Author: អេបិល

  • ឪពុកម្ដាយក្មេងៗក្រុមជ្រូកព្រៃស្រក់ទឹកភ្នែក ពេលបានឃើញកូនលើកដំបូងក្រោយចេញពីរូងភ្នំ

    ឪពុកម្ដាយក្មេងៗក្រុមជ្រូកព្រៃស្រក់ទឹកភ្នែក ពេលបានឃើញកូនលើកដំបូងក្រោយចេញពីរូងភ្នំ

    តាមរយៈសារព័ត៌មានថៃ Teenee ដែលចេញផ្សាយនៅថ្ងៃទី12 ខែកក្កដា ឆ្នាំ2018 នេះ បានឱ្យដឹងថា បន្ទាប់ពីអង្គភាពស៊ីល និងក្រុមអ្នកជួយសង្គ្រោះទាំងអស់ បានធ្វើប្រតិបត្តិការជួយនាំក្មេងៗក្រុមជ្រូកព្រៃទាំង 12នាក់ និងគ្រូបង្វឹក ចេញពីរូងភ្នំដោយសុវត្ថិភាពហើយនោះ ខណៈនេះពួកគេទាំង13 កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត ឈៀងរ៉ាយ ដោយស្ថិតក្រោមការថែទាំពីសំណាក់គ្រូពេទ្យជំនាញយ៉ាងរៀបរយ។

    គ្រូពេទ្យបានអះអាងថា ខណៈនេះពេទ្យបានអនុញ្ញាតឱ្យសាច់ញាតិ និងអាណាព្យាបាលក្មេងៗក្រុមជ្រូកព្រៃ និងគ្រូបង្វឹក មានឱកាសបានចូលសួរសុខទុក្ខកូនៗហើយ និងបើទោះបីជាបានឃើញគ្នាតាមផ្ទាំងកញ្ចក់ឃាំងចំកណ្ដាលក៏ដោយ តែក៏បានធ្វើឱ្យពួកគេគ្រប់គ្នាមានទំនុកចិត្ត និងអស់ក្ដីព្រួយបារម្ភបានដែរ»។

    គួរបញ្ជាក់ផងដែរថា មុននេះបន្ដិចមានសារព័ត៌មានមួយបានចេញផ្សាយថា នៅក្នុងចំណោមអ្នកទាំង 13នាក់នេះ មានម្នាក់មិនមានសញ្ជាតិថៃទេ និងជាមនុស្សក្លែងក្លាយក្នុងក្រុមក្មេងជ្រូកព្រៃ តែយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យ និងលោក ណារ៉ុងស័ក្ដិ មេបញ្ជាការប្រតិបត្តិជួយសង្រ្គោះបានធ្វើការបញ្ជាក់ថា «រូបភាពនៅក្នុងមន្ទីរពេទ្យ ដែលបញ្ជាក់ឱ្យឃើញនោះ គឺជារូបភាពពិត មិនមានការបន្លំខ្លួននោះទេ»។ លោកបន្ដថា គ្រប់គ្នាមានសិទ្ធិបញ្ចេញមតិជាទូទៅ ក៏ប៉ុន្ដែគ្រប់គ្នាក៏មានសិទ្ធិទទួលខុសចំពោះមុខច្បាប់នូវអ្វីដែលខ្លួនបានបញ្ចេញនោះដូចគ្នាដែរ៕

  • ព័ត៌មានអាប់ដេត…ប៉ុន្មាននាទីមុននេះអ្នកស្លាប់នៅជប៉ុនកើនឡើងដល់ 195នាក់ហើយ

    ព័ត៌មានអាប់ដេត…ប៉ុន្មាននាទីមុននេះអ្នកស្លាប់នៅជប៉ុនកើនឡើងដល់ 195នាក់ហើយ

    តាមរយៈសារព័ត៌មាន ABC របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ក្រុមអាជ្ញាធរបានបញ្ជាក់ពីចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង ដែលបានវាយប្រហារមកលើតំបន់ភាគខាងលិចនៃប្រទេសជប៉ុន នៅក្នុងវេលានេះបានកើនឡើងដល់ 195នាក់ហើយ ដោយសារគ្រោះបាក់ដី និងគ្រោះទឹកជំនន់។

    យ៉ាងណាក្ដី គេមើលឃើញថា កម្លាំងទឹកភ្លៀងដ៏ឃោរឃៅដែលបានវាយប្រហារលើភាគខាងលិចនៃប្រទេសជប៉ុន នៅថ្ងៃនេះ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ រយៈពេល 3ថ្ងៃនេះនឹងពេញប្រៀបក្នុងកម្រិត 583មីលី្លម៉ែត្រ។

    គួររំឭកផងដែរថា កាលពីថ្ងៃពុធ ម្សិលមិញនេះ លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញទៅពិនិត្យតំបន់រងគ្រោះដោយផ្ទាល់នៅដែនកោះនៃខេត្ត Okayama ដែលបានរងការវាយប្រហារ និងបានពិនិត្យមើលពីការជម្លៀសពលរដ្ឋចេញពីកន្លែងរងគ្រោះដោយសារទឹកជំនន់ និងគ្រោះបាក់ដីនៅ Kurashiki និងTakahashi។

    គេបានដឹងថា មុនហេតុការណ៍គ្រោះទឹកជំនន់វាយប្រហារមកលើតំបន់ភាគខាងលិចប្រទេសជប៉ុននេះ ក្រុមអាជ្ញាធរបានធ្វើការជម្លៀសពលរដ្ឋប្រមាណជា 2លាននាក់ ដើម្បីបញ្ចៀសពីមហន្តរាយធម្មជាតិដ៏គ្រោះថ្នាក់នេះតាំងពីដើមសប្តាហ៍។ អ្វីដែលគេបានដឹងច្បាស់នោះគឺ លោកនាយករដ្ឋមន្ត្រីជប៉ុន បានលុបចោលដំណើរបំពេញទស្សនកិច្ច និងដំណើរទៅចូលរួមកិច្ចប្រជុំកំពូលមួយចំនួននៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា ដោយ​សារតែស្ថានភាពនៅក្នុងប្រទេសជួបនឹងបញ្ហាធំដោយសារគ្រោះធម្មជាតិធ្ងន់ធ្ងរកើតឡើងនេះ៕

  • ពិតជាមិនធម្មតាមែន!! ក្មេងជ្រូកព្រៃវ័យ 14ឆ្នាំម្នាក់ អាចនិយាយបានដល់ទៅ 5ភាសា

    ពិតជាមិនធម្មតាមែន!! ក្មេងជ្រូកព្រៃវ័យ 14ឆ្នាំម្នាក់ អាចនិយាយបានដល់ទៅ 5ភាសា

    តាមរយៈសារព័ត៌មានចក្រភពអង់គ្លេស Daily Mail ដែលចេញផ្សាយនៅថ្ងៃទី12 ខែកក្កដា ឆ្នាំ2018 នេះ បានឱ្យដឹងថា ប្អូនប្រុស​ អៈឌុន សាមអន អាយុ 14ឆ្នាំ មានដើមកំណើតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានបន្ដមករស់នៅ និងបន្ដការសិក្សានៅក្នុងប្រទេសថៃតាមរយៈអង្គការសហប្រជាជាតិ UNHCR គឺជាក្មេងប្រុសដំបូងក្នុងចំណោមក្មេងប្រុសក្រុមកីឡាបាល់ទាត់ជ្រូកព្រៃទាំង 12នាក់ ដែលបានសន្ទនាឆ្លើយឆ្លងជាភាសាអង់គ្លេសទៅកាន់អ្នកជួយសង្គ្រោះ ខណៈដែលកំពុងជាប់នៅក្នុងរូងភ្នំថាំលួង។

    អ្នកសារព័ត៌មានអង់គ្លេសបានបន្ដប្រាប់ទៀតថា នៅក្នុងវីដេអូឃ្លីបសម្ភាសជាមួយក្រុមអ្នកជួយសង្គ្រោះ ប្អូនប្រុស អៈឌុន ជាក្មេងដែលមានសុជីវធម៌ជាងគេ ដោយបានលើកដៃសំពះសួរទៅកាន់ក្រុមអ្នកជួយសង្គ្រោះថា «តើថ្ងៃណាទើបអាចចេញទៅវិញបាន ព្រោះនៅពេលនេះ ពួកខ្ញុំជាឃ្លានណាស់» ដែលការសន្ទនានោះជាភាសាអង់គ្លេស។ បើទោះបីជាប្អូនប្រុសមានដើមកំណើតនៅប្រទេសមីយ៉ាន់ម៉ាមែន តែប្អូនប្រុសបានចាកចេញពីគ្រួសារ ហើយមករស់នៅក្នុងព្រះវិហារគ្រិស្តសាសនា ដើម្បីបន្ដការសិក្សានៅក្នុងប្រទេសថៃតាមរយៈ UNHCR។ គ្រូបង្រៀនរបស់ប្អូនប្រុស បានប្រាប់អ្នកសារព័ត៌មានថា កាលអាយុ 7ឆ្នាំ ប្អូនអាចនិយាយភាសាថៃ មីយ៉ាន់ម៉ា និងចិន តាមរយៈការសិក្សានៅក្នុងសាលា។ លុះចម្រើនវ័យបានធំបន្ដិច និងបច្ចុប្បន្ននេះ គេអាចនិយាយបានដល់ទៅ 5ភាសា ដែលរួមមានទាំងឡាវ និងអង់គ្លេស ទៀតផង។

    គួរបញ្ជាក់ផងដែរថា ខណៈនេះ ប្អូនប្រុសកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យខេត្ត ឈៀងរ៉ាយ ក៏ប៉ុន្ដែគ្រូពេទ្យបានអះអាងថា ប្អូនមានសុខភាពល្អរឹងមាំ។ ប្អូនប្រុស អៈឌុន គឺជាក្មេងប្រុសម្នាក់នៅក្នុងចំណោមជនភៀសខ្លួន 400,000 នាក់ដែលភៀសខ្លូនមករស់នៅក្នុងប្រទេសថៃ។ នេះបើតាមការអះអាងរបស់ភ្នាក់ងារអង្គការសហប្រជាជាតិ UNHCR៕

  • ខេមរៈ សិរីមន្ដ ឧបត្ថម្ភប្រាក់ 1ពាន់ដុល្លារ ជូនតារាចម្រៀង ចាន់ សម័យ

    ខេមរៈ សិរីមន្ដ ឧបត្ថម្ភប្រាក់ 1ពាន់ដុល្លារ ជូនតារាចម្រៀង ចាន់ សម័យ

    នៅពេលទទួលបានដំណឹងអំពីស្ថានភាពលំបាកលំបិនរបស់អតីតតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មព្រះវិហារ គឺលោក ចាន់ សម័យរួចមក គេសង្កេតឃើញថា មានតារាសម្ដែង និងតារាចម្រៀងជាច្រើនរូបបានរួបរួមថវិកាគ្នាបានមួយចំនួនជាទឹកចិត្តសប្បុរសធម៌ជួយដល់លោក ចាន់ សម័យ ដែលបច្ចុប្បន្ននេះលោកកំពុងមានជំងឺ រលាកខួរឆ្អឹងខ្នង ដែលជាមូលហេតុបណ្ដាលឱ្យលោកមិនអាចបន្ដអាជីពជាអ្នកចម្រៀងបានតទៅទៀត។

    ជាក់ស្តែងថ្មីៗនេះ កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា គឺ​លោក ខេមរៈ សេរីមន្ត ក៏មានទឹកចិត្តអាណិតអាសូរ និងបានជួយជាទឹកប្រាក់ដើម្បីលើកទឹកចិត្តដល់បងប្រុស ចាន់ សម័យ ចំនួន1ពាន់ដុល្លារសហរដ្ឋអាមេរិកដែរ តាមរយៈបងប្រុសរបស់លោក ដោយបានយកទៅប្រគល់ជូនដល់ដៃរបស់អតីតតារាចម្រៀងរូបនោះតែម្តង។ ទឹកចិត្តនេះ ពិតជាធ្វើឱ្យមហាជនជាច្រើនកោតសរសើរពីសណ្តានចិត្តដ៏ល្អរបស់លោក ខេមរៈ សេរីមន្ត  ដែលមិនដែលភ្លេច និងបោះបង់អ្នកសិល្បៈដូចគ្នាដែលជួបការលំបាក ទោះបីជាពេលនេះខ្លួនមានប្រជាប្រិយភាពខ្លាំងប៉ុនណាក៏ដោយ។

    សូមរំឭកផងដែរថា លោក ចាន់ សម័យ ដែលជាតារាចម្រៀងល្បីជំនាន់ទសវត្សរ៍ឆ្នាំ2០០០ ត្រូវបានគេបង្ហោះរូបនៅក្នុងហ្វេសប៊ុកក្នុងសភាពរស់នៅលំបាក ចិញ្ចឹមជីវិតដោយការស្ទួចត្រីចិញ្ចឹមគ្រួសារ។ លោកចាន់ សម័យ បានសម្ងំរស់នៅ ក្នុងផ្ទះជូល ជាមួយប្រពន្ធ និងកូនៗដល់ទៅ 5នាក់(ប្រុស2 ស្រី3) ស្ថិតនៅក្នុងបន្ទុកគ្រួសារ និងកំពុងសិក្សា។ លោក ចាន់ សម័យ បានប្រាប់សប្បុរសជនទាំងអស់ថា លោកនៅតែប្រកាន់ខ្ជាប់នូវពាក្យមួយឃ្លាថា «យើងលំបាក គេក៏មានទុក្ខលំបាករបស់គេដូចគ្នា តារាជាច្រើនសប្បាយៗតែនៅលើឆាក ឬតាមកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ តាមពិតពួកគេក៏មានទុក្ខដូចគ្នា  គ្រាន់តែគេមិននិយាយ យើងក៏មានទុក្ខ អ៊ីចឹងខ្ញុំមិនចង់ទៅរំខានអ្នកណាទេ»៕

  • នាំគ្នាមកស្គាល់ពីប្រវត្តិក្មេងៗកីឡាករបាល់ទាត់ក្រុមជ្រូកព្រៃទាំងអស់គ្នា

    នាំគ្នាមកស្គាល់ពីប្រវត្តិក្មេងៗកីឡាករបាល់ទាត់ក្រុមជ្រូកព្រៃទាំងអស់គ្នា

    តាមរយៈសារព័ត៌មាន Bright TV ដែលចេញផ្សាយនៅថ្ងៃទី11 ខែកក្កដា ឆ្នាំ2018នេះ បានធ្វើការសម្ភាសជាមួយគ្រូបង្វឹក លោក ណុបផៈរ៉ាត់ កាន់ថៈវង្ស ជាគ្រូបង្វឹកស្ម័គ្រចិត្តផ្នែកចិត្តសាស្ត្ររបស់ក្រុមកីឡាករជ្រូកព្រៃ ដែលបានរៀបរាប់ពីចំណង់ចំណូលចិត្ត និងប្រវត្តិរបស់ក្មេងៗជាសមាជិកក្រុមជ្រូកព្រៃទាំងអស់ឱ្យយើងបានដឹងដូចខាងក្រោម។

    1-ប្អូនប្រុស ដម

    ប្អូនប្រុស ដួងផេត ផៈរ៉មថេប ហៅក្រៅ ដម មានអាយុ 13ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី1 ( ត្រូវនឹងថ្នាក់ទី7 ខ្មែរ ) នៃសាលារៀន ម៉ែសាយ ប្រៈសិធថៈសាត។ ប្អូនប្រុស ដម មានឯកលក្ខណៈពិសេសខាងការលេងបាល់ទាត់ ប្រើប្រាស់ជើងបានទាំងសងខាង ចូលចិត្តហាត់ប្រាណ និងអៃដលរបស់គេ គឺកីឡាករបាល់ទាត់ដ៏ល្បីលំដាប់ពិភពលោកគឺ លោក គ្រីស្ទៀណូ រ៉ូណាល់ដូ ជាកម្លាំងជំរុញចិត្តរបស់ប្អូន។

    2-ប្អូនប្រុស ណូត

    ប្អូនប្រុស ប្រៈចាក់ ស៊ុថាំ មានឈ្មោះហៅក្រៅ ណូត អាយុ 14ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី2 ( ត្រូវនឹងថ្នាក់ទី 8 ) នៃសាលារៀនម៉ែសាយ ប្រៈសិធថៈសាត។ គ្រូបង្វឹកបានរៀបរាប់ថា ប្អូនប្រុស ណូត មានការតាំងចិត្តខ្ពស់ក្នុងការហ្វឹកហាត់ឱ្យទាន់សមត្ថភាពរបស់មិត្តភក្ដិ និងព្យាយាមសម្របខ្លួនចូលឱ្យទាន់មិត្តរួមក្រុម និងមានកីឡាករបាល់ទាត់ប្រចាំប្រទេសថៃនៅក្នុងដួងចិត្តគឺ លោក ម៉េសស៊ី ចេ (ឆៈណាធីប) ជាកម្លាំងជំរុញចិត្តរបស់ប្អូន.

    3-ប្អូនប្រុស មិកស៍

    ប្អូនមានឈ្មោះពិតគឺ ផានុម៉ាត ស៊ែងឌី អាយុ 13ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី2 ( ត្រូវនឹងថ្នាក់ទី 8 ) នៃសាលារៀនម៉ែសាយប្រៈសិធថៈសាត។ ប្អូនប្រុសជាកីឡាករស្លាបការពារដែលមានរូបរាងខ្ពស់ បើប្រៀបធៀបទៅនឹងក្មេងៗមានវ័យស្របាលគ្នា និងជាក្មេងប្រុសដែលចូលចិត្តលេងនៅខ្សែខាងក្រោយណាស់។ ប្អូនប្រុសមានឯកលក្ខណៈពិសេសក្នុងការ ឆក់បាល់ និងបញ្ចូនទៅឱ្យសមាជិកក្រុម និងការពារទី។ កីឡាករដែលប្អូនចូលចិត្តយកគម្រូតាមជាងគេគឺ សើឃីរ៉ូ រ៉ាម៉ស ជនជាតិអេស្ប៉ាញ និងជាកាពីតែនរបស់ក្លិប រ៉េអាល់ ម៉ាឌ្រីត។

    4-ប្អូនប្រុស ទី

    ផៈរ៉មឆៃ ខាំលួង ហៅក្រៅ ទី មានអាយុ 16ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី 4 ( ត្រូវនឹងថ្នាក់ទី10 ) នៃសាលារៀនបានប៉ាយ៉ាង។ ប្អូនប្រុសទី ជាសិស្សដែលមានភាពស្និទ្ធស្នាលជាមួយគ្រូបង្វឹក អេក ខ្លាំងបំផុត និងជាសិស្សដែលគ្រូបង្វឹករូបនោះទុកចិត្តខ្លាំងជាងគេដូចគ្នា។ ដោយសារមានការតាំងចិត្តខ្ពស់ និងយកចិត្តទុកដាក់ក្នុងលេងបាល់ទាត់ ប្អូនប្រុសត្រូវបានលើកទឹកចិត្តឱ្យលេងជាខ្សែបម្រើ ដែលមានថ្វីជើងលឿនបំផុត។

    5-ប្អូនប្រុស អៈឌុន

    ប្អូនមានឈ្មោះពិតថា អៈឌុន សាមអន មានវ័យ 14ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី2 ( ត្រូវនឹងថ្នាក់ទី8) នៃសាលារៀន វៀងផាន។ ប្អូនមានលក្ខណៈពិសេសក្នុងការលេងលឿន ប្រើប្រាស់ជើងបានទាំងសងខាង ហើយញាក់បាល់បានលឿនបំផុត។

    6-ប្អូនប្រុស ផុង

    ប្អូនប្រុសមានឈ្មោះពិតថា ស៊ុមផុង ចៃវង្ស មានអាយុ 13ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី1 ( ត្រូវនឹងថ្នាក់ទី7 ) នៃសាលារៀនម៉ែសាយ ប្រៈសិធថៈសាត។ គ្រូបង្វឹកបានរៀបរាប់ថា ប្អូនប្រុសមានសុខភាពរឺងមាំ និងមានភាពរហ័សរហួនយល់ច្បាស់ពីពិធីការលេងបាល់ ជាខ្សែបម្រើដែលទទួលបាល់បានល្អបំផុត។

    7- ប្អូនប្រុស ប៊ីវ

    ប្អូនប្រុសមានឈ្មោះថា អេករ័តន៍ វង្សស៊ុកចាន់ មានអាយុ 14ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី2 ( ត្រូវនឹងថ្នាក់ទី8 ) នៃសាលារៀន ដារុណរាត​ វិតថៈយ៉ា។ ប្អូនប្រុសមានសមត្ថភាពបញ្ចូនបាល់បានលឿន និងជាក្មេងប្រុសដែលលេងបាល់បានល្អ។

    8-ប្អូនប្រុស តៃតុន

    ប្អូនប្រុសមានឈ្មោះ ឆៈនីន វិប៊ូនរុងរឿង អាយុ 14ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី2 ( ត្រូវនឹងថ្នាក់ទី8 ) នៃសាលារៀន ដារុណរាត វិតថៈយ៉ា។ គ្រូបង្វឹកបានអះអាង ប្អូនប្រុសរូបនេះ ជាក្មេងប្រុសដែលយកចិត្តទុកដាក់ស្ដាប់សម្ដីគ្រូបង្វឹកជាងគេបង្អស់ និងមានគំនិតច្នៃប្រឌិតខ្ពស់ ដែលទាំងអស់នេះជាចំណុចពិសេសក្នុងការលេងបាល់។

    9-ប្អូនប្រុស ម៉ាក

    ប្អូនប្រុសមានឈ្មោះ ម៉ុងឃុន ប៊ុនពៀម ហៅក្រៅ ម៉ាក អាយុ 13ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី1 ( ត្រូវនឹងថ្នាក់ទី7) នៃសាលារៀន ប៉ាមឿត។ គ្រូបង្វឹកបានរៀបរាប់ថា បើទោះបីជាប្អូនប្រុសមានរាងកាយមិនសូវរឹងមាំដូចមិត្តភ័ក្ដិក៏ដោយ តែប្អូនប្រុសជាអ្នកស្រឡាញ់កីឡាបាល់ទាត់ និងលេងជាខ្សែប្រយុទ្ធ។

    10-ប្អូនប្រុស ណៃថ៍

    ភីរៈផាត់ ស៊ុមផៀងចៃ គឺជាឈ្មោះក្នុងបញ្ជីជាតិរបស់ប្អូន ណៃថ៍ មានអាយុ 16ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី3 ( ត្រូវនឹងថ្នាក់ទី9 ) នៃសាលារៀនម៉ែសាយ ប្រៈសិធថៈសាត។ ប្អូនជាអ្នកចាំទី ដែលមានរាងតូចបន្ដិច ក៏ប៉ុន្ដែពូកែចាប់បាល់ស្អិត។

    ទី11 និង 12

    ប្អូនប្រុស ណៈវុធ ថាខាំស៊ុង អាយុ 11ឆ្នាំ និងប្អូន ភិផាត់ ផូ អាយុ 15ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី2 ( ត្រូវនឹងថ្នាក់ទី8 ) នៃសាលារៀនម៉ែសាយ ប្រៈសិធថៈសាត។ អ្នកទាំងពីររូបនេះ គ្រូបង្វឹកបានអះអាងថា មិនសូវមានភាពស្និទ្ធស្នាលជាមួយប៉ុន្មាន ទើបមិនទាន់បានស្គាល់ប្រវត្តិរបស់ប្អូនច្បាស់៕

  • សូមចូលរួមសោកស្តាយ ប៉ុន្មាននាទីមុននេះអ្នកស្លាប់នៅជប៉ុនកើនឡើងដល់ 179នាក់ហើយ

    សូមចូលរួមសោកស្តាយ ប៉ុន្មាននាទីមុននេះអ្នកស្លាប់នៅជប៉ុនកើនឡើងដល់ 179នាក់ហើយ

    សេចក្តីរាយការណ៍ពីអ្នកនាំពាក្យ​របស់​រដ្ឋាភិបាលជប៉ុន ដកស្រង់ដោយសារព័ត៌មាន​ AFP បានបញ្ជាក់ថា​អ្នកស្លាប់នៅជប៉ុនបានកើនឡើងដល់ 179នាក់ហើយ នៅក្នុងគ្រោះទឹកជំនន់នៅប្រទេសជប៉ុន។

    ក្រុមអ្នកជំនាញ​កំពុង​តែ​ខិតខំប្រឹងប្រែងរុករកអ្នកបាត់ខ្លួនបន្តនៅក្រោម​គំនរបែកបាក់ និងអ្នកខ្លះទៀតត្រូវបានគេជឿថា​កប់ក្នុងគំនរភក់។

    ដើម្បីដោះស្រាយបញ្ហានេះ ក្រុមអ្នកជួយសង្គ្រោះ​បាន​ចេញប្រតិបត្តិការដោយប្រើ​គ្រឿងចក្រ និងឧទ្ធម្ភាគចក្រ នៅគ្រប់ទីកន្លែងនៅក្នុងតំបន់​មួយចំនួនដូចជា ខេត្តហ៊ីរ៉ូស៊ីម៉ា អូកាយ៉ា អ៊ីហ៊ីមី ក្យូតូ យ៉ាម៉ាហ្គូជី ហ្វូគូកា ខាហ្គូស៊ីម៉ា ក្យូហ្គោ ស្សីហ្គា ជីហ្វូ កូជី និងសាហ្គា។

    នៅក្នុងគ្រោះថ្នាក់នេះបានកាត់ផ្តាច់​ផ្លូវធ្វើដំណើរ ចរន្តអគ្គិសនីយ និង​ប្រព័ន្ធទឹកស្អាតដល់មនុស្សរាប់លាននាក់នៅក្នុងប្រទេសជប៉ុន និងមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងត្រូវបានជម្លៀសទៅ​កន្លែងមានសុវត្ថិភាព៕

  • កងរាជអាវុធហត្ថជូនដំណឹងអំពីការចល័តកម្លាំង​ សូមប្រជាពលរដ្ឋ​កុំ​ភ្ញាក់ផ្អើល

    កងរាជអាវុធហត្ថជូនដំណឹងអំពីការចល័តកម្លាំង​ សូមប្រជាពលរដ្ឋ​កុំ​ភ្ញាក់ផ្អើល

    កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសថា​ អង្គភាពនឹងធ្វើការចល័តកម្លាំងកងរាជអាវុធហត្ថ​ពីទីក្រុងភ្នំពេញ ​ទៅខេត្តស្វាយរៀង។ ការចល័តកងកម្លាំងនេះ គឺធ្វើឡើងដើម្បីរំឭក​ខួបអនុស្សាវរីយ៍លើកទី25 នៃទិវាកងរាជអាវុធហត្ថ​កម្ពុជា (14 កក្កដា 1993 – 14 កក្កដា 2018)។

    នៅថ្ងៃទី12 ខែកក្កដា ស្អែកនេះនឹង​មានកម្លាំងកងរាជអាវុធហត្ថ​ប្រមាណ 800នាក់ត្រូវចល័តពីសាលាកងរាជអាវុធហត្ថ​កំបូល និងមជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំជុំរាយ ទៅកាន់ខេត្តស្វាយរៀងនៅពេលយប់​ ហើយនឹងត្រឡប់មកវិញនៅថ្ងៃទី14 ខែកក្កដា ឆ្នាំ2018។ អាស្រ័យហេតុនេះសូមសាធារណជនកុំមានការភ្ញាក់ផ្អើល និងព្រួយបារម្ភពីការចល័តកងកម្លាំងនេះ៕

     

  • NHK បញ្ជាក់កាលពី2ម៉ោងមុននេះថាចំនួនអ្នកស្លាប់​នៅជប៉ុនកើនឡើងដល់ 162នាក់ហើយ

    NHK បញ្ជាក់កាលពី2ម៉ោងមុននេះថាចំនួនអ្នកស្លាប់​នៅជប៉ុនកើនឡើងដល់ 162នាក់ហើយ

    តាមសេចក្តីរាយការណ៍​របស់​ទូរទស្សន៍ជាតិជប៉ុន (NHK) បញ្ជាក់ថា​ចំនួនអ្នកស្លាប់​ដោយសារគ្រោះទឹកជំនន់បានកើនឡើង​ដល់​ 162នាក់ហើយ នៅភាគខាងលិចនៃប្រទេស។

    ស្របពេលនេះដែរ អាជ្ញាធរ​បានបញ្ជាក់ថា ខណៈពេលនេះ​អ្នកបាត់ខ្លួនមានចំនួន 56នាក់ ហើយ​សេចក្តីរាយការណ៍បានបញ្ជាក់ថា​នៅខេត្តហ៊ីរ៉ូស៊ីម៉ា គឺជាតំបន់ដែលរងការវាយលុកដោយកម្លាំងទឹកច្រើនជាងគេ។

    អ្នកគ្រប់គ្រងតំបន់នៃភាគខាងលិចប្រទេសជប៉ុន បានលើកឡើងថា មកដល់ត្រឹមម៉ោង 10:30នាទីព្រឹកថ្ងៃពុធនេះ មានមនុស្ស​ប្រមាណ 7,200នាក់គឺកំពុងស្ថិងក្នុងជំរកសុវត្ថិភាព នៃមជ្ឈមណ្ឌលសម្រាប់ជនរងគ្រោះនៅក្នុងខេត្ត​ចំនួនទាំង 15៕

  • ប៉ែន ចំរុង នឹកកូនស្រី រហូតដល់ស៊ែរព័ត៌មានទាក់ទងនឹងកូនស្រីខ្លួន

    ប៉ែន ចំរុង នឹកកូនស្រី រហូតដល់ស៊ែរព័ត៌មានទាក់ទងនឹងកូនស្រីខ្លួន

    ចាប់ពីក្រោយពេលដែល លោក ប៉ែន ចំរ៉ុង និងអ្នកនាង ភិន សុដាលីស បានលែងលះគ្នាដាច់ស្រេចរួចមក គេកត់សម្គាល់ឃើញថា លោក ប៉ែន ចំរ៉ុង ព្យាយាមកប់ចោលនូវរឿងរ៉ាវអតីតកាលរបស់ខ្លួន ដោយមិនមានដំណឹងលេចឮថានឹកនាដល់កូនស្រីរបស់ខ្លួនដែលស្ថិតក្រោមការបីបាច់ថែរក្សាពីសំណាក់ អ្នកនាង ភិន សុដាលីស និងលោក អិន សុភិន ជាជីតាសោះឡើយ។

    ប៉ុន្តែនៅពេលថ្មីនេះៗ គេបានមើលឃើញលោកធ្វើការចែករំលែកព័ត៌មានទាក់ទងនឹងកូនស្រីរបស់លោកជាមួយនឹងអ្នកនាង ភិន សុដាលីស ដែលព័ត៌មាននោះមានចំណងជើងថា “ក្រោយឃើញវីដេអូនេះ កូនស្រី ភិន សុដាលីស ធ្វើឱ្យទស្សនិកជនឃ្នាន់ខ្នាញ់មិនស្ទើរ…” ដែលក្នុងព័ត៌មាននេះក៏មានបង្ហាញពីរូបភាពស្អាតៗរបស់កូនស្រីរបស់លោកផងដែរ។ ក្នុងនោះអ្នកគាំទ្រជាច្រើន បានសាកសួរទៅលោកត្រង់ៗថា តើមាននឹកកូនអត់? ប៉ុន្តែលោកមិនបានឆ្លើយតបថាយ៉ាងណាឡើយ។ បើទោះជាមិនឆ្លើយតបនឹងសំនួររបស់ប្រិយមិត្តដែលបានចោទសួរនោះក៏ពិតមែន តែនេះជាលើកទីមួយហើយដែលរូបលោកបានចែកចាយព័ត៌មានទាក់ទងនឹងកូនស្រីរបស់លោក ដែលអាចបញ្ជាក់បានថា រូបលោកពិតជាចង់ឃើញ និងមានការនឹករឭកកូនស្រីម្នាក់នេះខ្លាំងណាស់។

    គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះពិធីករល្បីឈ្មោះរូបនេះ កំពុងសាងស្នេហាថ្មីមួយទៀតស្រេចទៅហើយ ដែលកាលពីប៉ុន្មានខែមុននេះ លោកត្រូវបានគេទម្លាយឃ្លីប​វីដេអូ​​​មួយជាមួយ​នារីវ័យក្មេងម្នាក់​ដែលបាន​កាន់នំខួបកំណើតមួយ និង ហៅ​ ប៉ែន ចំរ៉ុង​ ថា​ ប្ដី​ពេញ​​ៗ​មាត់​​ដោយ​គ្មាន​លាក់​លៀម​ទៀតផង​ ចំណែកលោក ប៉ែន ចំរ៉ុង វិញបានឱបស្មា និងផ្តល់ស្នាមថើបដល់នារីម្នាក់នោះយ៉ាងផ្អែមល្អែម ព្រមជាមួយពាក្យថា “ឈប់គិតច្រើនថា ប្តីមានស្រី កុំរករឿងប្តីទៀតណា” នៅចុងបញ្ចប់នៃឃ្លីបវីដេអូមួយនោះទៀតផង៕

  • តារាសម្ដែង បេប៊ី រៀបរាប់ពីរឿងចម្លែកមួយ ខណៈគ្រងឈុតព្រះនាង ឥន្រ្ទទេវី

    តារាសម្ដែង បេប៊ី រៀបរាប់ពីរឿងចម្លែកមួយ ខណៈគ្រងឈុតព្រះនាង ឥន្រ្ទទេវី

    តារាសម្ដែងកញ្ញា បេប៊ី មួយរយៈចុងក្រោយនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ស្របពេលដែលនាងបង្ហាញឈុតព្រះនាង ឥន្រ្ទទេវី ដែលមើលទៅស័ក្ដិសមបំផុត រួមទាំងសម្រស់ និងការតុបតែងមុខរបស់នាងដែលប្រៀបដូចជារូបគំនូរដែលផុសឡើងមកដូច្នោះដែរ។

    កញ្ញា​ បេប៊ី បានបញ្ជាក់ប្រាប់ថា ពិតជាមានកិត្ដិយស និងមោទនភាពណាស់សម្រាប់រូបនាងក្នុងនាមជាតារាសម្ដែងមួយរូបដែលបានគ្រងព្រះពស្រ្តារបស់ព្រះនាងឥន្រ្ទទេវី ដែលជាក្សត្រីមួយអង្គពោរពេញដោយបញ្ញាញាណ។ នាងបានបន្ដថា ជាមួយនឹងក្ដីរីករាយនេះ ស្រាប់តែមានហេតុចម្លែកមួយកើតឡើងចំពោះរូបនាង នៅពេលដែលនាងកំពុងគ្រងឈុតបុរាណមួយនោះ នាងមានអារម្មណ៍ដូចជាឈឺក្បាលចង់ក្អួតភ្លាមៗតែម្ដង។ នាងបន្តថា ពីមុនមកនាងតែងតែបានឮថា មុនពេលគ្រងសម្លៀកបំពាក់សម័យបុរាណ ឬព្រះពស្រ្តារបស់អង្គក្សត្រណាមួយ ត្រូវតែមានការបន់ស្រន់ និងអុជធូបសុំ ជាមុនសិន ទើបគ្រងទៅបានសុខសប្បាយ គ្មានបញ្ហាអ្វីកើតឡើង ហើយនាងក៏បានអនុវត្ដទៅតាមនោះរួចរាល់អស់ហើយដែរ ប៉ុន្ដែក្រោយពីគ្រងសំលៀកបំពាក់នោះបានតែមួយភ្លែត ស្រាប់តែធ្វើឱ្យនាងវិលមុខ ឈឺក្បាលតែម្ដង។

    បេប៊ី បានបញ្ជាក់ថា «ក្រោយពីកើតអាការនេះភ្លាម ម៉ាក់ក៏បានឱ្យខ្ញុំអុចធូបសុំទៅដល់បុព្វបុរសម្ដងទៀត។ គ្រាន់តែបានបន់ស្រន់ហើយភ្លាម អាការនោះក៏បាត់ដូចគេបេះចេញតែម្ដង។ ខ្ញុំសឹងតែមិនជឿថា មានហេតុការណ៍បែបនេះកើតឡើងចំពោះខ្ញុំឡើយ»។

    ទោះបីជាយ៉ាងណា តារាសម្ដែងរូបនេះបានលើកឡើងថា នាងពិតជាមានអារម្មណ៍ថា ខ្លួនអស្ចារ្យខ្លាំងណាស់ជាមួយការគ្រងសំលៀកបំពាក់មួយឈុតនោះ ដោយសារតែចាប់តាំងពីចូលសិល្បៈអស់ជាច្រើនឆ្នាំ និងសម្ដែងអស់ជាច្រើនរឿងមកនាងមិនធ្លាប់បានគ្រងបុរាណបែបនេះឡើយ។ គួរបញ្ជាក់ថា តារាសម្ដែងរូបនេះក៏ទទួលបានពានរង្វាន់មាស សម្រាប់ឈុតបុរាណពីគណៈកម្មការរៀបចំកម្មវិធី ខួប 2ឆ្នាំរបស់គ្រួសារតារាកម្ពុជា ដោយមានការចូលរួមពីឯកឧត្ដមខៀវ កាញារិទ្ធ និងផលិតករ អ្នកនិពន្ធ និងតារាជាច្រើនរូបផងដែរ៕