Author: អេបិល

  • បុត្រភ្លោះរបស់ ឈុំភូ អារីយ៉ា មានអាយុ 2 ខែហើយ កាន់តែស្អាត Cute! Cute!!

    បុត្រភ្លោះរបស់ ឈុំភូ អារីយ៉ា មានអាយុ 2 ខែហើយ កាន់តែស្អាត Cute! Cute!!

    នៅថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ 2017 នេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម Pantip បានឱ្យដឹងថា កូនប្រុសភ្លោះរបស់តារាស្រី ឈុំ​ភូ អារីយ៉ា បានចម្រើនវ័យបាន 2 ខែហើយ ដោយទាំងស្អាត ទាំងស្រស់សង្ហា ព្រមទាំងមានទម្រង់មុខ មិនច្រឡំគ្នាទៀតផង។

    បើតាមរយៈរូបភាពដែលបានបង្ហោះជាច្រើនសន្លឹកនៅក្នុងបណ្ដាញសង្គម អ៊ីនស្ដាក្រាម ដោយលោក ណត់ វិសៈរុត ជាស្វាមីរបស់អ្នកនាង ឈុំភូ អារីយ៉ា គេសង្កេតឃើញថា អូនតូច ផាយុ និងសាយហ្វា អាយុបាន 2 ខែហើយ និងអ្វីដែលកាន់តែមើលឃើញច្បាស់បន្ថែមទៀតនោះ គឺកូនភ្លោះទាំងពីរនាក់ មានទម្រង់មុខមិនច្រឡំគ្នានោះទេ គឺមានចំណុចដូចម្ដាយ និងចំណុចដូចឪពុក ហើយជាពិសេសទៀតនោះ បើតាមការបៀបធៀបរូបខាងក្រោមនេះ គេសង្កេតឃើញថា អូនតូចផាយុ គឺមានទម្រង់មុខ និងបបូរមាត់ ព្រមទាំងឥរិយាបថគេងដូចគ្នានឹងលោកឪពុករបស់គេគឺ ណត់ វិសៈរុត។ រីឯអូនតូចសាយហ្វា គឺមានទម្រង់មុខដូចតារាស្រី ឈុំភូ អារីយ៉ា កាលនៅពីក្មេងបេះបិទតែម្តង៕

  • ទីន ទីន និយាយពីរឿងស្នហាជាមួយ ឆន សុវណ្ណរាជ

    ទីន ទីន និយាយពីរឿងស្នហាជាមួយ ឆន សុវណ្ណរាជ

    បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយថា  ចិត្រាតូច និងចិត្រាធំមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយគ្នា ព្រមទាំងមានមុខមាត់ស្រដៀងគ្នាផងនោះ ក៏ស្រាប់តែមានអ្នកលេងបណ្ដាញសង្គម Facebook ម្នាក់ទៀតដែលមានឈ្មោះថា Roxy Bella បានចេញមកអះអាងរឿងរ៉ាវរបស់តារាសម្ដែង ទីន ទីន និង ឆន សុណ្ណរាជ ត្រឹមតែប្រយោគមួយឃ្លាថា  «សំខាន់ពីរនាក់គាត់ នៅក្រៅ គឺប្ដីប្រពន្ធនឹងគ្នា»។

    ស្របពេលគ្នានេះដែរ តារាសម្ដែងវ័យក្មេង ដែលទើបទទួលបានប្រជាប្រិយភាពតាមរយៈរឿងភាគទូរទស្សន៍ ហង្សមាស រឿង “សិសិររដូវក្នុងបេះដូង” បានបង្ហោះសារឆ្លើយតបអំពីរឿងរ៉ាវស្នេហាជាមួយលោក ឆន សុវណ្ណរាជ ថា «ជូនចំពោះ បងស្រី Roxy Bella បើតាមជាក់ស្តែង ខ្ញុំហើយនិងបងរាជ មិនដែលស្គាល់បងស្រីទេ តែហេតុអីបានជាបងស្រីដឹងរឿងពួកខ្ញុំច្បាស់ម្ល៉េះ  ឬក៏បងស្រីចង់ល្បី? សុំកុំដើរប្រឌិតរឿង ហើយនិយាយបង្ខូចកេរ្តិ៍ឈ្មោះគេបែបនេះទៀត ។ ខ្ញុំស្រឡាញ់រាប់អាន បងរាជដូចបងប្រុសអ៊ីចឹង មិនដូចពាក្យដែលបងស្រីមកចោទប្រកាន់ខ្ញុំទេ»។

    គួរបញ្ជាក់ផងដែរថា តាម​រយៈសារអេឡិចត្រូនិកដែល ទីន ទីន បានឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មាន ឡារ៉ែន លោកបានបញ្ជាក់បន្ថែមថា «រវាងលោក និងតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ គឺត្រឹមតែជាបងប្អូនប្រុសល្អនឹងគ្នា ហើយគ្មានទំនាក់ទំនងស្នេហាប្រុស និងប្រុសដូចអ្វីដែលគេបានចោទប្រកាន់ឡើយ»៕

     

  • Mr. Bean ត្រៀមស្វាគមន៍បុត្រទី 3 ក្នុងវ័យ 62 ឆ្នាំ

    Mr. Bean ត្រៀមស្វាគមន៍បុត្រទី 3 ក្នុងវ័យ 62 ឆ្នាំ

    តាមរយៈសារព័ត៌មាន Mthai ដែលបានចេញផ្សាយនៅថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2017 បានឱ្យដឹងថា កំពូលតារាត្លុក Mr. Bean  ឬមានឈ្មោះពិតថា Rowan Atkinson បានប្រកាសថា លោកកំពុងត្រៀមស្វាគមន៍បុត្រទី 3 របស់លោកដែលបានមកចាប់កំណើតនឹងភរិយារបស់លោក អ្នកនាង Louise Ford ដែលមានវ័យ 33 ឆ្នាំ។

    តារាប្រុសវ័យ 62 ឆ្នាំរូបនេះ មានកូនប្រុសស្រីចំនួន 2 នាក់រួចមកហើយជាមួយនឹងអតីតភរិយាលោកឈ្មោះ Sunetra Sastry ដែលកូនប្រុសមានឈ្មោះ Ben មានវ័យ 23 ឆ្នាំ និង Lyli មានវ័យ 21 ឆ្នាំហើយ។ គួររំឭកផងដែរថា លោក និងភរិយាឈ្មោះ Sunetra Sastry បានចែកផ្លូវគ្នានៅអំឡុងឆ្នាំ 2014 ក្រោយមកលោកក៏បានទាក់ទងជាមួយនឹងភរិយាបច្ចុប្បន្នរបស់លោកគឺ អ្នកនាង Louise Ford ដែលអ្នកទាំងពីរធ្លាប់បានស្គាល់គ្នាតាំងពីឆ្នាំ2012 មកម្ល៉េះ ហើយបានមើលចិត្តគ្នាអស់រយៈពេល 2 ឆ្នាំផងដែរទើបរៀបការ។ ក្រោយពេលដែលអ្នកនាង Louise Ford  បានរៀបអាពាហ៍ពិពាហ៍ជាមួយកំពូលតារាកំប្លែងរូបនេះហើយ អ្នកនាង​ក៏បានចូលមករស់នៅក្នុងវីឡាដ៏ប្រណីតរបស់ស្វាមី ដែលមានតម្លៃជាង 4.65  លានផោន ហើយខណៈនេះ អ្នកនាងកំពុងតាំងគភ៌ជាមួយតារាកំប្លែងរូបនេះ ដែលនេះគឺជាបុត្រទី 3 របស់លោកផងដែរ៕

  • លោកយាយ​ធ្លាប់​សម្ដែង​ក្នុង​ចម្រៀង «ស័ង្ខ​សិល្ប​ជ័យ» ទទួលមរណភាព​ហើយ

    លោកយាយ​ធ្លាប់​សម្ដែង​ក្នុង​ចម្រៀង «ស័ង្ខ​សិល្ប​ជ័យ» ទទួលមរណភាព​ហើយ

    នៅ​ថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2017 វិ​រ​សិល្បក​រិ​នី​ជើងចាស់ ដែលមាន​ឈ្មោះ​បោះ​សំឡេង និង​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំណាំ​លោកយាយ​បាន​តាមរយៈ​បទ​ចម្រៀង​យីកេ​រឿង “ស័ង្ខ​សិល្ប​ជ័យ ” ដែល​ត្រូវបាន​ផលិត​ជា​វីដេអូ​ចម្រៀង​ដោយ​ផលិតកម្ម​រស្មី​ហង្ស​មាស​នោះ គឺ​លោកយាយ ចាន់ ស៊ី​ផាន់ បានទទួល​មរណភាព​ហើយ​នា​ថ្ងៃ​ម្សិលមិញ​នេះ​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ 93 ឆ្នាំ។

    គួរ​រំឭក​ផងដែរ​ថា លោកយាយ  ចាន់ ស៊ី​ផាន់  គឺជា​រិ​វ​សិល្បក​រិ​នី 3 ជំនាន់ ដែល​ធ្លាប់បាន​ចូលប្រឡូក​សិល្បៈ​តាំងពី​អំឡុង​ទសវត្សរ៍​ទី60 និង90 រហូតដល់​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ។ រិ​វ​សិល្បក​រិ​នី​ជើងចាស់​រូបនេះ ធ្លាប់បាន​សាង​នូវ​ស្នាដៃ​សម្ដែង​ជាច្រើន​រឿង ទាំង​រឿង​ភាគ និង​ខ្សែភាពយន្ដ​ខ្នាត​ធំ​ផងដែរ។ នៅក្នុង​នោះ​តាមរយៈ​ខ្សែ​វីដេអូ​រឿង គេ​សង្កេតឃើញថា តារា​ជើងចាស់​រូបនេះ​ធ្លាប់មាន​ស្នាដៃ​សម្ដែង​ជាមួយ​តារាល្បីៗជាច្រើន​ដួង​រួមមាន លោក ខៃ ប្រសិទ្ធ  លោក ចៅ ចាន់ណា​រី  លោក យស បូ​វណ្ណ: លោក ទេព រិ​ន​ដា​រ៉ូ អតីត​តារា​សម្ដែង ហង្ស ផល្លី​មធុ​រ៉ា (សព្វថ្ងៃ​ស្លាប់) អ្នកនាង អម្ពរ ទេវី និង​អ្នកស្រី ចាន់ តារា​ទី​ជាដើម។

    ជំនួសមុខ​ឱ្យ​សារព័ត៌មាន ឡា​រ៉ែ​ន យើងខ្ញុំ​ទាំងអស់គ្នា​សូម​គោរព​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​ចំពោះ​ទុក្ខសោក​ដ៏​សែន​ក្រៀមក្រំ​មួយ​នេះ និង​សូមឱ្យ​វិញ្ញាណក្ខន្ធ​របស់​វិ​រ​សិល្បក​រិ​នី​លោកយាយ ចាន់ ស៊ី​ផាន់ បាន​ទៅកាន់​សុគតិភព​កុំបី​អាក់ខាន​ឡើយ៕

  • រូបថតសកម្មភាពក្រៅឆាករបស់រឿង “Titanic” ដែលលោកអ្នកមិនធ្លាប់បានឃើញពីមុនមក

    រូបថតសកម្មភាពក្រៅឆាករបស់រឿង “Titanic” ដែលលោកអ្នកមិនធ្លាប់បានឃើញពីមុនមក

    បើនិយាយពីភាពយន្ដដែលល្បីល្បាញបំផុតនៅក្នុងអំឡុងទសវត្សរ៍ទី 90 នោះ លោកអ្នកប្រហែលជានៅចាំបានហើយថា ខ្សែភាពយន្ដយក្សរឿង “Titanic” ដែលបានដាក់បញ្ចាំងនៅឆ្នាំ 1997 និងទទួលបានពានរង្វាន់ជាច្រើនទូទាំងពិភពលោកលំដាប់ទី1 នៅសម័យនោះ ប៉ុន្តែវានៅមានអាថកំបាំងនៃសកម្មភាពក្រៅឆាកមួយចំនួនដែលត្រូវបានផលិតកររបស់ខ្សែភាពយន្តរឿងនេះបិទបាំង និងមិនធ្លាប់មាននរណាម្នាក់ងាយនឹងបានឃើញពីសកម្មភាពរបស់ក្រុមការងារផលិតកុនខ្នាតធំមួយនេះឡើយ។ បើតាមគេហទំព័រ petmaya ដែលបានចេញផ្សាយនៅថ្ងៃទី11 ខែវិច្ឆិកា ឆ្នាំ2017 នេះ បានឱ្យដឹងថា មានរូបថតសកម្មភាពក្រៅឆាករបស់រឿង  “Titanic” ចំនួន 20​សន្លឹក ដែលលោកអ្នកមិនធ្លាប់បានឃើញពីមុនមក ព្រមទាំងនឹកស្មានមិនដល់ថា តាមការពិតរឿងនេះ ត្រូវបានគេផលិតឡើងបែបហ្នឹងសោះ។

    ដើម្បីស្រាយចម្ងល់នេះ សូមប្រិយមិត្តទស្សនារូបភាពទាំងអស់ខាងក្រោមនេះ៖

  • គង់ វង្សយ៉ាទី បដិសេធមិនសម្ដែងឈុតស្នេហារោលរាល

    គង់ វង្សយ៉ាទី បដិសេធមិនសម្ដែងឈុតស្នេហារោលរាល

    តារាសម្ដែង និងពិធីការិនី ប្រចាំកម្មវិធី “រាត្រីកម្សាន្ដ” របស់ស្ថានីយទូរទស្សន៍ CTN កញ្ញា គង់ វង្សយ៉ាទី មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា នាងកំពុងតែរបូតទីផ្សារសម្ដែងភាពយន្ដពីក្នុងដៃហើយ បើទោះបីជាកន្លងមក នាងបានសាងកេរ្តិ៍ឈ្មោះតាមរយៈការសម្ដែងក៏ដោយ។ ប្រិយមិត្តអ្នកគាំទ្ររូបនាងមួយចំនួនធំបានលាន់មាត់ថា ឃើញតែតារាស្រីរូបនេះមានមុខនៅលើកញ្ចក់ទូរទស្សន៍ធ្វើជាពិធីការិនីតែប៉ុណ្ណោះ សូម្បីតែការសម្ដែងវីដេអូចម្រៀង ឬភាពយន្ដធំក្ដី ក៏បាត់មុខនាង មិនដែលឃើញដែរ។

    តារាស្រីវ័យក្មេងរូបនេះ បានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ថា នាងមានគោលបំណងចង់ចាប់យកអាជីពជាពិធីការិនីឱ្យបានជាប់លាប់សិន ព្រោះថា កន្លងមកនាងមានបទពិសោធក្នុងការសម្ដែងច្រើនគួរសមដែរហើយ ដូច្នោះនាងចង់ពង្រឹងអាជីពពិធីការិនីមួយនេះ ឱ្យកាន់តែមានទីផ្សារខ្ពស់ និងសកម្មជាងមុនបន្ដិចទៀត។ ក៏ប៉ុន្ដែ ដើម្បីកំដរអារម្មណ៍អ្នកគាំទ្ររូបនាងតាមរយៈសមត្ថភាពនៃការសម្ដែង កញ្ញា គង់ វង្សយ៉ាទី បានបង្ហើបដំណឹងល្អប្រាប់ប្រិយមិត្តអ្នកគាំទ្រថា «ថ្មីនេះៗ នាងខ្ញុំទើបតែបានបញ្ចប់នូវស្នាដៃសម្ដែងរឿងថ្មីធំៗ ចំនួន 3 រឿង មានរឿង “លេខាថ្មី” រឿង “ជើងខ្លាំង” និងរឿងភាគទូរទស្សន៍របស់ស្ថានីយទូរទស្សន៍ប៉ុស្ដ៍លេខ 8 គឺរឿង “ម៉ែក្មេករើសកូនប្រសា” »។ យ៉ាងណាក៏ដោយ យ៉ាទី ក៏បានអះអាងផងដែរថា ដោយមើលឃើញថា ខ្សែភាពយន្តខ្មែរមួយរយៈនេះស្ថិតក្នុងការរីកលូតលាស់ ហើយត្រូវការសហការគ្នាទាំងតារាសម្តែង និងផលិតករផងនោះ នាងបែរជាមិនមានពេលច្រើនសម្រាប់បម្រើវិស័យសម្តែងនេះទៅវិញ និងបានត្រឹមតែមានអារម្មណ៍សោកស្តាយ ព្រោះនាងប្រឡូកក្នុងការងារសម្តែងច្រើនរួចមកហើយដែរ។

    ជាចុងក្រោយ តារាស្រីវ័យ 23 ឆ្នាំរូបនេះបានបញ្ជាក់ប្រាប់សារព័ត៌មាន ឡារ៉ែន ថា « បើទោះបីជានាងខ្ញុំវ័យច្រើនបន្តិចហើយក្ដី និងមានការស្លៀកពាក់រាងសិចស៊ីបន្ដិចបន្តួចក៏ពិតមែន ក៏ប៉ុន្ដែចំពោះរឿងណា ដែលមានឈុតស្នេហារោលរាលខ្លាំង ឬតិចគឺនាងខ្ញុំបដិសេធមិនសម្ដែងជាដាច់ខាត ព្រោះថា នាងខ្ញុំមានភាពខ្មាសអៀនច្រើន និងមិនស្និទ្ធជាមួយរឿងស្នេហារោលរាលអីនោះទេ ពោលគឺមិនចូលចិត្តតែម្ដង សូម្បីតែសព្វថ្ងៃនេះ នៅលើឆាកជាពិធីការិនី ក៏នាងខ្ញុំស្លៀកពាក់សមរម្យ បិទបាំងជិតៗដែរ »៕

     

  • កំពូលតារាចម្រៀងថៃ Bird Thongchai ប្រកាសជាផ្លូវការថា ខ្លួនមានសង្សារហើយ!

    កំពូលតារាចម្រៀងថៃ Bird Thongchai ប្រកាសជាផ្លូវការថា ខ្លួនមានសង្សារហើយ!

    ស្ងាត់ៗអស់មួយរយៈ កំពូលតារាចម្រៀងថៃ​ Bird Thongchai បានប្រកាសថា នៅពេលនេះលោកមានសង្សារជាផ្លូវការ ហើយ និងកំពុងតែមើលចិត្តគ្នា រស់នៅជាមួយគ្នា ព្រមទាំងបដិសេធចោលរាល់ព័ត៌មានកន្លងមក ដែលបានចោទឮល្បីថាលោកសម្ងំបើកក្រុមហ៊ុនម៉ូដែល កើបលុយរាប់ពាន់លានបាតនោះ។

    អាចនិយាយបានថា គឺជារឿងមួយដែលកំពុងតែត្រូវបានគេនិយាយជាទូទៅនៅក្នុងពិភពសិល្បៈប្រទេសថៃ ដែលមានមនុស្សជាច្រើននាក់នឹកសង្ស័យសម្រាប់រឿងរ៉ាវស្នេហារបស់កំពូលតារាចម្រៀងល្បីរបស់ប្រទេសថៃ គឺលោក Bird Thongchai តែខណៈនេះលោកបានប្រកាសខ្លួនថា លោកមានសង្សារហើយ។ ចំណែកឯជីវិតឯកជនបច្ចុប្បន្ននេះវិញ លោក Bird បានប្រាប់អ្នកសារព័ត៌មានថា លោកបានផ្ញើថវិកាឱ្យទៅអ្នកគ្រប់គ្រងរាល់ថ្ងៃក្នុងការរៀបចំអាល់ប៊ុមចម្រៀងថ្មី ព្រមទាំងគ្រោងរៀបចំការប្រគំតន្ត្រីនៅក្នុងចុងឆ្នាំនេះផងដែរ។

    ជាចុងក្រោយតារាចម្រៀងប្រុសដ៏ល្បីល្បាញរូបនេះ បានបញ្ជាក់បន្ថែមថា ចំពោះក្រុមហ៊ុនម៉ូដែល ដែលបានយកនាមត្រកូលរបស់ខ្លួនទៅប្រើប្រាស់ធ្វើជាអាជីវកម្មផ្ទាល់ខ្លួននោះ គឺលោកមិនបានដឹង និងមិនបានអនុញ្ញាតឡើយ ហើយប្រសិនបើជាសាច់ញាតិនឹងគ្នា មុននឹងធ្វើអ្វីមួយក៏ត្រូវពិភាក្សានឹងគ្នាជាមុនដែរ។ ទង្វើបែបនេះ លោកបានចាត់ទុកថា ជាការមិនគោរព និងហុចផលប៉ះពាល់ចំពោះកេរ្ដិ៍ឈ្មោះរបស់លោកជាខ្លាំង។ នេះបើតាមសារព័ត៌មាន Kapookបានចេញផ្សាយនៅថ្ងៃទី11 ខែ វិច្ឆិកា ឆ្នាំ2017 ថ្មីៗនេះ ៕

  • កញ្ញា ប៊ី សុធារី អំពាវនាវដល់បងប្អូនខ្មែរជួយបោះឆ្នោតគាំទ្រ…

    កញ្ញា ប៊ី សុធារី អំពាវនាវដល់បងប្អូនខ្មែរជួយបោះឆ្នោតគាំទ្រ…

    ថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2017 ម្សិលមិញ គឺជាថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា ហើយក៏ជាថ្ងៃដែលបវរកញ្ញាឯក ប៊ី សុធារី  ចេញដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងពីធីប្រកួត Miss Universe 2017  ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី27 វិច្ឆិកា ឆ្នាំ2017 ខាងមុខនេះ នៅសហរដ្ឋអាមេរិក។

    នៅព្រឹកថ្ងៃដដែលក្នុងបរិវេណសណ្ឋាគារ Naga World បវរកញ្ញាស្រស់សោភារូបនេះ បានថ្លែងទាំងក្ដីរំភើបលាយឡំជាមួយក្ដីសង្ឃឹមនៅក្នុងពិធីសន្និសីទសារព័ត៌មានថា «នាងខ្ញុំបានត្រៀមលក្ខណៈរួចជាស្រេចហើយ ដើម្បីទៅបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ គឺក្នុងកម្មវិធីប្រឡងបវរកញ្ញាចក្រវាល «Miss Universe» និងតាំងចិត្តបង្ហាញឲ្យអន្តរជាតិបានដឹងអំពីសម្បត្តិវប្បធម៌របស់ខ្មែរ ទំនៀមទម្លាប់របស់ប្រជាជនខ្មែរយើង ជាពិសេសទង់ជាតិកម្ពុជានឹងត្រូវបានបង្ហូតឡើងនៅលើឆាកអន្តរជាតិនៅក្នុងថ្ងៃប្រកួតនោះដែរ»។

    ស្រីស្រស់ ប៊ី សុធារី បានបន្តទៀតថា រូបនាងពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានធ្វើជាតំណាងឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូល ដើម្បីទៅចូលរួមប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ដែលជាព្រឹត្តិការណ៍ធំលំដាប់ពិភពលោក ខណៈដែលនេះជាលើកទី1សម្រាប់រូបនាងផ្ទាល់។ កញ្ញា ប៊ី សុធារី បានត្រៀមនូវសម្លៀកបំពាក់ចំនួន 3 ឈុតធំៗ នៅក្នុងថ្ងៃប្រកួតរួមមាន ឈុតហែលទឹក ឈុតប្រពៃណី និងឈុតរាត្រីសមោសរ។ សូមបញ្ជាក់ថា ក្នុងការដុសខាត់ និងពង្រឹងសមត្ថភាពបន្ថែម សុធារី បានធ្វើដំណើរទៅហ្វឹកហាត់នៅឯប្រទេស ហ្វីលីពីន ក្រោយពីទទួលបានជយលាភីនៅក្នុងប្រទេសនៅឆ្នាំ2016 ដើម្បីសិក្សាបន្ថែមពីការរៀបចំឥរិយាបថមុនពេលឆ្លើយសំនួរ ការដើរបង្ហាញម៉ូដលើឆាកអន្ដរជាតិ និងជាពិសេសនោះ គឺការហ្វឹកហាត់ផ្នែកភាសាអង់គ្លេស ពីសំណាក់គ្រូបង្វឹកល្បីៗ ដើម្បីដណ្ដើមយកជយលាភីឱ្យបាន។

    ជាចុងក្រោយកញ្ញា ប៊ី សុធា បានលើកម្រាមដៃដប់សំពះស្នើសុំ និងសូមអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ មេត្តាជួយគាំទ្ររូបនាង នៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ព្រោះកម្មវិធីនេះមានការបោះឆ្នោតតាមរយៈបណ្ដាញប្រព័ន្ធអ៊ីនធើណិតដើម្បីបានជាប់បន្ដជា Miss Popular Vote ដែលនឹងជាប់ដោយស្វ័យប្រវត្តិទៅវគ្គចុងក្រោយ។ ដូច្នេះសូមចូលរួមបោះឆ្នោតលើកទឹកចិត្តដល់រូបនាងទាំងអស់គ្នាផង។

       សូមបងប្អួនខ្មែរទាំងអស់ កុំភ្លេចបោះឆ្នោតជូនបវរកញ្ញាឯកចក្រវាល ប៊ី សុធារី  តំណាងប្រទេសកម្ពុជា ទាំងអស់គ្នា!!!៕

  • នារីម៉ូដែលកូរ៉េ ចំណាយប្រាក់ផ្ទាល់ខ្លួនរាប់លាន រៀបការជាមួយតារាថៃប្រុសសង្ហា

    នារីម៉ូដែលកូរ៉េ ចំណាយប្រាក់ផ្ទាល់ខ្លួនរាប់លាន រៀបការជាមួយតារាថៃប្រុសសង្ហា

    បើតាមសារព័ត៌មាន Mthai ដែលបានចេញផ្សាយនៅថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2017 នេះ បានឱ្យដឹងថា នារីម៉ូដែលមានឈ្មោះល្បីនៅប្រទេសកូរ៉េ បានចំណាយប្រាក់ផ្ទាល់ខ្លួនអស់រាប់លានបាត ដើម្បីរៀបចំពិធីរៀបមង្គលការជាមួយតារាសម្ដែងថៃប្រុសស្រស់សង្ហា ទាំងខ្លួននាងមិនបានទទួលបណ្ណាការពីសាមីកូនកំលោះសូម្បីតែបន្តិចឡើយ ដោយខាងកូនកំឡោះបានអះអាងប្រាប់អ្នកសារព័ត៌មានថៃថា នេះគឺជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រទេសកូរ៉េ។

    កូនក្រមុំមានឈ្មោះថា ប៉ាក ហ្យុន ស៊ុន(Park Hyun Sun) មានវ័យ 35 ឆ្នាំ ជាជនជាតិកូរ៉េ មានអាជីពជាតារាបង្ហាញម៉ូដ បានរៀបការជាមួយតារាថៃប្រុស លោក អួន រ៉ាំងស៊ីត នៅថ្ងៃទី5 ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ​។ លោក អួន រ៉ាំងស៊ីត បានប្រាប់អ្នកសារព័ត៌មានថៃថា  «ចំពោះរឿងបណ្ណាការ គឺសំណាងល្អខ្លាំងណាស់ ខាងស្រីមិនបានទាមទារអ្វីឡើយ ព្រោះមិនធ្លាប់មានពិធីបែបនេះពីមុនមកនៅប្រទេសគេ ។ ខាងស្រីបានប្រាប់ថា ជាធម្មតាសម្រាប់កូនប្រុសដែលគេត្រៀមខ្លួនចូលមកនៅផ្ទះខាងស្រី  ខាងស្រីជាភរិយាត្រូវតែត្រៀមអ្វីៗក្នុងរឿងទទួលកូនប្រុសបែបនេះហើយ  ហើយខាងស្រីថែមទាំងបានប្រាប់ទៀតថា នាងគ្រោងនឹងទិញគ្រឿងសង្ហារិមថ្មីៗសម្រាប់ទទួលរូបខ្ញុំទៀតផង តែខ្ញុំបានបដិសេធ»។

    គួរបញ្ជាក់ផងដែរថា តារាម៉ូដែលនាង ប៉ាក ហ្យុនស៊ុន មិនបានបកស្រាយរឿងនេះបញ្ជាក់បន្ថែមឡើយ ដោយគ្រាន់តែបានឱ្យដឹងថា នាងពិតជាបានចំណាយប្រាក់ផ្ទាល់ខ្លួនក្នុងការរៀបអាពាហ៍ពិពាហ៍នេះពិតប្រាកដមែន៕

  • Song Joong Ki និង Song HyeKyo បង្ហាញគ្រឿងអលង្ការមាសជាកាដូក្រោយថ្ងៃរៀបការ

    Song Joong Ki និង Song HyeKyo បង្ហាញគ្រឿងអលង្ការមាសជាកាដូក្រោយថ្ងៃរៀបការ

    នៅថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2017 បើតាមសារព័ត៌មាន Naver បានចេញផ្សាយឱ្យដឹងថា នៅលើបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់តារាស្រី​ Song HyeKyo បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីកាដូក្រោយថ្ងៃរៀបអាពាហ៍ពិពាហ៍របស់នាង និង Song Joong Ki ។

    នៅក្នុងបន្ទប់គូស្នេហ៍  Song Joong Ki និង Song HyeKyo ដែលទើបតែរៀបមង្គលការហើយថ្មីៗ ពួកគេទាំងពីរបានបង្ហាញរូបភាពផ្អែមល្ហែម និងកាដូពិសេសៗដែលបានទទួលក្រោយពេលរៀបអាពាហ៍ពិពាហ៍រួចគឺ គ្រឿងអលង្ការមាសដែលមានតម្លៃថ្លៃ ដែលរួមមានចិញ្ចៀនគូស្នេហ៍ និងកងដៃមាសជាច្រើនខ្សែ។ បើតាមជំនឿនៃប្រទេស កូរ៉េ និងចិន ការទទួលកាដូជាគ្រឿងមាសក្រោយថ្ងៃមង្គលការនេះ ត្រូវបានគេជឿថា ស្វាមីភរិយាថ្មោងថ្មីនឹងមានកូនប្រុស ព្រោះពណ៌មាសជាតំណាងឱ្យស្ដេចនាគមាស និងភាពរីកចម្រើនរុងរឿងនៅក្នុងក្រុមគ្រួសារផងដែរ។

    គួររំឭកផងដែរថា អាពាហ៍ពិពាហ៍របស់ Song Joong Ki និង Song HyeKyo បានចំណាយប្រាក់សរុបទាំងអស់ជាង   200លានវ៉ុន ឬប្រហែលជា180,000ដុល្លារ៕