Author: អេបិល

  • ករុណា ពេជ្រ និងក្រុមតារាចម្រៀងក្នុងផលិតកម្មថោន ចុះចែកអំណោយជូនជនរងគ្រោះដោយទឹកជំនន់

    ករុណា ពេជ្រ និងក្រុមតារាចម្រៀងក្នុងផលិតកម្មថោន ចុះចែកអំណោយជូនជនរងគ្រោះដោយទឹកជំនន់

    ជំនន់ទឹកភ្លៀងកំពុងតែវាយលុកក្នុងបណ្ដាខេត្តជាច្រើននៅក្នុងប្រទេសកម្ពុជា បណ្ដាលឱ្យទទួលរងការលិចលង់យ៉ាងខ្លាំង ខណៈមានគ្រួសារជាច្រើនកំពុងតែជួបនូវការលំបាក បន្ទាប់ពីផ្ទះសំបែងត្រូវបានជន់លិចដោយសារទឹកឡើងខ្លាំង។ យ៉ាងណាមិញបញ្ហានេះក៏មានសប្បុរសជន និងអ្នកសិល្បៈជាច្រើនបានចូលរួមផ្ដល់ជាអំណោយ និងចុះទៅចែកជូននៅតាមតំបន់ដែលរងគ្រោះទៀតផង។

    ក្នុងនោះ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ក៏បានដឹកនាំក្រុមតារាច​ម្រៀងក្នុងផលិតកម្ម និងក្រុមការងារនាំយកអំណោយចុះទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះផងដែរ។ ​ជានិច្ច​​កាល តារាចម្រៀងរូបនេះមិនដែល​រំលង​ការងារ​មនុស្សធម៌ក្នុងការ​ចុះជួយ​ដល់​បងប្អូន​ក្រីក្រ ចាស់ជរា និង​ជនពិការឡើយ​។ ជាក់ស្តែង​តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​រៀបរាប់​ពី​ទុក្ខលំបាករបស់ប្រជាពលរដ្ឋ​ដែលរងគ្រោះ​ដោយ​ទឹកជំនន់នោះ ករុណា ពេជ្រ បាន​សម្តែងពី​ក្តី​អាណិត ចំពោះ​បងប្អូន​ដែលផ្ទះសំបែងត្រូវ​ជន់​លិច និងមិនបាន​យក​សម្ភារមកជា​មួយ គ្មាន​ទាំងចំណីអាហារ សម្លៀកបំពាក់ និង​សម្ភារប្រើប្រាស់ផ្ទាល់ខ្លួនទៀតផង។

    នៅលើគណនីហ្វេសប៊ុករបសខ្លួន លោក ករុណា ពេជ្រ​ បានឱ្យដឹងថា «ថ្ងៃនេះ ខ្ញុំបាទ ករុណា ពេជ្រ បានដឹកនាំតារាចម្រៀងប្រចាំផលិតកម្ម ថោន ដូចជា អ្នកនាង កាតុ លោក សុគន្ធ ថេរាយុ និង កញ្ញា ឈិត សុវណ្ណបញ្ញា ចូលរួមធ្វើវិភាគទាន និងបាននាំយកនូវអំណោយ និងថវិកាមួយចំនួនរបស់បណ្តាក្រុមហ៊ុន និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទៅជូនដល់អ្នកដែលរងគ្រោះដោយសារទឹកជំនន់ នៅភូមិរំលោង សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺចំនួន 197គ្រួសារ និងឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន 148 គ្រួសារ សរុប ទាំងអស់ 345 គ្រួសារ ដែលក្នុងមួយគ្រួសារនឹងទទួលបាន មី 1កេស អង្ករ 20គីឡូក្រាម ទឹកត្រី 1យួរ ឃីត 1កញ្ចប់ រួមទាំងថវិកា 20,000រៀលទៀតផង»៕

  • ជីដូនកាកី រងការរិះគន់យ៉ាងចាស់ដៃ ចំពោះការបង្ហាញភាពសិចស៊ីហួសហេតុ

    ជីដូនកាកី រងការរិះគន់យ៉ាងចាស់ដៃ ចំពោះការបង្ហាញភាពសិចស៊ីហួសហេតុ

    មហាជនក្នុងបណ្ដាញសង្គមនាំគ្នារិះគន់តារាសម្ដែងជីដូនកាកី ឬស្រីម៉ុច ដែលស្លៀកឈុត​​​​សិច​ស៊ី​មិន​ធម្មតា បែប​ប៊ី​គី​នី​ វាល​គល់​ភ្លៅ លេចក្រលៀន  ស្ទើរ​តែ​លេចតំបន់​សំខាន់​។ ក្នុងនោះដែរ តារាចម្រៀងពូកែទើសលោក ម៉ៃ សុគន្ធ និងតារាចម្រៀងជើងចាស់ ក៏បានបង្ហោះសារសួររកមុខអ្នកច្នៃម៉ូដសម្លៀកបំពាក់ឱ្យតារាស្រីរូបនេះស្លៀកផងដែរ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់តម្លៃតារាផ្សេងៗទៀត។

    លោក ម៉ៃ សុគន្ធ រៀបរាប់ថា «(តែងកាយមិនមើលប្រាណ តែងប្រាណមិនមើលវ័យ)កំពូលតារាខ្មែរ និងតារាថៃ តារាខ្មែរមើលទៅមិនដឹងជាដូចស្អី ហួសនឹងថ្លែង ត្រឹមតែបុណ្ណឹងយើងអាចវាយតម្លៃបានហើយ កម្រិតរីកចម្រើន ឬធ្លាក់ចុះកំពូលអ្នកច្នៃម៉ូដ ចង់ស្គាល់ណាស់ ចង់ឱ្យរង្វាន់អ្នកច្នៃម៉ូដ ចេញស្លីបអ្នកមានបុណ្យទៅមើលយល់» ។ លោកបន្ដថា «មិនមែនចង់ទើសទេ តែវាហួសហេតុពេក មិនដឹងថ្លែងថាម៉េច ជ្រុលនិយមពេកហើយ (ម៉ូដខោទឹកនោមកូនក្មេង ម្ចាស់ផ្ទះ នាងក្តៅស្អុះពេក បានស្លៀកចឹង ចង់រកមុខអ្នកច្នៃម៉ូតកប់ក្រលៀននេះណាស់ លីអូ ស នាងចង់ហែលទឹកលើឆាក ហ្នឹងហើយជាដើមហេតុដែលតែងតែធ្វើឱ្យមហាជនវាយតម្លៃអ្នកសិល្បៈ កម្រិត Down and Low» ។

    គួរបញ្ជាក់ផងដែរថា ខណៈបង្ហាញវត្តមានសិចស៊ីជាថ្មីនាពេលនោះ ហាក់មិនបានរុញឱ្យតារាស្រីរូបនេះទទួលបានការគាំទ្រ និងប្រជា​ប្រិយ​នោះឡើយ តែផ្ទុយទៅវិញនាងត្រូវរងការរិះគន់យ៉ាងខ្លាំងពីមហាជន ពិសេសតារាសិល្បៈប្រុសស្រីផ្សេងទៀត​ក៏បាន​បញ្ចេញប្រតិកម្មធ្ងន់ៗ ជុំវិញការស្លៀកពាក់​ដែលមើលទៅ​ប្រាសចាកពីវប្បធម៌ប្រពៃណីខ្មែរយើងបែបនេះ។ ក៏មិនខុសគ្នាដែរ អ្នកនាង គង់ ​ច័ន្ទសូរិយា ក៏បានថ្លែងដោយឥតសំចៃមាត់លើ​គណនី​ហ្វេសប៊ុករបស់នាងមុននេះបន្តិច​ថា «តារាថៃ​មធ្យម ងំតារាខ្មែរនឹងហ្មង បើបិទបាំងខ្លះ​ទៅវា​ម៉េច? ចាំទៅស្រាតក្នុងបន្ទប់វិញទៅហ្អេ? កន្លែងហ្នឹង​ហើយ​ដែល​ធ្វើឱ្យវប្បធម៌​ខ្មែរ​ធ្លាក់ចុះ»។ រីឯអ្នកនាង ខ្ញុង វិញក៏បានលើកឡើងដែរថា «ចេះទៅរួច?!» ។

    សូមជម្រាបថា មហាជនបានធ្វើការរិះគន់ចំពោះភាពសិចស៊ីរបស់ សុខ ស្រីម៉ុច ដោយបាននិយាយជារួមថា «មែនហើយបង ថៃស្លៀកប៉ុណ្ណឹងមិនសូវអីទេ តែខ្មែរយើង​គាត់​ជ្រុល​ហើយ គាត់ចង់បង្ហាញថា គាត់កូនច្រើនហើយនៅរាងស្អាត ស្អាត​មែន តែគាត់ជា​អ្នក​សិល្បៈ ដល់អ៊ីចឹងពេកពិបាកណាស់»៕

  • មិន​ខុសពី​កញ្ញា បេ​ប៊ី ទេ លោក រុន ណា​កូ ក៏​ជួប​រឿងចម្លែកៗមុន និង​ក្រោយ​ទទួលពាន​ដែរ

    មិន​ខុសពី​កញ្ញា បេ​ប៊ី ទេ លោក រុន ណា​កូ ក៏​ជួប​រឿងចម្លែកៗមុន និង​ក្រោយ​ទទួលពាន​ដែរ

    តារា​វ័យក្មេង 2រូប មាន​កញ្ញា ប៊េ​ប៊ី និង​លោក រុន ណា​កូ គឺជា​ម្ចាស់​ជយលាភី​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​គួរឱ្យកត់សម្គាល់​នៅក្នុង​កម្មវិធី​ប្រកួត​សម្លៀកបំពាក់​បុរាណ ដោយសារតែ​អ្នក​ទាំងពីរ​សុទ្ធតែ​បាន​គ្រង​ឈុត​ព្រះរាជាល្បីៗឈ្មោះ​ក្នុងសម័យ​រុងរឿង​របស់​កម្ពុជា​ដូចគ្នា និង​ទទួលបាន​ពាន​ជាតា​រា​លេចធ្លោ​ប្រចាំឆ្នាំ​ពី​កម្មវិធី​នោះ​ដូចគ្នា និង​ចំណុច​ដែល​រឹតតែ​ស្រដៀង​គ្នា​ទៀត​នោះ គឺ​អ្នក​ទាំងពីរ​សុទ្ធតែ​បាន​ជួប​ហេតុភេទចម្លែកៗដូចគ្នា​ទាំង​មុន និង​ក្រោយ​លើក​ពាន រហូតដល់​ថ្នាក់​ធ្វើឱ្យ​អ្នក​ទាំងពីរ​បាក់ស្បាត លែង​ចង់គ្រង​ឈុត​បុរាណ​បែបនេះ​សម្រាប់​លើក​ក្រោយទៀតៗផង។

    លោក រុន ណា​កូ បាន​ទម្លាយ​ពី​រឿងរ៉ាវ​ដែល​ខ្លួន​ជួបប្រទះ​ស្រដៀង​នឹង​កញ្ញា បេ​ប៊ី​ដែរនោះ​ថា មុន​គ្រង​ឈុត​ព្រះបាទ​សុរិយ​វរ្ម័នទី2 ដែល​ស្រាវជ្រាវ និង​ច្នៃ​ដោយ​លោក នូ សុ​ផេ​ន ដើម្បី​ចូល​ប្រកួត​នោះ លោក​ដឹង​ច្បាស់​ណាស់​ថា មិនអាច​ធ្វើ​រឿង​ផ្ដេសផ្ដាស់ ឬ​សូម្បីតែ​មាត់​ប៉ប៉ាច់ប៉ប៉ោច​មិនល្អ​បានឡើយ ដើម្បី​កុំឱ្យ​បារមី​របស់​ម្ចាស់​ឈុត​ប្រកែប្រកាន់។ លោក​កាន់តែ​ប្រយ័ត្ន​ទៅទៀត​ក្នុង​ឥរិយាបថ​អង្គុយ​នៅ​នឹង​តុ ទាំង​ការនិយាយ​លេងសើច ឬ​ផឹក​ជល់​កែវជា​ដើម។   ប៉ុន្តែ​ដោយសារតែ​អ្នកសិល្បៈ​ចេះតែ​ជល់​កែវ និង​បង្ខំ​ឱ្យ​ហូប​ស្រា​ខ្លាំងពេក លោក​ក៏​ដាក់​មួយ​ក្អឹ​ក​ក្នុងពេល​អង្គុយ​រង់ចាំ​ការបង្ហាញ​ខ្លួន​ជា​លើក​ទី2 មុន​ការប្រកាស​លទ្ធផល។ ស្រាប់តែ​ពេលនោះ​ចាប់ផ្ដើម​មាន​អាការ​ងឿង និង​តឹង​ណែន​ក្បាល​ដូច​ត្រូវគេ​យកស្អី​មក​រឹត​ក្បាល​ឡើង​ណែន​អ៊ីចឹង ខណៈដែល​មកុដ​លោក​ពាក់​នោះ​រលុង និង​ថែមទាំង​ត្រូវ​ញ៉ុ​ក​កន្សែង​បន្ថែម​នៅ​ខាងក្នុង​សោះ​ហ្នឹង?!។

    លោក​បន្ដថា ស្ថានភាព​នោះបាន​ធ្វើឱ្យ​លោក​សម្រេចចិត្ត​ដោះ​មកុដ​ចេញ​មួយសន្ទុះ​សិន ហើយ​មានគំនិត​ចង់​ឈប់​បន្ត​ការប្រកួត ព្រោះ​ស្ថានភាព​កាន់តែ​តានតឹង​ខ្លាំង ដោយសារតែ​លោក​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា ដកដង្ហើម​លែង​ចង់​ដល់​គ្នា ដូច​មាន​អ្នកណាម្នាក់​មក​ច្របាច់​បំពង់ខ្យល់​ជាប់​អ៊ីចឹង តែ​យ៉ាងណាក៏ដោយ ក្រោយពេល​លោក​ដឹងថា ទំនងជា​ខុសតំណម​ហើយ​នោះ ក៏​នាំគ្នា​បួងសួង​សុំឱ្យ​ម្ចាស់​ឈុត​កុំ​ប្រកែប្រកាន់​អី និង​អត់​ទោស​ឱ្យ​ផង។ ភ្លាមនោះ មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​ដូច​ត្រូវគេ​ដក​ពិស​ចេញ​អ៊ីចឹង លោក​បាន​ស្រួលខ្លួន​ដូចដើម​ឡើងវិញ ហើយ​អាច​បន្ត​ការប្រកួត​ក្នុង​វគ្គ​ទី​បាន។។ លោក​ថា ខ្លួន​លោក​មិនមែនជា​មនុស្ស​អ​បិ​យ​ជំនឿ​ទេ ប៉ុន្តែ​ក្រោយ​ជួប​ហេតុការណ៍​ចម្លែក​នេះ ធ្វើឱ្យ​លោក​ភ្លឺភ្នែក​តែម្ដង ថា ឈុត​បុរាណ​របស់​ព្រះមហាក្សត្រ​ខ្មែរ​កាលពី​សម័យ​អតីតកាល បើទោះជា​បាន​បង្កើត​ថ្មី​ក៏ដោយ ក៏​នៅតែមាន​បារមី​តាម​ថែរក្សា​ដែរ។

    លោក​បញ្ជាក់ថា កាន់តែ​មានរឿង​គួរឱ្យ​ព្រឺ​ខ្លួន​ទៅទៀត នៅពេល​គណៈកម្មការ​ប្រកាស​ថា លោក​បាន​ទទួលពាន «តារា​លេចធ្លោ​ប្រចាំឆ្នាំ​ផ្នែក​គ្រង​ឈុត​បុរាណ​ស័ក្ដិសម» ភ្លាម លោក​មាន​អារម្មណ៍​ថា ដូច​ជាមាន​វិញ្ញាណ​អ្វី​ម្យ៉ាង​មកឈរនៅក្បែរៗរូបលោក ដែល​លោក​យល់ថា ប្រហែលជា​ម្ចាស់​ឈុត​គេ​មក​អបអរសាទរ​ដែល​ឈុត​របស់គេ​បានឈ្នះ​ពាន​ដែរ​ហើយ​មើលទៅ ប៉ុន្តែ​សម្រាប់​រូបលោក​វិញ គឺ​ព្រឺ​ខ្លួន​ខ្ញាក បះ​រោម​ច្រូង ដល់​ថ្នាក់​មកដល់​ផ្ទះ​ហើយ ក៏​នៅតែព្រឺៗដេក​មិន​លក់​ទៀតផង៕

  • Taylor Swift ដុតនំ Cake ជូនជាកាដូដល់ Selena Gomez មិត្តសំណព្វចិត្ត

    Taylor Swift ដុតនំ Cake ជូនជាកាដូដល់ Selena Gomez មិត្តសំណព្វចិត្ត

    តាមរយៈសារព័ត៌មាន Daily Mail ដែលចេញផ្សាយនៅថ្ងៃទី23 ខែកក្កដា ឆ្នាំ2018 នេះបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវជាថ្ងៃកំណើតរបស់តារាចម្រៀងស្រី Selena Gomez ដែលមានវ័យ 26ឆ្នាំ​ហើយ នៅក្នុងពេលនោះតារាចម្រៀងស្រីដែលជាមិត្តសម្លាញ់សំណព្វចិត្តជាងគេរបស់នាង គឺតារាស្រី Taylor Swift បានដុតនំ Cake ដោយផ្ទាល់ដៃដើម្បីជូនជាកាដូលើកទឹកចិត្តដល់ Selena ស្របពេលដែល Selena កំពុងមានរឿងអាស្រូវខូចចិត្តជាច្រើនពាក់ព័ន្ធនឹង JB ( Justin Bieber ) ។

    បើទោះបីជាតារាចម្រៀងស្រី Taylor Swift កំពុងមានភាពមមាញឹកក្នុងការប្រគំតន្ត្រីទេសចរណ៍ទូទាំងពិភពលោកយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះនៅតែឆ្លៀតពេលវេលាផ្ទាល់ខ្លួន លើកទឹកចិត្តមិត្តសម្លាញ់របស់នាង និងបង្ហោះរូបភាពនៅលើ IG យ៉ាងផ្អែមល្ហែមជាមួយនឹង Selena Gomez  ផងដែរ។ ក្នុងថ្ងៃកំណើតរបស់ Gomez អតីតមិត្តប្រុសរបស់នាង លោក Weekend ក៏បានជូនបាច់ផ្កាជាពិសេសមកកាន់នាងផងដែរ ដើម្បីសម្ដែងការលើកទឹកចិត្ត បើទោះបីជាអ្នកទាំងពីរបានចែកផ្លូវគ្នារួចហើយយ៉ាងណាក៏ដោយ។

    សូមជម្រាបបន្ថែមថា អ្នកគាំទ្រ  Selena Gomez ជាពិសេស Fan Club របស់នាងផ្ទាល់បានបង្ហោះរូបភាពកាលពីនាងនៅវ័យកុមារជាច្រើនសន្លឹកយ៉ាងឃ្ជូតៗ នៅលើ IG ដែលធ្វើឱ្យតារាស្រីរូបនេះកាន់តែមានកម្លាំងចិត្តបន្ថែមឡើងទៀតនៅក្នុងថ្ងៃកំណើត។ គួររំឭកដែរថា Selena ធ្លាប់មានប្រវត្តិវះកាត់ប្តូរក្រលៀន និងលើរាងកាយនៅមានបន្សល់ស្នាមដេរកាលពីគ្រាវះកាត់នោះយ៉ាងច្បាស់ គឺមានប្រវែងជិតមួយចង្អាមឯណោះ និងវាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅពេលណាដែលនាងស្លៀកពាក់សិចស៊ីខ្លីៗម្ដងៗ៕

  • ព្រាប សុវត្ថិ ចេញមុខវិនិយោគលើវិស័យអចលនទ្រព្យយ៉ាងចំហ

    ព្រាប សុវត្ថិ ចេញមុខវិនិយោគលើវិស័យអចលនទ្រព្យយ៉ាងចំហ

    បន្ទាប់ពីមានភាពគគ្រឹកគគ្រេងខាងការវិនិយោគលើវិស័យអចលនទ្រព្យ(ពុះដីឡូត៍លក់) ខណៈនេះលោក ព្រាប សុវត្ថិ ក៏បានប្រកាសចាប់ដៃជាមួយលោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលត្រូវគេស្គាល់ថា ជាអ្នកជំនួញវ័យក្មេងដែលជោគជ័យលើវិស័យអចលនទ្រព្យទាំងលើជំនួញពុះដីឡូត៍លក់ និងសាងសង់បុរី ដោយការដាក់ទុនរួមគ្នាជាង 5លានដុល្លារធ្វើជំនួញពុះដីឡូត៍លក់លើទំហំដីជាង 13ហិកតានៅម្ដុំផ្សារព្រៃទទឹង លើផ្លូវជាតិលេខ3។

    លោក ព្រាប សុវត្ថិ បានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី21 កក្កដា កន្លងទៅថ្មីៗនេះថា ដើម្បីអបអរមុខជំនួញរួមគ្នារបស់លោក ជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត្រា លោកនិងដៃគូភាគហ៊ុនបានសម្រេចថែមជូនម៉ូតូមួយគ្រឿងតែម្ដងចំពោះអតិថិជនណាដែលបានទិញដីចំនួន 1ឡូត៍ក្នុងគម្រោងរបស់លោកនៅផ្សារព្រៃទទឹង លើផ្លូវជាតិលេខ3 នេះ ខណៈដែលដីឡូត៍ក្នុងគម្រោងនេះបានប្រកាសលក់តែក្នុងតម្លៃចាប់ពី 3,900ដុល្លារប៉ុណ្ណោះក្នុងមួយឡូត៍ ទាបជាងគម្រោងផ្សេងៗទៀតដែលនៅក្នុងតំបន់ជុំវិញនោះ។ ទាំងអស់នេះ គឺដើម្បីផ្ដល់លទ្ធភាពឱ្យអតិថិជនមានឱកាសបានទិញដីឡូត៍របស់លោក និងលោក ឡេង ណាវ៉ាត្រា ដែលទើបប្រកាសចាប់ដៃគ្នានេះ។ លោកបានបន្ដថា ការថែមជូននេះនឹងមានកំណត់រយៈពេល15ថ្ងៃ គិតចាប់តាំងពីថ្ងៃប្រកាសនេះតទៅ ដោយលោកបានបញ្ជាក់យ៉ាងខ្លីថា ទោះជាក្នុងរយៈពេលនេះដីឡូត៍ក្នុងគម្រោងរបស់លោកទាំងមូលត្រូវបានអតិថិជនទិញអស់រហូតដល់ទៅជាងមួយពាន់ឡូត៍ហើយក៏ដោយ ក៏លោក និងដៃគូភាគហ៊ុនបានសម្រេចចិត្តដាច់ខាតលើការបន្ថែមម៉ូតូមួយគ្រឿងជូនដល់អតិថិជនគ្រប់ៗគ្នា មិនឱ្យខ្វះម្នាក់ណាឡើយ ដើម្បីទុកជាចំណងដៃរបស់លោក ព្រាប សុវត្ថិ និងលោក ឡេង ណាវ៉ាត្រា ដែលបានចាប់ដៃធ្វើជំនួញរួមគ្នាក្នុងគ្រានេះ។

    គួរបញ្ជាក់ផងដែរថា ក្រៅពីការប្រកាសជូនម៉ូតូមួយគ្រឿងជាកាដូសម្រាប់ការបើកគម្រោងបណ្ដាក់ទុនរួមគ្នានេះហើយ  លោកព្រាប សុត្ថិ នៅបានបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលលោកសម្រេចចិត្តបោះទុនរួមគ្នាជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត្រា រហូតដល់ជាង 5លានដុល្លារលើគម្រោងវិនិយោគអចលនទ្រព្យនៅផ្សារព្រៃទទឹងនោះ គឺដោយសារតែលោក ឡេង ណាវ៉ាត្រា ជាបុគ្គលមានការតស៊ូគួរឱ្យសរសើរ ជាបុគ្គលជោគជ័យ និងជាបុគ្គលដែលបានទទួលនូវការគោរពជាច្រើនពីសំណាក់មហាជនក្នុងនាមអ្នកជំនួញមានគុណធម៌ និងមានទឹកចិត្តសប្បុរសតាមរយៈកិច្ចការបរិច្ចាគរាប់មិនអស់។ ក្នុងនោះលោកក៏ចង់ជោគជ័យក្នុងជំនួញដីធ្លីឱ្យខ្លាំងដូចគ្នានឹងលោកឡេង ណាវ៉ាត្រា ផងដែរ ទើបលោកប្រើពេលសិក្សាពីការចាប់ដៃ និងបានស្វែងរកដីធ្លីយ៉ាងលំបាក ទម្រាំរកបានដីមួយប្លង់ធំទំហំជាង 13ហិកតានៅទីប្រជុំជនផ្សារព្រៃទទឹង លើផ្លូវជាតិលេខ3 ដែលមានចម្ងាយប្រមាណជា11គីឡូម៉ែត្រពីរង្វង់មូលចោមចៅនេះ។

    ជាចុងក្រោយលោកបានបញ្ជាក់ម្ដងទៀតថា ដីដែលបានប្រើទុនរួមគ្នា និងជាគម្រោងបើកឆាកជាមួយលោកឡេង ណាវ៉ាត្រា នេះគឺស្ថិតនៅចំទីតាំងល្អនៅក្នុងទីប្រជុំជនដែលមានតម្លៃសមរម្យអាចទទួលយកបាន។ ការចាប់ដៃគូវិនិយោគលើវិស័យអចលនទ្រព្យយ៉ាងបើកចំហនេះ ត្រូវបានគេរំពឹងទុកថា អ្នកគាំទ្រកំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងមានការចាប់អារម្មណ៍ចំពោះដីឡូត៍ពុះលក់របស់លោកដែលស្ថិតក្នុងទីតាំងល្អ មានតម្លៃត្រឹមតែ 3,900ដុល្លារ និងថែមទាំងផ្ដល់ម៉ូតូជូនមួយគ្រឿងទៀតផង៕

  • តារាចម្រៀងស្រី Miley Cyrus និងគូដណ្ដឹងកំពុងឃ្លាតឆ្ងាយពីគ្នា

    តារាចម្រៀងស្រី Miley Cyrus និងគូដណ្ដឹងកំពុងឃ្លាតឆ្ងាយពីគ្នា

    បើតាមការចេញផ្សាយរបស់សារព័ត៌មាននៅចក្រភពអង់គ្លេស Daily Mail បានឱ្យដឹងថា តារាចម្រៀងស្រីល្បីឈ្មោះនៅសហរដ្ឋអាមេរិក នាង Miley Cyrus និងគូដណ្ដឹងរបស់នាងលោក Liam Hemsworth ត្រូវបានគេបង្ហើបថា ពួកគេកំពុងតែឃ្លាតឆ្ងាយពីគ្នាហើយ បន្ទាប់ពីបានព្យាយាមទ្រាំទ្ររស់នៅជាមួយគ្នាទាំងមានអារម្មណ៍វេទនាផ្លួវចិត្តអស់រយៈពេលជាច្រើនខែរួចមក។

    ម្ចាស់បទចម្រៀង «The Wrecking Ball» វ័យ 25ឆ្នាំ និងតារាសម្ដែងប្រុសក្នុងរឿង «Hunger Games star» វ័យ 28 ឆ្នាំ ត្រូវបានគេបង្ហើបឱ្យដឹងទៀតថា អ្នកទាំងពីរមានការឃ្នើសចិត្តនឹងគ្នាក្រោយពេលរៀបការ ដែលអ្នកទាំងពីរមិនទាន់មានបុត្រនៅឡើយ ជាមូលហេតុមួយបណ្ដាលឱ្យពួកគេមិនសូវជាត្រូវរ៉ូវគ្នាប៉ុន្មានឡើយ។ បើតាមប្រភពដែលជិតស្និទ្ធនឹងទំនាក់ទំនងស្នេហារបស់តារាទាំងពីរដួងនេះបានបង្ហើបប្រាប់ឱ្យដឹងថា តារាស្រី Miley Cyrus នាងជាមនុស្សរឹងរូស និងប្រហែលមិនអាចបន្ដទំនាក់ទំនងស្នេហាឱ្យបានយូរអង្វែងនោះទេ។

    គួរបញ្ជាក់ផងដែរថា មានអ្នកគាំទ្រជាច្រើននាក់កំពុងសង្កេតតាមដានអំពីទំនាក់ទំនងស្នេហារបស់តារាស្រីរូបនេះ និងគូស្នេហ៍ ដែលនៅពេលបច្ចុប្បន្ននេះ ពួកគេទាំងពីរកំពុងព្យាយាមរស់នៅជាមួយគ្នា ដើម្បីបិទបាំងភ្នែកមហាជន បើទោះបីជាពួកគេត្រូវរងទុក្ខវេទនាផ្លូវចិត្តយ៉ាងណាក៏ដោយ៕

  • Everton ខិត​កាន់​តែ​កៀក​ក្នុង​ការ​នាំ​យក Richarlison ពី Watford ក្នុង​តម្លៃខ្លួន​ 50​លាន​ផោន

    Everton ខិត​កាន់​តែ​កៀក​ក្នុង​ការ​នាំ​យក Richarlison ពី Watford ក្នុង​តម្លៃខ្លួន​ 50​លាន​ផោន

    ក្លិប​ទូក​ក្តោង Everton កំពុងស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​ចុះហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​​ប្រយុទ្ធ​ប្រេស៊ីល Richarlison ពី​ក្លិប Watford ក្នុង​ការ​ផ្ទេរ​មួយ​ដែលអាច​នឹង​មាន​តម្លៃខ្លួន​ដល់​ទៅ​ 50​លានផោន (ស្មើ​នឹង​65,66​លាន​ដុល្លារ​អាមេរិក)​។

    Richarlison បាន​ចុះហត្ថលេ​ខា​​រយៈពេល​ 5​ឆ្នាំ​​ជាមួយ​នឹង Watford កាល​ពី​ខែ​សីហា ឆ្នាំ​2017 ក្រោយ​ពី​បានផ្ទេរ​មក​ពី​ក្លិប Fluminense សម្រាប់​តម្លៃខ្លួន​​11.5​លាន​ផោន បន្ទាប់​ពី​​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អក្នុង​ព្រឹត្តិការណ៍ Under-20 World Cup​។ លោក Marco Silva គ្រូបង្វឹក​របស់​ក្រុម Everton គឺ​ជា​​សមា​ជិក​នៃ​​ផ្នែក​ចាត់​ការ​ទូទៅ​​របស់​ក្លិប Watford ដែល​បាន​នាំ​យក Richarlison ទៅកាន់​កីឡដ្ឋាន Vicarage Road​។ ខ្សែ​ប្រយុទ្ធ​វ័យ​ 21​ឆ្នាំ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 5​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ 12លើក​ដំបូង​របស់​គេ​ក្នុង​ក្រប​ខ័ណ្ឌ Premier League នៅមុន​ពេល​ទម្រង់​លេង​របស់​គេ​បាន​ធ្លាក់​ចុះ​វិញ​។

    តម្លៃខ្លួន​ជា​កំណត់​ត្រា​នៃ​​ការ​ទិញ​ចូល​កីឡាករ​របស់ Everton គឺ Gylfi Sigurdsson ដែល​បាន​ផ្ទេរ​មក​ពី​ក្លិប​ Swansea កាលពី​ខែ​សីហា ឆ្នាំ​2017 ក្នុង​តម្លៃខ្លួន​ 45​លាន​ផោន​។ Richarlison មិន​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​សោះ​ចាប់​​តាំង​ពីខែ​វិច្ឆិកា ប៉ុន្តែ លោក Silva មាន​បំណង​ចង់​នាំ​យក​រូប​គេ​ទៅកាន់​កីឡដ្ឋាន Goodison Park ចាប់​តាំង​ពី​លោក​បាន​ចូល​ជំនួស​កន្លែង​របស់​លោក Sam Allardyce កាល​ពី​ថ្ងៃ​ទី​31 ខែ​ឧសភា​។

    ការ​ពិភាក្សា​ផ្សេង​ៗ​​ជុំ​វិញ​ការ​ផ្ទេរ​នេះបាន​បន្ត បើ​ទោះ​បី​ Everton មិន​មាន​​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹងក្លិប Watford ចាប់​តាំងពី​មិន​អាច​នាំ​យក​លោក Silva ដែល​កាល​នោះ​កំពុងដឹកនាំ​នៅកីឡដ្ឋាន Vicarage Road ទៅកាន់​កីឡដ្ឋាន Goodison Park ក្រោយពី​ការ​ចាក​ចេញ​របស់​លោក Ronald Koeman កាល​ពីខែ​តុលា ឆ្នាំ​2017 ក៏ដោយ​៕

    ប្រភព​ពី៖ BBC

  • ផ្ទុះអាងបំពង់ចំហាយទឹកនៅកណ្ដាលទីក្រុង ញូវយ៉ក ( មានវីដេអូ )

    ផ្ទុះអាងបំពង់ចំហាយទឹកនៅកណ្ដាលទីក្រុង ញូវយ៉ក ( មានវីដេអូ )

    ដោយយោងតាមសារព័ត៌មាន China Xinhua News ដែលចេញផ្សាយមុននេះបន្ដិចបាន​ឱ្យដឹងថា កើតមានហេតុការណ៍ផ្ទុះអាងបំពង់ចំហាយទឹក នៅកណ្ដាលទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក​ ខណៈដែលផ្សែងបានបំភាយឡើងយ៉ាងខ្ពស់ទៅលើអាកាស បណ្ដាលឱ្យប្រជាជនដែលរស់នៅម្ដុំនោះមានភាពភ្ញាក់ផ្អើលជាខ្លាំង។

    ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2018 នាវេលាម៉ោង 6 .40 នាទី ម៉ោងនៃសហរដ្ឋអាមេរិក (ត្រូវពេលព្រឹកថ្ងៃនេះក្នុងស្រុកខ្មែរ ) ដែលបានកើតឡើងនៅម្ដុំផ្លូវ Fifth Avenue និងផ្លូវ 21Street ដែលមិនឆ្ងាយពីអគារ Flatiron Building ប៉ុ​ន្មាននោះទេ។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍រន្ធត់នេះ ពុំមានអ្នករបួស និងស្លាប់ឡើយ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់​ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • Cristiano Ronaldo ប្រកាសលក់ភូមិគ្រិះដ៏ធំស្កឹមស្កៃក្នុងតម្លៃ 4.8 លានដុល្លារសហរដ្ឋអាមេរិក

    Cristiano Ronaldo ប្រកាសលក់ភូមិគ្រិះដ៏ធំស្កឹមស្កៃក្នុងតម្លៃ 4.8 លានដុល្លារសហរដ្ឋអាមេរិក

    តាមរយៈសារព័ត៌មាន Sanook ដែលចេញផ្សាយនៅពេលមុននេះបន្ដិច បានឱ្យដឹងថា បន្ទាប់ពីសម្រេចចិត្តចុះកិច្ចកុងត្រារយៈពេល 4 ឆ្នាំជាមួយ Juventus ជាក្រុមលំដាប់ប្រចាំ កាល់សូ Serie A ប្រទេសអ៊ីតាលី និងជាការបិទទំព័រ 9 ឆ្នាំក្នុងព័ណ៌អាវ Real Madrid នោះ នៅទីបំផុតកីឡាករ Cristiano Ronaldo ដែលជាអាយដលក្រុមជម្រើសជាតិព័រទុយហ្គាល់ បានប្រកាសលក់ភូមិគ្រិះដ៏ធំស្កឹមស្កៃក្នុងតម្លៃ 4.8 លានដុល្លារសហរដ្ឋអាមេរិក ។

    នៅក្នុងភូមិគ្រិះមួយនេះ មានបន្ទប់គេងចំនួន 7 បន្ទប់ទឹកចំនួន 8 ដូចដែលកីឡាកររូបនេះបានបង្ហោះនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម ដែលមានអ្នកតាមដានលោកដល់ទៅ 136 លាននាក់។ គួរបញ្ជាក់ដែរថា នៅផ្នែកខាងក្រៅមានកន្លែងហាត់ប្រាណផ្ទាល់ខ្លួនដ៏ធំដូចវិមានមួយ មានតារាងបាល់ទាត់ធំមួយ អាងហែលទឹកដ៏ប្រណីត និងមានកន្លែងងូតទឹកយ៉ាងមានផាសុខភាពតែម្ដង។ ក្រៅពីនោះ ក៏មានការរចនាម៉ូដបន្ទប់ និងទីតាំងផ្សេងៗទៀត ស្របតាមចំណង់ចំណូលចិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់ផងដែរ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពនៅក្នុងភូមិគ្រិះដ៏ធំស្កឹមស្កៃរបស់លោក Cristiano Ronaldo ខាងក្រោមនេះ៖

  • តារាស្រី ផេន ខេក ត្រូវបានតែងតាំងជាអ្នកនាំពាក្យកងទ័ពជើងទឹក

    តារាស្រី ផេន ខេក ត្រូវបានតែងតាំងជាអ្នកនាំពាក្យកងទ័ពជើងទឹក

    តាមរយៈគេហទំព័រ Tvpool នៅថ្ងៃទី21 ខែកក្កដា ឆ្នាំ 2018 នេះ បានឱ្យដឹងថា ពិតជាធម្មតាមែន ដែលតារាស្រីលំដាប់ជួរនាង ខេមនីច ចាមិកន ឬមានឈ្មោះក្នុងសិល្បៈ ផេន ខេក ត្រូវបានជ្រើសតាំងពិសេសជាអ្នកនាំពាក្យរបស់កងទ័ពជើងទឹក ដើម្បីឱ្យប្រតិបត្តិការព័ត៌មានរបស់អង្គភាពកងទ័ពជើងទឹក និងមានប្រសិទ្ធភាពបំផុត។

    សូមជម្រាបផងដែរថា ក្រោយពីបានធ្វើការតែងតាំងហើយ តារាស្រី ផេនខេក ត្រូវបំពេញតួនាទីដូចនេះ ៖
    1-ទំនាក់ទំនងសាធារណៈ ជាមួយព័ត៌មានរបស់អង្គភាពកងទ័ពជើងទឹក នៅក្នុងនាមជាអ្នកនាំពាក្យដែលបានប្រគល់ជូន។
    2-ចូលរួមជាពិធីការិនី និងកិច្ចការងារផ្សេងៗ របស់អង្គភាពកងទ័ពជើងទឹក ដូចដែលអង្គភាពបានប្រគល់ជូន។
    3-ផ្ដល់ព័ត៌មាន និងពាក្យណែនាំជាប្រយោជន៍ដល់ការប្រតិបត្តិការព័ត៌មានរបស់កងទ័ពជើងទឹក។
    4-ប្រតិបត្តិតួនាទីផ្សេងៗ តាមដែលអង្គភាពបានប្រគល់ជូន ដោយអ្នកនាំពាក្យរបស់ទ័ពជើងទឹក និងផ្លាស់ប្ដូរតំណែងវិញ នៅពេលដែលអង្គភាពកងទ័ពជើងទឹកមានបញ្ជាការប្រែប្រួល។

    គួរបញ្ជាក់ផងដែរថា ការទទួលតំណែងថ្មីរបស់តារាសម្ដែងស្រីរូបនេះ អាចនិយាយបានថា ជាមោទនភាពមួយយ៉ាងធំធេង ព្រោះនាងមិនត្រឹមតែមានរូបសម្បត្តិស្រស់សោភាតែមួយប៉ុណ្ណោះទេ នាងមានទាំងទេពកោសល្យ ខ្នះខ្នែងការងារសប្បុរធម៌ និងមានពហុជំនាញក្នុងការធ្វើកិច្ចការផ្សេងៗទៀត៕