​​អ្នក​ចេញ​ដំណើរ Travel Hub នឹង​ផ្តល់​ដំបូន្មាន​ និង​សេវា​ល្អ​ៗបំផុត​ជា​ច្រើន ពីហាងដ៏ចំណានរបស់យើង ដែលមានលក់​នូវ​ផលិត​​ផល​ធ្វើ​ដំណើរ​​ដ៏​មាន​ប្រជា​ប្រិយ​ភាព​បំផុត និង​​មាន​យី​ហោ​​ល្បី​ៗ​ដ៏​គួរ​ឲ្យ​ទុកចិត្ត​ជា​ច្រើន ទូ​ទាំង​​ពិភព​លោក​»​។

    យីហោ​ល្បី​ៗ​ជាច្រើន​ដែល​ហាង Travel Hub កំពុង​តែ​លក់​នា​ពេល​​បច្ចុប្បន្ន រួម​មាន វ៉ា​លី​ មក​ពី​ក្រុមហ៊ុន The North Face, Lojel, Victorinox, Wenger, Hideo Wakamatsu និង PacSafe​។ សម្ភារៈ​បន្ទាប់​បន្សំ​ជាច្រើន​ដែល​ផ្តល់​ជូន​នៅហាង Travel Hub រួម​មាន ឧបករណ៍​ភ្ជាប់​បណ្តាញ (Adaptor) ខ្នើយ​ធ្វើ​ដំណើរ ឧប​ករណ៍​​ចល័ត និង​​កាបូប​ជាច្រើន​​​ប្រភេទ​មក​ពី​យីហោ​ល្បី​ៗ​ជាច្រើន ដូច​ជា Travel Blue, Cabeau, Be Relax និង Lexingham​។ ជា​មួយ​គ្នា​នេះ ហាង​ក៏មាន​​លក់​​សម្លៀក​បំពាក់​សម្រាប់​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ពី​ទីក្រុង​​ពី​ក្រុមហ៊ុន 5.11 ផង​ដែរ ដែលសាកសមសម្រាប់អ្ន​កដែល​ចូល​​ចិត្ត​ផ្សង​ព្រេង​។

    លោក David Ghani បាន​បញ្ជាក់​ថា៖ «Travel Hub មានគោលបំណងចង់ផ្តល់​ឲ្យ​អតិ​ថិ​ជន​របស់​យើង​​ជា​មួយ​នឹង​សម្លៀក​បំពាក់ សម្ភារៈ​បន្ទាប់បន្សំ កាបូប និង​វ៉ាលី ដែល​អាច​ជឿទុក​ចិត្ត​​បាន​បំផុត ជា​ពិសេស​រាល់​សម្ភារៈ​ទាំង​អស់​ដែល​អ្នក​ដំណើរ​ម្នាក់​អាច​នឹង​ត្រូវ​ការ​ដើម្បី​​​​បន្ត​ធ្វើ​ដំណើរ​​កម្សាន្ត​ ទិញ​ឥវ៉ាន់ ទៅ​កាន់​ទីក្រុង​បាង​កក ឬ​​សម្រាប់​​ការ​សម្រាក​វិស្ស​ម​កាល​​បែប​​ផ្សង​ព្រេង​ជាង​នេះ នៅ​​តាម​ជួរ​ភ្នំ​ក្រវាញ ក៏បាន។ ជម្រើស​វ៉ា​លី​ដ៏​សម្បូរ​បែប ​នៅ​ហាង Travel Hub ផ្តល់​​ជូន​ជា​មួយ​នឹង​ការ​​ធា​នា​លើ​គុណ​ភាព​​ផលិត​​ផល​រហូត​ដល់​រយៈ​ពេល​១០​ឆ្នាំ ដើម្បី​ផ្តល់ជំនឿទុកចិត្ត​ទៅកាន់​អតិ​ថិ​ជន​របស់​យើង​»​។

    ហាង​​ Travel Hub ​នៅ​ខេត្ត​សៀម​រាប ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​បើក​ជាផ្លូវ​ការ​នៅ​ពាក់​កណ្តាល​ខែ​​កុម្ភៈ ខណៈ​ដែល​សា​ខា​នៅ​​ក្រុង​ព្រះ​សីហ​នុ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​​បើក​​ដំណើរ​ការ​នៅ​ដើម​ខែមីនា​។

    លោក Ghani បាន​ឲ្យ​ដឹង​ថា ទី​តាំង​​របស់​សា​ខា​ថ្មី​ទាំង​នេះ ក៏​នឹង​​ឆ្លើយ​តប​ទៅនឹង​​​ការ​កើន​ឡើង​របស់​ភ្ញៀវ​ទេស​ចរណ៍​បរទេស​ដែល​មក​ទស្ស​ន​កិច្ច​នៅ​កម្ពុជា ផងដែរ រួម​ជាមួយ​នឹង​ការ​ផ្តល់​​ជូន​តម្លៃដ៏​ប្រកួត​ប្រជែង​ បើ​ធៀប​ទៅនឹង​​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ និង​​ការ​ជឿជាក់​​សម្រាប់​​​អតិ​ថិ​ជន​ ទៅ​លើ​​ការ​ទិញ​​ផលិត​​ផល​ពិត​មិន​ក្លែង​ក្លាយ ពី​ហាង​លក់​រាយ​ប្រកប​​ដោយ​កេរិ៍្ត​​ឈ្មោះ​មួយ​។

    ស្រប​ពេលដែល​ប្រាក់​ចំណូល​​របស់​​ប្រជា​ជន​កម្ពុជា មាន​ការ​កើន​ឡើង តម្រូវ​ការ​នៃ​ការ​ធ្វើ​ដំណើរ​ក៏​​កើន​ឡើង​ផងដែរ ខណៈ​ដែល​កំណើន​​អ្នកធ្វើ​ដំណើរ​​ទៅ​ក្រៅ​ប្រទេស កើន​ឡើង​ប្រមាណ​ជា ១៥% ក្នុង​​១​ឆ្នាំ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ ហើយជា​មួយគ្នា​នេះ ​​វិស័យ​ទេស​ចរណ៍​ក្នុង​ស្រុក​ក៏​​កើន​ឡើង​ឥត​ឈប់​ឈរ​ផងដែរ​។ នេះ​​យោង​ទៅ​តាម​​ស្ថិតិ​​របស់​ក្រសួង​ទេសចរណ៍​​៕