Author: អេបិល

  • Liverpool ប្រកាស​ពីការ​​ផ្ទេរ​ និង​ចុះ​ហត្ថ​លេខាយក Fabinho ពី Monaco

    Liverpool ប្រកាស​ពីការ​​ផ្ទេរ​ និង​ចុះ​ហត្ថ​លេខាយក Fabinho ពី Monaco

    ក្លិបហង្ស​ក្រហម Liverpool បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថ​លេខា​ជាមួយ​​នឹង​ខ្សែ​បម្រើ​អន្តរ​ជាតិ​ប្រេស៊ីល Fabinho ពីក្លិប Monaco ក្នុង​តម្លៃខ្លួន​ 40​លាន​ផោន (ស្មើ​នឹង​ 53​លានដុល្លារ​អាមេរិក) ដើម្បី​ជំនួស​កន្លែង​របស់​ Emre Can ខណៈដែល​លោក Jurgen Klopp ចាប់​ផ្តើម​ពង្រឹង​​ក្រុមរ​បស់​ខ្លួននៅ​រដូវក្តៅនេះ​។

    ការ​ចរ​ចា​ផ្សេង​ៗ​ជាមួយ​នឹងក្លិប​របស់​ក្រប​ខ័ណ្ឌ​បារាំង Ligue 1 លើ​តម្លៃខ្លួន​ 40លាន​អឺ​រ៉ូ (ស្មើនឹង​ 53​លានដុល្លារ) រួម​ទាំង​ប្រាក់​​ឧបត្ថម្ភ​​​បន្ថែម​ចំនួន​ទៀត​ 5​លាន​អឺ​រ៉ូ បាន​បន្ត​ដំណើរ​ការ​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ​មកហើយ ខណៈ​ដែល​សេចក្តីប្រកាសមួយ​ពី​ក្លិប Liverpool កាល​ពី​រាត្រីថ្ងៃ​ចន្ទ បាន​​អះ​អាង​ថា ខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិ​ពល​វ័យ​ 24​ឆ្នាំ​រូបនេះនឹង​ផ្ទេរ​ទៅកាន់​​កីឡដ្ឋាន Anfield នៅ​ថ្ងៃ​ទី​1 ខែកក្កដា ក្រោយ​​ពី​រូប​គេ​បាន​បំពេញ​​ការ​ត្រួត​ពិនិត្យ​សុខ​ភាព​​មួយ​​នៅលើ​ទីលាន​ហ្វឹកហាត់​របស់​ក្លិប​។ Fabinhoបាន​ប្រាប់​គេហ​ទំ​ព័រ​របស់ Liverpool ថា៖ «ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ចំពោះការ​ផ្ទេរ​មួយនេះ​។ នេះ​គឺ​ជា​​​អ្វី​ដែល​ខ្ញុំ​តែង​តែ​ចង់​បាន​។

    នេះ​គឺ​ជា​ក្រុម​ដ៏ធំ​មួយ​។ ហេដ្ឋា​រច​នា​សម្ព័ន្ធ​របស់​ក្លិបនេះ ពិត​ជា​អស្ចារ្យ​ណាស់​។ បើ​មានក្លិប​បាល់​ទាត់​មួយ​ក្នុង​ទំហំ​នេះ មក​ចង់​បាន​សេវា​កម្ម​របស់​ខ្ញុំ ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​គិត​​ច្រើន​ឡើយ​។ ខ្ញុំ​នឹង​ព្យា​យាម​បង្កើត​ប្រវត្តិ​សាស្ត្រ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក្នុ​ងក្លិប​កីឡា​បាល់​ទាត់​នេះ​។ ជា​ការរំពឹង​ទុក ក្នុង​កម្រិត​ឯក​ជន ខ្ញុំ​​អាច​ឈ្នះ​ពាន​ជាច្រើន​​ជាមួយ​នឹងក្លិប​នេះ​»​៕

    ប្រភព​ពី៖ The Guardian

  • នាយ ចឺម ប្រកាសជំហរមិនចាកចោលសាន់ដេឡើយ

    នាយ ចឺម ប្រកាសជំហរមិនចាកចោលសាន់ដេឡើយ

    បន្ទាប់ពីតារាធំៗនៅផលិតកម្មសាន់ដេ បានស្ពាយបង្វេចរបស់ខ្លួនទៅជ្រកនៅក្នុងទ្រនំធំដទៃទៀតហើយនោះ ស្រាប់តែថ្មីៗនេះ មានផ្ទុះដំណឹងមកថ្មីទៀតហើយថា នាយ ចឺម ដែលជាតារាល្បីមួយដួងនៅក្នុងផលិតកម្មសាន់ដេ កំពុងរៀបចំបង្វេចប្រុងចាកចេញពីទ្រនំមួយនេះម្នាក់ទៀតហើយ។ យ៉ាងណាក៏ដោយ ដំណឹងខ្សឹបខ្សៀវមួយនេះ នៅមិនទាន់ច្បាស់ជាផ្លូវការនៅឡើយទេ ខណៈដែលតារាចម្រៀងប្រុសរូបនេះ កំពុងតែចាក់គ្រឹះយ៉ាងមាំនៅក្នុងផលិតកម្មសាន់ដេ ហើយក៏កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ។

    ជាក់ស្ដែងម្ចាស់បទ «ជយោៗសង្សារខ្ញុំសុំបែកគ្នាហើយ» រូបនេះ បានប្រកាសជំហរប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីនេះថា លោកគ្មានបំណង ឬគម្រោងចាកចេញពីសាន់ដេនោះទេ។ នាយចឺម បន្ដប្រាប់អ្នកសារព័ត៌មានថា លោកនៅជាប់កុងត្រាជាមួយសាន់ដេចំនួន 3ឆ្នាំទៀតជាតារាចម្រៀងពេញសិទ្ធិ ប៉ុន្តែបើទោះជាគ្មានកុងត្រាក៏លោកមិនចោលសាន់ដេនោះដែរ គឺមិនខ្វល់ពីការឆ្លេឆ្លាហក់ចូលផលិតកម្មណាមួយជាដាច់ខាត។

    នាយចឺម បញ្ជាក់បន្ថែមទៀតថា «សម្រាប់អ្នកណាយល់យ៉ាងម៉េច ខ្ញុំអត់ខ្វល់ តែសម្រាប់ខ្ញុំនៅសាន់ដេគឺគ្រប់គ្រាន់ ដោយសារសាន់ដេគាត់ផ្ដល់ភាពកក់ក្ដៅឱ្យរហូត»។មកទល់ពេលនេះនាយចឺម នៅតែមិនមានអ្នកនិពន្ធប្រចាំខ្លួនឡើយ ដោយរង់ចាំតែច្រៀងតាមការទម្លាក់ឱ្យរបស់ផលិតកម្មតែប៉ុណ្ណោះ ប៉ុន្តែលោកថា ផលិតកម្មទាំងមូលនៅតែទម្លាក់បទចម្រៀងឱ្យលោកបានច្រើនដដែល ទើបលោកកក់ក្ដៅ ហើយប្រកាសជំហរនេះ ទោះមិនជាប់កុងត្រាក៏មិនរត់ទៅណាដែរ។ នាយចឺមត្រូវបានគេកត់សម្គាល់ថា នៅតែឡើងកូដខ្លាំងជាមួយនឹងបទចម្រៀងចាស់-ថ្មី ដោយសារតែមានអ្នកគាំទ្រច្រើនមកស្វាគមន៍ដល់ឆាកតែម្ដង៕

     

     

  • មិនទាន់ចប់ទេ!  ម៉ៃ សុគន្ធ នៅតែបន្ដរិះគន់តារាចម្រៀង ថេណា

    មិនទាន់ចប់ទេ!  ម៉ៃ សុគន្ធ នៅតែបន្ដរិះគន់តារាចម្រៀង ថេណា

    កាលពីពេលកន្លងទៅថ្មីៗនេះ តារាចម្រៀង និងមហាជនបានដាក់រហស្សនាមឱ្យថា «កំពូសទើស» លោក ម៉ៃ សុគន្ធ បានចេញមករិះគន់តារាចម្រៀង Original Song លោក ថេណា ថា ច្រៀងមិនច្បាស់ រកតែស្ដាប់មិនយល់ ដោយបានសង្កត់ធ្ងន់ទៅលើបទចម្រៀងដែលមានចំណងជើងថា «ភពឯកា»។

    កន្លងមកលោក ម៉ៃ សុគន្ធ បានធ្វើការរិះគន់ ថេណា ថា «និយាយពី Original Song សម័យឥឡូវ បើចង់ស្តាប់ទាល់តែបើកត្រចៀកឱ្យធំ ឱនទៅឱ្យជិត Speaker ទើបស្តាប់ដឹងថា វាច្រៀងអំពីស្អី (អក្ខរាវិរុទ្ធស្តាប់មិនបាន មិនដឹងវាច្រៀងភាសាអីឱ្យច្បាស់…) បើថាតាឡាន់ មិនចំតាឡាន់ អានិកជាន់ មិនចំអានិកជាន់ យ៉ាប់ហើយខ្មែរ»។ គួរកត់សម្គាល់ផងដែរថា បន្ទាប់មានការរិះគន់បែបនេះឡើង គេមើលឃើញថា មហាជនមួយចំនួនគាំទ្រសម្ដីរបស់ ម៉ៃ សុគន្ធ តែក៏មានមហាជនអ្នកគាំទ្រមួយចំនួនទៀតបានពន្លះ ម៉ៃ សុគន្ធ វិញដោយមិនប្រណីថ្វីមាត់ដែរ។

    យ៉ាងណាក៏ដោយ បន្ទាប់ពីមានការរិះគន់ចំពោះ ថេណា បែបនេះ តារាចម្រៀងប្រុសរូបនេះក៏បានធ្វើការឆ្លើយបញ្ជាក់វិញដែរថា «អត់មានអីខឹង ឬឆ្លើយតបអីទៅគាត់វិញផងបង ព្រោះអាជីពគាត់ល្បីល្បាញដោយសារតែការរិះគន់គេ បើសិនជាខ្ញុំខឹងប្រកាន់គាត់ មានន័យថា ខ្ញុំមិនខុសអីពីគាត់ឡើយ។ ដូច្នេះគាត់ធ្វើអ្វីជារឿងគាត់ តែកុំឱ្យតែជ្រុលហួសហេតុពេក»។ ការតប-ត-បកស្រាយរបស់ ថេណា មិនបានធ្វើឱ្យ ម៉ៃ សុគន្ធ ក្ដៅស្លឹកត្រចៀកឡើយ ផ្ទុយទៅវិញ ថ្មីៗចុងក្រោយនេះ លោក ម៉ៃ សុគន្ធ បានចេញសារតបវិញថា «អូ! “ការរិះគន់តារាតាឡាន់” ពិតជាមានឥទ្ធិពលមែន តារាតាឡាន់ សំនៀងបែបអណិកកាក់ជាន់ ទទួលស្គាល់ការពិតហើយ។ អូ!!! ភ្លេចរកឃើញមូលហេតុដែលតាឡាន់ស្ទាយអនិកាក់ជាន់ហើយ បំពង់កតូចពេក អត់សូវមានកីឡា។ បើចេញបទក្រោយកែណា៎ ខ្ញុំចាំមើល..»៕

  • អស្ចារ្យ!!  ល្ខោននិយាយរឿង «តៃកុងហំ ហៅ ថៅកែចិត្តចោរ» ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី

    អស្ចារ្យ!!  ល្ខោននិយាយរឿង «តៃកុងហំ ហៅ ថៅកែចិត្តចោរ» ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី

    នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃអាទិត្យ ទី27 ខែឧសភា ឆ្នាំ2018 មានការសម្ដែងល្ខោននិយាយរឿង «តៃកុងហំ ហៅ ថៅកែចិត្តចោរ» ដែលមានការចូលរួមសម្ដែងពីសំណាក់លោកគ្រូ-អ្នកគ្រូខាងផ្នែកល្ខោននិយាយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

    អ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងបំផុតនោះគឺ ល្ខោននិយាយមួយនេះបានបំផុសគំនិតឱ្យយុវជនកម្ពុជាដែលជាទំពាំងស្នងឫស្សីទាំងអស់ស្រឡាញ់នូវភាពយុត្តិធម៌ សច្ចធម៌ គុណតម្លៃការងារ ភាពស្មោះត្រង់ និងបញ្ចៀសរាល់ទង្វើគាបសង្កត់កេងចំណេញរកតែផលប្រយោជន៍ផ្ទាល់ខ្លួន។ មិនត្រឹមតែទស្សនាហើយទទួលបានការអប់រំនោះទេ ភ្ញៀវកិត្តិយសដែលភាគច្រើនជាយុវវ័យប្រុសស្រី បានផ្ដល់ការគាំទ្រ និងលើកទឹកចំពោះល្ខោននិយាយដែលជាសិល្បៈខ្មែរទី 6នេះ បាននាំគ្នាមកទស្សនាយ៉ាងភ្លូកទឹកភ្លូកដីរហូតដល់សឹងតែរកកន្លែងអង្គុយគ្មាន។

    គួរបញ្ជាក់ផងដែរថា តាមរយៈល្ខោននិយាយរឿង «តៃកុងហំ ហៅ ថៅកែចិត្តចោរ» ដ៏ល្អឯកមួយនេះ ធ្វើឱ្យកូនខ្មែរដែលជាអ្នកថែរក្សា ស្រឡាញ់ និងអភិរក្សសិល្បៈដូនតាខ្មែរ ងាកមកគាំទ្រ និងស្នើសុំឱ្យមានល្ខោននិយាយដែលមានភាពអប់រំ និងបែបផែនទស្សនវិទ្យាបែបនេះឱ្យបានច្រើន និងជាបន្ដបន្ទាប់ទៀត ដើម្បីឱ្យព្រលឹងនៃសិល្បៈដូនតាខ្មែរបានរស់ និងដង្ហើមដកទៅដល់ពេលអនាគតថែមទៀត៕

  • ពែក មី បដិសេធមិនទទួលយកការចរចា និងថ្លៃព្យាបាលរបួសប្អូនប្រុស

    ពែក មី បដិសេធមិនទទួលយកការចរចា និងថ្លៃព្យាបាលរបួសប្អូនប្រុស

    កាលពីពេលថ្មីៗនេះ តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN គឺលោក ពែក មី បានបង្ហោះវីដេអូចេញមុខបដិសេធចំពោះការចរចា និងមិនទទួលយកទឹកប្រាក់ជួយចេញថ្លៃព្យាបាលរបួសរបស់ប្អូនថ្លៃប្រុសរបស់លោក ចំនួន 4,000 ដុល្លារសហរដ្ឋអាមេរិកពីភាគីម្ខាងទៀតឡើយ។

    នៅក្នុងវីដេអូដែលមានរយៈពេលជាង 6នាទី លោក ពែក មី បាននិយាយថា ខាងមន្ត្រីអធិការខណ្ឌឫស្សីកែវ បានមកចរចាជាមួយក្រុមគ្រួសាររបស់លោក ដោយបានប្រាប់ថា ខាងភាគីរថយន្ដមានសន្ដានចិត្តបុណ្យជួយចេញថ្លៃព្យាបាលរបួសប្អូនប្រុសរបស់លោកជាថវិកាចំនួន 4,000 ដុល្លារសហរដ្ឋអាមេរិក តែលោកបានបដិសេធ និងមិនទទួលយកការចរចាណាមួយឡើយ។ លោកអះអាងថា «ករណីប្អូនប្រុសខ្ញុំ ជាករណីមនុស្សឃាត តែហេតុអ្វីបានជាខាងអធិការខណ្ឌឫស្សីកែវបានសរសេរថា ខាងភាគីរថយន្ដមានសន្ដានចិត្តបុណ្យជួយចេញថ្លៃព្យាបាល 4,000 ដុល្លារដល់ខាងភាគីជិះម៉ូតូដែលជិះបុកជញ្ជាំងដោយខ្លូនឯងទៅវិញ?។ បងប្អូនអើយ…យើងពិតជាមិនអាចទទួលការចរចានេះបានទេ»។

    ទន្ទឹមគ្នានោះដែរ តារាកំប្លែងមានឈ្មោះបោះសំឡេងរូបនេះ បានអះអាងនៅក្នុងវីដេអូរបស់ខ្លួនទៀតថា លោកនឹងបន្ដដាក់ពាក្យបណ្ដឹងទៅខាងសាលារាជធានីបន្ដទៀតដើម្បីទាមទាររកយុត្តិធម៌ជូនប្អូនប្រុសរបស់លោក ដោយលោកបានបញ្ជាក់ និងប្រកាន់ជំហរប្រាប់មហាជនប្រិយមិត្តខ្មែរទាំងអស់ថា ករណីប្អូនថ្លៃប្រុសរបស់លោក គឺជាករណីមនុស្សឃាត មិនមែនជាករណីជិះម៉ូតូទៅបុកជញ្ជាំងរបងដោយខ្លួនឯងនោះទេ ព្រោះរថយន្ដជនល្មើសបានប្រដេញពីក្រោយយ៉ាងប្រកិត រហូតដល់មានគ្រោះថ្នាក់នោះកើតឡើងតែម្ដង។

    គួរបញ្ជាក់ផងដែរថា លោក ពែក មី បានអំពាវឱ្យមហាជនបានជ្រាប និងអរគុណចំពោះក្ដីបារម្ភមកកាន់ក្រុមគ្រួសារលោក ដោយបានចំណាយថវិកាទូរស័ព្ទមកសួរនាំលោកអំពីដំណើររឿងទៀតផង។ សូមជម្រាបន្ថែមថា ខណៈនេះប្អូនប្រុសនាយ ពែក មី កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ឯប្រទេសវៀតណាម។ ដើម្បីកាន់តែជាក់ច្បាស់បន្ថែមទៀត សូមអញ្ជើញប្រិយមិត្តទាំងអស់ទស្សនាវីដេអូរបស់នាយ ពែកមី ខាងក្រោមនេះ៖

  • តារាស្រី សុភ័ក្រ កុសុម៉ា ត្រូវចោរឆក់ទូរស័ព្ទនៅម្ដុំបរិវេណអគារ Exchange Square

    តារាស្រី សុភ័ក្រ កុសុម៉ា ត្រូវចោរឆក់ទូរស័ព្ទនៅម្ដុំបរិវេណអគារ Exchange Square

    មុននេះបន្ដិច តារាចម្រៀង និងជាពិធីការិនិ សុភ័ក្រ កុសុម៉ា ត្រូវបានចោរឆក់ទូរស័ព្ទដៃ Iphone 7+ ព័ណ៌ក្រហម ពីដៃប្អូនស្រីរបស់នាង នៅម្ដុំបរិវេណអគារ Exchange Square ដែលធ្វើឱ្យនាងភ័យគាំងបេះដូង រកនិយាយអ្វីមិនចេញ ។ នាងបានប្រាប់នៅក្នុងវេដេអូថា នៅក្នុងទូរស័ព្ទរបស់នាង មានឯកសារសំខាន់ការងារច្រើន ដែលមានផ្ទុក ដោយនាងមិនបានចាំអំពីការបិទ ICloud ឬក៏អត់នោះទេ។

    តារាស្រីពូកែវោហារូបនេះ បានបញ្ជាក់នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកខ្លួនមុននេះថា « ចោរឆក់ទូរស័ព្ទបាត់ហើយ អស់ហើយរូបថតឯកសារ បើមានគេយកទៅលក់ជួយប្រាប់នាងខ្ញុំផង iphone7plus ពណ៌ក្រហម ប្រុសនឹងជិះម្នាក់ឯងរាងស្គម ខោជើងប្រផេះ អាវដៃវែងក្រឡា ជិះស្មាស់ក្រហម ។ សូមអរគុណបងប្អូនបើបានឃើញជួយប្រាប់ផងនាងខ្ញុំមានសាគុណជូន »។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ពីព័ត៌មាននេះ សូមទស្សនាវីដេអូរបស់តារាស្រី សុភ័ក្រ កុសុម៉ា ខាងក្រោមនេះ៖

  • ម្ដាយតារាចម្រៀងស្រី ស៊ឹម ថៃណា ទទួលមរណភាពហើយ

    ម្ដាយតារាចម្រៀងស្រី ស៊ឹម ថៃណា ទទួលមរណភាពហើយ

    មុននេះបន្តិចនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានឱ្យដឹងថា ម្តាយតារាចម្រៀង ស៊ឹម ថៃណា បានទទួលមរណភាពទៅហើយ ដោយតារាចម្រៀងស្រីប្រចាំផលិតកម្ម M រូបនេះ បានបង្ហោះរូភាព និងកាន់ទុក្ខយ៉ាងក្រៀមក្រំដោយការផ្លាស់ប្ដូររូបភាពនៅលើប្រូហ្វាលហ្វេសប៊ុករបស់ខ្លួនដាក់រូបភាពកាន់ទុក្ខអ្នកម្តាយ និងបានសរសេរលើរូបថា «មរណភាពអ្នកម្តាយ ថ្ងៃទី26 ខែឧសភា ឆ្នាំ2018»។

    ប្រភពពីមិត្តស្និទ្ធស្នាលជាមួយតារាស្រីរូបនេះ ក៏បានចូលបញ្ចេញមតិបញ្ជាក់ទៀតថា «ថ្ងៃនេះមិត្តរួមអាជីពរបស់ខ្ញុំបានមានទុក្ខជាទំងន់ដោយម្តាយរបស់គាត់បានលាចាកលោកហើយដោយសារជំងឺរ៉ារ៉ៃ ក្នុងនាមខ្ញុំជាមិត្តរបស់គាត់សូមចូលរួមរំលែកទុក្ខ ហេីយនាងខ្ញុំក៏សូមអអញ្ចើញមិត្តសិល្បៈរួមអាជីពកុំភ្លេចទៅជួយចូលរួមផ្តល់ជាកម្លាំងចិត្តដល់សិល្បការិនីរបស់យើងគឺកញ្ញា ស៊ឺម ថៃណា ដែរកំពុងតែមានទុក្ខជាខ្លាំង»។

    គួរំឭកផងដែរថា ក្រោយពីការខិតខំអស់ពីលិទភាពរបស់ក្រុមគ្រូពេទ្យហើយ ក៏បានប្រាប់ឲ្យនាង និងក្រុមគ្រួសារត្រៀមចិត្តពីអាការជំងឺក្រលៀន និងបេះដូងរបស់ម្តាយបាត់ទៅហើយ។ នៅពេលឃើញសភាពម្តាយរបស់ខ្លួនពិបាកទ្រាំពេលជំងឺធ្វើទុក្ខ​ បានធ្វើឱ្យថៃហូរទឹកភ្នែកអាណិតម្តាយខ្លាំង តែមិនដឹងថាត្រូវជួយយ៉ាងម៉េច។ តែជាអកុសលនៅថ្ងៃ ម្ដាយរបស់ ថៃណា បានលាចាកលោកនេះបាត់ទៅហើយ។ ពីក្រុមការងារទស្សនាវដ្តី ឡារ៉ែន សូមចូលរូមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះ សូមឧទ្ទិសឱ្យវិញ្ញាណក្ខន្ធ អ្នកម្ដាយរបស់ ស៊ឹម ថៃណា អញ្ជើញទៅកាន់សុគតិភព ៕

  • សាលារៀនវេសឡាញន៍គ្រោងបន្ថែមកម្មវិធីប្រឹក្សាយោបល់ផ្នែកអប់រំ និងចិត្តសាស្ត្រ ដែលផ្ដោតសំខាន់លើជំងឺបាក់ទឹកចិត្ត

    សាលារៀនវេសឡាញន៍គ្រោងបន្ថែមកម្មវិធីប្រឹក្សាយោបល់ផ្នែកអប់រំ និងចិត្តសាស្ត្រ ដែលផ្ដោតសំខាន់លើជំងឺបាក់ទឹកចិត្ត

    នៅព្រឹកថ្ងៃទី 26 ខែឧសភា ឆ្នាំ 2018 នេះ សាលារៀនវេសឡាញន៍បានរៀបចំកម្មវិធី ការចុះអនុស្សរណៈ និងផ្សព្វផ្សាយកម្មវិធីប្រឹក្សាយោបល់ ផ្នែកអប់រំ និងចិត្តសាស្ត្រ ដែលមានការគោរពអញ្ចើញចូលរួមពីគណៈអធិបតី លោក លន់ ភារិន នាយកសិក្សាធិការវេសឡាញអេឌ្យូខេសិនគ្រុប នាយិកាសាលារៀនវេសឡាញសាខាច្បារអំពៅ លោកនាយកសាលារៀនវេសឡាញសាខាដូនពេញ និងលោកគ្រូអ្នកគ្រូសាលារៀនវេសឡាញន៍ រួមទាំងភ្ញៀវកត្តិយសជាអាព្យាបាល មាតា បិតា សិស្សទាំងអស់។

    កម្មវិធីទាំងមូលបានផ្ដោតសំខាន់ចំពោះការលើកទឹកចិត្តនៃការសិក្សា ការពិភ្សាអំពីបញ្ហាផ្លូវចិត្តដែលអាចប៉ះពាល់ចំពោះការសិក្សា និងសុខមាលភាពអារម្មណ៍របស់សិស្សនុសិស្សបានកើតមានជំងឺបាក់ទឹកចិត្ត។ សាលារៀនវេសឡាញន៍មិនត្រឹមតែយកចិត្តទុកចំពោះការសិក្សារបស់សិស្សតែមួយប៉ុណ្ណោះនោះទេ ខាងសាលាក៏បានគ្រោងរៀបចំកម្មវិធីសំណេះសំណាលជាមតិយោបល់ប្រឹក្សា ដែលផ្ដល់ជូនចំពោះមាតាបិតា និងអាព្យាបាលសិស្ស ក្នុងដោះស្រាយពីបញ្ហាផ្លូវអារម្មណ៍ ដែលជាហេតុនាំឱ្យមានការបាក់ទឹកចិត្ត រហូតឈានទៅដល់ជំងឺបាក់ទឹកចិត្តតែម្ដង។ ឆ្លើយតបជាមួយការសំណូមពរបស់អាព្យាបាលទាំងអស់ សាលារៀនវេសឡាញន៍បានសហការជាមួយ អ្នកជំនាញផ្នែកប្រឹក្សាយោបល់ បង្កើតកម្មវីធីប្រឹក្សាយោបល់ និងសេវាកម្មប្រឹក្សាយោបល់ផ្នែកចិត្តសាស្ត្រ ក្នុងគោលបំណងគាំទ្រសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់សិស្សតែម្ដង។

    គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឹក្សាយោបល់ដល់សិស្សានុសិស្ស ផ្នែកចិត្តសាស្ត្រ និងសម្ងាត់បំផុតនេះ គ្រោងចាប់ផ្ដើមបើកជាផ្លូវការណ៍ចាប់ពីខែ មិថុនា នេះតទៅហើយ ដោយមិនមានគិតថវិការនោះទេ ពោលគឺដើម្បីជួយសម្រួលសិស្សានុសិស្សដែលកំពុងតែសិក្សានៅក្នុងសាលារៀនវេសឡាញន៍ និង NorthLine នៅក្នុងតំបន់ដែលផ្ដោតលើគោលការណ៍សំខាន់ៗមួយចំនួនដូចជា៖ 1-ការប្រឹក្សាយោបល់ផ្នែកសិក្សាអប់រំ ( រៀនដើម្បីរៀន) ទី2-ការប្រឹក្សាយោបល់ផ្នែកសង្គម និងផ្លូវចិត្ត ( ការរៀនរស់នៅ) និងទី 3-ការប្រឹក្សាយោបល់ផ្នែកអាជីព ( ការរៀនធ្វើការ )។ ទាំងអស់នោះហើយ ដែលសាលារៀនវេឡាញ បានយកចិត្តទុក្ខដាក់ចំពោះការរស់ ការសិក្សា និងអនាគត់របស់សិស្ស ព្រមទាំងសុខភាពមាលភាពផ្លូវចិត្តរបស់ពួកគេផងដែរ ដើម្បីឱ្យជៀសផុតពីការកើតជំងឺបាក់ទឹកចិត្ត ដែលកំពុងតែសម្លាប់មនុស្សយ៉ាងកាចសាហាវដោយមិនដឹងខ្លួន៕

  • អ្នកដឹកនាំសម្ដែងនៅផលិតកម្មថោនពន្លះគណនីហ្វេសប៊ុកដាក់រូបលោកបន្លំបោកលុយគេ

    អ្នកដឹកនាំសម្ដែងនៅផលិតកម្មថោនពន្លះគណនីហ្វេសប៊ុកដាក់រូបលោកបន្លំបោកលុយគេ

    នៅមុននេះបន្ដិច អ្នកដឹកនាំសម្ដែងល្បីឈ្មោះ និងមានតំណែងធំនៅក្នុងផលិតកម្មថោន លោក វ៉ាត លីម៉េង បានសរសេរពន្លះគណនីហ្វេសប៊ុកក្លែងក្លាយមួយដែលបានប្រើប្រាស់រូបលោក និងបានបោកប្រាស់លុយគេអស់មួយចំនួនទៀតផង។​

    អ្នកដឹកនាំចម្រៀងរូបនេះបានប្រកាសនៅលើហ្វេសប៊ុកខ្លួនថា «ខ្ញុំទើបតែដឹងមុននេះបន្តិចថា​ Account ឈ្មោះ​Bong Rithyបានយករូបខ្ញុំមកលេង ​និងដាក់រូបខ្ញុំលើ Profile ហើយAccountហ្នឹងបានបោកលុយគេមួយចំនួនផងដែរ។ ខ្ញុំសូមជម្រាបថា ​account ឈ្មោះ​Bong Rithyមិនមែនជារបស់ខ្ញុំទេ(Accountខ្ញុំ មានតែមួយគត់ គឺ​VathLymeng ) ដូច្នេះរាល់ទង្វើ​ផ្សេងៗដែលបង្កឡើងដោយ​Account Bong Rithyខ្ញុំមិនទទួលខុសត្រូវឡើយ»។ លោកបន្ដបន្ថែមទៀតផងដែរថា «ខ្ញុំក៏សូមផ្តាំទៅអ្នកដែលយករូបខ្ញុំទៅលេងថា ឈប់បាន​ឈប់ទៅ កុំដើម្បីផលប្រយោជន៍ខ្លួនឯង យករូបខ្ញុំទៅដើរបោកគេអ៊ីចឹង។ ហើយក៏សូមផ្តាំទៅអ្នកលេង​Facebook ទាំងអស់គ្នាដែរថា មុននឹងលេងជាមួយអ្នកណាម្នាក់ សូមពិនិត្យមើលAccount គេឱ្យច្បាស់ផងថា ជាម្ចាស់ពិត ឬយករូបគេមកលេង ចៀសវាងការចាញ់បោកមនុស្សបាតសង្គមមួយចំនួនដែលយករូបគេមកលេង»។

    សូមជម្រាបបន្ថែមថា លោក វ៉ាត លីម៉េង អ្នកដឹកនាំសម្តែ​ងក្នុងផលិតកម្មថោន ដែលមានឈ្មោះបោះសំឡេងក្នុងការដឹកនាំផលិតកម្ម និងទូរទស្សន៍ថោន FullHD និងជាកូនកាត់ 4សាសន៍ ដោយឪពុកមានឈាមជ័រជាខ្មែរកាត់ឡាវ និងម្តាយជាចិនកាត់វៀតណាម៕

     

  • ករុណា ពេជ្រ ប្រកាសលក់ផ្ទះ និងដី 4ទីតាំងទៀតដើម្បីប្រមូលប្រាក់ព្យាបាលឪពុក

    ករុណា ពេជ្រ ប្រកាសលក់ផ្ទះ និងដី 4ទីតាំងទៀតដើម្បីប្រមូលប្រាក់ព្យាបាលឪពុក

    កន្លងមក​លោក ករុណា ពេជ្រ បានប្រកាស​លក់​ផ្ទះ​វីឡា​ដែលមាន​ទីតាំងនៅ​ជិត​វត្ត​សំរោង​អណ្តែត​​ជាវីឡាទោល ដើម្បីប្រមូលថវិកាព្យាបាលជំងឺឪពុកដែលកំពុងធ្ងន់ធ្ងរ ក៏ប៉ុន្តែមកដល់​ពេលនេះ​លោក​មិនទាន់​លក់ដាច់​នៅឡើយ ហើយអ្វីដែលធ្វើឱ្យសាធារណជន​ចាប់អារម្មណ៍​ថ្មីៗ​នេះ គឺ​តារាចម្រៀង​រូបនេះ​បាន​ប្រកាស​លក់​ផ្ទះចំនួន​ 2កន្លែង និង​ដី​ 2​កន្លែង​បន្ថែមទៀត។​

    លោក ករុណា ពេជ្រ បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថា «ហ៊ឺ ….ពេលមានលុយ គិតតែសន្សំលុយទិញ និងបង់រំលស់ផ្ទះ ព្រោះអត់មានជំនាញរកស៊ីដូចគេ ក៏ប៉ុន្តែដល់ពេលឥឡូវ ត្រូវការលុយ មានតែប្រកាសលក់ផ្ទះវិញហើយ… ហួសពីស្តាយ តែមិនដឹងធ្វើម៉េច…»។ លោកបន្ដថា «ខ្ញុំមានបំណងចង់លក់ផ្ទះ និងដីមួយចំនួន :

    1- វីឡាទោល EO,E1,E2 ផ្ទះកែង មានទីធ្លាធំទូលាយ មានទីតាំងក្នុងបុរីពិភពថ្មីសំរោងអណ្តែត2 ទំហំដី 18.40m – 33.40 m ជិតផ្សារបឹងបៃតង ហើយចំណាយពេលតែ 5នាទីដល់ផ្សារទំនើប AEON II និងផ្សារ Makro។

    2- ផ្ទះល្វែង Shop House EO,E1,E2 បុរីថៃឈុនគ្រី ផ្លូវបេតុង ជួរខាងមុខ អាចរកស៊ីបាន សល់តែ 3ខែរួចរាល់ (លក់តាមតម្លៃក្រុមហ៊ុនបច្ចុប្បន្ន ) ទំហំ 5mគុណ15m សល់មុខ 4 m ក្រោយ1.5 m ចុះពីផ្លូវធំឧកញ៉ាម៉ុងរិទ្ធី 200 m ហើយចំណាយពេលតែ 5នាទីដល់ផ្សារទំនើប AEON II និងផ្សារ Makro។

    3- ដីប្លង់វីឡា 20mគុណ30m ជាប់នឹងរបងបុរីពិភពថ្មីបឹងឈូក ចុះពីផ្លូវ 2011ប្រហែល 200 m ចំណាយពេលតែ 3 នាទី ពីផ្សារឈូកមាស តំបន់អភិវឌ្ឍន៍ខ្លាំង។

    4- ផ្ទះវីឡាភ្លោះខ្នាតធំ EO,E1,E2 ទ្វារ  ទូតាំង និងទូដាក់ខោអាវធ្វើពីឈើប្រណីតគ្រប់បន្ទប់ ទំហំដី 9.8m គុណ 21m ក្នុងបុរីពិភពថ្មីសំរោងអណ្តែត1 ជិតផ្សារបឹងបៃតង ហើយចំណាយពេលតែ 5 នាទី ដល់ផ្សារទំនើប AEON II និង ផ្សារ Makro។

    5- ផ្ទះវីឡាកូនកាត់ EO,E1,E2 ក្នុងបុរីប៉េងហួតវ៉េងស្រេង ទំហំផ្ទះ 4.9m គុណ 12m សល់មុខ 4m

    6- ដីធ្វើរោងចក្រ ឬសិប្បកម្ម ចាក់ដីហើយស្អាត នៅតំបន់ទីប្រជុំជនបាក់ដឹង ទីរួមស្រុកឧដុង្គ ទំហំ 2.3ហិកតា លើផ្លូវ 129 (ទំហំផ្លូវ 40m) ចុះពីផ្លូវជាតិ51 ប្រហែល 2 km។

    គួរបញ្ជាក់ផងដែរថា ឪពុក​របស់​តា​រា​ចម្រៀង ករុណា ពេជ្រ បាន​ធ្លាក់ខ្លួន​ឈឺ​រហូតដល់ដំណាក់កាលបាត់បង់​ការចងចាំ​ ហើយលោក​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យល្បី​មួយ​នៅ​ក្រុងភ្នំពេញ។ ក្រោយមក​លោក​ក៏​សម្រេចចិត្ត​ប​ញ្ជូ​ន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម តែ​ស្ថានភាព​ជំងឺ​នៅតែ​ធ្ងន់ធ្ងរ​ដដែល ធ្វើឱ្យ​លោក​មានការ​សោកស្តាយ​ជាខ្លាំង ។ ពេលនេះ​ករុណា ពេជ្រ បា​ននាំឪពុកមក​ព្យាបាល​នៅមន្ទីរពេទ្យក្នុង​ទីក្រុង​ភ្នំពេញ​វិញហើយ៕