Author: អេបិល

  • សមាជិកក្រុមចម្រៀង Maroon 5 បង្ហាញរូបអាក្រាតគូទជាមួយកូនស្រីដ៏សែន Cute

    សមាជិកក្រុមចម្រៀង Maroon 5 បង្ហាញរូបអាក្រាតគូទជាមួយកូនស្រីដ៏សែន Cute

    នៅថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2017 នេះ តាមរយៈសារព័ត៌មាន Kenh 14 បានឱ្យដឹងថា នៅលើបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់សមាជិកក្រុមម៉ូដែល Angels Victoria’s Secret គឺអ្នកនាង  Behati Prinsloo បានបង្ហោះរូបភាពស្វាមីអ្នកនាង និងកូនស្រីជាទីស្រឡាញ់ ក្នុងសភាពអាកា្រតកាយលេចកំប៉េះគូទ បង្ហាញឱ្យអ្នកគាំទ្ររូបនាង និងស្វាមីភ្ញាក់ផ្អើលចំពោះភាពសិចស៊ីនេះ។

    គួរបញ្ជាក់ផងដែរថា សមាជិកក្រុមចម្រៀង Maroon 5  លោក ​Adam Levine បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកនាង Behati Prinsloo អស់រយៈពេល 3 ឆ្នាំហើយ ទើបតែមានកូនស្រីដ៏សែន Cute មួយនេះតែប៉ុណ្ណោះ នាងតូចមានឈ្មោះថា Dusty Rose។ យ៉ាងណាមិញតារាប្រុសរូបនេះ ក៏ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំចង់បង្កើតកូនឱ្យបានច្រើន ហើយខ្ញុំនឹងរំភើបចិត្តបំផុត​ ប្រសិនបើភរិយាខ្ញុំអាចបង្កើតកូនបានដល់ទៅ 100 នាក់។ ខ្ញុំចូលចិត្តចំពោះការដែលមានកូនច្រើនបែបនេះ»៕

  • ប៊ី សុធារី ត្រូវការកម្លាំងចិត្តពីបងប្អូនខ្មែរ ព្រោះនៅសល់តែ 4 ថ្ងៃទៀតទេ

    ប៊ី សុធារី ត្រូវការកម្លាំងចិត្តពីបងប្អូនខ្មែរ ព្រោះនៅសល់តែ 4 ថ្ងៃទៀតទេ

    នៅសល់តែ 4 ថ្ងៃទៀតទេ គឺជាថ្ងៃដែលបវរកញ្ញាឯក ប៊ី សុធារី  នឹងត្រូវឡើងប្រកួតលើវេទិកាលំដាប់អន្ដរជាតិ Miss Universe 2017  វគ្គចុងក្រោយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី27 វិច្ឆិកា ឆ្នាំ2017 ខាងមុខនេះ ។ បើតាមរយៈហ្វេសប៊ុកផ្លូវការរបស់ Miss Universe Cambodia បានឱ្យដឹងថា នេះជាលើកដំបូងក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្កវាឡ ដែលប្រទេសកម្ពុជាមានកិត្តិយសបានទៅបង្ហាញវត្តមាននៅក្នុងកម្មវិធីមួយនេះដែរ ដែលវាមិនមែនជារឿងងាយស្រួលឡើយ។

    បន្ទាប់ពីបានគ្រងតំណែងជាជយលាភីកញ្ញាឯកកម្ពុជាឆ្នាំ 2016 កញ្ញា ប៊ី សុធារី បានត្រៀមលក្ខណៈជាច្រើនដូចជាកម្លាំងចិត្ត និងបញ្ញាស្មារតីសម្រាប់ចូលរួមក្នុងការប្រកួតកម្មវិធីមួយនេះអស់រយះពេលជិតមួយឆ្នាំមកហើយ។

    នាងបាន​បង្កើនភាពស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយគ្រូបង្វឹករបស់នាងដែលមិនមែនត្រឹមតែជាភ្នាក់ងាររៀបចំកម្មវិធីកញ្ញាឯកកម្ពុជានោះទេ។ នាងបានធ្វើដំណើរទៅប្រទេសហ្វីលីពីនដើម្បីធ្វើការហ្វឹកហាត់បន្ថែមក្នុងការដើរបង្ហាញម៉ូដ រួមទាំងការហ្វឹកហាត់ឆ្លើយសំនួរដែលទាក់ទងនឹងកម្មវិធីប្រកួតផងដែរ។

    កញ្ញា ប៊ី សុធារី បានបញ្ជាក់ប្រាប់ថា «ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនខ្មែរទាំងអស់ នាងខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានឱ្យអស់ពីសមត្ថភាពដើម្បីក្លាយជាកញ្ញាឯកតំណាងប្រទេសកម្ពុជាដ៏មានតម្លៃរបស់ប្រទេសដ៏ស្រស់ស្អាតរបស់យើង។ នាងខ្ញុំនៅតែសំណូមពរ សូមឱ្យអ្នកទាំងអស់គ្នានៅតែបន្តការគាំទ្ររូបនាងខ្ញុំបន្តទៀត»។

    គួរបញ្ជាក់បន្ថែមផងដែរថា ខណៈនេះកញ្ញា ប៊ី សុធារី កំពុងត្រូវការកម្លាំងចិត្តពីបងប្អូនខ្មែរយើងជាខ្លាំងក្នុងការបោះឆ្នោតគាំទ្ររូបនាងដើម្បីឱ្យបានជាប់បន្ដជា Miss Popular Vote ដែលនឹងជាប់ដោយស្វ័យប្រវត្តិទៅវគ្គចុងក្រោយ ព្រោះថា នៅសល់តែ 4 ថ្ងៃទៀតប៉ុណ្ណោះ។ ដូច្នេះសូមចូលរួមបោះឆ្នោតលើកទឹកចិត្ត និងគាំទ្ររូបនាងទាំងអស់គ្នាផង តាមរយៈLink ៖  vote.missuniverse.com ៕

     

  • Barca និង Chelsea ទៅ​វគ្គ​16ក្រុម ខណៈ Man Utd ចាញ់​​លើ​ទឹកដី Basel

    Barca និង Chelsea ទៅ​វគ្គ​16ក្រុម ខណៈ Man Utd ចាញ់​​លើ​ទឹកដី Basel

    ក្រុម Barcelona និង Chelsea បាន​កក់​​កៅអី​របស់​ពួក​គេ​រៀង​ៗខ្លួន​ទៅ​កាន់វគ្គ​16​ក្រុម​ចុងក្រោយ​នៃ​ក្រប​ខ័ណ្ឌ Champions League កាល​ពី​ថ្ងៃ​ពុធ ប៉ុន្តែក្រុម​​បិសាចក្រហម Manchester United បាន​​រង​បរា​ជ័យ​ដ៏​មិន​នឹក​​​ស្មាន​ដល់​​ក្នុង​លទ្ធផល 1-០ នៅ​លើ​ទឹក​ដីក្រុម Basel​​។

    ក្រុម Barcelona​ បាន​បញ្ចប់​​ក្នុង​លទ្ធផល​ស្មើ ០-០ ជា​មួយ​នឹងក្រុម Juventus ក្នុង​ទីក្រុង Turin ដើម្បី​​​ទទួល​បាន​1ពិន្ទុ ដែល​​គ្រប់​គ្រាន់​ក្នុង​ការ​​ជួយ​ឲ្យ​ពួក​គេឈាន​ទៅ​វគ្គ​បន្ត​ក្នុង​នាម​ជាក្រុម​ឈរ​លេខ​1ក្នុង​ពូល D បើ​ទោះ​បី Lionel Messi ត្រូវ​បាន​ដាក់​ឲ្យ​លេង​ក្នុង​នាម​​ជា​​កីឡាករ​បម្រុង​ក៏ដោយ​។ ស្រប​ពេល​​ជា​មួយ​គ្នា​នេះ ក្រុម Chelsea ក៏បាន​ឈាន​ទៅ​វគ្គ​បន្តដោយសុវត្ថិ​​​​ភាពដែរ​ ក្រោយ​ពី​បាន​ផ្តួល​ក្រុម Qarabag របស់​អា​ស៊ែ​បៃ​ហ្សង់ យ៉ាងបរិបូណ៌​ក្នុង​លទ្ធ​ផល 4-០ ដើម្បី​រក្សា​ការ​ឈរ​លេខ​1ក្នុង​ពូល C ពី​លើ​ក្រុម Roma ដែល​បាន​ចាញ់​ក្រុម Atletico Madrid 2-០ នៅ​ថ្ងៃ​ដដែល​នោះដែរ​។ ប៉ុន្តែ ក្រុម Man Utd ដែលហាក់ដូច​ជាកំពុង​ស្ថិត​នៅ​លើ​ផ្លូវ​​ក្នុង​ការ​ទទួល​បាន​ពិន្ទុ​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់​ក្នុង​ការ​បានកក់​កៅអី​ទៅ​វគ្គ​16​​ក្រុម​ចុង​ក្រោយ​ទៅហើយនៅក្នុង​ប្រទេស​ស្វ៊ីសនោះ ស្រាប់តែត្រូវបាន​​កីឡាករ Michael Lang ​រក​គ្រាប់​បាល់​ឈ្នះ​ឱ្យក្រុម Basel បាននៅ​នាទីទី​89 ធ្វើឱ្យពួកគេខកចិត្តយ៉ាងខ្លាំង​។

    ក្រុម​​របស់​លោក Antonio Conte បាន​ឈាន​ទៅ​វគ្គ​16​ក្រុម​ចុង​ក្រោយ​ ខណៈ​ដែល​នៅ​សល់​តែ1​មួយ​ប្រកួត​ទៀត ក្រោយ​​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ពី​សំណាក់​ខ្សែ​​បម្រើ​ឆ្នើម Eden Hazard និង William នា​កីឡដ្ឋាន Olympic ស្រប​​ពេល​​ដែលជ័យ​ជម្នះ​នេះបាន​ទម្លាក់​ក្រុម​ Qarabag របស់​អា​ស៊ែ​បៃ​ហ្សង់​ ចេញពី​យុទ្ធ​នា​ការ​នេះ​តែ​ម្តង​។ Hazard បាន​ឲ្យ​ដឹង​ថា៖ «យើង​ពិត​ជា​​ធ្វើ​បាន​ល្អមែន​។ យើង​គួរ​តែ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​នេះ​។ វា​ពិត​ជា​រឿង​ដ៏​ងាយស្រួល​ណាស់ក្នុង​ការ​លេង​ជា​មួយ​នឹង​កីឡាករ​ឆ្នើម​ៗ​ទាំងនេះ​»​៕

    ប្រភព​ពី៖ The Sun

  • លោក Emery ផ្តោត​លើ​ការ​ជួប Bayern ក្រោយ PSG បំ​បាក់ Celtic ចាស់​ដៃ

    លោក Emery ផ្តោត​លើ​ការ​ជួប Bayern ក្រោយ PSG បំ​បាក់ Celtic ចាស់​ដៃ

    លោក Unai Emery គ្រូ​បង្វឹក​របស់​ក្រុម Paris Saint-Germain បាន​ជំ​រុញ​ឲ្យ​ក្រុម​របស់​លោក​រក្សា​​ការ​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​ប្រកួត​ក្នុង​យុទ្ធ​នា​​ការ​ក្រប​ខ័ណ្ឌ Champions League វគ្គ​ចែក​ពូល​របស់​ពួក​គេ ក្រោយ​ពី​​តារា​ឆ្នើម Neymar បាន​ជួយ​ឲ្យក្រុម​របស់ខ្លួន​​​បំ​បាក់​ក្រុម Celtic យ៉ាង​ចាស់​ដៃ​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

    ក្រុម PSG បាន​ធ្វើ​ការ​វាយ​បក​ដេញ​តាម​ពី​ក្រោយ​ដើម្បី​ផ្តួល​ក្រុម​​ម្ចាស់​ជើង​ឯក​ស្កុត​ឡេន​មួយ​នេះ ក្នុង​លទ្ធផល 7-1 នា​កីឡដ្ឋាន Parc des Princes ក្រោម​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​របស់ Neymar ដែល​បាន​​ស៊ុត​បាល់​បញ្ចូល​ទី​2​​គ្រាប់ ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ Moussa Dembele បាន​ជួយ​ឲ្យ​​ក្រុម Celtic មាន​គ្រាប់​បាល់​នាំ​មុខ​មុន​។​ ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​ស៊ុត​បាល់​បញ្ចូល​​ទី​2​គ្រាប់​ផងដែរ ស្រប​ពេល​ដែល​ Kylian Mbappe, Marco Verratti និង Dani Alves​ រក​បាន​ម្នាក់​1​​គ្រាប់​ដូច​​គ្នា ដើម្បី​​ធ្វើ​ឲ្យ​ក្រុម​របស់​ពួក​គេ​​រក​បាន​គ្រាប់​បាល់​សរុប​24​គ្រាប់​ក្នុង​វគ្គ​ចែក​ពូល ​ខណៈ​ដែល​នៅ​សល់​តែ1​ប្រកួត​​ទៀតប៉ុណ្ណោះ​ក្នុង​ពូល B របស់​ពួក​គេ​។​ ការ​ទទួល​ជ័យ​ជម្នះ​កាល​ពី​ថ្ងៃ​ពុធ ក៏​ជា​ការ​ទទួល​ជ័យ​ជម្នះ​ដ៏​ធំផុត​របស់ PSG ផងដែរក្នុងយុទ្ធ​នា​ការ​នេះ ក្រោយ​ពី​បាន​បំ​បែក​កំណត់​ត្រា​កាលពី​មុន​របស់​ពួក​គេ គឺ​ការ​យកឈ្នះ 7-2 លើ​ក្រុម Rosenborg​កាល​ពី​ខែ​តុលា ឆ្នាំ​2០០០ ដែលនៅ​ពេល​​នោះ​ខ្សែ​ប្រយុទ្ធ​ Nicolas Anelka បាន​​ស៊ុត​បាល់​បញ្ចូល​ទី​2​គ្រាប់​។

    ខណៈ​ដែល​បាន​ឈាន​ទៅ​វគ្គ​16ក្រុម​ចុងក្រោយ​រួ​ច​ស្រេចហើយ​មុន​ពេល​ការ​ប្រកួត​នេះ PSG នឹង​សម្លឹង​រក​ការ​​ឈ្នះ​កៅអី​​លេខ​1ក្នុង​ពូល B ពី​លើ​ក្រុម Bayern Munich នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​អាល្លឺ​ម៉ង់ សម្រាប់​ការ​ប្រកួត​ចុងក្រោយ​ក្នុង​ពូល​របស់​ពួក​គេ​នៅ​ខែ​ក្រោយ​៕ លោក Emery បាន​​ឲ្យ​ដឹង​ថា៖ «Bayern គឺជា​ក្រុម​ដ៏ខ្លាំង​មួយ​។ វា​នឹងក្លាយ​​ជា​ការ​សាក​ល្បង​ដ៏​ល្អ​មួយ​។ ពួក​គេ​​ស្ថិ​តក្នុង​ចំណោម​ក្រុម​ដែល​អាច​ឈ្នះ​ពាន Champions League»​​៕

    ប្រភពពី៖ Sport24

  • ម៉េង កែវពេជ្ជតា រិះគន់រូបិយប័ណ្ណថ្មីម៉ាទំហឹង

    ម៉េង កែវពេជ្ជតា រិះគន់រូបិយប័ណ្ណថ្មីម៉ាទំហឹង

    នៅថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ 2017​ ម្សិលមិញនេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ អ្នកនាង ម៉េង កែវពេជ្ជតា បានទម្លាយសាររិះគន់រូបិយប័ណ្ណក្រដាសប្រាក់ដែលទើបតែចេញថ្មីថា ងាយភាន់ច្រឡំ ងាយវង្វេងវង្វាន់ក្នុងការចាយវាយ។ សាររបស់អ្នកនាងហាក់បីដូចជាបានរិះគន់ទៅកាន់ធនាគារជាតិ និងរាជរដ្ឋាភិបាលចំៗតែម្ដងដើម្បីសុំឱ្យពិចារណារឿងនេះឡើងវិញ។

    នៅក្នុងនោះដែរតារាចម្រៀងស្រីជើងចាស់ និងមានឈ្មោះល្បីរូបនេះបានរៀបរាប់នៅលើហ្វេសប៊ុកថា «និយាយពីរឿង​ រូបិយប័ណ្ណ​ (​ លុយ​ )​ នៅស្រុកខ្ញុំវិញ​ ម្តេចក៏មានច្រើនរូប​ ច្រើនបែបម្ល៉េះ​? ចំនួនទឹកប្រាក់តែមួយ​ ប៉ុន្តែមានរូបរាង​ ពណ៌​ រូបភាព​ ទំហំផ្សេងៗគ្នា​ ធ្វើឱ្យអ្នកចាយមានការវង្វេងវង្វាន់ភាន់ច្រឡំ​។ នេះសម្រាប់ប្រជាពលរដ្ឋខ្មែរផង​ ចុះទម្រាំជនបរទេសទៀត​ តើគេនឹងពិបាកសម្គាល់​​យ៉ាងណាទៅ​? ខ្ញុំមិនដឹងថា​ ​នេះជាគោលការណ៍សេដ្ឋកិច្ចអ្វីទេ​ តែខ្ញុំឆ្ងល់​មែនទែន​ ព្រោះមិនដែលឃើញលុយ​ អាមេរិក​ បារាំង​ អូស្ត្រាលី​អី ​គេដូរញឹកញាប់ដូច្នេះផង​ គឺទាល់តែយូរណាស់​ ទើបដូរម្តង…ឆ្ងល់…»។

    សូមជម្រាបផងដែរថា នៅខាងក្រោមសាររបស់អ្នកនាង ម៉េង កែវពេជ្ជតា  គេសង្កេតឃើញមានមតិមហាជនជាច្រើននាក់ បានចូលមកគាំទ្រសាររបស់អ្នកនាង ព្រមទាំងសម្ដែងការមិនពេញចិត្តដូចគ្នាដែរ៕

  • ទស្សនាពីរបៀប Make Up ទម្រង់មុខឱ្យដូចតារាចម្រៀង CL

    ទស្សនាពីរបៀប Make Up ទម្រង់មុខឱ្យដូចតារាចម្រៀង CL

    ដូចដែលគេហទំព័រ​ ឡារ៉ែន ធ្លាប់បានជម្រាបជូនប្រិយមិត្តអ្នកគាំទ្រកម្ពុជាទាំងអស់រួចហើយថា កំពូលតារាចម្រៀងកូរ៉េ កញ្ញា CL នឹងមកអង្រួនឆាកប្រគំតន្រ្តីខ្នាតយក្សក្នុងបរិវេណកោះពេជ្រដែលនឹងប្រារព្ធឡើងនៅថ្ងៃទី9 ខែធ្នូ ខាងមុខនេះ ដែលនាំមកជូនដោយក្រុមហ៊ុន Smart ។ ដូច្នេះប្រាកដណាស់ ច្បាស់ជាមានអ្នកគាំទ្រជាច្រើននាក់ទន្ទឹងរង់ចាំវត្តមានរបស់កំពូលតារាចម្រៀងរូបនេះ ហើយក៏ប្រាកដជាចង់ដឹងអំពីរបៀបផាត់ទម្រង់មុខឱ្យស្អាតដូចជាកញ្ញា CL ដែរមិនខាន។

    គួរបញ្ជាក់ថា ការប្រគំតន្រី្ត Smart Mega Concert នេះក៏មានការចូលរួមពីក្រុមតារាចម្រៀង Original Song ជាច្រើនដួង រួមមានកញ្ញា Nikki Nikki , Small World  Small Band , លោក P-Sand , កញ្ញា ADda , លោក ថេណា , Bros La , ក្រុម SWSB  និងក្រុម Mustaches Band ….​ផងដែរ។

    ដូច្នេះដើម្បីឱ្យកាន់តែជាក់ច្បាស់​ និងបានឃើញឱ្យច្បាស់អំពីរបៀបផាត់មុខឱ្យដូចតារាចម្រៀងរូបស្អាត CL នោះ សូមទស្សនាវីដេអូខាងក្រោមដូចតទៅ៖

    https://www.youtube.com/watch?v=8PcE8txixIg

  • កំពូលតារាចម្រៀង Jay Park  ទម្លាយរឿងអាថ៌កំបាំងនៅក្នុងចិត្ត

    កំពូលតារាចម្រៀង Jay Park  ទម្លាយរឿងអាថ៌កំបាំងនៅក្នុងចិត្ត

    នៅថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2017 នេះ តាមរយៈសារព័ត៌មាន Koreaboo បានចេញផ្សាយបានឱ្យដឹងថា ថ្មីៗនេះ កំពូលតារាចម្រៀងកូរ៉េ Jay Park ទើបតែបានបញ្ចេញរូបភាពដែលថត និងផ្ដល់បទសម្ភាសជាមួយទស្សនាវដ្ដី បុរស ឬ Men’s Magazine។

    នៅក្នុងជំនួបជាមួយទស្សនាវដ្តីខាងលើ លោកត្រូវបានតម្រូវឱ្យឆ្លើយតបបទសម្ភាស អំពីនារីនៅក្នុងក្ដីសុបិនដែលបានលាក់ទុកជាអាថ៌កំបាំងនៅក្នុងចិត្តលោកជាយូរមកហើយ និងអ្វីដែលសំខាន់នោះគឺរឿង គូអនាគត ព្រោះថាមកទល់ពេលនេះ តារាប្រុសរូបនេះនៅមិនទាន់មានគូស្នេហ៍នៅឡើយ។

    បើនិយាយពីរឿងស្នេហា តារាប្រុសរូបសង្ហាម្នាក់នេះប្រាប់ថា «ខ្ញុំមិនបានលង់ងប់ងល់ជាមួយស្នេហាគ្រាដំបូងឡើយ តែប្រសិនបើខ្ញុំប្រាថ្នាចង់ទាក់ទងនរណាម្នាក់ ខ្ញុំនឹងចាប់ផ្ដើមផ្សារភ្ជាប់ទំនាក់ទំនងនោះជាមួយគេម្ដងបន្តិចៗ និងកាន់តែខ្លាំងឡើងៗ»។ ចុះខណៈមានស្នេហា តើនារីប្រភេទណាដែលលោកប្រាថ្នាចង់មានក្ដីស្នេហ៍ពិតប្រាកដជាមួយនាង? នេះ គឺជាសំណួររបស់ទស្សនាវដ្តីដដែលនោះ។

    កំពូលតារាចម្រៀង Jay Park បានឆ្លើយបញ្ជាក់បន្ថែមថា «ទោះជាយ៉ាងណាក្ដី នារីដែលគួរតែក្លាយជាមិត្តស្រី ឬក៏ជានារីម្នាក់ដែលអាចចូលមករស់នៅក្នុងក្រុមគ្រួសារខ្ញុំបាន លុះត្រាតែខ្ញុំបានដកពិសោធចិត្តគ្នាក្នុងរយៈពេលដ៏យូរមួយ និងជានារីដែលមានការខិតខំប្រឹងប្រែងបង្ហាញពីសញ្ញានៃក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក នោះទើបជាស្នេហាប្រាកដប្រជារបស់ខ្ញុំ»៕

  • នី រតនា ឡើងកូដ ដូររថយន្ដប្រណីត Mazda ថ្មីសន្លាងមែនឬ?

    នី រតនា ឡើងកូដ ដូររថយន្ដប្រណីត Mazda ថ្មីសន្លាងមែនឬ?

    នៅថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2017 នេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ម្ចាស់ពានកម្មវិធីប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian iDol រដូវកាល​ទី 1 លោក នី រតនា បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក និងសារដ៏មានអត្ថន័យនៅក្នុងជីវិតឱ្យមហាជនបានដឹង។ រូបភាពមួយសន្លឹកនោះបានស្ដែងឱ្យឃើញថា ​លោកកំពុងតែ​ឈរ​នៅពី​មុខ​ឡាន​ទំនើប​មួយ​គ្រឿង​ម៉ាក Mazda ខុសពីពេល​កន្លង​មកដែលលោក​ជិះ​ឡាន​ Lexus RX 350 នៅឡើយ។

    ​តារាចម្រៀង​ប្រចាំផលិត​កម្មហង្សមាសបានរៀបរាប់ថា «យើងអាចនឹងកើតមក មិនបានរស់នៅលើគំនរទ្រព្យដូចគេក៏ពិតមែន  ក៏ប៉ុន្តែអ្វីដែលយើងយកមកជាមួយនោះ គឺទេពកោសល្យ នឹងជំនាញពិសេសផ្ទាល់ខ្លួន។ ទ្រាំបន្តិចទៀត! ប្រឹងបន្តិចទៀត! តស៊ូបន្តិចទៀត! យើងនឹងឈានទៅដល់គោលដៅរបស់យើងជាក់ជាមិនខាន…»។

    សារព័ត៌មាន ឡារ៉ែន បានព្យាយាមសុំការបកស្រាយបញ្ជាក់ពីលោក នី រតនា តាមរយៈសារអេឡិចត្រូនិក និងត្រូវបានលោកបញ្ជាក់ប្រាប់មកវិញថា «នោះមិនមែនជារថយន្ដរបស់ខ្ញុំទេបង! ការពិត គឺជារថយន្ដសម្រាប់ថតរឿងភាគថ្មី ដែលមានចំណងជើងថា ”រាជបុត្រកង្កែប“ ទេ»៕

  • គង់ ចាន់ស្រីមុំ និងស្វាមីបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយសាងសង់ខ្លោងទា្វរសាលាដូង

    គង់ ចាន់ស្រីមុំ និងស្វាមីបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយសាងសង់ខ្លោងទា្វរសាលាដូង

    បន្ទាប់ពីបានបាត់មុខមួយរយៈពីពិភពសិល្បៈ ពីការសម្ដែង MV វីដេអូចម្រៀង ស្ប៉តពាណិជ្ជកម្ម ក៏ដូចជារឿងភាគទូរទស្សន៍ និងកំពុងទទួលបានជោគជ័យលើមុខជំនួញនោះ ថ្មីៗនេះសារព័ត៌មាន ឡារ៉ែន ទទួលបានដំណឹងថា អ្នកនាង​គង់ ចាន់ស្រីមុំ និងស្វាមី គឺលោក សីហា បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន 7,77០ ,០០០ រៀល ក្នុងគោលបំណងជួយសាងសង់​ខ្លោងទ្វារសាលា​ដូង​បន្ថែម ដែលមាន​ប្រវែង 150 ម៉ែត្រ និង​ជួយ​ឧបត្ថម្ភដល់​ជីវភាពក្មេង​កំព្រាជាច្រើននាក់​ឲ្យ​បានចៀសផុត​ពីដើរ​ការ​សុំទាន​តាមផ្លូវ ព្រមទាំងឧបត្ថម្ភជំនួយដល់មនុស្សចាស់​ជរា​ទៀត​ផង។

    សូមជម្រាបថា ​ខ្លោងទ្វារសាលាដូង​ដែលគ្រោងនឹងសាងសង់បន្ថែមប្រវែង 150 ម៉ែត្រនេះ​​ នឹងត្រូវ​ធ្វើទ្បើងពីឈើ និងសម្បកកំប៉ុងអេតចាយ​។ យ៉ាងណាមិញ ក៏មានសាងសង់បន្ថែមនូវរោងប្រក់ស្បូវមួយខ្នងសម្រាប់​ក្រុមមនុស្សចាស់ជរា​ដែលមានទំហំ 12ម៉ែត្រផងដែរ​។

    នាឱកាសដ៏វិសេសវិសាលខាងលើ តារាស្រីរូបនេះក៏បាននាំយកនូវថវិកា​ សារុង​ ក្រមា​ និងនំនែកមួយចំនួនទៅចែកជូនលោកតា លោកយាយ និងកុមារៗនៅទីនោះផងដែរ។

    អ្នកនាង ​គង់ ចាន់ស្រីមុំ បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «នាងខ្ញុំពិតជារំភើប និងរីករាយខ្លាំងណាស់ដែលបានជួយដល់សាលាដូង​គិរីរម្យ និង​មនុស្សចាស់ជរា​ ក្មេងៗដែលស្នាក់នៅក្នុងទីនេះ​ឱ្យចៀសផុតពីការសុំទាននៅតាមដងផ្លូវ​។ វាគ្រាន់តែជាមួយចំណែកតូចមួយដែលនាងខ្ញុំអាចជួយដល់សង្គមរបស់យើងប៉ុណ្ណោះ ហើយនាងខ្ញុំក៏សូមអរគុណផងដែរទៅដល់ក្រុមការងារ និងមិត្តភ័ក្តិទាំងអស់​ រួមទាំងពុកម៉ែបងប្អូនដែលតែងតែគាំទ្រនាងខ្ញុំកន្លងមក។ សូមផ្ញើសេចក្តីស្រឡាញ់មួយនេះនៅក្នុងដួងចិត្តអ្នកគ្រប់គ្នាផង»។

    គួរបញ្ជាក់ផងដែរថា សាលាដូង គឺជាមណ្ឌលសប្បុរសធម៌ដែលប្រមែប្រមូល និងជួយដល់កុមារកំព្រា និងចាស់ជរាដែលគ្មានទីពំនាក់។ នៅក្នុងសាលាដូង មានថ្នាក់រៀនសម្រាប់កុមារកំព្រាដែលមិនចេះអក្សរ  មានរោងសម្រាប់ស្នាក់នៅ និងចិញ្ចឹមមើលថែទាំជនកំព្រាទាំងនោះទៀតផង។ សាលាដូងអាចរស់នៅបានដល់សព្វថ្ងៃនេះគឺ ដោយសារការជួយឧបត្ថម្ភពីសំណាក់សប្បុរសជននានា។ សាលាដូងមិនរើសអើងចំពោះអំណោយ ឬជំនួយឡើយ សូម្បីដែលរបស់របរចាស់ៗដែលលែងប្រើហើយ សម្បកកំប៉ុងអេតចាយ(សំរាម) ឬអ្វីក៏ដោយ ក៏សាលាដូងទទួលយកដែរ។ សាលាដូងសព្វថ្ងៃមាន 2 សាខា គឺទីមួយនៅកោះដាច់ និងទីពីរនៅឧទ្យានជាតិគីរីរម្យ៕

  • គម្រោងទឹកស្អាតនៅកម្ពុជា ផ្គត់ផ្គង់បានត្រឹមតែជាង2លានគ្រួសារប៉ុណ្ណោះ

    គម្រោងទឹកស្អាតនៅកម្ពុជា ផ្គត់ផ្គង់បានត្រឹមតែជាង2លានគ្រួសារប៉ុណ្ណោះ

    ភ្នំពេញ៖ យោងតាមគេហទំព័រ Country​ Meters ដែលជាគេហទំព័រដ៏ធំមួយសម្រាប់រាប់ចំនួនមនុស្សនៅលើពិភពលោកបានឱ្យដឹងថា មកទល់ពេលបច្ចុប្បន្ន ប្រជាជនខ្មែរមានចំនួនប្រមាណ​ជា 16,181,734 នាក់ ប៉ុន្តែក្នុងចំណោមប្រជាជនខ្មែរទាំងអស់នោះ មានប្រមាណតែជាង 2លានគ្រួសារប៉ុណ្ណោះដែលទទួលបានទឹកស្អាតប្រើប្រាស់។

    ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបង្ហាញរបាយការណ៍ថ្មីមួយឱ្យដឹងថា ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសអត្រាគ្របដណ្តប់នៃការផ្គត់ផ្គង់ទឹកស្អាតតាមប្រព័ន្ធ​បណ្តាញនៅទីប្រជុំជនបានកើនឡើងពី52% នៅឆ្នាំ​2008 ដល់68,5% នៅឆ្នាំ2012 និង86% នៅឆ្នាំ2017 ដោយគិតជាចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់កើនដល់ 2.300.000គ្រួសារ។

    ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឱ្យដឹងថាសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលមានប្រាក់​ចំណូលតិចនឹងទទួលបានការប្រើប្រាស់ទឹកស្អាតដែលមានតម្លៃថោកក្នុងកម្រិតអប្បបរមា ព្រមទាំងកំណត់តម្លៃទឹកស្អាតលក់ជូនម្ចាស់ផ្ទះ ឬម្ចាស់អគារដែលមានបន្ទប់ជួលឱ្យកម្មករ-កម្មការិនី បុគ្គលិក សិស្ស-និស្សិត (ប្រមាណ 131.020 បន្ទប់) ក៏ទទួលបានការផ្គត់ផ្គង់ទឹកស្អាតពីបំពង់ចែកចាយរបស់រដ្ឋក្នុងតម្លៃថោកសមរម្យដូចគ្នាដែរ។ លើសពីនោះ ប្រជាពលរដ្ឋក្រីក្រមួយចំនួនក្នុងរាជធានីភ្នំពេញក៏ទទួលបានការឧបត្ថម្ភធនក្នុងការតភ្ជាប់បណ្តាញទឹកស្អាតដែលគិតមកដល់បច្ចុប្បន្ននេះមានចំនួនប្រមាណជា​ង 3ម៉ឺនគ្រួសារ។

    ឯកឧត្តមបន្តថា ការជំរុញឱ្យមានការចូលរួមរបស់ផ្នែកឯកជន គឺជាយុទ្ធសាស្រ្តដ៏សំខាន់របស់រដ្ឋាភិបាលក្នុងការប្រមូលធនធានសម្រាប់ការវិនិយោគលើការអភិវឌ្ឍក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត។ ការពង្រីកសមត្ថភាពផលិត និងលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន ក្នុងការវិនិយោគលើវិស័យផ្គត់ផ្គង់ទឹកស្អាត គឺជាយុទ្ធសាស្ត្រមួយដែលក្រសួងឧស្សាហកម្ម និងសិប្បកម្មតែងបានប្រកាន់ខ្ជាប់។ ផ្តើមចេញពីនយោបាយនេះ វិស័យឯកជនបានចូលរួមចំណែកយ៉ាងសកម្មផងដែរនៅតាមបណ្តាទីរួមខេត្ត និងទីប្រជុំជន​នានាដែលមានប្រជាជនរស់នៅចាប់ពី​300 ដល់5.000គ្រួសារ​។

    គួររំឭកថា នៅមុនឆ្នាំ2008 ក្រុមហ៊ុនឯកជន​វិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតមានតែ76ទីប្រជុំជនប៉ុណ្ណោះ តែបច្ចុប្បន្ននេះបានកើនដល់222ទីប្រជុំជន។ កំណើននេះដោយសារមានការចូលរួមពីវិស័យឯកជន និងកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងក្រោមជំនួយឥណទាន, ជំនួយកម្ចីហិរញ្ញប្បទានរបស់អង្គការ និងដៃគូអភិវឌ្ឍន៍នានា តាមរយៈ´អង្គការ JICA, អង្គការ UN-HABITAT, កម្មវិធីទឹកស្អាត និងអនាម័យនៃធនាគារពិភពលោក(WSP), អង្គការសុខភាពពិភពលោក​ (WHO), ធនាគារអភិវឌ្ឍន៍​អាស៊ី​(ADB), ធនាគារពិភពលោក(WB), ទីភ្នាក់ងារ​​​អភិវឌ្ឍន៍បារាំង(AFD) លើការងារពង្រីកប្រព័ន្ធផ្គត់ផ្គង់ និងបណ្ដាញចែកចាយ និង​​ការពង្រីក​សមត្ថភាពផលិតទឹកស្អាត និងការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីតាមបណ្តាអង្គភាពរដ្ឋាករទឹកសាធារណៈ និងឯកជនផងដែរ។

    ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកស្អាតកាន់តែច្រើន ក្រសួងបានកំណត់ថា «ប្រជាជនរស់នៅតាមតំបន់ទីប្រជុំជននឹងទទួលបានទឹកស្អាតប្រើប្រាស់100%នៅឆ្នាំ2025»៕