Author: អេបិល

  • ពុទ្ធោ !! ឌីជេ អាលីយ៉ា  ធ្លាក់ខ្លួនឈឺខ្លាំងរហូតគ្មានប្រាក់សម្រាកព្យាបាល

    ពុទ្ធោ !! ឌីជេ អាលីយ៉ា  ធ្លាក់ខ្លួនឈឺខ្លាំងរហូតគ្មានប្រាក់សម្រាកព្យាបាល

    តាមរយៈការទម្លាយរូបភាពជាច្រើនរបស់តារាស្រី ឌីជេ អាលីយ៉ា បានឱ្យដឹងថា ខណៈនេះនាងកំពុងធ្លាក់ខ្លួនឈឺខ្លាំងសម្រាកព្យាបាលនៅលើគ្រែមន្ទីរពេទ្យ និងពុំមានសូម្បីប្រាក់ព្យាបាល ដែលបង្កឱ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

    បើតាមប្រភពមួយបានបញ្ជាក់ឱ្យដឹងថា តារាស្រីរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារជម្ងឺរលាកទងសួតរ៉ាំរ៉ៃ និងធ្វើទុក្ខរហូតធ្វើឱ្យរូបនាងធ្លាក់ខ្លួនស្គមស្លេកស្លាំងបែបនេះ ស្របពេលដែលរូបនាងនៅតែទន្ទឹងរង់ចាំយុត្តិធម៌ពីច្បាប់។ ខណៈបានធ្លាក់ខ្លួនឈឺធ្ងន់បែបនេះ ប្រភពដដែលបានប្រាប់ថា នាងនៅសម្រាកព្យាបាលតែម្នាក់ឯង ដោយគ្មានញាតិណានៅចាំមើលថែរក្សា និងគ្មានប្រាក់បង់ថ្លៃព្យាបាលឡើយ។

    គួរបញ្ជាក់ផងដែរថា អតីតផលិតករភាពយន្ត និងជាអ្នកលក់សម្លៀកបំពាក់ធំមួយរូបនេះ ត្រូវធ្លាក់ខ្លួនឈឺយ៉ាងដុនដាបអស់ប្រាក់ពីខ្លួនសូម្បីតែរកលុយទិញបាយហូបស្ទើរតែគ្មានផង ហើយគ្រឿងសម្អាង និងសម្លៀកបំពាក់ត្រូវម្ចាស់់ផ្ទះជួលរឹបអូសអស់ទៀតផង។ នេះអស់រយៈពេលជាង 2 ឆ្នាំមកហើយដែលឌីជេ អា​លី​យ៉ា ធ្លាប់ជួបប្រទះរឿងដ៏អាក្រក់ ដោយនាង​ធ្លាប់ត្រូវបានអតីត​សង្សារវាយដំ និង​រង​នូវ​ភាព​អយុត្តិធម៌​ ថែមទាំងត្រូវគេ​រឹប​អូប​ទ្រព្យ​សម្បត្តិ​ដែល​នាង​ខំ​ប្រឹង​រក​​យ៉ាង​លំបាកទៀតផង។ រឿង​រ៉ាវទាំងអស់​នេះបាន​ធ្វើ​ឱ្យ​ អា​លី​យ៉ា ​រង​នូវ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ​​តែម្ដង៕

  • កុំឱ្យខកខាន ! ទៅទស្សនារឿង «ហ្លួងព្រះស្ដេចកន» បានដោយឥតគិតថ្លៃ

    កុំឱ្យខកខាន ! ទៅទស្សនារឿង «ហ្លួងព្រះស្ដេចកន» បានដោយឥតគិតថ្លៃ

    ចាប់ពីម៉ោង 4រសៀល រហូតដល់ម៉ោង 9យប់ ថ្ងៃទី 22-23 និង24 ខែមិថុនា ឆ្នាំ2018​នេះ នៅបរិវេណសួនច្បារនៃវាលព្រះមេរុមានរៀបចំកម្មវិធីពិសេស ដោយមានការសហការជាមួយទូរទស្សន៍ PNN ក្រុមការងារកម្មវិធីត្បាញក្រមា 1,000 ម៉ែត្រមានកិត្តិយសនាំជូនដល់ពុកម៉ែបងប្អូនទាំងអស់នូវការបញ្ចាំងកុនប្រវត្តិសាស្ត្ររឿង «ហ្លួងព្រះស្ដេចកន» និងកម្មវិធីជំនួបជាមួយតារា និងល្បែងកម្សាន្តជាច្រើនទៀតផង។

    រយៈពេល 3ថ្ងៃនៃការបើកឱ្យទស្សនាដោយសេរីនូវរឿងប្រវត្តិសាស្ត្រ «ហ្លួងព្រះស្តេចកន» នេះ ក្រុមកាងារនៃស្ថានីយទូរទស្សន៍ PNN ក៏បានរៀបចំនូវការលេងហ្គេមកម្សាន្តសប្បាយៗដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ ជាពិសេសនៅថ្ងៃទី22 ខែមិថុនា លោកអ្នកនឹងបានជួបផ្ទាល់ជាមួយតួឯកប្រុស និងតួឯកស្រីក្នុងរឿង «ហ្លូងព្រះស្តេចកន» គឺលោក រស់ សោភ័ណ្ឌ និងកញ្ញា ឈុំ វត្តី។

    គួរបញ្ជាក់ផងដែរថា ការចាក់ផ្សាយឡើងវិញនូវភាពយន្ដខ្នាតធំដ៏អស្ចារ្យដែលដកស្រង់ពីប្រវត្តិសាស្ត្រខ្មែរមួយនេះ គឺជាការចូលរួមចំណែកក្នុងការលើកស្ទូយ និងគាំទ្រដល់ព្រឹត្តិការណ៍ដ៏ធំមួយក្នុងប្រទេសកម្ពុជា គឺព្រឹត្តិការណ៍បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក។ ដូច្នោះហើយ ប្រសិនបើពុកម៉ែបងប្អូនជនជាតិខ្មែរ មិនទាន់បានទស្សនារឿងដ៏ល្អ​ឯកមួយនេះ អាចអញ្ជើញទៅទស្សនាបានដោយឥតគិតថ្លៃ៕

  • ក្រសួងនឹងមានវិធានការហៅតារាសម្តែង និងអ្នកដឹកនាំសម្ដែង ទៅដុសក្អែលរឿងថតបទចម្រៀងស្រើបស្រាល?

    ក្រសួងនឹងមានវិធានការហៅតារាសម្តែង និងអ្នកដឹកនាំសម្ដែង ទៅដុសក្អែលរឿងថតបទចម្រៀងស្រើបស្រាល?

    មុននេះបន្ដិចមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោក អាចារ្យធំ ដែលប្រិយមិត្តអ្នកគាំទ្រជាច្រើនស្គាល់ថា លោកជាមនុស្សម្នាក់ដែលខិតខំលើកស្ទួយវិស័យវប្បធម៌បុរាណខ្មែរ។ លោកបានលើកជាសំណួរឡើងថា៖ « ពេលចេញMV បទហ្នឹងមានឆ្លងក្រសួងទេ?» ដែលសំណួរនេះត្រូវបានគេយល់ឃើញថា ជាការចោទសួរទៅកាន់អ្នកដឹកនាំខាងចម្រៀង និងផលិតកម្មសាស្ដា ដែលបានបញ្ចេញ MVបទចម្រៀង «ស្រីមុខលុយ» ដែលបានបង្ហាញពីសកម្មភាពសិចស៊ីរោលរាលក្ដៅសាច់នៅក្នុង MVបទចម្រៀងនោះ។

    កន្លងមកមានតែការចេញផ្សាយជាព័ត៌មានវាយប្រហាតាមរយៈរូបភាពនៃពាក្យសម្ដីរិះគន់ ទៅលើតួសម្ដែងនៅក្នុងបទចម្រៀងនេះ និងអ្នកដឹកនាំសម្ដែងតែប៉ុណ្ណោះ។ ដោយឡែក នៅមិនទាន់ឃើញមានការរិះគន់ណាមួយទៅខាងផលិតកម្មនៅឡើយទេ។ ដោយផ្អែកទៅលើគណនីរបស់អាចារ្យធំ លោកលើកឡើងថា ឈុតក្រៅឆាករបស់បទចម្រៀង “ស្រីមុខលុយ” ដែលបង្ហាញពីរូបភាពស្រើបស្រាលខ្លាំងទទួលបានការរិះគន់មិនសំចៃមាត់ពីសំណាក់មហាជនជាច្រើនកន្លងមក។ ដំណឹងចុងក្រោយបានលើកឡើងថា ក្រសួងត្រៀមអញ្ជើញទាំងសិល្បករ និងផលិតករនៃបទចម្រៀងមួយនេះមកធ្វើការអប់រំណែនាំឱ្យបញ្ចប់ការសម្តែងបទចម្រៀងបែបស្រើបស្រាលនោះ។

    ​រូបភាព​នៃ​ឈុត​ឆាក​ស្រើបស្រាល​ពី​បទ​ចម្រៀង ”ស្រី​មុខលុយ” សម្តែងដោយកញ្ញា វ៉ាន់ វលក្ខណ៍ និងដឹកនាំសម្តែងដោយក្រុមផលិតករនៃផលិតកម្ម សាស្តាបានធ្វើឱ្យលេចចេញនូវការរិះគន់ខ្លាំង រហូតមហាជនខ្លះប្រដូចទៅនឹងការថតកុនសិច ព្រោះតែឈុតឆាកជាច្រើនបង្ហាញពីការឱបថើប លូកស្ទាប ស្ទើរគ្មានសល់កន្លែងណាមួយលើរាងកាយ។ កន្លងមកផលិតករប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា ក៏ធ្លាប់បានរិះគន់ខ្លាំងលើបទចម្រៀងមួយនេះថា ជាបទចម្រៀងដែលមានតែឱបថើបគ្នាលើគ្រែ ក្នុងបន្ទប់ទឹកបែបនេះ? ។ លោកថា ”គិតថាធ្វើអ៊ីចឹងទៅល្បីមែន? ការក្បត់វាអាចមានច្រើនរូបភាពមិនចាំបាច់តែ…គ្នាបានគេហៅក្បត់ទេ? ចង់ឃើញមុខអ្នកដឹកនាំសម្តែងហ្នឹង មុខម៉េចបានខួរក្បាលគិតចេញតែរឿងអ៊ីចឹង? ខ្ញុំនិយាយព្រោះខ្ញុំទើស ហើយក្នុងនាមខ្ញុំជាអ្នកផលិតមួយរូបដែរខ្ញុំខ្មាសគេជំនួស។ គ្មានអ្វីថ្មី បែរជានាំរឿងថោកដល់វិស័យសិល្បៈ មិនបានលើកស្ទួយ មកជាន់ពន្លិច យកសិល្បៈជាឈ្នាន់ធ្វើរឿងថោកទាប ។ សុំទោស បើខ្ញុំនិយាយខុស តែខ្ញុំវាទើសភ្នែកពេក ក្រសួងវប្បធម៌គួរចាត់វិធានការលើអ្នកដឹកនាំសម្តែង ឬផលិតកម្មនេះ»។

    ប្រភពពីមន្ត្រីក្រុមប្រឹក្សាភិបាលវិន័យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា សំណើរបស់ក្រុមការងារបានធ្វើរួចរាល់ហើយ គឺនៅតែការសម្រេចចុងក្រោយរបស់រដ្ឋមន្ត្រីប៉ុណ្ណោះ។ ប្រភពបញ្ជាក់ថា ប្រសិនបើសំណើនេះទទួលបានការឯកភាពនោះ ទាំងសិល្បករ ទាំងផលិតករនឹងត្រូវអញ្ជើញឱ្យមកទទួលយកការណែនាំពីមន្ត្រីក្រសួងដើម្បីបញ្ចប់ការផលិតវីដេអូបែបស្រើបស្រាលដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណី និងប្រាសចាកពីសីលធម៌នៃការផលិតបែបសិល្បៈ។ ប្រភពដដែលបានលើកឡើងទៀតថា ការព្រមាននេះក៏ជាគំរូដើម្បីអប់រំដល់សិល្បករ និងផលិតករដទៃទៀតផងដែរ ប៉ុន្តែមិនមានការដាក់បម្រាមផ្អាកដល់សកម្មភាពផលិត ឬការសម្តែងរបស់តារាសម្តែងដូចករណីកញ្ញា ដេននី ក្វាន់កន្លងមកនោះទេ»។

    យ៉ាងណាមិញ លោកអាចារ្យធំ បានបញ្ជាក់ចម្លើយដែរថា «ក្រសួងនឹងកោះហៅតារាសម្តែង និងអ្នកដឹកនាំសម្ដែងបទ ”ស្រីមុខលុយ” ទៅដុសក្អែលពីរឿងថតបទចម្រៀងស្រើបស្រាល»។ ចំពោះបញ្ហានេះ តើប្រិយមិត្តទាំងអស់យល់ឃើញបែបណាដែរ?៕

  • នាយព្រែក សម្ញែងភាពផ្អែមល្ហែមជាមួយគូដណ្ដឹង តែនៅមិនទាន់មានដំណឹងថ្ងៃរៀបការ

    នាយព្រែក សម្ញែងភាពផ្អែមល្ហែមជាមួយគូដណ្ដឹង តែនៅមិនទាន់មានដំណឹងថ្ងៃរៀបការ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាកំប្លែង និងជាពិធីករ លោក ខេង រតនៈ ហៅនាយព្រែក គេមើលឃើញថា នៅពេលថ្មីៗនេះលោកបានបង្ហាញរូបភាពផ្អែមល្ហែមស្អិតជាប់គ្នាតតាត់ដូចស្ករតាំងម៉ែជាមួយគូដណ្ដឹង ខណៈដែលលោកបានរៀបចំពិធីខួបកំណើតឱ្យគូស្នេហ៍ ដែលគេមើលឃើញថាចំណងស្នេហ៍រវាងនាយព្រែក និងគូដណ្ដឹងនៅតែរឹងមាំប្រមាណជាជិត 2ឆ្នាំមកហើយ តែនៅមិនទាន់កំណត់ពេលាថ្ងៃអាពាហ៏ពិពាហ៍នៅឡើយ។

    បើទោះជាមិនទាន់មានពេលាច្បាស់ប្រាកដនៅឡើយមែន តែនាយព្រែកធ្លាប់បានបញ្ជាក់ថា លោក និងគូដណ្ដឹង ថ្វីដ្បិតតែមិនទាន់កំណត់បានថ្ងៃការមែន ប៉ុន្តែចំណងស្នេហ៍ គឺមិនខុសពីនៅជិតគ្នានោះទេ ដោយសារតែពេលលោកទៅណា ឬធ្វើអ្វី គឺសុទ្ធតែបានទាក់ទងប្រាប់គ្នា ក្នុងពេលដែលបណ្ដាញសង្គមហ្វេសប៊ុកបានធ្វើឱ្យលោក និងគូដណ្ដឹងដូចបាននៅជិតគ្នា មិនដែលឃ្លាតឆ្ងាយគ្នាមួយជំហានណាអ៊ីចឹង។ លោកថា ខ្លួនលោក និងគូស្នេហ៍មានបំណងខំប្រឹងប្រែងរកលុយ និងចង់ឱ្យស្រឡះការងារបន្តិចទៀតសិន ទើបកំណត់ថ្ងៃការ ខណៈដែលពេលនេះលោកក៏មានជាប់កុងត្រាថតរឿងបុរាណ ដែលស្ទើរតែមិនមានពេលជួបគូស្នេហ៍ផង។ លោកបានប្រាប់ថា រង់ចាំបន្តិចទៀតក៏មិនអីដែរ។

    សូមរំឭកដែរថា នាយព្រែក និងគូដណ្ដឹងបានភ្ជាប់ពាក្យគ្នាតាំងពីថ្ងៃទី6 ខែកញ្ញា ឆ្នាំ2016 មកម្ល៉េះ គឺបានរយៈពេលជិត 2 ឆ្នាំមកហើយ។  ដំបូង​លោក​ធ្លាប់​បាននិយាយថា នឹង​រៀបការ​ក្នុងពេល​ឆាប់ៗ តែ​មកដល់​ពេលនេះហើយ​ នាយ ព្រែក នៅតែ​មិនទាន់​រក​ថ្ងៃ​ល្អ​ឃើញ​ទៀត ម្យ៉ាងលោកចង់ទុក​ពេលវេលា​សន្សំ​ប្រា​ក់ឱ្យបានច្រើនមួយរយៈ​ទៀត​សិន៕

  • មកដឹងពីអារម្មណ៍ពិតរបស់ ហេង ពិទូ នៅពេលនិពន្ធបទចម្រៀងថ្មីម្ដងៗ

    មកដឹងពីអារម្មណ៍ពិតរបស់ ហេង ពិទូ នៅពេលនិពន្ធបទចម្រៀងថ្មីម្ដងៗ

    តាមបទពិសោធគេដឹងថា ទម្រាំតែនិពន្ធបទចម្រៀងថ្មីបានមួយបទ ដែលមានមេឡូឌីខុសប្លែកពីគេ និងមានភាពទាក់ទាញខ្លាំងបំផុតនោះ លុះត្រាតែមានការប្រមូលផ្ដុំអារម្មណ៍និពន្ធឱ្យស្ថិតនៅក្នុងពិភពថ្មីមួយដែលដាច់ដោយឡែកពីគេ និងគួបផ្សំជាមួយទេពកោសល្យនៃភាពច្នៃប្រឌិតខ្ពស់ ទើបអាចសម្រិតសម្រាំងបានស្នាដៃដែលប្លែកថ្មីសន្លាងបាន។ ដូចគ្នានោះដែរ លោក ហេង ពិទូ គឺជាតារាចម្រៀងដែលនិយមនិពន្ធបទចម្រៀងថ្មី និងមានមេឡូឌីដែលទាក់ទាញអារម្មណ៍មិត្តយុវវ័យ។ ទម្រាំនឹងទទួលបានការគាំទ្រលើបទចម្រៀងមួយបទៗ លោកនិយាយថា វាពិតជាពិបាក និងត្រូវចំណាយពេលច្រើនគួរសម។

    កន្លងមកលោក ពិទូ ធ្លាប់បានទម្លាយអារម្មណ៍ពិតថា​ ក្ដី​រំពឹង​ថា​នឹង​បាន​ទស្សនិកជន​ទទួល​ស្គាល់​បទ​ចម្រៀង​ខ្លួន​មានមិនច្រើន តែប៉ះ​ចំ​ពេល​ដែល​យុវវ័យ​ផ្ទុះ​ខ្លាំង​​ពាក់​ព័ន្ធ​នឹង​ស្នាដៃ​បទ​និពន្ធ​ថ្មីៗ គួប​ផ្សំ​នឹង​គោល​ដៅ​ដែល​ខ្លួន​ធ្លាប់​បាន​ស្រមៃ​ថា​ ​​មុន​នឹង​ស្លាប់​ទៅ ត្រូវ​មាន​បទរបស់​ខ្លួន​ឯង និង​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល​ផង​ដែរ។ ជុំ​វិញ​ការ​ខំប្រឹង​ប្រែង​ទាំង​អស់​នេះ ក៏​ដោយសារ​តែមានការ​លើក​ទឹក​ចិត្ត​ពី​បង​ប្អូនយើង​ខ្លាំង​បំផុតហ្នឹងឯង​ កាល​ណា​ទស្សនិកជន​សរសើរ​ថា​ បទ​របស់លោក​ពីរោះ និង​មាន​ខ្លឹមសារ​ទាក់​ទាញ នោះនឹងធ្វើឱ្យលោក​កាន់​តែ​មាន​ទឹក​ចិត្តចង់​ធ្វើ​អ្វី​ដែល​ថ្មីៗ សម្រាប់​ជា​ការតប​ស្នង​ដល់​អ្នកទាំងនោះវិញ។

    នៅពេលថ្មីៗនេះ លោក ហេង ពិទូ កំពុងតែត្រៀមនិពន្ធបទចម្រៀងថ្មីៗរបស់លោកជាបន្ដបន្ទាប់ទៀត តែអ្វីដែលលោកអាចប្រាប់មហាជនបាននៅពេលនេះគឺ «ដល់ពេលត្រូវចេញបទថ្មី ខួរក្បាលត្រៀមក្រញាញ់ទៀតហើយ» នេះបញ្ជាក់ថា មិនមែនជារឿងធម្មតា និងមិនងាយស្រួលនេះឡើយ!៕

  • នួន សុធារៈ ដឹកដៃ ចំរើន សុភ័ក្រ ធ្វើសកម្មភាពសប្បុរសធម៌ដ៏ភ្ញាក់ផ្អើល

    នួន សុធារៈ ដឹកដៃ ចំរើន សុភ័ក្រ ធ្វើសកម្មភាពសប្បុរសធម៌ដ៏ភ្ញាក់ផ្អើល

    ទើបត្រឡប់ពីទឹកដីប្រទេសមហាអំណាច មកដល់ទឹកដីសុវណ្ណភូមិវិញភ្លាម តារាចម្រៀងស្រី ចំរើន សុភ័ក្រ ស្រាប់តែបង្ហាញខ្លួនដោយបានដឹកដៃគ្នានឹងតារាចម្រៀងប្រុស នួន សុធារៈ ចូលរួមកម្មវិធីសប្បុរសធម៌ ​ចែក​សម្ភារ​សិក្សា​ផ្សេងៗ​ជូន​ដល់​កុមារៗ​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន 500 ទៅ 600 នាក់នៅវត្តព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ2 ជិតរង្វង់មូលកួរស្រូវ ចម្ងាយ 7គីឡូម៉ែត្រ ពីរង្វង់មូលតាខ្មៅ នៅថ្ងៃទី19 ខែមិថុនា ឆ្នាំ2018 ម្សិលមិញនេះ។

    ដូចដែលប្រិយមិត្តទាំងអស់គ្នាបានដឹងហើយថា តារាចម្រៀងប្រុស នួន សុធារៈ ជាអតីតបេក្ខភាពប្រឡងចម្រៀងកម្មវិធី Cambodian Idol រដូវកាលទី2 ដែលមានប្រជាប្រិយភាពទទួលបានសំឡេងសារគាំទ្រច្រើនជាងគេ ជារៀងរាល់សប្ដាហ៍ និង​ស្រាប់តែពេលថ្មីៗនេះ គេមើលឃើញរូបលោកបានចូលរួមធ្វើសកម្មភាពសប្បុរសធម៌មួយចំនួន ដែលគួរឱ្យកោតសរសើរពីទឹកចិត្តរបស់លោកមែនទែន។ ងាកមក កញ្ញា ចំរើន សុ​ភ័​ក្រ វិញ នាងបាន​ដឹក​ដៃ​បងប្អូន​ប្រុស​​ស្រី​របស់ខ្លួន​ចេញទៅ​កើប​ប្រា​ក់នៅ​ទឹកដី​អាមេរិក​អស់រយៈពេល 2ខែកន្លងមកហើយ ហើយ​ពួកគេ​ទើបតែ​ត្រឡប់មកដល់​មាតុប្រទេស​វិញ​កាលពី​ពាក់​កណ្ដាលខែមិថុនា នេះឯង។ គ្រាន់តែមកដល់​ស្រុក​ខ្មែរ​ភ្លាម តារា​ស្រី​រូបនេះស្រាប់តែ​បង្ហាញមុខ​ក្នុង​សកម្មភាពសប្បុរសធម៌ភ្លែត​តែម្ដងដោយមិនខ្វល់ពីថ្ងៃឈប់សម្រាករបស់ខ្លួនឡើយ។

    គួរបញ្ជាក់ផងដែរថា ក្រៅពីតារាចម្រៀងទាំង 2ដួងនៅក្នុងទ្រនំរស្មីហង្សមាសនេះហើយ ក្នុង​នោះគេ​ក៏​ឃើញ​វត្តមាន​អ្នកសិល្បៈ​ជាច្រើនរូប​ទៀត​បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌​មួយ​នេះ ដូចជា តារាចម្រៀង វ៉ាន់ នី​ឡា លោក So Cool  និងតារា​សម្ដែង ដួង ម៉ា​និ​ច ជាដើម។ ទឹកចិត្តចែករំលែកអំពើសប្បុរសធម៌ ​និងក្ដីស្រឡាញ់របស់​អ្នកសិល្បៈ​មួយក្រុម​នេះ កំពុង​ធ្វើឱ្យ​មហាជន​កោតសរសើ​រយ៉ា​ង​ខ្លាំង៕

  • ជប៉ុន បង្កើត​ប្រវត្តិ​សាស្ត្រ ខណៈ​រុស្ស៊ី និង​សេ​ណេ​ហ្គាល់ ឈ្នះ​ដូចគ្នា

    ជប៉ុន បង្កើត​ប្រវត្តិ​សាស្ត្រ ខណៈ​រុស្ស៊ី និង​សេ​ណេ​ហ្គាល់ ឈ្នះ​ដូចគ្នា

    ជប៉ុន បានក្លាយ​ជាក្រុម​ដំបូង​គេ​របស់​ទ្វីប​អាស៊ី ក្នុងការ​យកឈ្នះ​លើ​ក្រុម​​របស់​តំបន់​អាមេរិក​ខាងត្បូង នា​ព្រឹត្តិ​ការណ៍ World Cup កាល​ពី​ថ្ងៃ​អង្គារ តាមរយៈ​ការ​ផ្តួលក្រុម​នៅ​សល់សមា​ជិក​ត្រឹម​តែ​ 10នាក់ កូ​ឡុំ​ប៊ី ក្នុង​លទ្ធផល 2-1 ដើម្បី​បំពេញ​ការ​សង​សឹក​ដ៏ផ្អែម​ល្ហែម​មួយ​សម្រាប់​ការ​បរា​ជ័យ​ដ៏​ឈឺ​ចាប់​ក្នុង​ប្រទេស​ប្រេស៊ីល កាលពីឆ្នាំ​2014​។

    គ្រាប់​បាល់​ឈ្នះ​នៅនាទីទី​73 ​របស់​កីឡាករ Yuya Osako បាន​ផ្តល់​នូវ​ការ​ធូរ​ស្រាល​ដ៏ធំមួយ​សម្រាប់​ជប៉ុន ដែល​បាន​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល 4-1 ក្រោម​ស្នា​ដៃក្រុម​ជម្រើស​ជាតិកូឡុំ​ប៊ី កាលពី​ 4​ឆ្នាំមុន អំឡុង​ពេលនៃ​យុទ្ធ​នា​ការ​ដ៏ខក​ចិត្ត​មួយ ខណៈ​ដែល​ពួក​គេមិន​អាច​សូម្បី​តែ​ដណ្តើម​យក​ជ័យជម្នះ​ 1លើក​​។ ក្នុង​ការ​ប្រកួត​ជុំ​ទី​2 នៃ​ពូល A នា​ថ្ងៃ​ដដែលនោះ ការ​វិល​ត្រឡប់​របស់ Mohamed Salah ពី​បញ្ហា​របួស​វិញ មិន​បាន​​រា​រាំង​មិន​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ World Cup រុស្ស៊ី បំពេញ​ការ​ឈ្នះ​កៅអី​របស់​ពួក​គេក្នុង​វគ្គ​ 16ក្រុម​ចុង​ក្រោ​យ​តាម​រយៈ​ការ​ផ្តួលក្រុម​ជម្រើស​ជាតិ​អេ​ហ្ស៊ីប ក្នុង​លទ្ធ​ផល 3-1 កាល​ពី​ថ្ងៃ​អង្គារ​ឡើយ​។ ការ​ធ្វើ​ឱ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ប្រធានក្រុម​អេ​ហ្ស៊ីប Ahmed Fathy បាន​បង្កើត​ឱ្យ​មាន​គ្រាប់​បាល់​បន្ត​បន្ទាប់​​ជាច្រើន នៅ​រាត្រី​​ដ៏​សោក​សៅ​ក្នុង​ទីក្រុង Saint Petersburg នៅ​មុន​ពេលគ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Denis Cheryshevនិង ArtemDzyuba បាន​ពង្រឹង​ក្តី​សង្ឃឹម​របស់​រុស្ស៊ី​ថា ពួក​គេ​អាច​លុប​ចោល​នូ​វការមន្ទិល​សង្ស័យ​ទាំងឡាយ​ដើម្បី​ឈាន​ទៅ​វគ្គ​ជ្រៅ​ៗទៀតនៃ​យុទ្ធ​នា​ការនេះ​​។

    ជាមួយ​គ្នា​​នេះ លោក AliouCisse គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​សេ​ណេ​ហ្គាល់ បាន​ព្រមាន​ដល់​គូ​ប្រជែង​ក្នុង World Cup របស់​ខ្លួន​ថា ក្រុម​នៅ​អា​ហ្វ្រិក​ខាង​លិច​មួយនេះ បាន​បន្ថែម​ជំនាញ​​បច្ចេក​ទេស​​ទៅ​លើ​ទេពកោ​សល្យ​របស់​ពួក​គេ កាល​ពី​ថ្ងៃ​អង្គារ ក្រោយពី​ពួក​គេ​បានបើក​យុទ្ធ​នាការ​របស់​ពួក​គេ ជាមួយ​នឹង​ជ័យជម្នះ 2-1 លើ​ក្រុម​ជម្រើស​​ជាតិ​ប៉ូឡូញ​៕

    ប្រភព​ពី៖ Channel News Asia

  • Federer ផ្តួល Bedene យ៉ាង​ងាយ ក្នុង ATP Halle

    Federer ផ្តួល Bedene យ៉ាង​ងាយ ក្នុង ATP Halle

    កីឡាករ​វាយកូន​បាល់ Roger Federer បាន​ចាប់​ផ្តើម​សប្តាហ៍​ចុងក្រោយ​នៃ​យុទ្ធ​នា​ការ​មុន​ព្រឹត្តិ​ការណ៍ Wimbledon តាម​រយៈ​ការ​​កត់​ត្រា​ជ័យជម្នះក្នុងលទ្ធ​ផល 6-3 និង​6-4 លើ​កីឡាករ​ស្លូវេ​នី AljazBedene កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ឈាន​ទៅ​ប្រកួត​ជុំ​ទី​2 ​នៃ​ព្រឹត្តិការណ៍​វាល​ស្មៅ ATP Halle​។

    កីឡាករ​មាន​ចំណាត់​ថ្នាក់​លេខ​1 ​ក្នុង​ពិភព​លោក​រូបនេះ ត្រូវ​តែ​ប្រជែង​យក​ពាន​​ជាលើក​ទី​10 ​របស់​គេ​​ក្នុង​យុទ្ធ​នា​ការនេះ​នៅថ្ងៃ​អាទិត្យឱ្យបាន ដើម្បី​​រក្សា​ការ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​​កំពូល​របស់​ខ្លួន និង​ធ្វើ​ឱ្យ​រូប​គេ​ស្ថិតក្នុង​ចំណាត់ថ្នាក់​​លេខ​1 ​ប្រចាំ​ព្រឹត្តិ​ការណ៍ Wimbledon ដែល​នឹង​ចាប់​ផ្តើម​ក្នុង​រយៈ​ពេល​ 1​សប្តាហ៍​ទៀត​នា​ថ្ងៃ​ចន្ទ​។ Federer បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​បាន​​វាយ​​យ៉ាងល្អ ហើយ​ខ្ញុំ​ក៏មាន​អារម្មណ៍​ល្អ​ផងដែរ​​។ នេះ​គឺជា​ទីលាន​ដ៏​ងាយស្រួល​មួយ​ក្នុង​ការ​លេង បើ​ធៀប​ទៅនឹង​សប្តាហ៍មុន​ក្នុង​ទីក្រុង Stuttgart​»​។ កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​ស្វ៊ីស​រូបនេះ បាន​បន្ថែម​ទៀត​ថា៖ «កូន​បាល់​លោត​យ៉ាង​ខ្ពស់​ចូល​មក​កាន់​ទី​តាំង​របស់​ខ្ញុំ​។ ខ្ញុំ​​បាន​វាយ​យ៉ាងល្អ​ត្រឡប់​ទៅ​វិញ ហើយ​​ខ្ញុំ​អាច​ដឹង​ពី​ទិស​នៃ​ការ​វាយ​សេ​វា​របស់​គេ​។ ខ្ញុំ​​លេង​បាន​យ៉ាង​រឹង​នាំ​ក្នុង​សិត​ទី​1 នៅពេល​ដែល​ខ្ញុំ​បាន​រក​ឃើញ​​ពី​របៀប​​ក្នុង​ការ​​បំ​បែក​ទម្រង់​លេង​របស់​គេ​។ ក្នុង​សិតទី​2 ខ្ញុំ​អាច​វាយ​សេវា​បាន​យ៉ាងល្អ​»​៕

    ប្រភព​ពី៖ Channel News Asia

  • ភោជនីយដ្ឋាន Topaz នឹងអញ្ជើញចុងភៅលំដាប់ផ្កាយពីរ លោក BENOIT VIDAL នៅថ្ងៃទី 21 ខែមិថុនា ឆ្នាំ2018

    ភោជនីយដ្ឋាន Topaz នឹងអញ្ជើញចុងភៅលំដាប់ផ្កាយពីរ លោក BENOIT VIDAL នៅថ្ងៃទី 21 ខែមិថុនា ឆ្នាំ2018

    ភោជនីយដ្ឋានតូប៉ាហ្ស (Topaz) មានមោទនភាពសូមស្វាគមន៍ជាថ្មីនូវមេចុងភៅលំដាប់ផ្កាយពីរមកពី ប្រទេស បារាំង មកកាន់ទីក្រុងភ្នំពេញ នៅថ្ងៃទី21 ខែមិថុនាខាងមុខនេះ ជាមួយមុខម្ហូប 6មុខ ដែលនឹងត្រូវរៀបចំឡើងដោយ លោក Benoit Vidal មេចុងភៅផ្កាយ2 ជាមួយនឹងកេរ្តិ៍ឈ្មោះក្នុងការបញ្ចូលគ្នានៃរសជាតិប្រចាំតំបន់ភ្នំ និង មេឌីទែរ៉ាណេ និងភាពអស្ចារ្យនៃម្ហូបអាហាររបស់គាត់។

    លោក Benoit Vidal ជាម្ចាស់ និងជាមេចុងភៅរបស់ភោជនីយដ្ឋាន Atelier Edmond ដែលមានកម្ពស់ 1950 ម៉ែត្រ តាមជម្រាលនៃតំបន់មួយក្នុងប្រទេសបារាំង។ លោកបានឈ្នះពានរង្វាន់ជាមេចុងភៅលំដាប់ផ្កាយលើក​ដំបូង​ក្នុងឆ្នាំ2012 ហើយបីឆ្នាំក្រោយមក លោកបានឈ្នះពានជាមេចុងភៅលំដាប់ផ្កាយពីរ។ គាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារគាត់ប្រើប្រាស់គ្រឿងទេសក្នុងស្រុក បូករួមជាមួយសមត្ថភាពរបស់គាត់ដើម្បីកំណត់ពីរសជាតិដោយប្រើប្រាស់នូវគ្រឿងផ្សំមួយដេីម្បីលើកស្ទួយគ្រឿងផ្សំផ្សេងទៀត។

    លោកមេចុងភៅលំដាប់ផ្កាយពិពណ៌នាអំពីការងាររបស់គាត់ថា “ភាពរឹងមាំក្នុងពេលបច្ចុប្បន្ន គឺផ្សារភ្ជាប់ទៅ នឹងក្លិន និងរសជាតិ! អាហារគ្រប់ចានទាំងអស់ ត្រូវបានរចនាយ៉ាងស្រស់ស្អាត ហើយអ្នកស្ទេីតែមិនហ៊ាននឹង ទទួលទានវា “។

    លោកចុងភៅ Vidal នឹងមកដល់ទីក្រុងភ្នំពេញពីរទៅបីថ្ងៃ មុនកម្មវិធីចាប់ផ្តើមដូច្នេះហើយលោកនឹងរៀបចំ កម្មវិធីបណ្តុះបណ្តាលដល់ក្រុមការងាររបស់ភោជនីយដ្ឋានតូប៉ាហ្ស អំពីតិចនិច និងជំនាញ ដែលចាំបាច់ដើម្បី បង្កើតមុខម្ហូបរបស់លោក។ ការអញ្ជើញនូវមេចុងភៅលំដាប់ផ្កាយដូចជាលោក Benoit Vidal គឺជាយុទ្ធសាស្ត្រ មួយដើម្បីបង្កើនចំណេះជំនាញដល់បុគ្គលិក និងបង្កើនកម្រិតស្តង់ដារដល់ភោជនីយដ្ឋាន ហើយការចំណាយពេលវេលារបស់គាត់នៅទីនេះ នឹងបង្កើតនូវកេរ្ត៍តំណែលមួយដែលភោជនីយដ្ឋានអាចបន្តបម្រើនូវរសជាតិរបស់គាត់ បន្ទាប់ពីគាត់ត្រលប់ទៅវិញ។

    ក្នុងចំណោមមុខម្ហូបទាំងប្រាំមួយមុខនៃការទទួលទានអាហារពេលល្ងាច​ លោកអ្នកនឹងអាចរីករាយ ជាមួយត្រី trout អាំងជាមួយទឹកខ្យងបំពង, enlivened ជាមួយទឹកខ្មេះបាយ, ខ្ញីជាមួយ វ៉ាសាបី, ទាដុតជាមួយ beetroot, ទឹកលម្អងផ្កាជាមួយខ្ញី, និងមុខម្ហូបពិសេសៗជាច្រើនទៀត។

    តម្លៃសំបុត្រក្នុងការចូលរួមទទួលទានអាហារពេលល្ងាចជាមួយមេចុងភៅលំដាប់ផ្កាយពីរនេះមានតម្លៃត្រឹមតែ 125ដុល្លារក្នុងម្នាក់ ឬ180ដុល្លារក្នុងម្នាក់ រួមបញ្ចូលជាមួយជម្រើសស្រាជាច្រើនប្រភេទ។

    សូមធ្វើការកក់សំបុត្រជាមុនតាមរយៈ៖ www.bit.ly/BookingTopaz

    អុីម៉ែល៖ [email protected]

    ឬធ្វើការកក់សំបុត្រដោយផ្ទាល់តាមគេហទំព័រ៖ www.topaz-restaurant.com/reservation

  • ធ្លាយតម្លៃខួន តូតា មួយរយៈចុងក្រោយនេះឡើងក្រឺតៗដល់…

    ធ្លាយតម្លៃខួន តូតា មួយរយៈចុងក្រោយនេះឡើងក្រឺតៗដល់…

    មួយរយៈចុងក្រោយនេះ ប្រិយមិត្តអ្នកគាំទ្របានចាប់អារម្មណ៍ចំពោះរូបភាពរបស់តារាសម្ដែង ម៉ាក់ សែនសូនីតា  ខណៈដែលសម្រស់របស់នាងហាក់កាន់តែស្រស់ស្អាតខ្លាំងឡើងៗ រហូតមានទីផ្សារដល់ទៅក្រៅប្រទេសទៀតផង ដោយសារតែរូបសម្រស់នេះ។ តារាសម្ដែង ម៉ាក់ សែនសូនីតា ជាតារាមួយរូបដែលមានទីផ្សារខ្ពស់ និងឈរលំដាប់ជួរមុខ។ ដូចនេះតម្លៃខ្លួនសម្រាប់ការថតរឿងនីមួយៗ និងថតស្បតពាណិជ្ជកម្មផ្សេងៗ មិនមែនថោកនោះទេ ព្រោះនាងស្អាត និងមានសមត្ថភាពសម្ដែងបានល្អ ហើយស៊ីថ្លៃរាប់ពាន់ដុល្លារឯណោះក្នុងមួយរឿងៗ។

    ចំណែកតម្លៃខ្លួន ក្នុងការថតស្បតពាណិជ្ជកម្មវិញ ក៏ថ្លៃមិនធម្មតាដែរ ពោលគឺ ម៉ាក់ សែនសូនីតា ជាតារានាំមុខក្នុងវិស័យស្បតផ្សាយពាណិជ្ជកម្មមួយរូប ខណៈការថតស្បតមានកុងត្រាត្រឹមត្រូវ។ ក្នុងនោះ ការថតផ្សាយហាងសម្អាងការនឹង មិនដល់ខ្ទង់ពាន់ដុល្លារនោះទេ។ ប៉ុន្តែចង់ដឹងទេថា តើនាងស៊ីថ្លៃប៉ុន្មាន?…ប្រភពពីអ្នករៀបចំកម្មវិធីមួយ បានទម្លាយឱ្យដឹងពីតម្លៃខ្លួន ម៉ាក់ សែនសូនីតា ថាស៊ីថ្លៃ 800ដុល្លារក្នុងមួយថ្ងៃ រយៈពេលចាប់ពីម៉ោង 8ព្រឹក ដល់5ល្ងាច សម្លៀកបំពាក់ត្រឹម10ឈុតចុះក្រោម ដែលតម្លៃនេះថ្លៃជាងតារាស្រីស្អាតៗល្បីៗផ្សេងទៀតជាច្រើន។

    គួរជម្រាបបន្ថែមពីជីវិតស្នេហារបស់ តូតា និង លោក ប៉ុល វិបូ ហៅ​នីត ដែរថា អ្នកទាំងពីរមាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​គ្នា​ដោយ​បើក​ចំហ​ជា​សាធារណៈ​ច្រើន​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំង​ពី​តារា​​ស្រី​រូប​នេះបានចូល​រួម​​ថត​រឿង “ចន្ទ្រា” កាល​ពី​ជាង​ 3ឆ្នាំ​មុន​នៅក្នុងផលិតកម្ម​ «អង្គរ​ Picture»មក​ម្ល៉េះ។ ទោះបី​ជា​​បែប​នេះ​ក្ដី តែ​ស្នេហា​រវាង​តារាក្រមុំ​ក្មេង​ខ្ចី​ល្បី​ឈ្មោះ ជា​មួយ​នឹង​​បុរស​ពោះម៉ាយ​មាន​ឥទ្ធិពល​មួយគូនេះ ហាក់​បីដូច​ជា​មិន​ទាន់​បង្ហាញពី​តម្រុយនៃ​ថ្ងៃ​ចូល​រោង​ជ័យ​នៅ​ឡើយ​ទេ ដោយ​ពួក​គេ​ធ្លាប់​បាន​លើក​ឡើង​ថា រង់ចាំ​មើល​ជំនួញ​ជោគជ័យ​សិន។ តែតាមការបង្ហើបប្រាប់អ្នកសារព័ត៌មានកាលពីពេលមុន តូតា គ្រោងនឹងរៀបចំចំណាយប្រាក់លើអាពាហ៍ពិពាហ៍របស់ខ្លួនខ្ទង់ម៉ឺនដុល្លារជាមួយអ្វីដែលប្លែកៗនៅក្នុងពិធីមង្គលការ​របស់នាងនាពេលដ៏ខ្លីខាងមុខ​នេះ៕​​​