Author: អេបិល

  • សៅ ឧត្តម យីអ៊ុនឡើងសម្ញែងរថយន្ដប្រណីតថ្មីសន្លាងតែម្ដង

    សៅ ឧត្តម យីអ៊ុនឡើងសម្ញែងរថយន្ដប្រណីតថ្មីសន្លាងតែម្ដង

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ តារាចម្រៀង និងជាអាយដលនៅក្នុងដួងចិត្តប្រិយមិត្តជាច្រើន គឺលោក សៅ ឧត្តម បានសម្ញែងរថយន្តប្រណីតមួយគ្រឿងថ្មោងថ្មី នៅលើបណ្តាញសង្គមហ្វេសប៊ុកខ្លួន ដែលគេអាចមើលឃើញថាជារថយន្ដពណ៌ខ្មៅដ៏ថ្មីសន្លាងតម្លៃខ្ទង់ម៉ឺនដុល្លារគួរឱ្យស្ញប់ស្ញែង។

    បន្ទាប់ពី​ក្លាយខ្លួនជា​តារាចម្រៀង​ក្ដោប​បាន​ប្រជាប្រិយភាព​ច្រើន តែ​ក្នុង​រយៈពេលមួយ​ប៉ប្រិចភ្នែកប៉ុណ្ណោះ ម្ចាស់បទចម្រៀង «សុំទោស» រូបនេះ ហាក់ដូចជា​មានការមមាញឹក​ច្រើន​ជាមួយនឹង​វិថី​សិល្បៈខ្មែរ អ្វីដែល​កាន់តែ​ពិសេសទៅទៀត​នោះ​គឺ តារាចម្រៀង​រូបនេះ កាន់​តែមាន​រូបរាង​ស្រស់​សង្ហា​ឆក់​ទាញ​បេះដូង​នារីៗ​ជាច្រើន​ឱ្យ​លង់​ស្នេហ៍​ទៀតផង។​ គួរបញ្ជាក់ផងដែរថា អតីត​បេក្ខជន​ដ៏​មាន​សមត្ថភាព​នៃ​កម្មវិធី​លំដាប់​ពិភពលោក Cambodian idol រដូវ​កាល​ទី1 សៅ ឧ​ត្ត​ម ពិតជាមានយីអ៊ុនឡើងស្រឺតៗមែន ហើយក៏កំពុងតែ​ទទួលបាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង​ពី​សំណាក់​ទស្សនិកជន ក្រោយពីលោកបានបញ្ចេញ​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​ចាក់​ដោត​បេះដូង​មហាជន​យ៉ាង​ពីរោះ​ៗជាច្រើនបទកន្លងមក។

    ជាការពិតណាស់ មកទល់ពេលនេះ ម៉ោងនេះ តារាចម្រៀងសម្បុរស្រអែមរូបសង្ហាវ័យ 29 ឆ្នាំរូបនេះ នៅមិនទាន់មានដំណឹងស្នេហ៍ជាមួយក្រមុំណាម្នាក់នៅឡើយទេ ឬមួយក៏លោកយកចិត្តទុកដាក់តែរឿងការងារសិនក៏ថាបាន ព្រោះកន្លងមកលោកធ្លាប់បានបង្ហើបពីប្រវត្តិតស៊ូនៅក្នុងវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ទម្រាំតែទទួលបានជោគជ័យនាពេលចុងក្រោយនេះ ដូច្នេះទើបហាក់បីដូចជាលោកផ្ដោតលើតែរឿងការងារដែលសំខាន់ជាងរឿងស្នេហាហ្នឹងឯង៕

  • អ៊ឹម ជីវ៉ា ចេញសារពន្លះនារីរូបស្រស់ និងចៅអធិការវត្តបរាជិក

    អ៊ឹម ជីវ៉ា ចេញសារពន្លះនារីរូបស្រស់ និងចៅអធិការវត្តបរាជិក

    បន្ទាប់ពីល្បីសុសសាយចំពោះព័ត៌មានករណីនារីរូបស្រស់វ័យក្មេងម្នាក់ មានទំនាក់ទំនងស៊ីជម្រៅជាមួយលោកសង្ឃចៅអធិការវត្ត ហើយបានថតវីដេអូស៊ីពោត និងបង្ហាញឱ្យឃើញពីសកម្មភាពអសីលធម៌នៅក្នុងសង្គម និងបំពានច្បាប់សាសនា ដែលធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំងទៅកាន់ព្រះសង្ឃរូបនោះ។ នៅក្នុងនោះដែរ តារាសម្ដែងប្រុស អ៊ឹម ជីវ៉ា ក៏បានបង្ហាញមតិខ្លះឱ្យមហាជនបានដឹងដែរថា នារីរូបស្រស់ម្នាក់នោះក៏ចូលរួមបំផ្លាញសាសនាផងដែរ មិនត្រូវឱ្យមានវិធានការចំពោះតែព្រះសង្ឃនោះទេ។

    តារាសម្ដែងប្រុសរូបនេះ បានធ្វើការលើកឡើងជាលំដាប់លំដោយទៅតាមសាច់រឿងថា ​«ម្តាយគាត់និយាយពេល Live ថា មានគេដណ្តឹងកូនគាត់ដប់-ម្ភៃនាក់ គាត់មិនឱ្យផង។ ឯកូននិយាយវិញថា ខ្ញុំបង្ហោះវីដេអូ និងរូបភាពនេះដោយសារតែលោកសង្ឃនេះទៅចោលខ្ញុំមួយខែហើយ តេក៏មិនលើក ពេលផ្សឹកលោកហើយ ខ្ញុំនឹងប្តឹងលោកពីបទចាប់រំលោភ»។ តាមមើលការ Live ខាងលើ គឺដោយសារនាងខឹងនឹងលោកសង្ឃបរាជិកនោះចង់ដោះដៃចោលនាង បាននាងធ្វើអ៊ីចឹង។ លោកបន្ដទៀតថា « ឱក្មួយស្រីដ៏ស្រស់ស្អាតអើយ ពាក្យចាស់លោកពោលថា ស្រឡនៗអើយកុំស្រឡាញ់លោក កំលោះគរគោកទុកលោកធ្វើបុណ្យ តែក្មួយកាលថតវិដេអូដូចសប្បាយណាស់ ហើយម៉េចបានចង់ប្តឹងលោកទៅវិញក្មួយ??» ។ ទាំងនេះជាការពេញចិត្តចំពោះទង្វើនារីរូបស្រស់ម្នាក់នោះ។

    អ៊ឹម ជីវ៉ា ក៏បានបន្ដនិយាយអំពីព្រះសង្ឃជាចៅអធិការបរាជិកនោះដែរថា «លោកសង្ឃបរាជិកក៏អ៊ីចឹងដែរ បួសរៀនធ្វើដល់ចៅអធិការវត្តហើយ ម៉េចមិនចាំពាក្យចាស់និយាយថា អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាតទេ បើស៊ីគេហើយម៉េចមិនឱ្យលុយគេ?»។ យ៉ាងណាក៏ដោយ តារាប្រុសរូបនេះបានធ្វើការសរុបសេចក្ដីតាមការយល់ឃើញរបស់លោកជារួមថា «បើសរុបមកទាំងអ្នកប្រព្រឹត្ត និងអ្នកដឹកនាំឱ្យគេប្រព្រឹត្តមានទោសដូចគ្នា ព្រោះនាងម្នាក់នេះក៏ចូលរួមបំផ្លាញព្រះពុទ្ធសាសនាដែរ ព្រោះអ្នកបួសនៅវត្ត រឿងអីនាងឱ្យដៃលោកដល់វត្ត?? សុំសរសើរក្មួយធ្វើស៊ីលោកសាហាវណាស់  លោកក៏អ៊ីចឹងដែរ បើដឹងថាខ្លួនជាសង្ឃហើយនៅប្រព្រឹត្តបែបនេះទៀត សមណាស់នឹងទទួលបែបនេះ»។

    គួរបញ្ជាក់ផងដែរថា នារីរូបស្រស់ដែលមានទំនាក់ទំនងជាមួយព្រះសង្ឃនោះ ត្រូវបានស្គាល់ឈ្មោះនៅក្នុងហ្វេសប៊ុកថា «Nhom Lyta» និងមានឈ្មោះពិតថា កែវ លីតា។ ចំណែកឯចៅអធិការវត្តដែលត្រូវបានគណៈដឹកនាំសង្ឃ និងមន្ត្រីធម្មការសម្រេចចាប់ផ្សឹកនៅវត្តភ្នំបាក់នោះ មាននាមថា ស្រិល វណ្ណា នៅក្នុងវត្តភ្នំបាក់ ខេត្តបន្ទាយមានជ័យ៕

     

     

  • អីយ៉ា! ផ្ទុះការសង្ស័យកូនប្រុសច្បង ព្រាប សុវត្ថិ មានទំនាក់ទំនងក្រៅសិល្បៈជាមួយតារាស្រីវ័យក្មេង

    អីយ៉ា! ផ្ទុះការសង្ស័យកូនប្រុសច្បង ព្រាប សុវត្ថិ មានទំនាក់ទំនងក្រៅសិល្បៈជាមួយតារាស្រីវ័យក្មេង

    កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេសង្កេតឃើញថា តារាចម្រៀងប្រុស សុវត្ថិ មុនីវណ្ណ ដែលជាតារាពន្លកថ្មីនៅក្នុងផលិតកម្មរស្មីហង្សមាស កំពុងតែរាយមន្ដស្នេហ៍របស់ខ្លួនដាក់អ្នកគាំទ្រស្រីៗខ្លាំងមែនទែន រហូតដល់ការបង្ហាញវត្តមាននៅតាមឆាកតន្ត្រីនីមួយៗ គេសង្កេតឃើញមានអ្នកគាំទ្រដែលភាគច្រើនស្រីៗនាំគ្នាមកចោមរោមលោកដូចជាស្រមោចរោមស្កអ៊ីចឹង។

    បើទោះបីជាទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈមិនទាន់បានប៉ុន្មានក៏ដោយ តែក៏កូនប្រុសច្បងលោក ព្រាប សុវត្ថិ រូបនេះហាក់បីដូចជាសម្បូរទីផ្សារចម្រៀងកាន់តែច្រើនឡើងៗ រហូតដល់អាចនិយាយបានថា ច្រើនជាងតារាល្បីៗមួយចំនួនទៅទៀត។  មិនត្រឹមតែប៉ុណ្ណោះ នៅពេលថ្មីៗនេះស្រាប់តែលេចឮដំណឹងថា លោក សុវត្ថិ មុនីវណ្ណ មិនត្រឹមតែមានការចាប់អារម្មណ៍ពីអ្នកគាំទ្រស្រីៗនោះទេ សូម្បីតែតារាស្រីៗជាច្រើនដួងទៀត ក៏ចាប់អារម្មណ៍ចំពោះរូបលោកដែរ និងថែមទាំងប៉ុនប៉ងបំណងចាប់ជាដៃគូចម្រៀងនៅលើឆាកជាមួយលោកទៀតផង។

    ជាក់ស្ដែងនៅក្នុងនោះដែរ តារាសម្តែងស្រីវ័យក្មេងកញ្ញា នូណា បានបង្ហោះរូបភាពនៅលើអ៊ីនស្ដាក្រាមរបស់ខ្លួន ដែលអមដោយរូបលោក  សុវត្ថិ មុនីវណ្ណ ផងនោះបានអះអាងថា «មកដល់ឆាប់ៗ» បានបណ្ដាលឱ្យផ្ទុះការសង្ស័យនៅលើអ៊ីនស្ដាក្រាមរបស់នាង ដោយមានការលើកឡើងថា  «សង្ស័យតែអ្នកទាំងពីរមានទំនាក់ទំនងក្រៅឆាកទេដឹង បានជាស្និទ្ធស្នាលគ្នាខ្លាំងម្ល៉េះ»។ តែបើតាមការសង្កេតមើលអត្ថន័យនៃសាររបស់នាងវិញ ហាក់ដូចជាមិនមានពាក់ព័ន្ធនឹងរឿងស្នេហាក្រៅឆាកនោះទេ ទំនងជាអ្នកទាំងពីរបានថត MV ឬក៏បានច្រៀង និងសម្ដែងរួមគ្នាតែប៉ុណ្ណឹងឯង។

    គួរបញ្ជាក់ផងដែរថា ការសង្ស័យនេះ នៅតែមិនទាន់មានការស្រាយបញ្ជាក់ពីសាមីខ្លួននៅឡើយ នាងទំនងជាចង់ឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលសិន។ សារព័ត៌មានឡារ៉ែន និងព្យាយាមសុំការបំភ្លឺបន្ថែមទៀតពីតារាស្រី នូ ណា និងលោក សុវត្ថិ មុនីវណ្ណ ជុំវិញការលើកឡើងរបស់អ្នកគាំទ្របែបនេះ៕

  • ឌី សូនីតា ស្អប់ណាស់មនុស្សដែលដៀលនាងថា រមិលគុណ…

    ឌី សូនីតា ស្អប់ណាស់មនុស្សដែលដៀលនាងថា រមិលគុណ…

    មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រី ឌី សូនីតា ត្រូវបានគេកត់សម្គាល់ឃើញថា មានប្រជាប្រិយភាព និងទទួលបានក្ដីស្រឡាញ់ខ្លាំងពីសំណាក់អ្នកគាំទ្រ រហូតដល់នាងទទួលបានការងារជាច្រើនក្នុងវិស័យសិល្បៈ។ បើទោះបីជា តារាស្រីរូបនេះមានភាពមមាញឹកជាមួយនឹងការងារក៏ដោយ ក៏នាងនៅតែធ្វើឱ្យអ្នកគាំទ្ររូបនាងរំភើបចិត្ត និងកោតសរសើរពីទំហំទឹកចិត្តរបស់នាងចំពោះការស្រឡាញ់ក្មេងៗដែរ។ ដោយកាលពីពេលថ្មីៗនេះ នាងបានផ្តួចផ្តើមជួយកសាងសាលារៀនមួយខ្នង មាន 4បន្ទប់ ដែលមានទីតាំងស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺសាលារៀន ល្អាងបុរេ។

    តារាស្រីសម្បុរស្រអែមស្រស់រូបនេះ ជាមួយនឹងសប្បុរសជនជាច្រើនទៀត បានទៅចូលរួមសម្ពោធសាលារៀនថ្មីដែលទើបនឹងសាងសង់រួចនោះ និងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើហ្វេសប៊ុករបស់ខ្លួន។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រក្ដុកក្ដួលរំជួលអារម្មណ៍បំផុតនោះ គឺសារដ៏វែងអន្លាយរបស់នាង ដែលបានសរសេរថា «នាងជាមនុស្សម្នាក់តែងតែញញឹម តែងតែសង្ឃឹម តែងតែរំពឹងថាគង់មានថ្ងៃមួយ។ នាងជាមនុស្សម្នាក់មិនដែលចេះព្រួយ ទោះបីជាគ្មានជំនួយជាក់ស្តែង។នាងជាមនុស្សម្នាក់តែងតែសម្តែង មិនដែលខ្លាចក្រែងទោះបីខ្លួនឯងមានទុក្ខប៉ុនណា។ នាងជាមនុស្សម្នាក់តែងតែជឿជាក់ទោះបីខ្លួនធ្លាក់ក្នុងរណ្តៅក្តី។ នាងជាមនុស្សម្នាក់តែងថាអត់អី ទោះបីជាស្រីហត់នឿយគ្រប់ប្រការ។ នាងជាមនុស្សម្នាក់តែងលើកទឹកចិត្ត ទោះបីការពិតនាងឈឺចាប់ផ្សា»។ ទាំងអស់នេះហើយ ជាពាក្យដែលនាងបានលើកទឹកចិត្តខ្លួនឯង និងប្រាប់ឱ្យមហាជនបានដឹង។

    តារាស្រី ឌី សូនីតា បានបន្ដបញ្ជាក់នៅក្នុងសម្ដីខ្លួនទៀតថា «នាងជាមនុស្សម្នាក់តែងតែឧស្សាហ៍ ទោះក្រយ៉ាងណាក៏នាងខំប្រឹង។ នាងជាមនុស្សម្នាក់តែងតែដឹងគុណ ទោះបីគុណនោះតូចទាបប៉ុនណា។ នាងជាមនុស្សម្នាក់ស្អប់ពាក្យមុសា ពាក្យនោះហៅថា មនុស្សរមិលគុណ។ ចុះនាងម្នាក់នោះគឺជាអ្នកណា?»។ អូហូ! ពិតជាពាក្យសម្ដីចាក់ដោតមែនទែន!!

    សូមជម្រាបបន្ថែមថា តារាសម្តែងកញ្ញា ឌី សូនីតា ជាតារាស្រីមួយដួងដែលមានទេពកោសល្យសិល្បៈដ៏សម្បូរបែប ចេះទាំងនិពន្ធ និងបកស្រាយបទចម្រៀងទៀតផង។ រួមជាមួយទេពកោសល្យ និងរូបសម្រស់ស្រស់ស្អាតពីធម្មជាតិផងនោះ កញ្ញា ឌី សូនីតា តែងតែត្រូវប៉ាន់ក្នុងការថតខ្សែភាពយន្ត ថតស្ពតពាណិជ្ជកម្ម និងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន៕

  • លឹម ជាឡាយ ចេញសារប្រកាស ដាច់់ខាតមិនសម្ដែងជាមួយតួណាមានចរិតកូរ

    លឹម ជាឡាយ ចេញសារប្រកាស ដាច់់ខាតមិនសម្ដែងជាមួយតួណាមានចរិតកូរ

    ពិតជាបង្កភាពភ្ញាក់ផ្អើលខ្លាំងមែន នៅពេលដែលតារាសម្ដែង និងខាងផលិតកម្ម LD បានចេញសេចក្ដីប្រកាសរបស់ខ្លួន ដោយសារតែតារាសម្ដែងនៅក្នុងរឿង «គូសេ្នហ៍បម្រុង» ដែលកំពុងដំណើរការថត និងគ្រោងចាក់បញ្ចាំងនៅលើកញ្ចក់ស្ថានីយទូរទស្សន៍ CTN និងដែលមិនត្រូវបានបញ្ចេញឈ្មោះចំៗនោះ បានបោកគ្រាប់បែករត់បាត់ មិនព្រមចូលខ្លួនមកសម្ដែងតាមពេលវេលាកំណត់របស់ខាងផលិតកម្ម។

    លោក លឹម ជាឡាយ ដែលជាតួសម្ដែងឯកប្រុសនៅក្នុងរឿងខាងលើនេះ បានចេញសារនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួននៅពេលថ្មីៗពាក់ព័ន្ធជាមួយបញ្ហានេះថា «ខ្ញុំបាទ លឹម ជាទ្បាយ ដែលមានឱកាសបានសម្តែងក្នុងរឿង គូសេ្នហ៍បម្រុង ដែលនឹងចាក់នៅ CTN TV ក្នុងពេលឆាប់ៗនេះ។ រូបខ្ញុំបាទមានមតិយោបល់ខ្លះៗ សម្រាប់តួមួយចំនួនតូចដែលមិនគោរពការងារ មិនមានការទទួលខុសត្រូវលើការងារខ្លួនឯង លទ្ធផលទៅថៃ្ងក្រោយនឹងបាត់បង់អី្វៗគ្រប់យ៉ាង និងមនុស្សជុំវិញខ្លួនទៀតផង»។ លោកបានបន្ដរៀបរាប់ប្រាប់ដល់មហាជនអ្នកគាំទ្ររូបលោកទៀតថា  កិត្តិយស សំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ បើសិនជាអ្នកធ្វើបែបនេះ តើកិត្តិយសរបស់អ្នកទុកនៅឯណា…។ លោកថា ក្នុងនាមលោកជាសិល្បករម្នាក់ លោកសូមមិនបញ្ចេញឈ្មោះតួដែលមានបញ្ហានោះនៅពេលនេះទេ តែថា បើដឹងខ្លួន សូមចូលខ្លួនមកដោះស្រាយបញ្ហាទាំងអស់ឱ្យចប់សព្វគ្រប់សិនទៅ…មិនដូច្នោះទេ លោកនឹងបង្ហាញឈ្មោះតួម្នាក់នោះនៅពេលក្រោយ។

    គួរបញ្ជាក់ផងដែរថា លោក លឹម ជាឡាយ ជាតារាសម្ដែងម្នាក់មានប្រជាប្រិយភាពខ្លាំងសម្រាប់ទស្សនិកជនមិត្តៗយុវវ័យ តាមរយៈការសម្ដែងរឿងភាគជាច្រើនឱ្យស្ថានីយទូរទស្សន៍ធំៗក្នុងស្រុក និងធ្លាប់បានសម្ដែងភាពយន្តខ្នាតធំជាច្រើនរឿងទៀត ដែលភាគច្រើនលោកសម្ដែងជាតួឯកតែម្ដង។ លោកបានប្រកាសក្ដែងៗទៀតថា «ខ្ញុំបាទ លឹម ជាឡាយ LCL មិនចង់ថតជាមួយតួណាដែលកូរគេអ៊ីចឹងទេ វាហត់ណាស់ កុំប្រើពាក្យថា មិនចង់អី គឺអត់ម៉ង…ប្រកាសទុកមុន មិនចូលចិត្តទេ ធ្វើអ៊ីចឹងបានអីមកវិញ» បានសេចក្ដីថា លោកនឹងមិនសម្ដែងជាមួយតួអង្គចរិតកូរក្រុមកាងារបែបនេះទៀតទេ សំខាន់លោកជាមនុស្សគោរពពេលវេលា៕

  • Ake ជួយ​ឱ្យ​ហូឡង់ បញ្ចប់​ក្នុងលទ្ធផល​ស្មើ​ជាមួយ​នឹង​​អ៊ី​តាលី

    Ake ជួយ​ឱ្យ​ហូឡង់ បញ្ចប់​ក្នុងលទ្ធផល​ស្មើ​ជាមួយ​នឹង​​អ៊ី​តាលី

    ខ្សែ​ការ​ពារ Nathan Ake បាន​តែត​បាល់​បញ្ចូល​ទីនៅ​ពេលជិត​បញ្ចប់​ការ​ប្រកួត ខណៈដែល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ហូ​ឡង់ បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ជា​មួយ​នឹងក្រុម អ៊ី​តាលី​ដែលនៅ​សល់ស​មា​ជិក​ត្រឹម​តែ​ 10នាក់ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ​កាល​ពី​ថ្ងៃ​ចន្ទ ក្នុង​ទីក្រុង Turin រវាងក្រុម​​ល្បី ​2 ដែល​សុទ្ធ​សឹង​មិន​បាន​ឈ្នះ​កៅអី​ទៅលេង​ក្នុង​យុទ្ធ​នា​ការ World Cup ដូច​គ្នា​។

    កីឡាករ Simone Zaza បាន​ជួយ​ឱ្យក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី មានគ្រាប់​បាល់​នាំមុខ​មុន​នៅ​នាទីទី​67 នា​កីឡដ្ឋាន Allianz របស់​ក្លិប Juventus ប៉ុន្តែក្រុម​ម្ចាស់​ផ្ទះ​បាន​ជួប​បញ្ហា​វិញក្នុង​រយៈពេល​ 2​នាទី​ក្រោយមក នៅ​ពេល​ដែល​​ខ្សែ​​ការ​ពារ Domenico Criscito បាន​រង​ពិន័យកាតក្រហម​បណ្តេញ​ចេញ​សម្រាប់​ការ​​ប្រព្រឹត្ត​កំហុស​ទៅ​លើ​កីឡាករ Ryan Babel​។ ខ្សែ​ការ​ពារ Ake របស់​ក្លិប Bournemouth បាន​រក​គ្រាប់​បាល់​តាមស្មើ​វិញ​ក្នុង​រយៈពេល​ 2​នាទី​​ចុងក្រោយនៃការប្រកួតដែលប៊ិះនឹងចូលដល់វគ្គបន្ថែមម៉ោងទៅហើយ​។

    ក្រុម​ទាំង​2 សុទ្ធ​សឹង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ស្រោច​ស្រង់​ដូច​គ្នា ក្រោយពី​ខក​ខាន​ក្នុង​ការ​ឈ្នះ​កៅអី​ទៅ​លេង​ក្នុង​ព្រឹត្តិការណ៍ World Cup ជុំ​ផ្តាច់ព្រ័ត្រ ក្នុង​ប្រទេស​រុស្ស៊ី​។ ​ការ​ប្រកួត​ 3លើក​ដំបូង​របស់​គ្រូបង្វឹក​ថ្មីនៃក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី​លោក Roberto Mancini បាន​បញ្ចប់​ដោយ​កា​រ​យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​អា​រ៉ាប៊ី​សា​អ៊ូ​ឌីត 2-1 ចាញ់ក្រុម​ជម្រើស​ជាតិ​បារាំង 3-1 និង​ស្មើ 1-1 ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ហូ​ឡង់​។ លោក Mancini បាន​ឱ្យ​ដឹង​ថា៖ «វា​ជា​ការ​ប្រកួត​មិត្ត​ភាពមួយ ហើយ​ខ្ញុំ​មិន​ដឹង​ថា វា​ពិត​ជា​​ត្រូវ​ពិន័យដោយ​កាត​ក្រហម ឬ​យ៉ាង​ណា​ឡើយ​»​៕

    ប្រភព​ពី៖ Channel News Asia

  • លោក Zidane ចាក​ចេញ ដោយ​សារ​​តែ​ឈ្លោះ​ជាមួយ​លោក Perez រឿង Hazard និង De Gea

    លោក Zidane ចាក​ចេញ ដោយ​សារ​​តែ​ឈ្លោះ​ជាមួយ​លោក Perez រឿង Hazard និង De Gea

    លោក Zinedine Zidane បាន​​លា​លែង​ពី​តំណែងអ្នក​ចាត់​កា​រទូទៅ​របស់​ក្រុម Real Madrid ក្រោយ​ពី​មាន​ជម្លោះ​​ជាមួយ​នឹង​លោក Florentino Perez ជុំ​វិញ​​គោល​ន​យោ​បាយ​ដោះ​ដូរ​កីឡាករ​របស់​ក្លិប ពាក់ព័ន្ធនឹង​តារា​ឆ្នើម Eden Hazard និង​អ្នក​ចាំ​ទី David De Gea​។ នេះ​បើយោង​​តាម​​ប្រភព​ព័ត៌​មាន​​នានា​។

    ក្រោយ​ពី​បានដឹកនាំ​ឱ្យក្រុម Real Madrid លើកពាន Champions League ចំនួន 3លើក​ជាប់​ៗ​គ្នា​ តាម​រយៈ​ការ​យកឈ្នះ​ក្នុងលទ្ធ​ផល 3-1 លើ​ក្រុម Liverpool រួចមកលោក Zidane បាន​លា​លែង​ពី​តំណែង​ជា​គ្រូបង្វឹក​ដ៏មិន​នឹក​ស្មាន​ដល់​កាល​ពី​ចុង​សប្តាហ៍មុន​។ លោក Perez ប្រធាន​ក្លិប Real បាន​ទទួល​ស្គាល់​ថា ការ​​សម្រេច​ចិត្តនេះត្រូវ​បាន​ធ្វើ​​ឡើង​ដោយ​មិននឹកស្មានដ​ល់​ ស្រប​ពេលដែល​លោក Zidane បាន​ធ្វើ​ការ​បដិ​សេធក្នុង​ការ​ប្រកាស​ពីមូលហេតុដែលនាំឱ្យ​លោក​សម្រេចចិត្ត​លា​លែង​ពី​តំណែងនាពេលនោះ​។ បើ​យោង​​តាម​បណ្តាញ​សារ​ព័ត៌​មាន The Sun បានឱ្យដឹងថា លោក Zidane និង​លោក Perez បាន​ប៉ះ​ទង្គិច​ពាក្យ​​សម្តី​គ្នា នៅ​ពេល​ល្ងាច​ថ្ងៃព្រហស្បតិ៍មុន​ពេល​​ការ​ចាក​ចេញ​របស់​អតីត​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​បារាំង​រូបនេះ​​។

    កា​សែត​ដដែល​បាន​ចេញផ្សាយ​ថា លោក Zidane​ បាន​ស្នើ​សុំ​ឱ្យ​លោក Perez ចុះ​ហត្ថលេខា​ជាមួយ​នឹង Hazard ប៉ុន្តែ ​ប្រធាន​ក្លិប​​របស់ Real Madrid បាន​​បដិ​សេធ​ក្នុង​ការ​​ផ្ទេរតា​រាឆ្នើម​របស់​ក្លិប Chelsea រូបនេះ​​ ដោយលោក Perez បាន​បញ្ជាក់​ប្រាប់ទៅ​លោក Zidane វិញថា លោក​ចង់​​ធ្វើ​ការ​ព្យា​យាម​​មួយ​ផ្សេង​ទៀត​ដើម្បី​ចុះ​ហត្ថលេខា​ជាមួយ​នឹង​អ្នក​ចាំ​ទី De Gea  ប៉ុន្តែគ្រូបង្វឹក​សញ្ជាតិ​​បារាំង​រូបនេះ ចង់​រក្សា​ទុក KeylorNavas​។

    បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់ The Sun បានបញ្ចប់សេចក្ដីថា លោក Zidane បាន​បញ្ចប់​ជម្លោះ​នោះតាម​រយៈ​ការ​ប្រាប់ទៅ​លោក Perez ថា៖ «ខ្ញុំ​និយាយ​ចប់​ហើយ​…លោក​មើល​ថែ​ក្រុម​នេះ​ដោយ​ខ្លួន​ឯង​ចុះ​»​៕

    ប្រភព​ពី​៖ Metro

  • ទស្សនាការធ្វើស្នាមរបួសក្លែងក្លាយលើសាច់គូទលោកពូ សាន ម៉ៅ ក្នុងរឿង «ចិញ្ចៀនខ្មោច»

    ទស្សនាការធ្វើស្នាមរបួសក្លែងក្លាយលើសាច់គូទលោកពូ សាន ម៉ៅ ក្នុងរឿង «ចិញ្ចៀនខ្មោច»

    ខ្សែភាពយន្តរឿង«ចិញ្ចៀនខ្មោច»របស់ផលិតកម្មLD ទើបតែដាក់បញ្ចាំងសោះ តែមានអ្នកទស្សនាយ៉ាងណែនៗរោងតែម្ដង ដោយប្រិយមិត្តអ្នកគាំទ្រភាគច្រើនបាននិយាយថា ភាពយន្តមួយនេះល្អមើលណាស់ និងនិយាយថា ឈុតឆាកនៅក្នុងសាច់រឿងមិនសូវគួរឱ្យខ្លាចខ្មោចប៉ុន្មានទេ ប៉ុន្តែគេខ្លាចទឹកមុខកូនស្រីលោក ពែកមី ខ្លាំងជាង ដោយសារតែគ្រប់ឈុតដែលនាងបានសម្ដែងជាតួខ្មោចចូល គឺសមមែនទែន មិនខុសពីមនុស្សខ្មោចចូលពិតៗឡើយ។ ម៉្យាងទៀតនៅមានឈុតឆាកសំខាន់មួយទៀត ដែលអ្នកទស្សនាសរសើរថា គួរឱ្យខ្លាចជាងគេនោះគឺ ឈុតដែលលោកពូ សាន ម៉ៅ ធ្លាក់ពីលើចានបង្គន់នៅក្នុងបន្ទប់ ហើយរយះសាច់គូទ ព្រោះមុតនឹងបំណែកចានបង្គន់នោះតែម្ដង ដោយអ្នកដឹកនាំរឿងបានបង្ហាញឈុតនេះស្ដែងៗតែម្ដងនៅក្នុងសាច់រឿង។

    តាមការពិតទៅ ឈុតនៅក្នុងរឿងនីមួយៗ សុទ្ធតែមានការគ្រោងទុក និងបច្ចេកទេសផ្សេងៗនៅក្នុងការសម្ដែង ដោយថ្មីៗនេះខាងអ្នកបច្ចេកទេសរបស់ផលិតកម្ម LD បានទម្លាយវីដេអូខ្លីមួយឈុតចេញមក ដែលបង្ហាញឱ្យឃើញបច្ចេកទេសទាំងមូលក្នុងការធ្វើស្នាមរបួសក្លែងក្លាយលើសាច់គូទលោកពូ សាន ម៉ៅ ដែលមើលទៅមានសភាពដាច់រយះដូចមែនទែន មើលទៅគួរឱ្យស្រៀវស្រាវព្រឺព្រួចជាមួយនឹងឈាមក្រហមឆ្អៅពិតៗមែនទែន។ មតិមហាជនជាច្រើនដែលនឹកស្មានមិនដល់ថាជាការថត និងជាការធ្វើសាច់របួសក្លែងក្លាយនេះ បាននិយាយថា «ខណៈដែលមើលរឿងនេះនៅក្នុងរោងកុនហើយ គឺពិតជាស្រៀវជំនួសលោក សាន ម៉ៅ ខ្លាំងណាស់ ។ ធ្លាក់មែនទែន និងឈាមមែនទែន»។

    ដើម្បីស្រាយចម្ងល់ពីបច្ចេកទេសពិសេសមួយនេះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • ស្អាតម្លឹងហើយ កញ្ញា បាន មុន្នីល័ក្ខ នៅវះកាត់ក្ដោងច្រមុះបន្ថែមទៀត?

    ស្អាតម្លឹងហើយ កញ្ញា បាន មុន្នីល័ក្ខ នៅវះកាត់ក្ដោងច្រមុះបន្ថែមទៀត?

    អតីតបេក្ខនារី ក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី1 ដ៏ស្រស់សោភា កញ្ញា បាន មុន្នីល័ក្ខ បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញរូបភាពនាងពីកន្លែងកែសម្ផស្សដ៏ធំមួយនៅក្នុងស្រុក។ ជាក់ស្ដែង ដោយយោងតាមការបង្ហោះរូបភាពជាច្រើនរបស់កន្លែងកែសម្ផស្សនោះដែរ បានបញ្ជាក់ប្រាប់ឱ្យដឹងថា តារាចម្រៀងសំឡេងស្រទន់ មានមន្តស្នេហ៍រូបនេះ បានទៅទទួលសេវាកម្មវះកាត់ លើកខ្ទង់ច្រមុះឱ្យស្រួចស្អាត ដើម្បីឱ្យរូបសម្រស់របស់នាង កាន់តែមានភាពទាក់ទាញថែមឡើងមួយកម្រិតទៀត។

    គួរបញ្ជាក់ផងដែរថា សម្រាប់អាជីពជាសិល្បករ-សិល្បការិនី រូបសម្រស់ គឺជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការអាចទាញយកប្រជាប្រិយភាព និងការចាប់អារម្មណ៍ច្រើន ពីក្រសែភ្នែកមហាជន។ ប្រសិនបើរូបសម្រស់ មិនសូវស្រស់ស្អាត ពួកគេនឹងខិតខំរិះរកវិធីសាស្រ្ត ដើម្បីធ្វើការកែខៃឱ្យមានលក្ខណៈល្អប្រសើរ ដើម្បីឱ្យកាន់តែមានទំនុកចិត្តលើខ្លួនឯង គ្រប់ពេលឈរចំពោះមុខមនុស្សទាំងឡាយដែលនៅជុំវិញខ្លួន។ ដូចគ្នានោះដែរ គេសម្គាល់ឃើញថា ចំពោះសិល្បករ-សិល្បការិនី ជាច្រើននាក់បានសម្រេចជ្រើសរើសយកវិធីសាស្រ្តកែច្រមុះ ចាក់ចង្កាឱ្យស្រួច កែទម្រង់មុខអក្ស V ជាដើម ដើម្បីឱ្យមានផ្ទៃមុខស្រស់ស្អាត បើទោះបីជាពួកគេមានសម្រស់ស្រស់ស្អាតពីធម្មជាតិ រួចទៅហើយក៏ដោយ។

    សូមជម្រាបបន្ថែមថា តាមរយៈរូបភាពដែលបានបង្ហាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺយើងនៅមិនទាន់ដឹងបានថាតើលទ្ធផលក្រោយការវះកាត់លើកខ្ទង់ច្រមុះរបស់តារាស្រីរូបនេះយ៉ាងណានៅឡើយទេ តើអាចនឹងមានភាពស្រស់ស្អាតបែបណា ព្រោះថា ពេលនេះសភាពមុខរបួសវះកាត់របស់នាង នៅមិនទាន់ជាសះស្បើយនៅឡើយទេ ៕

  • ម្ចាស់បទ «រាំជាន់អាចម៍ឆ្កែ» cover ចម្រៀងថ្មី ល្បីខ្លាំងមានអ្នកចូលទស្សនារាប់លានដង

    ម្ចាស់បទ «រាំជាន់អាចម៍ឆ្កែ» cover ចម្រៀងថ្មី ល្បីខ្លាំងមានអ្នកចូលទស្សនារាប់លានដង

    ម្ចាស់បទចម្រៀង «រាំជាន់អាចម៍ឆ្កែ» លោក ជេន រ៉ូហ្វើ  មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា ប្រជាប្រិយភាពរបស់លោកកំពុងតែទទួលបានការគាំទ្រពីសំណាក់មជ្ឈដ្ឋានមហាជនយ៉ាងខ្លាំងក្លា ដោយសារតែពេលថ្មីៗនេះ លោកបានបញ្ចេញបទថ្មី ដែលជាចម្រៀង Cover ពីតារាចម្រៀងល្បីនៅក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីសា មានចំណងជើងថា «កំដរខ្ញុំបន្តិចបានទេ» ហាក់ដូចជាមានសម្ទុះនៃការគាំទ្រខ្លាំងរហូតសឹងអាចនិយាយបានថា ខ្លាំងជាងម្ចាស់បទដើមទៅទៀត ខណៈបទនេះបានបង្ហោះចូលក្នុងបណ្ដាញសង្គម You Tube មានអ្នកចូលទស្សនា រហូតទៅដល់រាប់លាននាក់ និងមានការចែករំលែកតៗគ្នាជាច្រើនទៀត ស្ទើរមិនគួរឱ្យជឿ។

    បទចម្រៀងស៊ីអារម្មណ៍យុវវ័យមួយនេះ បានស្ដែងឱ្យឃើញពីការស្រឡាញ់ចូលចិត្តនូវសំឡេងដ៏ធ្ងន់ និងមានទឹកដមក្រអួនក្រអៅរបស់តារាចម្រៀងសម្បុរស្រអែមស្រស់មួយដួងនេះ។ លោកបានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ថា «ពិតជាមានក្ដីរំភើបខ្លាំងបំផុត ខណៈដែលអំឡុងពេលចូលឆ្នាំ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានស្គាល់ខ្ញុំបាទតាមរយៈបទ «រាំជាន់អាចម៍ឆ្កែ» ម្ដងរួចមកហើយ រហូតដល់មានការអញ្ចើញសម្ដែងនៅតាមឆាកតន្ត្រីធំៗ នៅតាមខេត្ត-ក្រុងទូទាំងប្រទេសទៀតផង។ នៅពេលដែលខ្ញុំបានបញ្ចេញបទចម្រៀងលំនាំ ឬCover ថ្មីបែបស្ដាយល៍បុរសមួយនេះ ក៏ពិតជាហួសពីការរំពឹងទុកទៅទៀត ព្រោះមិននឹកស្មានដល់ថា ប្រិយមិត្តនៅតែស្រឡាញ់ រង់ចាំគាំទ្របទចម្រៀងថ្មីៗរបស់ខ្ញុំយ៉ាងដូច្នោះសោះ»។

    គួរបញ្ជាក់ផងដែរថា ទោះជាតារាចម្រៀងប្រុសរូបនេះនៅមិនទាន់បានចេញបទថ្មីខ្លួនឯងជាបន្តបន្ទាប់ក្ដី ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកក្នុងវិស័យសិល្បៈហាក់ដូចជាមានភាពល្បីល្បាញគួរសម មិនចាញ់តារាចម្រៀងនៅក្នុងផលិតកម្មធំៗមួយចំនួនឡើយ។ ហើយនៅពេលថ្មីៗខាងមុខនេះទៀត លោកគ្រោងបញ្ចេញបទចម្រៀងនិពន្ធ ដែលមានអត្ថន័យចាក់ដោតអារម្មណ៍យុវវ័យ និងរំពឹងថា អ្នកគាំទ្រនៅតែរង់ចាំស្ដាប់ និងទស្សនាបទចម្រៀងថ្មីរបស់លោកជាបន្តទៀត៕

    https://youtu.be/LyzmM6AqS7Q