Author: អេបិល

  • តារាសម្ដែង រ៉ូហ្សា ប្ដូរស្តាយល៍មកជាតារាចម្រៀងនិពន្ធថ្មី មានសម្ទុះនឹកស្មានមិនដល់

    តារាសម្ដែង រ៉ូហ្សា ប្ដូរស្តាយល៍មកជាតារាចម្រៀងនិពន្ធថ្មី មានសម្ទុះនឹកស្មានមិនដល់

    ទើបតែចូលប្រឡូកសិល្បៈបានជិតមួយឆ្នាំប៉ុណ្ណោះកញ្ញា រ៉ូហ្សា ដែលជាកូនអ្នកជនបទហាក់មានយីអ៊ុនលោតឡើងខ្ពស់តែម្ដង ដោយនាងទទួលបានការសម្ដែងសុទ្ធតែបទមេៗរបស់តារាចម្រៀងល្បីៗនៅក្នុងផលិតកម្មសាន់ដេ ដូចជាលោកឆាយ វីរៈយុទ្ធ និងកញ្ញាសុខ ពិសី ជាដើម។ លើសពីនេះនាងក៏បានប្រឹងប្រែងវិវឌ្ឍខ្លួនទៅជាតារាចម្រៀងក្នុងផលិតកម្មថ្មីមួយឈ្មោះថា One Entertainment Production ផងដែរ។

    ប្រិយមិត្ដរបស់លោក ឆាយ វីរៈយុទ្ធ និងកញ្ញា សុខ ពិសី ប្រាកដជាធ្លាប់បានឃើញការសម្ដែងរបស់កញ្ញា រ៉ូហ្សា នៅក្នុងបទ«ដឹកឆ្កែទៅលេងស្រុក» និង«បំភ្លេចពាក្យបែកបានទេ»ជាក់ជាមិនខាន។ ទោះបីជានាងជាតារាសម្ដែងថោ្មងថ្មីមែន ប៉ុន្ដែទេពកោសល្យសម្ដែងរបស់នាងមិនជាចាញ់តារារៀមច្បងប៉ុន្មានឡើយ។ ពិសេសភាពក្លាហានក្នុងការសម្ដែងជាមួយតារាចម្រៀងជើងចាស់តែម្ដង។ ជួបជាមួយកញ្ញា អែម ស្រីអូន ហៅកញ្ញា រ៉ូហ្សា នាងបានប្រាប់ថា ទោះបីនាងជាកូនអ្នកជនបទរស់នៅខេត្ដព្រៃវែងក៏ពិតមែន តែនាងមានចិត្ដស្រឡាញ់សិល្បៈតាំងពីក្មេងមកម្ល៉េះ។ នាងបន្ដថា ទើបតែចូលមកឆ្នាំ2018 នេះទេដែលនាងមានឱកាសបានចូលប្រឡូកសិល្បៈ។

    ដោយមើលឃើញពីទេពកោសល្យថានាងអាចទៅរួច អ្នកដឹកនាំក៏តម្រូវឱ្យនាងសម្ដែងសុទ្ធតែជាបទកំពូលៗរបស់តារាចម្រៀងល្បីនៅក្នុងផលិតកម្ម សាន់ដេ។ កញ្ញា រ៉ូហ្សា បន្ថែមអាជីពថ្មីមួយពីការសម្ដែង ដោយមានការលើកទឹកចិត្ដពីមិត្ដភ័ក្ដិក្នុងសិល្បៈផងនោះ នាងក៏បានសម្រេចចិត្ដបោះជំហានមួយទៀត ដើម្បីក្លាយជាតារាចម្រៀង Original Song បទដែលទើបតែចេញចំណងជើងថា «រង់ចាំមនុស្សម្នាក់»។ តារាសម្ដែង និងចម្រៀងថ្មោងថ្មីរូបនេះបានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ថា «ខ្ញុំដឹងថា ការចេញបទចម្រៀងជាលើកដំបូងនេះ នៅមានចំណុចខ្វះខាត ប៉ុន្ដែចាត់ទុកថា ជាការបង្ហាញសមត្ថភាពទៅកាន់មហាជនដើម្បីឱ្យពួកគាត់ស្ថាបនាមកវិញ ដើម្បីងាយស្រួលខ្ញុំដុសខាត់សមត្ថភាពខ្លួនបន្ថែមទៀត។ ខ្ញុំគិតថា មនុស្សយើងគ្មាននរណាម្នាក់ធ្វើបានល្អទាំងស្រុងទេ ពិសេសនៅពេលចេញដំណើរតែម្ដង ដូច្នេះខ្ញុំសុខចិត្ដទទួលយករាល់ការរិះគន់ទាំងអស់របស់បងប្អូនដើម្បីអភិវឌ្ឍខ្លួនឱ្យបានល្អទៅអនាគត»។

    គួរបញ្ជាក់ផងដែរថា ទោះជាបទថ្មីនេះ នាងមិនទាន់បានបង្ហាញពីសមត្ថភាពគ្រប់ជ្រុងជ្រោយក្នុងសិល្បៈក៏ពិតមែន ប៉ុន្ដែមានមិត្ដភ័ក្ដិជាច្រើន ដែលបានស្គាល់នាងបានលើកសរសើរពីទេពកោសល្យ និងទឹកចិត្ដក្លាហានរបស់នាងដែលហ៊ានប្រឈមការពិត មិនបោះបង់ចោលនូវទេពកោសល្យពីកំណើត។ គ្រាដែលមានតារាសិល្បៈជាច្រើនបានចូលប្រឡូកក្នុងវិស័យសិល្បៈយូរឆ្នាំហើយនៅតែពុំមានការអភិវឌ្ឍ។  យ៉ាងណាក្ដី កញ្ញា រ៉ូហ្សា បានអះអាងថា នាងនឹងក្រាលននាលជាមួយសិល្បៈមិនរាថយឡើយ ខណៈនាងមានហាងសាឡនមួយឈ្មោះថា រ៉ូហ្សា សាឡន ដើម្បីបង្កើតប្រាក់ចំណូលទប់ទល់ក្នុងជីវភាពសិល្បៈបន្ថែមផងដែរ៕

    https://www.youtube.com/watch?v=f-6kS5_9WQ0&feature=youtu.be

  • ប៊ុត សីហា គ្រោងចេញបទចម្រៀងនិពន្ធថ្មី ដែលនិយាយរៀបរាប់សុំទោសអ្នកមានគុណ

    ប៊ុត សីហា គ្រោងចេញបទចម្រៀងនិពន្ធថ្មី ដែលនិយាយរៀបរាប់សុំទោសអ្នកមានគុណ

    ក្រោយពីស្ងប់ស្ងាត់រឿងអាស្រូវពាក់ព័ន្ធជាមួយគ្រឿងញៀនមួយរយៈពេលមក តារាចម្រៀងប្រុសលោក ប៊ុត សីហា បានរៀបចំបង្កើតបទចម្រៀងនិពន្ធថ្មី ដែលជាស្នាដៃរបស់លោកផ្ទាល់ ជូនប្រិយមិត្តអ្នកគាំទ្រលោកបានស្ដាប់ និងយល់ពីអារម្មណ៍របស់លោក បន្ទាប់ពីកើតមានរឿងមិនល្អកន្លងមក។

    ម្ចាស់កម្មវិធីប្រលងចម្រៀង The Voice Cambodia រដូវកាលទី 1 រូបនេះ មិនបានបញ្ជាក់ប្រាប់ពីចំណងជើងនៃបទចម្រៀងនៅឡើយ តែបើតាមការស្ដាប់ពីអត្ថន័យចម្រៀងខ្លីៗនៅក្នុងវីដេអូដែលលោកបានបង្ហោះនោះ បានសឱ្យដឹងថា ជីវិតរបស់លោកមានវិប្បដិសារីយ៉ាងខ្លាំង ដែលបានប្រព្រឹត្តចំពោះអ្នកមានគុណ ហើយលោកបានពោលសុំទោសចំពោះអ្នកម្ដាយ និងវិញ្ញាណក្ខន្ធរបស់លោកឪពុកដែលបានចែកឋានទៅហើយ។ លោក សីហា បានសរសេរខ្លីៗមួយ ប្រាប់ទៅអ្នកគាំទ្រលោកថា « នេះជាបទរបស់ខ្ញុំបាទទំនុកថ្មីតែ….អីចឹងពេលហើយអស់ខ្ញុំនិងផុសឲ្យពេញ ហើយនិងថត MV ពីបទនេះ។ ៥ថ្ងៃទៀតទើបខ្ញុំអាចចេញបទថ្មីភ្លេងស្នាដៃថ្មី អីចឹងជួយគ្រាំទ្រផងពុកម៉ែបងប្អូន។ ខ្ញុំចេញកំដរបងប្អូនស្តាប់កម្សន្តគ្រាន់និងនឹកខ្ញុំ »។

    គួរកត់សម្គាល់ផងដែរថា វីដេអូចម្រៀងខ្លីនេះ បង្ហោះមិនទាន់បានប៉ុន្មានផង ក៏មានសន្ទុះអ្នកទស្សនាដល់ទៅ 18 ពាន់នាក់ទៅហើយ នេះក៏ជាទឹកចិត្តមួយធ្វើឲ្យតារាចម្រៀងប្រុសរូបនេះមានកម្លាំងចិត្តនិងតស៊ូឡើងវិញមិនអស់សង្ឃឹមដូចមុន។ អ្នកគាំទ្រជាច្រើននាក់ ភាគច្រើនសុទ្ធតែពោលពាក្យលើកទឹកចិត្ត សីហា ថា « មិនអីទេ idol ត្រូវតស៊ូបន្តទៀតណា កុំចុះចាញ់និងបញ្ហា ព្រោះបញ្ហាជាឱកាសមួយ ដែលអាចធ្វើឲ្យយើងឈ្ពោះទៅរកភាពជោគជ័យបាន ស៊ូៗ..»។

    គួររំឭកផងដែរថា នៅគ្រាកើតរឿងពាក់ព័ន្ធជាមួយករណីគ្រឿងញៀន រឿងអាស្រូវនេះបានធ្វើឱ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះជាខ្លាំង ហើយបាត់បង់ឱកាសទៅសម្ដែងនៅឯសហរដ្ឋអាមេរិក ដោយស្ថានទូត​អាមេរិកប្រចាំប្រទេសកម្ពុជាដើម្បីស្នើសុំទិដ្ឋាការ (Visa) ទៅសម្ដែងនៅនោះតែម្ដង។ រីឯខាងផលិតកម្មហង្សមាសវិញ ក៏បានប្រកាសនិងអះអាងដែលថា ខាងផលិតកម្មមិនអាចទទួលយករូបលោកឱ្យច្រៀងក្នុងផលិតកម្មបន្ដទៀតបានទេ៕

  • ទស្សនារូបភាព ពិធីភ្ជាប់ពាក្យរបស់លោក នី រតនា និងគូដណឹ្ដង

    ទស្សនារូបភាព ពិធីភ្ជាប់ពាក្យរបស់លោក នី រតនា និងគូដណឹ្ដង

    ថ្ងៃជា​ពេលាល្អបានមកដល់ហើយ គឺនៅថ្ងៃសុក្រ ទី27 ខែមេសា ឆ្នាំ2018 នេះឯង…តារាចម្រៀង និងជា​ម្ចាស់​ពានរង្វាន់ Cambodian Idol រ​ដូ​វ​កាល​ទី1 គឹលោកនី រតនា បានចូលរោងជ័យកាន់ដៃ​កូនស្រី​អ្នកជំនួញ​ខាង​ផលិតផល​គ្រឿងសម្អាង​ម្នាក់​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បីភ្ជាប់ពាក្យនឹងគ្នាជាគូដណ្ដឹង ដែលមានការផ្សំផ្គុំពីសំណាក់មាតាបិតាទាំងសងខាង ឱ្យចៅមហា និងមហាជនបានដឹង និងទទួលស្គាល់ថា អ្នកទាំងពីរជាគូគាប់នឹងគ្នាពិតមែនហោង…។

    បើរូបភាពដែលអណ្ដែតនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានមើលឃើញថា មានតារាប្រុសស្រីនៅក្នុងទ្រនំរស្មីហង្សមាសជាច្រើននាក់ដូចជា កញ្ញា សួស វីសា កញ្ញា ឈីន តរនៈ កញ្ញា វី ឌីណែត កញ្ញា ប៉ាច គីមមួយ លោក សយ រតៈ លោក ឃុន វុត្ថា លោក នួន សុធារ័ក្ស ជាដើម បានចូលរួមអបអរនៅក្នុងកម្មពិធីពរជ័យមង្គលរបស់លោក នី រតនា និងកញ្ញា លាង សុវណ្ណភក្ដិណា ។ ចង់ដឹងសម្រស់ នី រតនា និងគូដណ្ដឹងមានសម្រស់ស្រស់ស្អាតបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

  • ស្អែកនេះ! … នី រតនា ដល់ថ្ងៃភ្ជាប់ពាក្យជាមួយស្រីស្អាតហើយ

    ស្អែកនេះ! … នី រតនា ដល់ថ្ងៃភ្ជាប់ពាក្យជាមួយស្រីស្អាតហើយ

    ​តារាចម្រៀង និងជា​ម្ចាស់​ពានរង្វាន់ Cambodian Idol រ​ដូ​វ​កាល​ទី1 គឹលោកនី រតនាបានរកឃើញនារីនៅក្នុងសុបិនពិតប្រាកដហើយ នាងជា​កូនស្រី​អ្នកជំនួញ​ខាង​ផលិតផល​គ្រឿងសម្អាង​ម្នាក់​ក្នុង​ទីក្រុង​ភ្នំពេញ ជាអនាគតគូដណ្ដឹងរបស់តារាចម្រៀងប្រុសរូបនេះផងដែរ។ ថ្ងៃជា​ពេលាល្អបានរកឃើញហើយ​ នៅសល់តែមួយថ្ងៃទៀតទេ តារាប្រុសរូបនេះនឹងដល់ថ្ងៃដែលត្រូវភ្ជាប់ពាក្យហើយ គឺនៅថ្ងៃសុក្រ ទី27 ខែមេសា ឆ្នាំ2018 ស្អែកនេះឯង។

    តារាចម្រៀងសំឡេងផ្អែមរូបនេះ ស្ម័គ្រចិត្ត​សាង​អនាគត​រួមគ្នាជាមួយនារីរូបស្រស់សោភាជា​កូនស្រី​របស់​អ្នកជំនួញ​នាំចូល​ផលិតផលគ្រឿង​សម្អាង ​ម៉ាក WOMEA ដែល នី រតនាធ្វើជា​អ្នកតំណាង​ឱ្យនោះ។ អ្នកទាំងពីរមានវ័យស្រករៗគ្នា ហើយ​ចាស់ទុំដែលបានដឹងឮទាំងសងខាង បានរកថ្ងៃជាពេលាល្អដើម្បីភ្ជាប់ពាក្យរួចហើយ តែគេនៅមិនទាន់ដឹងថា លោកនី រតនានឹងមានគម្រោងរៀបការនៅពេលណាឱ្យច្បាស់លាស់នៅឡើយទេ តែទោះជាយ៉ាងណាក្តី បន្ទាប់ពីបានឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើនបានសម្តែងក្តីរំភើបរីករាយ ហើយថែមទាំងជូនពរលោក និងអនាគតគូដណ្តឹងទៀតផង៕

  • នាយ ព្រែក សម្ដែងក្ដីស្រឡាញ់ចំពោះម្ដាយ គួរឱ្យច្រណែនអ្វីម្ល៉េះទេ…(លោកអ៊ើយ)

    នាយ ព្រែក សម្ដែងក្ដីស្រឡាញ់ចំពោះម្ដាយ គួរឱ្យច្រណែនអ្វីម្ល៉េះទេ…(លោកអ៊ើយ)

    មហាជនគ្រប់គា្នលាន់មាត់សរសើរនាយ ព្រែក គ្រប់ៗគ្នា បន្ទាប់ពីនាយយើងបានបង្ហោះរូបភាពពីរសន្លឹកដែលបង្ហាញឱ្យឃើញគ្រាថើបថ្ពាល់ម្ដាយកាលពីកុមារភាព និងក្នុងឆ្នាំថ្មី 2018 នេះ។ ការបង្ហាញក្ដីស្រឡាញ់របស់នាយ ព្រែក ចំពោះម្ដាយបានធ្វើឱ្យមហាជនអ្នកគាំទ្រទាំងឡាយអត់មិនសរសើរមិនបាន ព្រោះថា នាយយើងពិតជាមានភាពកតញ្ញូចំពោះលោកយាយ យ៉យ ខ្លាំងណាស់។

    ពិធីករប្រចាំស្ថានីយទូរទស្សន៍ MY TV និងជាតារាកំប្លែងវ័យក្មេង នាយ ព្រែក បានបង្ហោះសារជូនចំពោះម្ដាយថា «ស្នាមថើបរបស់កូនចំពោះម៉ែកាល 20ឆ្នាំមុន និងបច្នុប្បន្នពិតជាខុសគ្នាឆ្ងាយណាស់ តែស្ថិតក្នុងអត្ថន័យតែមួយគឺ «កូនស្រលាញ់ម៉ែខ្លាំងបំផុត» ពិតជាចាក់ដោតអារម្មណ៍មិត្តអ្នកអានខ្លាំងណាស់(ហ៊ឺៗ បេលរំភើបចង់ស្រក់ទឹកភ្នែក…)។

    គួរបញ្ជាក់ផងដែរថា តារាកំប្លែងវ័យក្មេងរូបនេះ មិនត្រឹមតែស្រឡាញ់ម្ដាយទេ តែនាយយើងក៏មានគូគាប់ទ្រនាប់ចិត្តរួចហើយដែរ ដោយបាន​ភ្ជាប់ពាក្យ​ជាមួយ​កូនស្រី​អ្នក​ខេត្តកំពង់ចាម នាមថា​កញ្ញា ជា ស្រី​តី អស់​រយៈពេល​យូរក្រែល​គួរសម​ដែរ​ហើយ ប៉ុន្ដែ​មកដល់ពេលនេះ គូស្នេហ៍​វ័យក្មេង​មួយគូ​នេះ​នៅ​មិនទាន់​លេចឮ​ដំណឹងថានឹង​ចូល​រោងការ​នៅពេលណានៅឡើយទេ តែមហាជនទាំងអស់(ជាពិសេស បេល)សង្ឃឹមថានឹងមានដំណឹងល្អនាពេលឆាប់ៗខាងមុខនេះ៕

  • គង់ ចាន់ស្រីមុំ ពោលចង់បានកូនញឹក ដោយសារប្ដីចេះថ្នាក់ថ្នម

    គង់ ចាន់ស្រីមុំ ពោលចង់បានកូនញឹក ដោយសារប្ដីចេះថ្នាក់ថ្នម

    ថ្មីៗនេះ តារាសម្ដែងស្រី គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមីនៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលរូបនាងបានធ្វើដំណើរកម្សាន្ដជាមួយស្វាមីនៅឯប្រទេសចិន ។ បើទោះបីជាទំហំពោះររបស់ ស្រីមុំ កាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃក្ដី តែការយកចិត្តទុកដាក់ និងថ្នាក់ថ្នមរូបនាងពីសំណាក់ស្វាមី ពោលគឺមិនឱ្យទាស់ចិត្តឡើយ នេះបើតាមការបង្ហើបប្រាប់ពីតារាស្រីរូបនេះ។

    កាន់តែភ្ញាក់ផ្អើលថែមទៀត ខណៈដែលអ្នកទាំងពីរកាន់តែបង្ហាញពីភាពផ្អែមល្ហែមជាមួយគ្នាកាន់តែខ្លាំងឡើងៗ សុខៗស្រាប់តែតារាស្រីរូបនេះ បាននិយាយឡើងថា «ចង់បានកូនញឹក»។ នៅក្នុងសាររបស់នាងដែលបានសរសេរប្រាប់ជាសាធារណៈបានឱ្យដឹងថា «ឱ្យតែប្តី​យកចិត្តទុកដាក់អ៊ីចឹង ចង់តែមានកូនឱ្យញឹក» ។ តែយ៉ាងណាក៏ដោយ នាងបន្ដទៀតថា « ល្អអូន​! បងចង់បានកូនប្រាំនាក់​ (សម្ដីប្ដី)»។ អូហូ! គ្រាន់តែឮបែបនេះ ប្រិយមិត្តទាំងអស់គ្នាសាកទាយទៅមើល តើគង់ ចាន់ស្រីមុំ ឆ្លើយតបដូចម្ដេច?

    គួររំឭកផងដែរថា បើគិតចាប់ពីថ្ងៃពពោះរហូតមកទល់ថ្ងៃនេះ តារាស្រីរូបស្រស់ម្នាក់នេះកំពុងពពោះជិតគ្រប់ 7 ខែហើយ តែបើនិយាយពីការរៀបចំខ្លួនវិញ ពិតជា​ស្រស់ស្អាត និងសមសួនខ្លាំងណាស់ ថែមទាំងថ្ពក់ចិត្តសា្វមីជាប់ទៀតផង។ រីឯកូនក្នុងផ្ទៃវិញ ក៏បានទទួលការបញ្ជាក់ពីការពិនិត្យអេកូហើយដែរថា ជាកូនស្រី៕

  • កញ្ញា ម៉ាក់ សែនសូនីតា គ្រោងបើកសាខាហាង «ផែសមុទ្រ»បន្ថែមឱ្យគ្រប់ទាំង 12 ខណ្ឌ

    កញ្ញា ម៉ាក់ សែនសូនីតា គ្រោងបើកសាខាហាង «ផែសមុទ្រ»បន្ថែមឱ្យគ្រប់ទាំង 12 ខណ្ឌ

    ថ្មីៗនេះថៅកែស្រីរាងតូចច្រឡឹងម្ចាស់ហាង «ផែសមុទ្រ» កញ្ញា ម៉ាក់ សែនសូនីតា ទើបតែបើកដំណើរការសាខាហាងទី 3 របស់ខ្លួននៅម្ដុំផ្លូវព្រះមុនីវង្ស បន្ទាប់ពីបានជោគជ័យពីសាខានៅតាខ្មៅ និងខាងក្រោយសណ្ឋាគារ Le President រួចមក។ មួយរយៈចុងក្រោយនេះ សង្កេតឃើញតារាស្រីរូបនេះកាន់តែទទួលបានការងារសិល្បៈច្រើនឡើង ជាពិសេសក្នុងការថតរឿង “កូនពស់កេងកង” ហើយមុខរបររកស៊ីវិញ ក៏កាន់តែរីកចម្រើនធំៗឡើងៗ ដោយសារតែមានការគាំទ្រពីសំណាក់អតិថិន ពោលគឺយីអ៊ុនឡើងក្រឺតៗមែនទែន។

    បើតាមការបង្ហើបប្រាប់ពីប្រភពស្និទ្ធស្នាលនឹង សូនីតា បានឱ្យដឹងថា នាងមានគម្រោងបើកសាខាទី 4 បន្ថែមទៀតដែលមានទីតាំងនៅម្ដុំផ្សារកាប់គោ តែដោយឡែកដោយសារតែ​នាងមានភាពមមាញឹកក្នុងការសម្រុកថតរឿងឱ្យស្ថានីយទូរទស្សន៍ហង្សមាស «កូនពស់កេងកង» ដែលបានគ្រងតំណែងជាតួឯកស្រីនោះ ទើបបណ្ដាលឱ្យនាងខកខាន និងរកថ្ងៃខែថ្មី ដើម្បីត្រៀមសម្ពោធសាខាថ្មីខាងលើ។ កន្លងមកតារាស្រីរូបនេះក៏ធ្លាប់បានបង្ហើបប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ដែរថា នាងគ្រោងពង្រីកសាខាហាង «ផែសមុទ្រ» ឱ្យបានគ្រប់ទាំង 12ខណ្ឌនៅក្នុងរាជធានីភ្នំពេញឱ្យបាន។

    គួរបញ្ជាក់ផងដែរថា ម៉ាក់ សែនសូនីតា បានចាប់ដៃម្ចាស់ផលិតកម្ម «អង្គរភីកឈ័រ»គឺ លោក ប៉ុល វិបូរ ទាំងការរកស៊ីធំៗនិងរឿងស្នេហា ហើយនាងក៏ធ្លាប់បង្ហើបឱ្យដឹងដែរថា​នាង​ មិនទាន់គិតគូររឿងរៀបការនៅឡើយទេ។ តារាស្រីរូបនេះក្លាយជាថៅកែស្រីទាំងវ័យក្មេង មាន​លុយច្រើន ហើយពេលនេះនាងជិះរថយន្ដ​ទំនើប​ Lexus Ls 570 ស៊េរីឆ្នាំ2017 ដែលមានតម្លៃរាប់ម៉ឺនដុល្លារ៕

  • ឆេះដុំ ក្ដៅងំស្លឹកត្រចៀក​…អាចារ្យធំ ដាក់បណ្ដាសាតារាវាយតប់ខ្មែរសុរិន្ទ្រ តូនី ចា និងហៅថា ជន…

    ឆេះដុំ ក្ដៅងំស្លឹកត្រចៀក​…អាចារ្យធំ ដាក់បណ្ដាសាតារាវាយតប់ខ្មែរសុរិន្ទ្រ តូនី ចា និងហៅថា ជន…

    បន្ទាប់ពីមានការភ្ញាក់ផ្អើលពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីដែលតារាសម្ដែងខ្មែរសុរិន្ទ្រ(ថៃ) និងជាតារាហូលីវូដ លោក តូនី ចា(ឬ ចា ផៈនំយីរ៉ាំ) ដែលបានសរសេរសារនៅលើហ្វេសប៊ុកប្រកាសមិនទទួលស្គាល់ថា ក្បាច់ប្រដាល់ថៃ(មួយថៃ) មិនមែនមានដើមកំណើតចេញពីក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ ដូចដែលសារព័ត៌មានចិនបានប្រកាសផ្សាយកាលពីពេលថ្មីនោះទេ។ ភ្លាមៗស្រាប់តែអ្នកលេងបណ្ដាញសង្គមជនជាតិខ្មែរជាច្រើនរូប រួមទាំងលោកអាចារ្យធំផងនោះ បានចេញមុខប្រតិកម្ម និងប្រើសម្ដីតិះដៀលទៅកាន់តារាថៃខ្មែរលើរូបនេះក្ឌាំងៗតែម្ដង។

    តាមសំណេររបស់លោក តូនី ចា ឬ ចា ផៈនំយីរ៉ាំ បានសរសេរថា «ថ្មីៗនេះ ខ្ញុំបានឃើញសារឈ្លោះគ្នាទាក់ទងនឹងក្បាច់គុនថៃបុរាណ! ទោះយ៉ាងណាក្បាច់ថៃបុរាណនៅតែជាក្បាច់ថៃបុរាណ ឯក្បាច់ខ្មែរបុរាណ នៅតែជាក្បាច់ខ្មែរបុរាណ ឬ អាចនិយាយម្យ៉ាងទៀតបានថា ក្បាច់គុននៅតែជាក្បាច់គុនមិនសម្គាល់អ្វីទាំងអស់! រឿងដែលសំខាន់បំផុតក្នុងរឿងនេះ គឺជាការគោរពក្បាច់គុន និងគោរពគ្នាទៅវិញទៅមក ក្បាច់គុនមានប្រភពមកពីណាវាមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺទស្សនៈ ប្រសិនបើអ្នកទាំងអស់គ្នាយល់ពីទស្សនៈ ហើយព្រលឹងរបស់អ្នកស្ថិតនៅលើទស្សនៈនៃទ្រឹស្តីនោះ នោះទើបអ្នកក្លាយជាម្ចាស់របស់វា ហើយក្បាច់គុននេះនឹងមានប្រភពពីខ្លួនអ្នក!»។ ការលើកឡើងបែបនេះត្រូវបានតារារូបនេះបង្ហោះក្រោយពេលមានការអះអាងថា ខ្មែរជាម្ចាស់ក្បាច់គុនបុរាណ ខណៈដែលតារាសម្ដែងខាងវាយតប់ តូនី ចា យល់ថា ក្បាច់គុនគ្មានម្ចាស់នោះទេ ឱ្យតែអ្នកហាត់យល់ពីទស្សនៈក្បាច់គុន នោះទើបជាម្ចាស់ពិតប្រាកដ។

    គ្រាន់តែបានឃើញសម្ដីបែបនេះភ្លាម អាចារ្យធំបានសរសេរតបទៅកាន់ តូនី ចា ទាំងភាសាខ្មែរ និងអង់គ្លេស រួមទាំងវីដេអូសម្ដីរបស់ តូនី ចា កាលពីប៉ុន្មានឆ្នាំមុនថា  «វីដេអូអនុស្សាវរីយ៍ចុកឈាមដែល ចា ផៈនំយីរ៉ាំ និយាយខ្មែរឱ្យជួយគាំទ្រក្បាច់គុនបុរាណយើង។ ល្បុក្កតោជារបស់ខ្មែរ..ជាក្បាច់គុនបុរាណខ្មែរ»។

    «យើងសូមផ្ញើសារទៅកាន់លោក ចា ផៈនំយីរ៉ាំ ថាពាក្យចាស់លោកថា៖ មនុស្សដែលមានទោសអាក្រក់បំផុត គឺមនុស្សភ្លេចកំណើត ភ្លេចសាវតាដើមរបស់ខ្លួន។ លុយ និងកិត្តិយស មនុស្សលើលោកតែងតែប្រាថ្នាចង់បាន តែមហិច្ឆតាទុរយស រហូតដល់ព្រមបោះបង់ចោលដើមកំណើតរបស់ជាតិខ្លួន ភ្លេចគិតអំពីម៉ែឳជីដូនជីតាខ្លួនដែលមានឈាមជ័រជាខ្មែរនៅលើដីសុរិន្ទ្រ គឺជាគំរូដ៏គម្រក់ ដ៏ថោកទាបបំផុតរបស់មនុស្សជាតិ។ ខ្ញុំសូមថ្កោលទោសលោកក្នុងប្រវត្តិសាស្ត្រនៃផែនដីនេះ ដែលលោកជាជនទមិឡហ៊ានរំលាយឈាម សាច់ បំភ្លេចវីរភាពបុព្វការីខ្មែរ។ លោកនឹងត្រូវបណ្ដាសា!!!

    ក្នុងនាមខ្ញុំជាខ្មែរម្នាក់ ខ្ញុំសែនសោកស្ដាយនូវទឹកចិត្តដ៏ស្មោះត្រង់របស់ខ្ញុំដែលតែងតែគាំទ្រលោកពីមុនមក។ ឈឺចាប់!..»៕

  • អីយ៉ា!! ឱក សុគន្ធកញ្ញា បណ្ដើរគូស្នេហ៍ធ្វើដំណើរកម្សាន្ដនៅតំបន់ដីដុះ

    អីយ៉ា!! ឱក សុគន្ធកញ្ញា បណ្ដើរគូស្នេហ៍ធ្វើដំណើរកម្សាន្ដនៅតំបន់ដីដុះ

    ស្របពេលដែលមហាជនកំពុងតែភ្ញាក់ផ្អើល និងចាប់អារម្មណ៍ចំពោះតំបន់ដីដុះរលោះធំ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ដែលតារាស្រីប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះ ជាក់ស្ដែងរូបនាងមិនមែនធ្វើដំណើរទៅកម្សាន្ដតែជាមួយក្រុមការងារប៉ុណ្ណោះទេ តែគេមើលឃើញមានវត្តមានគូស្នេហ៍របស់នាងចូលរួមក្នុងដំណើរនោះផងដែរ។

    នៅចំពីមុខផ្ទាំងដីដុះធំៗខ្ពស់ៗ បានធ្វើឱ្យសម្រស់កញ្ញា ឱក សុគន្ធកញ្ញា កាន់តែស្រស់សោភាជាមួយស្ទីលវ៉ែនតាខ្មៅ និងកាន់តែមើលទៅផ្អែមល្ហែមបំផុតខណៈដែលនាងបានឈរថតរូបជិតគ្នាជាមួយនឹងលោក អ៊ឹង សុលី ដែលជាគូស្នេហ៍។ យ៉ាងណាក៏ដោយ នៅក្នុងរូបភាពជាច្រើនសន្លឹកនោះ ក៏គេឃើញមានវត្តមានពិធីការិនីល្បី និមល និងក្រុមការងារ រួមទាំងគណៈប្រតិភូខេត្ត ឧត្តមានជ័យ ផងដែរ។ ឱក សុគន្ធកញ្ញា បាននិយាយថា «នាង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​ការ​ផ្តល់​កិត្តិយស​រួម​ដំណើរ​ និងការទទួលរាក់ទាក់យ៉ាងកក់ក្តៅ ពី​សំណាក់​លោក​ពូ​អភិបាល​ខេត្ត​ និង​លោក​ពូ-​អ្នក​មីង​ថ្នាក់​ដឹកនាំ​ខេត្ត​ទាំង​អស់​ ក្នុង​ពេល​ដែល​នាងខ្ញុំ​ស្នាក់​នៅ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​ និង​សូម​អរគុណ​ដល់​ការ​ស្រឡាញ់​ចូលចិត្ត​ គាំទ្រ​ពី​សំណាក់​ពុកម៉ែបងប្អូន​ទស្សនិកជន​អ្នក​ខេត្ត​ឧត្តរ​មានជ័យ​ទាំងអស់»។

    គួរបញ្ចាក់ផងដែរថា បន្ទាប់ពីតារាជួរមុខដូចជាអ្នកនាង សុគន្ធ នីសា បានចូលរោងការរួច និងនៅតែទទួលបានប្រជាប្រិយភាព និងការគាំទ្រក្រោយជីវិតអាពាហ៍ពិពាហ៍នោះ កញ្ញា ឱក សុគន្ធកញ្ញា និងគូស្នេហ៍ហាក់បីដូចជាកាន់តែហ៊ានបើកចំហទំនាក់ទំនងឱ្យមហាជនបានឃើញ និងឧស្សាហ៍បណ្ដើរគ្នាយ៉ាងត្រសងចេញមុខតាមកម្មវិធីធំៗនានាផងដែរ៕

  • អាថ៌កំបាំងអ៊ីចឹងសោះ…បានអ្នកនាង ប្រាសាទ ដាវីន នៅតែមានរូបរាងស្រស់ស្អាតមិនចាញ់ក្រមុំៗ

    អាថ៌កំបាំងអ៊ីចឹងសោះ…បានអ្នកនាង ប្រាសាទ ដាវីន នៅតែមានរូបរាងស្រស់ស្អាតមិនចាញ់ក្រមុំៗ

    ការហាត់ប្រាណ គឺជារឿងចាំបាច់មួយសម្រាប់មនុស្សទាំងឡាយដែលចង់បានសុខភាពល្អ និងមានរូបរាងស្វែលស្អាត។ សម្រាប់តារាសម្ដែងស្រី ប្រាសាទ ដាវីន វិញក៏អ៊ីចឹងដែរ ព្រោះគេតែងសង្កេតឃើញថា អ្នកនាងយកចិត្តទុកដាក់ខ្លាំងលើការហាត់ប្រាណ។ រូបភាពជាច្រើនសន្លឹកដែលបានបង្ហោះនៅលើហ្វេសប៊ុករបស់អ្នកនាង ជាទូទៅមហាជនចាប់អារម្មណ៌លើតែភាពសិចស៊ីរបស់នាង តែមិនសូវជាចាប់អារម្មណ៍ចំពោះសកម្មភាពមុនពេលហាត់ និងក្រោយហាត់ប្រាណរបស់អ្នកនាងឡើយ។

    គួររំឭកដែរថា អតីត Freshie Girl ចំណាត់ថ្នាក់​លេខ​3 ឆ្នាំ​2007 រូបរាង​ខ្ពស់ស្រឡះ សម្បុរ​ខ្មៅ​ស្រអែម អ្នក​នាង​ប្រាសាទ ដា​វី​ន បានបាត់​មុខ​ពី​ពិភព​សិល្បៈ​អស់​រយៈពេល​ជិត​10 ឆ្នាំ​មក​ហើយ​។ ដា​វី​ន បាន​បង្ហាញមុខ និង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​អស់អ្នក​សិល្បៈ​ជាមួយនឹង​ស្នាដៃ​សម្តែង និង​ថត​ឈុត​ផ្សព្វផ្សាយ​មួយ​ចំនួន​កាលពី​ពេលថ្មី​ៗ​កន្លង​ទៅ។ អ្នកនាងជា​តារា​ម៉ូ​ដែល​មួយ​រូប​ដែល​មាន​ប្រជាប្រិយ​គួរ​ឱ្យ​កត់សម្គាល់​ ហើយទទួលបានភាពជោគជ័យក្នុង​វិស័យ​សិល្បៈ ដោយមានលក្ខណៈលេចធ្លោ​ខាង​ថត​ផ្សាយពាណិជ្ជកម្ម នោះក៏ព្រោះតែរូបរាង​របស់​នាង​សិច​ស៊ី ហើយ​នាង​មាន​កម្ពស់​ខ្ពស់​សក្តិ​សម​នឹង​ការ​ផ្សាយពាណិជ្ជកម្ម។

    ការថែរក្សារូបរាងកាយក៏ជារឿងមួយដែលតារាស្រីរូបនេះមិនដែលរំលងដែរ នាងនិយមហាត់ប្រាណ លើកដុំដែក ហាត់យោហ្គាពត់ពេនដៃជើង ជាដើម ជាពិសេសគេសង្កេតឃើញអ្នកនាងនិយម​ហែលទឹកជាមួយកូនប្រុសបង្កើត។ អ្នកមេម៉ាយកូនមួយរូបនេះ អាចរក្សាសម្ផស្សបានក្មេងជាងវ័យរហូត មិនថារូបនាងធ្លាប់មានស្វាមី និងកូនប្រុសហើយក្ដី៕