Author: អេបិល

  • ហាង គ្រីសស្ពី គ្រីម ទូទាំងពិភពលោក ធ្វើនំដូហ្វណាត់សូកូឡាយ៉ាងពិសេស ក្នុងទិវាសូកូឡាពិភពលោក

    ហាង គ្រីសស្ពី គ្រីម ទូទាំងពិភពលោក ធ្វើនំដូហ្វណាត់សូកូឡាយ៉ាងពិសេស ក្នុងទិវាសូកូឡាពិភពលោក

    ហាងនំដូហ្វណាត់ និងកាហ្វេគ្រីសស្ពី គ្រីម (Krispy Kreme) ទូទាំងពិភពលោកនឹងប្រារព្ធកម្មវិធីដ៏អស្ចារ្យមួយដែលហៅថា “ទិវាសូកូឡាពិភពលោក” World Chocolate Day។​ ទិវានេះនឹងប្រារព្ធធ្វើឡើងនៅលើទ្វីបទាំង6លើពិភពលោកដែលនាំមកនូវនំដូហ្វណាត់សូកូឡាថ្មីដែលមានរសជាតិដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកសម្រាប់ការលក់ក្នុងថ្ងៃតែមួយដូចគ្នាតែមួយថ្ងៃគត់ គឺថ្ងៃទី7 ខែកក្កដា ឆ្នាំ2018។​

    ការបង្កើតឡើងនូវគំនិតដ៏មហិមានៃការផ្សំរវាងនំដូហ្វណាត់រសជាតិដើម និងស្ករសូកូឡា បានបង្កើតជាបទពិសោធដ៏ថ្មីសន្លាងមួយទៀតសម្រាប់អតិថិជនដែលចូលចិត្តនំដូហ្វណាត់ និងស្ករសូកូឡា។ អតិថិជននៅប្រទេសកម្ពុជា ក៏ដូចជាអតិថិជនស្ថិតនៅលើផែនដីទាំងមូល អាចរាប់ថយក្រោយនូវទិវាសូកូឡាពិភពលោកដែលនឹងមកដល់នៅថ្ងៃទី7 ខែកក្កដា ឆ្នាំ2018 នៅចុងសប្ដាហ៍នេះ។

    លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា​ គ្រុប (RMA CambodiaGroup) បានបញ្ចាក់យ៉ាងដូច្នេះថា “នេះជាលើកទីមួយហើយសម្រាប់ប្រជាជនកម្ពុជា និងអតិថិជនកម្ពុជាដែលមានឱកាសចូលរួមជាមួយនឹងប្រជាជនស្ថិតនៅតាមបណ្ដាប្រទេសផ្សេងៗលើពិភពលោកទូទាំង 29ប្រទេសដើម្បីភ្លក្សរសជាតិថ្មីសន្លាងនៃនំដូហ្វណាត់ដ៏ស្រទន់ និងបានឃើញការហូរស្រក់របស់សូកូឡាទៅលើនំដូហ្វណាត់តាមរយៈហាងនំដូហ្វណាត់ និងកាហ្វេគ្រីសស្ពី គ្រីម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងមកដល់ថ្ងៃទី​7 កក្កដានេះ។​

    តាមរយៈទិវាសូកូឡាពិភពលោកនេះផងដែរ គ្រីសស្ពី គ្រីម នឹងចែករំលែកនូវវីដេអូ និងរូបភាពអំពីការប្រារព្ធទិវានេះនៅតាមបណ្ដាប្រទេសទាំងអស់លើសកលលោកនៅលើ Twister Channel របស់គ្រីសស្ពី គ្រីម (@krispykreme) ហើយសូមកុំភ្លេចចែករំលែកនូវភាពសប្បាយរីករាយរបស់អ្នកតាមរយៈការប្រើប្រាស់ hashtag #WorldChocolateDay និង tagging @krispykreme នៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហ្វេសប៊ុក ៕

  • អាលីយ៉ា ដល់ថ្ងៃខួបកំណើតក្រោយបុណ្យ7ថ្ងៃ

    អាលីយ៉ា ដល់ថ្ងៃខួបកំណើតក្រោយបុណ្យ7ថ្ងៃ

    នៅពេលថ្មីៗនេះ «គ្រួសារតារាកម្ពុជា» និង អ្នកស្រី ងិន ម៉ានីយ៉ា អ្នកនិពន្ធល្បីឈ្មោះមួយរូបនៅក្នុងផលិតកម្មរស្មីហង្សមាស ត្រូវជាម្ដាយបង្កើតរបស់លោក ថៃ នរៈពិទូរ្យ បានរួមគ្នាធ្វើពិធីបង្សកូល និងធ្វើបុណ្យធំមួយជូនដល់អតីតតារាចម្រៀងនិងអតីតឌីជេ អាលីយ៉ា នៅវត្តទួល ដោយក្នុងពិធីនោះក៏ត្រូវនឹងខួបកំណើតរបស់នាងគម្រប់40ឆ្នាំផងដែរ។ ក្នុងពិធីនោះ ក្រៅពីមានការកាត់នំខួបជូននាងដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់នាង ក៏មានការសូត្រមន្តបង្សកូលអោយនាង មានការចែកសារ៉ុងក្រមាលុយកាក់ជូនដល់ចាស់ៗ និងមានការវេចង្ហាន់ ជាទ្រង់ទ្រាយធំគួរសមថ្វាយដល់ព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផលជូននាង។

    អ្នកស្រី ងិន ម៉ានីយ៉ា ដែលជាអ្នកដឹកនាំធ្វើកម្មវិធីនេះ បានអះអាងថា ដោយសារតែអ្នកស្រីបានរាប់អានកញ្ញា អាលីយ៉ា មិនខុសគ្នានឹងកូនក្មួយម្នាក់ ទើបអ្នកស្រីចេញមុខទៅមើលថែនាងដល់មន្ទីរពេទ្យមុនពេលទទួលអនិច្ចកម្ម និងសម្រេចចេញមុខធ្វើពិធីបង្សកូលធំមួយអោយនាងនៅថ្ងៃទី5 ខែកក្កដា ដើម្បីអបអរថ្ងៃខួបរបស់នាង។ អ្នកស្រីថាពិធីដែលបានធ្វើឡើងនោះ បានរួមចំណែកយ៉ាងខ្លាំងពីសប្បុរសជន និងពីតារាសិល្បៈមួយក្រុមរបស់«គ្រួសារតារាកម្ពុជា»។ អ្នកស្រីពិធីបង្សកូលត្រូវនឹងថ្ងៃខួបកំណើតរបស់នាងនោះ គឺដើម្បីឧទ្ទិសកុសលអោយនាងបន្ថែមពីលើពិធីបុណ្យ7ថ្ងៃដែលទើបតែបញ្ចប់។

    លោក ផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា» ដែលជាអ្នកដឹកនាំតារាសិល្បៈមួយក្រុម និងជាអ្នកគៀគរជំនួយចូលរួមក្នុងពិធីបង្សកូលនោះ បានអះអាងថា ការពិតគ្រួសារតារាកម្ពុជាបានរួមចំណែកចូលបុណ្យ7ថ្ងៃរបស់កញ្ញា អាលីយ៉ា ជាមួយនឹងអ្នកនាងចន ច័ន្ទលក្ខិណា រួចហើយ ប៉ុន្តែដោយសារតែអាលីយ៉ា ធ្លាប់បានរួមចំណែកជួយដល់«គ្រួសារតារាកម្ពុជា»ក្នុងសកម្មភាពសប្បុរសធម៌ ទើបលោកសម្រចចិត្តប្រមូលកម្លាំងសប្បុរសធម៌ និងសមាជិកជាតារាសិល្បៈមួយចំនួនមកធ្វើបុណ្យរួមគ្នាជាមួយអ្នកស្រី ងិន ម៉ានីយ៉ា ដើម្បីឱ្យពិធីនោះកាន់តែអឹកអធឹក។

    លោកថាជំនួយដែលបានពីការចូលបុណ្យរបស់តារាសិល្បៈរួមមានអ្នកនាងសឿ សុធារ៉ា អ្នកនាងចាន់ សុផានី អ្នកស្រី លីយ៉ា អ្នកនាង គង់ ចាន់រ៉ែន លោកវង្ស ថាណាន់ លោកយន វុទ្ធី ម្ចាស់ផលិតកម្ម  B&S Good day កញ្ញា ណាតាហ្សា កញ្ញាកុសុម៉ា អ្នកនាងម៉ៅ ស៊ីណាត លោកសន សុវណ្ណារ៉ា កញ្ញារក្សា និងសិល្បករជាច្រើនផ្សេងទៀត ត្រូវបានកែច្នៃទិញជាស្លាដក់ ជាម្ហូបជា ជាផ្លែឈើ ជាភេសជ្ជៈ ជានំចំណី ជាមី ជាត្រីខ ជាគ្រឿងផ្ទះ ជាសារ៉ុង ជាក្រមា និងជាថវិកាប្រគេនដល់ព្រះសង្ឃ និងចាស់ៗក្នុងវត្ត ដើម្បីអោយកុសល់កាន់តែច្រើនដល់អាលីយ៉ា ម្ចាស់ទានទាំងអស់។ ក្នុងនោះអ្នកស្រីងិន ម៉ានីយ៉ា ក៏បានប្រគេនទានវស្សាមួយគូធំ ជូនដល់វត្តផងដែរ ដើម្បីឱ្យកុសលទៅអាលីយ៉ា ក្នុងថ្ងៃខួបកំណើតនោះ៕

  • ឡេង ណាវ៉ាត្រា កាន់តែលូកដៃជ្រៅក្នុងកិច្ចការសង្គម និងសប្បុរសធម៌

    ឡេង ណាវ៉ាត្រា កាន់តែលូកដៃជ្រៅក្នុងកិច្ចការសង្គម និងសប្បុរសធម៌

    បន្ទាប់ពីបានក្លាយខ្លួនជាឧកញ៉ាវ័យក្មេង លោក ឡេង ណាវ៉ាត្រា ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ផលិតកម្ម Galaxy  ជាម្ចាស់បុរីឡេងណាវ៉ាត្រា និងជាតារាសិល្បៈមួយរូបផងដែរនោះ ថ្មីៗនេះគេសម្គាល់ឃើញថា លោកបានបង្ហាញមុខមាត់កាន់តែខ្លាំង ក្នុងនាមជាសប្បុរសជនយ៉ាងសស្រាក់សស្រាំ។ លោកត្រូបានវគេឃើញពីសកម្មភាពចុះចែកអំណោយស្ទើរមិនដាច់នៅតាមកន្លែងជាច្រើន ខណៈដែលក្រៅពីបរិច្ចាគថវិកា និងចែកអំណោយដល់ចាស់ៗហើយ លោកក៏ឈានដល់ការចូលរួមក្នុងកិច្ចការងារសង្គមថែមទៀត តាមរយៈការផ្ដល់លុយផ្ទាល់ខ្លួនដើម្បីស្ដារលូបង្ហូរទឹក និងជួយជួសជុលផ្លូវថ្នល់នៅក្នុងសហគមន៍មួយចំនួនយ៉ាងសកម្ម និងលេចធ្លោផងដែរ។

    តាមរយៈហ្វេសប៊ុករបស់លោក គេមើលឃើញការសរសើរដែលចេញពីមាត់ប្រជាពលរដ្ឋជាច្រើននាក់បានកើតឡើងបន្ទាប់ពីលោកបានបង្ហាញវត្តមានចែកអំណោយ និងថវិកាជូនដល់ពលរដ្ឋជាច្រើនគ្រួសារនៅក្នុងសង្កាត់ចោមចៅ នាព្រឹកថ្ងៃទី5 ខែកក្កដានេះ។ អ្នកលេងហ្វេសប៊ុកជាច្រើនសុទ្ធតែបង្ហាញពីការចាប់អារម្មណ៍ និងមតិក្រោយពីរូបភាពចែកអំណោយរបស់លោកត្រូវបានបង្ហាញឡើងពីការបង្ហោះរបស់លោក និងអ្នកគាំទ្រ ដែលសកម្មភាពនេះបានបំផុសកាន់តែខ្លាំងឱ្យមានការចែករំលែកបន្តនៅក្នុងសង្គម។

    ក្នុងនាមជាបុគ្គលចិត្តធម៌មួយរូបនោះ លោកបានអះអាងថា  លោកគឺជាអតីតពលករនៅប្រទេសកូរ៉េ និងជាអតីតកម្មករ ដែលធ្លាប់មានជីវភាពមិនគ្រប់គ្រាន់ សូម្បីតែបាយ 3ពេលក៏មិនចង់មានផង ដូច្នេះក្រោយពេលដែលលោកប្រែក្លាយជាអ្នកសិល្បៈម្នាក់ និងជាអ្នកជំនួញម្នាក់ លោកត្រូវតែប្រើពេលវេលាឱ្យអស់ពីលទ្ធភាពដើម្បីចែករំលែក និងយកចិត្តទុកដាក់ចំពោះអ្នកខ្វះខាតនៅក្នុងសង្គម។ លោកថា ការចែកអំណោយដែលបានធ្វើឡើង មិនមែនជាលើកទី1នោះទេ ដោយក្នុងពេលកន្លងមកលោកតែងយកប្រាក់ចំណេញពីការលក់ដី និងលក់បុរី មកទិញជាសម្ភារ និងរៀបចំចាត់ចែងជាអំណោយជូនដល់កម្មករ និងគ្រួសារអ្នកក្រីក្រជាប្រចាំ ជាពិសេសនៅក្នុងសហគមន៍ដែលលោកបានឃើញពីការលំបាក និងមានការស្នើដោយមេភូមិ ឬម្ចាស់សហគមន៍ ដែលជួបផលវិបាកទាំងនោះ។

    ក្នុងនោះលោកក៏បានផ្ដល់ថវិការួមចំណែកដល់កាកបាទក្រហម និងជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ដើម្បីចូលរួមជាវិភាគទានជួយដល់សង្គមទាំងមូល។ លោកមិនខ្លាចនឹងការចែករំលែកនូវអំណោយ និងក្ដីស្រឡាញ់ជូនដល់អ្នកតូចទាបជាងខ្លួននោះទេ ដោយសារតែពេលកន្លងមក លោកគឺជាបុគ្គលដែលបានធំធាត់ក្នុងត្រកូលអ្នកក្រខ្សត់ម្នាក់ ហើយយល់ពីការលំបាកដែលបានកើតឡើង។ លោកបានប្រកាសថា លោកនឹងធ្វើសកម្មភាពសង្គម មិនដកដៃនោះទេ ដោយលោកបានដាក់គម្រោងបន្តជួយស្ដារលូ និងជួសជុលផ្លូវដើម្បីជាប្រយោជន៍ដល់ពលរដ្ឋដើម្បីឱ្យមានផ្លូវល្អប្រើនៅក្នុងតំបន់ដែលលោកបានទទួលសំណើ តាមលទ្ធភាពដែលលោកអាចធ្វើបាន៕

  • ថាមែន មែន!!  ពេជ្រ​ សូលីកា បង្ហាញមុខនៅក្នុងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាស

    ថាមែន មែន!!  ពេជ្រ​ សូលីកា បង្ហាញមុខនៅក្នុងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាស

    ពិតជាធ្វើឱ្យអ្នកគាំទ្រកាន់តែមានភាពភ្ញាក់ផ្អើលឡើង នៅពេលដែលស្ថានីយទូរទស្សន៍ហង្សមាស បានប្រមូលផ្ដុំតារាល្បីៗមកចូលរួមសម្ដែងនៅក្នុងរឿងភាគថ្មីៗរបស់ខ្លួនយ៉ាងសន្ធឹកសន្ធាប់បន្ដបន្ទាប់គ្នា។ ដោយឡែក ក្នុងគណនីហ្វេសប៊ុក Hang Meas Khmer Drama បានបង្ហោះរូបភាពសកម្មភាពរឿងភាគថ្មីមួយទៀត ដែលមានចំណងជើងថា  ”អាពាហ៍ពិពាហ៍ក្លែងក្លាយ” ដែលមានតួចាស់-ក្មេង​ជាច្រើនដួង បានចូលរួមសម្ដែង។

    កាន់តែស្រាយចម្ងល់របស់អ្នកគាំទ្រ ដែលបានសង្ស័យថា តារាស្រីរូបស្រស់ជាដៃគូតារាចម្រៀង នីកូ គឺកញ្ញា ពេជ្រ​ សូលីកា បានហក់ចូលទ្រនំហង្សមាសនេះ នៅពេលនេះ នាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងទ្រនំធំមួយនេះ តាមរយៈរឿងភាគខាងលើ ក្នុងតំណែងជាតួឯកស្រីតែម្ដង។ គួរឱ្យដឹងដែរថា មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតទាំងគូនោះទេ នៅពេល​​ជួបគ្នា​ម្ដង​ៗ ​អ្នក​ទាំង​ពីរ​​សម្ដែង​ស៊ី​ចង្វាក់​គ្នា​​បាន​ល្អ​ណាស់។ ដូច្នេះ​ហើយ​ ទើប​ហង្ស​មាស​ជឿជាក់​ថា​ រឿង​ភាគ​ថ្មី​ដែល​សម្ដែង​ដោយ​ ពេជ្រ សូលីកា និង នីកូ នេះនឹងទទួល​បាន​ការ​គាំទ្រ​ខ្លាំងពី​ទស្សនិកជន​មិនខាន ព្រោះ​អ្នក​ទាំង​ពីរ​មាន​ហ្វ៊ែនៗ​គាំទ្រ​ច្រើនណាស់។

    ទោះបីជាការវិលចូលវិស័យសិល្បៈវិញលើកនេះ តារាស្រីរូបនេះនៅមិនទាន់ទទួលបានភាពជោគជ័យខ្លាំងមែន តែអ្នកគាំទ្ររូបនាងនៅតែបន្ដទទូចចង់ឃើញនាងសម្ដែង និងច្រៀងច្រើនដូចមុនដដែល តែនៅពេលនេះ គឺបានសម្រេចដូចការរំពឹងទុកហើយ។ ពាក់ព័ន្ធនឹងរឿងភាគថ្មី នៅមិនទាន់មានតម្រុយណាមួយបញ្ជាក់ថា នាងអាចនឹងចេញចម្រៀងប្រកបរឿងភាគនៅក្នុងទ្រនំធំនេះនៅឡើយ មានតែការរង់ចាំតាមដានជាបន្តតែប៉ុណ្ណោះ៕

  • ស្រៀវបុកពោះ!! ទស្សនាវីដេអូផ្សងគ្រោះថ្នាក់របស់អ្នកជួយសង្គ្រោះជីវិតក្រុមជ្រូកព្រៃទាំង 13រូប

    ស្រៀវបុកពោះ!! ទស្សនាវីដេអូផ្សងគ្រោះថ្នាក់របស់អ្នកជួយសង្គ្រោះជីវិតក្រុមជ្រូកព្រៃទាំង 13រូប

    តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា វីដេអូខាងក្រោមនេះ គឺជាវីដេអូរបស់ក្រុមអ្នកជំនាញជួយសង្គ្រោះ ដែលបានផ្សងគ្រោះថ្នាក់បំផុតក្នុងការរុកចូលទៅក្នុងរូងភ្នំនៅថ្ងៃទី7 គិតចាប់ពីថ្ងៃទី23  រហូតដល់ថ្ងៃទី29 ខែមិថុនា ឆ្នាំ2018 នៃថ្ងៃបាត់ខ្លួនរបស់ក្រុមកីឡាបាត់ទាត់ “ជ្រូកព្រៃ”​ ទាំង 13នាក់ក្នុងខេត្ត ឈៀងរ៉ាយ។

    វីដេអូមួយនេះ ត្រូវបានបង្ហោះដោយក្រុមការងារអ្នកជួយសង្គ្រោះ និងក្រុមអ្នកមានបទពិសោធដែលបានរុកចូលទៅក្នុងរូងភ្នំ និងបានធ្វើការខួងច្រក ប្រជ្រៀតខ្លួនចូលទៅតាមល្បាប់ភក់ក្នុងរូងភ្នំ និងត្រូវជ្រមុជទឹកក្នុងកម្រិតខ្ពស់ជាច្រើនកន្លុកកន្លៀត។ អ្វីដែលកត់សម្គាល់ឃើញតាមរយៈវីដេអូនេះ គឺក្រុមអ្នកជួយសង្គ្រោះពេលខ្លះស្ទើរតែមិនរួចជីវិតខ្លួនឯងផង ព្រោះត្រូវតស៊ូជាមួយឧបសគ្គដ៏ច្រើន ដោយក្ដីអត់ធ្មត់ក្នុងរយៈពេលយូរ លើសពីការហែលឆ្លងឧបសគ្គណាៗទាំងអស់។

    បើចង់ដឹងថា តើការជួយសង្គ្រោះមានភាពលំបាកលំបិន​យ៉ាងណា និងត្រូវឆ្លងកាត់អ្វីខ្លះនោះ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖

  • អ្នកជំនាញបង្ហើបថា ក្រុមកុមារបាល់ទាត់ “ជ្រូកព្រៃ” អាចនឹងជាប់ក្នុងនោះយូរខែទៀត

    អ្នកជំនាញបង្ហើបថា ក្រុមកុមារបាល់ទាត់ “ជ្រូកព្រៃ” អាចនឹងជាប់ក្នុងនោះយូរខែទៀត

    បើតាមរយៈសារព័ត៌មាន Sanook នៅពេលមុននេះបន្ដិច បានធ្វើការចេញផ្សាយថា បើទោះជាការរកឃើញគ្រូបង្វឹក អេក ​និងក្រុមបាល់ទាត់ “ជ្រូកព្រៃ” ដែលជាប់នៅក្នុងរូងភ្នំ “ថាំលួង” នៅមានជីវិតទាំង 13 រូបនោះជាដំណឹងល្អក្ដី ក៏ប៉ុន្ដែ អ្នកជំនាញជួយសង្គ្រោះបានបង្ហើបប្រាប់ថា នៅមិនទាន់មានសុវត្ថិភាពនៅឡើយទេ ព្រោះនៅមានចំណុចកង្វល់នៅក្នុងចិត្តនៅឡើយគឺ ការតម្រូវឱ្យក្រុម “ជ្រូកព្រៃ” នេះនៅក្នុងរូងភ្នំនោះជាបន្តសិន ដើម្បីរង់ចាំការជួយឱ្យបានចេញមកក្រៅក្នុងរយៈពេលប្រមាណជា 4ខែទៀត។

    បើតាមការដកស្រង់ចេញពីសារព័ត៌មានចក្រភពអង់គ្លេស The Guardian ក៏បានចេញផ្សាយដែrថា តាមរយៈសម្ដីរបស់លោក អៈណាន់ ស៊ុរ៉ាវាន់ ក្រុមជួយសង្គ្រោះពិសេសទី1 និងជាកងទ័ពជើងទឹកបានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ខណៈ​នេះមានការនាំយកស្បៀងអាហារ និងថ្នាំព្យាបាលជំងឺ ជាពិសេសគឺអាហារជេល ដែលមានគុណប្រយោជន៍ផ្ដល់ថាមពលកម្លាំងបានប្រសើរ ព្រមទាំងថ្នាំប៉ារ៉ាសេតាមុល ដល់អ្នកទាំង 13 រូបដែលកំពុងនៅក្នុងរូងភ្នំនៅឡើយ។

    លោក អៈណាន់ ស៊ុរ៉ាវាន់ បានអះអាងថា «ស្បៀងទាំងអស់នេះមានចំនួនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ ក្នុងការរង់ចាំជួយសង្គ្រោះក្មេងៗទាំង 13 នាក់ យ៉ាងយូរបំផុតរយៈពេល 4 ខែ និងមានការបង្ហាត់ជ្រមុជទឹកដល់ក្រុមជ្រូកព្រៃ ហើយក្រុមការងារខាងក្រៅក៏កំពុងតែព្យាយាមបូមទឹកចេញពីរូងភ្នំឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន»៕

  • នាយករដ្ឋមន្រ្តីថៃ គ្រោងរៀបចំរូងភ្នំ “​ថាំលួង” ជាតំបន់ទេសចរណ៍ល្អឯក

    នាយករដ្ឋមន្រ្តីថៃ គ្រោងរៀបចំរូងភ្នំ “​ថាំលួង” ជាតំបន់ទេសចរណ៍ល្អឯក

    បើតាមរយៈសារព័ត៌មាន Khaosod បានចេញផ្សាយឱ្យដឹងថា រូងភ្នំ “​ថាំលួង” បន្ទាប់ពីបានជួយសង្គ្រោះក្រុមកុមារបាល់ទាត់ “ជ្រូកព្រៃ” និងគ្រូបង្វឹកចេញមកក្រៅបានហើយ លោកនាយករដ្ឋមន្ត្រីថៃអាចនឹងប្រែក្លាយតំបន់នោះទៅជាគោលដៅទេសចរណ៍មួយដ៏សំខាន់។

    ថ្លែងចេញពីការិយាល័យរបស់លោកនៅពេលថ្មីៗកន្លងទៅនេះ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុធ ចាន់អូឆា(ឈ្មោះក្រៅ ប៊ិក ទូ)  បានគូសបញ្ជាក់ដូច្នេះថា «រូងភ្នំដែលស្ថិតនៅក្នុងខេត្តឈៀងរ៉ាយ ភាគខាងជើង​​នៃប្រទេសមួយនេះ ទំនងអាចនឹងក្លាយជាកន្លែងដ៏ល្បីល្បាញទាំងនៅក្នុងស្រុក និងពិភពលោក ហើយវាក៏អាចនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ល្អឯកផងដែរ។ ដូច្នេះយើងត្រូវតែចាត់វិធានការធានាសុវត្ថិភាពឱ្យស្របទៅតាមសកម្មភាពទេសចរណ៍»។  

    ដើម្បីតាមដានស្ថានការណ៍ក្នុងការជួយសង្គ្រោះក្មេងៗទាំង 13នាក់ លោកនាយករដ្ឋមន្រ្តីថៃបានបញ្ជាក់បន្ថែមថា ការងារសំខាន់ដែលពាក់ព័ន្ធនោះត្រូវប្រញាប់រៀបចំផែនការរៀបចំឧទ្យានជុំវិញតំបន់រូងភ្នំ ដើម្បីឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរឡើង ព្រោះយើងមានទំនុកចិត្តថា បន្ទាប់ពីហេតុការណ៍នេះកន្លងផុតទៅ នឹងមានភ្ញៀវទេសចរធ្វើដំណើរមកកាន់ប្រទេសថៃ និងចូលទៅទស្សនារូងភ្នំ “ថាំលួង” នេះកាន់តែច្រើនមិនខាន៕

  • ព័ត៌មានថ្មីៗ!! អ្នកសារព័ត៌មានបរទេសម្នាក់អះអាងថា គ្រូបង្វឹកមិនបាននាំក្មេងៗក្រុមជ្រូកព្រៃចូលទៅក្នុងរូងភ្នំទេ

    ព័ត៌មានថ្មីៗ!! អ្នកសារព័ត៌មានបរទេសម្នាក់អះអាងថា គ្រូបង្វឹកមិនបាននាំក្មេងៗក្រុមជ្រូកព្រៃចូលទៅក្នុងរូងភ្នំទេ

    មុននេះបន្ដិច សារព័ត៌មាន Teenee បានចេញផ្សាយព័ត៌មានមួយជ្រុងទៀតដែលបង្ហាញឱ្យដឹងថា បុរសដែលជាអ្នកសារព័ត៌មានបរទេសម្នាក់បានអះអាងថា គ្រូបង្វឹកបាល់ទាត់ លោក អេក ឬអេកផុន ចាន់ថៈវង្ស នោះ មិនមែនជាអ្នកដែលនាំក្មេងៗក្រុមជ្រូកព្រៃចូលទៅក្នុងរូងភ្នំថាំលួង នោះទេ ពោលគឺ លោកបានចូលទៅតាមរកពួកគេ បន្ទាប់ពីអាណាព្យាបាលបានទូរស័ព្ទទៅប្រាប់លោកថា ពួកកូនៗរបស់គាត់មិនឃើញត្រឡប់មកផ្ទះវិញ។

    តាមការបញ្ជាក់ និងលើកពីអំណះអំណាងរបស់សារព័ត៌មាន The Times អ្នកសារព័ត៌មានរូបនោះបានអះអាងប្រាប់ថា « លោកគ្រូមិនបាននាំពួកក្មេងៗចូលទៅក្នុងរូងភ្នំនោះទេ គឺពួកគេបានចូលទៅដោយខ្លួនឯង។ លោកគ្រូបានទទួលការទាក់ទងតាមទូរស័ព្ទពីក្រុមអាណាព្យាបាលរបស់ក្មេងៗ បន្ទាប់ពីពួកគាត់បានបាត់ដំណឹងកូនៗអស់រយៈពេល 1ម៉ោងរួចមក។ ដូច្នោះហើយទើបគាត់ចាកចេញពីតារាងទាត់បាល់ដែលមានចម្ងាយពីគ្នា 1គីឡូម៉ែត្រ ដើម្បីទៅស្វែងរកពួកក្មេងៗនៅក្នុងរូងភ្នំនោះ។ គាត់គួរតែបានទទួលនូវការអរគុណចំពោះភាពក្លាហាន ភាពទទួលខុសត្រូវ និងសមត្ថភាពរបស់គាត់ក្នុងការស្វែងរកក្មេងៗ និងថែរក្សាពួកគេយ៉ាងមានសុវត្ថិភាព។

    គួរបញ្ជាក់ផងដែរថា ចំពោះចម្ងល់ដែលថា លោកគ្រូបង្វឹកបាននាំក្មេងៗចូលក្នុងរូងភ្នំនោះ នៅមិនទាន់មានការបកស្រាយដោយផ្ទាល់មាត់អំពីលោកគ្រូ អេក នៅឡើយទេ មានតែរង់ចាំឱ្យពួកគេទាំង 13នាក់បានចេញមកខាងក្រៅរូងភ្នំដោយសុវត្ថិភាពជាមុនសិន ទើបអាចផ្ដល់នូវបទសម្ភាស និងចម្លើយច្បាស់លាស់បាន៕

     

  • ម៉ៃ សុគន្ធ បានប្រតិកម្មចំពោះសារព័ត៌មាន CBC របស់កាណាដា

    ម៉ៃ សុគន្ធ បានប្រតិកម្មចំពោះសារព័ត៌មាន CBC របស់កាណាដា

    ថ្មីៗនេះអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា មានប្រតិកម្មយ៉ាងខឹងសម្បាជាមួយសារព័ត៌មានដ៏ធំមួយរបស់ប្រទេសកាណាដាដែលមានឈ្មោះថា CBC ដែលបានផ្សាយព័ត៌មានពាក់ព័ន្ធជាមួយការបាត់ខ្លូនក្មេងៗនៅក្នុងរូង  ភ្នំដោយបានបង្ហាញរូបភាពប្រទេសកម្ពុជាទៅជាឈ្មោះប្រទេសឡាវទៅវិញខណៈពេលសារព័ត៌មានរបស់កាណាដាមួយនេះកំពុងតែផ្សាយចេញទៅទូទាំងពិភពលោកបានទស្សនា។

    ប៉ុន្មានម៉ោងមុននេះបន្ដិចតារាចម្រៀង និងជាតារាហ្វេសប៊ុកកំពូលរិះគន់ គឺលោក ម៉ៃ សុគន្ធ ក៏បានបញ្ចេញមតិមួយចំនួនជុំវិញបញ្ហានេះ ហើយក៏ទទួលបានការគាំទ្រជាច្រើនពីមហាជនខ្មែរផងដែរ។ ភ្លាមៗ លោក ម៉ៃ សុគន្ធ បានប្រតិកម្មតាមរយៈសារ និងវីដេអូ​ ដែលមានន័យបែបនេះថា «ចេតនា ឬអចេតនា សូមឱ្យសារព័ត៌មាន CBC របស់កាណាដា #Canada លុបជាបន្ទាន់ និងចេញសារសុំទោសប្រជាជនខ្មែរ Cambodia ជាសាធារណៈ»។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូ និងរូបភាពលម្អិតខាងក្រោមនេះ៖

  • សុភ័ក្រ កុសុម៉ា បង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយពីដឹងថា រកឃើញក្មេងទាំង13នាក់ក្នុងរូងភ្នំ

    សុភ័ក្រ កុសុម៉ា បង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយពីដឹងថា រកឃើញក្មេងទាំង13នាក់ក្នុងរូងភ្នំ

    រឿងរ៉ាវរបស់ក្មេងៗក្រុមបាល់ទាត់ “ជ្រូកព្រៃ” ពិតជាមានការចាប់អារម្មណ៍ខ្លាំងទូទាំងពិភពលោកតែម្ដង សូម្បីតែប្រជាជនខ្មែរយើងក្នុងប្រទេសកម្ពុជា ដែលជាប្រទេសជិតខាងក៏បង្ហាញពីក្ដីបារម្ភ និងចូលរួមបន់ស្រន់ជាមួយគ្នាដែរ។ ទន្ទឹមនឹងការទទួលបានដំណឹងថា រកឃើញក្មេងៗទាំងអស់នោះហើយ ប៉ុន្មានម៉ោងមុននេះ តារាស្រីល្បីឈ្មោះពូកែវោហារស័ព្ទកំប្លុកកំប្លែង កញ្ញា សុភ័ក្រ កុសុម៉ា ក៏បានលើកឡើងពីបញ្ហានៃការរកឃើញក្មេងៗទាំង 12 រូប និងគ្រូបង្វឹកម្នាក់ដែលបាត់ខ្លួនក្នុងរូងភ្នំនេះដែរ។

    យ៉ាងណាមិញតារាស្រីរូបនេះបានចូលរួមយោបល់ខ្លះៗ បន្ទាប់ពីបានទទួលដំណឹងពីការរកឃើញកីឡាករតូចៗទាំង 13 នាក់នៅក្នុងរូងភ្នំ ថាំលួង ដែលជាព័ត៌មានល្បីល្បាញ ជាពិសេសក្នុងបណ្តាញសង្គម Facebook តែម្តង។ ជាមួយគ្នាដែរ កញ្ញា កុសុម៉ា ក៏បានរៀបរាប់ក្នុងបណ្តាញសង្គម Facebook របស់ខ្លួនថា៖

    «ថៃខ្លះស្អប់ខ្មែរ ខ្លះមើលងាយខ្មែរ តែបងប្អូនខ្មែរមិនដែលស្អប់វិញទេ មានតែពាក្យជូនពរគ្រប់ៗគ្នា បញ្ជាក់បានថាបងប្អូនខ្មែរមានបេះដូងស្មោះមិនគុំគួន មិនច្រណែន មិនដែលចង់ឈ្លានពាន មិនដែលចង់បានអ្វីក្រៅពីរបស់ខ្លួន ថ្ងៃណាមួយអ្នកនឹងយល់ ព្រោះរឿងរបស់ប្រទេសអ្នកទេ តែបងប្អូនខ្មែររបស់ខ្ញុំបារម្ភគ្រប់ៗគ្នា ទោះខ្លះនិយាយខុសឬត្រូវសូមមេត្តាជួយមើលផង ថាប្រទេសខ្ញុំយកចិត្តទុកដាក់លើប្រទេសអ្នកម៉េចខ្លះ កុំតិចឡើងជេរដៀលខ្មែរក្នុងទូរទស្សន៍ចង្អុលពេញៗកញ្ចក់ទូរទស្សន៍អី ហើយខ្ញុំសូមចូលរួមអបអរសាទរព្រោះបានរកឃើញប្អូនៗ13នាក់ឃើញហើយពីខ្ញុំជាកូនខ្មែរ សូមអរគុណ!(អូនសុំទៅគិតរឿងសប្បាយរបស់ប្រទេសអូនវិញព្រោះក្រមាខ្មែរទើបតែចុះកំណត់ត្រាពិភពលោកហើយថ្មីៗតោះបងប្អូនជប់លៀង)»។

    សូមជម្រាបបន្ថែមផងដែរថា ការលើកឡើងរបស់តារាស្រីរូបនេះ ទំនងជានាងចង់បញ្ជាក់ពីបញ្ហា ដែលពិធីករស្ថានីយទូរទស្សន៍ ដែលបានបញ្ចេញកំហឹងប្រតិកម្មចំពោះទំព័រហ្វេសប៊ុកនៅកម្ពុជាមួយចំនួន ដែលបានបំផ្លើសព័ត៌មាន និងប្រឌិតរឿងហេតុនៃការស្លាប់របស់ក្មេងៗ ដោយរកឃើញសាកសព មុនពេលថ្ងៃទទួលដំណឹងថា ពួកគេនៅមានជីវិតនៅឡើយ។ ហើយពិធីកររូបនេះ បានធ្វើការស្នើរសុំឱ្យមន្ដ្រីប៉ូលិសថៃ ធ្វើការស៊ើបអង្កេតចំពោះបញ្ហានេះ និងចាប់ខ្លួនអ្នកបង្កចលាចលក្នុងសង្គមទៅតាមផ្លូវច្បាប់។

    សម្តីរបស់កញ្ញា ប៉ុន្មានម៉ាត់នេះត្រូវបានមិត្តៗរួមអាជីព និងអ្នកគាំទ្រជាច្រើនរបស់កញ្ញា បានបញ្ចេញមតិគាំទ្រយ៉ាងខ្លាំង ចុះប្រិយមិត្តទាំងអស់គ្នាវិញ គិតយល់ឃើញយ៉ាងណាដែរ?