Author: អេបិល

  • ប្អូនប្រុស ដេននី ក្វាន់ ប្រតិកម្មចំពោះភាពអយុត្តិធម៌លើបងស្រី

    ប្អូនប្រុស ដេននី ក្វាន់ ប្រតិកម្មចំពោះភាពអយុត្តិធម៌លើបងស្រី

    ប៉ុន្មានម៉ោងមុននេះបន្ដិច ម្ចាស់បទចម្រៀង “ស្នេហ៍ខ្ញុំខុសអ្វី?” ដែលគេស្គាល់ថា ជាប្អូនប្រុសបង្កើតរបស់តារាសម្ដែងស្រីសិចស៊ី ដេននី ក្វាន់ បានបង្ហោះសារសម្ដែងការមិនពេញចិត្តចំពោះការរងនូវភាពអយុត្តិធម៌របស់បងស្រីខ្លួន។

    លោក គីម សាន ប្អូនបង្កើតអ្នកនាង ដេននី ក្វាន់ បានស៊ែរព័ត៌មានរបស់តារាស្រីវ័យក្មេងម្នាក់ដែលបានបង្ហាញភាពសិចស៊ីនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយគ្មានការអើពើ និងចំណាត់ការពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសោះឡើយ។ លោកបានរៀបរាប់ថា «អយុត្តិធម៌ចំពោះ ដេននី ក្វាន់ ពេកហើយ ហេតុអ្វីក៏ក្រសួងវប្បធម៌លម្អៀងម្ល៉េះ? ធ្វើជាមនុស្សចាស់ តែចាស់លម្អៀង មិនត្រឹមត្រូវ ធ្វើអ្វីមិនស្មើភាព សិល្បះស្រុកខ្មែរប្រកាន់បក្ខពួកណាស់…គ្រាន់តែ ដេននី ក្វាន់ ស្លៀកពាក់សិចស៊ីលក់ផលិតផលនៅក្នុងផ្ទះសោះ នាំគ្នាប្រតិកម្មពេញសិល្បៈថា ធ្វើឱ្យខូចវប្បធម៌ និងបិទមិនឱ្យសម្តែងពេញមួយឆ្នាំ ។ ចុះម៉េចក៏ក្រសួងវប្បធម៌មិនក្រឡេកមើលតារាសិចស៊ីផ្សេងផង មានច្រើនណាស់ តែបែជាធ្វើមិនដឹងមិនឮ ឬក៏ខាងក្រសួងមានបញ្ហាភ្នែកមើលមិនច្បាស់ មិនដឹងសមិនដឹងខ្មៅ…ចប់ហើយអ៊ីចេះៗ សូម្បីតែក្មេងអាយុ 3ឆ្នាំក៏មើលឃើញថា ក្រសួងវប្បធម៌លម្អៀង មិនយុត្តិធម៌…ប្រកាន់បក្ខពួកគាបសង្កត់តែ ដេននី ក្វាន់!» ។

    គួរបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ ការដាក់ពិន័យសិល្បៈ លើតារាសម្តែងស្រីកញ្ញា ដេននី ក្វាន់ គឺគ្រប់រយៈពេល1ឆ្នាំហើយ (ថ្ងៃទី27 ខែឧសភា ឆ្នាំ2017-11 ខែឧសភា ឆ្នាំ2018) ខណៈដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកកិច្ចប្រជុំពិនិត្យសម្រេចលើកលែងការដាក់ពិន័យ ចំពោះតារាសម្តែងស្រីរូបនេះ។ ជាមួយគ្នានោះដែរ តារាសម្តែងសិចស៊ី ដេននី ក្វាន់ ក៏ធ្លាប់បានលើកឡើងពីអារម្មណ៍របស់ខ្លួនថា «លទ្ធផលយ៉ាងណា នាងខ្ញុំព្រមទទួលយ៉ាងពេញចិត្ត…! បើទោះជាឱ្យសិទ្ធិនាងខ្ញុំចូលសិល្បៈវិញ ឬមិនឱ្យ ក៏ស្របតាម គឺអត់ប្រកែកទេ។ អស់រយៈពេលមួយឆ្នាំហើយដែលខ្ញុំផ្អាកពីសិល្បៈ ចុះបើឥឡូវខ្ញុំមានឱកាសចូលសិល្បៈវិញ តើអ្នកទាំងអស់គ្នា នៅគាំទ្រខ្ញុំដែរទេ?»។

    នេះហើយជាមេរៀនជីវិតសិចស៊ីរបស់តារាស្រី ដេននី ក្វាន់ នៅក្នុងសង្គមសិល្បៈ ដែលតារាៗជំនាន់ក្រោយគួរតែពិចារណាពីភាពសិចស៊ីរបស់ខ្លួនឡើងវិញ៕

  • រតនៈ ពិសី ក្អួតឈាម ខណៈដែល ម៉ៃ សុគន្ធ ប្រគល់ពាន “សិចស៊ីជិតអស់ពីខ្លួន”

    រតនៈ ពិសី ក្អួតឈាម ខណៈដែល ម៉ៃ សុគន្ធ ប្រគល់ពាន “សិចស៊ីជិតអស់ពីខ្លួន”

    កាលពីពេលថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ខណៈដែលតារាចម្រៀងស្រី-ប្រុស 2ដួង បានប្រគល់ពានរង្វាន់ប្រចាំឆ្នាំឱ្យគ្នាទៅវិញទៅមក ដែលទាំងពីរនាក់នោះគឺ តារាចម្រៀងស្រីសិចស៊ី និយមបញ្ចេញល្វែងលើមិនក្រែងចិត្តបុរសៗ គឺកញ្ញា រតនៈ ពិសី និងតារាចម្រៀងដែលមានរហស្សនាមថា “កំពូលទើស” នៅក្នុងពិភពសិល្បៈ គឺលោក ម៉ៃ សុគន្ធ។

    កញ្ញា រតនៈ ពិសី បានបង្ហោះសារប្រគល់ពានរង្វាន់បែបឌឺដងផ្លែផ្កាឱ្យ ម៉ៃ សុគន្ធថា «នេះជាពានរង្វាន់ប្រចាំឆ្នាំរបស់រៀមច្បង ម៉ៃ សុគន្ធ…សូមជួយដាក់ងារផងថា ស័ក្ដិសមជាមួយនឹងជំនាញអ្វីរបស់គាត់…ពាន “ទើសប្រចាំឆ្នាំ” ឬក៏ពាន ” Mother of copy” សូមជួយឱ្យយោបល់គ្នាបន្តិចមើល ជូនរៀមច្បងខ្ញុំ May Sokun»។ មិនមែនត្រឹមតែតួអក្សរប៉ុណ្ណោះទេ នាងថែមទាំងបានបង្ហោះភ្ជាប់ជាមួយនូវរូបភាពពានមាសមួយដែលមានកាត់តដោយមានដាក់ឈ្មោះ ម៉ៃ សុគន្ធទៀតផង។ ក្រឡេកមកមើលខាងភាគី ម៉ៃ សុគន្ធ ឯណេះវិញម្ដង ក៏បានមិនបង្អែបង្អង់បណ្ដែតបណ្ដោយឱ្យតារាស្រីខាងលើទន្ទឹងចាំយូរឡើយ លោកក៏បានប្រគល់ពានរង្វាន់ពិសេសឱ្យទៅកញ្ញាសិចស៊ីបញ្ចេញដើមទ្រូងដូចគ្នា។ លោកសរសេរថា «បើបងបានពានហ្នឹង អ៊ីចឹងអូនទៅយកពានដែរទៅ គឺពាន “សិចស៊ីជិតអស់ពីខ្លួន» លើសហើយខ្មែរ មើលតែថតកុនព្រិលៗ…អ៊ីចឹង»។

    គួរបញ្ជាក់ផងដែរថា ពិតជាគួរឱ្យញាក់សាច់មែន ខណៈដែល ម៉ៃ សុគន្ធ ប្រមូលរូបភាពសិចស៊ីរបស់ រតនៈ ពិសី មកបង្ហោះទាំងអស់ ដូច្នេះដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

     

  • តើ​ហេតុ​អ្វីបាន Sadio Mane ទិញ​អាវ Liverpool 300 អាវ​ឱ្យ​ទៅអ្នក​​ភូមិ​របស់​គេ​នៅ​សេ​ណេហ្គាល់?

    តើ​ហេតុ​អ្វីបាន Sadio Mane ទិញ​អាវ Liverpool 300 អាវ​ឱ្យ​ទៅអ្នក​​ភូមិ​របស់​គេ​នៅ​សេ​ណេហ្គាល់?

    អាវរបស់​ក្លិប Liverpool ចំនួន​ 3០០​អាវ​​ត្រូវ​បាន​បញ្ជូន​ទៅកាន់​​ភូមិ Bambali របស់​ប្រទេសសេ​ណេ​ហ្គាល់ នៅមុន​ពេល​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​​ផ្តាច់​ព្រ័ត្រចាប់ផ្ដើម ដោយ​អាវ​នោះជា​អំណោយ​របស់​តារាឆ្នើម Sadio Mane​។

    នៅ​ថ្ងៃ​សៅរ៍នេះ រូប​គេ​មាន​បំណង​​ផ្តល់​នូវ​ការ​សន្យា​មួយ​​ក្នុង​ការជួយ​​មិត្ត​ភ័ក្តិ​កាលពី​កុមារ​ភាព​របស់​គេ ឱ្យលុប​ចោលនូវ​ការ​អស់​សង្ឃឹម និង​គ្មាន​ជំនឿ​ចិត្ត តាម​រយៈ​ការ​រំ​ឭក​ពី​ជ័យជម្នះ​របស់​ក្រុម Liverpool ក្នុង​ទីក្រុង Istanbul​។ កា​ដូ​នេះនឹង​ត្រូវបំពេញ នៅ​ពេល​ដែល​​រូប​​គេ​នាំ​យក​​ពាន និង​មេ​ដាយ​របស់ Champions League វិល​ត្រឡប់​​ទៅផ្ទះ​​វិញ​។

    Mane បាន​ពន្យល់​ថា៖ «ខ្ញុំ​ចង​ចាំ​ពីការប្រកួត​រវាងក្រុម AC Milan និង Liverpool កាល​ពីឆ្នាំ​2005​។ ការ​ដេញ​តាម​ពីក្រោយ​ 3-០ បន្ទា​ប់​មក​តាម​ស្មើ 3-3 និង​​ស៊ុត​បាល់​ប៉េ​ណាល់​ទី​។ នេះ​គឺ​ជា​​ការ​ចង​ចាំ​ដ៏ធំមួយ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​បាន​​ទស្ស​នា​ការ​ប្រកួត​ក្នុង​ភូមិ​របស់​ខ្ញុំ​គឺ Bambali​។ ខ្ញុំនៅ​ចង​ចាំ​ថា ខ្ញុំ​បាន​ស្ថិត​នៅ​ជាមួយ​នឹងមិត្ត​ភ័ក្តិ​របស់​ខ្ញុំ និង​ជា​មិត្ត​ភ័ក្តិ​សម្លាញ់​ចិត្ត​ខ្ញុំ ហើយ​ការ​ដេញ​តាម​ពី​ក្រោយ 3-០ គឺ​ជា​លទ្ធផល​​កាត់​សេចក្តី​រួច​ជាស្រេច​»​​។

    Mane បាន​បន្ថែម​ទៀត​ថា៖ «បន្ទាប់​មក រូប​គេ​បាន​​ឈប់​ទស្ស​នា​ការ​ប្រកួត និង​បាន​​រត់​ចេញពីទីនោះ​ដូចមនុស្ស​ឆ្កួត​អ៊ី​ចឹង​។ បន្ទាប់មក រូប​គេ​បាន​វិល​ត្រឡប់​មកវិញ​នៅពេល​បញ្ចប់​ការ​ប្រកួត ហើយ​រូប​គេ​ស្ទើរ​តែ​មិន​ជឿ​លើ​លទ្ធផល​នៅពេលនោះឡើយ​ ព្រោះនៅពេល​នោះ Liverpool បាន​ទទួល​ជ័យជម្នះ​»​៕

    ប្រភព​ព័ត៌​មាន៖ The Guardian

  • Iniesta ចុះ​ហត្ថលេខា​ជាមួយ​ក្លិប​ជប៉ុន Vissel Kobe ក្រោយ​ចាក​ចេញពី Barcelona

    Iniesta ចុះ​ហត្ថលេខា​ជាមួយ​ក្លិប​ជប៉ុន Vissel Kobe ក្រោយ​ចាក​ចេញពី Barcelona

    Andres Iniesta បាន​ចុះ​ហត្ថលេខា​​ជាមួយ​ក្លិប​ជប៉ុន Vissel Kobe ក្រោយពី​បានប​ញ្ចប់​កិច្ចសន្យា​របស់​គេ​ជាមួយ​នឹង​ក្លិប Barcelona​។

    ខ្សែ​បម្រើ​វ័យ​ 34​ឆ្នាំ​រូបនេះ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សន្និ​សីទ​សារព័ត៌​មានមួយ​នៅ​​ឯ​សណ្ឋា​គារ​​មួយ​ក្នុង​ទីក្រុង​តូ​ក្យូ កាលពីថ្ងៃ​ព្រហស្បតិ៍ រួម​ជាមួយ​នឹង​លោក Hiroshi Mikitani ដែល​ជាម្ចាស់​ក្លិប Kobe​។ លោក Mikitani បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់ក្នុងការ​ប្រកាស​ថា Andres Iniesta នឹង​ចុះ​ហត្ថលេខា​លេង​ជា​មួយ​នឹង​ក្លិប Vissel Kobe ក្រោយពី​ការ​បញ្ចប់​អាជីព​ជា​ប្រវត្តិ​សាស្ត្រ​របស់​គេ​នៅ​ឯ​ក្លិប Barcelona​។ Iniesta បាន​ចុះហត្ថលេខា​លើ​កិច្ច​សន្យា​របស់​គេ​ ហើយ​​បាននិយាយ​តាម​រយៈ​អ្នក​បក​ប្រែម្នាក់​។ លក្ខខណ្ឌ​ផ្សេង​ៗ​នៃ​កិច្ច​សន្យា​នេះ ត្រូវ​បាន​បិទ​ជិត ​ប៉ុន្តែ បណ្តាញ​​សារ​ព័ត៌​មាន​របស់​ជប៉ុន បាន​ចេញ​ផ្សាយ​ថា រូប​គេនឹង​ទទួល​បាន​ចំណូល​ 30​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល​ 1​ឆ្នាំ​​ពី​កិច្ច​សន្យា​រយៈពេល​3ឆ្នាំ​របស់​គេ​។ Iniesta បាន​ឱ្យ​ដឹង​​ថា៖ «ខ្ញុំ​ទទួល​បាន​សំណើ​ជាច្រើន ក្លិប​ផ្សេង​ទៀត​បាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​លើ​ខ្ញុំ​»​។

    ខ្សែ​បម្រើ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែ ខ្ញុំ​បាន​ជ្រើស​រើស​យក​ Vissel Kobe ដោយ​សារ​តែ​វា​ជា​គម្រោង​ដ៏​គួរ​ឱ្យចាប់​អារម្មណ៍​មួយ​។ ពួកគេក៏​​មាន​ការ​ជឿជាក់​ជាច្រើន​ផងដែរ​លើ​ខ្ញុំ​ក្នុង​នាម​ជា​មនុស្ស និង​ជា​កីឡាករ​ម្នាក់ ដែល​នោះ​គឺ​ជា​ហេតុ​ផល​ដ៏​ធំ​មួយ​»​។ សូមជម្រាបថា លោក Mikitani ក៏​ជា​នាយក​ប្រតិ​បត្តិ​របស់​ក្រុម​ហ៊ុន​លក់ផលិតផល​តាម​អន​ឡាញ Rakuten ដែល​ជា​ម្ចាស់​ឧប​ត្ថម្ភ​ធំ​របស់​ក្លិប Barcelona ផងដែរ​៕

    ប្រភព​ព័ត៌​មាន៖ The Guardian

  • គង់ ចាន់ស្រីមុំ សម្ញែងគភ៌ទៀតហើយ រង់ចាំថ្ងៃប្រសូត…

    គង់ ចាន់ស្រីមុំ សម្ញែងគភ៌ទៀតហើយ រង់ចាំថ្ងៃប្រសូត…

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី គង់ ចាន់ស្រីមុំ ប៉ុន្មានម៉ោងមុននេះបន្ដិច បានបង្ហោះរូបភាពបញ្ចេញសាច់ក្បាលពោះដ៏ស្រស់ស្អាត ខណៈដែលគភ៌របស់អ្នកនាងកាន់តែជិតគ្រប់ខែហើយ។

    ជាទូទៅ ដូចដែលប្រិយមិត្តទាំងអស់គ្នាបានដឹងហើយថា តារាស្រីរូបនេះកាលពីមិនទាន់មានស្វាមី នាងពិតជាមានរូបសម្ផស្ស​ស្រស់ស្អាតខ្លាំងណាស់ និងបានទាក់ទាញចិត្តបុរសៗជាច្រើននាក់ឱ្យលង់ក្នុងសម្រស់របស់អ្នកនាងទៀតផង ហើយបើទោះជាពេលនេះ អ្នកនាងមានស្វាមីហើយក្ដី ក៏អ្នកនាងនៅតែថែរក្សាសម្រស់បានស្អាតដដែល។ ដោយឡែក ខណៈនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពដែលបង្ហាញពីគភ៌របស់អ្នកនាងម្ដងទៀតហើយ ដែលមកទល់ពេលនេះ គេមើលឃើញថា កាន់តែធំទៅៗ និងត្រៀមខ្លួនប្រសូតនាពេលឆាប់ៗនេះហើយ។

    អ្នកនាង គង់ ចាន់ស្រីមុំ ថែមទាំងបានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកទៀតផងថា «ទារកគឺជាក្មេងតូចមួយដែលអ្នកបានថែរក្សានៅក្នុងផ្ទៃអស់រយៈពេល 9ខែ​…។ អ្នកនឹងថ្នមនៅក្នុងដៃរបស់អ្នករយៈពេល 3 ឆ្នាំ…។ ហើយស្ថិតនៅក្នុងដួងចិត្តរបស់អ្នករហូតដល់ថ្ងៃដែលអ្នកស្លាប់…។ ពេលឆ្លងកាត់ទើបយល់កាន់តែច្បាស់ពីទឹកចិត្តម្តាយ។ គុណម្តាយគឺធំធេងណាស់ចំពោះកូនគ្រប់រូប…ថតដោយប្តីសម្លាញ់ Seyha Kem…រូបភាពអនុស្សាវរីយ៍​ ដ៏មានតម្លៃ »។ គួរបញ្ជាក់ផងដែរថា បុត្រនៅក្នុងផ្ទៃអ្នកនាង គង់ ចាន់ស្រីមុំ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងបានឃើញមុខប៉ាប៉ា និងម៉ាក់ៗរបស់គេហើយ…ពិតជាគួរឱ្យរំភើបចិត្តមែន៕

  • ធ្លាយដំណឹង ភរិយាលោក ឆាយ វិរៈយុទ្ធ កំពុងតាំងគភ៌

    ធ្លាយដំណឹង ភរិយាលោក ឆាយ វិរៈយុទ្ធ កំពុងតាំងគភ៌

    មួយរយៈចុងក្រោយនេះ គេសង្កេតឃើញកំពូលតារាចម្រៀងឯកប្រុសនៅក្នុងផលិតកម្មសាន់ដេ លោក ឆាយ វិរៈយុទ្ធ បង្ហាញពីភាពស្និទ្ធស្នាលផ្អែមល្ហែម យកចិត្តទុកដាក់ចំពោះភរិយាលោកជាខ្លាំង ជាពិសេសជាងនេះទៅទៀត លោកបានដកឃ្លាពីសិល្បៈមួយរយៈ ដោយកាលពីវិស្សមកាលចុងឆ្នាំកន្លងទៅ លោកបាននាំភរិយាសំណព្វចិត្តធ្វើដំណើរកម្សាន្ដទៅកាន់ប្រទេសជប៉ុន ហើយបានបង្ហោះរូបភាពជាច្រើនសន្លឹកឱ្យមហាជនបានមើលឃើញពីសកម្មភាពស្វ៊ីតៗ ថែមទៀតផង ( សង្ស័យទៅ Honey Moon ហើយមើលទៅ កាលហ្នុង..)។

    ប្រភពស្និទស្នាលនឹងគ្រួសាររបស់តារាចម្រៀងប្រុសរូបនេះ បានបង្ហើបដំណឹងល្អមួយប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនថា ភរិយាបណ្ដូលចិត្តរបស់លោក ឆាយ វិរៈយុទ្ធពេលនេះកំពុងឃ្លានម្ជូរណាស់ ពោលគឺកំពុងតែតាំងគភ៌ហ្នឹងឯង។ ការទម្លាយដំណឹងល្អនេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រមានក្ដីរំភើបជំនួសលោកពិតមែន ព្រោះកន្លងមកលោកធ្លាប់បង្ហើបប្រាប់ថា លោកចង់បានបុត្រស្នងត្រកូល ហើយកាន់តែឆាប់ គឺកាន់តែល្អ តែពេលនេះឆាយ វិរៈយុទ្ធ ពិតបានសមដូចក្ដីប្រាថ្នាហើយ នៅតែមិនទាន់ដឹងថាជាប្រុស ឬក៏ស្រីតែប៉ុណ្ណឹងឯង។

    គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានសាងស្ពានរួមមេត្រីជាមួយភរិយាអស់រយៈពេលមួយឆ្នាំរួចមក តារាប្រុសសំឡេងខ្លាំងរូបនេះបានតាំងក្ដីរំពឹងទុកថា លោកចង់បានបុត្រច្រើន ហើយបើពិតជាមានដំណឹងល្អសម្រាប់លោកមែននោះ លោកពិតជាប្រាថ្នាចង់បានបុត្រភ្លោះខ្លាំងណាស់ ។

    មើលទៅ ឆាយ វិរៈយុទ្ធ ហាក់ដូចជាស្រឡាញ់ក្មេងៗខ្លាំងណាស់ ដូច្នេះអ្នកគាំទ្រទាំងឡាយសូមជូនពរឱ្យលោក បានបុត្រភ្លោះសមដូចប្រាថ្នាតែម្ដងទៅចុះ…(សាធុ!)៕

  • អ្នកនាង កែវ ស្រីនាង ស្លេកស្លាំងដោយសារជំងឺឈាមស ស៊ីឈាមក្រហម

    អ្នកនាង កែវ ស្រីនាង ស្លេកស្លាំងដោយសារជំងឺឈាមស ស៊ីឈាមក្រហម

    មួយរយៈចុងក្រោយនេះ អ្នកគាំទ្រកត់សម្គាល់ឃើញថា តារាសម្ដែងជើងចាស់ អ្នកនាង កែវ ស្រីនាង បានប្រែប្រួលរូបសម្រស់ខុសប្លែកជាងមុន ដោយសារតែមើលទៅឃើញមានទឹកមុខស្លេកស្លាំង ហើយថែមទាំងធ្លាក់សម្រស់ជាងមុន និងមិនសូវមានកម្លាំងកំហែងដូចមុនឡើយ។ អ្នកនាងធ្លាប់បានបង្ហើបប្រាប់អ្នកសិល្បៈដូចគ្នាថា ហេតុផលដែលអ្នកនាងកាត់សក់ខ្លី និងមានទឹកមុខស្លេកស្លាំងជាងមុននេះ គឺបណ្ដាលមកពីអ្នកនាងឈឺច្រើនពេក ព្រោះតែជំងឺឈាមស ស៊ីឈាមក្រហមវាធ្វើទុក្ខហ្នឹងឯង។ អ្នកនាងថែមទាំងបានបង្ហើបប្រាប់ទៀតថា ចំណាយអស់រាប់ម៉ឺនដុល្លារ ទៅព្យាបាលនៅក្រៅប្រទេស តែមិនមានលទ្ធផលល្អឡើងសោះ។

    គួររំឭកផងដែរថា កាលពីថ្ងៃសម្ពោធរឿង «កាំបិតមុខ២» ដែលអ្នកនាងបានសម្ដែងជាតួឯកស្រី ជាមួយលោក អូន ឧស្សាហ៍ ជារឿងភាគរបស់ស្ថានីយទូរទស្សន៍ PNN កន្លងទៅ អ្នកនាងបានប្រាប់អ្នកសារព័ត៌មានថា ជំងឺឈាមស ស៊ីឈាមក្រហមរបស់អ្នកនាង ពិតជាធ្វើទុក្ខខ្លាំងមែន ប៉ុន្តែមិនដល់ថ្នាក់ធ្វើឱ្យអ្នកនាងពិបាកទ្រាំនោះទេ គឺធ្វើទុក្ខដោយសារតែអ្នកនាងប្រឹងប្រែងធ្វើការលើសកម្រិត ហើយសម្រាកមិនបានប៉ុណ្ណោះ។ អ្នកនាងបញ្ជាក់ថា ជំងឺមួយនេះ ពិតជារុករានសេចក្ដីសុខរបស់អ្នកនាងមែន គឺឱ្យតែពេលណាដែលអ្នកនាងធ្វើការលើសកម្រិត ឬលេបថ្នាំមិនទៀងទាត់ គឺវាធ្វើឱ្យអ្នកនាងទទួលរងការធ្វើទុក្ខខ្លាំងតែម្ដង។

    អ្នកនាង បានបញ្ជាក់ដែរថា គ្រូពេទ្យហាមមិនឱ្យអ្នកនាងធ្វើការលើសពីកម្លាំងដែលខ្លួនឯងមាននោះទេ និងត្រូវសម្រាកឱ្យបានច្រើន ក៏ប៉ុន្ដែអ្នកនាងមិនចង់បាត់បង់ឱកាសសម្ដែងរឿងភាគឱ្យ PNN ទើបបានជាអ្នកនាងសម្រេចយកជំនួយការតាមខ្លួន ដើម្បីដាស់តឿនអ្នកនាងឱ្យពិសាថ្នាំតាមការកំណត់។  អ្នកនាងបានបង្ហាញពីការត្អូញត្អែរ ជុំវិញជំងឺរបស់ខ្លួនដែលមើលមិនជានេះ ដោយបង្ហើបប្រាប់ថា បានចេញទៅព្យាបាលនៅក្រៅប្រទេសច្រើនលើកច្រើនសា និងចំណាយអស់ប្រាក់ច្រើនសន្ធឹកមកហើយ ប៉ុន្តែលទ្ធផលនៅតែបានត្រឹមតែលេបថ្នាំជាប្រចាំ ដើម្បីទប់សភាពជំងឺកុំឱ្យទ្រុឌទ្រោមទៅវិញតែប៉ុណ្ណោះ៕

  • សាមុត ស្រីកា ប្រកាសឈប់ច្រៀង ខណៈបទចម្រៀងរបស់នាងកំពុងស្ទុះឡើងខ្លាំង

    សាមុត ស្រីកា ប្រកាសឈប់ច្រៀង ខណៈបទចម្រៀងរបស់នាងកំពុងស្ទុះឡើងខ្លាំង

    នៅពេលថ្មីនេះៗ បទចម្រៀងរបស់តារាស្រីនៅក្នុងផលិតកម្ម WE Production កញ្ញា សាមុត ស្រីកា ដែលមានចំណងជើងថា «មនុស្សពិសេសមិនសូវសំខាន់» កំពុងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី តែជាអកុសលតារាស្រីរូបនេះ បែរជាបង្ហើបប្រាប់មហាជននៅក្នុងលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា នេះគឺជាបទចម្រៀងចុងក្រោយរបស់នាងទៅវិញ ធ្វើឱ្យអ្នកគាំទ្រទាំងអស់មានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង នៅពេលដឹងពីដំណឹងនេះ។

    អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិនៅក្រោមវីដេអូរបស់នាងថា ដោយសារតែរូបសម្រស់នាងមិនសូវស្អាតដូចតារាដទៃ ទើបផលិតកម្មមួយនេះទុកនាងចោល មិនសូវបញ្ចេញបទចម្រៀងឱ្យនាងឡើយ ហើយក៏មិនខ្វល់ពីសមត្ថភាពរបស់នាងដែរ។ យ៉ាងណាក៏ដោយ តារាស្រីវ័យក្មេង និងធ្លាប់មានភាពលេចធ្លោជាងគេតាមរយៈកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី 1 រូបនេះ បានបញ្ជាក់នៅលើបណ្ដាញហ្វេសប៊ុកខ្លួនថា  នាងស្រឡាញ់បទចម្រៀងថ្មីមួយនេះខ្លាំងណាស់ តែនេះក៏បទចុងក្រោយរបស់នាងផងដែរ។ នាងសរសេរថា «”មនុស្សពិសេសមិនសូវសំខាន់” ស្រលាញ់បទនេះណាស់ ជាការនិពន្ធទំនុកច្រៀងដោយលោកគ្រូ Pechi និពន្ធបទភ្លេង និងសម្រួលតន្រ្តីដោយ លោកគ្រូ សាន់ សុវណ្ណឌីន ហើយក៏ជាបទចុងក្រោយរបស់នាងខ្ញុំផងដែរ»។

    គួរកត់សម្គាល់ផងដែរថា ខណៈដែលបទចម្រៀង «មនុស្សពិសេសមិនសូវសំខាន់» បានបញ្ចេញនៅលើទំព័រផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស ភ្លាមៗនោះមានបណ្ដាមិត្តភ័ក្ដិរបស់តារាស្រីរូបនេះបានស៊ែរបទចម្រៀងបន្តភ្លាមៗទៅឱ្យនាង តែនាងបានឆ្លើយតបប្រាប់ទៅពួកគេវិញថា «ឥឡូវឈប់ពីទីនោះហើយ» សបញ្ជាក់ឱ្យដឹងថា នាងពិតជាបានបញ្ចប់កុងត្រា 5ឆ្នាំជាមួយផលិតកម្ម WE Production ក៏ដូចជាក្រុមហ៊ុនផលិតកម្មរស្មីហង្សមាសប្រាកដមែន។

    គួបញ្ជាក់ផងដែរថា ព័ត៌មានឈប់ច្រៀងរបស់តារាស្រីមួយនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រសោកស្ដាយចំពោះរូបនាងយ៉ាងខ្លាំង និងមិនចង់ឱ្យនាងឈានជើងចេញពីវិថីសិល្បៈឡើយ ព្រោះថា នាងពិតជាមានសមត្ថភាពខាងចម្រៀងមិនធម្មតាទេ រហូតដល់គ្រូបង្វឹកម្នាក់នៅក្នុងចំណោមគ្រូបង្វឹក 4 រូប ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 1 បានលាន់មាត់ថា «សម្រាប់ខ្ញុំ ប្អូនស្រីមានសម្លេងធម្មជាតិល្អ ច្រៀងមិនប្រឹង មានទឹកដម មានមនោសញ្ចេតនា»៕

  • Iniesta ត្រូវ​បាន​រំពឹង​ថា នឹង​ទៅចូល​រួម​ជាមួយ​ក្លិប​ជ​ប៉ុន Vissel Kobe នៅ​ថ្ងៃ​នេះ

    Iniesta ត្រូវ​បាន​រំពឹង​ថា នឹង​ទៅចូល​រួម​ជាមួយ​ក្លិប​ជ​ប៉ុន Vissel Kobe នៅ​ថ្ងៃ​នេះ

    ខ្សែ​បម្រើ​ជើង​ចាស់ Andres Iniesta បាន​បញ្ជាក់​ថា រូប​គេ​នឹង​ផ្ទេរ​ទៅកាន់​ប្រទេស​ជប៉ុន និង​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចុះហត្ថ​លេខា​ជាមួយ​នឹងក្លិប Vissel Kobe ​នៅថ្ងៃនេះ​។

    Iniesta វ័យ​ 34​ឆ្នាំ បាន​លេង​ក្នុងការ​ប្រកួត​​លើក​ទី​674 ​របស់​គេ និង​ជាលើក​ចុងក្រោយ​របស់​គេ​សម្រាប់​ក្រុម Barcelona ម្ចាស់​ជើង​​ឯក​ក្រប​ខ័ណ្ឌ La Liga កាលពី​​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ពួក​គេ​បាន​ផ្តួល​ក្រុម Real Sociedad ក្នុង​លទ្ធផល 1-០ ក្នុង​ការប្រកួត​ចុងក្រោយ​នៅ​រដូវកាល​នេះ​។ ខ្សែ​បម្រើ​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ បាន​លើក​ពាន​ក្រប​ខ័ណ្ឌ La Liga និង​បាន​​ថ្លែង​សុន្ទរ​ក​ថា​ពីមុខ​អ្នក​គាំទ្ររបស់​ខ្លួន​នា​កីឡដ្ឋាន Nou Camp ក្រោយពី​សំឡេង​កញ្ចែ​បញ្ចប់​ការ​ប្រកួត​។ Iniesta បាន​​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម Twitter កាល​ពី​ល្ងាច​ថ្ងៃ​ពុធ រួម​ជា​មួយ​នឹង​រូប​ថត​នៅលើ​យន្តហោះ​មួយ​គ្រឿង​ជាមួយ​នឹង​លោក Hiroshi Mikitani ប្រធានក្លិប Vissel Kobe ដោយ​សរសេរ​ថា៖ «កំពុង​តែ​ធ្វើ​ដំណើរ​ទៅកាន់​ផ្ទះថ្មី​របស់​ខ្ញុំ ជាមួយ​នឹងមិត្ត​ភ័ក្តិ​របស់​ខ្ញុំ​»​។ ក្លិប Vissel Kobe បាន​ប្រកាស​ពីការ​រៀប​ចំ​សន្និ​សីទ​សារព័ត៌​មានមួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ខណៈ​ដែល​ក្លិប​របស់ក្រប​ខ័ណ្ឌ J-League ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ប្រកាស​ពីការ​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ខ្សែ​បម្រើ​រូបនេះ​។ ពួក​គេ​បាន​ចុះហត្ថលេខា​ជាមួយ​នឹង Lukas Podolski សមា​ជិក​ឈ្នះពាន World Cup របស់​អាល្លឺ​ម៉ង់ កាល​ពីឆ្នាំ​2017 ហើយ​បើយោង​ទៅ​តាម​រ​បាយ​ការណ៍​ផ្សេង​ៗ ពី​ប្រទេស​អេ​ស្ប៉ាញ ក្លិប Vissel Kobe បាន​យកឈ្នះ​​ក្នុង​ការ​ប្រជែង​ជា​មួយនឹង​ក្រប​ខ័ណ្ឌ​អូ​ស្ត្រាលី A-League ដើម្បី​ចុះ​ហត្ថលេខា​ជាមួយ​នឹង Iniesta​។

    អំឡុង​រយៈពេល​​ 16​ឆ្នាំ​របស់​គេ​ជាមួយ​នឹងក្លិប Barcelona ខ្សែ​បម្រើ​វ័យ​ 34​ឆ្នាំរូបនេះ បាន​ឈ្នះពាន La Liga 9​លើក និង​ពាន Champions League  4លើក​៕

    ប្រភពពី៖ Sky Sports

  • លោក Emery បញ្ជាក់​ថា លោក​ចង់​​ធ្វើឱ្យ​ Arsenal ក្លាយ​ជាក្រុម​ខ្លាំង​បំផុត​ក្នុង​ពិភព​លោក

    លោក Emery បញ្ជាក់​ថា លោក​ចង់​​ធ្វើឱ្យ​ Arsenal ក្លាយ​ជាក្រុម​ខ្លាំង​បំផុត​ក្នុង​ពិភព​លោក

    លោក Unai Emery បានប្រកាស​ពី​បំណង​របស់​លោក​ក្នុង​​ការ​ជួយ​ឱ្យ Arsenal «ក្លាយ​ជាក្រុម​ដ៏ខ្លាំង​បំផុត​ក្នុង​ក្រប​ខ័ណ្ឌ Premier League និងពិភព​លោក» ក្រោយពី​ត្រូវ​បានប្រកាស​​ជា​អ្នក​​ចាត់​ការ​ទូទៅ​ថ្មី​ជំនួស​កន្លែង​របស់​លោក Arsene Wenger ក្នុង​កិច្ច​សន្យា​រយៈពេល​ 3​ឆ្នាំ​។

    នៅ​​​ថ្ងៃ​នៃ​ការ​ប្រកាស​ពី​ការ​តែង​តាំងនោះ លោក Ivan Gazidis នា​យក​ប្រតិ​បត្តិ​របស់​ក្លិប បាន​បញ្ជាក់​ថា ការ​ងារ​​ក្នុ​ងក្លិប Arsenal គឺ​ជា​​ការ​ងារ​ដ៏​គួរ​ឲ្យ​ចង់​ធ្វើ​បំផុតក្នុង​ពិភពកីឡា​បាល់​ទាត់ និងបាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួក​គេ​ជឿជាក់​ថា ពួក​គេ​ទទួល​បាន​គ្រូបង្វឹក​ម្នាក់​​ដែលនឹង​បង្កើត​ឱ្យ​មានការ​ចង​​ចាំ​ទៅលើ​ជ័យជម្នះ​កាល​ពី​អតីត​​។ លោក Emery​ បាន​និយាយ​ភា​សា​អង់គ្លេស ក្នុ​ង​ការ​បង្ហាញ​ខ្លួន​របស់​លោក​នៅ​ឯ​កីឡដ្ឋាន Emirates ដែល​​ពិត​ជា​រឿង​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល ហើយ​លោក​បាន​ចាត់​ទុក​ថា ការ​ប្រជែង​នៅ​ចំពោះ​មុខ​របស់​លោក «គឺ​ជា​សុបិន​ដែល​ក្លាយ​ជា​ការ​ពិត​»​។ លោក Emery បាន​យល់​ព្រម​​ធ្វើ​ការ​ក្នុង​រច​នា​សម្ព័ន្ធថ្មី ហើយ​លោក​ដឹង​ថា ក្លិប​នឹង​ផ្តល់​កញ្ចប់​ថវិកា​ 50​លាន​ផោន ទៅ​លើ​ការ​​ទិញ​ចូល​កីឡាករ​ថ្មី​នៅ​រដូវកាល​ក្រោយ​។

    គ្រូបង្វឹក​រូប​នេះ​បាន​បញ្ជាក់​ថា លោក​នឹងមិន​ធ្វើការ​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ឡើយ​ទៅលើ​ក្រុម Arsenal ដែល​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​6 នៅ​លើ​តារាង​ក្រប​ខ័ណ្ឌ Premier League ក្នុង​រដូវ​កាល​ដែលទើប​តែ​បញ្ចប់​កាល​ពី​ពេលថ្មី​ៗនេះ​។ លោក Emery បាន​ឱ្យ​ដឹង​ថា៖ «ក្រុម​នេះ​គឺ​ជាក្រុម​ដ៏​ធំមួយ ដែលមាន​កីឡាករ​ឆ្នើម​ៗ​ជាច្រើន ហើយ​យើង​គិត​ថា យើង​ត្រូវ​តែ​ផ្លាស់​ប្តូរ​ចំណុច​មួយ​ចំនួន និង​កីឡាករ​3 ទៅ​4​នាក់​។ ក្រោយ​ពីការ​អវត្ត​មាន​ក្នុង​ក្រប​ខ័ណ្ឌ Champions League 2​លើក ការ​ងារ​ចម្បង​គឺ​ការក្លាយ​ជា​​ក្រុម​​ដ៏​ខ្លាំង​បំផុត​ក្នុង​ក្រប​ខ័ណ្ឌ Premier League និង​ពិភព​លោក​»​៕

    ប្រភព​ពី៖ The Guardian