Author: អេបិល

  • តារាចម្រៀងវៀតណាម និយាយអ្វីខ្លះពីខ្មែរនៅក្នុងបទចម្រៀងនេះ?

    តារាចម្រៀងវៀតណាម និយាយអ្វីខ្លះពីខ្មែរនៅក្នុងបទចម្រៀងនេះ?

    ចម្រៀងមួយបទរបស់តារាចម្រៀងវៀតណាមដែលមានឈ្មោះល្បី នាង LêVân ( ឡេ វឹន ) ដែលមានចំណងជើងថា « HươngTìnhTràVinh » ឬ  មន្ដស្នេហ៍នារីខេត្ត TràVinh (ជ្វែវីញ) កំពុងតែក្លាយជាបទចម្រៀងល្បីរន្ទឺនៅក្នុងប្រទេស វៀតណាម និងឆ្ពោះទៅកាន់ពិភពលោក។

    បទនេះបានច្រៀងរៀបរាប់អំពីបងប្អូនខ្មែរកម្ពុជាក្រោម ដែលបានរក្សាទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ខ្មែរបានយ៉ាងល្អនៅក្នុងទឹកដីខេត្ត TràVinh ប្រទេសវៀតណាម។ យ៉ាងណាមិញ នៅក្នុងខេត្ត TràVinh គឺជាខេត្តដែលល្បីឈ្មោះ និងសម្បូរទៅដោយនារីកម្ពុជាក្រោមស្អាតៗ សាច់សៗជាច្រើន ព្រមទាំងជាទីកន្លែងដែលល្បីល្បាញខាងរាំឡាំថូន ដែលជាទូទៅ ពួកគេពេញនិយមរាំនៅក្នុងវត្ត TràVinh។ រាល់កម្មវិធីបុណ្យទាននៅក្នុងវត្តនេះទៀតសោត គេរមែងតែងសង្កេតឃើញមានការរៀបចំកម្មវិធីសម្ដែងជូនជារបាំប្រពៃណីខ្មែរ របាំឈ្នាង ល្ខោនខោល ការរាំឡាំថូន និងមានការបណ្ដែតប្រទីបជាដើម។

    បទចម្រៀងរបស់តារាស្រីល្បីឈ្មោះ ឡេ វឹន ក៏បានរៀបរាប់ផងដែរថា បើបងៗសុភាពបុរសខ្មែរ និងបរទេសនានា បានមកលេងវត្ត TràVinh ហើយ នឹងបាក់ចិត្តស្រឡាញ់នារីនៅទីនេះមិនខាន និងសូមកុំភ្លេចលើកដៃឡើងរាំឡាំថូននៅទីនេះផង ព្រោះថា នារីនៅទីនេះពូកែរាំឡាំថូនណាស់ ហើយក៏ពូកែដាំស្លដូចគ្នាផងដែរ។ គួរបញ្ជាក់ដែរថា បទចម្រៀងនេះកំពុងតែមានអ្នកទស្សនារាប់លាននាក់នៅលើបណ្ដាញសង្គម Youtube៕

     

  • ការដំឡើងប្រាក់ឈ្នួលអប្បបរមាប៉ះពាល់ដល់សហគ្រាសផ្សេងក្រៅពីរោងចក្រដែរឬទេ?

    ការដំឡើងប្រាក់ឈ្នួលអប្បបរមាប៉ះពាល់ដល់សហគ្រាសផ្សេងក្រៅពីរោងចក្រដែរឬទេ?

    ថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យម្ចាស់រោងចក្រ​ទាំងអស់អនុវត្តតាមគោលការណ៍ដំឡើងប្រាក់ឈ្នួលអប្បបរមា និង​លក្ខខណ្ឌការងារជាច្រើនដល់កម្មករ និងកម្មការិនីរោងចក្រ ដែលធ្វើឱ្យកម្មករ-កម្មការិនីមាន​ភាពរីករាយ ខណៈមានស្ថាប័នមួយចំនួនផ្សេងទៀត​កំពុងមានការបារម្ភខ្លះៗពីផលប៉ះពាល់ពីបញ្ហានេះ។

    លោកមេធាវី សោម ចំណាន អ្នកជំនាញច្បាប់ការងារបានលើកឡើងថា រាជរដ្ឋាភិបាល​បានចេញគោលការណ៍ដំឡើងប្រាក់ឈ្នួលអប្បបរមាចំពោះតែរោងចក្រសហគ្រាសដែលផលិតស្បែកជើង និង​កាត់ដេរតែប៉ុណ្ណោះ។ តែពេលខ្លះម្ចាស់អាជីវកម្មផ្សេងក៏អាច​ប៉ះពាល់ខ្លះដែរព្រោះប្រសិនប្រាក់ឈ្នួលអប្បបរមា​របស់កម្មកររោងចក្រ​ខ្ពស់ជាងប្រាក់ខែនៅសហគ្រាសផ្សេង បុគ្គលិក​អាចនឹង​មិនពេញចិត្ត ឬស្នើសុំឱ្យមានការដំឡើងដូចគ្នាកុំឱ្យចាញ់កម្មកររោងចក្រ។

    លោកមេធាវី សោម ចំណាន បាននិយាយថា៖ «​កន្លងមកមានបុគ្គលិកផ្នែកមន្ត្រីឥណទានមកពី​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតូចៗមួយចំនួនបានរត់ទៅសុំធ្វើការងារនៅរោងចក្រវិញ ព្រោះនៅស្ថាប័នគាត់បានប្រាក់ខែត្រឹមតែ180ដុល្លារ ហើយត្រូវជិះម៉ូតូ​រហូត តែសម្រាប់កម្មករ-កម្មការិនីរោងចក្រឥឡូវអាចបានដល់ជាង 200ដុល្លារ បើគាត់ថែមម៉ោង ព្រោះ​គ្រាន់តែប្រាក់ឈ្នួលអប្បបរមាបូកនឹងថ្លៃផ្សេងៗមិនទាន់ថែមម៉ោងផង ក៏បានប្រមាណ 187ដុល្លារបាត់ទៅហើយ»។

    អ្នកជំនាញច្បាប់ការងារខាងលើបានលើកឡើងថា ពេលខ្លះម្ចាស់ស្ថាប័នមួយចំនួនមានការយល់ច្រឡំពីប្រាក់ខែគោល និងប្រាក់ឈ្នួលអប្បបរមា ហើយមានការបារម្ភពីការដំឡើងប្រាក់ខែគោល។ តាមពិតប្រាក់ខែគោល និងប្រាក់ឈ្នួលអប្បបរមាគឺខុសគ្នា ព្រោះប្រាក់ខែគោលគឺប្រាក់ខែដែលផ្តល់ឱ្យបុគ្គលិកទូទៅតាមជំនាញ និងតំណែងរបស់គាត់ តែគាត់ក៏អាចកំណត់ប្រាក់ខែគោលផ្នែកខ្លះជាប្រាក់ខែអប្បបរមាដែរ។ ចំណែកឯប្រាក់ខែអប្បបរមាវិញ គឺការកំណត់ពីប្រាក់ខែចាប់ផ្តើមទាបបំផុតសម្រាប់ស្ថាប័ន មានន័យថា​តំណែងតូចបំផុតមិនត្រូវក្រោមប្រាក់ឈ្នួលអប្បបរមាដែលក្រសួងបានកំណត់នោះទេ ហើយជាទូទៅក្រសួងមិនមែនជំរុញឱ្យដំឡើងប្រាក់ខែគោលនោះទេ គឺជំរុញឱ្យតម្លើងប្រាក់ឈ្នួលអប្បបរមាតែប៉ុណ្ណោះ៕

  • គូស្នេហ៍ Song Song ទៅក្រេបច័ន្ទទឹកឃ្មុំនៅប្រទេស​​ អេស្ប៉ាញ

    គូស្នេហ៍ Song Song ទៅក្រេបច័ន្ទទឹកឃ្មុំនៅប្រទេស​​ អេស្ប៉ាញ

    យោងតាមសារព័ត៌មាន PBE Media ដែលបានចេញផ្សាយនៅថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2017នេះ បានឱ្យដឹងថា​ គូស្នេហ៍ Song Song គឺ  Song Joong Ki និង Song HyeKyo ដែលទើបតែរៀបអាពាហ៍ពិពាហ៍ហើយថ្មីថ្មោង ខណៈនេះអ្នកទាំងពីរបានធ្វើដំណើរទៅក្រេបច័ន្ទទឹកឃ្មុំ ឬភាសាពេញនិយមហៅថា Honeymoon នៅប្រទេស អេស្ប៉ាញ។

    អ្នកនាង Song HyeKyo បានបង្ហោះរូបភាពអគារមួយសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់អ្នកនាងផ្ទាល់ ដែលបានបង្ហាញអំពីទឹតាំងនៃដំណើរក្រេបច័ន្ទទឹកឃ្មុំនៅប្រទេស អេស្ប៉ាញ។ អគារមួយនោះត្រូវបានគេស្គាល់ថា ជាសណ្ឋាគារលំដាប់ផ្កាយ5 ដែលមានរចនាបទក្បូរក្បាច់ស្ថាបត្យកម្មបែបវប្បធម៌បុរាណរបស់ទ្វីបអឺរ៉ុបមួយនៅក្នុងទីក្រុង Cordova ប្រទេសអេស្ប៉ាញ ។

    គួរបញ្ជាក់ផងដែរថា នៅពេលវិលត្រូវមកពីប្រទេស អេស្ប៉ាញ វិញ តារាល្បីទាំងពីរដួងនេះត្រូវបានគេបង្ហើបឱ្យដឹងដែរថា ពួកគេគ្រោងនឹងរើទៅរស់នៅក្នុងវីឡាប្រណីតមួយនៅក្នុងទីក្រុងសេអ៊ូល ដែលមានតម្លៃ 11.98 លានដុល្លារអាមេរិក៕

  • Messi ឈ្នះ​ស្បែក​ជើង​​មាស​ប្រចាំ​តំបន់​អឺ​រ៉ុប​ជាលើក​ទី4

    Messi ឈ្នះ​ស្បែក​ជើង​​មាស​ប្រចាំ​តំបន់​អឺ​រ៉ុប​ជាលើក​ទី4

    ខ្សែ​ប្រយុទ្ធ Lionel Messi បាន​បញ្ជាក់​​ថា រូបគេកាន់​តែ​មានភាព​មុត​ស្រួចក្នុង​ពេល​ឈាន​ដល់​វ័យ​​កាន់​តែ​ចាស់ ក្រោយ​ពី​ឈ្នះ​​រង្វាន់​ស្បែក​ជើង​មាស​ក្នុងនាម​ជាអ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ប្រចាំ​ទ្វីប​អឺ​រ៉ុប (European Golden Shoe) ជា​លើក​ទី​4 កាលពីថ្ងៃសុក្រ​។

    តា​រា​ឆ្នើម​អន្តរ​ជាតិ​អា​ហ្សង់ទីនវ័យ​30​ឆ្នាំរូបនេះ បាន​ឈ្នះ​​រង្វាន់ក្នុងនាម​ជា​អ្នករក​បាន​គ្រាប់​បាល់​​បាន​ច្រើន​ជាងគេ​ក្នុង​ចំណោម​ក្រប​ខ័ណ្ឌ​លីក​កំពូល​ៗ​របស់​អឺ​រ៉ុប ក្រោយ​ពី​រក​បាន​37​គ្រាប់​បាល់​សម្រាប់ក្រុម Barcelona​។ ក្រោយពី​ត្រូវ​បាន​គេ​ប្រគល់​រង្វាន់​ស្បែក​ជើង​មាស​ឲ្យ​នៅ​ក្នុងកម្មវិធី​មួយក្នុង​ទីក្រុង Barcelona កីឡាករ Messi ដែល​បាន​ឈ្នះ​​ពាន​រង្វាន់​បាល់មាស Ballon d’Or 5​លើកដែរនោះ បាន​ឲ្យ​ដឹង​ថា៖ «ស្រប​ពេលដែលខ្ញុំ​​កាន់​តែ​មាន​វ័យ​ចាស់​នៅក្រៅ​ទីលាន ខ្ញុំ​គិត​ថា ខ្ញុំ​ក៏​មានភាពមុត​ស្រួចនៅក្នុង​ទីលានផងដែរ​»​។ ខ្សែ​​ប្រយុទ្ធ​រូបនេះ​បាន​បន្ថែមទៀត​ថា៖ «ខ្ញុំ​បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​ច្រើន និង​បាន​បន្ថែម​​​រឿង​រ៉ាវ​ជាច្រើន​ចូលក្នុង​កីឡា​របស់ខ្ញុំ ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​កាន់​តែ​ខ្លាំង​ក្នុង​នាម​ជាកីឡាករម្នាក់​»​​។ Messi បាន​ឈ្នះ​​ពានរ​ង្វាន់​នេះ ដោយ​ឈរ​ពីលើ​ខ្សែ​ប្រយុទ្ធ Bas Dost ដែល​រក​បាន​34​​គ្រាប់​​ឲ្យក្លិប Sporting Lisbon កាល​ពី​រដូវកាលមុន និង Pierre-Emerick Aubameyang ដែលរក​បាន​31គ្រាប់​សម្រាប់ក្លិប Borussia Dortmund​។

    ក្រោយពីបាន​ឈ្នះ​ពាន​រង្វាន់​នេះកាលពីឆ្នាំ​2010, 2012 និង​2013 Messi ស្មើនឹង Cristiano Ronaldo តាម​រយៈការ​ឈ្នះ​ស្បែក​ជើង​មាស​ជាលើក​ទី​4​។ តា​រាឆ្នើម​របស់ក្លិប Real Madrid គឺ​ Cristiano Ronaldo បាន​ឈ្នះ​ស្បែក​ជើង​មាស​ក្នុង​ឆ្នាំ​2008, 2011, 2014 និងឆ្នាំ​2015​៕

    ប្រភព​ពី៖ BBC

     

  • តើជនបរទេសនៅស្រុកខ្មែរត្រូវបង់ពន្ធលើប្រាក់ខែដែរឬទេ?

    តើជនបរទេសនៅស្រុកខ្មែរត្រូវបង់ពន្ធលើប្រាក់ខែដែរឬទេ?

    ការបង់ពន្ធជាកាតព្វកិច្ចយ៉ាងសំខាន់មួយដែលប្រជាជនគ្រប់រូបត្រូវយកចិត្តទុកដាក់​ ព្រោះក្នុងនាមជាប្រជាពលរដ្ឋដែលមានការទទួលខុសត្រូវ ត្រូវតែបំពេញឱ្យបាននូវកាតព្វកិច្ចដ៏សំខាន់មួយនេះ។

    ពាក់ព័ន្ធនឹងបញ្ហានេះ មានសំណួរបានចោទឡើងថា ប្រជាជនខ្មែរត្រូវបានច្បាប់ចែងយ៉ាងច្បាស់អំពីកាតព្វកិច្ចដែលត្រូវបង់ពន្ធតាម​លទ្ធភាពរកប្រាក់ចំណូល ឬប្រាក់ខែរបស់ខ្លួន ចុះជនបរទេសធ្វើការនៅស្រុកខ្មែរវិញ តើត្រូវបង់ពន្ធដែរឬទេ បើគាត់មិនមែនជាប្រជាជនខ្មែរផងនោះ?។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ជីវ គីមស្រូយ នាយិកា​សេវាកម្ម​ពន្ធ និង​ប្រឹក្សាយោបល់នៃក្រុមហ៊ុន Deloitte (Cambodia) Co., Ltd បានលើកឡើងថា សម្រាប់បញ្ហាជនបរទេសធ្វើការនៅកម្ពុជាគឺ តាមច្បាប់កម្ពុជាគេបែងចែកចេញជា 2ប្រភេទ។ ប្រភេទទី1 គឺជនដែល​ស្នាក់នៅកម្ពុជាលើសពី 182ថ្ងៃ ដែលយើងហៅថាជានិវេសនជន (resident) និងមួយប្រភេទទៀតដែលស្នាក់នៅតិចជាង 182ថ្ងៃ ហើយត្រឡប់ទៅប្រទេសរបស់គាត់វិញដែលយើងហៅថាជាអនិវេសនជន (non-residence)។

    លោកស្រី ជីវ គីមស្រូយ បាននិយាយថា៖ «ចំពោះជនដែលជានិវេសនជន មានន័យថាគាត់បានរស់នៅ និងធ្វើការនៅកម្ពុជាច្រើនជាង​ 182ថ្ងៃ គាត់ត្រូវមានកាតព្វកិច្ចបង់ពន្ធទៅតាមច្បាប់របស់កម្ពុជា»។

    លោកស្រី គីមស្រូយ បានបន្ថែមទៀតថា ចំពោះអ្នកដែល​ស្នាក់នៅ ឬរស់នៅប្រទេសកម្ពុជាតិចជាង 182ថ្ងៃ ដែលអ្នកខ្លះអាចមកធ្វើការនៅស្រុកខ្មែរតែ​ប្រមាណ 2ខែ បន្ទាប់មកគាត់ត្រឡប់ទៅផ្ទះវិញ គាត់មិនបាច់បង់ពន្ធលើប្រាក់ខែនោះទេ តែគាត់​ត្រូវបង់ប្រាក់ប្រមាណ 20% នៃ​ប្រាក់ចំណូលរបស់គាត់ក្នុងចន្លោះពេលនោះ៕

  • ច្បាស់ការហើយ! រឿងថ្ងៃចូលរោងការរបស់កញ្ញា សុគន្ធ នីសា

    ច្បាស់ការហើយ! រឿងថ្ងៃចូលរោងការរបស់កញ្ញា សុគន្ធ នីសា

    កំពូលតារាចម្រៀងសំឡេងផ្អែម និងមានទឹកដមប្រកបដោយមនោសញ្ចេតនាកញ្ញា សុគន្ធ នីសា ត្រូវបានគេបង្ហើបឱ្យដឹងថា នឹងចូលរោងការនៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2017នេះ នៅក្នុងបរិវេណសណ្ឋាគារលំដាប់ផ្កាប្រាំ សូហ្វីតែល ភូគីត្រា ជាមួយនឹងអនាគតស្វាមីលោក សាំបា ដែលជាអាណិកជន​ខ្មែរ​រស់​នៅ​អាមេរិក​ ដែលនៅក្នុងនោះ​ក៏នឹងមានវត្តមានភ្ញៀវកិត្តិយសដែលជាមន្ត្រីរាជការ អ្នកមានមុខមាត់ក្នុងសង្គម អ្នកជំនួញធំៗ​ ជាពិសេសគឺ អ្នកសិល្បៈ ដែលសរុបទាំងអស់មិនក្រោម 1000 នាក់ឡើយ។

    នៅក្នុងនោះត្រូវបានគេដឹងថា តារាស្រីរូបនេះត្រៀមចំណាយថវិកាជាច្រើនម៉ឺនដុល្លារក្នុងការតុបតែងលម្អនៅក្នុងបរិវេណកន្លែងទទួលភ្ញៀវរបស់នាង ដែលរាប់ចាប់តាំងពីផ្លូវចូលរោង ផ្លូវដើរអមសងខាងដោយរបងផ្កាស្រស់ ក្លោងទ្វារ​ ក៏ដូចជាការតុងតែងនៅលើឆាកក្នុងការត្រៀមស្វាគមន៍កូនកំលោះ-កូនក្រមុំផងដែរ។ ជាមួយគ្នានេះ គេក៏បានដឹងដែរថា កញ្ញា សុគន្ធ នីសា បានត្រៀមចំណាយលុយជាច្រើនម៉ឺនដុល្លារទៀតសម្រាប់ទិញលំនៅដ្ឋានដ៏ស្រស់ស្អាតមួយទៀត ដែលមានទីតាំងនៅក្នុងបុរីដ៏ធំមួយក្នុងរាជធានីភ្នំពេញ។

    គួររំឭកផងដែរថា ជិតដល់ថ្ងៃរៀបការ កញ្ញា សុគន្ធ នីសា បានជំពប់នឹងព័ត៌មានអាស្រូវជាច្រើន ដែលក្នុងនោះសុទ្ធតែបានលើកឡើងពីភាពរង្គោះរង្គើរវាងស្នេហារបស់នាង និងអតីតសង្សារចាស់ជាកវីនិពន្ធដ៏ល្បីឈ្មោះដែលបានបាក់បែកគ្នាហើយ គឺលោក សុខ ជំនោរ។ ស្របគ្នានោះដែរ គេក៏បានដឹងថា លោក សុខ ជំនោរ ជាអតីតគូស្នេហ៍ដ៏ស្អិតល្មួតរបស់នាងដែលធ្លាប់បានរួមរស់ជាមួយគ្នានៅក្រោមដំបូលផ្ទះតែមួយរាប់ឆ្នាំនោះ ក៏នឹងរៀបមង្គលការផងដែរ ដោយលោក សុខ ជំនោរ នឹងចូលរោងការមុននាង 4 ថ្ងៃ៕

  • ភ្ញាក់ផ្អើល!! រកឃើញប្រសាទបុរាណអាយុ 3000 ឆ្នាំកប់ក្រោមបាតបឹងតួកគី

    ភ្ញាក់ផ្អើល!! រកឃើញប្រសាទបុរាណអាយុ 3000 ឆ្នាំកប់ក្រោមបាតបឹងតួកគី

    បើតាមរយៈសារព័ត៌មាន The Independence ដែលបានចេញផ្សាយនៅថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2017នេះបានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាមកពីសាកលវិទ្យាល័យ Van Yushchenko បានសហការជាមួយក្រុមអ្នកជំនាញមុជទឹកបាតសមុទ្រ បានស្វែងរកឃើញប្រាសាទបុរាណចំណាស់អាយុ​ 3000 ឆ្នាំកប់នៅក្រោមបាតបឹង វេន( Lake Van) ប្រទេស តួកគី និងបានអះអាងថា បើតាមរចនាបទ និងក្បាច់ក្បូរចម្លាក់ ធ្វើឱ្យគេដឹងថា ប្រាសាទនេះត្រូវបានសាងសង់ឡើងនៅក្នុងយុគសម័យ Iron Age ស្ថិតក្នុងអំឡុងឆ្នាំ 600-900 មុនគ.ស។

    Said Kinsey ជាអ្នកដឹកនាំក្រុមស្រាវជ្រាវបុរាណវិទ្យា បានថ្លែងថា «ក្រុមអ្នកមុជទឹកធ្លាប់បានសង្ស័យអំពីបឹងនេះ ទើបប្រាប់អ្នកស្រាវជ្រាវបុរាណវិទ្យា តែក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាមិនជឿថា នឹងមានអ្វីចម្លែកនៅក្រោមបាតបឹងនេះទេ តែក្រោយមកក្រុមការងារក៏ចេះតែព្យាយាមមុជរកតទៅទៀត រហូតដល់បានប្រទះឃើញគ្រោងប្រសាទបុរាណ ដែលមានកំពែងវែងរហូតដល់ 1 គីឡូម៉ែត្រ»។

    បើទោះបីជាគ្រោងកំពែងនេះត្រូវបានសាងសង់នៅក្រោមបាតបឹង និងកប់ចោលរាប់ពាន់ឆ្នាំហើយក្ដី​ តែសភាពរបស់វានៅតែរក្សាបានរូបរាងល្អដដែល ដែលគេអាចមើលឃើញយ៉ាងច្បាស់ពីរយៈកម្ពស់ 3 ទៅ 4 ម៉ែត្រពីលើទៅ។ Kinsey បានបន្ដទៀតថា «មានប្រជាជនជាច្រើនបានមកតាំងលំនៅឋាននៅក្បែរបឹងនេះ ទើបដាក់ឈ្មោះថា Lake Van ហើយឈ្មោះបឹងនេះទៀតសោតក៏នៅមានអត្ថន័យយ៉ាងអាថ៌កំបាំងជាច្រើនទៀត ដែលយើងត្រូវបន្តស្រាវជ្រាវអំពីអាថ៌កំបាំងរបស់បឹងមួយនេះ ដែលមកពេលនេះ បឹងនេះមានអាយុជាង 6 សែនឆ្នាំទៅហើយ»៕

     

     

  • បន្ទាប់ពីភ្លាត់ស្នៀតរអិលដួលផ្កាប់មុខ នារីម៉ូដែលចិនបង្ហាញរូបភាពហើមកជើង

    បន្ទាប់ពីភ្លាត់ស្នៀតរអិលដួលផ្កាប់មុខ នារីម៉ូដែលចិនបង្ហាញរូបភាពហើមកជើង

    យោងតាមសារព័ត៌មាន Kenh 14 ដែល​បានចេញផ្សាយនៅព្រឹកថ្ងៃទី​24 ខែវិច្ឆិកា ឆ្នាំ2017នេះ បានឱ្យដឹងថា បន្ទាប់ពីមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះតារាម៉ូដែលចិននាង មីង ​ស៊ី​ ឬ Pastor Dao ដែលបានរអិលជើងដួលផ្កាប់មុខនៅលើឆាកដល់ទៅ 2 ដងដោយសារតែភ្លាត់ស្នៀតជាមួយស្បែកជើងកែងចោតកាលពីថ្ងៃទី20 កន្លងទៅថ្មីៗនោះ ខណៈនេះ តារាម៉ូដែលស្រីរូបនោះបានបង្ហោះរូបភាពបញ្ជាក់ពីអាការហើមកជើង និងអង្គុយបានតែនៅលើរទេះរុញ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

    តារាស្រីវ័យ 28 ឆ្នាំរូបនេះ បានថ្លែងអំណរគុណចំពោះអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមទាំងអស់ ដែលមានក្ដីបារម្ភចំពោះរូបនាង និងថែមទាំងបានផ្ញើសារលើកទឹកចិត្តនាងទៀតផងដែរ។ នាងក៏បានបញ្ជាក់ថែមផងដែរថា  «ខណៈនេះ គ្រូពេទ្យបានសាកល្បងបង្វិលកជើងរបស់នាងខ្ញុំមើល ឃើញថា វាបានធូរស្បើយគ្រាន់ និងបាត់ហើមបន្ដិចហើយ  ពិតជាអស្ចារ្យមែន!…»៕

  • អាល់ប៊ុមរបស់តារាចម្រៀង Beyoncé លក់ដាច់ច្រើនជាងក្នុងឆ្នាំ2017

    អាល់ប៊ុមរបស់តារាចម្រៀង Beyoncé លក់ដាច់ច្រើនជាងក្នុងឆ្នាំ2017

    បើតាមការចេញផ្សាយរបស់សារព័ត៌មាន Tvpool នៅថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2017 បានឱ្យដឹងថា កំពូលតារាចម្រៀងស្រីសម្បុរស្រអែមស្រស់ Beyoncé បានគ្រងតំណែងជាតារាចម្រៀងស្រីលំដាប់ទី 1 ដែលលក់អាល់ប៊ុមចម្រៀងរបស់ខ្លួនបាន 105 លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ 2017 នេះ។ ចំណែកទស្សនាវដ្តី Forbes ដែលចេញផ្សាយក្នុងខែនេះក៏បានអះអាងដែរថា អាល់ប៊ុមចម្រៀងដែលមានឈ្មោះថា Lemonade របស់តារាចម្រៀងស្រីរូបនេះត្រូវបានលក់ដាច់ច្រើនជាងគេបង្អស់។

    ខាងក្រោមនេះគឺជាកំណត់ត្រាទឹកប្រាក់ដែលបានមកពីការលក់អាល់ប៊ុមចម្រៀងរបស់កំពូលតារាចម្រៀង 10 រូបក្នុងឆ្នាំ 2017 ដែលបានដកស្រង់ចេញពីទស្សនាវដ្តី Forbes៖

    1.Beyoncé 105 លានដុល្លារសហរដ្ឋអាមេរិក

    2.Adele 69 លានដុល្លារសហរដ្ឋអាមេរិក

    3.Taylor Swift 44 លានដុល្លារសហរដ្ឋអាមេរិក

    4.Celine Dion 42 លានដុល្លារសហរដ្ឋអាមេរិក

    5.Jennifer Lopez  38 លានដុល្លារសហរដ្ឋអាមេរិក

    6.Dolly Parton 37 លានដុល្លារសហរដ្ឋអាមេរិក

    7.Rihanna 36 លានដុល្លារសហរដ្ឋអាមេរិក

    8.Britney Spears 34 លានដុល្លារសហរដ្ឋអាមេរិក

    9.Katy Perry 33 លានដុល្លារសហរដ្ឋអាមេរិក

    10.Barbra Streisand 30 លានដុល្លារសហរដ្ឋអាមេរិក

  • អតីតសមាជិកក្រុមចម្រៀង T-ARA នាង Jiyeonបញ្ចេញក្បាច់រាំរបស់ CL យ៉ាងសិចស៊ី

    អតីតសមាជិកក្រុមចម្រៀង T-ARA នាង Jiyeonបញ្ចេញក្បាច់រាំរបស់ CL យ៉ាងសិចស៊ី

    តាមរយៈសារព័ត៌មាន koreabooបានចេញផ្សាយនៅថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ2017 នេះបានឱ្យដឹងថា តារាចម្រៀងសិចស៊ីរាងតូចច្រលឹងនាង Jiyeonដែលជាអតីតសមាជិកក្រុមចម្រៀង T-ARA បានលើកយកបទចម្រៀងរបស់តារាស្រី  CL ដែលមានចំណងជើងថា “The Baddest Female” មកសម្ដែងនៅលើឆាកប្រគំតន្ត្រី ដែលបណ្ដាលឱ្យមហាជនមួយចំនួនរិះគន់នាងថា ពិតជារឿងដ៏ឆ្កួតមែន។

    ថ្មីៗនេះតារាស្រី Jiyeonនិង Hyomin​ ដែលជាអតីតសមាជិកក្រុមចម្រៀង T-ARA បានធ្វើដំណើរទៅកាន់ប្រទេស វៀតណាម ដើម្បីរៀបចំការប្រគំតន្ត្រីនៅទីនោះ។ ដោយឡែក អ្នកទាំងពីរក៏បានលើកយកបទចម្រៀងរបស់តារាស្រី CL ​មកសម្ដែងក្បាច់រាំយ៉ាងសិចស៊ីតែម្ដងទៅ។ គួររំឭកផងដែរថា ក្រុមចម្រៀង T-ARA បានបំបែកក្រុមនៅថ្ងៃទី 16 ខែមីនា ឆ្នាំ2017នេះ ដោយសារតែសមាជិកក្រុមមិនបានបន្ដកិច្ចកុងត្រាជាមួយនឹងផលិតកម្មចម្រៀង MBK Entertainment ៕