Author: អេបិល

  • ម្នាក់ទៀតហើយ!! ម៉ៃ សុគន្ធ រិះគន់ព្រះតេជគុណ ឡុង ចន្ថា ជាសង្ឃអន្ធពាល

    ម្នាក់ទៀតហើយ!! ម៉ៃ សុគន្ធ រិះគន់ព្រះតេជគុណ ឡុង ចន្ថា ជាសង្ឃអន្ធពាល

    នៅថ្ងៃម្សិលមិញនេះ សង្កេតឃើញមានការរិះគន់ព្រះតេជគុណ ឡុង ចន្ថា ពីសំណាក់រាជនីសំឡេងមាស ម៉េង កែវពេជ្ជតា រួមទាំងបណ្ដាមជ្ឈដ្ឋានមហាជនជាច្រើនថែមទៀតផងដែរ ខណៈដែលព្រះសង្ឃអង្គនេះមាន​សង្ឃដីកា​អន់ចិត្ត​ដែល​ត្រូវ​បាន​គេ​ប្រគេន​លុយ​តិច​អំឡុង​ពេល​ទេសនា​ ហើយបានតបតសង្គ្រាមពាក្យសម្ដីដៀមដាមជាមួយតារាចម្រៀងស្រីល្បីឈ្មោះរូបនេះផងដែរ។

    យ៉ាងណាមិញដែរ តារាចម្រៀង ម៉ៃ សុគន្ធ អត់ទ្រាំពុំបាន ក៏បានបង្ហោះសាររិះគន់ព្រះសង្ឃមួយអង្គនេះថា « ថាមិនចង់លូកមាត់ទេ តែសង្ឃអង្គនេះ គាត់តាំងនាមគាត់ដូចជាអន្ធពាល ស្តាប់សំដីសង្ឃអង្គនេះហើយពិចារណាចុះ!? សួរថាព្រះសង្ឃ គួរគប្បីប្រើភាសាបែបនេះទេ !? ស្រែបុណ្យដែលលោកតាលោកយាយធ្វើទទួលបានហើយ នូវសំដីសង្ឃបែបនេះ គាត់សំបូរលុយណាស់ ហាមកអោយរង្វាន់1000$ សួរណា នេះជាស្រែបុណ្យ ពិតអត់? ក្មេងក្រខ្សត់ រកតែដុំបាយឆីមិនបានផង។ តែសង្ឃអង្គនេះ សំបូរពេករឺ ? សូមក្រសួងធម្មការនិងក្រសួងពាក់ព័ន្ធ មេត្តាបើកភ្នែកមើលផង រួមទាំងសម្តេចសង្ឃទាំង2គណៈ ផងដែរ (ខូចអស់ហើយ សាសនានិងសង្ឃដែលល្អៗគួរអោយប្រតិបត្តិ )»។

    គួរបញ្ជាក់ផងដែរថា កន្លងមកព្រះសង្ឃអង្គនេះ ធ្លាប់បានប្រកាសថា ​ព្រះ​តេជគុណ​មិន​ខ្លាច ​រួម​ទាំង​ប្រកាស​ប្រឈមមុខ​តតាំង​ដោយ​មិន​ខ្លាច​លើ​ការរិះគន់​ចំពោះ​បុគ្គល​រូប​ណា​ម្នាក់​ឡើយ។ នេះ​មិនមែន​ទើបតែ​លោក​ម៉ៃ សុគន្ធ ម្នាក់នេះ​ទេ​ដែល​បាន​ប្រតិកម្ម​ចំពោះ​សង្ឃដីកា​​របស់​ព្រះ​តេជគុណ ឡុង ចន្ថា ខណៈដែល​អ្នកនាង ម៉េង កែវពេជ្ជតា និង​មហាជន​មួយចំនួន​ក៏​កំពុងតែ​បញ្ចេះ​កម្ដៅ​លើ​ករណី​របស់​ព្រះ​តេជគុណ ឡុង ចន្ថា ។ ជាមួយគ្នានេះ​ក៏មាន​ការស្នើរ​សុំ​ឲ្យ​ក្រសួង​ធម្មការ​និង​សាសនា​ត្រូវ​ពិនិត្យមើល​លើ​ករណីនេះ​ផងដែរ​៕

  • Recky ម្ចាស់បទ«ផ្ញើរសង្សារផង» ព្រោះស្រលាញ់សុខចិត្ដចំណាយទុនអស់ច្រើន

    Recky ម្ចាស់បទ«ផ្ញើរសង្សារផង» ព្រោះស្រលាញ់សុខចិត្ដចំណាយទុនអស់ច្រើន

    ទោះបីមានតារាចម្រៀងជើងចាស់លោកមាស សាម៉ន បានច្រៀងបទ«កកាកិកី» រួចហើយក៏ដោយ ក៏គ្រូបង្ហាត់ក្បាច់គុនប្រដាល់ ពិធីករ និងតារាចម្រៀងRecky ម្ចាស់បទ«ផ្ញើរសង្សារផង» ប្រឹងប្រែងបង្កើតទំនុកថ្មី ភ្លេងថ្មីមានចំណងជើង«កកាកិកី» ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងប្រព្រឹត្ដិចូលមកដល់នាពេលខាងមុខនេះ។

    លោកRecky បញ្ជាក់ថា កន្លងមកលោកមានបទចម្រៀងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្ដែជាប្រភេទបទមនោសញ្ចេតនា លើកនេះលោកចង់ផលិតបទចម្រៀងដែលមានទំនុកថ្មី បទភ្លេងថ្មីដែលអាចរំលេងកំសាន្ដ ដើម្បីយកមកចែកជូនប្រជាពលរដ្ឋខ្មែរស្ដាប់និងរាំកំសាន្ដ។ លោកបន្ថែម បទនេះលោកចង់ដាស់អារម្មណ៍អ្នកស្ដាប់ដែលមានវ័យកណ្ដាលឱ្យបាននឹកឃើញដល់ទិដ្ឋភាពទាំងឡាយកាលពីវ័យកុមារ គ្រាដែលពួកគាត់រៀន ព្យញ្ជនៈខ្មែរកកាកិកីដោយម្នាក់ៗមានអនុស្សាវរីយផ្សេងគ្នា។

    តារាចម្រៀងរូបនេះប្រាប់ទៀតថា បទចម្រៀងនេះនឹងចេញជាMVក្នុងពេលឆាប់ៗខាងមុខនេះ ធ្វើយ៉ាងណាលោកនឹងប្រឹងផលិតឱ្យចេញបានមុនបុណ្យចូលឆ្នាំខ្មែរ ។ អតីតកូនសិស្សសំណព្វចិត្ដផ្នែកសិល្បៈរបស់លោកប៊ីអាយជី បានលើកឡើងតទៀត ថា ៖«បទចម្រៀងមាននេះខ្ញុំបានចំណាយថវិកា និងពេលវេលាក្នុងការផលិតអស់ច្រើនគួរសមដែរ។ ខ្ញុំដឹងថាមានតារាចម្រៀងជាច្រើនកំពុងតែត្រៀមខ្លួនបញ្ចេញបទចម្រៀងក្នុងឱកាសចូលឆ្នាំ ដូច្នេះខ្ញុំគ្មានបំណងចង់ប្រកួតប្រជែងជាមួយតារាចម្រៀងដទៃទេ ពោលគឺដោយសារខ្ញុំស្រលាញ់លើវិស័យចម្រៀងខ្លាំង ព្រមទាំងចង់រួមចំណែកទាំងអស់គ្នាធ្វើយ៉ាងណា ដើម្បីធ្វើឱ្យបរិយាកាសកាន់តែសប្បាយរីករាយ។ ពិសេសកាន់តែគាំទ្រនូវស្នាដៃកូនខ្មែរទាំងអស់ឱ្យពួកគាត់កាន់តែមានទឹកចិត្ដផលិតបទផ្ទាល់ខ្លួនបន្ថែមទៀត»៕

  • នោះ!! ម៉េង កែវពេជ្ជតា ពន្លះព្រះតេជគុណ ឡុង ចិន្ថា

    នោះ!! ម៉េង កែវពេជ្ជតា ពន្លះព្រះតេជគុណ ឡុង ចិន្ថា

    បន្ទាប់ពីមានព័ត៌មានចេញផ្សាយពី ព្រះតេជគុណ ឡុង ចិន្ថា បានបង្ហាញប្រតិកម្មហួសចិត្តចំពោះរាជនីសំឡេងមាស ម៉េង កែវពេជ្ជតា រួចមកនោះ ភ្លាមតារាស្រីជើងចាស់រូបនេះ បានទម្លាយសារយ៉ាងវែងអន្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ពន្លះព្រះតេជគុណវិញតាមការគួរ។

    អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរ៉ាប់ថា « ង់មិនមែនជាកំហុស​ តែដែលខុសគឺត្រង់ច្រលំថាខ្លួនឯងចេះ​ !

    សង្ឃអង្គនេះខុសជ្រងោ​ តែលោកគិតថាលោកត្រូវ​ និងបានផ្ញើពាក្យគំរាមមកថែមទៀត ..ប្រសើរណាស់​គុណម្ចាស់​អឺយ តបឆ្លើយបានល្អ​បំផុត ស័ក្តិសមជាសង្ឃកាន់សីល១០ឥតខ្ចោះ​ ! ! មិនបាច់ឆ្ងល់ទេ​ថាសំដៅលើសង្ឃណា​ ?​ គឺគុណម្ចាស់ ឡុង​ ចន្ថា​ ហ្នឹងហើយ​ ! គុណម្ចាស់កំពុងប្រព្រិត្តប្រាសចាក​វិន័យ​​ធម៌នៃព្រះសម្មាសម្ពទ្ធ​ ភ្លេចថាខ្លួនជាសង្ឃ ក្បត់ទឹកចិត្តគោរពដ៏ជ្រះថ្លាពីសំណាក់​ពុទ្ធសាសនិក​ យកលុយជាធំ​ ក្អេងក្អាង​ និងតែងតែយកវេលាទេសនាមករិះគន់ពេបជ្រាយតែរឿងបច្ច័យច្រើនជាងការផ្សព្វផ្សាយធម៌អប់រំល្អ ។ ណ្ហើយ​កុំវែងឆ្ងាយ​ គុណម្ចាស់ចង់ព្រលះអោយជ្រះក្អែល​ពីរឿងអី សូមនិមន្តតាមសប្បាយ​ចុះ​ ព្រោះមើលទៅគុណម្ចាស់ចូលចិត្តសប្បាយក្នុងហឹង្សា​ការឈ្លោះ​បញ្ចេញចង្កូម​​បែបអ្នកលេង​ខ្លាំងណាស់ ។

    ឆាប់ព្រលះទៅដើម្បីគុណម្ចាស់ឆាប់បានដល់បរិនិពាន្ត​លឿនដែរ​ តែគុណម្ចាស់កុំភ្លេចប្រើនេត្រា​មើល​មក Comment របស់ប្រជាពលរដ្ឋទាំងនេះផង​ គុណម្ចាស់នឹងជ្រាបថាគុណម្ចាស់កំពុងមានមោទ​នៈភាព​យ៉ាងក្រៃលែងដែលបានធ្វើអោយវិស័យព្រះពុទ្ធសាសនា​ត្រូវល្អក់កករ​ រងក្តីអាម៉ាស់​ និងអាចហិនហោច​បាន ឯព្រះសង្ឃល្អជាច្រើនត្រូវប្រជាពលរដ្ឋបាត់បង់ជំនឿ​ និងអាចឈានទៅរកការដាច់ចង្ហាន់ជាបណ្តើរៗ ! បើដូច្នេះគុណម្ចាស់កុំភ្លេចឆៀងចូលទៅយកពានពីក្រសួងធម្មការផង ព្រោះខាងក្រសួងអាចកំពុងត្រៀមប្រគេនពានបំផ្លាញវិស័យព្រះពុទ្ធសាសនាដែលជាសាសនារដ្ឋនេះដល់គុណម្ចាស់ហើយ ។ សូមអស់យោបល់សិន​ ។ សារនេះ​មិនបានចង់តតាំងជាមួយលោកទេ​ ព្រោះយ៉ាងណាលោកជាព្រះសង្ឃដែល​មានចំណុចខ្សោយច្រើនណាស់​ តែចរិតខ្ញុំមិនចូលចិត្តធ្វើបាបអ្នក​ទន់ខ្សោយ ដូច្នេះខ្ញុំគ្រាន់តែមានបំណងត្រឹម​ ទីមួយចង់ជម្រាបជូនពុកម៉ែយាយតាបងប្អូនជាទីស្រលាញ់ទាំងឡាយថា​ អ្នកណាក៍ចង់ធ្វើ​បុណ្យដែរ​ ឯផលតបស្នងនឹង​ទទួលបានវិញដោយប្រសើរ​ប្រសិនបើសង្ឃដែលយើងធ្វើបុណ្យជាមួយនោះបរិសុទ្ធ​ តែបើធ្វើប៉ះចំសង្ឃទ្រុស្តសីល​បែបនេះដូចយក​លុយ​ទៅជះចោល​ ។

    ស្តាយកម្លាំងណាស់បងប្អូន​ ម្នាក់ៗខំធ្វើការយ៉ាងលំបាកបានប្រាក់បន្តិចបន្តួចថា​យកទៅធ្វើបុណ្យបែជាប៉ះសង្ឃចិត្តពាលមិនស្គាល់គុណតម្លៃនៃសទ្ធាហើយចំអកថែមទៀតដូច្នេះគួរអោយឈឺចាប់ណាស់ ។ ទីពីរ​ ៖​ សូមអោយបងប្អូនប្រជាពលរដ្ឋខ្មែរ​ខមិន​ បញ្ចេញមតិទាំងអស់គ្នា​ព្រោះទាំងនេះជាការបំភ្លឺទៅកាន់ក្រសួង​ធម្មការ​ និងក្រសួងពាក់ព័ន្ធ​ អោយចុះធ្វើចំណាត់ការលើសង្ឃប្រភេទនេះបានឆាប់ផង ដើម្បីរក្សាភាពស្អាតស្អំនៃសាសនា​ ក៍ដូចជារក្សាតម្លៃដល់ព្រះសង្ឃត្រឹមត្រូវដទៃទៀតអោយស្ថិតក្នុងសេចក្តីគោរពអំពីគ្រប់មជ្ឍដ្ឋាន​ ។ សង្ឃឹមថាខាងក្រសួងលោកនឹងមិនទុករឿងដ៏ក្តៅក្រហាយនេះចោលទេ​ ។​ ព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសឯករាជ្យអព្យាក្រិត្យ​ និងមានការដឹកនាំអភិវឌ្ឍន៍ក្រោមបាវច្ចនា​ ជាតិ​ សាសនា​ ព្រះមហាក្ស័ត្រ​ ! សូមកុំភ្លេចចូលរួមថែរក្សា​វប្បធម៌​ អរិយធម៌​ និងសាសនារបស់យើងអោយបានគង់វង្ស​ ព្រោះទាំងអស់នេះជាអត្តសញ្ញាណរបស់យើងដែរ​ ។

    សេចក្តីគួរពុំគួរសូមអធ្យាស្រ័យ​ សូមអរគុណ។ រាជធានីភ្នំពេញ​ ថ្ងៃពុធ​ ១៣រោច​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព.ស.​២៥៦១ ត្រូវនឹងថ្ងៃទី១៤​ ខែ​ មិនា​ ឆ្នាំ​ ២០១៨»៕

  • សុខ ជំនោរ សម្ដែងការខកចិត្តចំពោះចង្វាក់រាំវង់

    សុខ ជំនោរ សម្ដែងការខកចិត្តចំពោះចង្វាក់រាំវង់

    កាលពីពេលថ្មីៗនេះ ប្រទេសឡាវបានកំពុងតែរៀបចំស្នើរសុំដាក់ចង្វាក់រាំវង់ចូលទៅក្នុងបញ្ចីសម្បត្តិបេតិកភណ្ឌពិភពលោក ហើយបន្ទាប់ពីដឹងដំណឹងនេះគេឃើញបងប្អូនប្រជាពលរដ្ឋខ្មែរ និងអ្នកសិល្បៈ ដែលស្រលាញ់វប្បធម៌ខ្មែរមានការសោកស្តាយយ៉ាងខ្លាំង ដែលចង្វាក់រាំវង់ជាចង្វាក់ដ៏ពេញនិយមនៅស្រុកខ្មែរ បែរត្រូវបានឡាវស្នើរដាក់បញ្ចូលបែបនេះទៅវិញ។

    ជាមួយគ្នានេះដែរ លោក សុខ ជំនោរ ដែលអតីតកវីនិពន្ធល្បីឈ្មោះម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាស ក៏មានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការដែលយុវវ័យខ្មែរមួយចំនួនដែលនិយមតែបទចង្វាក់បែកស្លុយ និងមិនសូវឱ្យតម្លៃចង្វាក់រាំប្រជាប្រិយខ្មែរនោះ លោកថា « ជយោ រាំវង់ ! យើងនៅមានវង្វាក់ច្រើនទៀត។ អស់មួយបានមួយ។ នៅចាំថាមានមូលហេតុមួយដែលញ៉ាំងឲ្យបែកស្លុយផុសផុលបង្ករកំណើតគ្រប់ទិសទី ពីមួយឆ្នាំទៅមួយឆ្នាំ» ។

    គួរបញ្ចាក់ផងដែរថា បើតាមការសាកសួរសាស្រ្តា និង រៀមច្បង នៅសាលាវិចត្រមួយចំនួនមក ទើបដឹងថា ក្បាច់រាំរបស់ខ្មែរ ស្ទើតែទាំងអស់ មិនមែនជាក្បាច់ ដែលខ្មែរយើងបង្កើតថ្មីឡើងទេ លើកលែងតែក្បាច់រាំជាចង្វាក់ក្បាច់ចេញ ព្រោះចង្វាក់រាំក្បាច់នេះ ខ្មែរយើង បានយក ចេញពីរបាំអប្សរា មកច្នៃ ឲ្យទៅជាចង្វាក់រាំសម្រាប់រាំក្នុងពិធីប្រពៃណី ដូចជាបុណ្យ ឬរៀបការជាដើម។ ជាមួយគ្នានេះដែរ ចំពោះក្បាច់រាំ ដូចជាចង្វាក់រាំវង់ សារ៉ាវ៉ាន់ និង ឡាំលាវ គឺចាស់ៗខ្មែរយើងពីដើម បានយកបទរបស់ឡាវ(ពីដើមគេហៅ ថាលាវ)នេះមកច្នៃឲ្យក្លាយមកជារបស់ខ្មែរទេ។ មិនមែនជាក្បាច់ចំតួរបស់ខ្មែរយើងឡើយ ដោយគ្រាន់តែខ្មែរយើង មានបទពិសោធន៍ពីកែ អាចកែច្នៃរបស់គេឲ្យក្លាយជារបស់ខ្លួនបាន។ខ្មែរយើងច្នៃ ល្អជាងម្ចាស់ដើម(ប្រទេសឡាវ)គេទៅទៀត។

    ផងដែរនោះ លោក សុខ ជំនោរបានសង្កត់ធ្ងន់ថា ចង្វាក់រាំប្រជាប្រិយខ្មែរដែលមាន រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់  ឡាំលាវ និងកន្ត្រឹម ត្រូវបានចារចូលជាប្រវត្តិសាស្ត្រអស់ហើយ នៅឡើយតែចង្វាក់ស្លុយ អត់ទាន់មានអ្នកចែងជាប្រវត្តិ៕

  • ស្ដាប់ សុខគា និយាយអ្វីខ្លះពីចង្វាក់រាំ និងក្មេងបែកស្លុយ

    ស្ដាប់ សុខគា និយាយអ្វីខ្លះពីចង្វាក់រាំ និងក្មេងបែកស្លុយ

    បន្ទាប់ពីព័ត៌មានប្រទេសឡាវបានដាក់បញ្ចូល « រាំវង់ » ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៅអង្គការ UNESCO ភ្លាមៗនោះក៏កក្រើកពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក រហូតដល់ពិធីករដ៏ល្បីឈ្មោះ និងជាអ្នកចម្រៀងអាយ៉ៃ ពូកែឆ្លងឆ្លើយលេងពាក្យសម្តី កំប្លុកកំប្លែងមិនចេះទាល់ លោក ដួង សុខគា បានបង្ហោះសារពន្លះចំៗដល់អ្នកមិនចូលរួមថែរក្សាវប្បធម៌ខ្មែរតែម្តង និងជាពិសេសគឺ ក្មេងនិយមស្ទីលបែកស្លុយ។

    អមដោយរូបភាពខោរហែករយីករយាក ដែលជាស្ទាយនៃការស្លៀកពាក់បែបបែកស្លុយ លោក សុខគា បាននិយាយនៅលើហ្វេសប៊ុកថា « និយាយមិនចេញព្រោះខ្ញុំមិនចេះ រលួយរឡេះបេះបែកពីរបី ខួរអើយឡើងខាប់ស្អុយដូចទឹកត្រី ឈឺចិត្តរកអ្វីមកស្តីមិនបាន»។ លោកក៏បានបន្ដថា «យើងមើលរបស់ខ្លួនឯងមិនចេះឃើញល្អទេ ហើយក៏មិនចេះចង់ថែដែរ (រាំបទខ្មែរខ្លាចអន់)។ ឥលូវគេដទៃ គេសុខចិត្តអន់ហើយ តើយើងយល់ឃើញយ៉ាងណា? ពូមោកសួរបែបឡេឡឺៗ»។

    សូមជម្រាបបន្ថែមថា ស្របជាករណីខាងលើនេះ បន្ទាប់ពីព័ត៌មានប្រទេសឡាវបានដាក់បញ្ចូល « រាំវង់ » ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនោះ តារាចម្រៀងអាយ៉ៃ និងភ្លេងការរូបនេះ ក៏បានសង្កត់ធ្ងន់មិនបញ្ចេញចំៗថា « បង្ហោះការងារអូសរំលង បង្ហោះរឿងខុសទំនង ដណ្តើមគ្នា Like គិតតែជេរគ្នាទៅកូន កុំប្រឹងរៀន!!  បែកស្លុយទៅកូន ទុកអូនរាំវង់ឲ្យគេថែ! ស្តាយធ្វើអីបើយើងមិននាំគ្នារវល់ផង! អូនរាំវង់ ត្រូវការប្តីថ្មីចេះថ្នម រក្សា!! បន្តិចទៀត មានអូនផ្សេងទៀតទៅដែរហើយ!! កុំចោទថា គេចិត្តចើកណា! »៕

  • មកដឹងពីប្រវត្តិ ចង្វាក់បទរាំវង់ រាំក្បាច់ និងសារ៉ាវ៉ាន់របស់ខ្មែរ

    មកដឹងពីប្រវត្តិ ចង្វាក់បទរាំវង់ រាំក្បាច់ និងសារ៉ាវ៉ាន់របស់ខ្មែរ

    បើតាមការស្រង់ចេញពីឯកសារស្រាវជ្រាវរបស់ប្លក់ «ខំ ស៊ី» បានឱ្យដឹងថា នៅពេលដែលយើងឮ ឬឃើញគេរាំនូវចង្វាក់រាំមួបែប ដែលខ្មែរយើងហៅថា ចង្វាក់រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ និង ឡាំលាវ យើងពិតជាគិត និង ច្បាស់ក្នុងចិត្តថា ក្បាច់រាំទាំងនេះ គឺជាក្បាច់រាំរបស់ខ្មែរយ៉ាងពិតប្រាកដ លើកលែងតែក្បាច់រាំដូចជាម៉ាឌីហ្សុន បូលីរ៉ូ ស្ល៊ូ ឬឆាឆាចេញ ។

    ក្បាច់រាំទាំងនេះ សូម្បីតែខ្ញុំបាទ ដែលជាអ្នករៀបរាងនេះ ក៏មានការភ័នច្រឡំដែរថា គឺជាចង្វាក់រាំ ដែលខ្មែរយើងខ្លួនឯង ជាអ្នកបង្កើតឡើង ប៉ុន្តែ ក្រោយពីបានជួប និង សាកសួរសាស្រ្តា និង រៀមច្បង នៅសាលាវិចត្រមួយចំនួនមក ទើបដឹងថា ក្បាច់រាំរបស់ខ្មែរ ស្ទើតែទាំងអស់ មិនមែនជាក្បាច់ ដែលខ្មែរយើងបង្កើតថ្មីឡើងទេ លើកលែងតែក្បាច់រាំជាចង្វាក់ក្បាច់ចេញ ព្រោះចង្វាក់រាំក្បាច់នេះ ខ្មែរយើង បានយក ចេញពីរបាំអប្សរា មកច្នៃ ឲ្យទៅជាចង្វាក់រាំសម្រាប់រាំក្នុងពិធីប្រពៃណី ដូចជាបុណ្យ ឬរៀបការជាដើម។

    ជាមួយគ្នានេះដែរ ចំពោះក្បាច់រាំ ដូចជាចង្វាក់រាំវង់ សារ៉ាវ៉ាន់ និង ឡាំលាវ គឺចាស់ៗខ្មែរយើងពីដើម បានយកបទរបស់ឡាវ(ពីដើមគេហៅ ថាលាវ)នេះមកច្នៃឲ្យក្លាយមកជារបស់ខ្មែរទេ។មិនមែនជាក្បាច់ចំតួរបស់ខ្មែរយើងឡើយ ដោយគ្រាន់តែខ្មែរយើង មានបទពិសោធន៍ពីកែ អាចកែច្នៃរបស់គេឲ្យក្លាយជារបស់ខ្លួនបាន។ខ្មែរយើងច្នៃ ល្អជាងម្ចាស់ដើម(ប្រទេសឡាវ)គេទៅទៀត។

    លោកសាស្រ្តាខ្លះបាននិយាយថា ដោយសារតែមូលហេតុងហ្នឹងហើយ ទើបចង្វាក់រាំរបស់ខ្មែរយើងនេះ មានឈ្មោះថា រាំសារ៉ាវាន់ និង រាំ ឡាំលាវ គឺមកពីពាក្យដើមជាភាសាឡាវ ឬឡាំថូន ដែលមានន័យថា រាំតាមសំឡេងភ្លេង(ថូន tone)។

    ទោះជាយ៉ាងនេះក្ដី ក៏គេមិនអាចដឹងថា ក្បាច់ ឬចង្វាក់រាំទាំងនេះ ត្រូវបានកែច្នៃ ឬបង្កើតឡើងដោយអ្នកណា នៅឆ្នាំណានោះទេ ប៉ុន្តែ តាម រយៈល្ខោនប្រម៉ោទ័យ ដែលបង្កើតឡើងដោយលោកយាយម៉ែម៉ឺន ក្បាច់ ឬចង្វាក់រាំទាំងនេះ ប្រហែលកើតក្នុងទសវត្សរ៍ឆ្នាំ50 ព្រោះលោកយាយម៉ែម៉ឺន មកធ្វើការបម្រើ ឬធ្វើជាអ្នករបាំព្រះរាជទ្រព្យ តាំងពីលោកយាយនៅក្មេង(អាយុប្រហែល៧ឆ្នាំ) ហើយលោក យាយម៉ែម៉ឺន នេះទៀតសោត ត្រូវបានមន្រ្តីបម្រើការនៅក្នុងព្រះបរមរាជវាំងអះអាងថា លោកយាយគឺជាជនជាតិឡាវ(លាវ)ទេ មិនមែនជាកូនខ្មែរសុទ្ធទេ។

    ជាមួយគ្នានេះដែរ ការកើតឡើងនូវចង្វាក់រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និង ឡាំលាវ នេះ គឺវាតំណាលគ្នានឹងការកើតឡើង នូវវង់តន្រ្តីសម័យ របស់ខ្មែរ ដែលមានលោកមែប៊ុន លោកសុះម៉ាត់ លោកស៊ីនស៊ីសាមុត និង អ្នកចម្រៀងង អ្នកន្រ្តីដ៏ល្បីឈ្មោះជាច្រើនទៀតដែរ។

    តាមប្រសាសន៍ព្រឹទ្ធាចារ្យ លោកតាឆេងផុន ដែលជា អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ បានឲ្យដឹងកាលពីឆ្នាំ2006ថា កាលលោកនៅជាប្រធានសិល្បៈសមាគមអាស៊ាន ប្រទេសវៀតណាម ដោយមើលឃើញចង្វាក់រាំរបស់ខ្មែរ មើលទៅសប្បាយ និង ល្អម្យ៉ាង បានស្នើមកលោក ក្នុងបំណងចង់បង្កើតចង្វាក់រាំវង់ រាំក្បាច់ និង ឡាំលាវនេះដែរ ប៉ុន្តែ លោកបានបដិសេធថា ប្រទេសយើងមិនធ្លាប់មាន មិនគួរឲ្យមានទេ។ឯប្រទេសគេ ដែលមានហើយឲ្យគេមានចុះ៕

  • រ៉ា ប៊ី ប្រកាសគណនីហ្វេសប៊ុកត្រូវជនអនាមិកលុកលុយ

    រ៉ា ប៊ី ប្រកាសគណនីហ្វេសប៊ុកត្រូវជនអនាមិកលុកលុយ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កញ្ញា រ៉ា ប៊ី តារាចម្រៀងប្រចាំផលិតកម្មថោនដែលបានសរសេរសារប្រកាសកាលពីថ្ងៃទី12 ខែមីនា ឆ្នាំ2018នោះ បានឱ្យដឹងថា គណនីហ្វេសប៊ុករបស់នាងត្រូវបានជនអនាមិកធ្វើការ Hack យកប្រើប្រាស់ ដែលជាការបង្កនូវភាពអសីលធម៌ ឬក្នុងគោលបំណងមិនល្អណាមួយ ដូច្នោះហើយទើបតារាស្រីរូបនេះបានអំពាវនាវឱ្យបងប្អូនអ្នកគាំទ្រមានការប្រុងប្រយ័ត្ន។

    តារាស្រីវ័យក្មេងរូបនេះបានរៀបរាប់ថា « Facebook ខ្ញុំត្រូវបានពួកបាតសង្គម hack ចូលហើយ ខ្ញុំចូលpost បាន តែតាម safari ទេ អ៊ីចឹងសូមបងប្អូនប្រយ័ត្នក្នុងការ chat មកខ្ញុំផង ព្រោះបើមានបញ្ហាអី ខ្ញុំអត់ទទួលខុសត្រូវទេ» សូមជម្រាបបន្ថែមថា កញ្ញា រ៉ា ប៊ី ថ្មីៗនេះ កំពុងតែមានប្រជាប្រិយភាពខ្លាំងតាមរយៈបទចម្រៀងដែលរៀបរាប់ពីមាន់ស្រែ ដែលមនុស្សទូទៅទទួលស្គាល់ថា មានឱជារសឆ្ងាញ់។

    គួរបញ្ជាក់ដែរថាមិនត្រឹមតែល្បីនៅក្នុងប្រទេសប៉ុណ្ណោះទេ តែបទមាន់ស្រែនេះក៏ត្រូវបានគេហទំព័របរទេសមួយចំនួនយកទៅបង្ហោះបន្ត ហើយមានចូលអ្នកទស្សនាដល់រាប់លាននាក់ ដែលអាចនិយាយបានថា បទនេះក៏កំពុងស្ថិតនៅក្នុងតារាងលំដាប់បទដែលកំពុងពេញនិយមនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះផងដែរ៕

  • អ្នកដឹកនាំសម្ដែងបទ “រាំស្កុប” ចេញវីដេអូ សុំការអភ័យទោសពីសំណាក់ស្ថាបនិកភ្លើងគប់

    អ្នកដឹកនាំសម្ដែងបទ “រាំស្កុប” ចេញវីដេអូ សុំការអភ័យទោសពីសំណាក់ស្ថាបនិកភ្លើងគប់

    កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ស្ថាបនិកក្រុមភ្លើងគប់ ដែលអ្នកផងស្គាល់ថា ជាអ្នករៀបចំបុណ្យភូមិនោះមានឈ្មោះថា រិទ្ធី លំអរពេជ្រ បានចេញសារប្រតិកម្មចំពោះការចម្លងវីដេអូក្នុង MV បទចម្រៀងថ្មីរបស់តារាស្រី យូរី ដែលមានចំណងជើងថា “រាំស្កុប”។

    កញ្ញា លំអរពេជ្រ បានរៀបរាប់នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំទើបតែដឹងថាផលិតកម្មសាន់ដេ បានយកវីដេអូឯកសារស្បែកធំរបស់ខ្ញុំទៅប្រើប្រាស់នៅក្នុង MV ថ្មីរបស់ពួកគេដោយគ្មានសុំការអនុញ្ញាតអំពីខ្ញុំ។ នាងខ្ញុំគ្មានអ្វីទៅប្រឆាំងនឹងបទភ្លេងរបស់អ្នកទេ ព្រោះវាជាជំនួញរបស់អ្នក តែនេះជាវីដេអូឯកសាររបស់ខ្ញុំ អ្នកគួរតែធ្វើវាឱ្យស្របច្បាប់ទៅ។ អ្នកមិនអាចប្រើប្រាស់កម្មសិទ្ធិបញ្ញារបស់អ្នកដទៃ ដើម្បីជំនួញរបស់ខ្លួនឯងនោះទេ វាគួរឱ្យខ្មាស់គេណាស់។ បញ្ហាកម្មសិទ្ធិបញ្ញានេះវាកើតឡើង ហើយគួរតែមានចំណាត់ការណាមួយឱ្យបានត្រឹមត្រូវ ហើយក៏សង្ឃឹមថា ក្រសួងនានាដែលពាក់ព័ន្ធ ត្រូវតែមើលលើបញ្ហានេះឱ្យបានលឿនបំផុតដែរ។ មានគំនិតអី បានយករបស់គេមកប្រើធ្វើដូចរបស់ខ្លួនឯងអ៊ីចឹង?»។

    ទន្ទឹមនឹងការបញ្ចេញប្រតិកម្មរបស់កញ្ញា លំអរពេជ្រ នេះ ភា្លមៗនោះអ្នកដឹកនាំចម្រៀងនៅក្នុងផលិតកម្មសាន់ដេ និងជាអ្នកដឹកនាំបទ “រាំស្កុប” ដែលច្រៀងដោយកញ្ញា យ៉ូរី និង Bmo បានចេញមុខបកស្រាយ និងធ្វើការសុំអភ័យទោសដោយស្មោះអស់ពីដួងចិត្តចំពោះបញ្ហានេះ ដែលលោកអះអាងថា លោកជាអ្នកប្រព្រឹត្ត ហើយខាងផលិតកម្មគឺពុំបានដឹងរឿងអ្វីឡើយ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែម សូមទស្សនាវីដេអូបកស្រាយពី លោក លឹម ប៉េងឈីវ ដែលបានធ្វើការសុំទោសដូចខាងក្រោមនេះ៖

  • ទូច ស្រីល័ក្ខ បង្ហោះសារក្ដុកក្ដួល និងខកចិត្តចំពោះទង្វើបងប្អូនមួយចំនួន ក្នុងករណីលោកបណ្ឌិត ស៊ុយ សារ៉េត

    ទូច ស្រីល័ក្ខ បង្ហោះសារក្ដុកក្ដួល និងខកចិត្តចំពោះទង្វើបងប្អូនមួយចំនួន ក្នុងករណីលោកបណ្ឌិត ស៊ុយ សារ៉េត

    នៅថ្ងៃម្សិលមិញនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះករណីបុរសម្នាក់ដែលត្រូវបានគេរកឃើញអត្តសញ្ញាណថាជាលោកបណ្ឌិត ស៊ុយ សារ៉េត ក្រោយពេលបើករថយន្តបុករះយានយន្តជាច្រើនគ្រឿងនៅម្តុំវត្តទួល ខណ្ឌឫស្សីកែវ រួចហើយបើករត់រហូតដល់ក្រោយពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូដេញតាមជាច្រើនគ្រឿង ហើយធ្វើការវាយប្រហារទៅលើរូបលោកយ៉ាងឃោរឃៅ និងព្រៃផ្សៃ បណ្តាលឱ្យរូបលោករងរបួសធ្ងន់ធ្ងរនៅក្នុងរថយន្ដ សឹងតែដាច់ខ្យល់ស្លាប់ និងរថយន្តក៏ត្រូវខូចខាតយ៉ាងដំណំដែរ។

    ភ្លាមៗនោះ អ្នកនាង ទូច ស្រីល័ក្ខ បានចេញសារវិភាគ និងសម្ដែងការខកចិត្តចំពោះទង្វើកាត់សេចក្ដីដ៏សែនពាល និងពោរពេញដោយចរិតឈ្លក់នឹងហិង្សារបស់បងប្អូនប្រជាជនខ្មែរ(គ្មានការអប់រំ)មួយចំនួនចំពោះករណីខាងលើនេះ ដោយរៀបរាប់ថា «ឱពុទ្ធោអើយ ហេតុអីក៏ដូច្នេះលោក…ប្រទេសមានច្បាប់ បើគាត់បើកឡានរត់គឺខុសហើយ តែហេតុអីក៏អស់លោកប្រជាជនមួយចំនួនធ្វើទង្វើអ៊ីចឹងដាក់គាត់ ចុះបើអស់លោកដែលវ៉ៃគាត់ វ៉ៃប៉ះចំឪពុក ឬក៏ក្រុមគ្រួសារយើង ឬក៏អ៊ំ ឬពូរបស់ខ្លួនយើងវិញ តើអស់លោកប្រជាជនមួយចំនួនដែលវ៉ៃគាត់ទាំងនោះ មានអារម្មណ៍យ៉ាងណាដែរ? បើគាត់ឈប់ហើយ ចុះយើងហ្នឹងជាប្រជាជន ម៉េចមិនព្រមរកសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍ ហើយឃាត់ខ្លួនគាត់ទុក ដើម្បីឱ្យគាត់ដោះស្រាយទៅលើជនរងគ្រោះទៅតាមនិតិច្បាប់? ចុះបើអស់លោកមួយចំនួនដែលវ៉ៃ ប្រើអំពើហិង្សាទៅលើរូបគាត់ដោយមិនសួរហេតុផល និងមិនស្តាប់ការបកស្រាយរបស់ជនបង្ករ? តើអស់លោកធ្វើម៉េចនឹងយល់?»។

    អ្នកនាងបានបន្ដទៀតថា «តិចប្រយ័ត្នថ្ងៃណាមួយ អស់លោកមួយចំនួនដែលវ៉ៃគេដោយគ្មានហេតុផលទាំងនោះ ត្រូវគេវ៉ៃប៉ះបងប្អូនរបស់អស់លោកវិញ​ តើអស់លោកគិតយ៉ាងណា? ជនរងគ្រោះគ្មានវត្តមាន ជនបង្កទទួលខុសត្រូវ អ្នកដែលត្រូវដោះស្រាយឱ្យជនរងគ្រោះឥឡូវត្រូវរងរបួសធ្ងន់ដោយសារប្រជាជនមួយចំនួនមិនសួរនាំ និងវ៉ៃដោយគ្មានហេតុផល មិនដឹងថា ជនបង្កស្លាប់ ឬមួយក៏រស់ទេ»៕

     

  • អីយ៉ា ឌឺដងដាក់គ្នាតើ?!៖ ”រាំជាន់អាចម៍ឆ្កែ” របស់ចេន រូហ្វើ ប៉ះ ”បីឆ្កែចូលរាំ”  របស់ពេជ្រ សោភា

    អីយ៉ា ឌឺដងដាក់គ្នាតើ?!៖ ”រាំជាន់អាចម៍ឆ្កែ” របស់ចេន រូហ្វើ ប៉ះ ”បីឆ្កែចូលរាំ”  របស់ពេជ្រ សោភា

    ពិតជាគួរឱ្យភ្ញាក់ផ្អើលបំផុតដែលបទ​ចម្រៀងថ្មី​របស់តារាចម្រៀងប្រុសនៅក្នុងផលិតកម្ម BN លោកចេន រូហ្វើ ​គឺបទ ”រាំជាន់អាចម៍ឆ្កែ” ត្រូវបានមហាជនសង្កេតឃើញថា ជាការច្រៀងបែប​ឌឺដង​រកមុខ​អ្នកបីឆ្កែ​ចូលរាំ​វិញ។  ក្រោយពី​ធ្វើឱ្យ​កក្រើក​តាមរយៈបទចម្រៀង​ញាក់បែកស្លុយ​ពីរឆ្នាំ​ជាប់ៗគ្នា​រួចមក ពេជ្រ សោភាទើបនឹង​បញ្ចេញ​ចម្រៀង​ថ្មីមួយបទ គឺបទ ”បីឆ្កែចូលរាំ” ដែល​ទទួល​បានការគាំទ្រ​ជាច្រើន​ពីទស្សនិក​ជន​ពិសេស​ក្រុម​យុវវ័យ ដោយមាន​អ្នកចូល​ទស្សនា​រាប់សែនដង។

    តែ ចំណែកឯអតីតបេក្ខភាពប្រឡងកម្មវិធីចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី1 លោកចេន រូហ្វើ វិញបានបញ្ជាក់ពីការនិពន្ធបទចម្រៀង “រាំជាន់អាចម៍ឆ្កែ” របស់ខ្លួនថា  លោកមិន​មាន​បំណង​ច្រៀង​ឌឺដងគ្នា​ជាមួយ​តារា​ចម្រៀងរៀមច្បង ​ពេជ្រ សោភា ទេ។ លោក​ថា បទចម្រៀងនេះ​និពន្ធ​យូរមក​ហើយ ហើយលោក​ក៏មាន​ការភ្ញាក់​ផ្អើលដែរ​ដែលបទ​ចម្រៀងនេះ​បែរជាធ្វើ​ឱ្យអ្នកគាំទ្រយល់​ច្រឡំថា​ ជាបទច្រៀង​ឌឺគ្នា​ទៅវិញនោះ។ លោកថា បទចម្រៀង​ថ្មីរបស់​លោកទទួល​បានការគាំទ្រ​គួរសម តែមិនមែន​ដោយសារតែ​ការច្រៀង​ឌឺដងគ្នា​នោះទេ។ លោករំពឹងថា​បទចម្រៀង​ថ្មី​របស់លោក​នឹងទទួល​បានការគាំទ្រ​ច្រើនពី​ទស្សនិកជន។

    គួរបញ្ជាក់ផងដែរថា បទ ”បីឆ្កែចូលរាំ” របស់ពេជ្រ សោភា ប៉ះបទ ”រាំជាន់អាចម៍ឆ្កែ” របស់ចេន រូហ្វើ​ សុទ្ធសឹងជាបទចម្រៀងស្នាដៃនិពន្ធថ្មី ដែលមានចង្វាក់រាំបែបស្ទីលយុវវ័យ អាចនិយាយបានថា សុទ្ធតែស្ថិតនៅក្នុងកំពូលបទចម្រៀងដែលទាក់ទាញចិត្តយុវវ័យនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះទាំងអស់៕

    https://youtu.be/vxRXB9eCvsU