Author: អេបិល

  • ក្ដៅហុយៗ!! ចាប់ផ្ដើមប្រតិបត្តិការណ៍ទី 2 យកក្មេងៗចេញពីរូងភ្នំថាំលួង

    ក្ដៅហុយៗ!! ចាប់ផ្ដើមប្រតិបត្តិការណ៍ទី 2 យកក្មេងៗចេញពីរូងភ្នំថាំលួង

    តាមរយៈសារព័ត៌មានថៃ MGR Online បានចេញផ្សាយមុននេះបន្ដិច បានឱ្យដឹងថា អ្នកជំនាញជ្រមុជទឹកចូលរូងភ្នំងថាំលួង បានចាប់ផ្ដើមប្រតិបត្តិការណ៍ទី 2 ដើម្បីចូលយកក្រុមក្មេងៗ ក្រុមជ្រូកព្រៃដែលនៅសល់ 9 នាក់ក្នុងឈុតទី 2។

    បើតាមការណ៍ការពីអ្នកសារព័ត៌មានថៃ បានអះអាងថា ក្រុមអ្នកជ្រមុជបានចាប់ផ្ដើមចូលទៅប្រតិបត្តិការណ៍គម្រោងទី 2 នេះ នៅវេលាម៉ោង 1 រសៀល ដែលមានជនជាតិបរទេសចំនួន 10 រូប ដើម្បីជួយសង្គ្រោះអ្នកនៅសល់ទាំង 9 នាក់នៅរង់ចាំត្រង់ចំនុចទួលដោះក្រមុំ ឆ្ងាយពីមាត់ច្រករូងភ្នំថាំលួង 3.7 គីឡូម៉េត្រ។

    គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃនេះ ក្រុមអ្នកជំនាញជួយសង្គ្រោះបានធ្វើការផ្លាស់ប្ដូរផែនការ ខុសពីថ្ងៃម្សិលមិញដែលបាននាំចេញតែក្មេងៗដែលមានសុខភាពរឹងមាំ ពោលគឺ លោកវេជ្ជបណ្ឌិត រីឆាត ហ៊ែរីស ជាអ្នកត្រួតពិនិត្យសុខភាពក្មេងៗ បានអះអាងថា នៅក្នុងថ្ងៃនេះ នឹងនាំចេញតែចំពោះក្មេងៗដែលមានសុខភាពអន់ខ្សោយជាងគេបង្អស់ ដោយទុកអ្នកនៅសល់មានសុខភាពមាំមួន៕

  • ទម្លាយមូលហេតុដែលត្រូវនាំក្មេងៗ 4 នាក់ដំបូងចេញពីរូងភ្នំថាំលួង

    ទម្លាយមូលហេតុដែលត្រូវនាំក្មេងៗ 4 នាក់ដំបូងចេញពីរូងភ្នំថាំលួង

    តាមរយៈសារព័ត៌មាន Teenee បានឱ្យដឹងថា បើតាមគ្រូពេទ្យ និងក្រុមអ្នកជំនាញជួយសង្គ្រោះស្ម័គ្រចិត្តបានបង្ហើបហេតុផលដែលត្រូវនាំ 4 អ្នកនាក់ដំបូង នៃក្រុមជ្រូកព្រៃចេញពីរូងភ្នំថាំលួងជាឈុតដំបូង។

    ចំណែកក្រុមឧតុនិយមវិញ បានបង្ហាញពីការព្រួយបារម្ភចំពោះភ្លៀងធ្លាក់ខ្លាំងដែលនាំឱ្យមានគ្រោះថ្នាក់ ធ្វើឱ្យកម្រិតកម្ពស់ទឹកនៅក្នុងរូងភ្នំកើនឡើង និងណែនាំឱ្យប្រញាប់នាំ 9 នាក់ដែលនៅសល់ ចាកចេញពីរូងភ្នំឱ្យបានលឿនបំផុត។

    បើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យជំនាញ បានរាយការណ៍ប្រាប់អ្នកសារព័ត៌មានថា ឈុតដំបូងដែលត្រូវនាំចេញពីរូងភ្នំទាំង 4 នាក់នេះ សំខាន់បំផុតគឺការពិនិត្យសុខភាពរាងកាយ និងផ្លូវចិត្ត។ បើទោះបីជាគ្មាននរណាម្នាក់បានឃើញពីការនាំក្មេងៗចេញមកខាងក្រៅដោយវិធីជ្រមុជទឹកបែបណាក៏ដោយ តែប្អូនទាំង 4 នាក់ដែលនាំចេញមកបាន សុទ្ធតែមានសភាពរាងកាយរឹងមាំ បានចេញមកមុន។

    ចំនែកអ្នកដែលនៅសល់ 9 នាក់ទៀត បើទោះបីជាក្មេងៗប្រុស តែក្រុមអ្នកចិត្តវិទ្យា បានអះអាងថា ពួកគេនៅមិនទាន់មានភាពក្លាហានគ្រប់គ្រាន់ និងដើម្បីបញ្ចៀសនូវបញ្ហាគ្រោះថ្នាក់កើតឡើងពីការជ្រមុជទឹក ទើបត្រូវឱ្យនៅរង់ចាំសិន។

    គួរបញ្ជាក់ផងដែរថា ការពិចារណានាំអ្នកដែលមានសភាពរាងកាយរឹងមាំចេញមកមុនគឺជារឿងសំខាន់ និងមាននៅសល់ខ្លះទៀត មានជំងឺហ៊ឺត ។

    ដោយឡែកករណីគ្រូបង្វឹកវិញ អាចនឹងមានអាការជំងឺនៅត្រឹមកម្រិតព័ណ៌លឿង ដែលគ្រូពេទ្យបានណែនាំឱ្យនៅថែរក្សារាងកាយឱ្យរឹងមាំជាមុនសិន។

    សូមជម្រាបបន្ថែមថា ខណៈនេះនៅតំបន់ខេត្ត ឈៀងរ៉ាយ កំពុងមានភ្លៀងធ្លាក់តាមរយៈៗ ដែលបង្កឱ្យមានក្ដីបារម្ភ និងប្រញាប់យកអ្នកនៅសល់ទាំង 9 នាក់ឱ្យបានចេញពីរូងកាន់តែលឿនបំផុត៕

  • ប្រជាពលរដ្ឋខ្មែរនឹងមានទឹកស្អាតប្រើទូទាំងប្រទេសនៅឆ្នាំ2030

    ប្រជាពលរដ្ឋខ្មែរនឹងមានទឹកស្អាតប្រើទូទាំងប្រទេសនៅឆ្នាំ2030

    តាមរបាយការណ៍ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋដែលទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតមានចំនួន 6,747គ្រួសារ ស្មើនឹង53% ហើយក្រសួងរំពឹងថានឹងឡើងដល់ 92% នៅឆ្នាំ2022 និងនៅឆ្នាំ2030 ប្រជាពលរដ្ឋនឹងទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត 100%តែម្ដង។ 

    ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឱ្យដឹងនៅក្នុងពិធីចុះពិនិត្យទីតាំងស្ថានីយសាងសង់រោងចក្រផលិតទឹកស្អាតនៅស្ថានីយទឹកឈូថា ដោយសារតម្រូវការទឹកមានការកើនឡើងឥតឈប់ឈរ ក្រសួង អង្គភាពរដ្ឋាករទឹក និងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម បានខិតខំទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA ដើម្បីស្នើសុំជំនួយឥតសំណងពីរាជរដ្ឋាភិបាលជប៉ុនក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀត។

    ជាលទ្ធផលអង្គភាពរដ្ឋាករទឹកខេត្តកំពតកំពុងអនុវត្តប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដោយអនុវត្តការកសាងបានចំនួន98% ហើយ។ ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកឆៅនៅទឹកឈូ មានសមត្ថភាពផលិតបាន 8,250ម៉ែត្រគុបក្នុងមួយថ្ងៃ បំពង់នាំទឹកឆៅពីស្ថានីយទឹកឈូទៅរោងចក្រផលិតទឹកស្អាតមានប្រវែង 5.3គីឡូម៉ែត្រ សាងសង់រោងចក្រផលិតទឹកស្អាតមួយកន្លែងនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរដែលមានសមត្ថភាពផ្គត់ផ្គង់បាន 7,500ម៉ែត្រគុប ក្នុងមួយថ្ងៃ ព្រមទាំងពង្រីកបណ្តាញចែកចាយបានប្រវែង 89.9គ.មដែលអាចផ្គត់ផ្គង់ក្នុងក្រុងកំពតទាំងមូលបាន និងមួយផ្នែកនៃស្រុកទឹកឈូ ដែលមាន 6ឃុំទៀតផង។

    ក្នុងការចូលរួមចំណែកលើកកម្ពស់សុខភាពពលរដ្ឋ ក្រសួងបានខិតខំសហការជាមួយដៃគូឯកជន និងភាគីផ្តល់ជំនួយនានាដើម្បីពង្រីកបណ្តាញសេវាទឹកស្អាតនេះ ឱ្យបានដល់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ឱ្យបាន100%ទូទាំងប្រទេសនៅត្រឹមឆ្នាំ2030៕

  • គន្លឹះសំខាន់មួយចំនួនសម្រាប់សរសេរតែងសេចក្តីមុនប្រឡងបាក់ឌុប

    គន្លឹះសំខាន់មួយចំនួនសម្រាប់សរសេរតែងសេចក្តីមុនប្រឡងបាក់ឌុប

    ការតែងសេចក្តីអាចជាចំណូលចិត្តសំខាន់មួយសម្រាប់​​សិស្សដែលពូកែ និងចូលចិត្ត​មុខវិជ្ជាភាសា ឬ​វិទ្យាសាស្រ្តសង្គម តែវាអាចជារឿងលំបាក​សម្រាប់អ្នក​មួយចំនួនដែលចូលចិត្តមុខវិជ្ជាវិទ្យាសាស្រ្តពិត ខណៈ​មានអ្នកសិក្សាខ្លះ​ពូកែទាំងមុខវិជ្ជាវិទ្យាសាស្រ្តពិត ហើយពូកែទាំងសរសេរ។

    សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិជារៀងរាល់ឆ្នាំ តែងសេចក្តីត្រូវបានគេដាក់បញ្ចូលទៅក្នុងមុខវិជ្ជាភាសាខ្មែរសម្រាប់​គ្រប់​បេក្ខជនប្រឡងទាំងអស់មិនថា អ្នកប្រឡងវិទ្យាសាស្រ្តសង្គម ឬផ្នែកវិទ្យាសាស្រ្តពិតនោះទេ ខុសគ្នាតែលើ​កម្រិតពិន្ទុតែប៉ុណ្ណោះ។ ហេតុនេះ​មានសិស្សមួយចំនួន​ហាក់មានការព្រួយបារម្ភ ខណៈ​អ្នកខ្លះទៀត​បន់ស្រន់ឱ្យ​ប្រធានតែងសេចក្តីដូចអ្វីដែលខ្លួនបានទន្ទេញ ឬបានអានទៅវិញ។

    មានសិស្សជាច្រើន​សប្បាយចិត្តនៅពេលដែល​ប្រធានតែងសេចក្តី​ចេញមកដូចអ្វីដែលគេធ្លាប់អានបេះបិទ តែតាមពិតរឿងនេះមិនប្រាកដថាល្អនោះទេប្រសិន​បើគេព្យាយាម​សរសេរតាមការចងចាំពីអត្ថបទដែលគេសរសេរស្រាប់ៗ ឬមិនមានគំនិតបង្កើតថ្មីល្អៗនោះ។ លើសពីនេះទៅទៀត វាជំរុញឱ្យ​គាត់​ក្លាយជាមនុស្សដែលមានការភ័យខ្លាច ហើយបាត់បង់ជំនឿជាក់លើខ្លួនឯង ដោយសារតែ​គាត់​ផ្តោតខ្លាំងពេកលើអត្ថបទដែលគេធ្លាប់សរសេរ ហើយមិន​ព្រមពឹងលើសមត្ថភាពរបស់ខ្លួនឯងផ្ទាល់។

    ខាងក្រោមនេះជាវិធីមួយចំនួន​សម្រាប់​ជំនួយដល់ការសរសេរតែងសេចក្តី ដែលវាអាចជាគំនិតខ្លះៗសម្រាប់ពិចារណា។ បើទោះបីជាវាមិនមែនជាវិធានដែលធានាថាអនុវត្តហើយអាច​សរសេរបានល្អទាំងស្រុងក៏ដោយ តែវាអាច​ជាផ្នែកមួយសម្រាប់អនុវត្តដោយប្រើប្រាស់សមត្ថភាពខ្លួនឯងផ្ទាល់ ហើយមិនចាំបាច់លួចចម្លង ឬ​ធ្វើអ្វីឱ្យខុសពី​ច្បាប់ប្រឡង។

    1.សង្ខេបអក្សរសិល្ប៍ និងអត្ថបទសំខាន់ៗទាំងអស់ក្នុង​កម្មវិធីអប់រំ

    ការសង្ខេប​រឿងអក្សរសិល្ប៍​ទាំងអស់​ដោយចាប់ផ្តើមពីការរាប់ចំណងជើងរឿងធំៗដូចជា រាមកេរ្តិ៍​ ព្រះអាទិត្យថ្មីរះលើផែនដីចាស់ ទុំទាវ គូលីកំណែន និងរឿងជាច្រើនផ្សេងទៀត រហូតដល់រឿងតូចៗមួយចំនួន​ទៀតដែលភាគច្រើនជារឿងព្រេងនិទានខ្មែរ ជា​ចំណុចសំខាន់មួយក្នុងការ​ទាញយកតម្លៃអប់រំនៃសាច់រឿង។

    ការតែងសេចក្តី​ពេលខ្លះគេកំណត់ប្រធាន​បទដោយដកស្រង់​យក​តម្លៃអប់រំនៃសាច់រឿងនីមួយៗ មកដាក់ឱ្យបកស្រាយ ឬពិភាក្សា ហេតុនេះ​កត្តាប្រឈមដែលអ្នកសរសេរភាគច្រើនជួប គឺមិនដឹងច្បាស់ពីសាច់រឿងនោះ។ ហេតុនេះ​ដើម្បី​​បង្កើនភាពកក់ក្តៅសម្រាប់​ការត្រៀមតែងសេចក្តី យើងមិនចាំបាច់​ត្រូវ​អានរឿងរាប់រយទំព័រឡើងវិញនោះទេ តែយើងអាចធ្វើការសង្ខេប​តម្លៃអប់រំ ឬស្វែងរកឯកសារដែលមានការសង្ខេបខ្លីៗស្រាប់មកអានឱ្យយល់សម្រាប់ជាគំនិតក្នុងការសរសេរជាការស្រេច។

    ក្រៅពីនេះ ការសង្ខេបរឿងអក្សរសិល្ប៍ទៅជា​ផ្នែកខ្លីៗនេះធ្វើឱ្យយើងងាយចាំ​ ចំណាយពេលវេលាតិច តែអាចទទួលគំនិតសម្រាប់​លើកជាឧទាហរណ៍ក្នុងសេចក្តីពន្យល់​បាន ព្រោះការតែងសេចក្តីត្រូវការ​លើកឧទាហរណ៍ជាក់ស្តែងពីក្នុង​អក្សរសិល្ប៍ ប្រវត្តិសាស្រ្ត និងសង្គមជាក់ស្តែង។

    2.គូស​គំនូសព្រៀងពីលំហូរនៃគំនិត (Mind maps)

    រាល់ការសរសេរតែងសេចក្តី ចាំបាច់ត្រូវតែចេះលេងពាក្យឱ្យពីរោះស្តាប់ មានលំដាប់លំដោយ ហើយគោរពទៅតាម​ទម្រង់​នៃការសរសេរ ហេតុនេះមានពេលខ្លះ​អ្នកសរសេរ​អាច​ភ្លេចចំណុចសំខាន់ៗ​ខ្លះ​នៅពេលដែលដាក់ប៊ិចដល់ក្រដាសប្រឡង។

    ដើម្បីធានាថា​លំហូរនៃគំនិតរបស់យើងអាចធ្វើបានល្អ ហើយត្រូវទម្រង់​នៃការតែងសេចក្តីទៀតនោះ អ្នកសរសេរគួរ​រៀបចំ​បែងចែកគំនិតព្រាងប្រមាណ 5នាទី ឬ10នាទី មុនពេល​សរសេរ។

    ដំណាក់កាលនេះ អ្នកសរសេរ​ត្រូវអានប្រធានឱ្យ​បានច្រើនដងច្រើនសា ដើម្បីធានាថាការបកស្រាយមិនខុសអត្ថន័យសំខាន់។ បន្ទាប់ពីយល់អត្ថន័យហើយ​គាត់អាច​កំណត់ជាផ្នែកថា អ្វីខ្លះដែលត្រូវយកមកសរសេរនៅផ្តើមសេចក្តី ហើយ​អ្វីខ្លះដែលត្រូវយកមកបកស្រាយ​ក្នុងតួសេចក្តី។ លើសពីនេះទៅទៀត ចំណុចដែល​ត្រូវយកចិត្តទុកដាក់ គឺអំណះអំណាង​គាំទ្រ ឬឧទាហរណ៍​ដែលត្រូវបញ្ចូល​ក្នុង​ការពន្យល់​ថា តើ​ត្រូវដាក់ចំណុចណាមុន បន្ទាប់មក​គួរបញ្ចូលរឿងអ្វីខ្លះបន្ថែមទៀត មុននឹងទាញចូលបទពិសោធប្រវតិ្តសាស្រ្ត និងស្ថានភាពជាក់ស្តែងនៃការរស់នៅ រហូតឈានដល់ការបង្កើតជាអត្ថបទដែលគ្រប់ជ្រុងជ្រោយ៕

  • រដ្ឋមន្ត្រីពាណិជ្ជកម្មចង់ឱ្យប្រទេសជប៉ុនជួយកែលម្អផលិតផលក្នុងស្រុកឱ្យមានស្តង់ដាដូចជប៉ុន

    រដ្ឋមន្ត្រីពាណិជ្ជកម្មចង់ឱ្យប្រទេសជប៉ុនជួយកែលម្អផលិតផលក្នុងស្រុកឱ្យមានស្តង់ដាដូចជប៉ុន

    ក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងស្វែងរកជំនួយរបស់ជប៉ុនដើម្បីកែលម្អផលិតផលដែលផលិតដោយសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានស្នើសុំឱ្យពួកគេពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីបង្កើនគុណភាពផលិតផលក្នុងស្រុកឱ្យមានគុណភាពស្តង់ដារបស់ជប៉ុន ដែលអាចយកទៅប្រើប្រាស់ក្នុងតម្រូវការក្នុងស្រុក ឬត្រូវបាននាំចេញទៅប្រទេសជប៉ុន។ នេះបើតាមការឱ្យដឹងក្រោយពីជំនួបមួយរបស់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាជាមួយលោក Miyao Masahiroប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(Jetro) )Japan External Trade Organization

    លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ៖«ប្រទេសកម្ពុជាត្រូវការវិនិយោគិនជប៉ុនដើម្បីសហការជាមួយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងការអភិវឌ្ឍខ្សែចង្វាក់តម្លៃផលិតផលមួយចំនួនឱ្យមានគុណភាពខ្ពស់ និងស្តង់ដារបែបជប៉ុនសំដៅឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុកដែលអាចត្រូវបានដាក់លក់នៅផ្សារទំនើបអ៊ីអន និងនាំចេញទៅកាន់ទីផ្សារជប៉ុន»

    ជាការឆ្លើយតបទៅនឹងសំណើរបស់លោករដ្ឋមន្ត្រី លោកMasahiro បានសន្យាថានឹងលើកកម្ពស់ឱកាសអាជីវកម្មនៅក្នុងប្រទេសកម្ពុជានៅក្នុងប្រទេសកំណើតរបស់ខ្លួន និងជំរុញឱ្យក្រុមហ៊ុនជប៉ុនវិនិយោគក្នុងវិស័យSMEកម្ពុជា។ លោកក៏បានសន្យាខិតខំផ្សព្វផ្សាយអំពីឱកាស និងសក្តានុពលវិនិយោគរបស់ប្រទេសកម្ពុជាដល់សហគមន៍ធុរកិច្ចនៅក្នុងប្រទេសជប៉ុនដើម្បីកៀងគរវិនិយោគិនជប៉ុនឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើនលើវិស័យSME និងវិស័យអាទិភាពផ្សេងៗរបស់កម្ពុជាសំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

    ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនបានកើនឡើងក្នុងអំឡុងពេល3ខែដំបូងនៃឆ្នាំ2018 ដោយឈានដល់ 390លានដុល្លារកើនឡើង15ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ យោងតាមតួលេខពីក្រុមហ៊ុន Jetro ការនាំចូលពីជប៉ុនបានធ្លាក់ចុះ1,7%មកនៅត្រឹម87,3លានដុល្លារដោយបង្កើនឱនភាពពាណិជ្ជកម្មជាមួយប្រទេសជប៉ុន។

    លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់កាសែតឡារ៉ែនតាមទូរស័ព្ទថា ក្នុងគោលបំណងជាសំខាន់នៃជំនួបជាមួយភាគីជប៉ុន(Jetro)នោះ គឺកម្ពុជាចង់ឱ្យលោកMasahiroជាតំណាងថ្មីបន្តការងារក្នុងស្ថានភាពសហការគ្នាក្នុងសភាពដដែល ដោយក្រសួងបានសន្យា ពង្រឹងកិច្ចសហប្រតិបត្តិការ ដោយបន្តផ្តល់ការគាំទ្រគ្រប់បែបយ៉ាងជូនវិនិយោគិនជប៉ុនដែលមានបំណងបណ្តាក់ទុនធ្វើពាណិជ្ជកម្ម និងនៅតែបន្តជួយសម្រួលវិនិយោគិនជប៉ុនក្នុងការចុះបញ្ជីក្រុមហ៊ុន និងការពង្រីកធុរកិច្ច និងវិនិយោគរវាងកម្ពុជាជប៉ុន នៅក្នុងប្រទេសកម្ពុជា។

    លោកបានបន្តថា៖«ជាពិសេសក្នុងការដែលឱ្យជប៉ុនជួយក្នុងវិស័យSMEគឺជំរុញក្នុងការលើកកម្ពស់ស្តង់ដារផលិតកម្មតាមមធ្យោបាយណាក៏ដោយ ដែលមានគុណភាពខ្ពស់ និងស្តង់ដារបែបជប៉ុនសំដៅឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុកផង និងអាចនាំចេញទៅកាន់ទីផ្សារក្រៅស្រុកផងដែរ​»។ ការនាំចេញទៅកាន់ទីផ្សារក្រៅស្រុកបានច្រើនជាការទទួលខុសត្រូវរបស់ក្រសួងពាណិជ្ជកម្ម ព្រោះការដែលនាំចេញផលិតផលបានកាន់តែច្រើន ជាចរន្តនៃលំហូរទំនិញនៃភាគីទាំងពីរនាំមកនូវកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេស។

    យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ជាមួយនឹងគម្រោងដែលបានចុះបញ្ជីជាង130គម្រោងដែលបានវិនិយោគនៅក្នុងវិស័យធនាគារវិស័យអចលនទ្រព្យវិស័យឧស្សាហកម្មសេវាកម្មនិងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យជាច្រើនមុខផ្សេងទៀត។ ការវិនិយោគរបស់ជប៉ុននៅក្នុងព្រះរាជាណាចក្រកម្ពុជាមានតម្លៃ1,6 ប៊ីលានដុល្លារនៅក្នុងឆ្នាំ2017៕

  • ឱកាសល្អសម្រាប់​យុវជនខ្មែរដែលចង់បម្រើការងារនៅលេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ

    ឱកាសល្អសម្រាប់​យុវជនខ្មែរដែលចង់បម្រើការងារនៅលេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ

    ក្លាយជា​អ្នកជំនាញម្នាក់នៅក្នុងស្ថាប័ន​អន្តរជាតិសំខាន់ៗ​ជា​ក្តីស្រមៃធំមួយរបស់​យុវជន​កម្ពុជា​មួយចំនួន​ដែលកំពុងសិក្សា ឬធ្វើការងារ​លើវិស័យ​សង្គម​នៅកម្ពុជា។

    នាពេលនេះឱកាសល្អបានមកដល់ហើយសម្រាប់អ្នកចង់បម្រើការងារជា​មន្ត្រីជំនាញវ័យក្មេង​បម្រើការងារនៅ​លេខាធិការដ្ឋាន​អង្គការសហប្រជាជាតិតាមរយៈកម្មវិធី (Young Professionals Programme-YPP)។ ក្នុងនោះយុវជនកម្ពុជា​ក៏អាចមានសិទ្ធិក្នុងការចូលរួមប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ។

    ជាលក្ខខណ្ឌ​សម្រាប់បេក្ខជនប្រឡងគឺចាំបាច់ជាបេក្ខជន​នៃប្រទេសដែលជាសមាជិកនៃអង្គការសហប្រជាជាតិ មានសញ្ញាបត្រ​បរិញ្ញាបត្រ ឬសញ្ញាបត្រ​មានតម្លៃស្មើដែលទាក់ទងនឹងការងារស្នើសុំ។ បេក្ខជនចាំបាច់ត្រូវមានអាយុតិចជាង 32ឆ្នាំ ឬជាអ្នកកើតនៅក្រោយថ្ងៃទី1 ខែមេសា ឆ្នាំ1986 និងមានសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេស និងបារាំងច្បាស់លាស់។

    បេក្ខជន​ចាំបាច់ដាក់ពាក្យ​តាម​ Online ក្នុងគេហទំព័រ https://careers.un.org/yppចាប់ពីខែឧសភា ដល់​ចុងខែកក្កដា ឆ្នាំ2018៕

  • ADBផ្តល់ប្រាក់កម្ចីចំនួន 90លានដុល្លារដើម្បីធ្វើទំនើបកម្មវិស័យកសិកម្ម

    ADBផ្តល់ប្រាក់កម្ចីចំនួន 90លានដុល្លារដើម្បីធ្វើទំនើបកម្មវិស័យកសិកម្ម

    ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) Asian Development Bankបានអនុម័តប្រាក់កម្ចីចំនួន 90លានដុល្លារកាលពីថ្ងៃពុធ ដើម្បីជួយដល់ប្រទេសកម្ពុជា​ក្នុង​ការ​លើកកម្ពស់ ពង្រឹង​ភាព​ធន់​នឹង​អាកាសធាតុ​និង​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​។

    តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ​គម្រោង​ខ្សែ​ចង្វា​ក់​ផលិតកម្ម​កសិ-ពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ​អំណោយផល​ដល់​អាកាសធាតុ ​ហើយក៏​ទទួល​បាន​ជំនួយ​ពី​កម្ចី​បន្ថែមចំនួន 10លាន​ដុល្លារ ​និង​ជំនួយ​ឥត​សំណង​ចំនួន ​30លាន​ដុល្លារ​ពី​មូលនិធិ​អាកាសធាតុ​បៃតង​(GCF) Green Climate Fund ដែលគម្រោង​ទាំងនេះ​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​ADB​។ វាក៏ជាគម្រោងទីមួយដែលត្រូវបានអនុវត្តបន្ទាប់ពីការអនុម័តយុទ្ធសាស្រ្តសម្រាប់ការលើកកម្ពស់ខ្សែចង្វាក់តម្លៃដែលមានមូលដ្ឋានលើកសិ-ឧស្សាហកម្មដែលមានសុវត្ថិភាព និងបរិស្ថានដែលងាយស្រួលក្នុងផែនការសកម្មភាពមហាអនុតំបន់ទន្លេមេគង្គ (GMS) Greater Mekong Subregion និងផែនការសៀមរាបឆ្នាំ2018 – 2022 ។

    គម្រោងនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មក្នុងតំបន់ក្នុងមហាអនុតំបន់ទន្លេមេគង្គខណៈពេលដែលការគូសបញ្ជាក់ពីគុណតម្លៃបន្ថែមរបស់ធនាគារអភិវឌ្ឍន៍អាស៊ីជាពិសេសនៅក្នុងការបញ្ចូលបច្ចេកវិទ្យាទំនើបនៅក្នុងគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

    លោក Srinivasan Ancha អ្នកឯកទេសខាងការប្រែប្រួលអាកាសធាតុរបស់ADB ប្រចាំនៅអាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា «វិស័យកសិកម្មដើរតួយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប៉ុន្តែវិស័យនេះពឹងផ្អែកយ៉ាងធំធេងលើការចិញ្ចឹមជីវិត។ ការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងមូល​និធិសកលនឹងជួយដល់វិស័យកសិកម្មរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកការអនុវត្តទំនើបៗជាងមុន និងការទ្រទ្រង់ដល់អាកាសធាតុ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»

    វិស័យកសិកម្មរបស់កម្ពុជាដែលផលិតផលិតកម្មកែច្នៃ ដឹកជញ្ជូន និងធ្វើពាណិជ្ជកម្មកសិផល – មានប្រហែល33,7% នៃផលិតផលក្នុងស្រុកសរុប។ ទោះជាយ៉ាងណាក៏ដោយចង្វាក់តម្លៃកសិផលនៅក្នុងប្រទេសនៅតែមានភាពបែកបាក់ជាទូទៅ និងមិនមានការអភិវឌ្ឍដោយសារតែហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ បរិយាកាសគោលនយោបាយទន់ខ្សោយសម្រាប់កសិ-ពាណិជ្ជកម្ម និងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលអាកាសធាតុមិនគ្រប់គ្រាន់ និងការសម្របសម្រួលជាពិសេសក្នុងការដោះស្រាយភាពងាយរងគ្រោះរបស់វិស័យនេះចំពោះទឹកជំនន់ និងគ្រោះរាំងស្ងួត។

    លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីខែមីនាធ្លាប់បានស្នើសុំឱ្យធនាគារអភិវឌ្ឍន៍អា​ស៊ីពិចារណាពីកម្មវិធីថ្មីៗដើម្បីជួយដល់វិស័យកសិកម្មនៅកម្ពុជាជាមួយនឹងគម្រោងតំបន់ និងគម្រោងបម្រែបម្រួលអាកាសធាតុ ទើបមន្រ្តីធនាគារអភិវឌ្ឍន៍អាស៊ីក៏បានរៀបចំគម្រោងថ្មីៗនេះឡើងដើម្បីបន្តជួយវិស័យកសិកម្មកម្ពុជាដោយអនុវត្តចាប់ពីឆ្នាំ2019 ដល់ឆ្នាំ2021។

    លោក Jiangfeng ប្រធានបរិស្ថានធនធានធម្មជាតិ និងផ្នែកកសិកម្មសម្រាប់ADB នៅអាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា៖ «ដោយសារតែប្រទេសកម្ពុជាកំពុងដើរទៅមុខក្នុងការប្រកួតប្រជែងក្នុងជំនួញកសិកម្ម ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងស្ថិតនៅដំណាក់កាលពិគ្រោះយោបល់ហើយចង់ដឹងពីកម្មវិធីកម្ពុជាដែលកម្មវិធីADB អាចជួយក្នុងគម្រោង2019-2021»

    លោកថ្លែងថា ធនាគារកំពុងពិនិត្យមើលថា អ្វីទៅជាការគាំទ្រក្នុងការឆ្លើយតបទៅនឹងការប្រមូលផលនៅតាមតំបន់នីមួយៗនៅក្នុងប្រទេសកម្ពុជា ពីព្រោះADBបានរកឃើញថា វិស័យកសិកម្ម ការអភិ​វឌ្ឍជនបទ និងការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជាគឺជាអាទិភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ច៕

  • បែលហ្ស៊ិក ធ្វើ​ឱ្យ​ប្រេស៊ីល ស្រឡាំង​កាំង ដើម្បី​​ទៅ​ជួប​បារាំង ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ

    បែលហ្ស៊ិក ធ្វើ​ឱ្យ​ប្រេស៊ីល ស្រឡាំង​កាំង ដើម្បី​​ទៅ​ជួប​បារាំង ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ

    ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បែល​ហ្ស៊ិក បាន​រក​គ្រាប់​បាល់​​បំ​ប៉ោង​សំណាញ់​ទី​នៅ​ដើម​តង់ ហើយ​បន្ទាប់​មក បាន​រា​រាំង​ការ​វាយ​បក​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់​ប្រេស៊ីល ដើម្បី​​ធ្វើ​ឱ្យក្រុមម្ចាស់​ជើង​ឯក​​5​សម័យ​កាលមួយនេះ ធ្លាក់​ចេញ​ពី​យុទ្ធ​​នា​ការ World Cup ក្នុង​វគ្គ​ 8​ក្រុម​ចុងក្រោយ តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ 2-1 ក្នុង​ការ​ប្រកួត​ដ៏រំភើប​មួយ​កាល​ពី​ថ្ងៃ​សុក្រ​។

    ជ័យ​ជម្នះ​នេះ នឹង​ធ្វើ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ទៅ​ប៉ះ​ក្រុម​នៅ​អឺ​រ៉ុប​ដូច​គ្នា​​គឺ បារាំង ដែល​បាន​ទម្លាក់​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូ​ហ្គាយ ក្នុង​លទ្ធផល 2-០ ក្នុង​ការ​ប្រកួត​គូ​ទី​1​នា​​ថ្ងៃ​ដដែលនោះ​។ ការ​ធ្វើ​ឱ្យបាល់​ចូល​ទី​​ខ្លួន​ឯង​ 1​គ្រាប់​ពី​កីឡាករ Fernandinho និង​គ្រាប់​បាល់​​​បញ្ចូល​ទី​យ៉ាងល្អ​របស់​ខ្សែ​បម្រើ Kevin De Bruyne បាន​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​​បែល​ហ្ស៊ិក ឡើងទៅ​ប៉ះក្រុម​ជិត​ខាង​ បា​រាំង ក្នុង​ទីក្រុង St Petersburg នៅ​ថ្ងៃ​អង្គារ​ខាង​មុខនេះ​​។ ប្រេស៊ីល នឹង​ធ្លាក់​ចេញ​​ត្រឹម​វគ្គ​ 8ក្រុម​ចុងក្រោយ​ជា​លើក​ទី​3 ក្នុង​យុទ្ធ​នា​ការ World​ Cup 4លើក​ចុងក្រោយ បើ​ទោះ​បី​មាន​ការ​ខិត​ខំ​ព្យា​យាម​យ៉ាង​ខ្លាំង​ក្លា​​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Neymar ដែល​​បាន​ដើរ​តាម​ផ្លូវ​របស់ Lionel Messi របស់​អា​ហ្សង់ទីន និង​Cristiano Ronaldo របស់​ព័រ​ទុយ​ហ្គាល់ ក្នុងការ​ធ្លាក់​ចេញពី​យុទ្ធ​នាការ​នេះ​។

    លោក Roberto Martinez គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​គិត​ថា ខ្ញុំ​គឺ​ជា​អ្នក​មានមោទ​ន​ភាព​បំផុត​នៅ​លើ​ផែន​ដី​ក្នុង​ពេល​នេះ​។ សម្រាប់​ខ្ញុំ​ ប្រេស៊ីល គឺ​ជា​ក្រុម​ខ្លាំង​បំផុត​ក្នុង​យុទ្ធ​នាការ​នេះ ហើយ​ពីត​ណាស់ ជា​ក្រុម​ផ្តល់​គ្រោះថ្នាក់​បំផុត​​សម្រាប់​ការ​លេង​ដោយ​បើក​ចំហ​​។ យើង​ត្រូវ​តែ​ការ​ពារ​​ឱ្យល្អ​រហូត​ដល់​ ​90​នាទី​។ ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​ថា ទម្រង់​លេង​របស់​យើង​ស័ក្តិ​សម​ក្នុង​ការ​ទទួល​បាន​ឱកាស​​ទៅ​វគ្គ​បន្ត​»​៕

    ប្រភព​ពី៖ Reuters

  • អង់​គ្លេស សុបិន​ពីការ​លើកពាន World Cup ខណៈ​អ្នក​គាំទ្រ​រុស្ស៊ី អរ​គុណ​ដល់​ក្រុម​ខ្លួន

    អង់​គ្លេស សុបិន​ពីការ​លើកពាន World Cup ខណៈ​អ្នក​គាំទ្រ​រុស្ស៊ី អរ​គុណ​ដល់​ក្រុម​ខ្លួន

    ក្រុម​បាល់​ទាត់​​​ជម្រើស​ជាតិ​អង់គ្លេស កាល​ពី​ថ្ងៃ​អាទិត្យ កំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅរកការ​ឈាន​ទៅ​កាន់​ការ​ប្រកួត​​ព្រឹត្តិ​ការណ៍ World Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជាលើក​ទី​1 ​របស់​ពួកគេ បើ​គិត​ចាប់​តាំង​ពីឆ្នាំ​1990  ខណៈ​ដែល​​អ្នក​គាំទ្រ​របស់​​រុស្ស៊ី បាន​ថ្លែង​អំណរ​គុណ​ដល់​​កីឡាករ​ដែល​ខក​ចិត្ត​របស់​ខ្លួន ក្រោយពី​ដំណើរ​ផ្សង​ព្រេង​ក្នុង World Cup របស់​ពួក​គេ ត្រូវ​បាន​បញ្ចប់​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​​ក្រូ​អាស៊ី​។

    ក្រុម​យុវ​ជន​របស់​លោក Gareth Southgate បាន​យកឈ្នះ​លើក្រុម​​ជម្រើស​ជាតិ​ស៊ុយ​អែត ក្នុងលទ្ធផល 2-០ កាលពីថ្ងៃ​សៅរ៍ ដែលនាំ​ឱ្យ​មានការ​អប​អរ​យ៉ាង​ខ្លាំង​ក្លា ក្នុង​ប្រទេស​អង់គ្លេស ខណៈ​ដែល​មនុស្ស​យ៉ាងហោច​ណាស់​ 20​លាន​នាក់​បាន​ទស្ស​នា​ការ​ប្រកួតនេះ នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​។ ពួក​គេ​​​នឹង​ត្រូវ​ជួប​​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​ក្រូ​អាស៊ី ដែល​​ត្រូវ​​តែ​ឈាន​ដល់​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​កាត់សេចក្តី សម្រាប់​ការ​ប្រកួត​ 2លើក​ជាប់​ៗ​គ្នា ពីមុខ​អ្នក​ទស្ស​នា​ដោយផ្ទាល់ចំនួន​ 8​ម៉ឺន​នាក់ នា​កីឡដ្ឋាន Luzhniki ក្នុង​ទីក្រុង​ម៉ូស្គូ កាល​ពី​ថ្ងៃ​ពុធ​។ ប៉ុន្តែ ដំ​បូង​ឡើយ ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក របស់​លោក Roberto Martinez នឹង​ត្រូវ​ព្យា​យាម​ឈាន​ទៅ​​ព្រឹត្តិ​ការណ៍ World Cup វគ្គ​ផ្តាច់ព្រ័ត្រ ជាលើក​ទី​1 របស់​ពួកគេ នៅពេល​ដែល​ពួកគេ​ជួប​ជា​មួយ​នឹងក្រុម​​ជើងខ្លាំង បារាំង ក្នុង​ទីក្រុង Saint Petersburg នៅ​ថ្ងៃ​អង្គារ​នេះ​។

    ក្រុម​ជម្រើស​ជាតិ​អង់គ្លេស កំពុង​តែ​ស្ថិត​ក្នុងភាព​រំភើប​​ក្នុងពេលក្រុម​របស់​​ខ្លួន​​ឈាន​ទៅ​វគ្គ​ 4​ក្រុម​ចុ​ង​ក្រោយនៃ​​យុទ្ធ​នាការ World Cup ខណៈ​អ្នក​គាំទ្រ​ចាប់​​ផ្តើម​ជឿជាក់​ថា ពួកគេ​អាច​លើក​ពាន​ជាលើក​ទី​1 បើ​​គិត​ចាប់​តាំងពីឆ្នាំ​1966​។ គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​​ពីសំណាក់​ខ្សែ​ការ​ពារ Harry Maguire របស់​ក្លិប Leicester និង​ខ្សែ​បម្រើ Dele Alli របស់ Tottenham បាន​ជួយ​ឱ្យ​អង់គ្លេស ទទួល​ជ័យជម្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត ក្នុង​ទីក្រុង​ Samara ស្រប​ពេល​ដែល​កីឡាករ​ឆ្នើម​ប្រចាំ​​ការ​ប្រកួត​គឺ​​អ្នក​ចាំទី Jordan Pickford បាន​សង្គ្រោះ​បាល់​ដ៏ល្អ​ចំនួន​ ​3លើក​៕

    ប្រភព​ពី៖ Channel News Asia

  • ទស្សនាសកម្មភាពជួយសង្គ្រោះក្មេងៗជ្រូកព្រៃទាំង 4 នាក់ចេញពីរូងភ្នំថាំលួងថ្ងៃម្សិលមិញនេះ

    ទស្សនាសកម្មភាពជួយសង្គ្រោះក្មេងៗជ្រូកព្រៃទាំង 4 នាក់ចេញពីរូងភ្នំថាំលួងថ្ងៃម្សិលមិញនេះ

    តាមរយៈសារព័ត៌មានថៃ Teenee បានចេញផ្សាយនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 នេះ បានឱ្យដឹងថា ខណៈដែលបានជួយសង្គ្រោះក្មេងៗក្រុមកីឡាករបាល់ទាត់ជ្រូកព្រៃ បានចេញពីរូងភ្នំថាំលួង បាន 4 រូបនេះ គឺជានាទីដែលរញ្ជួយចិត្តជាងគេបង្អស់ ព្រោះក្នុងរយៈពេល 8 ម៉ោងពេញ ត្រូវជ្រមុជទឹក ត្រូវបន្ដដំណើរ រហូតទម្លុះមកដល់មាត់រូង។ ដោយឡែកក្រុមគ្រួពេទ្យបានធ្វើការពិនិត្យសុខភាព និងប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពធំនៅក្នុងខេត្ត ឈៀងរ៉ាយ ជាមួយនឹងអ្នកជំនាញទាំង 18 នាក់អមដំណើរចាំជួយបន្ទាន់ផងដែរ។

    បើតាមការទម្លាយវីដេអូ និងរូបភាពនៅលើបណ្ដាញទំនាក់ទំនងសង្គហ្វេសប៊ុក គេមើលឃើញថា ក្មេងៗក្រុមជ្រូព្រៃទាំង 4 នាក់ដំបូង​មានឈ្មោះ ​ថា Prajak Sutham អាយុ14ឆ្នាំ , Pipat Bodhi អាយុ15ឆ្នាំ , Nattawut Takamsai អាយុ11ឆ្នាំ និង Monhkhol Boonpiam អាយុ13 ឆ្នាំ។ ដើម្បីឱ្យកាន់ជាក់ច្បាស់ពីសកម្មភាពជួយសង្គ្រោះក្មេងទាំង 4 នាក់ យ៉ាងសស្រាក់សស្រាំនៅថ្ងៃម្សិលមិញនេះ មានសភាពបែបណានោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

    Prajak Sutham អាយុ14ឆ្នាំ

    Pipat Bodhi អាយុ15ឆ្នាំ

    Nattawut Takamsai អាយុ11ឆ្នាំ

    Monhkhol Boonpiam អាយុ13 ឆ្នាំ