Author: អេបិល

  • រកឃើញម្ចាស់មកុដ Miss Global 2017 ហើយ កាលពីយប់មិញនេះ

    រកឃើញម្ចាស់មកុដ Miss Global 2017 ហើយ កាលពីយប់មិញនេះ

    នៅរាត្រីថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2017 ក្នុងបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ កម្មវីធីប្រកួតបវរកញ្ញាពិភពលោក ឬ Miss Global 2017 បានរកឃើញម្ចាស់មកុដហើយ គឺបានទៅលើកញ្ញា Barbara Vitorelli ជាបវរកញ្ញាជាប់ជយលាភីមកពីប្រទេស ប្រេស៊ីល ។

    នាងគឺជានារីដែលលក្ខណៈប្រសើរជាងគេបំផុតក្នុងចំណោមនារីទាំង 50 រូបទៀតដែលបានមកពីបណ្ដាប្រទេសនានាលើពិភពលោកដែលទទួលបានជោគជ័យបន្ដពីបវរកញ្ញាពិភពលោកឆ្នាំ 2016 គឺកញ្ញា Angela Bonilla មកពីប្រទេស Ecuador ។

    គួរបញ្ជាក់ផងដែរថា កញ្ញា Barbara Vitorelli ជាសាស្រ្តាចារ្យដែលមានបទពិសោធបង្រៀនជាច្រើនឆ្នាំ ហើយបានសម្លឹងឃើញគោលដៅមួយនៅក្នុងជីវិតដើម្បីស្រវាយកពានរង្វាន់ឯកនៅប្រេស៊ីល ថែមទាំងយប់មិញនេះនាងបានពាំនាំនូវជោគជ័យយ៉ាងធំធេងក្នុងការគ្រងមកុដបវរកញ្ញាពិភពទៅកាន់ប្រទេសកំណើតរបស់នាងវិញទៀតផង។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់បន្ថែម សូមទស្សនាវីដេអូ និងរូបភាពទាំងអស់ខាងក្រោមនេះ៖

  • Miss Global កម្ពុជាធ្វើឱ្យទស្សនិកជនភ័យបុកពោះនាយប់មិញ

    Miss Global កម្ពុជាធ្វើឱ្យទស្សនិកជនភ័យបុកពោះនាយប់មិញ

    នៅរាត្រីថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2017 ក្នុងបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ មានទស្សនិកជនជាច្រើនបានទន្ទឹងរង់ចាំមើលការប្រកាសលទ្ធផលការប្រកួតបវរកញ្ញាពិភពលោក ឬMiss Global 2017 ដោយម្នាក់ៗនាំគ្នាភ័យអរៗ និងបុកពោះជាខ្លាំង ព្រោះនឹកស្មានថា ចំណាត់ថ្នាក់របស់ Miss Global កម្ពុជាអាចនឹងរបូតទៅហើយ បើទោះបីជាកម្ពុជាជាម្ចាស់ផ្ទះក៏ដោយ ក៏ប៉ុន្ដែអ្វីដែលសឹងតែនឹកស្មានមិនដល់នោះគឺ ការប្រកាសជ័យលាភីនៅក្នុងចំណាត់ថ្នាក់ Top 10 ស្រាប់តែមានឈ្មោះកម្ពុជាស្ថិតក្នុងលំដាប់ចុងក្រោយគេបង្អស់ក្នុងលេខរៀងទី 11។

    យ៉ាងណាមិញ កញ្ញា យស ប៉ូលីណា ដែលជាបេក្ខភាពតំណាងប្រទេសកម្ពុជា បានជាប់បន្ដទៀតនៅក្នុងចំណោមបេក្ខភាពទាំង 11 ប្រទេសគឺ កញ្ញា សូម៉ាលី ចិន ន័រវែស ប្រេស៊ីល អូស្ត្រាលី អាល្លឺម៉ង បាហាម៉ាស់ ឡេបាណុន មិកស៊ិក អាមេរិក​ និងកម្ពុជា៕

     

     

  • ទាំង Real និង Atletico ជួប​បញ្ហា​ដូច​គ្នា​ពេល​ប៉ះគ្នានៅ​ថ្ងៃ​​សៅរ៍​នេះ

    ទាំង Real និង Atletico ជួប​បញ្ហា​ដូច​គ្នា​ពេល​ប៉ះគ្នានៅ​ថ្ងៃ​​សៅរ៍​នេះ

    ខណៈ​ដែល​មានភាព​ស៊ាំ​ទៅ​នឹង​ចំណាត់​ថ្នាក់កំពូល​តារាងក្នុង​រដូវកាលថ្មី​ៗនេះ ក្រុម Real Madrid និង Atletico Madrid នឹង​​ចាប់​ផ្តើម​​ធ្វើការ​ប្រជែង​គ្នា​​ជា​ថ្មី​នៅកីឡ​ដ្ឋាន​ថ្មីមួយនៅ​ថ្ងៃ​សៅរ៍​នេះ ខណៈ​ដែលក្រុម​ទាំង​ពីរ​​សុទ្ធ​សឹង​ត្រូវការ​ឈ្នះ​ដូច​គ្នា​។

    ការ​ជួប​ភាព​ត្រដាប​ត្រដួសនៅដើម​រដូវកាល បាន​ធ្វើ​ឲ្យក្រុម​ទាំងពីរ​ដេញតាម​ពី​ក្រោយក្រុមកំពុងនាំមុខ​លើ​តារាង La Liga គឺ Barcelona រហូតដល់​ទៅ​8ពិន្ទុ និង​4​ពិន្ទុ​តាមពីក្រោយក្រុម​ឈរលេខ​2 Valencia​។ ក្រុម​ទាំងពីរ​ធ្លាប់បាន​ជួប​គ្នាក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ​2លើក និង​បាន​ឈ្នះ​ពាន​ La Liga មួយ​លើក​ដូចគ្នាក្នុង​រយៈពេល​4​​រដូវកាលចុងក្រោយ​នេះ​។ ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុងម៉ា​ឌ្រីដដូចគ្នា​​នៅថ្ងៃ​សៅរ៍នេះនឹងក្លាយ​ជា​ការ​ជួប​​គ្នា​ជាលើក​ទី​1​នៅ​កីឡដ្ឋាន Wanda Metropolitano របស់ Atletico  ប៉ុន្តែជាលើក​ទី​20 ចាប់​តាំងពី​ខែ​កុម្ភៈ ឆ្នាំ​2014មក ដោយក្រុម​ទាំងពីរ​ដណ្តើមបាន​ជ័យ​ជម្នះ​6​លើក និងស្មើ​7​លើក​​ដូចគ្នានៅក្នុង​ការ​​ជួប​គ្នា​13​លើកចុងក្រោយ​របស់​ពួកគេ ដែលជាការបង្ហាញ​ថា ពួក​គេ​មានកម្រិតលេង​ប្រហាក់ប្រហែលគ្នា​។ ប៉ុន្តែទោះ​បី​ជា​យ៉ាង​ណា ក្រោយពីជួប​ភាព​ត្រដាប​ត្រដួស​ដូចគ្នានៅឆ្នាំនេះ ទាំងក្រុម Real និង Atletico សុទ្ធ​សឹង​​ត្រូវ​ធ្វើការ​ប្រជែង​ដើម្បី​តាម​ឲ្យ​ទាន់ក្រុមខ្លាំង Barcelona​។ ការ​ធ្លាក់់​ចុះ​ទម្រង់​លេង​​របស់​តារាឆ្នើមនៃក្រុម​ទាំងពីរគឺ Cristiano Ronaldo និង Antoine Griezmann បាន​ក្លាយ​ជា​បញ្ហា​ដ៏ចម្បង​របស់ក្រុមទាំងពីរដែល​ស្ថិតក្នុង​ទីក្រុងម៉ា​ឌ្រីដ​​នេះ។

    Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​ត្រឹម​តែ​1គ្រាប់​គត់​ក្នុង​ចំណោមការ​ប្រកួតក្រប​ខ័ណ្ឌ La Liga 7​លើកក្នុង​រដូវ​កាល​មក​ទល់​ពេលនេះ បើ​ទោះបី​បាន​ស៊ុត​បាល់សំ​ដៅ​ទី​ដល់​ទៅ​48​លើកក៏ដោយ​។ Ronaldo បាន​ប្រាប់​កាសែត​កីឡា​ប្រចាំ​ថ្ងៃ​របស់​បារាំង L’Equipe កាលពីថ្ងៃព្រហស្បតិ៍ថា៖ «វា​មិនមែន​ជាកំហុស​របស់​ខ្ញុំឡើយ បើសិនជាបាល់វា​មិន​ចង់ចូល​ទី​។ មនុស្ស​ជា​ច្រើន​មើល​មកខ្ញុំ ដូច​ជា​ខ្ញុំ​ជា​ម៉ា​ស៊ីន​រកគ្រាប់​បាល់ ដូច​ជា​​អ្នក​ដែល​អាច​​រកគ្រាប់​បាល់​បានគ្រប់ពេលវេលា​អ៊ី​ចឹង​»​។ ការ​​ប្រកួត​នេះ​នឹង​ចាប់​ផ្តើមនៅម៉ោង​2:45ទៀបភ្លឺ​៕

    ប្រភព​ពី៖ Sports.yahoo.com

     

     

  • តើភាពជោគជ័យ និងការមានបានរបស់មនុស្សកើតមកពីឫសគល់អ្វី?

    តើភាពជោគជ័យ និងការមានបានរបស់មនុស្សកើតមកពីឫសគល់អ្វី?

    ភ្នំពេញ៖ មនុស្សកើតមកតែងមានវាសនាផ្សេងគ្នា ខ្លះកើតមកជាកូនអ្នកក្រមានតែបាតដៃទទេ ខ្លះកើតមកជាកូនអ្នកមាន មានទ្រព្យចាយមិនអស់ ប៉ុន្តែមនុស្សគ្រប់គ្នាសុទ្ឋតែមានអនាគតល្អដូចៗគ្នា ប្រសិនបើចេះចាប់យកឱកាសហុចឱ្យ និងព្យាយាមធ្វើការប្រកបដោយភាពអំណត់អត់ធ្មត់ខ្ពស់។ ​

    លោកឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal (KFA) ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​សិក្សា​គម្រោង​ប្លង់ ឌី​ហ្សាញ ការសិក្សា​ពី​គម្រោង​នៃ​ការវិនិយោគ សាងសង់ ផ្តល់​ការប្រឹក្សា​ និង​ដៃគូ​វិនិយោគ ព្រមទាំង​ផ្តល់​សេវាកម្ម​ទិញ​-លក់-​ជួល​អចលនវត្ថុ​ផងដែរនោះ បានមានប្រសាសន៍លើកឡើងនូវចំណុចមួយចំនួនថា រាល់ទ្រឹស្តីទាំងអស់គឺមិនខុសគ្នាទេ តែសំខាន់គឺយើងបានអនុវត្តនូវអ្វីដែលយើងចង់ធ្វើ ដែលខាងក្រោមនេះជាចំណុចមួយចំនួន ដែលជាដើមចមធ្វើឱ្យមនុស្សក្លាយជាអ្នកមានបាន៖

    1.គេថា មនុស្សកើតមករៀនមិនចេះចប់ រៀនហើយរៀនទៀត ការសិក្សាមិនមែនរៀនតែនៅក្នុងសាលានោះទេ គឺរៀនបានគ្រប់ទីកន្លែង រៀនពីមិត្តភ័ក្តិ រៀនពីមនុស្សនៅជុំវិញខ្លួន ឬក៏ឧស្សាហ៍អានសៀវភៅ ពិសេសអានពីប្រវត្តិជីវិតមនុស្សជោគជ័យ ហើយមកអនុវត្តដោយខ្លួនឯង។

    2.សន្សំគ្រប់បែបយ៉ាង មិនមែនសន្សំប្រាក់តែមួយមុខនោះទេ ត្រូវតែសន្សំញាតិ សន្សំពេលវេលា ចេះសន្សំចំណេះដឹងទុកពីមួយថ្ងៃទៅមួយថ្ងៃនឹងក្លាយជាមនុស្សដែលកាន់តែពូកែឡើងៗ។

    3.ហ៊ានវិនិយោគ នៅពេលដែលយើងសន្សំបានប្រាក់ សន្សំចំណេះដឹងបានគ្រប់គ្រាន់ហើយ នៅពេលឱកាសហុចឱ្យគឺយើងត្រូវហ៊ានវិនិយោគទើបយើងអាចក្លាយខ្លួនជាអ្នកមានបាន។

    4.ការសេពគប់មិត្តភ័ក្តិគឺជារឿងសំខាន់ ដូចពាក្យចាស់លោកថា សេពពាលនឹងក្លាយជាពាលសេពបណ្ឌិតនឹងក្លាយជាបណ្ឌិត ដូច្នេះយើងត្រូវសេពគប់មិត្តភ័ក្តិល្អចេះជួយគ្នាទៅវិញទៅមកទើបជាការប្រសើរ។  

    ក្រៅពីនេះ ដើម្បីឱ្យជោគជ័យក្នុងជីវិត មនុស្សត្រូវមានវិន័យលើខ្លួនឯង ចេះកំណត់គោលដៅក្នុងជីវិត មានឆន្ទៈមោះមុត មានការព្យាយាមខ្ពស់ តែបើធ្វើកិច្ចការអ្វីមួយកុំរំពឹងបានជោគជ័យខ្ពស់ពេក ក្រែងមិនបានសម្រេចដូចបំណងប្រាថ្នានាំខកចិត្តធំដូចគ្នា ព្រោះថា រាល់មុខរបរទាំងអស់សុទ្ធតែមានហានិភ័យ ហើយយើងត្រូវចេះកែតម្រូវឱ្យហានិភ័យមានកម្រិតទាបបំផុត និងមិនត្រូវប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនោះទេ កុំកាត់ម្រាមដៃយើងដើម្បីតម្រឹមដៃគេ ហើយត្រូវរីករាយជាមួយអ្វីៗដែលខ្លួនមាន និងត្រូវបន្តគូសវាសផែនការខ្លី មធ្យម និងផែនការវែងសំរាប់អនាគត ព្រោះសកម្មភាពយើងថ្ងៃនេះនឹងបញ្ជាក់គ្រប់យ៉ាងពីជោគវាសនានាពេលអនាគត៕

     

  • ឆុំ វត្តី និយាយពីរឿងមួយនៅក្នុងរឿង “ភូមិគ្រឹះ100 ល្បិច”

    ឆុំ វត្តី និយាយពីរឿងមួយនៅក្នុងរឿង “ភូមិគ្រឹះ100 ល្បិច”

    តារាស្រីដែលមានទម្រង់មុខសមជានារីខ្មែរ ហើយស្លៀកសម្លៀកបំពាក់បុរាណខ្មែរបានស័ក្ដិសមជាងគេនោះគឺកញ្ញា ឆុំ វត្តី មានកិត្តិយសបានចូលរួមសម្ដែងក្នុងរឿងភាគបុរាណថ្មីមួយរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 5 ដែលមានចំណងជើងថា “ភូមិគ្រឹះ100ល្បិច”។ នៅថ្ងៃក្រុងពាលីនៃខ្សែភាពយន្តភាគនេះ តារាស្រីរូបនេះបានបង្ហើបរឿងពិសេសមួយប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន។

    រឿង “ភូមិគ្រឹះ100 ល្បិច” គឺជារឿងបែបបុរាណនាសម័យលោកម្ចាស់ក្នុងសម័យអាណានិគមបារាំងដែលតម្រូវឱ្យស្រីស្រស់ វត្តី សម្ដែងជាតួអង្គកូនស្រីទោលរបស់លោកឧកញ៉ាពាណិជ្ជធន និងលោកជំទាវបទុម ហើយនាងមានឈ្មោះថា  ឧស្សាហ៍ មានវ័យ 18 ឆ្នាំ។ អត្តចរិតឫកពានៅក្នុងរឿងនេះ នាងគឺជានារីម្នាក់ដែលមានប្រាជ្ញាឈ្លាសវៃ ព្រមទាំងជាមនុស្សមិនចេះខ្លាចនរណាឡើយ ពោលគឺនាងកាចឆ្នាសឆ្នើម។

    តារាស្រីសម្បុរស្រអែមរូបនេះបានប្រាប់សារព័ត៌មាន ឡារ៉ែនថា «នេះជាប្រភេទរឿងបុរាណមួយទៀតហើយដែលមានភាពលំបាកច្រើនគួរសម និងក៏មិនខុសពីរឿងមុនៗដែរ ព្រោះថា នាងខ្ញុំត្រូវហ្វឹកហាត់ទាំងកាយវិការ កិរិយាសម្ដែង ដំណើរ ព្រមទាំងការសិក្សាបន្ថែមអំពីការប្រើប្រាស់ពាក្យសម្ដីទៅតាមសម័យកាលនោះ»។ នាងបានបន្ដថ្លែងថា «កាន់​តែ​លំបាកជាងនេះទៅទៀតគឺ ការស្លៀកសម្លៀកបំពាក់ឈុតបែបបុរាណមួយនេះត្រូវការចំណាយពេលរៀបចំ និងតុបតែងគ្រឿងអលង្ការរាងយូរបន្ដិច តែយ៉ាងណាមិញ វាក៏មិនដូចរឿងមុនៗដែលតម្រូវឱ្យមានការតុបតែងទ្រង់គ្រឿងសម្លៀកបំពាក់បែបក្សត្រីយ៍ដែលត្រូវចំណាយពេលយូរគួរសមនោះដែរ»។

    សូមជម្រាបផងដែរថា នេះជាលើកទីមួយរបស់តារាស្រី ឆុំ វត្តី ហើយដែលបានសម្ដែងរឿងភាគទូរទស្សន៍ជាមួយតារាឯកប្រុស សាយ សៀរ៉ា ដែលសម្ដែងជាតួអង្គលោកហ្លួងខត្តិយ៉ា។ ជាពិសេសតារាស្រីរូបនេះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា «ទោះនេះជាលើកទីមួយដែលពួកយើងបានធ្វើការងារសម្ដែងជាមួយគ្នាក្ដី តែក៏ពួកយើងជឿជាក់ថា យើងអាចធ្វើបាន ពីព្រោះសម្រាប់យើងទាំងពីរនាក់គឺ ហ្វ្រេនលី ( Friendly ) រាក់ទាក់ស្និទ្ធស្នាលជាមួយគ្នា»៕

  • 2030កម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់

    2030កម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់

    ភ្នំពេញ៖ ដោយឈរលើកំណើនសេដ្ឋកិច្ចថេរក្នុងរយៈពេលជិត2ទសវត្សរ៍ចុងក្រោយនេះ បានធ្វើឱ្យកម្ពុជាប្រែខ្លួនពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅត្រឹមឆ្នាំ2017 ហើយកំពុងនឹងក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ2030ខាងមុខ។

    ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍កាលពីពេលថ្មីៗនេះថា កម្ពុជាកំពុងមានការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ ដោយខិតខំរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបន្តតម្រង់ឆ្ពោះទៅចក្ខុវិស័យ2030 ដើម្បីក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។​

    ក្នុងជំនួបពិភាក្សាការងារ ជាមួយប្រតិភូសមាជិកសហភាពអឺរ៉ុប ទទួលបន្ទុកទំនាក់ទំនងអាស៊ីអាគ្នេយ៍ និងអាស៊ាន ដោយផ្តោតលើការផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា និងការផ្លាស់ប្តូរទស្សនៈស្តីពីកម្មវិធីកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា សមិទ្ធផលទាំងនេះកើតចេញពីការខិតខំដោយខ្លួនឯងផង និងដោយមានកិច្ចសហប្រតិបត្តិការល្អពីប្រទេសជាដៃគូ រាប់ទាំងសហភាពអឺរ៉ុបផងដែលបានពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈជំនួយ និងការអនុគ្រោះលើវិស័យពាណិជ្ជកម្ម ដែលនាំឱ្យមានការគោលការណ៍អនុគ្រោះជាដើម។

    ឆ្លើយតបទិដ្ឋភាពនេះ លោក Werner Langen ប្រធានគណៈកម្មការធិការសេដ្ឋកិច្ច និងរូបិយវត្ថុរបស់សហភាពអឺរ៉ុបបានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំប្រទេសឆ្ពោះទៅសម្រេចបានផ្លែផ្កាបែបនេះ។ ហើយប្រតិភូអឺរ៉ុបក៏មានបំណងស្វែងយល់ពីកំណែទម្រង់សំខាន់ៗរបស់រដ្ឋាភិបាល​ដែលបានអនុវត្តកន្លងមក ពិសេសអំពីសកម្មភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរហូតដល់សម្រេចបានជាផ្លែផ្កាមកទល់ពេលនេះ ខណៈពេលដែលកម្មវិធីកែទម្រង់លើវិស័យផ្សេងៗទៀតកំពុងអនុវត្ត។

    សូមជម្រាបថា ជាមួយសមិទ្ធផលនេះធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានចាត់ទុកប្រទេសកម្ពុជា ជាមួយប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត នៅតំបន់អាស៊ី ហើយបានប្រសិទ្ធនាមប្រទេសកម្ពុជា ជា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី» ទៀតផង៕

      

  • ក្រសួងអប់រំជំរុញការ​លើកតម្លៃស្ត្រី និងសមភាពយេនឌ័រក្នុងការអប់រំ

    ក្រសួងអប់រំជំរុញការ​លើកតម្លៃស្ត្រី និងសមភាពយេនឌ័រក្នុងការអប់រំ

    ទោះបីជាមានការអភិវឌ្ឍ​លើវិស័យអប់រំ និងសង្គមបានដើរទៅមុខយ៉ាងលឿនក៏ដោយ តែកូនស្រីនៅកម្ពុជា​ក៏​នៅមានបញ្ហាវិសមភាព​លើវិស័យអប់រំដដែល ជាពិសេសនៅតំបន់ជនបទ។ បញ្ហាទាំងនេះ បានជំរុញឱ្យមានការតស៊ូមតិ​ក្នុងចំណោម​ភាគីពាក់ព័ន្ធនានាដើម្បីធ្វើយ៉ាងណាលើកកម្ពស់ស្រ្តីកម្ពុជាឱ្យមានលទ្ធភាពគ្រប់គ្រាន់ដើម្បីសិក្សា​ឱ្យស្មើនឹងបុរស។

    ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងគាំទ្រ​ឱ្យមានការលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យពាក់ព័ន្ធ។ ហើយជាក់ស្ដែងការជួយមន្រ្តីរាជការស៊ីវិល​ជាស្រ្តី គឺហាក់បីដូចជាកំពុងជួយខ្លួនឯង និងសង្គមជាតិទាំងមូល ព្រោះស្ត្រី​ជាចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍសម្រាប់សង្គមជាតិ។

    ថ្លែងនៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំរបស់ស្ត្រីលើវិស័យអប់រំ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ស្ត្រីជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គម។ ការកសាងបណ្តាញភាពជាអ្នកដឹកនាំសម្រាប់ស្ត្រី គឺជាការចូលរួមក្នុងការកសាងផែនការយុទ្ធសាស្រ្តអប់រំ ចែករំលែកចំណេះដឹង និងបទពិសោធទៅវិញទៅមកដល់យុវជននៅតាមគ្រឹះស្ថានអប់រំនានា ចូលរួមដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងស្ត្រី។

    លោកជំទាវ គឹម សេដ្ឋានី បាននិយាយថា៖ «បណ្តាញអ្នកដឹកនាំស្ត្រីនឹងប្រមូលផ្តុំស្ត្រីដែលមានតួនាទីចាប់ពីអនុប្រធានការិយាល័យរហូតដល់ថ្នាក់ក្រសួងដើម្បីគាំទ្រ និងលើកទឹកចិត្តគ្នាដើម្បីលើកកម្ពស់វិស័យអប់រំសម្រាប់ស្ត្រី។ តាមរយៈសកម្មភាពនេះស្ត្រីមកពីក្រសួងនានា នឹងបានចែករំលែកបទពិសោធចំណេះដឹង និងដំណោះស្រាយសង្គមៗសម្រាប់អភិវឌ្ឍសង្គម»។

    ​បង្ហាញការគាំទ្រលើគម្រោងនេះ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ អ៊ឹង គន្ថាផាវី បានលើកឡើងថា ក្រសួងអប់រំ គួរបន្ថែមគ្រូបង្រៀនដែលជាស្រ្តី សាងសង់អន្តេវាសិកដ្ឋាន និងផ្តល់អាហារូបករណ៍​ដល់សិស្ស​នារីឱ្យបានច្រើន​ដើម្បីសមភាពយេនឌ័រក្នុងវិស័យអប់រំ។

    លោកជំទាវក៏បានណែនាំឱ្យបណ្តាញស្ត្រីដែលទើបនឹងត្រូវបានបង្កើតឡើងនេះ បង្កើនការផ្សព្វផ្សាយអប់រំ និងពន្យល់ដល់អាណាព្យាបាលមួយចំនួនឱ្យពួកគាត់ផ្លាស់ប្តូរឥរិយាបថ ឬគំនិតអវិជ្ជមានលើកូនស្រី ដើម្បីផ្តល់​ឱកាសដល់កូនស្រីឱ្យបានរៀនសូត្រដូចកូនប្រុសដែរ៕

  • Suzy និង Lee Min Ho ចែកផ្លូវគ្នាហើយ ក្រោយទាក់ទងគ្នារយៈពេលជាង 2 ឆ្នាំ

    Suzy និង Lee Min Ho ចែកផ្លូវគ្នាហើយ ក្រោយទាក់ទងគ្នារយៈពេលជាង 2 ឆ្នាំ

    តាមរយៈសារព័ត៌មានកូរ៉េ ​Koreaboo បានចេញផ្សាយនៅថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2017 មុននេះបន្ដិចបានឱ្យដឹងថា តារាសម្ដែង និងចម្រៀង Suzy បានប្រកាសចែកផ្លូវគ្នាជាមួយតារាសម្ដែងប្រុស Lee Min Ho បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាង 2 ឆ្នាំរួចមក។

    បើតាមការអះអាងរបស់ក្រុមហ៊ុនផលិតកម្ម JYP បានប្រាប់សារព័ត៌មានខាងលើថា «ពួកយើងទើបតែទទួលបានព័ត៌មាននេះថ្មីៗនេះទេ» ។ យ៉ាងណាមិញខាងអ្នកគ្រប់គ្រងតារាស្រីរូបនេះ ក៏បានអះអាងដែរថា Suzy និង Lee Min Ho  បានចែកផ្លូវគ្នាកាលពីពេលថ្មីៗនេះពិតប្រាកដមែន។ គួរបញ្ជាក់ផងដែរថា ដំណឹងរហ័សមួយនេះបានចេញផ្សព្វផ្សាយពាសពេញបណ្ដាញសារព័ត៌មានកូរ៉េ ហើយក៏ជាប្រធានបទក្ដៅគគុកមួយដែលប្រិយមិត្តអ្នកគាំទ្រទទូចចង់ដឹង និងតាមដានអំពីមូលហេតុពិតប្រាកដនៃការចែកផ្លូវគ្នាផងដែរ៕

  • អ៊ុន​ អាលីហ្សា ការងាររាជការមានអនាគតជាងសិល្បៈ

    អ៊ុន​ អាលីហ្សា ការងាររាជការមានអនាគតជាងសិល្បៈ

    រយៈពេលជាង 1 ឆ្នាំចុងក្រោយនេះ តារាសម្ដែង អ៊ុន អាលីហ្សា បានឃ្លាតឆ្ងាយពីពិភពសិល្បៈ ដោយសារតែនាងមានភាពមមាញឹកជាមួយការហ្វឹកហាត់រៀនសូត្រអំពីជំនាញមន្ត្រីនគរបាល។ ដោយសារតែមានការខិតខំប្រឹងប្រែងហាត់រៀន និងយកចិត្តទុកដាក់ចំពោះជំនាញដែលនាងស្រឡាញ់មួយនេះ ទើបមកទល់ពេលនេះ តារាស្រីរាងតូចច្រលឹងរូបនេះ បានចូលស៊ុបក្នុងក្របខ័ណ្ឌរដ្ឋ ក្នុងតួនាទីជាប៉ូលិសស្រីហើយ។

    ប៉ូលិសស្រីដ៏ស្រស់សោភារូបនេះបានប្រាប់សារព័ត៌មាន ឡារ៉ែន ថា ប្រសិនបើការងារថ្មីនេះដំណើរការទៅបានយ៉ាងរលូន នាងអាចនឹងពង្រឹងជំនាញទី2មួយនេះឲ្យមានលំនឹងល្អជាងសិល្បៈ។ មូលហេតុដែល អាលីហ្សា មានកម្លាំងជំរុញចិត្តក្នុងការចាប់យកអាជីពជាប៉ូលិសស្រីនេះ នាងថ្លែងថា «ដោយសារតែមានក្ដីស្រឡាញ់ខាងផ្នែកជានគរបាល និងមួយវិញទៀត ក្នុងនាមជាកូនខ្មែរមួយរូប ប្រសិនបើយើងអាចធ្វើអ្វីបានសម្រាប់ប្រទេសជាតិយើង គឺយើងនឹងធ្វើ»។

    ទន្ទឹមនឹងការប្រឡូកនៅក្នុងវិស័យសិល្បៈផង និងបន្ដការសិក្សាទៀតផងនោះ អាលីហ្សាបានពោលថា មានការលំបាកច្រើនខ្លះដែរ តែក៏ខិតខំប្រឹងប្រែងដើម្បីឈោងចាប់យកគោលដៅនេះឱ្យបាន។ បើនិយាយអំពីឧបសគ្គនៃការសិក្សា នាងបន្ដថា «ការចូលធ្វើជាប៉ូលិសនេះ ទម្រាំជាប់ពេញសិទ្ធិ គឺលំបាកខ្លាំងណាស់ ដោយសារតែគ្រប់យ៉ាងត្រូវឆ្លងកាត់ការប្រឡងចូលដូចប្រឡងបាក់ឌុបដែរ មិនខុសគ្នាប៉ុន្មានទេ។ ដំបូងឡើយនាងខ្ញុំគិតថា បែបទៅមិនរួចទេមើលទៅ តែសង្កេតឃើញថា បងប្អូនខ្មែរភាគច្រើនឱ្យតម្លៃចំពោះការងាររដ្ឋ មន្ត្រីរាជការ ពោលគឺការងារទីពីរនេះមានលំនឹងជាងសិល្បៈ ព្រោះយ៉ាងហោចណាស់ ពេលចាស់ទៅ ក៏មានប្រាក់ខែចូលនិវត្តន៍ដែរ» ។

    បើទោះជារវល់ជាមួយការងារប៉ូលិសស្រីច្រើនក៏ដោយ ក៏តារាសម្ដែង និងបង្ហាញម៉ូដរូបនេះបានបញ្ជាក់បន្ថែមថា «ស្របពេលនឹងទីផ្សារសិល្បៈភាពយន្ដកំពុងរីកចម្រើនខ្លាំង ខ្ញុំក៏មានការងារសម្ដែងក្នុងរឿងភាគថ្មីៗមួយចំនួនដែរ និយាយជារួមគឺ មិនឱ្យបងប្អូនអ្នកគាំទ្រភ្លេចមុខនាងខ្ញុំឡើយ​»៕

  • តើការទិញផ្ទះបង់រំលស់មានអត្ថប្រយោជន៍យ៉ាងណាខ្លះ?

    តើការទិញផ្ទះបង់រំលស់មានអត្ថប្រយោជន៍យ៉ាងណាខ្លះ?

    ភ្នំពេញ- ទោះបីជាបច្ចុប្បន្នការទិញ-លក់អគារសហកម្មសិទ្ធិហាក់មានសកម្មភាពនៅទ្រឹងក៏ដោយ ប៉ុន្ដែការទិញ-លក់អគារលំនៅឋាននៅតែមានសកម្មភាពជាបន្ដបន្ទាប់ ដែលក្នុងនោះអតិថិជនបានប្រើវិធីផ្សេងៗគ្នាក្នុងការបង់ប្រាក់។ តែយ៉ាងណា វិធីនៃការបង់រំលស់នៅតែមានការពេញនិយមយ៉ាងខ្លាំងសម្រាប់ការទិញអចលនទ្រព្យ។ ហេតុអ្វីបានជាវិធីបង់រំលស់ក្នុងការទិញលំនៅឋានមានការពេញនិយមសម្រាប់ប្រជាជននាពេលបច្ចុប្បន្ន?។

    លោក ច្រឹក សុខនីម អគ្គនាយកនៃក្រុមហ៊ុនមេគង្គ Century21 បានលើកឡើងថា ជាទូទៅការវិនិយោគតែងតែមានចំណុចវិជ្ជមាន និងអវិជ្ជមាន  ដូច្នេះការទិញគម្រោងលំនៅឋានដោយជ្រើសរើសការបង់ប្រាក់ផ្ដាច់ ឬការបង់រំលស់ក្ដី វាសុទ្ធតែជាជម្រើសល្អដូចគ្នា។ អ្វីដែលសំខាន់គឺយើងត្រូវមើលទៅលើលក្ខខណ្ឌរបស់បុគ្គល ឬម្ចាស់បុរីផ្ទាល់តែម្ដង។ លោកបន្ដថា បើយើងមានលុយគ្រប់គ្រាន់ហើយទោះចង់ទិញលំនៅឋានដោយបង់ប្រាក់ផ្ដាច់ វាមិនមានអ្វីជាឧបសគ្គទេ ពិសេសនៅពេលយើងជឿជាក់លើម្ចាស់បុរីហ្នឹងថា គេមានការសាងសង់ប្រកបដោយចីរភាព គេមានកេរ្ដិ៍ឈ្មោះល្អក្នុងទីផ្សារ ផ្ដល់ភាពជឿជាក់ដល់អតិថិជនខ្ពស់ ដែលយើងមើលឃើញថា លក្ខខណ្ឌខាងលើនេះ ភាគច្រើនកើតលើគម្រោងអភិវឌ្ឍន៍បុរីធំៗ។

    ទោះជាយ៉ាងណាអគ្គនាយកនៃក្រុមហ៊ុនមេគង្គ Century21 លើកឡើងថា បច្ចុប្បន្នជាសម័យភាវូបនីយកម្ម ជាសម័យសម្បូរបែបក្នុងការធ្វើជំនួញ ដូច្នេះមនុស្សមួយចំនួនធំគេពុំសូវនិយមទិញលំនៅឋានដោយការបង់ផ្ដាច់ឡើយ ព្រោះបើយើងយកលុយមួយដុំទៅបង់ផ្ដាច់វា ធ្វើឱ្យបាត់បង់ឱកាសក្នុងការធ្វើជំនួញ ឬការវិនិយោគផ្សេងទៀត។

    លោក ច្រឹក សុខនីម បានលើកជាឧទាហរណ៍ថា៖«បើយើងមានលុយ10ម៉ឺនដុល្លារយើងទិញផ្ទះដោយប្រើជម្រើសបង់ប្រាក់ផ្ដាច់យើងទិញបានតែមួយល្វែងទេ។ តែបើយើងធ្វើការងារជាមួយធនាគារយើងអាចទិញបាន2 ឬ3ល្វែង តែបើទិញកុំឱ្យមានហានិភ័យទិញត្រឹម2ល្វែងគឺល្អ។ បង់ដំបូង3ម៉ឺនពីរដង ស្មើ6ម៉ឺន សល់4ម៉ឺនយើងទុកធ្វើជាទុនបង់រំលស់។ សល់លុយប៉ុណ្ណឹងរំលស់បាន3ទៅ4ឆ្នាំ ចាត់ទុកថា យើងជិតអស់លុយដែលមានទៅចុះ តែជាទូទៅអចលនទ្រព្យទិញត្រឹម2ឆ្នាំ គឺវាឡើងថ្លៃបាត់ទៅហើយ ពេលវាឡើងថ្លៃយើងអាចលក់ផ្ទះណាមួយយកចំណេញ និងទប់ការបង់រំលស់»៕