Author: អេបិល

  • ទៀតហើយ!! ដេននី ក្វាន់ សម្ញែងលុយដុល្លារជាច្រើនខ្ទាស់ ទុកទៅកែសម្ផស្សនៅថៃ

    ទៀតហើយ!! ដេននី ក្វាន់ សម្ញែងលុយដុល្លារជាច្រើនខ្ទាស់ ទុកទៅកែសម្ផស្សនៅថៃ

    ប៉ុន្មានម៉ោងមុននេះបន្ដិច តារាសម្ដែងសិចស៊ី ដែលទើបតែរួចផុតពីបម្រាមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺអ្នកនាង ដេននី ក្វាន់ បានបង្ហោះរូបភាពនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដែលសម្ញែងឱ្យឃើញលុយដុល្លារក្រដាសប្រាក់ 100ដុល្លារជាច្រើនខ្ទាស់ ដែលនាងត្រៀមទុកទៅកែសម្ផស្សនៅប្រទេសថៃទៀតហើយ។

    អ្នកនាង ដេននី ក្វាន់ បានបញ្ជាក់ផងដែរថា «ចង់ប្រាប់ថាលុយនេះមិនមែនទុកចាយ ឬបើកមុខរបររកស៊ីអីទេ គឺត្រៀមទុកសម្រាប់យកទៅកែសម្ផស្សនៅថៃ…ប៉ុណ្ណឹងប្រហែលជាមិនទាន់គ្រប់ថ្លៃពេទ្យទេ តែក៏មិនមានបញ្ហាអីដែល អស់ម៉ានអស់ទៅ ឱ្យតែអូនស្អាត»។ អូហូ! គឺពិតដូចជាពាក្យនាងបានថាកន្លងមកមែន «ប្រណាំងអី ប្រណាំងបាន តែកុំចង់ប្រណាំងជាមួយព្រេងវាសនា!» បើទោះបីជានាងមិនសូវបង្ហាញមុខមាត់នៅក្នុងពិភពសិល្បៈក៏ពិតមែន តែជីវិតនាងហាក់បីដូចជាជោគជ័យក្នុងការងាររកស៊ីរបស់នាងខ្លាំងណាស់។

    គួររំឭកផងដែរថា ស្រីស្រស់ ដេននី ក្វាន់ ធ្លាប់សម្ញែងក្រដាសប្រាក់ដុល្លារទាំងខ្ទាស់ៗ និងសម្ញែងទិញចិញ្ចៀនពេជ្រទាំងការ៉ាត់ៗ ហើយនិយាយថា «ក្តីស្រមៃតូចៗរបស់ខ្ញុំ បានដូចបំណងហើយ នៅឡើយតែក្តីស្រមៃធំៗ សង្ឃឹមថានឹងបាននាពេលឆាប់ៗនេះ សំខាន់វាស្ថិតលើការតស៊ូរបស់ខ្ញុំ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ»។ ជាមួយគ្នានឹងភាពជោគជ័យរបស់កញ្ញា មានទស្សនិកជនមិនតិចទេដែលនាំគ្នាសរសើរថា នាងគឺជាស្ដ្រីម្នាក់មានការតស៊ូក្នុងជីវិត ចេះទុកដាក់លុយកាក់ត្រឹមត្រូវបានល្អ មានសមត្ថភាពរកចំណូលបានទាំងខ្លួននៅក្មេង ហើយអាចសន្សំប្រាក់រហូតសម្រេចក្ដីបំណងបាន ដោយមិនបានពឹងផ្អែកលើសមត្ថភាពបុរសឡើយ៕

  • សម្ដេច ហ៊ុន សែន ៖ « បើ ប៊ុត សីហា ប្រកាសថាមិនពាក់ព័ន្ធគ្រឿងញៀន តើយើងទៅប្រកែប្រកាន់អីគ្នា? »

    សម្ដេច ហ៊ុន សែន ៖ « បើ ប៊ុត សីហា ប្រកាសថាមិនពាក់ព័ន្ធគ្រឿងញៀន តើយើងទៅប្រកែប្រកាន់អីគ្នា? »

    នៅព្រឹកថ្ងៃទី23 ខែឧសភា ឆ្នាំ2018 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយដែលជាកម្មករ-កម្មការិនីសរុប 19,949នាក់មកពីរោងចក្រ-សហគ្រាសចំនួន17 នៅក្នុងខេត្តកំពង់ស្ពឺ។

    ក្នុងឱកាសជួបសំណេះសំណាលនោះផងដែរ សម្ដេចបានលើកឡើងអំពីតារាចម្រៀង និងសិល្បករដែលមានដើមកំណើតចេញពីខេត្តកំពង់ស្ពឺ រួមទាំងបានមានប្រសាសន៍អំពីករណីតារាចម្រៀង ប៊ុត សីហា ដែលបានពាក់ព័ន្ធជាមួយគ្រឿងញៀនកាលពីពេលកន្លងមកទៀតផង។ សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា «អ្នកចម្រៀងក៏មានចេញពីខេត្តកំពង់ស្ពឺ ដែរ… ប៊ុត សីហា អីហ្នឹង។ តែឥឡូវ ប៊ុត សីហា គ្នាកំពុងតែបកស្រាយអីណា…គ្រឿងញៀន…គ្រឿងអីណា…។ ឥឡូវបើសិនជាគ្នាប្រកាសថា មិនពាក់ព័ន្ធគ្រឿងញៀន តើយើងទៅប្រកែប្រកាន់អីគ្នា?។ អារឿងហ្នឹងគឺ វាអ៊ីចឹង…»។

    គួរកត់សម្គាល់ផងដែរថា បើទោះបីជាកន្លងមកតារាចម្រៀង ប៊ុត សីហា មានរឿងអាស្រូវពាក់ព័ន្ធជាមួយគ្រឿងញៀនក៏ដោយ ក៏ប៉ុន្ដែដោយសារការទទួលស្គាល់កំហុស និងភាពឱនលំទោន ទទួលយកការណែនាំពីសំណាក់មហាជន និងតារារៀមច្បង បានធ្វើឱ្យលោកកែប្រែកំហុសរបស់ខ្លួន ហើយក៏បានទទួលនូវក្ដីអាណិតស្រឡាញ់គាំទ្រ និងលើកទឹកចិត្តពីសំណាក់មហាជនឡើងវិញដែរ។ ឆ្លើយតបទៅនឹងប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី តារាចម្រៀង ប៊ុត សីហា នាពេលថ្មីៗនេះ គឺពិតជាទទួលបាននូវក្ដីស្រឡាញ់ជាថ្មី និងការលើកលែងភាពប្រកែប្រកាន់ពីសំណាក់ប្រិយមិត្តគ្រប់រូប ហើយ និងសង្ឃឹមថា នឹងខិតខំកសាងខ្លួន សាងប្រជាប្រិយភាពឡើងវិញ ដើម្បីសងគុណអ្នកម្ដាយឱ្យស័ក្តិសមជាកូនកតញ្ញូ៕

  • លោក ឡេង ណាវ៉ាត្រា ឧបត្ថម្ភរថយន្ដប្រណីត 2គ្រឿង ដើម្បីសម្រួលការធ្វើដំណើររបស់សិល្បករខ្មែរ

    លោក ឡេង ណាវ៉ាត្រា ឧបត្ថម្ភរថយន្ដប្រណីត 2គ្រឿង ដើម្បីសម្រួលការធ្វើដំណើររបស់សិល្បករខ្មែរ

    នៅព្រឹកថ្ងៃទី23 ខែឧសភា ឆ្នាំ2018 នេះ តារាសម្ដែង និងច្រៀង និងជាឧកញ៉ាវ័យក្មេង លោក ឡេង ណាវ៉ាត្រា បានរៀបចំពិធីប្រគល់រថយន្ដប្រណីតចំនួន 2គ្រឿងដល់សមាគម​សិល្បករ​ខ្មែរ និង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដើម្បី​សម្រួល​ក្នុងការ​ធ្វើដំណើរទៅ​បំពេញការងារ​របស់​បង​ប្អូន​សិល្បករ-​សិល្បការិនី​។​

    នៅក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរ​ បានថ្លែងអំណរគុណ និងបញ្ជាក់ប្រាប់មិត្តសិល្បករ-សិល្បការិនីទាំងអស់ឱ្យបានជ្រាបថា «នាងខ្ញុំជាប្រធានសមាគមសិល្បករខ្មែរ បានរៀបចំពិធីទទួលរថយន្តពីប្អូនប្រុស ឡេង ណាវ៉ាត្រា ដែលប្អូនប្រុសបានឧបត្ថម្ភនូវរថយន្តទាំងនេះ ដើម្បីប្រើប្រាស់ជាយានដឹកសិល្បករ-សិល្បការនីយើង ( ដែលមានកាតសមាជិកសមាគមជាសម្គាល់ ) ដោយមិនគិតថ្លៃ ( បញ្ជាក់ គឺសម្រាប់ការធ្វើដំណើរក្នុងក្រុងភ្នំពេញ )។ បងសូមអរគុណចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាវិសេសវិសាលមិនអាចកាត់ថ្លៃបាននេះ»។

    អ្នកនាងបានបន្ថែមនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកទៀតថា អ្នក​នាងសូមជម្រាបដល់បងប្អូនសិល្បករ-សិល្បការិនីដែលជាសមាជិករបស់សមាគមសិល្បករទាំងពីរឱ្យបានជ្រាបថា​ ចាប់ពីថ្ងៃទី23 ខែឧសភា នេះតទៅសមាគមមានតាក់ស៊ី 2គ្រឿងសម្រាប់ដឹកជញ្ជូនសមាជិកយើងដោយឥតគិតថ្លៃក្នុងការធ្វើដំណើរទៅចូលរួមកិច្ចការងារសង្គមផ្សេងៗ។

    សូមបញ្ជាក់ផងដែរថា លក្ខខណ្ឌក្នុងការទំនាក់ទំនងដើម្បីបានសេវាតាក់ស៊ីដោយឥតគិតថ្លៃមានដូចខាងក្រោម៖

    – បងប្អូនសិល្បករ-សិល្បការិនីត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណសិល្បករ​ ដែលចេញដោយសមាគមទាំង2ពីរ

    – សិល្បករ-សិល្បការិនី អាចប្រើប្រាស់សេវាតាក់ស៊ីបានតែ1ដងក្នុង1ថ្ងៃ

    – សូមទំនាក់ទំនងមកកាន់លេខតាក់ស៊ីទាំងពីរ

    – លេខទូរស័ព្ទតាក់ស៊ីទី1៖ 077 987 765 ធារិទ្ធ

    – លេខទូរស័ព្ទតាក់ស៊ីទី2៖ 061748874 គន្ធា

    – Hotline ៖ 017 990 332

    – ចាប់ពីម៉ោង 7ព្រឹក ដល់ម៉ោង 6ល្ងាច និងក្នុង1សប្តាហ៍6ថ្ងៃ​

    – គម្រោងនេះសាកល្បងរយៈពេល 3ខែ៕

  • លោក Zidane ៖ Real ពោរ​ពេញ​ដោយ​ការ​ស្រេក​ឃ្លាន​ក្នុង​ការ​លើកពាន Champions League

    លោក Zidane ៖ Real ពោរ​ពេញ​ដោយ​ការ​ស្រេក​ឃ្លាន​ក្នុង​ការ​លើកពាន Champions League

    លោក Zinedine Zidane បាន​ប្រាប់ទៅក្រុម Liverpool ថា ក្រុម Real Madrid របស់​លោក​មាន​ការ​ស្រេក​ឃ្លាន​ខ្លាំងជាង ​ក្នុង​ការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Champions League បើ​ទោះ​បី​ធ្លាប់បាន​​ពាន​នេះ​ 3​លើក​ក្នុង​រយៈពេល​ 4​​ឆ្នាំរួចមកហើយ​ក្ដី។​

    ក្រុម Real នឹង​ត្រូវ​ធ្វើ​ការ​ប្រជែង​ដើម្បីឈ្នះ​ពាន​ក្នុង​យុទ្ធ​នា​ការ​កំពូល​អឺ​រ៉ុប​​ 3លើក​ជាប់​ៗ​គ្នា​នា​ថ្ងៃសៅរ៍នេះ ស្រប​ពេល​ដែល​ក្រុម Liverpool បាន​ឈាន​មកដល់វគ្គ​ផ្តាច់​ព្រ័ត្រ ជាលើក​ទី​1 បើ​​គិត​ចាប់​តាំងពីឆ្នាំ​2007។ លោក Zidane បាន​ឱ្យ​​ដឹងថា៖ «មិន​មាន​នរ​ណា​ម្នាក់​អាច​ប្រាប់​យើង​ថា យើង​មាន​ការ​ស្រេក​ឃ្លាន​តិច​ជាង​ឡើយ​។ ខ្ញុំ​មិន​អាច​​ថា​ឱ្យ​គូ​ប្រជែងរបស់​យើង​បានឡើយ ប៉ុន្តែ យើង​ចង់​សង្កត់​ធ្ងន់​ថា យើង​នឹង​​តែង​តែ​មាន​​​ការ​លើក​​ទឹក​ចិត្ត​ដូច​គ្នា តែង​តែ​ដូច​គ្នា​ជា​និច្ច​។ គ្មាន​នរ​ណា​ម្នាក់​អាច​ប្រាប់​យើង​ថា យើង​មាន​ការ​ស្រេក​ឃ្លាន​តិច​ជាង​នោះឡើយ​»​។ គ្រូបង្វឹក​សញ្ជាតិ​បារាំង​​រូបនេះ បាន​បន្ថែម​ទៀត​ថា៖ «យើង​​គឺ​ជាក្រុម Real Madrid ហើយ​បើ​ទោះ​បី​ជាយើង​​បាន​ឈ្នះ​រួច​ហើយ​ក៏ដោយ ប៉ុន្តែ យើង​តែង​តែ​ចង់​ឈ្នះ​បន្ថែម​ទៀត ហើយ​យើង​នឹង​​ប្រឹង​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ធ្វើ​ឱ្យ​បានល្អ​ប្រសើរ​»​។

    បទ​ពិសោធ​របស់​ក្រុម Real ក្នុង​ក្រប​ខ័ណ្ឌ Champions League ពិត​ជាច្រើនជាង ​បើ​​ធៀប​ទៅនឹង​ក្រុម Liverpool ដែល​មិន​មាន​​កីឡាករ​សូម្បី​តែ​ម្នាក់​ដែល​បាន​ឈាន​ដល់​ដំណាក់​កាល​​នេះ​​​កាល​ពី​មុន​​។ លោក Zidane ក៏​មាន​​សមិទ្ធ​ផល​ផ្ទាល់​ខ្លួន​របស់​លោក​ផងដែរ ក្រោយពី​បាន​ឈ្នះ​ពានក្រប​ខ័ណ្ឌ​អឺរ៉ុប​មួយ​នេះ​ 3លើក​ក្នុង​នាម​ជា​​កីឡាករ និង​គ្រូបង្វឹក​៕

    ប្រភព​ពី៖ Sport24

  • ចន ច័ន្ទលក្ខិណា បញ្ចេញប្រតិកម្ម ៖ «ហេតុតែចង់ល្បី សុខចិត្តបង្កើតរឿងជម្លោះជាមួយប្រធានសមាគម»

    ចន ច័ន្ទលក្ខិណា បញ្ចេញប្រតិកម្ម ៖ «ហេតុតែចង់ល្បី សុខចិត្តបង្កើតរឿងជម្លោះជាមួយប្រធានសមាគម»

    ភ្ញាក់អារម្មណ៍យ៉ាងខ្លាំង នៅពេលថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ បានបង្ហោះសារក្តៅស្លឹកត្រចៀកយ៉ាងវែងអន្លាយមួយលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានខ្លឹមសារថាឱ្យបុគ្គលដែលចង់ល្បីឈ្មោះមួយចំនួន ដែលអ្នកនាងបានសង្កត់ធ្ងន់ថា ហេតុតែចង់ល្បី សុខចិត្តបង្កើតរឿងជម្លោះជាមួយប្រធានសមាគម ដើម្បីឱ្យមានគេស្គាល់ច្រើន។ ចង់ដឹងថាសាច់រឿងយ៉ាងណានោះ សូមអានសាររបស់អ្នកនាងខាងក្រោមនេះ៖

    អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរថា «នាងខ្ញុំសុំនិយាយរឿងមួយ ចំពោះអ្នកចង់ល្បីដោយសារការបង្កើតរឿងឱ្យខ្លួនឯងល្បីក្នុងបណ្ដាញសង្គមទាំងឡាយ។ បើបងប្អូនចង់ល្បីឈ្មោះ ដើម្បីឱ្យគេស្គាល់កាន់តែច្រើន សូមមេត្តាកុំបង្កើតរឿងដាក់ខ្ញុំ ដោយខ្ញុំមិនដឹងអ្វីទាំងអស់ និងមិនដែលពាក់ព័ន្ធគ្នាសោះអី ព្រោះកន្លងមកខ្ញុំឮពាក្យខ្សឹបខ្សៀវរវាងអ្នកសិល្បៈ និងមិត្តសិល្បៈមួយចំនួននិយាយតៗគ្នាថា បើចង់ល្បីឈ្មោះខ្លាំង ឬចង់ឱ្យគេស្គាល់ផេករបស់ខ្លួន និង Acc របស់ខ្លួនកាន់តែច្រើន គឺត្រូវបង្កើតរឿង និងឈ្លោះជាមួយបងចនច័ន្ទទៅ គឺច្បាស់ជាល្បីហើយ ហើយក៏មានឮដំណឹងថា មានអ្នកខ្លះមុនទៅសម្តែងនៅក្រៅប្រទេស ដើម្បីចង់ឱ្យគេចាប់អារម្មណ៍ច្រើន គឺបង្កើតសាច់រឿងឱ្យមានព័ត៌មាន តាមបែបប្រឌិតផ្សេងៗដាក់ខ្ញុំ ហើយដើរតួជាជនរងគ្រោះ ខ្ញុំជាមារ តែខ្ញុំមិនដែលជឿអ្នកនិយាយទាំងនោះទេ រហូតដល់ពេលអស់ពីម្នាក់ចូលម្នាក់ ខ្ញុំហាក់មានអារម្មណ៍ គិត និងពិចារណា»។

    អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបន្តថា «បើនិយាយឱ្យចំ រឿងរ៉ាវកន្លងមក ខ្ញុំមិនដែលទៅបង្កបញ្ហាដាក់អ្នកណាមុនទេ ឆែកមើលដោយគតិទៅបងប្អូននឹងយល់ តែខ្ញុំសុខចិត្តធ្វើជាជនអាក្រក់ ឃោរឃៅទាំងខ្លួនខ្ញុំ តែងតែជួយអ្នកទាំងនោះ តាមរូបភាពស្ងប់ស្ងាត់ ព្រោះតែពាក្យថា ប្រធានសមាគមជាម៉ែជាឪ។ សូមមេត្តាកុំបង្កើតរឿងដោយប្រយោលឱ្យគេយល់ច្រឡំមកលើខ្ញុំ ដោយខ្ញុំមិនមានអ្វីពាក់ព័ន្ធនឹងសាច់រឿងរបស់អ្នក ខ្ញុំមិនមែនជាជនល្បីឈ្មោះខ្លាំងអស្ចារ្យអីទេ ហើយកុំយកតួនាទីប្រធានសមាគមរបស់ខ្ញុំ ទៅលេងសើច។ ពីដើមមកខ្ញុំមិនដែលយកតួនាទីរបស់ខ្ញុំទៅប្រើលើអ្នកណាឡើយ ក្រៅពីប្រមូលអ្នកសិល្បៈឱ្យជួបជុំគ្នា ធ្វើការងារសង្គម និងមនុស្សធម៌ តែបើខ្ញុំយកតួនាទីរបស់ខ្ញុំទៅប្រើ គឺអ្នកដែលមានសកម្មភាពមិនល្អទាំងនោះនឹងមានការកោះព្រមាន តែអ្វីដែលខ្ញុំតែងធ្វើ គឺការសម្របសម្រួល ទោះអ្នកនោះធ្លាប់វាយប្រហារខ្ញុំក៏ដោយ»។

    អ្នកនាង សរសេរទៀតថា «បើម្នាក់ៗមានសមត្ថភាពបង្កើតសាច់រឿងផ្សេងៗឱ្យខ្លួនល្បីឈ្មោះហើយ សូមបន្តការប្រឌិតរឿងទាំងនោះទៀតចុះ ខ្ញុំយល់ថា ទីផ្សារសិល្បៈគឺចង្អៀត ឱ្យតែបានល្បី អ្វីក៏ធ្វើបានដែរ តែកុំយកខ្ញុំទៅប្រឡូកប្រឡាក់ ខ្ញុំអត់ដឹងរឿងអ្វីទេ ពេលនេះខ្ញុំគិតតែរឿងរកស៊ីទេ សិល្បៈខ្ញុំក៏ដកខ្លួនខ្លះហើយ។ ពេលមានបញ្ហា គឺរត់រកប្រធានសមាគមជួយ ពេលចង់ល្បី សូមកុំយកប្រធានសមាគម ទៅប្រឌិតសាច់រឿងឱ្យគេស្អប់ ព្រោះពេលជួយគ្នាយើងម្តងៗ ខ្ញុំប៉ះពាល់ជាមួយកូនអ្នកមានអំណាចច្រើនហើយ អ្នកសាង និងអ្នករួចខ្លួនគឺពួកយើង តែអ្នកត្រូវគេស្អប់គឺខ្ញុំ ដូច្នេះអ្នកណាធ្វើអ្វី ដើម្បីឱ្យខ្លួនល្បីតាមរយៈការកុហកទស្សនិកជន និងមហាជនបាន គឺធ្វើតាមទម្លាប់ចាស់ទៅ ខ្ញុំមិនពាក់ព័ន្ធទេ»។

    អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្ថែមថា «សូមកុំទម្លាក់រឿងឱ្យខ្ញុំជាតួចិត្តអាក្រក់ តួឈ្នានីស ឯខ្លួនឯងជាតួឯក ទាំងតួឈ្នានីសដែលអ្នកផងដាក់រហស្សនាម មិនបានសម្តែងជាមួយ ហើយអូសខ្ញុំទៅសម្តែង ព្រោះតាំងពីដើមមក អ្នកស្គាល់ខ្ញុំច្បាស់ គឺគេដឹងថា ខ្ញុំរវល់យ៉ាងណា ទាំងការងារសិល្បៈ ទាំងការងាររកស៊ី ទោះមុខរបរកំប៉ិកកំប៉ុកក៏ដោយ ហើយខ្ញុំមិនដែលពឹងផ្អែក លើមុខរបរសិល្បៈមួយមុខនោះទេ ដូច្នេះខ្ញុំមិនចាំបាច់ខំបង្កើតរឿងកុហក ទស្សនិកជនឡើយ ដូច្នេះសូមកុំឱ្យខ្ញុំដឹងថា មានរឿងលើខ្ញុំទៀត ខ្ញុំមិនអាចចេះតែមានចិត្តអំណត់ឱ្យគេបង្កើតរឿងអាស្រូវម្តងហើយម្តងទៀតដាក់ខ្ញុំបានទៀតដែរ តែបើរឿងពិត ធ្វើចុះ ខ្ញុំគាំទ្រ។ សូមអរគុណ!»៕

  • ខ្លឹម ស្រីគា ពញ្ញាក់អារម្មណ៍ទស្សនិកជនក្នុងឈុតថើបបឺតមាត់គ្នាជាមួយតួប្រុស

    ខ្លឹម ស្រីគា ពញ្ញាក់អារម្មណ៍ទស្សនិកជនក្នុងឈុតថើបបឺតមាត់គ្នាជាមួយតួប្រុស

    ធ្លាប់តែ​ដើរ​បង្ហាញ​រាង​នៅ​លើ​វេទិកា​ប្រឡង​បវរកញ្ញា​ធ្វើ​ឱ្យ​មហាជន​ទូ​ទាំង​ប្រទេស​ចាប់អារម្មណ៍​កន្លង​មក ពេល​នេះ​កញ្ញា​ខ្លឹម ស្រី​គា បានក្លាយជា​តួឯក​ក្នុង​រឿង​ភាគមួយ​រួម​ជា​មួ​យ​លោក ​ទ្រី តារា​វុ​ធ។ គេ​មិន​នឹក​ស្មានថា ទាំង​កញ្ញា​ខ្លឹម ស្រី​គា និង​លោក ​ទ្រី តារា​វុ​ធ ងាក​មក​បង្កើត​ឈុត​ឆាក​សម្តែង​ជាមួយ​គ្នាបែបនេះ​ឡើយ  និងមិនដឹង​ថា តើ​មាន​ភាព​ប្លែកចម្លែក​បែប​ណា​នោះ​ទេ ​ដែលម្នាក់​ៗ​មិន​ធ្លាប់​ដែលសាក​ល្បង​សម្តែង​ជាមួយ​គ្នាកាលពីមុនមកផង​នោះ។

    កញ្ញាឯក Miss Grand Cambodia 2017 ខ្លឹម ស្រី​គា លេចមុខ​សម្តែងក្នុង​ភាពយន្ត​ភាគ​ថ្មី​មួយ​របស់​ទូរទស្សន៍​បាយ័ន ដោយ​សម្តែង​រួម​ជាមួយ Freshie Boy​លេខ​1 លោក​ ទ្រី តារា​វុ​ធ។ ពួក​គេ​បាន​បង្ហាញ​ក្តី​រំពឹង​ខ្ពស់​បើ​ទោះបីជា​ជំនួប​សម្តែង​រួម​គ្នា​នេះ​ជា​លើក​ដំបូង​ក្តី។ យ៉ាងណាមិញ តួឯកប្រុសស្រីក្នុងរឿង «ភូមិគ្រឹះជំពាក់ស្នេហ៍» នេះបានទម្លាយវីដេអូ 15វិនាទីនៃឈុតថើបមួយនៅលើគណនីហ្វេសប៊ុក ឃើញហើយពិតជាគួរឱ្យចាប់អារម្មណ៍មែនទែន។ ជឿជាក់ថា ប្រិយមិត្តប្រាកដជាមានការភ្ញាក់ផ្អើលជាមិនខាន នៅពេលបានឃើញវីដេអូត្រង់ឈុតពិសេសនេះ។

    គួរបញ្ជាក់ផងដែរថា នេះជាខ្សែភាពយន្តភាគដំបូងរបស់កញ្ញា ខ្លឹម ស្រីគា ហើយក៏ជាការសម្តែងទីមួយដែរដែល Miss grand cambodia 2017 រូបនេះប៉ះជាមួយលោក ទ្រី តារាវុធ។ ចង់ដឹងឈុតឆាកថើបបឺតមាត់គ្នារយៈពេលខ្លីរបស់អ្នកទាំងពីរស៊ីអារម្មណ៍យ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖

  • មកទៀតហើយ!!  ម៉ៃ សុគន្ធ រិះគន់ ថេណា ថាច្រៀងមិនច្បាស់

    មកទៀតហើយ!!  ម៉ៃ សុគន្ធ រិះគន់ ថេណា ថាច្រៀងមិនច្បាស់

    ពិតជាភ្ញាក់ផ្អើលម្ដងទៀតហើយ និងក៏មិនមានអ្វីចម្លែកដែរ ព្រោះថា តារាចម្រៀង ម៉ៃ សុគន្ធ ដែលត្រូវបានមហាជនខ្មែរអ្នកលេងបណ្ដាញសង្គមដាក់រហស្ស​នាមឱ្យលោកថាជាកំពូលអ្នកទើស ទៅហើយនោះ នាពេលថ្មីៗនេះម្ដងទៀត លោក ម៉ៃ សុគន្ធ នៅមិនសុខ មិនស្រណុកក្នុងចិត្តឡើយ ខណៈដែលលោកបានមើលវីដេអូ និងបានស្ដាប់ចម្រៀងរបស់តារាចម្រៀង Original Song លោក ថេណា មិនយល់ ស្ដាប់មិនបាន មិនច្បាស់ រហូតដល់ចេញមុខរិះគន់ចំៗ ចំពោះការបញ្ចេញសំឡេងច្រៀងបែបស្តាយល៍ RnB របស់តារាចម្រៀងខ្មែររូបនោះ។

    លោក សុគន្ធ បានលើកឡើងថា «និយាយពី Original Song សម័យឥឡូវបើចង់ស្តាប់ ទាល់តែបើកត្រចៀកឱ្យធំ ឱនទៅឱ្យជិត Speaker ទើបស្តាប់ដឹងថា វាច្រៀងអំពីស្អី (អក្ខរាវិរុទ្ធស្តាប់មិនបាន មិនដឹងវាច្រៀងភាសាអីឱ្យច្បាស់…) បើថាតាឡាន់ មិនចំតាឡាន់ អានិកជាន់ មិនចំអានិកជាន់ យ៉ាប់ហើយខ្មែរ»។ គ្រាន់តែនិយាយពាក្យបែបនេះភា្លម គេសង្កេតឃើញមានមតិជាច្រើនបានចូលមកតិះដៀល និងប្រើសម្ដីអសុរោះចំពោះលោក សុគន្ធ វិញភ្លាមៗដែរ។

    គួរបញ្ជាក់ផងដែរថា លោក វិសាល ជាម្ចាស់ផលិតកម្ម Wonder Film ក៏បានគាំទ្រ និងបញ្ចេញមតិដូចលោក សុគន្ធ ដែរថា «មុននឹងបញ្ចេញយោបល់ទៅលើគាត់ ចូរបងប្អូនធ្វើចិត្តឱ្យស្ងប់សិន កុំយកអារម្មណ៍មិនពេញចិត្តគាត់មកបញ្ចេញយោបល់ បើមិនដូច្នេះទេបងប្អូននឹងលម្អៀង លើកនេះខ្ញុំចូលមើល អ្នកបញ្ចេញយោបល់ (comments) មិនប្រើហេតុផលសោះ ប្អូន ម៉ៃ សុគន្ធ គាត់និយាយមានហេតុផល សូមជួយគ្នាក្រឡេកមកមើល អក្ខរាវិរុទ្ធខ្មែរផង ជួយអភិរក្សភាសាជាតិផង នាយកដ្ឋានភាពយន្ត គួរជួយតាមដាន អ្នកបង្ហោះបទចម្រៀងដែលប៉ះពាល់ដល់ អក្សរសិល្ប៏ខ្មែរ អក្ខរាវិរុទ្ធខ្មែរផង ប្អូនៗ អ្នកចម្រៀងជំនាន់នេះមួយចំនួន ច្រៀងពិតជាស្ដាប់មិនបានមែន ដែលវាក៏ជាផលប៉ះពាល់ដ៏អាក្រក់មួយពាក់ព័ន្ធនឹងការផ្សព្វផ្សាយភាសា និងវប្បធម៌ជាតិដែរណា៎»៕

  • សាន ផានិត ពន្លះសមត្ថកិច្ចដែលទះកំផ្លៀងមនុស្សស្រី

    សាន ផានិត ពន្លះសមត្ថកិច្ចដែលទះកំផ្លៀងមនុស្សស្រី

    នៅថ្ងៃម្សិលមិញនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមានការចែកចាយឃ្លីបវីដេអូរយៈពេលជាង 2នាទីនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបង្ហាញឱ្យឃើញថា បុរសជាសមត្ថកិច្ចមួយរូប បានទះកំផ្លៀងប្រជាពលរដ្ឋជាស្រី្តភេទម្នាក់ ដែលជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍ និងមិនពាក់មួកសុវត្ថិភាព។ តាមរយៈឃ្លីបវីដេអូនោះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមទាំងអស់មានការខឹងច្រឡោតតោតតូង បញ្ចេញមតិរិះគន់សមត្ថកិច្ចរូបនោះដែលមានអាកប្បកិរិយាឃោរឃៅកោងកាច គ្មានការមិនគោរព និងឱ្យតម្លៃសូម្បីតែបន្តិចចំពោះស្ដ្រីភេទ ដែលខ្លួនឯងជាបុរស និងជាសមត្ថកិច្ចមួយរូប តែបែរជាបានប្រើអំពើហិង្សាដ៏ឥតពូជទៅលើស្ត្រីភេទ។

    នៅក្នុងនោះដែរ តារាចម្រៀងប្រុសចាស់វស្សាលោក សាន ផានិត ក៏បានសរសេរពន្លះសមត្ថកិច្ចរូបនោះដូចគ្នាដែរ ដោយលោកបានសរសេរនៅលើគណនីហ្វេសប៊ុកដែលគេស្គាល់ថាជារបស់លោកថា «សមត្ថកិច្ចប្រឈមមុខជាមួយពលរដ្ឋ បើជាកំហុសបឋម គប្បីទន់ភ្លន់ លើកដៃគោរពពន្យល់ពលរដ្ឋដោយចិត្តត្រជាក់ៗ ខ្ញុំក៏ធ្លាប់មានកំហុស​បឋមនៅស្រុកគេដែរ តែប៉ូលិសគេញញឹមគោរពខ្ញុំដូចមេទ័ព និងពន្យល់ខ្ញុំជាមួយវិក្កយបត្រពីកុំព្យូទ័រ។ ហ៊ឺ! ពិបាកពន្យល់ណាស់( ប៉ូលិស បើពលរដ្ឋមិនធ្វើអ្វីឱ្យមានកំហុសសោះ អស់លោកក៏គ្មានការងារនិងបុណ្យស័ក្ដិដែរ)»។

    ទាំងនោះជាការលើកឡើងរបស់តារាចម្រៀងរូបនេះ និងក៏នៅមានប្រជាពលខ្មែរមួយចំនួនធំទៀតដែលមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះករណីមួយនេះ។

    គួរបញ្ជាក់បន្ថែមដែរថា មកទល់ពេលនេះម៉ោងនេះ បុរសសមត្ថកិច្ចដែលប្រើអំពើហិង្សាដ៏គម្រក់ទៅនើមនុស្សស្រីនៅក្នុងឃ្លីបវីដេអូដ៏ល្បីសុះសាយនោះ ត្រូវបានគេដឹងថា មានឈ្មោះ កៅ សំអុល អាយុ 44ឆ្នាំ ជានគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ1 ឯស្ត្រីរងគ្រោះមានឈ្មោះ ឌី លីណា អាយុ 37ឆ្នាំ ស្នាក់នៅខណ្ឌ៧មករា ហើយករណីនេះ ភាគីទាំង2 បានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ដោយឈ្មោះ កៅ សំអុលនឹងទទួលខុសត្រូវប្រសិនបើស្ត្រីរងគ្រោះមានបញ្ហាត្រង់ត្រចៀកនៅថ្ងៃខាងមុខ។

    ព័ត៌មានបន្ថែម ៖  ពេលនេះមន្រ្តីសមត្ថកិច្ចដែលទះកំផ្លៀងមនុស្សស្រីម្នាក់នោះ ត្រូវបានឃាត់ខ្លួននៅស្នងការរាជធានីភ្នំពេញហើយ (សាធុ សមមុខហើយពូឯង!)

  • សំបុត្រ​លក់​​ឡើង​វិញ​សម្រាប់ Champions League វគ្គផ្តាច់​ព្រ័ត្រ​ មាន​តម្លៃ​ជិត 15,000​ផោន

    សំបុត្រ​លក់​​ឡើង​វិញ​សម្រាប់ Champions League វគ្គផ្តាច់​ព្រ័ត្រ​ មាន​តម្លៃ​ជិត 15,000​ផោន

    អ្នក​គាំទ្រ​របស់​ក្រុម Liverpool ដែល​សង្ឃឹម​ថា អាច​ចូល​ទស្ស​នា​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ កំពុង​តែ​ប្រឈមមុខ​នឹង​​ការ​ចំណាយ​ប្រាក់​រាប់​ពាន់​ផោន ដើម្បី​ទិញ​សំបុត្រ​តែមួយ​សន្លឹក​។

    ក្រុម Liverpool បាន​លក់​​សំបុត្រ​​ពី​ចំណែក​របស់​ខ្លួន​ដែល​មានចំនួន​ 16,626​ អស់រលីង ប៉ុន្តែបច្ចុប្បន្ន សំបុត្រទាំងនោះ​រាប់​រយ​សន្លឹកត្រូវ​បានគេ​ដាក់​លក់​ឡើង​វិញ​នៅ​លើ​គេហ​ទំ​ព័រ​នា​នា​។ សំបុត្រ​សម្រាប់​កន្លែង​អង្គុយ​មួយ​នៅ​ជ្រុង​ម្ខាង​នៃកីឡដ្ឋាន Olympic ក្នុង​ទីក្រុង​គៀវ ដែល​មាន​តម្លៃ​ជា​ធម្ម​តា​ 281​ផោន (ស្មើ​នឹង​ 377​ ដុល្លារ) ត្រូវ​បាន​ផ្សាយ​ពាណិជ្ជ​កម្ម​ដើម្បី​ដាក់​លក់​ក្នុង​តម្លៃ​​ជិត​​ 15,000​ផោន (ស្មើ​នឹង​ 20,148​ដុល្លារ​អាមេរិក)​។ ដោយ​ឡែកសំបុត្រ VIP មួយ​ចំនួន​មាន​តម្លៃ​ដល់​ទៅ​ 20,000​ផោន​។ នៅ​លើ​គេហ​ទំព័រ Ticketbis កាលពី​ថ្ងៃ​ចន្ទ កៅអី​​អង្គុយ​ថោក​ជាង​គេ​បំផុត​​នៅ​ខាង​ក្រុម Liverpool ដែលមាន​តម្លៃ​ជា​ធម្មតា​140​ផោន ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ដល់​ទៅ​ 1,181​ផោន​។ លោក Neil Atkinson អ្នក​គាំទ្រ​របស់​ក្រុម Liverpool បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌​មាន BBC ថា៖ «ស្ថាន​ភាពនេះ​ពិត​ជា​គួរ​ឱ្យ​ចង់​សើច​ណាស់​។ មនុស្ស​មួយចំនួន​ដែលមិន​គាំទ្រ​ក្លិប​ណាមួយសោះ បានទិញ​សំបុត្រ​ទុក និង​សម្លឹង​រក​ឱកាសក្នុង​ការ​រក​ប្រាក់កម្រៃ​»​។

    Liverpool បាន​ធ្វើ​ការ​​រំ​ឭក​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា «ទោះ​ក្នុង​កាលៈ​ទេសៈ​ណាក៏ដោយ សំបុត្រ​មិន​គួរ​ត្រូវ​បាន​ទិញពី​ប្រភព​មិន​ផ្លូវ​កា​រឡើយ​»​៕

    ប្រភព​ពី៖ Daily Mail

  • លោក Emery នឹង​ត្រូវ​តែង​តាំង​ជា​អ្នក​ចាត់​​ការ​ទូទៅ​ថ្មី​របស់ក្រុម Arsenal

    លោក Emery នឹង​ត្រូវ​តែង​តាំង​ជា​អ្នក​ចាត់​​ការ​ទូទៅ​ថ្មី​របស់ក្រុម Arsenal

    Arsenal ត្រៀម​ធ្វើ​ការ​​តែង​តាំង​លោក Unai Emery ជា​អ្នក​​ជំនួស​កន្លែង​របស់​លោក Arsene Wenger​។ ក្លិប​នេះបាន​ចាប់​ផ្តើម​ដំណើរ​ការ​នៃ​ការ​ជ្រើស​រើស​​ ខណៈ​ដែល​ពួក​គេ​សម្លឹង​រក​​អ្នក​ជំនួស​កន្លែង​របស់​លោក Wenger ដែល​ជា​អ្នក​ចាត់​ការ​​ទូទៅ​របស់​ពួក​គេ​អស់​រយៈ​ពេល​ 22​ឆ្នាំ​​មក​ហើយ និង​បាន​ចាក​ចេញ​ក្នុង​ពេល​​បញ្ចប់​រដូវ​កាល​នេះ​។

    លោក Mikel Arteta ធ្លាប់​ត្រូវ​បាន​ចាត់​ទុក​​ជា​បេក្ខ​ភាព​នាំមុខ​គេ​​កាល​ពី​សប្តាហ៍មុន​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​​ណា សញ្ញា​ផ្សេង​ៗ​កាល​ពី​ថ្ងៃ​ចន្ទ បាន​បង្ហាញ​ថា លោក Emery ដែល​ជា​អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Paris St-Germain និងSevilla ត្រូវ​បាន​ជ្រើស​រើស​​រួច​រាល់​ហើយ​។ ក្លិប​នេះ បាន​ធ្វើ​ការ​ពិភាក្សា​ជា​មួយ​នឹង​លោក Emery ហើយ​ការ​សម្រេច​ចិត្ត​មួយ​ត្រូវ​បាន​រំពឹង​​ទុក​ថា នឹង​ត្រូវ​ប្រកាស​នៅ​ស​ប្តាហ៍នេះ​។ លោក Emery គឺ​ជា​បេក្ខ​ភាព​ដ៏​ស័ក្តិ​សម​បើ​និយាយ​ពី​បទ​ពិសោធ​របស់​លោក ក្រោយ​ពី​បាន​ដឹកនាំ​ឱ្យក្រុម PSG ឈ្នះ​ពាន​ក្នុង​ស្រុក​ 3 នៅ​រដូវកាល​នេះ និងធ្លាប់​បាន​ជួយ​ឱ្យ Sevillaលើក​ពាន​ក្រប​ខ័ណ្ឌ Europa League ដល់ទៅ 3លើក​​​។

    បណ្តាញ​សារ​ព័ត៌​មាន BBC បាន​ចេញ​ផ្សាយ​ថា ដំណើរ​ការ​​នៃ​ការ​ជ្រើស​រើស​គ្រូបង្វឹក​ថ្មី ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Ivan Gazidis នា​យក​ប្រតិ​បត្តិ​របស់​ក្លិប Arsenal លោក Raul Sanllehi ប្រធាន​ទំនាក់​ទំនង​កីឡា​បាល់​ទាត់ និង​លោក Sven Mislintat ប្រធាន​ផ្នែក​ជ្រើស​រើស​។ លោក Emery បាន​ចាក​ចេញ​ពី PSG នៅពេល​ដែលកិច្ច​សន្យា​របស់​លោក​អស់​សុ​ពល​ភាព នៅ​ចុង​បញ្ចប់​នៃ​រដូវ​កាល​នេះ​៕

    ប្រភព​ពី៖ The Guardian