Author: អេបិល

  • អ៊ុន អាលីហ្សា បិទបាំងមុខស្នេហានៅថ្ងៃខួបកំណើតខ្លួន

    អ៊ុន អាលីហ្សា បិទបាំងមុខស្នេហានៅថ្ងៃខួបកំណើតខ្លួន

    នៅថ្ងៃទី13 ខែធ្នូ ឆ្នាំ2017 នេះ តារាសម្តែង និងជាមន្ត្រីនគរបាល កញ្ញា អ៊ុន អាលីហ្សា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីក្ដីរំភើបសប្បាយរីករាយនៅក្នុងថ្ងៃខួបកំណើតរបស់នាង ព្រមទាំងបញ្ចេញសារផ្អែមល្ហែមនៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យមហាជនបានភ្ញាក់ផ្អើលទៀតផង។

    នៅថ្ងៃម្សិលមិញទី12 ខែធ្នូ ឆ្នាំ2017 គឺជាថ្ងៃខួបកំណើតរបស់កញ្ញា អ៊ុន អាលីហ្សា និងអ្វីដែលធ្វើឱ្យនាងរំភើបចិត្តបំផុតនោះគឺ បុរសជាគូស្នេហារបស់នាងបានរៀបចំកម្មវិធីភ្ញាក់ផ្អើលមួយសម្រាប់នាង ហើយតារាស្រីរូបនេះបានបញ្ជាក់ថា «Thanks you honey សម្រាប់យប់នេះ អូនពិតជារំភើបណាស់ ទោះជាយើងនៅឆ្ងាយពីគ្នាក៏ដោយ ក៏បេះដូងយើងនៅជិតគ្នារហូត អូនស្រឡាញ់បង»។ មានមតិមហាជនជាច្រើនបានលាន់មាត់ថា ហេតុអ្វីបានជាអ៊ុន អាលីហ្សា ចាំបាច់បិទបាំងមិនបង្ហាញមុខគូស្នេហ៍ធ្វើអ្វី បើមើលទៅផ្អែមល្ហែម និងរស់នៅជាមួយគ្នាទៅហើយនោះ?។

    គួរបញ្ជាក់ផងដែរថា ប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបានក៏បញ្ជាក់ឱ្យដឹងដែរថា «អ៊ុន អាលីហ្សា មានទំនាក់ទំនងស្នេហាជាមួយបុរសអ្នកជំនួញម្នាក់នោះជាយូរណាស់មកហើយ ហើយចាស់ទុំក៏បានដឹងឮដែរ»។ ប្រភពដដែលបានបន្តថា «នាងនៅលាក់បាំងមុខគូស្នេហ៍ ព្រោះតែនាងមិនទាន់មានគម្រោងរៀបការច្បាស់លាស់ ដូច្នេះហើយនាងសុំលាក់មុខអនាគតស្វាមីនេះសិន»៕

  • ប៊ុត សីហា បាត់មុខពីសិល្បៈដោយសារមូលហេតុអ៊ឺចឹងសោះ…

    ប៊ុត សីហា បាត់មុខពីសិល្បៈដោយសារមូលហេតុអ៊ឺចឹងសោះ…

    ម្ចាស់ពានរង្វាន់កម្មវិធីប្រកួតចម្រៀង The Voice Cambodia រដូវកាលទី 1 លោក ប៊ុត សីហា ដែលត្រូវជាកូនសិស្សក្រុមគ្រូបង្វឹកលោក ឆន សុវណ្ណរាជ ដែលបានបាត់មុខមួយរយៈធំ រហូតដល់មានមតិរិះគន់របស់មហាជនមួយចំនួនបានបន្ទោសទៅខាងផលិតកម្មថា បានទុកលោកចោល មិនព្រមចេញបទចម្រៀងឱ្យលោកច្រៀង ហើយមានអ្នកខ្លះទៀតបានលើកឡើងថា តារាចម្រៀងរូបនេះបានវិលត្រឡប់ទៅកាប់គាស់ដី លីសែងធ្វើស្រែចម្ការ នៅខេត្តកំពង់ស្ពឺ វិញបាត់ទៅហើយ…។

    អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតគឺ កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសម្ចាស់ពានរូបនេះ បានបង្ហាញមុខជាថ្មីលើកញ្ចក់ទូរទស្សន៍ អ៊ីធីវី (ETV) តាមរយៈកម្មវិធី ETV Golden Concert ធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបំផុត និងសម្តែងក្តីនឹករឭកគ្រប់ៗគ្នា។ ជុំវិញបញ្ហារឿងមិនមានចេញបទចម្រៀង  និងការដែលមានបំណងផ្លាស់ប្ដូរទ្រនំជ្រកនោះ លោក ប៊ុត សីហា មិនបានលើកឡើងទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ការដែលមិនសូវបានបង្ហាញមុខមាត់ និងចេញច្រៀងតាម Concert នានានោះ ព្រោះតែលោកមានភារកិច្ចជាប់រវល់បន្ដិច ព្រមទាំងថ្មីៗនេះ លោកមានគម្រោងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកទៀតផង។

    គួរបញ្ជាក់ផងដែរថា តារាចម្រៀងសំឡេងកាចរូបនេះ បានសន្យាជាមួយទស្សនិកជនថា ក្រោយពីលោកត្រឡប់មកពីអាមេរិកវិញ លោកនឹងបង្ហាញជូននូវស្នាដៃចម្រៀងថ្មី និងស្តាយល៍ប្លែកៗ ដែលធានាថា នឹងទាក់ទាញចិត្តទស្សនិកជនខ្លាំងបំផុត ពោលគឺ លោកមិនបោះបង់វិថីសិល្បៈចម្រៀងមួយនេះឡើយ៕

    https://youtu.be/LhfkekEaGVY

  • Jannine Weigel បកស្រាយរឿងគេថា កែសម្ផស្សផ្ទៃមុខ

    Jannine Weigel បកស្រាយរឿងគេថា កែសម្ផស្សផ្ទៃមុខ

    តាមរយៈគេហទំព័រសារព័ត៌មាន Teenee នៅថ្ងៃទី13 ខែធ្នូ ឆ្នាំ 2017 បានចេញផ្សាយឱ្យដឹងថា តារាចម្រៀងដែលមានសំឡេងផ្អែមពីរោះនាង Jannine Weigel  ឬមានឈ្មោះពិតថា ផ្លយ ឈុំភូ ត្រូវបានមហាជនអ្នកគាំទ្ររិះគន់នាង ដែលបានផ្លាស់ប្ដូរសម្ផស្សផ្ទៃមុខកាលពីពេលថ្មីៗកន្លងមក ដោយបានរិះគន់ថា ទៅឡើងជ្រុញឱ្យគ្រូពេទ្យវះកាត់មុខមាត់ ផ្លាស់ប្ដូររូបឆោមឱ្យថ្មីស្អាតជាងមុនមែនទេ?។

    នៅទីបំផុត តារាស្រី ផ្លយ ឈុំភូ  ក៏បានចេញមុខមកបកស្រាយរឿងនេះថា «មិនបានទៅធ្វើអ្វីមកទាំងអស់ នាងខ្ញុំគ្រាន់តែផ្លាស់ប្ដូរស្តាយល៍ផាត់មុខ និងការតែងខ្លួនតែប៉ុណ្ណោះ។ ហើយចំពោះរឿងផ្ទាល់ខ្លួនវិញ ក៏នាងខ្ញុំបានទៅគិតអ្វីធ្ងន់ធ្ងរហ្មត់ចត់ពេកដែរសម្រាប់ព័ត៌មាននេះ។ ព័ត៌មាននេះផ្សាយចេញមក ពោលគឺមានលក្ខណៈគួរឱ្យអស់សំណើចច្រើនជាង ដូច្នេះសូមបញ្ជាក់ឱ្យច្បាស់ថា នាងខ្ញុំនៅមិនទាន់គិតចង់ធ្វើការកែសម្ផស្សអ្វីទេនៅពេលនេះ»៕

  • ភ្ញាក់ផ្អើល!! ប្អូនប្រុស Fan BingBing កំពុងក្លាយជាតារាចម្រៀងកូរ៉េ

    ភ្ញាក់ផ្អើល!! ប្អូនប្រុស Fan BingBing កំពុងក្លាយជាតារាចម្រៀងកូរ៉េ

    តាមរយៈសារព័ត៌មាន Teenee នៅថ្ងៃទី13 ខែធ្នូ ឆ្នាំ2017នេះ បានចេញផ្សាយឱ្យដឹងថា លោក Fan Chengchengមានវ័យ 19ឆ្នាំ ត្រូវជាប្អូនប្រុសរបស់តារាឯកស្រីប្រចាំប្រទេសចិន  និងជាតារាសម្ដែងលំដាប់ជួរមុខគេ នាង Fan BingBing នោះ ឥឡូវនេះកំពុងតែហ្វឹកហាត់ក្បាច់រាំនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយកំពុងតែរៀបចំគម្រោងបើកឆាកបង្ហាញខ្លួននៅក្នុងពិភពសិល្បៈកូរ៉េនាពេលឆាប់ៗនេះ។

    តារាសម្ដែងស្រី Fan BingBing អាចចាត់ទុកថា គឺជាតារាលំដាប់លេខ1 នៅក្នុងចំណោមតារាសម្ដែងរបស់ប្រទេសចិន ដែលមានសម្រស់ស្រស់ស្អាតជាងគេបំផុត ហើយមនុស្សជាច្រើនក៏បានផ្ដល់ចំណាប់អារម្មណ៍ទៅលើរូបរាង រូបសម្រស់របស់ប្អូនប្រុសនាងផងដែរ។ គួរបញ្ជាក់ផងដែរថា ចំពោះព័ត៌មានបន្ថែមដែលបញ្ជាក់ពីការបើកបង្ហាញខ្លួនរបស់តារាចម្រៀង លោក Fan Chengcheng នៅក្នុងពិភពសិល្បៈកូរ៉េត្រូវបានលាក់ទុកជាការសម្ងាត់៕

  • តារាស្រីល្បីឈ្មោះ Nicole Kidman តែងខ្លួនដូចជនអនាថា អត់មាននរណាស្គាល់…

    តារាស្រីល្បីឈ្មោះ Nicole Kidman តែងខ្លួនដូចជនអនាថា អត់មាននរណាស្គាល់…

    អ្នកនាង Nicole Kidman វ័យ50ឆ្នាំ មិនត្រូវបាននរណាម្នាក់មើលស្គាល់ឡើយ នៅក្នុងកម្មវិធីមួយនៅរដ្ឋឡូសអ៊ែនជើលេស បន្ទាប់ពីទទួលបានពានរង្វាន់ Golden Globe ក្រោយពីនាងបានសម្តែងនៅក្នុងខ្សែភាពយន្តបែបឧក្រិដ្ឋកម្មរឿង “Destroyer” ជាភាពយន្ត​ឈរដែលនៅលំដាប់​កំពូលសម្រាប់កម្មវិធី Big Little Lies នៃបុស្តិ៍ទូរទស្សន៍ដ៏ល្បីរបស់អាមេរិក HBO។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី12 ខែធ្នូ ឆ្នាំ2017នេះ។

    តារាស្រីដែលទទួលបានពានរង្វាន់របស់ Academy រូបនេះ តែងតែតុបតែងខ្លួនបែបសក់ពណ៌​មាស និងរាងសំពីងសំពោង រួមជាមួយអាវធំដែលមិនសមនឹងតួខ្លួន ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈជាតួអង្គនៅក្នុង​ខ្សែភាពយន្តរឿង KarynKusama។ ការតែងខ្លួនដ៏ចម្លែក រួមទាំងខោខូវប៊យហៀរកែងជើងរបស់នាង អមជាមួយនឹងការផាត់មុខពណ៌ជាំខ្មៅៗផងនោះ មើលទៅដូចជាមនុស្សមានមុខជាំ និងភ្នែករូងខូងដ៏ស្គមកំព្រឹង និងល្ហិតល្ហៃម្នាក់។

    Nicole បានបញ្ជាក់ថា ការដែលអ្នកនាងតុបតែងខ្លួនបែបនេះ ក៏ព្រោះតែទទួលបានការគាំទ្រយ៉ាង​​ភ្លូកទឹក​ភ្លូកដីពីសំណាក់ទស្សនិកជនជុំវិញពិភពលោក ហេតុដូច្នេះហើយទើបនាងរីករាយក្នុងការបង្ហាញអាការ និងតុបតែងរាងកាយបែបនេះ នៅក្នុងឱកាសសំខាន់ៗ ជាពិសេសកម្មវិធីទទួលពានរង្វាន់​ដែលមានតារាល្បីៗជាច្រើនរូបចូលរួម ហើយក៏នឹងបន្តធ្វើខ្លួនបែបនេះ នៅពេលដើរទៅណាមកណា​ជាមួយមិត្តភ័ក្តិទៀតផង៕

  • កញ្ញា សុខ សីឡាលីន គ្រងតំណែងទូតសុឆន្ទៈក្រុមយុវជនល្ខោនខោលកម្ពុជា

    កញ្ញា សុខ សីឡាលីន គ្រងតំណែងទូតសុឆន្ទៈក្រុមយុវជនល្ខោនខោលកម្ពុជា

    កន្លង​មក​មាន​ការ​ជជែក​គ្នា​យ៉ាង​ផុលផុស​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) ទាំង​នៅ​កម្ពុជា និង​ថៃ ជុំវិញ​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ល្ខោន​ពាក់​ស្រោមមុខ​ដែល​ខ្មែរ​ហៅ​ថា “ល្ខោនខោល” និង​ថៃហៅ​ “ខូន” ក្រោយ​ពេលដែល​ថៃ គ្រោង​ដាក់​ល្ខោន​ខូនរបស់​ខ្លួនដែល​មាន​ទម្រង់​ស្រដៀង​គ្នា​នឹង​ល្ខោនខោល​របស់​កម្ពុជាចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គកាយូណេស្កូ។ នៅក្នុងនោះដែរកម្ពុជាក៏បានធ្វើការស្នើសុំឱ្យមានការដាក់បញ្ជូលរបាំល្ខោនខោលរបស់ខ្មែរចូលជាសម្បត្តិបេតិកភណ្ឌជាតិ និងមនុស្សជាតិដូចគ្នា។

    ថ្មីៗនេះ ស្រាប់តែតារាចម្រៀងខ្មែរប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុខ សីឡាលីន បានគ្រងតំណែងទូតសុឆន្ទៈក្រុមយុវជនល្ខោនខោលកម្ពុជា ក្នុងការចូលរួមផ្សព្វផ្សាយអំពីល្ខោនខោលខ្មែរទៅកាន់ពិភពលោកឱ្យបានស្គាល់ និងដឹងច្បាស់ពីកេរដំណែលដ៏មហស្ចារ្យដែលដូនតាខ្មែរបានបន្សល់ទុកឱ្យកូនចៅ។

    តាមរយៈសមាជិកក្រុមយុវជនល្ខោនខោលកម្ពុជា ដែលមានគណនីហ្វេសប៊ុកឈ្មោះ Mo KhonChansithyka បានបញ្ជាក់ឱ្យដឹងដែរថា «ក្រុមយុវជនល្ខោនខោលកម្ពុជា មានកិត្តិយសប្រកាសជាផ្លូវការថា កញ្ញា សុខ សីឡាលីន តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស គឺជាទូតសុឆន្ទៈរបស់ពួកយើង។ ដោយហេតុគាត់បានចូលរួមជួយផ្សព្វផ្សាយព័ត៌មានអំពីពួកយើងតាំងពីកម្មវិធីដំបូងនៃការកកើតក្រុមយុវជនល្ខោនខោលកម្ពុជា និងបន្តមកដល់បច្ចុប្បន្ននេះ ព្រមទាំងបានឧបត្ថម្ភរាល់កម្មវិធីសម្តែងរបស់ពួកយើងផងដែរ!។ នេះជាការយល់ព្រមដោយបេះដូងស្រឡាញ់សិល្បៈវប្បធម៌ និងរួមចំណែកក្នុងការផ្សព្វផ្សាយល្ខោនខោល ជាមួយយុវជនល្ខោនខោលកម្ពុជា!។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកញ្ញា។ វត្តមាននេះគឺពិតជាមានតម្លៃណាស់»។

    គួររំឭកផងដែរថា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ លោកស្រី ភឿង សកុណា ក៏​ធ្លាប់បានថ្លែងដែរ​ថា រវាង​ការ​ស្នើ​សុំ​ដាក់​បញ្ចូល​ល្ខោនខោល​ខ្មែរ និង​ល្ខោន​ខូន​របស់​ថៃ ពុំ​បាន​ប៉ះពាល់​ដល់​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នោះ​ទេ ហើយកាល​ពី​ថ្ងៃ​ទី​30 ខែ​វិច្ឆិកា ឆ្នាំ2016នោះ ក្រសួង​បាន​ដាក់​ចាប៉ី​ដង​វែង​ខ្មែរចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ។ ក្រៅពី​ល្ខោនខោល កម្ពុជា​ក៏​គ្រោង​រៀបចំ​ឯកសារ​ផ្សេង​ទៀត ស្នើ​ទៅ​អង្គការ​យូណេស្កូ ដាក់​បញ្ចូល​ភ្លេង​អារក្ស តម្បាញ​សូត្រ​ខ្មែរ​ជាដើម ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិផងដែរ៕

  • តារាចម្រៀង Step ទទួលសញ្ញាបត្រអនុបណ្ឌិតនៅអូស្ត្រាលី

    តារាចម្រៀង Step ទទួលសញ្ញាបត្រអនុបណ្ឌិតនៅអូស្ត្រាលី

    នៅថ្ងៃទី12 ខែធ្នូ ឆ្នាំ2017 នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក របស់បងប្រុសតារាចម្រៀង Step គឺលោក សុខ សិរីវឌ្ឍនា បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញអំពីការទទួលសញ្ញាបត្រអនុបណ្ឌិតនៅប្រទេសអូស្ត្រាលី របស់ប្អូនប្រុសរបស់លោក។

    ដោយឡែកប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបាន បានឱ្យដឹងថា ​​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាសរូបនេះ ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម​ ​នៅ​សាកល​វិទ្យាល័យ Charles Sturt University ដោយ​ទើប​តែ​ព្រឹក​មិញ​នេះប៉ុណ្ណោះ​ដែល​លោក​បាន​ទៅ​ទទួល​សញ្ញា​បត្រ​ដោយ​ផ្ទាល់​នៅប្រទេសអូស្ត្រាលី។ លោកសុខ សិរីវឌ្ឍនា បានបញ្ជាក់ផងដែរថា «ពេលឃើញប្អូនទទួលសញ្ញាបត្រអនុបណ្ឌិត ក្នុងចិត្តបងត្រេកអរឡើងចង់ហោះ។ អបអរសាទរប្អូនប្រុស ដែលទទួលបានសញ្ញាបត្រអនុបណ្ឌិតនៅប្រទេសអូស្ត្រាលីនៅថ្ងៃទី12-12-2017»។

    គួរបញ្ជាក់ផងដែរថា នៅក្នុងរូបថតជាច្រើនសន្លឹកនៅលើហ្វេសប៊ុករបស់បងប្រុសតារាចម្រៀង Step គេសង្កេតឃើញមាន បងប្រុស ម្ដាយ និងឪពុករបស់លោកបានចូលរួមសម្ដែងក្ដីត្រេកអរចំពោះកូនប្រុសដែលបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យ៕

  • បុរសម្នាក់ព្យាយាមថតសែលហ្វ៊ីលើអគារខ្ពស់រកលុយរៀបការ តែភ្លាត់ស្នៀត…

    បុរសម្នាក់ព្យាយាមថតសែលហ្វ៊ីលើអគារខ្ពស់រកលុយរៀបការ តែភ្លាត់ស្នៀត…

    បើតាមរយៈសារព័ត៌មាន Dailymail ដែលបានចេញផ្សាយនៅថ្ងៃទី12 ខែធ្នូ មុននេះប​ន្ដិចបានឱ្យដឹងថា នេះពិតជាវិនាទីដ៏គួរឱ្យស្រៀវឆ្អឹងខ្នង និងរន្ធត់ព្រលឹងខ្លាំងណាស់ ដែលបុរសម្នាក់មានឈ្មោះថា Wu Yong Ning ជាតារាសម្ដែង និងមានឈ្មោះល្បីខាងផ្នែកថតសែលហ្វ៊ីបែបប្លែកៗពីលើអគារខ្ពស់ៗ មានវ័យ​26 ឆ្នាំ បានភ្លាត់ស្នៀតធ្លាក់ពីលើអគារកម្ពស់ 62 ជាន់ស្លាប់ភា្លមៗ ខណៈដែលលោកកំពុងព្យាយាមថតសែលហ្វ៊ីជារូបភាពវីដេអូ ដើម្បីបង្ហោះរកលុយរៀបមង្គលការជាមួយមិត្តស្រី។

    គួរបញ្ជាក់ផងដែរថា មិត្តស្រីរបស់បុរសម្នាក់នេះឈ្មោះ JinJin បានបង្ហើបឱ្យដឹងថា លោក Wu Yong Ning  បានព្យាយាមតាំងចិត្តសន្សំប្រាក់ឱ្យគ្រប់ 8 ម៉ឺនយ័ន ដែលបានពីការសម្ដែងនៅក្នុងឃ្លីបវីដេអូដែលលោកថត ដើម្បីយកមកសុំនាងរៀបការ ក៏ប៉ុន្ដែជាអកុសលលោកត្រូវបានបញ្ចប់ជីវិតយ៉ាងគួរឱ្យរន្ធត់ និងតក់ស្លុតបែបនេះទៅវិញ។ គួររំឭកផងដែរថា បុរសខាងលើនេះមុនពេលបាត់បង់ជីវិត លោកធ្លាប់បានថត និងបង្ហោះវីដេអូចំនួន 300 ឃ្លីប នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ដែលអាចធ្វើការ Live Stream ( ផ្សាយផ្ទាល់​) និងរកប្រាក់បានចំនួន 55,000 យ័នរួចមកហើយ៕

    https://youtu.be/NMN4986slUA

     

     

     

  • Huawei និង Smart ធ្វើឱ្យយុវវវ័យរាប់ម៉ឺននាក់ហ៊ោកញ្ជ្រៀវ ពុះកញ្ជ្រោល ក្នុងការប្រគំតន្ត្រីខ្នាតអន្តរជាតិ CL

    Huawei និង Smart ធ្វើឱ្យយុវវវ័យរាប់ម៉ឺននាក់ហ៊ោកញ្ជ្រៀវ ពុះកញ្ជ្រោល ក្នុងការប្រគំតន្ត្រីខ្នាតអន្តរជាតិ CL

    កាលពីយប់ថ្ងៃទី 09 ខែធ្នូ ឆ្នាំ 2017 ប្អូនៗយុវវ័យជាច្រើននាក់បាននាំគ្នាសម្រុកទៅកាន់ទីក្រុងកោះពេជ្រ ដើម្បីទស្សនាកាប្រគំតន្ត្រីខ្នាតអន្តរជាតិរបស់តារាចម្រៀង Original Song ខ្មែរជាច្រើនរូប ដូចជា កញ្ញា អេដា កំលោះ ថេណា P Sand, Bros La ក្រុម Small World, Small Band ក្រុមរាំ 4NIX  និងជាពិសេសនោះគឺទស្សនាការសម្តែងរបស់កំពូលតារាចម្រៀងលំដាប់អន្តរជាតិរបស់កូរ៉េ គឺកញ្ញា CL ដែលជាអតីតមេក្រុមចម្រៀងនារី 2NE1 ដ៏ល្បីឈ្មោះ ។

    គ្រាន់​តែ​កំពូល​តារា​ស្រី​ CL បង្ហាញ​ខ្លួន​ភ្លាម​ ឆាក​តន្ត្រី​កាន់​តែ​ពោរពេញ​ដោយ​ភាព​អស្ចារ្យ​ លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​ពី​មុន​ដែរ។ អនុស្សាវរីយ៍​ដ៏​មាន​តម្លៃ​ និង​ជូន​ជា​កាដូ​សម្រាប់​អ្នក​គាំទ្រ​ជា​ទី​ស្រឡាញ់​ ពី CL បាន​លើក​យក​បទ​ចម្រៀង​ និង​សម្ដែង​ពេញ​ទំហឹង​ពេញ​ឆាកប្រគំតន្ត្រីនេះដូចជាបទ​ល្បី​ៗ The Baddest Female, Doctor Pepper, Hello Bitches ព្រម​ទាំង​បទ​ចម្រៀង​របស់​ 2NE1 គឺ​ Gotta be you, Falling in love និង​ I am the Best ជា​ដើម ដែលធ្វីអោយ​អ្នក​គាំទ្រ​ផ្ទាល់នាំគ្នា​ហ៊ោកញ្ជ្រៀវ ពុះកញ្ជ្រោល រាំ ​ស្ទើរ​ផ្ទុះ​ឆាក​​ ពេញចិត្ត ពេញថ្លើម ព្រោះ​រំភើប​ដែល​បាន​ឃើញ​ការ​សម្ដែង​ផ្ទាល់​របស់ CL ជា​លើក​ដំបូង​ ។

    ការប្រគំតន្ត្រីខ្នាតអន្តរជាតិតារាល្បីកូរ៉េ CL នេះ ក្រោមកិច្ចសហការណ៍ Huawei ឧបត្ថម្ភដល់ Smart ដែលែតងតែសហការណ៍គ្នាល្អ ក្នុងនាមជាដៃគូរពាណិជ្ជកម្មល្អ និងយូរអង្វែង ។ ក្នុងបរិវេណប្រគំតន្ត្រីខ្នាតអន្តរជាតិនេះ Huawei  ក៍បានដាក់តាំងស្មាតហ្វូនស៊េរីថ្មីៗ ដូចជា Huawei Nova2i, Huawei Mate 10Pro, Huawei P10/P10Pro, Huawei Mate 9 Pro ដល់អ្នកចូលរួមនិងយុវវ័យ អាចតេស្ត ប្រើ យល់ច្បាស់អំពីបច្ចេកវិទ្យាថ្មីៗ ទំនើបៗ ឈានមុខ និងសិល្បៈថតរូបច្បាស់ៗស្អាតៗកម្រិតអាជីពផងដែរ ។

    Huawei ដែលគឺជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក ដែលកំពុងឡើងកូដនិងទទួលបានការពេញនិយមនៅទូទាំងពិភពលោក ក៍ដូចជានៅកម្ពុជាផងដែរដែលនាពេលថ្មីៗនេះ Huawei ទទួលបានចំណាត់ទី2ក្នុងបរិមាណលក់ ។ គួរកត់សំគាល់ថា Huawei បានធ្វើអោយកក្រើកទីផ្សារស្មាតហ្វូន នៅកម្ពុជា តាមរយៈការចេញលក់ Huawei nova 2i ស៊េរីថ្មី ដែលមានរហ័សនាមថា “អាភ្នែក4 (កាមេរ៉ា ៤)” ពោលគឺរាប់ចាប់តាំងពីអតិថិជន អ្នកលក់ ម្ចាស់ហាងទូរសព្ទ័ បានពេញចិត្តគ្រប់បែបយ៉ាងចំពោះ Huawei nova 2i នេះ ។​

    លោក  Thomas Hundt នាយកប្រតិបត្តិជាន់ខ្ពស់​​​ក្រុមហ៊ុន Smart បានមានប្រសាសន៍ថា ប្រជា​ប្រិយភាព និងភាពល្បីល្បាយ របស់តារាចម្រៀងកូរ៉េ K-Pop នៅកម្ពុជាគឺមានភាពពុះកញ្ផ្រោលក្តៅគគុក ដែលជាមូលហេតុដ៍ចំបងមួយ ដែល Smart មានមោទនភាពបានអញ្ផើញ និងរៀបចំការប្រគំតន្ត្រីខ្នាតអន្តរជាតិដែលមានតារាកូរ៉េដ៍ល្បីនេះ ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានសន្យាថានឹងនាំមកនូវតារាចម្រៀងល្បឺៗ កំរិតអន្តរជាតិ ដើម្បីផ្តល់ជូននវូការកំសាន្ត និងភាពរីករាយ តែមួយគត់ទៅដល់អតិថិជនរបស់ខ្លូន ។

    ឱកាសដ៍កម្របានមកដល់ហើយ បន្ទាប់ពីការប្រគំតន្រ្តីដែលមានតារាចម្រៀងដ៍ល្បីល្បាញ កម្រិតអន្តរជាតិដូចជា៖ Demi Lovato, Jessie J និង Rain នោះ ឥឡូវនេះគឺមានតារាចម្រៀងដ៏ល្បីមួយរូបទៀតគឺកញ្ញា CL នឹងមកសម្តែងជូនអតិថិជនជាទីស្រលាញ់ទាំងអស់របស់ Smart ឆ្នាំនេះ ក្រុមហ៊ុនបានផ្តល់ជូននូវការកំសាន្ត កម្រិតអន្តរជាតិដោយតារា  Lee Chae-rin ដែលមហាជន ស្គាល់ថា CL នឹងមកសម្តែងផ្តល់ជូនផ្តាច់មុខតែមួយគត់ចំពោះអតិថិជន Smart ។ តារាចម្រៀងកូរ៉េល្បី CL វ័យ 26 ឆ្នាំ រូបនេះ គឺជាអតីតសមាជិកក្រុម 2NE1 បានឈ្នះពានរង្វាន់ជាច្រើនសម្រាប់ការនិពន្ធ បទចម្រៀង និងច្រៀង រឺសម្តែងល្បី លើឆាកធំៗខ្នាតអន្តរជាតិ។ 

    លោកបានបន្ថែមថា  ជាមួយនឹងការគាំទ្រពីអតិថិជននៅកម្ពុជា ដ៍ច្រើនលើសលុបចំពោះ Smart ក៍ដូចជាតារាចម្រៀងអន្តរជាតិ តារាចម្រៀងក្នុងស្រុក ក្រុមហ៊ុននឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជួយជម្រុញវិស័យសិល្បៈតន្ត្រី និងគាំទ្រតារាចម្រៀងក្នុងស្រុក និងបន្តផ្តល់ជូននូវការកំសាន្តកំរិតពិភពលោក ជូនទៅដល់អតិថិជនរបស់ Smart ក៍ដូចជាប្រជាជន កម្ពុជាទាំងអស់”។

    តាមការកត់សំគាលរ់បស់តារាសម្តែងតារបង្ហាញម៉ូតល្បឺឈ្មោះ និងកំពុងឡើងកូដ កញ្ញា ឌុច លីដា បាននិយាយថា “តន្ត្រីខ្នាតអន្តរជាតិតារាកូរ៉េCL ឆ្នាំនេះបានធ្វើអោយកក្រើកកោះពេជ្រ រញ្ជួញទីក្រុងភ្នំពេញ ដោយលើឆាកដ៍ធំ តារា Original Song ម្នាក់ៗ លើសពី4បទ ក្រុមរាំល្បីៗមួយក្រុមៗលើសពី 4បទ ច្រៀងរួមគ្នាទាំងអស់ជាពិសេសកញ្ញា CL លើសពី 5-6 បទ សុទ្ធតែបទល្បីៗញាក់ៗ រញ្ជួលចិត្តយុវវ័យអ្នកចូលរួមប្រមាណ 3000-40000នាក់ ។ កញ្ញា CL បានធ្វើអោយ យុវវ័យរាប់ម៉ឺននាក់ ពុះកញ្ផ្រោល ក្តៅគគុក តាមរយៈការសម្តែង ច្រៀង ជាមួយនឹងពាក្យថ្លែងអំណរគុណចំពោះក្តីស្រលាញ់ ចូលចិត្តពីសំណាក់ប្រជាជនក៍ដូចជាយុវវ័យកម្ពុជា​​ ដោយរួមផ្សំជាមួយនឹងតារាចម្រៀង Original Songs ល្បីៗមួយចំនួនទៀត ដែលធ្វើអោយតន្ត្រីឆ្នាំនេះ កាន់តែធំកាន់តែកក្រើក កាន់តែទាក់ទាញ ”៕

     

  • ​LG Electronics និង ក្រុមហ៊ុន ជីហ្គៀ រៀបចំសិក្ខាសាលាស្ដីអំពីបច្ចេកវិទ្យានៃការដំឡើងម៉ាស៊ីនត្រជាក់  LG ស៊េរីថ្មី

    ​LG Electronics និង ក្រុមហ៊ុន ជីហ្គៀ រៀបចំសិក្ខាសាលាស្ដីអំពីបច្ចេកវិទ្យានៃការដំឡើងម៉ាស៊ីនត្រជាក់  LG ស៊េរីថ្មី

    ថ្មីៗនេះ ក្រុមហ៊ុន LG  បានច្នៃប្រឌិតឡើងនូវម៉ាស៊ីនត្រជាក់ ស៊េរីថ្មី ​Dual Inverter ដែលបំពាក់បច្ចេកវិទ្យាថ្មីកាន់តែអស្ចារ្យ ដើម្បីបំពេញនូវតម្រូវការ របស់អតិថិជន ដែលតែងតែចង់បានម៉ាស៊ីនត្រជាក់គុណភាពល្អ ជួយសន្សំសំចៃថាមពល នឹងត្រជាក់កាន់តែលឿនរហ័ស​ គុណភាពខ្ពស់ នឹងប្រើប្រាស់បានយូរ ។

    កម្មវិធីសិក្ខាសាលានេះប្រារព្ធឡើងនៅថ្ងៃទី​ ​7 ខែ ធ្នូ ឆ្នាំ 2017 នៅ  ភោជនីយដ្ឋានទន្លេបាសាក់ II  ដែលមានការចូលរួមពីក្រុមអ្នកជំនាញផ្នែក ដំឡើងម៉ាស៊ីន​ត្រជាក់សរុបជាង ១០០ នាក់ ។

    គោលបំណងនៃការរៀបចំសិក្ខាសាលានេះគឺ ដើម្បីចង់បង្ហាញពី បច្ចេកវិទ្យា ម៉ាស៊ីនត្រជាក់ LG ស៊េរីថ្មី ដ៏ក្រុមអ្នកជំនាញ ចែករំលែកបទពិសោធន៏ រាល់ការជួបប្រទះសព្វថ្ងៃ ជាពិសេស ណែនាំ និង បង្ហាត់បង្រៀន បន្ថែម ក្នុងការដំឡើង ម៉ាស៊ីនត្រជាក់អោយស្របទៅតាមស្ដង់ដាបច្ចេកទេស និង វិជ្ជាជីវះ ។

    ឆ្លៀតឱកាលនេះផងដែល ក្រុមហ៊ុន LG Electronics ក៏បានបង្ហាញនូវម៉ាស៊ីនត្រជាក់ ស៊េរីថ្មី គឺ LG Dual Inverter Compressor ​​របស់ខ្លួនដែលមានរាងស្ដើង សន្សំសំចៃភ្លើង កាន់តែច្រើន កាន់តែឆាប់ត្រជាក់  ងាយស្រួយដំឡើងគ្រប់ទីតាំង។

    អ្វីដែលសំខាន់គឺម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះត្រូវបានផលិតឡើងដោយផ្ដោតទៅលើបច្ចេកវិទ្យា កុំប្រេសសឺភ្លោះ ( Dual Inverter Compressor ) ដែលធ្វើអោយម៉ាស៊ីនត្រជាក់របស់យើង សន្សំសំចៃ ថាមពលខ្ពស់រហូតដល់ 70 % ឆាប់ត្រជាក់ជាមុន រហូតដល់ទៅ 40 % ដំណើរការម៉ាស៊ីនត្រជាក់ ស្ងាត់បំផុត​ធ្វើអោយបរិយាកាលនៅក្នុងគេហដ្ឋានពេញដោយផាសុខភាព និង ជាម៉ាស៊ីនត្រជាក់ដែលមានការធានានៅលើកុំប្រេសឺ ( Compressor ) 10 ឆ្នាំ ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា  ។​​

    រីឯបច្ចេកវិទ្យា Gold Fin កញ្ច្រែងមាស បំពាក់នូវស្រទាប់អាលុយមីញ៉ូម និងបន្ទះដែកការពារច្រេះ២ជាន់ ជួយឲ្យផ្ទៃខាងមុខរបស់ម៉ាស៊ីនត្រជាក់ទប់ទល់នឹងសំណើមដែលធ្វើឲ្យច្រេះចាប់បានយ៉ាងល្អ និង ទប់ទល់នូវការប្រែប្រួលនៃកម្តៅផ្សេងៗ​ ដែលជាកត្តាធ្វើឲ្យម៉ាស៊ីនត្រជាក់នេះធន់ប្រើប្រាស់បានយូរ។

    តាមរយៈមុខងារសំខាន់ៗខាងលើ បានធ្វើឲ្យក្រុមហ៊ុន LG មានទំនុកចិត្តលើផលិតផលម៉ាស៊ីនត្រជាក់របស់ខ្លួន ថាអាចបំពេញនូវសេចក្ដីត្រូវការ និងការចង់បានរបស់អតិថិជនដែលធ្វើអោយការរស់នៅរបស់អតិថិជនទាំងអស់ពោលពេញដោយផាសុកភាព ។

    អតិថិជនទាំងអស់អាចរកជាវម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះនៅគ្រប់ហាង LG Brandshop គ្រប់សាខាខេត្ត​ ​ក្រុង និង ហាងលក់គ្រឿងអេឡិចត្រូចនិចទូរទាំងប្រទេស ។

    ពត៏មានបន្ថែម 023 222 699 និង ផ្នែកសេវាកម្ម 023 888 199