Author: អេបិល

  • លោក Klopp សង្ឃឹម​ថា Spurs នឹង​​​មិន​ផ្តោតតែ​​លើ​តំបន់​ការ​ពារ​ឡើយ

    លោក Klopp សង្ឃឹម​ថា Spurs នឹង​​​មិន​ផ្តោតតែ​​លើ​តំបន់​ការ​ពារ​ឡើយ

    ក្រោយពី​បាន​បញ្ចប់​ក្នុង​លទ្ធផល​ត្រឹម​ស្មើ ០-០ ​ពេល​ប្រកួត​ជា​មួយ​នឹងក្រុម Manchester United កាល​ពី​ចុង​សប្តាហ៍មុន លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool ពិត​ជា​ពេញ​ចិត្ត​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​​កីឡដ្ឋាន Wembley នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ជួប​ជា​មួយ​នឹងក្រុម​ឡើង​ទម្រង់​លេង​ Tottenham Hotspur​។ Man United បាន​បង្ហាញ​ពី​ទម្រង់​លេង​ប្រកប​ដោយ​ភាព​ប្រុង​ប្រយ័ត្ន​នៅ​​ឯកីឡដ្ឋាន Anfield កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Klopp រក​បាន​ឱកាស​ដ៏​ជាក់​​លាក់​​ពី​មុខ​ទី​ត្រឹម​តែ​2​លើក​​ប៉ុណ្ណោះ​។

    Liverpool បាន​​នាំ​យក​ការ​​ខក​ចិត្ត​របស់​ពួក​គេ​ទៅ​​ទម្លាក់​លើ​ក្រុម Maribor ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​នេះ ដោយ​បាន​រកគ្រាប់​បាល់​បញ្ចូល​ទី​ដល់​ទៅ​7គ្រាប់​លើ​ក្រុម​របស់​ស្លូ​វេ​នី​មួយ​នេះ ហើយ​លោក Klopp ពិត​ជា​រំភើប​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​​ជួបក្រុម Spurs ភ្លាម​ៗ​។ លោក Klopp បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​​នៅមុន​ពេល​​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សុក្រ ថា៖ «ខ្ញុំ​ពិត​ជា​កំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅ​​កាន់​ការ​ប្រកួត​នេះ ពីព្រោះ​អ្នក​មិនមាន​ការ​ប្រកួតបែប​នេះ​ច្រើន​ឡើយ ខណៈ​ដែល​ក្រុម​ទាំង​នេះ នឹង​ខិត​ខំ​ព្យា​យាម​ឲ្យ​អស់​ពី​សមត្ថ​ភាព​ដូច​គ្នា​​។ វា​នឹង​ក្លាយ​ជា​ការប្រកួត​ដូច​ជា​មួយ​នឹងក្រុម Man City ​អ៊ី​ចឹង ហើយ​ការ​ប្រកួត​ជា​មួយ​នឹង Tottenham នឹង​មានលក្ខណៈ​ដូច​គ្នា​»​​។

    គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​មួយ​នេះ​បាន​បន្ថែម​ទៀត​ថា៖ «ពួក​គេ​កំពុង​តែ​ស្ថិតក្នុង​ទម្រង់​​លេង​យ៉ាងល្អ ក្នុង​នាម​ជាក្លិប​មួយ ហើយ​យើង​​នឹងក្លាយ​ជា​គូ​ប្រជែង នៅពេល​ដែល​យើង​ទៅ​កាន់​ទី​នោះ​។ ប៉ុន្តែ ពួកគេ​ដឹង​ថា វា​នឹង​​មិនមែន​ជា​ការប្រកួត​ដ៏​​ងាយ​ស្រួល​ឡើយ​​។ សូម​រង់​ចាំ​មើល​ពី​អ្វី​ដែល​​​កើត​ឡើង​»​។ ការ​ប្រកួត​នេះ​នឹង​​ចាប់​ផ្តើម​នៅម៉ោង​1០​យប់​៕

    ប្រភព​ពី៖ Sport24

  • ទម្លាយរឿងពិត អាំ ផាត់ឆារ៉ាផា កាត់កាល់មិត្តសំណព្វ ជេន នី

    ទម្លាយរឿងពិត អាំ ផាត់ឆារ៉ាផា កាត់កាល់មិត្តសំណព្វ ជេន នី

    ជារឿងមួយដែលកំពុងតែក្ដៅគគុកនៅក្នុងសង្គមសិល្បៈប្រទេសថៃ ដែលតារាស្រីលំដាប់ជួរមុខ នាង អាំ ផាត់ឆារ៉ាផា បានប្រកាសកាត់កាល់មិត្តភ័ក្ដិសំណព្វចិត្តមួយថ្លើមមួយគឺនាង ជេន នី ដែលបណ្ដាលឱ្យមជ្ឈដ្ឋានអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។ នេះបើតាមសារព័ត៌មានថៃ​ Teenee បានចេញផ្សាយនៅថ្ងៃទី20 ខែតុលា ឆ្នាំ2017 ថ្មីៗនេះ។

    កាលពីពេលថ្មីៗកន្លងទៅ តារាស្រី ជេននី ធានភោស៊ុវ៉ាន់ ទើបតែបានប្រកាសកាត់កាល់មិត្តភ័ក្ដិសំណព្វចិត្តរបស់ខ្លួន គឺតារាស្រី “វីជេ វុនសេន” ដោយសារតែមានទំនាស់ពាក្យសម្ដី និងសង្គ្រាមស្នេហា តែមកដល់ពេលថ្មីៗនេះវិញ ស្រាប់តែកំពូលមិត្តសំណព្វចិត្តម្នាក់ទៀតគឺ អាំ ផាត់ឆារ៉ាផា ដែលធ្លាប់ជាមិត្តស្លាប់រស់ជាមួយគ្នា បែរជាប្រកាសកាត់កាល់នាង ជេន នី ទៅវិញ។

    គួរបញ្ជាក់ផងដែរថា អ្នកលេងបណ្ដាញសង្គមអ៊ីនស្តាក្រាម បានចូលទៅ Comment នៅលើរូបរបស់នាង អាំ ផាត់ឆារ៉ាផា ថា​ “ការដែល អាំ ផាត់ឆារ៉ាផា កាត់កាល់ ជេន នី នេះ ព្រោះតែ ជេន នី បានបណ្ដើរលោក ណូត(អតីតសង្សាររបស់ អាំ) ទៅដើរលេងស្ងាត់ៗតែពីរនាក់ ដោយមិនបានប្រាប់ អាំ” ៕

  • បិតា Facebook លោក  Mark Zuckerberg បដិសេធ គ្មានគម្រោងមកប្រទេសថៃទេ

    បិតា Facebook លោក  Mark Zuckerberg បដិសេធ គ្មានគម្រោងមកប្រទេសថៃទេ

    តាមរយៈសារព័ត៌មាន BBThai ដែលបានចេញផ្សាយនៅថ្ងៃទី20 ខែតុលា ឆ្នាំ2017នេះបានឱ្យដឹងថា បិតាFacebook លោក Mark Zuckerberg បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការមួយនៅលើ Facebook ផ្ទាល់របស់លោក ដើម្បីច្រានចោលដំណឹងនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសថៃ ក្រោយពីនាយករដ្ឋមន្ត្រីប្រទេសនេះ លោកប្រាក់យុទ្ធ ចាន់អូឆា បានថ្លែងប្រកាសជាសាធារណៈថា បិតា Facebook រូបនេះនឹងធ្វើដំណើរមកកាន់ប្រទេសថៃ ហើយគ្រោងនឹងជួបសំណេះសំណាលជាមួយលោក។

    ដោយទទួលបានដំណឹងពីការប្រកាសជាសាធារណៈរបស់លោកប្រាក់យុទ្ធរួចហើយ  បិតា Facebook រូបនេះបានបង្ហោះសារច្រានចោលភ្លាមៗថា “There are no plans currently for any of our senior leaders to visit Thailand. ” ។

    គួរបញ្ជាក់ផងដែរថា ការបដិសេធរបស់ Mark Zuckerberg  ហាក់បីដូចជាបំបាក់មុខលោកនាយករដ្ឋមន្ត្រីថៃ ដូច្នោះហើយទើបលោកនាយករដ្ឋមន្ត្រីថៃរូបនេះបានចេញសេចក្ដីប្រកាសបកស្រាយមួយទៀតដោយពោលថា “ការធ្វើដំណើរទស្សនកិច្ច និងជួបពិភាក្សាអាចចាត់ទុកថា ជារឿងធម្មតា ហើយក៏ជាការធ្វើដំណើរកម្សាន្តផ្ទាល់ខ្លួនរបស់លោក ក៏ប៉ុន្ដែការសហការ ការពារសន្តិសុខ​ សុវត្ថិភាព គឺជាការងាររួមគ្នាជាមួយប្រទេសដែលបានឆ្លងកាត់ ដើម្បីឱ្យប្រាកដថា គ្មានបញ្ហា និងផលប៉ះពាល់អ្វីកើតឡើង”៕

  • សាន ផានិត​ ៖ “ស្រីឡៃមានចរិតល្អ មិនសូវរវល់រឿងប្រុសឈ្មោល អីទេ”

    សាន ផានិត​ ៖ “ស្រីឡៃមានចរិតល្អ មិនសូវរវល់រឿងប្រុសឈ្មោល អីទេ”

    ពីធីបុណ្យសពតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង សាន ស្រីឡៃ បានបញ្ចប់ទៅមិនទាន់បានប៉ុន្មានផង ភ្លាមៗ អតីតតារាចម្រៀងដែលធ្លាប់មានកេរ្តិ៍ឈ្មោះបោះសំឡេងមួយរូប និងជាម្ចាស់បទ “ជាប់រវល់” លោក សាន ផានិត បានទម្លាយរឿងទំនាក់ទំនងស្និទ្ធស្នាល និងអត្តចរិតពិតរបស់តារាស្រីរូបនេះ នៅលើ Facebook Page របស់លោកផ្ទាល់។

    លោក សាន ផានិត បានរៀបរាប់ពីអារម្មណ៍ពិតជាសារដ៏វែងអន្លាយមួយថា “ថ្ងៃនេះខ្ញុំសូមបកស្រាយតាម page ផ្លូវការរបស់ខ្ញុំ ដើម្បីឱ្យវិញ្ញាណក្ខន្ធ ស្រីឡៃ ទៅឱ្យបានស្ងប់ចំពោះព័ត៌មានមិនពិតពីកាបែកធ្លាយផ្សេងៗប៉ះពាល់ដល់កិត្តិយសគ្នាដែលបានស្លាប់ទៅហើយនោះ។ តាមពិតរូបភាពទាំងខ្ញុំ និងបញ្ញា សិទ្វស្រដៀងៗគ្នា (ស្និទ្ធស្នាល) ដោយសារតែស្រីឡៃចូលចិត្ត Drama លេង ភាគច្រើនធ្វើតួកម្សត់រហូតស្រក់ទឹកភ្នែកក៏មាន និងលេងតែជាមួយបងប្អូនក្នុងបន្ទប់អ្នកចម្រៀងពេលម៉ោងសម្រាកថតតែប៉ុណ្ណោះ មិនដូចព័ត៌មានថា ដោយសារតែមានប្រុសក្មេងអីនោះទេ។ ស្រីឡៃតែងតែប្រាប់បងប្អូនឱ្យជួយផ្ដល់កម្លាំងចិត្តកាងាររហូត ព្រោះមានបន្ទុកគ្រួសារដ៏ច្រើន និងបញ្ហាសេដ្ឋកិច្ចខ្លាំង នាងចង់ឱ្យខ្ញុំជួយទម្លាក់ original song ល្អៗ តាមរយៈក្រុមនិពន្វរបស់ខ្ញុំ ដោយសារនៅក្រុមហ៊ុនពុំសូវមានបទឱ្យកន្លងមក និងឱ្យអាទិភាពផលិតបទពីក្រៅដោយខ្លួនឯងផងនោះ”។

    ការបកស្រាយបានក្បោះក្បាយហូរហែមកនេះ បានធ្វើឱ្យមជ្ឈដ្ឋានមហាជនកាន់តែបានដឹងរឿងរ៉ាវជាច្រើនថែមទៀតអំពីតារាចម្រៀង សាន ស្រីឡៃ ។ ក្នុងនោះដែរ តារាប្រុសដែលស្អិតល្មួតរូបនេះក៏បានបន្ដអះអាងថា “ស្រីឡៃមានចរិតល្អ មិនសូវរវល់រឿងប្រុសឈ្មោលអ្វីនោះទេ គ្រប់ពេលគិតតែរឿងកាងារ បទចម្រៀង ជីវភាពគ្រួសារ និងមានជីវិតកម្សត់ ។ សុំជម្រាបផងចុះ ហ៊ឺ! មិនសរសើរទាំងអស់ទេ ស្រីឡៃក៏មានគុណវិបត្តិខ្លះដែរ គឺធ្វើការមិនទៀងទាត់ ប្រហែលជាដោយសារផ្ទះនៅឆ្ងាយក្រោយវត្តសែនសុខ ពិបាកទៅផ្ទះវិញពាក់កណ្តាលយប់ពីបឹងកេងកងទៅ”។

    ជាចុងក្រោយ លោក សាន ផានិត ក៏បានអំពាវនាវថា “ឯការបែកធ្លាយរូបអាក្រាត សូមឱ្យសមត្ថកិច្ចដាក់ទោសទណ្ឌជនល្មើសឱ្យធ្ងន់ទ្វេដង និងជួយទៅបុណ្យ៧ថ្ងៃឱ្យបានគ្រប់ៗគ្នាផង ជាពិសេសអ្នកសិល្បៈរួមអាជីព”៕

  • តារាសម្ដែងហុងកុងស្រីស្អាត Angela Yeung ធ្វើអត្តឃាតដ៏សែនរន្ធត់

    តារាសម្ដែងហុងកុងស្រីស្អាត Angela Yeung ធ្វើអត្តឃាតដ៏សែនរន្ធត់

    សារព័ត៌មានចិន Sina បានចេញផ្សាយភ្លាមៗនៅថ្ងៃទី20 ខែតុលា ឆ្នាំ2017នេះថា តារាហុងកុងវ័យក្មេងស្រីស្អាតល្បីដាច់គេនាង Angela Yeung ឬមានឈ្មោះហៅក្រៅនៅក្នុងពិភពសិល្បៈថា Little Angela Baby បានធ្វើអត្តឃាតដោយលោតចុះពីលើអគារខ្ពស់នៅម្ដុំសណ្ឋាគារ Jiangsu ក្នុងទីក្រុងហុងកុង។

    មុនពេលកើតហេតុ តារាស្រីវ័យក្មេងរូបនេះបានចូលទៅកាន់សណ្ឋាគារជាមួយបុរសម្នាក់ដែលត្រូវបានគេសង្ស័យថា ជាតារាសម្ដែងប្រុសមានឈ្មោះ Yang Huan Van វ័យ 23 ឆ្នាំ ដែលធ្លាប់បានសម្ដែងជាតួអង្គ​ Guo Jing ដ៏ល្បីល្បាញបំផុតនៅក្នុងរឿង “Xiao Yan”។ បើយោងតាមវីដេអូនៅក្នុងកាមេរ៉ាសុវត្ថិភាពបានឱ្យដឹងថា អ្នកទាំងពីរបានបណ្ដើរគ្នាយ៉ាងសើចសប្បាយរីករាយចូលទៅក្នុងសណ្ឋាគារ មួយសន្ទុះក្រោយមកក៏ទទួលបានដំណឹងថា តារាស្រីរូបនេះបានលោតសម្លាប់ខ្លួនពីលើអាគារនោះចុះមកតែម្ដង។

    គួរបញ្ជាក់ផងដែរថា មានប្រភពព័ត៌មានមួយចំនួនបានចេញផ្សាយឱ្យដឹងថា តារាស្រីរូបនេះបានប្រើប្រាស់គ្រឿងញៀនលើសកម្រិត ហើយបានវង្វេងស្មារតី ទើបសម្រេចចិត្តធ្វើអត្តឃាតបែបនេះ។ ចំពោះខាងមន្ត្រីប៉ូលីសវិញ ក៏បានអះអាងដែរថា នឹងតាមរកតារាប្រុស Yang Huan Van មកបំភ្លឺបន្ថែមចំពោះករណីមួយនេះ ។ សូមបញ្ជាក់បន្ថែមថា តារាស្រី  Angela Yeung  បានកើតនៅឆ្នាំ1990 ហើយធ្លាប់បានឆ្លងកាត់ការសិក្សានៅសាលាសិល្បៈ Beijing Film Academy ផងដែរ៕

  • សារព័ត៌មានថៃភ្ញាក់ផ្អើលចំពោះមរណភាពអ្នកនាង សាន ស្រីឡៃ

    សារព័ត៌មានថៃភ្ញាក់ផ្អើលចំពោះមរណភាពអ្នកនាង សាន ស្រីឡៃ

    នៅព្រឹកថ្ងៃទី17 ខែតុលា ឆ្នាំ2017 សារព័ត៌មានថៃ Teenee បានចេញផ្សាយឱ្យដឹងថា តារាចម្រៀងល្បីនៅក្នុងប្រទេសកម្ពុជា ដែលជាអតីតបេក្ខភាពប្រឡងកម្មវិធីលំដាប់អន្ដរជាតិ The Voice Cambodia រដូវកាលទី2 គឺអ្នកនាង សាន ស្រីឡៃ មានវ័យ 23 ឆ្នាំ បានទទួលមរណភាពក្នុងហេតុការណ៍ដ៏គួរឱ្យរន្ធត់នៅកណ្ដាលរាជធានីភ្នំពេញ។

    សារព័ត៌មានថៃដដែលនេះបានរៀបរាប់ និងអះអាងពីមរណភាពរបស់តារាស្រីរូបនេះថា “តាមរយៈឃ្លីបវីដេអូដែលបានថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញថា ការបាញ់សម្លាប់តារាស្រីរូបនេះ គឺស្ថិតនៅក្នុងបរិវេណគ្លីនិកកែសម្ផស្ស Vita Longa Clinic។ ចាប់ផ្ដើមចេញពីបុរសម្នាក់( អតីស្វាមីរបស់ស្រីឡៃ) បានដើរចូលមកខាងមុខហាង ហើយមានស្ត្រីម្នាក់ទៀតនៅក្នុងហាងបានដើរថយចូលទៅក្នុងហាង ខណៈដែលគេមើលឃើញអ្នកទាំងពីរកំពុងនិយាយតទល់គ្នា ភ្លាមៗបុរសនោះក៏បានដកកាំភ្លើងបាញ់តារាស្រីរូបនេះ1 គ្រាប់ដំបូង រួចហើយក៏តាមចូលទៅបន្ដបាញ់ 2 គ្រាប់ទៀត រួចហើយក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយភ្លាមៗនោះដែរ”។

    យ៉ាងណាមិញ មរណភាពរបស់អ្នកនាង សាន ស្រីឡៃ គឺជាសោកនាដកម្មមួយដ៏គួរឱ្យរន្ធត់ ព្រមទាំងបានធ្វើឱ្យបណ្ដាប្រទេសជិតខាង និងជុំវិញពិភពលោកមានក្ដីសោកសង្រេង សង្វេគ និងភ័យខ្លាចយ៉ាងខ្លាំងចំពោះអំពើឃាតកម្មបែបនេះ៕

  • សារព័ត៌មានវៀតណាមថា៖  សាន ស្រីឡៃ ត្រូវអតីតស្វាមីប្រមាថ ទោះជាបានលែងគ្នាហើយក៏ដោយ

    សារព័ត៌មានវៀតណាមថា៖  សាន ស្រីឡៃ ត្រូវអតីតស្វាមីប្រមាថ ទោះជាបានលែងគ្នាហើយក៏ដោយ

    នៅព្រឹកថ្ងៃទី17 ខែតុលា ឆ្នាំ2017នេះ សារព័ត៌មានវៀតណាម Kenh14 បានរាយការណ៍ថា មរណភាពរបស់តារាចម្រៀងកម្ពុជា ដែលជាអតីតបេក្ខភាពប្រឡងកម្មវិធីលំដាប់អន្ដរជាតិ The Voice Cambodia រដូវកាលទី2 គឺអ្នកនាង សាន ស្រីឡៃ គឺជាសោកនាដកម្មដ៏ក្តៅគគុក ដ៏ឃោឃៅ និងដ៏គួរឱ្យភ័យរន្ធត់បំផុត។

    សារព័ត៌មានខាងលើបានអះអាងថា តាមរយៈមិត្តជិតស្និទ្ធរបស់ស្រីឡៃ គឺដារ៉ា បាននិយាយ​បន្ថែមអំពីអ្នកនាងថា ស្រីឡៃ ជាមនុស្ស​រួសរាយរាក់ទាក់ ប៉ុន្តែនាងតែងតែត្អូញត្អែរអំពីប្តី​របស់នាងឈ្មោះ រិន។ នាងធ្លាប់បាននិយាយ​ថា «ប្តីរូបនោះមិនចង់ឲ្យនាងចូលរួមប្រឡងចម្រៀងនោះទេ និងចាប់តាំងពីនាង​បានចូលរួមប្រកួត The Voice មក ប្តីរបស់នាងតែងតែជេរប្រមាថនាងរហូត ទោះបីជាបានលែងលះគ្នាហើយក៏ដោយ ក៏រូបគេ​តែងតែមករំខាននាងជានិច្ច»។

    គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នតារាចម្រៀង សាន ស្រីឡៃ មានកូនពីរនាក់ ប្រុសទាំងពីរ ម្នាក់អាយុ8ឆ្នាំ ម្នាក់អាយុ6ឆ្នាំ ចំណែកម្តាយជាស្រ្តីមេម៉ាយ។ ខ្មាន់កាំភ្លើងជាអតីតប្តីរបស់អ្នកនាង សាន ស្រីឡៃ ដែលបច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយភ្លាមៗដែរ៕

     

  • Trailer រឿង “សសរកន្លោង” ធ្វើឱ្យអ្នកគាំទ្រទទូចចង់ទស្សនាភ្លាមៗ

    Trailer រឿង “សសរកន្លោង” ធ្វើឱ្យអ្នកគាំទ្រទទូចចង់ទស្សនាភ្លាមៗ

    តាមរយៈ Facebook Page របស់ផលិតកម្ម ឥន្ទ្រានិម្មិត បានឱ្យដឹងថា គ្រាន់តែបង្ហោះនូវ Trailer រឿងមិនបានប៉ុន្មានផង មានអ្នកគាំទ្រជាច្រើននាក់ បានចូលទៅបញ្ចេញមតិទទូចចង់ទស្សនាភ្លាមៗ អត់ទ្រាំពុំបានឡើយ។

    រឿង “សសរកន្លោង” ជារឿងដែលនិយាយអំពីវិញ្ញាណខ្មោចតៃហោងដែលស្ថិតក្នុងសសរកន្លោងនៅក្នុងផ្ទះបុរាណមួយ និងចេញមកលងបន្លាចមនុស្សគ្រប់គ្នាដែលទៅរស់នៅក្នុងផ្ទះនោះ ។ ​​ផ្ទះ​​វីឡាចាស់ម៉ូដបុរាណសម័យបារាំង​មួ​​យនោះ ​ត្រូវបាន​​សា​​ង​ស​​ង់តាំងពី​​​ឆ្នាំ​​1925 ​ហើយស​មាជិ​ក​ក្នុងគ្រួសា​រម្នាក់​បាន​ចង​កសម្លាប់​ខ្លួន​នៅ​នឹង​ស​សរ​កន្លោ​ងកណ្ដាលផ្ទះ និងបានក្លាយ​ទៅ​ជាវិ​ញ្ញា​ណខ្មោ​ច​តៃ​ហោង​ ដ៏កា​ចសា​ហាវ​នៅក្នុ​ង​ស​សរ​ផ្ទះ​នោះរ​ហូ​តមក។​ ផ្ទះ​នោះ​ត្រូ​វ​បាន​ប​ន្ស​ល់ទុ​ក​រ​ហូ​តមកដ​ល់​ប​ច្ចុប្បន្ន ​និង​ត្រូវ​បានក្រុម​គ្រួ​សារ នា​យវុ​ធ ចូ​លទៅ​រស់​នៅ​ទី​នោះ​ ​ហើយវិញ្ញាណ​ខ្មោចតៃហោ​ងនោះ​បាន​ចេ​ញ​ពី​សស​រ​​មកលង​បន្លា​ច​ បន្ទាប់មកភាព​ភ័យ​ខ្លាច​ ក្ដីភិតភ័យ​ញា​ប់ញ័​ររន្ធត់ក៏បា​នកើ​ត​ឡើ​ងចំ​ពោះ​ពួក​គេ។

    អ្នកគាំទ្រជាច្រើនបានសរសេរ Comment នៅខាងក្រោមវីដេអូ Trailer ថា “មិននឹកស្មានថា ខ្មែរយើងអាចធ្វើបានល្អដល់ថ្នាក់ហ្នឹងសោះ ខ្ញុំសប្បាយចិត្តណាស់ពេលបានមើលហើយ ឃើញថា មិនចាញ់ថៃប៉ុន្មានទេ” ។ អ្នកខ្លះទៀតនិយាយថា “សុំសរសើរដោយសេចក្ដីគោរព ទាំងប្លង់ថត និងបច្ចេកទេស ពិតជាល្អឥតខ្ចោះមែន…ទ្រាំចាំមើលលែងចង់បានហើយបង!!”។

    គួរបញ្ជា​ក់ដែ​រថា ក្រោយពីបង្ហោះTrailer ដ៏សែនភ័យរន្ធត់រួចមក ខ្សែភាពយន្តនេះគ្រោងនឹងដាក់បញ្ចាំងជាផ្លូវការនៅលើផ្ទាំងក្រណាត់ស គ្រប់រោងកុនទាំងអស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2017 ខាងមុខនេះហើយ។ គួររំឭកដែរថា រឿង “សសររក​ន្លោង”​​ ​បានចាប់ផ្តើមផលិតកា​លពីអំឡុង​ខែមី​នា ​ឆ្នាំ​2017 ដោយចំណាយដើមទុនមិនតិចជាង 7 ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើយ៕

     

     

  • Update៖ ពេជ្រ សោភា ទម្លាយរឿងអតីតស្វាមីអ្នកនាង សាន ស្រីឡៃ ប្រើអំពើហឹង្សាលើរូបកូនក្រុម

    Update៖ ពេជ្រ សោភា ទម្លាយរឿងអតីតស្វាមីអ្នកនាង សាន ស្រីឡៃ ប្រើអំពើហឹង្សាលើរូបកូនក្រុម

    នៅរាត្រីថ្ងៃនេះ ថ្ងៃទី16 ខែតុលា ឆ្នាំ2017 អ្នកនាង សាន ស្រីឡៃ អតីតបេក្ខនារីប្រឡង The Voice Cambodia នៅរដូវកាលទី2 ត្រូវអតីតស្វាមីរបស់នាងបាញ់ចំនួន៣គ្រាប់ពេលនាងកំពុងដើរចូលទៅក្នុងគ្លីនិក កែសម្ផស្សឈ្មោះ វ៉ាយតាឡុងហ្គោ ស្ថិតនៅម្ដុំផ្លូវ360 កែងផ្លូវ57 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយមកទើបបុរសជាប្ដីបាញ់សម្លាប់ខ្លួនឯងត្រង់សៀតផ្កាខាងស្តាំសម្លាប់ខ្លួនតាមក្រោយ។

    យោងតាមឃ្លីបវីដេអូសម្ភាសន៍ជាមួួយតារាស្រី ពេជ្រ សោភា អ្នកនាងក៏បានផ្ដាំផ្ញើ និងអំពាវនាវទៅកាន់មជ្ឈដ្ឋានមហាជនទាំងអស់ថា ” សូមមេត្តាកុំថាឱ្យ ស្រីឡៃ ដោយសារតែចូលសិល្បៈ ទើបបែកបាក់ជាមួយស្វាមី ទើបបានកើតរឿងអ៊ីចឹង ។ អ្នកទាំងអស់គ្នាត្រូវដឹងថា ភ្លើងចង្កៀងផ្ទះនរណា គឺភ្លឺផ្ទះអ្នកហ្នឹង “។ យ៉ាងណាមិញ អតីតគ្រូបង្វឹករូបនេះ បានបញ្ជាក់បន្ថែមថា កូនក្រុមរបស់អ្នកនាង ត្រូវបានអតីស្វាមីប្រើអំពើហឹង្សាលើរូបនាងជារៀងរាល់ថ្ងៃ ពេលខ្លះ អ្នកនាងបានឃើញស្នាមជាំលើរាងកាយ សឹងតែទទួលយកមិនបាន ហើយមិនសប្បាយចិត្តនៅពេលដែលស្រីឡៃ ព្យាយាមបិទបាំងស្នាមជាំ រងគ្រោះដោយសារអំពើហឹង្សាលើស្ត្រីបែបនេះ។ ពេជ្រ សោភា បានចោលជាសំនួរទាំងទឹកភ្នែក និងរកកល់ខ្យល់គ បន្ដផងថា ” នាងបានប្រាប់ខ្ញុំផ្ទាល់ ថាស្វាមីស្រីឡៃពិតជាប្រើអំពើហឹង្សាលើរូបនាង តើអ្នកទាំងអស់គ្នាទទួលបានឬអត់ ចំពោះអំពើហឹង្សាជារៀងរាល់ថ្ងៃ? ” ៕

  • តារាចម្រៀងហង្សមាស អ្នកនាង សាន ស្រីឡៃ ត្រូវអតីតស្វាមីបាញ់សម្លាប់ នៅម្តុំបឹងកេងកង១

    តារាចម្រៀងហង្សមាស អ្នកនាង សាន ស្រីឡៃ ត្រូវអតីតស្វាមីបាញ់សម្លាប់ នៅម្តុំបឹងកេងកង១

    តារាចម្រៀង សាន ស្រីឡៃ ដែលជាអតីតកូនក្រុម​របស់អ្នកនាង ពេជ្រ សោភា នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទីពីរ ត្រូវបានអតីតស្វាមីបាញ់សម្លាប់​ហើយ រួចក៏បាញ់សម្លាប់ខ្លួនឯងមួយតង់ទៀត បណ្តាលឲ្យស្លាប់ទាំងពីរនាក់ នៅក្នុងហាងមួយ​ស្ថិតនៅតាមបណ្តោយផ្លូវ ៥៧ នៃសង្កាត់បឹងកេងកង ១ រាជធានីភ្នំពេញ ក្បែរទូរទស្សន៍ប៉ុស្តិ៍អប្សរា នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧នេះតែម្តង។

    សមត្ថកិច្ចមិនទាន់ដឹងថា តើវាជាជម្លោះដោយរបៀបណា ទើបឈានដល់ថ្នាក់បាញ់​សម្លាប់ និងការចូលរួមពីភាគីទីបីនេះឡើយ ដោយពេលនេះ នៅកន្លែងកើតហេតុ កំពុងពោពេញ​ដោយអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋចោមរោមមើល ហេតុការណ៍ដ៏គួរឲ្យរន្ធត់បំផុតនេះ។ បើតាមព័ត៌មានបន្ថែមពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនទីបី ដែលបាន​ជាប់ពាក់ព័ន្ធនឹងករណីបាញ់ប្រហារនេះ បានរត់ចេញពីកន្លែងកើតហេតុបាត់ហើយ៕