Author: អេបិល

  • តើមហាសេដ្ឋីថ្មោងថ្មីដោយសារ Bitcoin គឺនរណា?

    តើមហាសេដ្ឋីថ្មោងថ្មីដោយសារ Bitcoin គឺនរណា?

    ក្នុងអំឡុងពេលដែលមនុស្សទូទាំងពិភពលោកកំពុងតែប្រកែកគ្នាថា តើ Bitcoin មានឱកាសអាចក្លាយជាពពុះសាប៊ូឌីជីថល(ជំនួញដែលរីកធំលឿន តែងាយបែក)ដែរឬទេ? រហូតទៅដល់មានសេដ្ឋីៗមួយចំនួនកំពុងតែគិតហើយគិតទៀតថា តើគួរវិនិយោគលើ Bitcoin  ឬក៏អត់នោះ?  មានមនុស្សជាច្រើនណាស់ដែលមិនទាន់ដឹងថា មានមនុស្សពីរនាក់បានក្លាយជាមហាសេដ្ឋីដោយសារ Bitcoin ដែលពួកគេកំពុងកាន់ក្នុងដៃ។

    សារព័ត៌មានក្នុងប្រទេសអង់គ្លេស នាំមុខគេដោយ​ តេឡេហ្ក្រាហ្វ បានបង្ហើបឱ្យដឹងថា ខាមេរ៉ន់ និងថៃលើរ៍ វិងឃើលវ៉ូស​(Vinklevoss)បានក្លាយជាមហាសេដ្ឋីលំដាប់ពាន់លានដុល្លារដោយសារការចូលទិញ Bitcoin កាលពីឆ្នាំ 2013 ដែលក្រោយមកតម្លៃ Bitcoin ស្ទុះឡើងខ្ពស់ដល់ 10,000 ដុល្លារក្នុង 1 Bitcoin ធ្វើឱ្យទាំងពីរនាក់បងប្អូនភ្លោះក្លាយជាមហាសេដ្ឋីក្នុងចំណោមមហាសេដ្ឋីលំដាប់ពាន់លានដុល្លារដែលមានបានដោយសារ Bitcoinដោយបរិយាយ។

    របាយការណ៍របស់តេឡេហ្ក្រាហ្វនៅបានប្រាប់បន្ថែមទៀតថា ថៃលើរ៍ – ខាមេរ៉ន់ វិងឃើលវ៉ូស ចាប់ផ្ដើមកាន់កាប់ Bitcoin តាំងពីឆ្នាំ 2013 ដោយក្នុងពេលនោះតម្លៃរបស់ត្រកូលប្រាក់ឌីជីថលកំពូលពេញនិយមមួយនេះនៅមានតម្លៃត្រឹមតែ 120 ដុល្លារប៉ុណ្ណោះក្នុង​1 Bitcoin  ជាមួយគ្នានោះតេលេហ្ក្រាហ្វជឿថា បងប្អូនភ្លោះ វិងឃើលវ៉ូស ប្រហែលជាមាន Bitcoin នៅក្នុងដៃមិនតិចជាង 1 សែន Bitcoin ឬប្រមាណ 1,16 ពាន់លានដុល្លារអាមេរិកឡើយ។

    ទាំងអស់នេះ បើត្រឡប់ទៅក្រោយវិញកាលពីឆ្នាំ 2015 ពីរនាក់បងប្អូនវិងឃើលវ៉ូសធ្លាប់បានផ្ដល់បទសម្ភាសជាមួយ CNN Money ដោយបានប្រាប់ថា នៅពេលអនាគត តម្លៃរបស់ Bitcoin នឹងហក់ឡើងខ្ពស់ និងមានឱកាសច្រើនដែលវានឹងកើនតម្លៃឡើងក្លាយជាទ្រព្យសម្បត្តិលំដាប់លានលានដុល្លារមិនខាន និងដោយសារជំនឿនេះ ធ្វើឱ្យថៃលើរ៍ និងខាមេរ៉ន់បដិសេធក្នុងការបញ្ចេញ Bitcoin ទោះជាក្នុងអំឡុង 3 – 4 ឆ្នាំមុន តម្លៃរបស់ Bitcoin ធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ។

    តើ ថៃលើរ៍ និងខាមេរ៉ន់ វិងឃើលវ៉ូស ជានរណា?

    មកដល់ត្រង់នេះ មិត្តអ្នកអានអាចនឹងនឹកឆ្ងល់ថា តើបងប្អូនភ្លោះវិងឃើលវ៉ូសនេះជានរណា និងមានភាពសំខាន់យ៉ាងណាខ្លះមិនខាន។ ការពិតទៅបងប្អូនភ្លោះវិងឃើលវ៉ូសអាចរាប់បានថា ជាមនុស្សល្បីឈ្មោះម្នាក់ដែរ នៅពេលដែលទាំងពីរនាក់មានឈ្មោះថា ជាម្ចាស់ផ្នត់គំនិតក្នុងបង្កើតហ្វេសប៊ុកបណ្ដាញទំនាក់ទំនងសង្គមដ៏ធំបំផុតក្នុងពេលបច្ចុប្បន្ន មុនពេលដែលផ្នត់គំនិតនេះបានរបូតធ្លាក់ទៅដល់ដៃ ម៉ាក ហ្សាក់ឃើប៊ើក។

    ពីរនាក់បងប្អូន វិងឃើលវ៉ូស បានចោទថា ម៉ាក ហ្សាក់ឃើប៊ើក ចម្លងផ្នត់គំនិតក្នុងការសាងហ្វេសប៊ុកពីខ្លួនខណៈពេលនៅជានិស្សិតនៅមហាវិទ្យាល័យ ហាវ៉ាដ ដោយនៅពេលនោះពួកគេបានហៅអ្វីដែលស្រដៀងនឹងហ្វេសប៊ុកនោះថា ConnectU (ចំណុចនេះ មិត្តអ្នកអានអាចមើលបាននៅក្នុងខ្សែភាពយន្ត The Social Network)មុននឹងតុលាការកាត់ក្ដីឱ្យបងប្អូនភ្លោះវិងឃើលវ៉ូសឈ្នះរឿងក្ដីនេះ ព្រមជាមួយបង្គាប់ឱ្យ ម៉ាក ហ្សាក់ឃើប៊ើក ត្រូវបង់ជំងឺចិត្តជាប្រាក់ចំនួន 65 លានដុល្លារអាមេរិក ហើយរឿងរ៉ាវក៏បានបញ្ចប់។

     វិងឃើលវ៉ូសទាំងពីរកំពុងប្រកួតកីឡាអុំទូកក្នុងកីឡាអូឡាំពិកនៅទីក្រុងប៉េកាំង

    ចំណែកអតីតភាពរបស់បងប្អូនភ្លោះវិងឃើលវ៉ូសវិញ ពួកគេរៀនចប់ពីមហាវិទ្យាល័យ ហាវ៉ាដ មានអាជីពជាអ្នកវិយោគទុន អ្នកជំនួញ  ជាសហគ្រិន Start up និងធ្លាប់បានចូលរួមប្រកួតកីឡាអុំទូកក្នុងនាមជាកីឡាកររបស់សហរដ្ឋអាមេរិកក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ 2008 ក្នុងទីក្រុងប៉េកាំងទៀតផង។

    បច្ចុប្បន្ននេះ ទាំងពីរនាក់កំពុងធ្វើធុរកិច្ច Start up ពាក់ព័ន្ធនឹងការថ្រេដ Bitcoin​ និងត្រកូលប្រាក់ឌីជីថលដទៃទៀតក្នុងឈ្មោះ Gemini ដោយមានគោលដៅគាំទ្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដល់ការកើតមានការវិនិយោគទុនក្នុងត្រកូលប្រាក់ឌីជីថលយ៉ាងច្បាស់​លាស់​៕

     

    រៀបរៀងដោយ តាវ៉ែនតា

     

  • អ្នកគាំទ្រអន្ទះសាទស្សនាការប្រគំតន្ត្រីរបស់ CL នៅយប់នេះ

    អ្នកគាំទ្រអន្ទះសាទស្សនាការប្រគំតន្ត្រីរបស់ CL នៅយប់នេះ

    នៅល្ងាចថ្ងៃទី9 ខែធ្នូនេះ ក្រុមហ៊ុន Smart បានសហការជាមួយ HD&S Media Group ក្នុងការរៀបចំការប្រគំតន្រ្តីរបស់កំពូលតារាចម្រៀង CL នៅក្នុងបរិវេណកោះពេជ្រ ដែលមានការចូលរួមពីសំណាក់ក្រុមតារាចម្រៀងពន្លកថ្មី Original Song  ជាច្រើនដួង រួមមានកញ្ញា Nikki Nikki , Small World  Small Band , លោក P-Sand , កញ្ញា ADda , លោក ថេណា , Bros La , ក្រុម SWSB  និងក្រុម Mustaches Band ជាដើម ដែលធ្វើឱ្យអ្នកគាំទ្រអន្ទះសាចាំទស្សនារហូតដល់ទប់ចិត្តសឹងមិនបាន។

    គួរបញ្ជាក់ផងដែរថា តាមរយៈហ្វេសប៊ុករបស់ក្រុមហ៊ុនស្មាតបានឱ្យុដឹងថា កំពូលតារាចម្រៀងប្រចាំប្រទេសកូរ៉េខាងត្បូង និងជាតារាចម្រៀងជាប់លំដាប់របស់អាមេរិក កញ្ញា CL បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីវេលាម៉ោង 11 យប់ម្សិលមិញនេះ ហើយគេសង្កេតឃើញមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រជាច្រើន ដែលឈររង់ចាំនៅឯព្រលានយន្តហោះ ។ បើថ្វីត្បិតតែ តារាស្រីរូបនេះមិនមានពេលវេលារាក់ទាក់ជាមួយអ្នកគាំទ្រច្រើនក្ដី ក៏ប៉ុន្ដែ គេសង្កេតឃើញនាងមានទឹកមុខស្រស់ស្រាយ សប្បាយចិត្ត​ និងញញឹមញញែមមកកាន់អ្នកគាំទ្រ ដែលធ្វើឱ្យអ្នកគាំទ្រនាងមានអារម្មណ៍រំភើបជាមួយនឹងវត្តមានរបស់នាងជាខ្លាំង៕

     

    ប្រភពរូបភាព៖ Smart Axiata

  • តារាស្រី Vicki Zhao តបទៅកាន់ពាក្យរិះគន់នៅលើបណ្ដាញសង្គម

    តារាស្រី Vicki Zhao តបទៅកាន់ពាក្យរិះគន់នៅលើបណ្ដាញសង្គម

    តាមរយៈសារព័ត៌មានចិន Toggle បានចេញផ្សាយនៅពេលថ្មីៗនេះបានឱ្យដឹងថា មួយរយៈនេះតារាសម្តែងស្រីចិននាង Vicki Zhao ឬ នាង ត្រចៀកកាំ បានចេញមុខរិះគន់ចំៗចំពោះអ្នកលេងបណ្ដាញសង្គមអនឡាញ ដែលបានចោទប្រកាន់នាងថា រូបនាងបានបោះបង់ក្រុមហ៊ុននៅក្នុងទីក្រុងប៉េកាំង បន្ទាប់ពីការិយាល័យទាំង 4 របស់ក្រុមហ៊ុននាងត្រូវបានគេមើលឃើញថា បិទទ្វារ និងទុកចោលឱ្យនៅទំនេរ។

    នៅក្នុងនោះដែរ នាង Vicki និងស្វាមីអ្នកជំនួញជនជាតិចិនលោក Huang You Long ត្រូវបានអ្នកលេងបណ្ដាញសង្គមបញ្ចេញព័ត៌មានមកថា អ្នកទាំងពីរបានជាប់ពិន័យហាមឃាត់រយៈ 5 ឆ្នាំនៅក្នុងទីផ្សារមូលបត្រ ហើយម្នាក់ៗត្រូវបានពិន័យជាប្រាក់ចំនួន 300,000 យ៉ន់ ហើយកាលពីខែមុននេះ នៅក្នុងទីផ្សារភាគហ៊ុនរបស់ស៊ាងហៃត្រូវបានគេរកឃើញថា អ្នកទាំងពីរមានចេតនាក្លែងបន្លំឯកសារក្នុងនាមជាវិនិយោគិនភាគហ៊ុន។

    គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានទទួលដំណឹងដ៏ក្ដៅស្លឹកត្រចៀកនេះហើយ តារាស្រីរូបនេះបានចេញមុខមកបកស្រាយ និងរិះគន់អ្នកលេងបណ្ដាញសង្គមអនឡាញខ្លាំងៗថា “តើនាងខ្ញុំងាយស្រួលក្នុងការផ្លាស់ប្ដូរក្រុមហ៊ុនខ្លាំងណាស់មែនទេ ដើម្បីកែលម្អបរិស្ថានការងារនោះ? យ៉ាងហោចណាស់ក៏វាត្រូវការចំណាយពេលរៀបចំដល់ទៅ 1 ឆ្នាំដែរ ហើយណាមួយបុគ្គលិកទាំងអស់ក៏គេមានភាពនឿយហត់ដែរ ដែលត្រូវចំណាយថាមពលធ្វើការខ្លាំងនៅពេលយប់ រួចត្រូវសម្រាកសងវិញ នៅពេលថ្ងៃ។ ហើយបើបុគ្គលិកនាងខ្ញុំដ៏ទៃទៀត ត្រូវបំផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែងទៀតនោះ ច្បាស់ជាមិនត្រូវគ្រោះថ្នាក់អស់ហើយទេឬ ប្រសិនបើចេះតែប្ដូរទីតាំងក្រុមហ៊ុនបែបនេះនោះ? “។

    សូមជម្រាបបន្ថែមផងដែរថា តារាស្រីរូបនេះ និងស្វាមី ទើបតែត្រូវបានប្រកាសថា ជាអ្នកវិនិយោគដែលទទួលបានជោគជ័យ ព្រមទាំងមានទ្រព្យសម្បត្តិសរុបជាង 1 ពាន់លានដុល្លារទៀតផង៕

  • កញ្ញា វ៉ាន់ វល័ក្ខ កំពុងជួបទុក្ខធំ

    កញ្ញា វ៉ាន់ វល័ក្ខ កំពុងជួបទុក្ខធំ

    នៅថ្ងៃទី9 ខែ​ធ្នូ ឆ្នាំ2017នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាសម្តែងស្រីដែលកំពុងមានមានប្រជាប្រិយភាព និងទីផ្សារសម្តែងច្រើនគួរសមដែរ គឺកញ្ញា វ៉ាន់ វល័ក្ខ កំពុងជួបទុក្ខជាទម្ងន់ ដោយសារតែលោកយាយជាទីស្រឡាញ់របស់នាងបានទទួលមរណភាពកាលពីយប់ថ្ងៃទី8 រំលងចូលថ្ងៃទី9 ធ្នូនេះ  ដោយបានបន្សល់ទុកតែភាពអាឡោះអាល័យ និងទុក្ខសោកយ៉ាងក្រៀមក្រំដល់កូនចៅ។

    តារាសម្តែងរូបនេះបានបង្ហោះសារក្រៀមក្រំលាយឡំ និងសោកស្តាយ ជាមួយរូបភាពជាច្រើនសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុកថា «តើឲ្យចៅនិយាយថាម៉េចទៅ? លោកយាយ!» ។ ទន្ទឹមនឹងនោះដែរ គេសង្កេតឃើញមានតារាសម្តែងជាច្រើនរូប និងអ្នកគាំទ្ររបស់តារាស្រីរូបនេះ បានចូលរួមរំលែកទុក្ខ និងគោរពដួងវិញ្ញាណក្ខន្ធលោកយាយទៅកាន់សុគតិភព៕

  • លោក Mourinho ៖ កីឡាករក្រុម Man City នឹង​​​ត្រូវផ្តួលនៅថ្ងៃអាទិត្យនេះ

    លោក Mourinho ៖ កីឡាករក្រុម Man City នឹង​​​ត្រូវផ្តួលនៅថ្ងៃអាទិត្យនេះ

    លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់ក្រុម​បិសាចក្រហម Manchester United បាន​ធ្វើការ​​វាយ​ប្រហារជាពាក្យសម្ដី​នៅមុនពេល​ការ​ប្រកួត​​រវាងក្រុម​ស្ថិតក្នុង​តំបន់​តែមួយលើ​កីឡាករ​របស់​ក្រុម Manchester City តាម​រយៈ​ការ​អះអាង​ថា យើង​ត្រូវ​ការត្រឹម​តែ​ខ្យល់បក់ «បន្តិច​បន្តួច​ប៉ុណ្ណោះ» សម្រាប់​វាយ​ផ្តួលពួកគេ​​ឲ្យ​ដួលដល់​ដី​។

    ក្រុម Man City របស់លោក Pep Guardiola នឹង​ធ្វើ​ដំណើរ​ទៅកាន់កីឡដ្ឋាន Old Trafford នៅ​ថ្ងៃអាទិត្យនេះ ដោយ​សម្លឹង​រកការ​បន្ថែមការនាំមុខ​​ចំនួន​8​ពិន្ទុ​របស់ពួក​គេ​លើ​ក្រុម​ឈរ​លេខ​2 Man United នៅលើ​កំពូល​តារាងនៃក្រប​ខ័ណ្ឌ Premier League​។ ការ​ប្រកួតនេះ​ត្រូវ​បានគេ​ចាត់​ទុក​ថា ជា​ឱកាសមួយសម្រាប់ក្រុម Man United ក្នុង​ការ​​ធ្វើ​ដំណើរ​វិល​ទៅកាន់​ការ​ប្រជែង​ដណ្តើមពាន​វិញ ហើយ​លោក Mourinho បានបង្កាត់​ភ្លើង​កម្តៅ​ភ្លាម​ៗ នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មុនការ​ប្រកួត​របស់លោក​តាម​រយៈ​ការនិយាយ​ថា កីឡាករ​របស់ក្រុម Man City នឹងចាញ់​យ៉ាង​ងាយ​ស្រួលបំផុត​​។

    នៅ​ឯ​ទីលាន​ហ្វឹកហាត់​របស់ក្រុម Man United ក្នុង​តំបន់ Carrington ភាគ​ខាងលិច​នៃ​ទីក្រុង Manchester លោក Mourinho បានប្រាប់​អ្នកយក​ព័ត៌​មាន​កាល​ពីថ្ងៃ​សុក្រ​ថា៖ «ពួកគេ​ជាក្រុម​ដ៏ខ្លាំងមួយ​។ ពួកគេ​ការ​ពារ​យ៉ាងល្អ ពួក​គេ​​បញ្ចេញ​ប្រតិ​កម្ម​បាន​យ៉ាង​ល្អ​នៅពេល​ដែលពួក​គេ​បាត់​បង់​បាល់​​។ ពួកគេ​​លេង​បានស៊ី​ចង្វាក់គ្នាល្អ​ទៅ​លើការ​វាយសម្រុក ពួក​គេ​​អាច​​បង្កើត​ឱកាស​បាន​យ៉ាង​ងាយ​។ ពួកគេ​ជាកីឡាករ​ដ៏អស្ចារ្យ ពួក​គេមាន​គ្រូប​ង្វឹក​ដ៏ឆ្នើម ហើយ​ពួកគេមាន​ចំណុច​ល្អ​ជាច្រើន​»​។

    គ្រូ​បង្វឹក​រូប​នេះ​បានបន្ថែម​ទៀត​ថា៖ «ប្រសិន​បើ​អ្នក​សួរ​ខ្ញុំ​រឿង​មួយ​​ដែល​ខ្ញុំមិន​ចូល​ចិត្តនោះ​គឺ​ថា ពួកគេ​បាត់​បង់​តុល្យ​ភាព​យ៉ាង​​ងាយស្រួល​។ អ្នក​ដឹង​ទេ​ថា ត្រឹម​តែកម្លាំង​ខ្សល់បក់​បន្តិ​ច​ប៉ុណ្ណោះ ពួក​គេ​នឹង​ដួល​គ្រាំងតែម្ដង​»​។ ការ​​ប្រកួត​នៅថ្ងៃ​អាទិត្យ​នេះ នឹង​ចាប់​ផ្តើមនៅ​ម៉ោង​11:30យប់​៕

    ប្រភព​ពី៖ Sky Sports

  • JOTUN ផ្តល់ជូននូវពណ៌ដ៏ស្រស់ស្អាតសម្រាប់មហោស្រពសិល្បៈទីក្រុងកម្ពុជា

    JOTUN ផ្តល់ជូននូវពណ៌ដ៏ស្រស់ស្អាតសម្រាប់មហោស្រពសិល្បៈទីក្រុងកម្ពុជា

    សម្រាប់ឆ្នាំទី3សិល្បករក្នុងស្រុក និងអន្តរជាតិនឹងប្រមូលផ្តុំគ្នានៅចុងសប្តាហ៍នេះ ដើម្បីគូរគំនូរលើផ្ទាំងគំនូរដ៏ធំអស្ចារ្យ​នៅ​ទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ JOTUN ជាម៉ាកថ្នំាលាបមកពីប្រទេសន័រវ៉េ បានធ្វើការគាំទ្រដល់សកម្មភាពមួយនេះ ដោយ​ផ្តល់នូវថ្នាំលាបដ៏ល្អបំផុតដល់សិល្បករ។ អ្នកទស្សនាក៏អាចចូលរួមរីករាយជាមួយនឹងការប្រគំតន្ត្រី និងការតាំង​ពិព័រណ៍នេះផងដែរ។

    ព្រឹត្តិការណ៍ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងការបង្កើតថ្មី

    ក្នុងអំឡុងពេល4ថ្ងៃ គឺចាប់ពីថ្ងៃទី07-10 ខែធ្នូ ឆ្នាំ2017នេះ ប្រជាជនកម្ពុជាជនបរទេស និងអ្នកដំណើរទាំងអស់នឹងមាន​ឱកាស​ទទួលបាននូវបទពិសោធ ការយល់ដឹងអំពីសិល្បៈថ្មីៗ និងវប្បធម៌នៃទីក្រុងដ៏វិសេសនេះ។ Laetitia Troussel ជាអ្នកនិពន្ធ និង​ជាអ្នករៀបចំព្រឹត្តិការណ៍នេះបានមានប្រសាសន៍ថា “ទស្សនីយភាពសិល្បៈតាមដងផ្លូវនៅក្នុងប្រទេសកម្ពុជានៅមានភាពក្មេង​ខ្ចីនៅ​ឡើយ ការសន្យា និងថាមវន្តដែលយើងមាន ជាមោទនភាពក្នុងការជួយឱ្យសិល្បៈមួយនេះលេចចេញជាផ្លែផ្កា និងមានភាព​រីក​ចម្រើន!​”។ អ្នកជំនាញសិល្បៈគំនូរបែបសម្រុះសម្រួលវប្បធម៌ជនជាតិបារាំង ដែលរស់នៅរាជធានីភ្នំពេញរូបនេះបានសហការជាមួយ Chifumi និង ThéoVallier ដែលជាសិល្បករគំនូរតាមដងផ្លូវដ៏ល្បីល្បាញ ដោយសារតែសា្នដៃសិល្បៈគំនូរដ៏មានភាពទាក់ទាញ​របស់ពួកគេ​ពី​សិល្បៈខ្មែរ និងវប្បធម៌នៅជុំវិញទីក្រុង ហើយពួកគេទាំង2នឹងបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេនៅក្នុងកម្មវិធីនេះ។

    គោលបំណងនៃសិល្បៈនេះគឺដើម្បីបង្ហាញពីការបង្កើត ដែលមានភាពងាយស្រួល ហើយអ្នកទំាងអស់គ្នាក៏អាចចូលរួម​បាន​ដែរ។ សិល្បករទាំងក្នុងស្រុក និងអន្តរជាតិនឹងទទួលបានតំណាងស្មើៗគ្នា ហើយកម្មវិធីនេះផ្ទាល់ គឺជាឱកាសសម្រាប់សិល្បករខ្មែរ​វ័យ​ក្មេង ដើម្បីទទួលបាននូវការទទួលស្គាល់ និងធ្វើឱ្យស្នាដៃសិល្បៈរបស់ពួកគេកាន់តែមានភាពវិវឌ្ឍឡើង។

    អ្នករៀបចំកម្មវិធីនេះផ្ទាល់មានគោលបំណងចង់ឱ្យអ្នកគ្រប់គ្នាបានចូលរួមទស្សនាក្នុងព្រឹត្តិការណ៍នេះ ហេតុដូច្នេះហើយ​បាន​ជាព្រឹត្តិការណ៍មួយនេះមិនត្រូវបានបង់ប្រាក់ដើម្បីចូលរួមទស្សនានោះទេ លើកលែងតែដំណើរកម្សាន្តតាមម៉ូតូកង់បីនៅថ្ងៃទី10 ខែធ្នូ ដែលជាការធ្វើដំណើរទៅកាន់ទីតាំងនានាចំនួន15កន្លែងនៅជុំវិញរាជធានីភ្នំពេញប៉ុណ្ណោះនឹងត្រូវចំណាយប្រាក់សម្រាប់ចូលរួម។

    JOTUN ជាដៃគូដ៏ល្អឥតខ្ចោះក្នុងការគាំទ្រសិល្បៈនៅកម្ពុជា

    ម៉ាកថ្នាំលាបដ៏ល្បីមួយនេះនឹងចូលរួមគាំទ្រដល់ព្រឹត្តិការណ៍នេះជាលើកដំបូង។ លោក Svein Johan Stub ប្រធានគ្រប់គ្រង​ប្រចាំ​ប្រទេសរបស់ក្រុមហ៊ុន JOTUN បានឱ្យដឹងថា “អ្វីដែលយើងចូលចិត្តអំពីសិល្បៈនៅតាមដងផ្លូវនេះ គឺវាជាសិល្បៈដែលអាចផ្លាស់​ប្តូរ​ទាំងស្រុងនូវបុគ្គលិកលក្ខណៈនៃអគារមួយដែលមានរូបរាងសាមញ្ញបំផុតឱ្យក្លាយជាអគារ​មួយដែលពោរពេញដោយភាព​ទាក់ទាញ។ នេះគឺជាថាមពលនៃថ្នាំលាប ដោយធ្វើការជ្រើសរើសពណ៌ឱ្យសមស្របជាមួយនឹងរូបគំនូរ នោះវានឹងផ្តល់នូវភាពងាយ​ស្រួល​ក្នុង​ការបង្ហាញពីបុគ្គលិកលក្ខណៈ និងភាពច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ!”។ លោក Stub បានបន្ថែមទៀតថា “យើងធ្លាប់​និយាយ​ថា ថ្នាំលាបរបស់យើងបានជួយបង្កើននូវសោភណ្ឌភាពផ្ទះ និងអគារជាច្រើន ដែលក្រុមហ៊ុនផ្ទាល់ក៏ជាអ្នក​ផ្គត់ផ្គង់ថ្នាំលាប​សម្រាប់ប៉មអេហ្វែលនៅទីក្រុងប៉ារីស និងបានផ្តល់នូវសោភណ្ឌភាពពណ៌ដល់បូរី និងអគារជាច្រើននៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា​ផងដែរ”។ លោកបានបន្តថា “ការលើកទឹកចិត្តដល់ស្នាដៃគំនូរខ្នាតធំនៅទីសាធារណៈ និងឯកជននៅជុំវិញទីក្រុង គឺជាវិធីសាស្រ្ត​ល្អ​មួយក្នុងការផ្តល់នូវអ្វីៗដែលល្អដល់ប្រជាជននៅរាជធានីភ្នំពេញ និងជាការអរគុណយ៉ាងកក់ក្តៅចំពោះការយកទុកចិត្តដាក់​នូវ​ស្លាក​សញ្ញាថ្នាំលាបរបស់យើង”។

    JOTUN ក៏នឹងផ្តល់ជូនអ្នកទស្សនាទាំងអស់នូវឱកាសដើម្បីឈ្នះរង្វាន់ Fujifilm Instax mini 9 តាមរយៈការប្រកួតថតរូប Selfie ក្នុង​កម្មវិធី​នេះផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ

    https://www.facebook.com/jotun.kh/

    សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងសិល្បៈករ និងកម្មវិធីនេះ សូមចូលទៅកាន់គេហទំព័រ www.facebook.com/CambodianUrbanArt

  • ទៀតហើយ!! លោក ម៉ៃ សុគន្ធ រិះគន់ទៀត….

    ទៀតហើយ!! លោក ម៉ៃ សុគន្ធ រិះគន់ទៀត….

    នៅថ្ងៃទី 8 ខែធ្នូ ឆ្នាំ2017 នេះ តាមរយៈគណនីហ្វេសប៊ុករបស់តារាចម្រៀងប្រុស លោក ម៉ៃ សុគន្ធ ដែលត្រូវបានប្រិយមិត្តអ្នកគាំទ្រដាក់រហ័សនាមថា តារាកំពូលទើស បានបង្ហោះសារអមជាមួយដោយរូបភាពជាច្រើនសន្លឹក ស្ដែងពីបន្ទុះនៃការប្តិកម្មរិះគន់ចំពោះការច្នៃម៉ូដឈុតបវរកញ្ញាទេសចរណ៍អន្ដរជាតិតំណាងប្រទេស កម្ពុជា ឆ្នាំ 2017 ដែលលោកបានសង្កេតមើលឃើញនិងធ្វើការបៀបនៃការថតរបស់បវរកញ្ញាឯកទៅនឹងបវរឯកថៃ ដែលមានការខុសគ្នាដាច់តែម្តង។

    នៅក្នុងនោះដែរ លោក ម៉ៃ សុគន្ធបានសរសេររៀបរាប់ថា «តាំងខ្លួនជាម្ចាស់នៃវ​ប្បធម៌ដ៏ចំណាស់ជាងគេ តែថតរូបមកឆ្គងតែម្តង យកតែអ្នកដែលគ្មានសិល្បៈបុរាណក្នុងខ្លួនមកបង្ហាញ ហេតុអ្វីមិនបើកឱ្យទូលាយសម្រាប់អ្នកដែលមានជំនាញពិតមកបង្ហាញពិភពលោកបានស្គាល់ខ្មែរ (មិនចោលសោះអារឿងទុយោហ្នឹង ខែ្មរអើយខ្មែរ ជួយអោយយោបល់ផង បើមានការលើសលួស តែមើលទៅឆ្គងពេក) សូម្បីតែលើកដៃក៏ខុសក្បួនខ្នាតដែរ លើកខ្ពស់ហើយអូន »។

    គួរបញ្ជាក់ផងដែរថា តារាទើសរូបនេះ បានបន្ដបង្ហោះសារបញ្ជាក់បន្ថែមក្នុងការរិះគន់ចំៗទៀតថា« ឆ្នៃម៉ូដមកដូចបាយឡុកបាយឡ និងអ្នកម៉ូដែលទៀតសោតគ្មានព្រលឹងសិល្បៈក្នុងខ្លួនសោះ សាច់ក្រណាត់មិនស្មើវាំងននផ្ទះអ្នកខ្លះផង (មើលទៅថៃដែលចំលងខ្មែរទៅ តើប្រណីតយ៉ាងណាទាំងសាច់ក្រណាត់និងគ្រឿងអលង្ការនោះ) sad ហ្មង»៕

  • តារាសម្ដែងវ័យក្មេង Bondcher Both សម្ដែងរឿងដំបូងបានចូលឆាកអន្ដរជាតិ

    តារាសម្ដែងវ័យក្មេង Bondcher Both សម្ដែងរឿងដំបូងបានចូលឆាកអន្ដរជាតិ

    នៅថ្ងៃទី8 ខែធ្នូ ឆ្នាំ2017  មានខ្សែភាពយន្តល្បីមួយរឿងដែលយុវវ័យកំពុងចាប់អារម្មណ៍ខ្លាំងដែលមានចំណងជើងថា ” Final Semester” ជាវណ្ណកម្មរបស់ផលិតកម្ម កងចក្រភាពយន្ដ ដែលលោកអ្នកធ្លាប់បានស្គាល់ពីគុណភាពនៃការផលិតកន្លងមកតាមរយៈរឿង “ការពារឧក្រិដ្ឋជន ឬ Jail Break” កំពុងតែធ្វើឱ្យស្រទាប់យុវវ័យអ្នកគាំទ្រពុះកញ្ជ្រោល និងអន្ទះសារង់ចាំទស្សនាខ្លាំងបំផុត។ ដោយឡែកនៅក្នុងរឿងនេះក៏មានវត្តមានតារាសម្ដែងវ័យក្មេងលោក Bondcher Both  រួមជាមួយតារាៗវ័យក្មេងល្បីៗជាច្រើនរូបទៀត បានចូលរួមសម្ដែងនៅក្នុងរឿងបែបភ័យរន្ធត់មួយនេះ។

    លោក Bondcher Both បានផ្ដល់បទសម្ភាសជាពិសេសមួយជាមួយសារព័ត៌មានឡារ៉ែន ដោយបានឱ្យដឹងថា «នេះគឺជាខ្សែភាពយន្តខ្នាតធំលើកដំបូងរបស់ខ្ញុំ ដែលត្រូវបានខាងផលិតកម្មអញ្ចើញឱ្យចូលរួមសម្ដែង។ ជាប្រភេទរឿងបែបយុវវ័យនៅក្នុងវ័យសិក្សា ក៏ប៉ុន្ដែមានរសជាតិរឿងប្លែកខុសពីគេ គឺមានលាយឡំជាមួយភាពភ័យខ្លាច រន្ធត់ស្លុងអារម្មណ៍ស្ទើរតែគាំងបេះដូង អស់សំណើច និងមនោសញ្ចេតនា ហើយកាន់ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងដោយសារតែរឿងមានគុណភាពស្ដង់ដារអន្ដរជាតិទៀតផង»។ លោកបានបន្ដទៀតថា «ថ្វីដ្បិតតែនេះជារឿងខ្នាតធំដំបូងដែលខ្ញុំបានចូលរួមសម្ដែងមែន ប៉ុន្ដែខ្ញុំមានមោទនភាពណាស់ ដែលរឿងនេះត្រូវបានយកទៅបញ្ចាំងនៅលើឆាកអន្ដរជាតិ បន្ទាប់មកទើបដាក់បញ្ចាំងនៅក្នុងស្រុកខ្មែរយើង អាចនិយាយបានថា រំភើបចិត្តខ្លាំងណាស់ដែលចូលរួមសម្ដែង»។

    គួរបញ្ជាក់ផងដែរថា តារាប្រុសដែលមានទម្រង់មុខកូនកាត់រូបនេះ ហាក់បីដូចជាមិនសូវបានបញ្ចេញមុខមាត់នៅលើវិថីសិល្បៈខ្មែរប៉ុន្មានទេ ដោយសារតែលោកមានការមមាញឹកនៅក្នុងការសិក្សាច្រើនជាង។ យ៉ាងណាមិញប្រជាប្រិយភាពរបស់លោកនៅតែមានអ្នកគាំទ្របន្ដ ដោយសារតែលោកទទួលតែការងារបង្ហាញម៉ូដតាមកម្មវិធីធំៗ ថតស្ប៉តពាណិជ្ជកម្ម និងការសម្ដែងរឿងភាគដែលមិនប៉ះពាល់ដល់ការសិក្សាតែប៉ុណ្ណោះ។ លោកបានបញ្ជាក់បន្ថែមទៀតថា នៅពេលថ្មីៗលោកត្រូវបានផលិតករខ្មែរល្បីអញ្ជើញថតខ្សែភាពយន្ដច្រើន ហើយរឿងថ្មីបន្ទាប់ទៅទៀតដែលលោកបានចូលរួមសម្ដែងមានចំណងជើងថា “ស្នេហ៍អូនលុះអវសាន” ជាប្រភេទរឿងស្នេហាមនោសញ្ចេតនាជ្រាលជ្រៅ៕

  • ចង់ដឹងទេថា Rain ចំណាយអស់ប៉ុន្មាននៅថ្ងៃរៀបចំពិធីអាពាហ៍ពិពាហ៍?

    ចង់ដឹងទេថា Rain ចំណាយអស់ប៉ុន្មាននៅថ្ងៃរៀបចំពិធីអាពាហ៍ពិពាហ៍?

    ដោយយោងតាមសារព័ត៌មាន Teenee បានចេញផ្សាយនៅថ្ងៃទី8 ខែធ្នូ ឆ្នាំ2017 មុននេះបន្ដិចបានឱ្យដឹងថា លោក Rain  នៅពេលថ្មីៗនេះបានបង្ហើបឱ្យដឹងអំពីការចំណាយថវិកានៅថ្ងៃរៀបអាពាហ៍ពិពាហ៍ ជាមួយ Kim Tae Hee កាលពីអំឡុងខែមករាកន្លងមក នៅក្នុងកម្មវិធីសម្ភាស  Carefree Travelers ។

    តារាចម្រៀង Rain បានពោលថា «ការចំណាយក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍របស់ខ្ញុំអស់ប្រមាណជាង 2 លានវ៉ុនតែប៉ុណ្ណោះ ដោយសារតែនេះ​ គឺជាតម្រូវការរបស់ភរិយារបស់ខ្ញុំ ដែលនាងមិនចង់ឱ្យមានការរៀបចំកម្មវិធីបែបអធិកអធមហើយមានភាពភ្ញាក់ផ្អើលអីនោះទេ»។ លោកបានបន្ដទៀតថា ភរិយាខ្ញុំនាងចង់រៀបចំពិធីមង្គលការបែបសាមញ្ញៗ ងាយៗ តាមបែបគ្រិស្តសាសនា ហើយគ្មានជាងថតរូបសន្លឹកនោះទេ មានតែជាងថតវីដេអូប៉ុណ្ណោះ  សូម្បីតែឈុតកូនកំលោះ ក៏មិនបានទិញថ្មីដែរ។

    លោកបានបញ្ជាក់បន្ថែមថា ចំពោះភ្ញៀវកិត្តិយសដែលបានចូលរួម ពួកគាត់អាចថតរូបបានដោយខ្លួនឯង មិនចាំបាច់ជួលជាងថតរូបទេ ព្រោះថា មានតែក្រុមគ្រួសារ មិត្តរួមអាជីព និងសាច់ញាតិបងប្អូនប៉ុណ្ណោះដែលបានចូលរួមនៅក្នុងពិធីមង្គលការនេះ៕

  • ចេមស៍ ជិ ទម្លាយអារម្មណ៍ពិតនៅពេលត្រៀមទទួល​សញ្ញាបត្របរិញ្ញា

    ចេមស៍ ជិ ទម្លាយអារម្មណ៍ពិតនៅពេលត្រៀមទទួល​សញ្ញាបត្របរិញ្ញា

    ដោយយោងតាមសារព័ត៌មាន Teenee នៅថ្ងៃទី8 ខែធ្នូ ឆ្នាំ2017 នេះបានឱ្យដឹងថា តារាឯកប្រុសជួរមុខប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 3 ថៃ គឺលោក ចេមស៍-ជិរ៉ាយុ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាដោយជោគជ័យ បន្ទាប់ពីលោកបានតាំងចិត្តព្យាយាមក្នុងការសិក្សាថ្នាក់មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មអស់រយៈពេល 5 ឆ្នាំកន្លងមក។

    តារាប្រុសរូបនេះបានថ្លែងប្រាប់អ្នកសារព័ត៌មានថៃថា «ខ្ញុំបាទនឹងទទួលបរិញ្ញាបត្រនៅថ្ងៃទី15 -17 ខែធ្នូខាងមុខនេះ ខ្ញុំមានអារម្មណ៍រំភើបខ្លាំងមែនទែន ដែលបានសិក្សារហូតបានបញ្ចប់ហើយប្រឡងជាប់សញ្ញាបត្របរិញ្ញានេះ។ នេះគឺជាមោទនភាពមួយសម្រាប់ក្រុមគ្រួសារខ្ញុំ ហើយចំពោះការសិក្សាបន្ដទៀត ខ្ញុំក៏បានគិតខ្លះៗដែរ តែនៅមិនទាន់ដឹងថា ទៅរួចដែឬក៏អត់ទេ យ៉ាងណាមិញនៅពេលនេះគឺប្រហែលជាផ្អាកសិនហើយ ព្រោះគិតចង់ផ្ដោតលើរឿងការងារខ្លាំងជាង»។

    លោក ចេមស៍ ក៏បានបញ្ជាក់ផងដែរថា ចំពោះការសិក្សាបណ្ដើរ ធ្វើការងារបណ្ដើរនោះ គឺមិនមែនជារឿងងាយស្រួលនោះទេ តែលោកបានព្យាយាមឱ្យការងារទាំងពីរនេះដើរទន្ទឹមគ្នាទៅបានជារឿយៗ។ ជាទូទៅចំពោះការសិក្សាថ្នាក់មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម គឺត្រូវចំណាយពេលសិក្សាត្រឹមតែ 4 ឆ្នាំប៉ុណ្ណោះ ដោយឡែកលោកចង់បន្ថែមមុខវិជ្ជាច្បាប់មួយមុខទៀត ទើបត្រូវចំណាយពេលបន្ថែម 1ឆ្នាំទៀត។

    គួរបញ្ជាក់ផងដែរថា តារាប្រុសវ័យ 24 ឆ្នាំរូបនេះ នឹងឡើងទទួលសញ្ញាបត្របរិញ្ញាដែលនឹងប្រទានដោយព្រះមហាក្សត្រ និងជំនួបថតរូបជាមួយក្រុមគ្រួសារ រួមទាំងបណ្ដាអ្នកគាំទ្ររបស់លោកទាំងអស់នៅថ្ងៃទី16 ខែធ្នូ ខាងមុខនេះ៕