Author: អេបិល

  • អ៊ី វ៉ា កាន់តែលេចតម្រុយស្ពាយបង្វេចទៅទ្រនំថោនមែនទែនហើយ

    អ៊ី វ៉ា កាន់តែលេចតម្រុយស្ពាយបង្វេចទៅទ្រនំថោនមែនទែនហើយ

    កាលពីថ្ងៃមង្គលការរបស់កូនស្រីម្ចាស់ផលិតកម្មថោនពេលថ្មីៗនេះ គេសង្កេតឃើញមានភាពកក្រឹកកក្រេងយ៉ាងខ្លាំង សូម្បីតែការតុបតែងក៏មើលទៅដូចជាពិធីអាពាហ៍ពិពាហ៍នៅក្នុងឋានសុវណ្ណអ៊ីចឹង ដែលមើលទៅប្រណីតភាពបំផុតទាំងការរចនា និងគ្រឿងអលង្ការ។ មិនតែប៉ុនណោះ គេក៏បានមើលឃើញថាដែរថា មានតារាចម្រៀងសម្ដែង ក្រុមការងាររួមទ្រនំមួយនេះ បានសម្ញែងភាពស្រស់ស្អាត និងរីករាយចូលរួមអបអរក្នុងពិធីមង្គលការដ៏ធំមួយនេះផងដែរ។

    ក្រៅពីតារាចម្រៀងនៅក្នុងផលិតកម្មថោនបានចូលរួមនៅក្នុងពិធីមង្គលការរបស់កូនស្រីម្ចាស់ផលិតកម្មហើយនោះ គេក៏មើលឃើញទៀតថា តារាចម្រៀងស្រីនៅផលិតកម្មសាន់ដេ កញ្ញា អ៊ី វ៉ា ក៏បានចូលរួមនៅក្នុងកម្មវិធីខាងលើនេះដែរ ទាំងមិនឃើញមានតារាចម្រៀងពីផលិតកម្មផ្សេង ឬនៅក្នុងផលិតកម្មជាមួយ អ៊ី វ៉ា បានមកចូលរួម ហើយបង្កភាពស្និទស្នាលដូចជាគ្រួសារតែនិងផលិតកម្មថោន ដូចជារូបនាងនោះឡើយ។ គួរកត់សម្គាល់ខ្លាំងបំផុតគឺ តាមរយៈរូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ​កញ្ញា អ៊ី​ វ៉ា បានបង្ហាញ​កាយវិការ​ស្និទ្ធស្នាល​​ជាមួយ​តារាចម្រៀង​ជាច្រើន​ទៀត​ដែល​បាន​ចូលរួម​ក្នុង​ពិធី ហើយសកម្មភាពរបស់នាង ធ្វើឱ្យ​មហាជន​យល់ថា នាងស្ពាយបង្វេចផ្លាស់ប្ដូរ​ទ្រនំពិតប្រាកដហើយ ព្រោះ​កន្លងមកមានព័ត៌មានចេញផ្សាយយ៉ាងសុះសាយជាច្រើន​ទាក់ទង​នឹង​ការដើរ​ចេញ​របស់ អ៊ី​វ៉ា ទៅកាន់​ទ្រនំធំមួយនេះ។​

    គួររំឭកផងដែរថា កន្លងមកតារាចម្រៀងស្រីរូបនេះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្ដែងៗថា «ខ្ញុំមិនមែនជាអ្នកចម្រៀងហង្សមាស ហើយក៏មិនបានចូលថោនដែរ នាងខ្ញុំមិន​ទាន់ចង់និយាយ​មុន​ទេ ព្រោះទោះជាចប់កុងត្រាជាមួយសាន់ដេមែន តែនាងខ្ញុំនៅតែជាអ្នកចម្រៀងរបស់សាន់ដេនៅឡើយ»។ ហើយនាងបន្ដថា « ច្បាស់ជាងខ្លួនខ្ញុំទៀតណ៎..អ្វីក៏អាចផ្លាស់ប្ដូរបានដែរ។ ទៅមុខត្រឡប់ក្រោយ ត្រឡប់ក្រោយទៅមុខ ទិសដៅក្រឡាប់ចាក់ អាចនិងឆ្ងល់ តែនិងយល់ ពេលដឹងពីអត្ថន័យ »។

    ការស្ពាយបង្វេចដើរចេញពីផលិត​កម្មសាន់ដេទៅចូល​ផលិតកម្មថោននៅពេលនេះបានលេចចេញតម្រុយបាត់ទៅហើយ ព្រោះនាងបានចប់កុងត្រាជាមួយសាន់ដេហើយ ​ខណៈកន្លងមកទៀតធ្លាប់ធ្លាយដំណឹងតារាស្រីវ័យក្មេងរូបនេះត្រូវបានផលិតកម្មធំមួយ និងកំពុងព្យាយាមអូសទាញមកធ្វើជាសមាជិកថ្មីរបស់ខ្លួនជាយូរណាស់មកហើយដែរ។ យ៉ាងណាមិញ ក៏មានការបកស្រាយបញ្ចប់ចម្ងល់ពីតារាស្រីរូបនេះកន្លងមកនោះ នាងមិននិយាយ​ឱ្យចំៗនៅឡើយទេ ពោលគឺនាងនៅតែចង់ពង្វៀងដានមហាជនអ្នកគាំទ្រ ព្រោះមិនចង់ឱ្យធ្លាយព័ត៌មាន៕

  • សូរ្យ​ អែនណា នាំតារាខ្មែរទៅទទួលភាពជោគជ័យខ្លាំងក្នុងព្រឹត្តិការណ៍នៅកូរ៉េ

    សូរ្យ​ អែនណា នាំតារាខ្មែរទៅទទួលភាពជោគជ័យខ្លាំងក្នុងព្រឹត្តិការណ៍នៅកូរ៉េ

    មកដល់ខណៈពេលនេះ ក្រុមតារាៗ និងអ្នកដឹកនាំប្រចាំក្រុម«តារារះថ្មី»ដែលត្រូវគេស្គាល់ថា កញ្ញា សូរ្យ អែនណា ជាអ្នកគ្រប់គ្រងនោះបានធ្វើដំណើរត្រឡប់មកដល់ទឹកដីកម្ពុជាវិញហើយ ដោយពួកគេបានទទួលកិត្តិយសយ៉ាងធំសម្បើមនៅក្នុងកម្មវិធី  Asian Model Festival 2018 និងកម្មវិធី Asian Model Star Award 2018 នៅប្រទេសកូរ៉េយ៉ាងគួរឱ្យកោតសរសើរ។

    ជាមួយគ្នានោះដែរ កញ្ញា សូរ្យ អែនណា អតីត Miss Global Cambodia កាលពីឆ្នាំ2016 បាននិយាយថា ក្នុងការប្រកួត Asian Model Festival 2018 តារាម៉ូដែលដែលក្រុម«តារារះថ្មី»បានបញ្ជូនទៅ គឺលោក ប្រាជ្ញ ឆវ័ន្ត ទទួលបានរង្វាន់ និងការឧបត្ថម្ភពីក្រុមហ៊ុន JMA ដែលជាក្រុមហ៊ុនធំមួយក្នុងនាមជាតារាមួយរូបដែលក្រុមហ៊ុននេះពេញចិត្ត។ ដោយឡែកចំពោះតារាសម្ដែងលោក អែត វីន វិញ កញ្ញាអែនណា បានបន្ដប្រាប់ថា លោកក៏ត្រូវបានគេអញ្ជើញឱ្យទៅទទួលពានក្នុងកម្មវិធី Asian Model Star Award 2018 ដែលបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េនោះដែរ ក្នុងនាមជាតារាតំណាងឱ្យប្រទេសកម្ពុជា។

    គួរបញ្ជាក់ផងដែរថា ការទទួលពាននេះគឺជាកិត្តិយសមួយសម្រាប់តារាខ្មែរយើង ដែលធ្វើឱ្យកញ្ញាកាន់តែមានកម្លាំងចិត្តក្នុងការដឹកនាំតារាខ្មែរទៅចូលរួមប្រកួត និងបង្ហាញរូបសម្រស់លើឆាកអន្តរជាតិច្រើនឡើង បន្ទាប់ពីលើកនេះបានទទួលជោគជ័យខ្លាំង៕

  • ​បែកធ្លាយ OPPO F7 128GB នឹងមកដល់កម្ពុជានាពេលឆាប់ៗនេះ!

    ​បែកធ្លាយ OPPO F7 128GB នឹងមកដល់កម្ពុជានាពេលឆាប់ៗនេះ!

    កម្តៅនៃការលក់ដាច់ដ៏សម្បើមនូវទូរស័ព្ទដៃ OPPO F7 ដែលបានចេញលក់កាលពីចុងខែមេសាកន្លងទៅមិនទាន់ចុះថយផង ពេលនេះក្រុមហ៊ុន OPPOគ្រោងនឹងចេញលក់ OPPO F7 ដែលមានRAM 6GB+ROM128GB នៅពេលឆាប់ៗនេះទៀតហើយ នេះបើយោងទៅតាមផេកផ្លូវការរបស់ក្រុមហ៊ុនOPPOដែលផុសនាថ្ងៃទី៩ខែឧសភានេះ។

    ការនឹងមកដល់នៃOPPO F7 128GB ក៏ជាការទង្ទឹងរង់ចាំនៃបណ្តារអតិថិជនជាច្រើនក៏ដូចជាអ្នកគាំទ្រផលិតផលទូរស័ព្ទOPPOទាំងឡាយ។ តាមរយៈការសាកសួរពីម្ចាស់ហាងលក់ទូរស័ព្ទដៃ OPPO នានាបានឲ្យដឹងថា ខណៈពេលដែល OPPO F7 Ram 4GB+Rom64GB ដែលកំពុងមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្នគឺថាលក់ដាច់ខ្លាំង តែក៏មានអតិថិជនជាច្រើននាក់បានសួររកទិញនូវ OPPO F7 Ram 6GB+Rom128GB ដែលត្រូវគេរំពឹងថានឹងមកលក់នៅលើទីផ្សារកម្ពុជានៅពេលឆាប់ៗនេះ។

    កញ្ញា មុំ ដែលជាអតិថិជនម្នាក់បានឲ្យដឹងថា៖ «ខ្ញុំចាំទិញ OPPO F7 ដែលមានmemoryធំ ដោយសារតែខ្ញុំជាអ្នកដែលចូលចិត្តការថតរូប ដូច្នេះខ្ញុំចង់បាន OPPO F7 ដែលមាន memory ធំ ដើម្បីរក្សាទុករូបថតបានច្រើន ដោយមិនចាំបាច់លុបរូបខ្លះចោលឡើយ។»

    ចំណែកលោក សុភាព ដែលជាអតិថិជនម្នាក់ទៀតបាននិយាយថា «ខ្ញុំបានទិញOPPO F7 មួយគ្រឿងឲ្យភរិយាខ្ញុំប្រើហើយ ល្អប្រើណាស់​។  ម្យ៉ាងទៀត ខ្ញុំបានលឺក្រុមហ៊ុនថានឹងមានF7 RAM ធំមកលក់ដែរ គាប់ជួនខ្ញុំជាអ្នកដែលចូលចិត្តលេងហ្គេមដែលមានក្រាហ្វ៊ិចច្បាស់ អញ្ចឹងហើយនឹងចាំទិញ OPPO F7 128GBប្រើមួយដែរហើយ»

    គួររំលឹកផងដែរថា OPPO F7 128GBមានលក្ខណៈពិសេសដូចគ្នាទៅនឹងOPPO F7 គឺថាវាជាស្មាតហ្វូនដំបូងគេដែលបានបំពាក់មកជាមួយនូវកាមេរ៉ាមុខរហូតដល់ទៅ 25MPដែលភ្ជាប់ជាមួយនូវបច្ចេកវិទ្យាAI Beauty 2.0  ​ហើយក៏បានប្រើប្រាស់នូវ Sensor HDR576 ដែលវាអាចផ្តិតយករូបភាពដ៏ស្រស់​ស្អាតទោះស្ថិតក្នុងស្ថានភាពរូបភាពនៅឆ្ងាយឬកុងពន្លឺក៏ដោយ ។ អេក្រង់របស់វាមានទំហំ 6.23 អ៊ីង វិមាត្រ19:9  កម្រិតបង្ហាញFHD+ និងResolution 2280×1080 pixels ហើយវាជាអេក្រង់ឆក(Notch Screen) Super Full Screen។ សម្រាប់ផ្នែកម៉ាស៊ីនវិញ វាដំណើរការដោយProcessorចុងក្រោយបំផុតគឺ 8+2(AI)-core ដែលមានល្បឿន2.0 GHz (MTK P60) ដំណើរការដោយ ColorOS 5.0 ដើរដោយAndroid 8.1។

    ឯរូបរាងខាងក្រៅវិញ OPPO F7ក៏ដូចជាF7 128GB ត្រូវបានបានរចនាតួខ្លួនភ្លឺរលោងដូចជាកញ្ចក់ ព្រមទាំងមានកន្លែងស្កេនក្រយៅដៃនៅលើផ្ទៃខាងក្រោយវាផងដែរ។ ឯចំនុចខុសគ្នារវាង OPPO F7និងF7 128GB នោះគឺថា OPPO F7​ មានRAM 4GB+ROM 64GB មាន៣ពណ៌សម្រាប់ជ្រើសរើស គឺ៖ពណ៌ក្រហម(Solar Red) ពណ៌ប្រាក់(Moonlight Silver) និងពណ៌ពេជ្រខ្មៅ(Diamond Black) ហើយត្រូវបានលក់ក្នុងតម្លៃ៣២៩ដុល្លារ។ រីឯ OPPO F7​128GB វិញគឺមានRAM 6GB+ROM128GB  នឹងមានពីរពណ៌សម្រាប់ឲ្យជ្រើសរើសគឺ៖ ពណ៌ក្រហម(Solar Red) និងពណ៌ពេជ្រខ្មៅ(Diamond Black) ជាមួយតម្លៃត្រឹមតែ៤២៩ដុល្លារប៉ុណ្ណោះ ។

    ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានច្បាស់ការនៅឡើយចំពោះកាលបរិច្ឆេទច្បាស់លាស់នៃការមកដល់របស់ OPPO F7 Ram 6GB+Rom128GB  ។ ប៉ុន្តែ គេរំពឹងថា អតិថិជននឹងអាចចាប់ផ្តើមធ្វើការPre-orderក្នុងពេលឆាប់ៗនេះ ជាមួយនឹងប្រម៉ូសិនពិសេស៕

  • តារាពីរដួងក្នុងផលិតកម្មថោន សុទ្ធតែជួបទុក្ខធំប្រកាសលក់ផ្ទះព្យាបាលជំងឺឪពុក

    តារាពីរដួងក្នុងផលិតកម្មថោន សុទ្ធតែជួបទុក្ខធំប្រកាសលក់ផ្ទះព្យាបាលជំងឺឪពុក

    កន្លងទៅដូចលោកអ្នកបានជ្រាបហើយថា លោក ករុណា ពេជ្រ ជាតារាចម្រៀង និងមានតំណែងធំនៅក្នុងផលិតកម្មថោន បានដាក់ប្រកាសលក់ផ្ទះវីឡាទោលតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន ដើម្បីយកប្រាក់បន្ថែមព្យាបាលជំងឺរបស់ឪពុក។ រហូតមកទល់ពេលថ្មីៗកន្លងទៅនេះ គេឃើញតារាចម្រៀងស្រីនៅក្នុងផលិតកម្មថោនម្នាក់ទៀតគឺ កញ្ញា ស៊ុន ស្រីពេជ្រ ក៏បានដាក់ប្រកាសលក់ផ្ទះដើម្បីមើលជំងឺប្អូន និងឪពុកដូចគ្នា ដែលហេតុការណ៍ផ្ទួនគ្នាមួយនេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង និងមានក្ដីស្រងេះស្រងោចចិត្ត អាណិតចំពោះក្ដីលំបាករបស់អាយដូលក្នុងដួងចិត្តពួកគេជាខ្លាំង។

    កន្លងទៅលោក ករុណា ពេជ្រ បានប្រកាសលក់វីឡាទោលថា «កូនមកដល់ផ្ទះវិញហើយប៉ា…ផ្ទះធំពេក ហើយប៉ាឈឺទៀត…កូននឹងនាំប៉ាទៅព្យាបាលបន្តនៅក្រៅប្រទេសឆាប់ៗនេះ…។ កុំឱ្យសៅហ្មង ខ្ញុំសូមប្រកាសលក់ផ្ទះវីឡាទោល ហើយកែងផ្លូវខាងមុខតែម្តង…ដែលមានទីតាំងនៅបុរីពិភពថ្មី សំរោងអណ្តែត3 ផ្ទះលេខ 2 ( E0,E1,E2 )  ផ្លូវA…ទល់មុខសួនច្បារធំ2 មានទីធ្លាធំទូលាយនៅមុខផ្ទះ….ចំណាយពេលតែ 5នាទីដល់ផ្សារ Makro និងផ្សារទំនើប AEON II។ ទំហំដី : ទទឹងមុខ 18,40 m រីកទទឹងក្រោយ 19,40m និងបណ្តោយ 33,40 m»។ លោកបានបញ្ជាក់ដែរថា ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ អាចទំនាក់ទំនងមកកាន់ Inbox ហ្វេសប៊ុករបស់លោកផ្ទាល់តែម្ដង។

    រីឯកញ្ញា ស៊ុន ស្រីពេជ្រ វិញក៏បានប្រកាសលក់ផ្ទះរបស់ខ្លួននៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «ហ៊ឺម៍…តាំងពីដាក់ប្រកាសលក់ផ្ទះពីរខែមកនេះលុយតម្កល់មើលជំងឺប្អូនជាង 50000$ ក៏អស់ ហើយឥឡូវចូលដល់ខ្ចីលុយគេមើលទៀត អាណិតម៉ែមុខឡើងខ្មៅ ហើយស្គមព្រោះពិបាកចិត្ត ឯពុកវិញម្ង៉ៃកាត់ម្ង៉ៃកោរ អូនអើយតើពេលណាទើបផ្ទះយើងលក់ដាច់នឹងឆាប់បាននាំអូនវះកាត់ ឆាប់បានជាទៅអូន ឱ្យគេមើល គេថាផ្ទះហ្នឹងរង់ចាំម្ចាស់ថ្មីម្តងខែ3 ម្តងខែ4 តែឥឡូវចូលដល់ខែ5ហើយ អស់សង្ឃឹមណាស់ ឱលោកម្ចាស់ផ្ទះថ្មីឆាប់ទិញផ្ទះខ្ញុំផង ដើម្បីប្អូនប្រុសខ្ញុំបានជាសូមអង្វរទេវតាកុំដាក់ទោសទណ្ឌដល់គ្រួសារខ្ញុំអី សូមមេត្តាជួយShareផង ដើម្បីផ្ទះខ្ញុំឆាប់លក់ដាច់ អរគុណពុកម៉ែបងប្អូនទុកជាមុន»(អូខេ ចាំបេលជួយស៊ែរ…)។

    គួរបញ្ជាក់ផងដែរថា លោកឪពុក តារាស្រីរូបនេះ លោកមានវ័យ72ឆ្នាំហើយ និងមានជំងឺលើសឈាមជាង 2ឆ្នាំមកហើយដែរ ហើយក៏ខកខានក្នុងការចេញទៅសម្តែងកំប្លែងជាយូរឆ្នាំមកហើយដែរ។ តារាកំប្លែងជើងចាស់នាយ សង់ ស៊ីស មានកូនសរុបចំនួន 8នាក់ (ស្រី5នាក់) ក្នុងនោះមានកូន 3នាក់ជាសិល្បករ គឺនាយ សង់ សេត កញ្ញា ស៊ុន ស្រីពេជ្រ និងអ្នកនាង កាឆយ។ បច្ចុប្បន្នតារាកំប្លែងរូបនេះ ស្នាក់នៅផ្ទះរួមជាមូយកូនស្រី ស៊ុន ស្រីពេជ្រ នាភូមិ សុពណ៌ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

  • កម្មវិធី ASEAN Data Science Explorers ផ្ដល់ឱកាសថ្មីយុវជនអាស៊ាន

    កម្មវិធី ASEAN Data Science Explorers ផ្ដល់ឱកាសថ្មីយុវជនអាស៊ាន

    ក្រោយសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន​បានចាប់ផ្តើមកាលពីដើមឆ្នាំ2015មក សហគមន៍អាស៊ាន (ASEAN) បានជំរុញឱ្យមានការទំនាក់ទំនងកាន់តែច្រើនឡើងនៅក្នុងចំណោមប្រជាជន​នៃប្រទេសទាំង 10តាមរយៈកម្មវិធីនានាពាក់ព័ន្ធនឹង​ការអប់រំ វិទ្យាសាស្រ្ត និង​វប្បធម៌ជាដើម។

    នាពេលថ្មីៗនេះកម្មវិធី ASEAN Data Science Explorers (ADSE) ដែលជា​កម្មវិធីមួយរៀបចំឡើង​ដើម្បីលើកកម្ពស់​ការយល់ដឹងពីសហគមន៍​អាស៊ាន​ក្នុងចំណោម​យុវជន​វ័យក្មេង​តាមរយៈ​ការធ្វើសកម្មភាពអក្ខរកម្ម​ឌីជីថល បានប្រកាសបើកឱ្យបេក្ខជន​ដែលជាសិស្ស-និស្សិតមកពីប្រទេស​សមាជិកអាស៊ានទាំងអស់​ចូលរួមដើម្បីប្រកួតប្រជែងនៅប្រទេសសិង្ហបុរី​។

    សម្រាប់លក្ខខណ្ឌ​គឺ បេក្ខជន​ចាំបាច់ត្រូវតែជាពលរដ្ឋរបស់ប្រទេសដែលជាសមាជិកនៃប្រទេសទាំង10 នៅអាស៊ាន និងជាសិស្សដែលសិក្សាពេញម៉ោង​នៅក្នុងសាលានៅប្រទេស​ក្នុងតំបន់អាស៊ីអាគ្នេយ៍។ បេក្ខជនទាំងអស់ត្រូវមានអាយុចាប់ពី16ឆ្នាំឡើងទៅ។

    សម្រាប់អ្នកឈ្នះនៅក្នុងកម្មវិធីនេះ នឹងត្រូវចូលរួម​ក្នុងកម្មវិធី ASEAN FACE OFF នៅថ្ងៃទី25 ខែតុលាឆ្នាំ2018 នៅក្នុងប្រទេសកម្ពុជាជាមួយនឹងថវិកាប្រមាណ 3,600អឺរូ និងពានរង្វាន់មួយ។

    បេក្ខជនទាំងអស់ត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី23 ខែឧសភា ឆ្នាំ2018 តាមរយៈគេហទំព័រ  https:/​/ww​w.​aseandse.org/register ហើយឯកសារទាំងអស់ដែលត្រូវបំពេញ គឺត្រូវសរសេរជាភាសាអង់គ្លេស៕

  • ភិន សុដាលីស បង្ហាញពីមហិច្ឆតាក្នុងវិថីសិល្បៈខ្មែរ

    ភិន សុដាលីស បង្ហាញពីមហិច្ឆតាក្នុងវិថីសិល្បៈខ្មែរ

    អីយ៉ា មិនធម្មតាទេ! ទើបតែប្រកាសថា ខ្លួនទទួលយកការសម្ដែងជាតួរងមិនទាន់បានប៉ុន្មានផង ស្រាប់តែមានភាពយន្ដខ្នាតធំថ្មីមួយទៀតដែលកញ្ញា ភិន សុដាលីស សម្ដែងជាតួឯកជាមួយលោក ជា សុវណ្ណរាន៍ គឺរឿង «ផ្លូវមរណៈ» ត្រូវបានដាក់បញ្ចាំងនៅក្នុងរោងភាពយន្ដស្រេចទៅហើយ នៅថ្ងៃនេះ។

    បន្ទាប់ពីបានដាក់សម្ពោធកាលពីពេលថ្មីៗកន្លងទៅនេះ និងមានការលើកសរសើរពីអ្នកទស្សនាថា គេពុំដែលបានឃើញកូនស្រីសំណព្វចិត្តរបស់លោក អ៊ិន សុភិន ធ្លាប់បានសម្ដែងជាមួយលោកជា សុវណ្ណរាន៍ ទេ ប៉ុន្ដែក្នុងរឿង “ផ្លូវមរណៈ” នេះ នាងបានសម្ដែងជាតួអង្គកូនកាត់ជនជាតិភាគតិចយ៉ាងល្អឥតខ្ចោះ ហាក់ដូចជាកូនក្រមុំជនជាតិពិតៗតែម្ដង ព្រោះថា ការបញ្ចេញសម្លេងបែបរដឺនៗរបស់នាងដែលនិយាយចេញមក ពិតជាគួរឱ្យចង់ស្ដាប់មែនទែន ពោលគឺ គួរឱ្យទាក់ចិត្ត និងផ្ទុះសំណើចខ្លាំងណាស់។

    ទោះយ៉ាងណា កញ្ញា ភិន សុដាលីស បានប្រាប់អ្នកយកព័ត៌មាន ឡារ៉ែន នៅថ្ងៃសម្ពោធរឿងថា នាងសម្ដែងមិនទាន់បានល្អនៅឡើយទេ ព្រោះរឿងនេះមានការលំបាកខ្លាំងត្រង់ប្រើសំឡេងផ្ទាល់និយាយជាភាសាជនជាតិ។  នាងថា “រឿង ផ្លូវមរណៈនេះ ខ្ញុំខំប្រឹងពត់សំឡេងខ្លួនឯងខ្លាំងណាស់ ធ្វើយ៉ាងណាឱ្យដូចជាជនជាតិមែនទែននិយាយអ៊ីចឹង។ វាពិតជាពិបាកមែន បើយើងនិយាយលេងមួយម៉ាត់ពីរម៉ាត់ វាមិនអីទេ តែនេះនិយាយជាប៉ារ៉ូលវែងនៅក្នុងភាពយន្ដ ត្រូវតែប្រយ័ត្នគ្រប់ពេល​។ មិនតែប៉ុណ្ណោះសូម្បីតែការសម្ដែង ក៏ខ្ញុំខំប្រឹងហ្វឹកហាត់ច្រើនជាងមុនដែរ ព្រោះមានការងារសម្ដែងជាច្រើនរង់ចាំយើងនៅខាងមុខទៀត”។

    ទោះយ៉ាងណា តារាសម្ដែងមេម៉ាយកូនមួយរូបនេះត្រូវបានគេមើលឃើញថា មហិច្ឆតាក្នុងសិល្បៈរបស់នាងក៏មិនមែនធម្មតាដែរ ព្រោះក្រៅពីប្រឹងប្រែងហ្វឹកហាត់ការសម្ដែងឱ្យមហាជនគ្រប់គ្នាលាន់មាត់ថា មិនមែនធ្វើលំៗហើយនោះ រូបសម្រស់ ក៏នាងខំប្រឹងប្រែងថែទាំឱ្យបានស្រស់ស្អាតជានិច្ចទៀតដែរ ព្រោះអី នាងមិនមែនត្រឹមតែទៅចូលគ្លីនិកដើម្បីសម្រកខ្លាញ់ដើមដៃ និងក្បាលពោះប៉ុណ្ណោះទេ តែនាងថែមទាំងខំប្រឹងហាត់ប្រាណ និងតមអាហារដើម្បីឱ្យមានរូបរាងស្វែលស្អាតទៀតផង។

    គួរបញ្ជាក់ផងដែរថា តារាសម្ដែងរូបនេះបានលើកឡើងថា អ្វីដែលនាងបារម្ភនោះគឺ ទេពកោសល្យ និងរូបសម្រស់ ព្រោះចំណុចទាំងពីរជាកត្តាសំខាន់ណាស់សម្រាប់តារាសម្ដែងគ្រប់រូប។ ម្ល៉ោះហើយបានជាសព្វថ្ងៃនេះ នាងខំប្រឹងហាត់ប្រាណ និងតមអាហារមិនហ៊ានញ៉ាំអ្វីផ្ដេសផ្ដាសដូចមុនឡើយ៕

  • ញ៉ែម សុគន្ធ ត្រូវបុរសម្នាក់ទម្លាយរឿងសុំមើលអាវុធសម្ងាត់ជាញយដង

    ញ៉ែម សុគន្ធ ត្រូវបុរសម្នាក់ទម្លាយរឿងសុំមើលអាវុធសម្ងាត់ជាញយដង

    ពិតជាគួរឱ្យភ្ញាក់ផ្អើលបំផុត ព្រោះនៅពេលថ្មីៗនេះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានឱ្យដឹងថា មានគណនីមួយមានឈ្មោះ Sovan Narith បានទម្លាយសារជាច្រើនលើក ដោយបាននិយាយយ៉ាងចំៗថា លោកបានប្រកាសលែងទទួលស្គាល់លោក ញ៉ែម សុគន្ធ ជាពូទៀតហើយ ព្រោះទង្វើតារាប្រុសម្នាក់នេះជាភេទទី3 ដែលតែងតែសុំមើលប្រដាប់ភេទរបស់លោកជាញឹកញាប់។ ការទម្លាយចេញមកបែបនេះមិនច្បាស់ថា ជាការពិត ឬយ៉ាងណាទេ តែពិតជាបានប៉ះពាល់ចំពោះប្រជាប្រិយភាពរបស់តារាសម្ដែងប្រុសរូបនេះយ៉ាងខ្លាំង។

    គណនីដែលមានឈ្មោះដូចខាងលើ កាលពីថ្ងៃទី8 ខែឧសភា ថ្មីៗនេះបានសរសេរសារថា «ខ្ញុំសូមប្រកាសលែងទទួលស្គាល់ឈ្មោះ ញ៉ែម សុគន្ធ ជាពូទៀតហើយ ព្រោះលេងអាសអាភាសពេក អត់មិនអត់ ( នៅមិននៅ) លេងឆាតជាមួយខ្ញុំសុំមើលប្រដាប់ភេទខ្ញុំ ខ្ញុំមិននឹកស្មានថាគាត់ជាភេទទីបីសោះ។ ហើយនេះរូបថតគាត់ជាមួយម៉ាក់ខ្ញុំ..។ ពីខ្ញុំ សុវណ្ណរិទ្ធ ឥទ្បូវខ្ញុំក៏ឈប់លេងហ្វេសប៊ុកជាមួយគាត់ដែរ»។ បុរសមានឈ្មោះ សុវណ្ណរិទ្ធ នោះបានអះអាងពីទំនាក់ទំនងលោក ញ៉ែម សុគន្ធ ជាពូរបស់ខ្លួន ហើយបានបញ្ជាក់ពីភាពស្និទ្ធស្នាលជាមួយម្ដាយលោកផងដែរ។ ដោយសារទំនាក់ទំនងជាពូក្មួយ លោក ញ៉ែម សុគន្ធ តែងឆាតបែបលក្ខណៈអាសអាភាស ផ្ញើសារមកសុំមើលប្រដាប់ភេទខ្លួនជាញយៗផង ទើបបណ្ដាលឱ្យបុរសខាងលើនេះ ឈានដល់ប្រកាសជាសាធារណៈ ឈប់ទាក់ទងលោកជាពូក្មួយ ព្រមទាំងហែករឿងអាស្រូវលោកជាមនុស្សប្រភេទប្រុសស្រឡាញ់ប្រុសដូចគ្នាទៀតផង។

    បន្ដមកទៀត គណនីដដែលនេះបានបន្ដទម្លាយរឿងអាស្រូវបែបនេះជាថ្មីម្ដងទៀតនៅថ្ងៃទី9 ខែឧសភា ម្សិលមិញនេះ ដោយសរសេរថា «ខ្ញុំ សុវណ្ណរិទ្ធ ក៏ជាមនុស្សមានចិត្ត មានបេះដូងដែរ មិនមែនមិនយល់បងប្អូននោះទេ បើទោះជា ញ៉ែម សុគន្ធ គាត់ជាភេទទីបី ក៏គាត់ជាសាច់ញាតិខ្ញុំដែរ កាលពីគាត់លេងVideo Chart ជាមួយខ្ញុំ គឺគាត់បញ្ចាឱ្យខ្ញុំធ្វើកាយវិការអាក្រាតឱ្យគាត់មើល ក៏ខ្ញុំមិនប្រកាន់ តែសំខាន់ដែលខ្ញុំខឹង ហើយចេញមកសរសេរបកអាក្រាតរឿងគាត់ឱ្យគេដឹងក្នុងហ្វេសប៊ុកនេះ គឺដោយសារតែគាត់វាយឫកពេក អត់មិនអត់ Block ហ្វេសប៊ុកខ្ញុំចោល តើខ្ញុំមិនដល់គាត់មែន? ទោះបីជាខ្ញុំជាមនុស្សបាតសង្គមដើរលេងខិលខូចពីមុនមែន ក៏ខ្ញុំនៅមានកិត្តយសជាមនុស្សខ្លះដែរ »។

    អូហូ! ពិតជាគួរឱ្យញាក់សាច់មែន ព្រោះថា កន្លងមកតារាប្រុស ញ៉ែម សុគន្ធ ក៏ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួនទម្លាយពីរឿងសង្ស័យស្រឡាញ់ភេទដូចគ្នានោះដែរ តែមកដល់ពេលនេះ ម៉ោងនេះវិញ សារដែរបានទម្លាយនោះកំពុងតែមានការស៊ែរបន្ដនៅលើហ្វេសប៊ុកយ៉ាងភ្លូកទឹកភ្លូកដី។

    គួរបញ្ជាក់ផងដែរថា មិនជាក់ច្បាស់ថា ការទម្លាយដែលប៉ះពាល់ដល់ប្រជាប្រិយភាពតារាប្រុសមួយនេះ ជាការពិតឬយ៉ាងណានោះទេ។ សារព័ត៌មាន ឡារ៉ែន កំពុងព្យាយាមទំនាក់ទំនងលោក ញ៉ែម សុគន្ធ តាមរយៈទូរស័ព្ទដៃរបស់លោក ដើម្បីសុំការបញ្ជាក់បំភ្លឺបន្ថែមពីករណីដ៏ក្ដៅគគុកមួយនេះ៕

  • Juventus ផ្តួល​ក្រុម AC Milan ចាស់​ដៃ ដើម្បី​លើកពាន Coppa Italia លើក​ទី​13

    Juventus ផ្តួល​ក្រុម AC Milan ចាស់​ដៃ ដើម្បី​លើកពាន Coppa Italia លើក​ទី​13

    ក្រុម Juventus បាន​ឈ្នះ​​ពាន Coppa Italia សម្រាប់​ឆ្នាំ​ទី​4 ​ជាប់​ៗ​គ្នា និង​ជាលើក​ទី​13 ​បើ​សរុប​ទាំង​អស់ ក្រោយពី​​ពួក​គេ​​បានកត់​ត្រា​ជ័យ​ជម្នះក្នុងលទ្ធផល 4-០ លើក្រុម AC Milan ដែល​​​ជួប​ភាព​ត្រដាប​ត្រដួស​ក្នុង​តង់​ទី2 ​ក្នុង​ការ​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ពុធ​។

    ខ្សែ​ការ​ពារកណ្តាល MedhiBenatia បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2​គ្រាប់​សម្រាប់​ក្រុម Juventus ហើយ​ខ្សែ​បម្រើ​ដ៏មាន​​ឥទ្ធិ​ពល Douglas Costa ក៏​បាន​រក​​គ្រាប់​បាល់​បញ្ចូល​ទី​ផងដែរ នៅ​រាត្រី​ដ៏ខក​ចិត្ត​សម្រាប់​​​អ្នក​ចាំទី Gianluigi Donnarumma របស់ AC Milan ខណៈ​ដែល​រូប​គេ​បាន​ធ្វើ​ឱ្យមាន​កំហុស​សម្រាប់​ការ​បណ្តោយ​ឱ្យ​មានគ្រាប់​បាល់​ទី​2 និង​ទី​3​។ ការ​ធ្វើ​ឱ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​​ដោយ​កីឡាករ​បម្រុង Nikola Kalinic បាន​​បង្កើតភាព​វេទ​នា​ក្នុងតំបន់​ការ​​ពារ​​របស់​ក្រុមខ្លួន​តែម្តង​​។ Juventus ដែល​បានក្លាយ​ជា​ក្រុម​ដំបូង​គេ​ក្នុង​ការ​ឈ្នះ​​​ពាន​នេះដោយ​មិន​របូត​សូម្បី​តែ​ 1​​គ្រាប់​នោះ កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​ឈ្នះ​ពាន Serie A ឆ្នាំ​នេះ ដើម្បី​បំពេញ​ការ​ឈ្នះពាន​2 ​ក្នុង​រដូវ​កាល​តែ​​មួយ​ និងជាលើក​ទី​​4 ​​ជាប់​ៗ​គ្នា​។ ក្រុម​យក្ស​ក្នុង​ទីក្រុង Turin ​មួយនេះ កំពុង​តែ​នាំមុខ​ 6ពិន្ទុ​ដាច់​លើ​ក្រុម Napoli ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​ 2​លើក​ទៀត​នៅ​រដូវ​កាលនេះ​។

    លោក Massimiliano Allegri គ្រូបង្វឹក​របស់​ក្រុម Juventus បាន​ឱ្យ​ដឹង​ថា៖ «កីឡាករ​ពិត​ជាលេង​បាន​យ៉ាង​អស្ចារ្យ និង​​ស័ក្តិ​សម​ក្នុង​ការ​ទទួល​ជ័យជម្នះ​នេះ​ ក្រោយពី​មិន​បាន​​ធ្វើ​អ្វី​​កើ​ត​លើ​​ក្រុម AC Milanដែល​​លេង​​បាន​យ៉ាងល្អ​ក្នុង​តង់​ទី​1​។ បច្ចុប្បន្ន យើង​ត្រូវ​​​តែ​​ធ្វើ​ឱ្យ​មាន​ភាព​ច្បាស់​លាស់​លើ​ការ​ឈ្នះ​ពាន Scudetto និង​រីក​រាយ​ជា​មួយ​នឹង​រដូវ​កាល​ដ៏អស្ចារ្យ​មួយ​​នេះ​»​​៕

    ប្រភព​ពី៖ The Guardian

  • Man City បំ​បែកកំណត់​ត្រា​ក្នុង Premier League ក្រោយ​​ផ្តួល Brighton

    Man City បំ​បែកកំណត់​ត្រា​ក្នុង Premier League ក្រោយ​​ផ្តួល Brighton

    ការ​ប្រកួត​លើក​ទី​316 ​របស់​ខ្សែ​បម្រើ​ជើង​ចាស់ Yaya Toure និង​ការ​ប្រកួត​លើ​ទឹកដីខ្លួន​ឯង​ជាលើក​ចុងក្រោយ​សម្រាប់​ក្រុម Manchester City បាន​បញ្ចប់ដោយ​ក្រុម​របស់​លោក Pep Guardiola បាន​បំ​បែកកំណត់ត្រា​នៃ​​ការរក​បាន​ 97​ពិន្ទុ គ្រាប់​បាល់​ 105​គ្រាប់ និង​ជ័យ​ជម្នះ​ 31​លើក​ក្នុង​សម័យ​កាល​នៃក្រប​ខ័ណ្ឌ Premier League​​។

    ក្រោយ​ពី​ការ​​ប្រកួត​នេះ Koloដែល​ជា​បង​ប្រុស​របស់​ខ្សែ​បម្រើ​​កូត​ឌី​វ័រ​ និង​ជា​អតីត​កីឡាករ​របស់​ក្រុម Man City រូបនេះបាន​​យក​សំបុត្រ​ចូល​ទស្ស​នា​ការ​ប្រកួត​របស់ Man City ពេញ​មួយ​ជីវិត​សម្រាប់ Yaya ក៏ដូច​ជា​​អាវ​ដែល​​វាយ​លេខ​ «316» កាល​ពី​ថ្ងៃ​អង្គារ​។ Toureបាន​និយាយ​ថា៖ «វា​គឺ​ជា​រឿង​ដ៏ល្អ​ក្នុង​ការ​នាំ​យក​ស្នាម​ញញឹម​ដល់​អ្នក​គាំទ្រ​​។ ពួក​គាត់​​ពិត​ជា​ផ្តល់​ជំនួយ​ដ៏​ធំ ហើយ​ក្រុម​គ្រួ​សារ​របស់​ខ្ញុំ​ចង់​ថ្លែង​អំណរ​គុណ​ដល់​ពួកគាត់»​​។ កាលពី​ខែ​មុន ក្រុម​របស់​លោក Guardiola បាន​បំពេញ​ការ​ឈ្នះ​ពានក្រប​ខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​ ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​ 5​លើក​ទៀត ហើយ​បច្ចុប្បន្នកំពុង​តែ​នាំ​មុខ​​ដល់​ទៅ​ 20ពិន្ទុ​ដាច់​លើ​ក្រុម​​លេខ​2 Manchester United​។ Man City អាច​នឹងក្លាយ​ជា​​ក្រុម​ដំបូង​គេ​ក្នុង​ការ​រក​បាន​ 100​ពិន្ទុ​ក្នុង​មួយរដូវ​កាល​​នៃក្រប​ខ័ណ្ឌ​​កំពូល​របស់អង់​គ្លេស ប្រសិន​បើ​ពួក​គេ​​ផ្តួលក្រុម Southampton នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាលនេះ នៅ​ថ្ងៃ​អាទិត្យ​។

    ខ្សែ​បម្រើ​ជើង​ចាស់ Toure បាន​ទទួល​តួនាទី​ជា​ប្រធានក្រុម​សម្រាប់​ការ​ប្រកួត​លើ​ទឹក​​ដីខ្លួន​ឯង​ជា​លើក​ចុង​ក្រោយ​របស់​គេ ហើយ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពីសំណាក់ Danilo, Bernardo Silva និងFernandinho បាន​​ជួយ​ឱ្យរូប​គេ​បញ្ចប់តួនាទី​ជាមួយ​នឹង​ជ័យជម្នះ​។ ខ្សែ​ប្រយុទ្ធ Leonardo Ulloa បាន​រកគ្រាប់​បាល់​ 1​គ្រាប់​វិញ​សម្រាប់​ក្រុម​ភ្ញៀវ​៕

    ប្រភព​ពី៖ The Guardian

  • អាចារ្យធំ និងដេននី ក្វាន់ រិះគន់ព្រមគ្នាចំពោះវីដេអូនារីស៊ីសាច់សត្វព្រៃ

    អាចារ្យធំ និងដេននី ក្វាន់ រិះគន់ព្រមគ្នាចំពោះវីដេអូនារីស៊ីសាច់សត្វព្រៃ

    ចំពោះករណីវីដេអូនារីម្នាក់បានស៊ីសាច់សត្វព្រៃ និងសត្វកម្រជិតដាច់ពូជជាអាហារ ហើយបានថតបង្ហោះដាក់រកលុយនៅក្នុងបណ្ដាញសង្គម យូធូបនោះ បានធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងកក្រើកពេញបណ្ដាញទំនាក់ទំនងហ្វេសប៊ុក ដែលមហាជនទូទៅទទូចទាមទារឱ្យរកមុខនាងម្នាក់នោះ និងចាត់វិធានការផ្លូវច្បាប់ចំពោះនាង។

    ស្របគ្នានោះដែរ នៅលើគណនីអាចារ្យធំ បានទាមទារថា​ «ទង្វើថតខ្សែវីដេអូ រកលុយក្នុង YouTube តាមរយៈការសម្លាប់សត្វព្រៃកម្ពុជា បានបង្ហោះយ៉ាងព្រហើនមិនខ្លាចច្បាប់។ ពិតជាមហាសែនថោកទាបពេកហើយ!!! ត្រូវតែបញ្ឈប់ជាបន្ទាន់! ខ្ញុំអាចារ្យធំ សូមគោរពជម្រាបក្រសួង មេត្តាចាត់វិធានការលើជនថោកទាបទាំងហ្នឹងឱ្យខាងតែបាន  អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងបរិសា្ថន សាយ សំអាល់ – Say Samal អង្គការអភិរក្សជលផល បរិស្ថាន សត្វព្រៃ និងព្រៃឈើប្រទេសកម្ពុជា Say Samal គោរពបងប្រធាន»។ រីឯតារាស្រីសិចស៊ី ដេននី ក្វាន់ វិញក៏បានធ្វើការរិះគន់ដែរថា «ស៊ីដូចប្រេត ចេះតែទៅរួចហើយនាងអើយ»។

    សូមជម្រាបបន្ថែមថា ទង្វើនារីម្នាក់ដែលជាជនជាតិខ្មែរ តែងតែបង្ហោះវីដេអូទាក់ទងទៅនឹងការចម្អិនអាហារនៅក្នុងព្រៃដោយដៃរបស់នាងផ្ទាល់ ហើយបានបង្ហោះវីដេអូរកលុយនៅក្នុងយូធូប ដោយយកការស៊ីសាច់សត្វព្រៃ ដូចជា សត្វត្រដក់ ជាសត្វដែលជិតផុតពូជ និងទទួលការអភិរក្សពីអាជា្ញធរ និងសត្វកូនខ្លាត្រី ដែលជាពពួកសត្វកម្រមកសម្លាប់ហើយចម្អិនហូបដើម្បីទាក់ទាញអ្នកទស្សនានោះ ត្រូវបានមហាជនខ្មែររិះគន់ថា ជាទង្វើព្រៃផ្សៃបំផុត។

    គួររំឭកផងដែរថា វីដេអូដែលមាននៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូប ត្រូវបានអ្នកលេងបណ្ដាញសង្គមជេរព្រោងព្រាត ទៅលើនារីម្នាក់នេះយ៉ាងចាស់ដៃតែម្តង។ វាពិតជាមិនគួរសោះដែលនារីម្នាក់មានរូបសម្រស់សមរម្យ តែបែរជាមកធ្វើអំពើបែបនេះទៅវិញ តើសត្វព្រៃទាំងនេះនឹងត្រូវវិនាសហិនហោចដោយសារតែស្នាដៃរបស់នារីម្នាក់នេះឬ? បើតាមសម្ដីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ ពួកគេបានទទូចស្នើសុំឱ្យក្រសួង និងអាជ្ញាធរចាត់វិធានការច្បាប់ទៅលើនារីម្នាក់នេះឱ្យបានឆាប់បំផុត(ទុកយូរ នាងនឹងស៊ីសត្វព្រៃអស់មិនខាន…)៕