Author: អេបិល

  • យ៉ាយ៉ា សារភាពបានទិញចិញ្ចៀនឱ្យលោក ណាដេត ពិតមែន

    យ៉ាយ៉ា សារភាពបានទិញចិញ្ចៀនឱ្យលោក ណាដេត ពិតមែន

    តាមរយៈសារព័ត៌មាន Mthai បានចេញផ្សាយនៅពេលថ្មីនេះៗបានឱ្យដឹងថា នៅក្នុងកម្មវិធី “Watsons celebrate the 22nd anniversary” តារាសម្ដែងស្រី យ៉ាយ៉ា បានទម្លាយការពិតថា ខ្លួនពិតជាបានទិញរបស់ពិសេសមួយសម្រាប់ លោក Nadech Kugimiya យ៉ាងពិតប្រាកដមែន ។

    តារាស្រីវ័យ 25 ឆ្នាំរូបនេះ បាននិយាយប្រាប់អ្នកសារព័ត៌មានថៃថា ចិញ្ចៀនគូដែលនាងបានទិញឱ្យ លោក ណាដេត នោះព្រោះមួយរយៈពេលមុននេះ នាងបានធ្វើដំណើរនៅឯក្រៅប្រទេស ហើយក៏បានប្រទះឃើញចិញ្ចៀនគូនោះស្អាត ទើបសម្រេចចិត្តទិញជូនដៃគូតែម្តងទៅ ។ បន្ទាប់ពីតារាស្រីរូបនេះ ធ្វើការបកស្រាយបែបនេះហើយ បានធ្វើឱ្យហ្វេនដែលគាំទ្រ លោក ណាដេត និងកញ្ញា យ៉ាយ៉ា ​សម្តែងអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញអាយដលរបស់ខ្លួនស្រលាញ់គ្នាបែបនេះ​។

    គួររំឭកផងដែរថា មួយរយៈមុននេះ ដោយសារតែមានភាពមមារញឹកជាមួយការងាររៀងខ្លូន ទើបធ្វើឱ្យ លោក ណាដេត និង យ៉ាយ៉ា មិនសូវបានជួបគ្នា ចំនែកឯរូបថតនៅលើគណនីអ៊ីនស្រ្តាក្រាមមិនសូវជាបង្ហោះជាមួយគ្នាញឹកញាប់ ទើបធ្វើឱ្យអ្នកសារព័ត៌មាននិងហ្វេនៗមានចម្ងល់តែងតែចោតជាសំណួរដល់គូស្នេហ៍មួយគូនេះ គ្រប់ពេលដែលពួកគេចូលរួមក្នុងព្រឹត្តិការណ៍ណាមួយ ។ តែថ្មីៗនេះវិញ ម្តាយរបស់លោក ណាដេត បានបង្ហោះរូបថតជាច្រើនសន្លឹកនៅបណ្តាញសង្គម ដែលសម្ញែងពីភាពផ្អែមល្ហែមជាមួយតារាស្រី យ៉ាយ៉ា តែម្ដង៕

  • ចូលសិល្បៈមិនបានប៉ុន្មានផង សុវត្ថិ មុន្នីវណ្ណ សម្ញែងរថយន្ដសេរីទំនើបភ្លែត

    ចូលសិល្បៈមិនបានប៉ុន្មានផង សុវត្ថិ មុន្នីវណ្ណ សម្ញែងរថយន្ដសេរីទំនើបភ្លែត

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គម អ៊ីនស្ដាក្រាម មុននេះបន្តិចបានឱ្យដឹងថា កូនប្រុសច្បង លោក ព្រាប សុវត្ថិ ឈ្មោះថា សុវត្ថិ មុន្នីវណ្ណ កំពុងមានឈ្មោះល្បីល្បាញ និងមានរូបរាងស្រស់សង្ហារមិនចាញ់ឪពុកផងនេះ ខណៈបានបង្ហោះរូបថត 2 ខន្លឹកដោយភ្ជាប់មកជាមួយនិងចំនងជើងថា “និយាយសួស្តីទៅកាន់ Mercedes c63 AMG ថ្មីរបស់ខ្ញុំ” ។

    តាមរយៈរូបថតនេះដែរ ត្រូវបានមើលឃើញថា ការប្រឡូកសិល្បៈមិនទាន់បានប៉ុន្មានផង តែបានសាងប្រជាប្រិយភាព និងមានតម្លៃខ្លួនខ្ពស់ស្មើនឹងតារាជើងចាស់មួយចំនួនទៅហើយ ទើបបានជាលោកហ៊ានសម្ញែងរយន្ដប្រណិតសេរីសន្លាងឱ្យមហាជនបានដឹង ដែលនៅក្នុងនោះអ្នកគាំទ្រមួយចំនួនក៏បានចូលខមមិនអបអរសាទរដល់ម្ចាស់បទ “ហេតុអ្វីចាកចោលបង” ជាមួយនិងសមាជិកថ្មីដ៏ស្រស់ស្អាតរបស់លោកផងដែរ។

    សូមរំឭកផងដែរថា បើតាមប្រភពអ្នករៀបចំកម្មវិធីដែលសុំមិនបញ្ចេញឈ្មោះ ធ្លាប់បានទម្លាយឱ្យដឹងថា រាល់ពេលឡើងឆាកតន្រ្តីម្តងៗ កូនប្រុសទាំង2 គឺ សុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ ត្រូវបានលោក ព្រាប សុវត្ថិ ជាឪពុកទារតម្លៃខ្លួនពីម្ចាស់កម្មវិធី ដល់ទៅជិត 4 ពាន់ដុល្លារអាមេរិកឯណោះ ដោយមិនរាប់បញ្ចូលទាំងកូនពៅរបស់លោកម្នាក់ទៀតនោះផង។ ប្រភពដដែលនោះក៏បានបង្ហើបឱ្យដឹងបន្ថែមទៀតដែរថា ប្រសិនបើមានការអញ្ជើញតែកូនប្រុសម្នាក់ដូចជា សុវត្ថិ មុនីវណ្ណ ឬក៏សុវត្ថិ មុនីនាគ ហើយឱ្យមានការសម្រួលតម្លៃខ្លួននោះ ក៏មិនបានដែរ ដាច់ខាតត្រូវតែអញ្ជើញទាំងពីរនាក់បងប្អូន ដែលមានការកំណត់កញ្ចប់តម្លៃដូចពោលខាងលើ(អ៊ឺហ៊ឺ!)។

    យ៉ាងណាមិញ នេះគឺជាតម្លៃខ្លួនដ៏ខ្ពស់មួយ ដែលមានតែតារាល្បីៗប្រឡូកសិល្បៈយូរឆ្នាំប៉ុណ្ណោះ ទើបអាចទទួលបានតម្លៃខ្លួនក្នុងចំនួននេះបាន ក៏ប៉ុន្តែកូនប្រុសរបស់លោក ព្រាប សុវត្ថិ ទើបតែចូលខ្លួនបានប៉ុន្មានខែប៉ុណ្ណោះក៏មានតម្លៃខ្លួនខ្ពស់បែបនេះទៅហើយ៕

     

    Say hello to my new Mercedes c63 AMG❤

    A post shared by @ sovathmonivann on

  • ជីជី កាត់សក់ខ្លីទៅស្រស់ស្អាតម៉្យាង

    ជីជី កាត់សក់ខ្លីទៅស្រស់ស្អាតម៉្យាង

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅពេលមុននេះបន្ដិច បានឱ្យឃើញថា ពិធីការិនីដ៏ល្បីឈ្មោះប្រចាំកម្មវិធីទូរទស្សន៍​ MY TV និង CTN គឺកញ្ញា ជីជី បានបង្ហោះរូបភាពមួយសន្លឹក នៅក្នុងស្ថានភាពកាត់សក់ខ្លីដូចជាបុរស ដែលធ្វើឱ្យអ្នកគាំទ្រនាងមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។

    ការបង្ហាញម៉ូដសក់ខ្លីនេះ មិនទាន់អាចបញ្ជាក់បានថា ជាសក់ពាក់នៅក្នុងការសម្ដែងភាពយន្ដ ឬជាការសក់ពិតប្រាកដមែននោះទេ។ តែយ៉ាងណាមិញ កញ្ញាបានសាកល្បងធ្វើតេស្ដអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រនាងដោយសរសេរសារថា « បើសក់អូនចឹងនៅស្រលាញ់ទៀតអត់? »។ កញ្ញា ជីជី គឺជាពិធីការិនីដ៏មានប្រជាប្រិយភាពមួយរូប ដែលបានសាងភាពល្បីល្បាញរបស់ខ្លួន រយៈពេលជាច្រើនឆ្នាំមកហើយ ជាមួយនឹងស្នាដៃកាន់កម្មវិធីទូរទស្សន៍ធំៗយ៉ាងច្រើន ស្ទើរតែរាប់មិនអស់។

    បើទោះបីជា នាងលេងម៉ូដសក់ ឬម៉ូដសម្លៀកបំពាក់បែបណានោះ ក៏អ្នកគាំទ្រនិយមពោលពាក្យសសើរថា នាងស្រស់ស្អាតដដែល ។ ដើម្បីកុំឱ្យខាតពេលយូរ សូមទស្សនារូបភាពខាងក្រោមនេះ ៖

  • ផ្ទុះការសង្ស័យ ! មិត្តសំណព្វ Kimberly ចែកផ្លូវគ្នាជាមួយតួប្រុសក្នុងរឿង “បុព្វេសន្និវាស”

    ផ្ទុះការសង្ស័យ ! មិត្តសំណព្វ Kimberly ចែកផ្លូវគ្នាជាមួយតួប្រុសក្នុងរឿង “បុព្វេសន្និវាស”

    តាមរយៈសារព័ត៌មាន Sanook បានឱ្យដឹងថា តារាសម្ដែងស្រីកញ្ញា Bow Benjawan ត្រូវបានគេស្គាល់ថា គឺជាមិត្តជិតដិតរបស់តារាឯកស្រី Kimberly តាំងពីតារាស្រីរូបនេះមិនទាន់ល្បីឈ្មោះមកម្ល៉េះ ហើយពេលនេះអ្នកទាំងពីរក៏នៅតែជាមិត្តល្អនឹងគ្នាដដែល ទោះបីជាពួកគេកម្រទៅណាមកណាជាមួយគ្នាដូចពីមុនក៏ដោយចុះ​ ។

    បើនិយាយអំពីទំនាក់ទំនងជីវិតស្នេហារបស់ Bow Benjawan ជាមួយនិងតារាឯកប្រុស Got Jirayu វិញ បានធ្វើឱ្យអ្នកគាំទ្រសង្ស័យថា តួប្រុសក្នុងរឿង “បុព្វេសន្និវាស” បានចែកផ្លូវគ្នាជាមួយនិងមិត្តសម្លាញ់របស់ Kimberly ខណៈពេលដែលនាង Bow Benjawan តែងតែបង្ហោះអារម្មណ៍ឯកា នៅលើគណនីអ៊ីនស្រ្តាក្រាមជាញឹកញាប់​ នាមួយរយៈពេលចុងក្រោយនេះ ។

    គួរបញ្ជាក់ផងដែរថា នៅមិនទាន់មានការបញ្ជាក់ពីសាមីខ្លួននៅឡើយទេថា តើ Bow Benjawan និង Got Jirayu សម្រេចចិត្តចែកផ្លូវគ្នា ឬយ៉ាងណា ក្រោយពីទាក់ទងគ្នាអស់រយៈពេលជាង 5 ឆ្នាំមកនេះ ៕

     

  • សមាជិកក្រុម​ 2PM លោក Taecyeon ចាកចេញពីផលិតកម្ម​ JYP ទៅកាន់ទ្រនំថ្មី

    សមាជិកក្រុម​ 2PM លោក Taecyeon ចាកចេញពីផលិតកម្ម​ JYP ទៅកាន់ទ្រនំថ្មី

    តាមរយៈសារព័ត៌មាន Koreaboo ដែលចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា សមាជិកក្រុមចម្រៀងប្រុសដ៏ល្បីល្បាញ 2PM លោក Taecyeon បានវេចបង្វេចចាកចេញពីផលិតកម្ម YJP និងទៅចុះកិច្ចកុងត្រាជាមួយទ្រនំថ្មីមួយមានឈ្មោះថា 51K ។

    ក្រុមហ៊ុនឯកជន 51K ក៏បានប្រកាសនៅក្នុងថ្ងៃនេះថា « សូមស្វាគមន៍ចំពោះសមាជិកថ្មីលោក Taecyeon ដែលជាអ្នកដឹកនាំដ៏មានទេពកោសល្យនៃសិល្បករជួរមុខ រួមទាំង So Ji Sub និងតារាជំនាន់ក្រោយ Lee Hyo Je »។ យ៉ាងណាមិញ ក្រុមហ៊ុន 51K ក៏បានអះអាងដែលថា ខ្លួននឹងប្រឹងប្រែងធ្វើឱ្យតារាប្រុសរូបនេះ កាន់តែមានមុខមាត់ និងមានអ្នកគាំទ្រស្រឡាញ់លោកកាន់តែខ្លាំងឡើង ព្រោះលោកជាតារាសិល្បៈដែលមានទើបកោសល្យច្រើនជាងគេនៅក្នុងក្រុមចម្រៀង 2PM។

    សូមជម្រាបបន្ថែមថា ខាងផលិតកម្ម YJP ក៏បានធ្វើការបញ្ជាក់ជាចុងក្រោយដែលថា តារាចម្រៀង Taecyeon នៅតែអាចបន្តជាសមាជិកក្រុមចម្រៀង 2PM ដដែល ខណៈលោកពុំមិនកិច្ចសន្សារួមការងារជាមួយគ្នាក៏ដោយ។ បើទោះបីជាលោកបានផ្លាស់ប្ដូរអ្នកគ្រប់គ្រង ឬក្រុមហ៊ុនក្ដី តែលោកអាចនៅបន្ដជាផ្នែកមួយនៃសមាជិក 2PM ដដែលរាល់ការសម្ដែង។ ពួកយើងតែគ្រប់គ្រងការសម្ដែងរបស់ 2PM ដដែល៕

  • ពិតជាអស្ចារ្យមែន!  អ្នកច្នៃឈុតបុរាណម្នាក់ ធ្វើឱ្យតារា 4នាក់ឈ្នះពានក្នុងពេលតែមួយ

    ពិតជាអស្ចារ្យមែន!  អ្នកច្នៃឈុតបុរាណម្នាក់ ធ្វើឱ្យតារា 4នាក់ឈ្នះពានក្នុងពេលតែមួយ

    មកទល់ពេលនេះ ការប្រកួតឈុតបុរាណរបស់ «គ្រួសារតារាកម្ពុជា» ត្រូវបានគេកត់សម្គាល់ឃើញថា វេទិកានេះបានជួយឱ្យតារា 7រូបទទួលបានកិត្តិយសយ៉ាងខ្លាំង ដោយសារតែពួកគេសុទ្ធតែបានក្លាយជាម្ចាស់ពានតារាលេចធ្លោប្រចាំឆ្នាំទាំងអស់ ក្រោមអធិបតីភាពឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតារាចាស់-ថ្មីសរុបដល់ទៅជាង 300នាក់។ ក្នុងចំណោមម្ចាស់ពានទាំងអស់ គេចាប់អារម្មណ៍លើម្ចាស់ពានចំនួន 4រូប ដោយសារតែពួកគេទាំង4 សុទ្ធតែបានគ្រងឈុតរបស់អ្នកច្នៃម៉ូដតែម្នាក់គត់ គឺលោកនូ សុផេន ដែលជាអ្នកស្រាវជ្រាវ និងជាអ្នកច្នៃឈុតបុរាណដ៏ល្បីឈ្មោះ។

    លោក នូ សុផេន ដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា និងត្រូវបានគេស្គាល់ថា មានជំនាញខាងស្រាវជ្រាវ និងជាអ្នកច្នៃម៉ូដបុរាណទៀតផងនោះ បានអះអាងថា មុនការប្រកួតចាប់ផ្ដើម យ៉ាងហោចមានតារាប្រមាណ 10នាក់របស់ «គ្រួសារតារាកម្ពុជា» បានទាក់ទងមកលោកដោយផ្ទាល់ និងស្នើឱ្យលោកជួយច្នៃម៉ូដឈុតបុរាណ ដើម្បីឱ្យពួកគេបានស្លៀកចូលរួមប្រកួតនៅក្នុងកម្មវិធីខាងលើ។ តារាដែលបានចូលរួមប្រកួតរហូតជិត 10រូប បានស្លៀកឈុតដែលលោកកែច្នៃទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នោះ ដែលលោកមិននឹកស្មានថា ឈុតរបស់លោករហូតដល់ទៅ 4ឈុត បានទទួលពានក្នុងចំណោម 7ពាន នារាត្រីនោះឡើយ។

    លោកបានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានដឹងថា ឈុតព្រះនាងឥន្ទ្រទេវី របស់កញ្ញាប៊េប៊ី ឈុតស្រីស្នំនៅសម័យអង្គររបស់អ្នកនាងម៉ៅ ស៊ីណាត   ឈុតព្រះបាទសុរិយវរ្ម័នទី2 ដែលជាស្ដេចកសាងប្រាសាទអង្គររបស់ លោករុន ណាកូ និងឈុតកងទាហាននៅសម័យអង្គររបស់លោកស៊ិន សុធារិទ្ធ ត្រូវបានគណៈកម្មការផ្ដល់ពិន្ទុឱ្យលើកពាន ខណៈដែលលោកយល់ថាមិនគួរសោះ ដោយសារតែក្នុងពិធីនោះត្រូវបានចូលរួមបញ្ចេញស្នាដៃដោយផ្ដល់ឈុតឱ្យតារាៗមួយចំនួនខ្ចីស្លៀកយកទៅប្រកួតដែរ។

    លោកបានពន្យល់ពីហេតុផល ដែលនាំឱ្យឈុតរបស់លោកដល់ទៅ 4ឈុតបានក្លាយជាម្ចាស់ពាន គឺដោយសារតែលោកជ្រើសយកតារាដែលមានទម្រង់មុខ និងដងខ្លួនស័ក្តិសមនឹងឈុតទាំងនោះបានល្អ ទើបធ្វើឱ្យឈុតទាំង4 នោះមានភាពលេចធ្លោ និងយកឈ្នះចិត្តគណៈកម្មការបាន។ លោកប្រាប់ថា លោកបានចំណាយពេលវេលាស្រាវជ្រាវ កែច្នៃ និងថវិកាដើម្បីចាត់ចែងលើការងារនេះដោយមិនស្ដាយកម្លាំងទេ ទើបស្នាដៃដែលលោកខំប្រឹងប្រែងទាំងនោះទទួលបានការទទួលស្គាល់តាមរយៈការប្រកួតប្រជែងស្នាដៃច្រើនបែបនេះ។

    លោកបញ្ជាក់ថា ការគ្រងឈុតបុរាណ ទោះជាឈុតទាំងនោះមានភាពទាក់ទាញមែន តែបើការជ្រើសរើសតួតារាមកគ្រងមិនបានស័ក្តិសម និងមានរូបរាង សម្រស់មិនស៊ីគ្នានឹងឈុតនោះ ក៏ភាពលេចធ្លោមិនបានកើតឡើងដែរ ដូច្នេះហើយទើបលោកយល់ថា ហេតុផលដែលឈុតរបស់លោកបានលើកពានដល់ទៅ 4ឈុត គឺដោយសារតែរាងរៅ និងមុខមាត់របស់តារាអ្នកដែលស្លៀកនោះត្រូវនឹងឈុតដែលលោកបានច្នៃនោះដែរ៕

  • Tom Cruise លះបង់ខ្លាំង ចំពោះការថតភាពយន្ដ Mission Impossible

    Tom Cruise លះបង់ខ្លាំង ចំពោះការថតភាពយន្ដ Mission Impossible

    ភាពយន្ត Mission Impossible Fallout ថ្មីនេះ​ គឺ​ជា​ភាគ​​ទី ​6​ ហើយ​របស់​សែស្រឡាយ​រឿង​ Mission Impossible ដែល​មានការ​ចូលរួមសម្ដែង​ពី​សំណាក់​តារា​ហូលីវូដ​ល្បីៗ​ជា​ច្រើន​រូប ​ដូច​ជា Tom Cruise, Henry Cavill, Simon Pegg និង Rebecca Ferguson ជា​ដើម​។ កាលពីថ្ងៃ​ទី24 ​ខែ​កក្កដា​ តារាឯកប្រុស​រូប​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​​ “The Tonight Show Starring Jimmy Fallon” ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី​របស់​ខ្លួន “Mission Impossible Fallout” ឬ “MI6”។ នៅ​ក្នុង​កម្មវិធី​នោះ​ លោក​បាន​និយាយ​ពី​បទ​ពិសោធ​សម្ដែង​ ក៏​ដូច​ជា​ការ​លំបាក​ផ្សេងៗក្នុងថតផងដែរ​។

    Tom Cruise បាន​បញ្ជាក់​ថា ​លោកបាន​បាក់​ឆ្អឹង​ជើង​នៅក្នុងការ​ថត​ឈុត​មួយ​ក្នុង​សាច់​រឿង គឺដោយសារការ​លោតផ្លោះ​ពី​អគារ​មួយ​ទៅ​អគារ​មួយ​ទៀត​ ហើយអ្វី​ដែល​គួរ​ឱ្យ​កោត​សរសើរ​បំផុត​នោះ​គឺ លោក​ចំណាយ​ពេល​ដល់​ទៅ 1​ឆ្នាំ​កន្លះ​ដើម្បី​រៀន​បើក​បរ​ឧទ្ធម្ភាគចក្រ​ដើម្បីសម្ដែងឱ្យបានដូចមែនទែននៅក្នុង​ឈុត​មួយទៀត​នៃ​សាច់​រឿង។ យ៉ាងណាក៏ដោយ នៅក្នុងផ្ទៃរឿងនេះទាំងមូល នៅមានឈុតឆាកមួយចំនួនបានថតដោយកាមេរ៉ា IMax ជាប្រភេទកាមេរ៉ាដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់នៃឧស្សាហកម្មភាពយន្ដលំដាប់ពិភពលោក។

    គួរបញ្ជាក់ដែរថា នៅរសៀលថ្ងៃទី25 ខែកក្កដា ឆ្នាំ2018 ម្សិលមិញនេះ ក៏មានការជួបជុំបណ្ដាអ្នកគាំទ្ររបស់តារាសម្ដែង Tom Cruise នៅក្នុងបរិវេណ Major Cineplex by Smart សាខា​ Aeon Sen Sok ក្នុងរាជធានីភ្នំពេញផងដែរ និងអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ អ្នកគាំទ្ររបស់តារាសម្ដែងប្រុសរូបនេះ បានទទួលនូវបទពិសោធថ្មីសន្លាងមួយ គឺការទស្សនាភាពយន្ដខាងលើនេះ ជា​លក្ខណៈ IMAX ដែលមានទំហំធំជាងរោងភាពយន្ដធម្មតាដល់ទៅ 4ដង។

    សូមជម្រាបថា រឿង «Mission Impossible» ក៏មានការបញ្ចុះតម្លៃពិសេសដល់ទៅ 50% ចំពោះអ្នកគាំទ្រដែលកំពុងរង់ចាំទស្សនាទៀតផង​៕

  • ខេមរៈ សិរីមន្ដ ត្រៀមបញ្ចេញបទចម្រៀងថ្មីរួមគ្នាជាមួយតារាចម្រៀងថៃ ទីក ឈិរ៉ូ

    ខេមរៈ សិរីមន្ដ ត្រៀមបញ្ចេញបទចម្រៀងថ្មីរួមគ្នាជាមួយតារាចម្រៀងថៃ ទីក ឈិរ៉ូ

    តាមរយៈកម្មវិធី «เรื่องเล่าเช้านี้ บีอีซีเทโร» ឬព័ត៌មានពេលព្រឹករបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 3 ថៃ បានឱ្យដឹងថា នៅវគ្គកម្សាន្ដចុងបញ្ចប់នៃកម្មវិធី មានរៀបចំការសម្ដែងបទចម្រៀងថ្មីពីកំពូលតារាចម្រៀងថៃ លោក ទិក ឈិរ៉ូ ( ติ๊ก ชิโร่ ) រួមមាន បទចម្រៀងផ្ដល់កម្លាំងចិត្តដល់ជនជាតិឡាវដែលកំពុងរងគ្រោះពីការបាក់ទំនប់វារីអគ្គិសនីនិងបទចម្រៀងដែលត្រៀមបញ្ចេញក្នុងអាល់ប៊ុមថ្មីរបស់លោក។

    លោក ទិក ឈិរ៉ូ បានប្រាប់អ្នកសារព័ត៌មានថៃថា អាល់ប៊ុមចម្រៀងថ្មីដែលមានចំណងជើងថា SAD MAN នេះ គឺជាការបង្ហាញស្នាដៃច្រៀងរួមគ្នារវាងតារាចម្រៀងកម្ពុជា លោក ខេមរៈ សិរីមន្ដ និងរូបលោកផ្ទាល់។ លោកបន្ដទៀតថា ដើម្បីសម្ព័ន្ធភាព និងមិត្តភាពរវាងថៃ និងកម្ពុជា លោក និងមិត្តសម្លាញ់កម្ពុជា ( លោក ខេមរៈ សិរីមន្ដ) គ្រោងបង្ហាញអាល់ប៊ុមចម្រៀង និងការប្រគំតន្ត្រីរួមគ្នាយ៉ាងធំនៅក្នុងប្រទេសថៃ និងកម្ពុជា ហើយបទចម្រៀង «SAD MAN» ក៏មានការបកស្រាយជា 2ភាសាដែលមានអត្ថន័យដូចគ្នា។

    ឯលោក ខេមរៈ សិរីមន្ដ វិញក៏បានអះអាងដែរថា លោក និងតារាចម្រៀងថៃរូបនេះកំពុងត្រៀមបង្ហាញពីអ្វីដែលប្លែក ហើយថ្មីសម្រាប់បងប្អូននៅកម្ពុជា និងជនជាតិថៃ ដែលជាការសាងប្រវត្តិសាស្ត្រថ្មីនៅក្នុងពិភពសិល្បៈ និងរំពឹងទុកថា បងប្អូនទាំងអស់គ្នានឹងគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់រូបលោក ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • ពិធីករល្បីឈ្មោះ សាហារ៉ា បដិសេធរឿងបោះទុនបើកហាងកាហ្វេនៅសៀមរាប

    ពិធីករល្បីឈ្មោះ សាហារ៉ា បដិសេធរឿងបោះទុនបើកហាងកាហ្វេនៅសៀមរាប

    នៅពេលថ្មីៗនេះ គេឃើញពិធីករ និងជាតារាសម្ដែងតួឯកក្នុងរឿង «ស្នូរជើងអ្នកណា» បានចេញមុខបើកសម្ពោធហាងការហ្វេ និងតែគុជធំមួយ យីហោ «ឆាវ ដយ» នៅខេត្តសៀមរាបយ៉ាងគគ្រឹកគគ្រេង ដោយហាងកាហ្វេនោះត្រូវបានមហាជនយល់ឃើញថា ជាភាគហ៊ុនរបស់លោក បើទោះជាហាងដែលស្ថិតនៅម្ដុំព្រះអង្គចេក-ព្រះអង្គចម ជាទីតាំងដែលល្អ និងចំណាយទុនបើកមិនធម្មតាក្ដី។ ជាងនេះទៅទៀត គេមើលឃើញថា ហាងកាហ្វេដែលពាក់ព័ន្ធនឹងរូបលោកនេះ ត្រូវបានគេសង្ស័យថាជាប្រ៊េនដ៍មកពីប្រទេសវៀតណាម ទើបធ្វើ​ឱ្យលោកចេញមុខប្រតិកម្មភ្លាមៗតែម្ដង។

    លោក សាហារ៉ា បាននិយាយប្រាប់អ្នកយកព័ត៌មានគេហទំព័រ ឡារ៉ែន ថា រហូតមកដល់ថ្ងៃនេះ នៅតែមានមិត្តភក្ដិក្នុងហ្វេសប៊ុកជាច្រើនយល់ថា លោកបានសម្ងំបោះទុន ឬដាក់ភាគហ៊ុនបើកហាងកាហ្វេធំមួយនៅខេត្តសៀមរាប ដោយសារតែក្នុងថ្ងៃសម្ពោធហាងកាហ្វេ«ឆាវ ដយ»នៅសៀមរាបនោះ លោក គឺជាអ្នកចេញមុខខ្នះខ្នែង ដោយចូលរួមទាំងការរៀបចំ ធ្វើពិធីករ និងជួយចាត់ចែងស្ទើរទាំងស្រុង ដើម្បីឱ្យការសម្ពោធដំណើរការទៅដោយរលូន។ លោកបានបញ្ជាក់ថា ការយល់ច្រឡំថា អាជីវកម្មនោះជារបស់ខ្លួន គឺជារឿងដែលអាចធ្វើឱ្យម្ចាស់មែនទែនគេអន់ចិត្ត ដោយសារតែអាជីវកម្មនោះត្រូវបានគេដឹងថាប្រើទុនដល់រាប់សែនដុល្លារដែលលើសពីសមត្ថភាពរបស់លោក ហើយម្ចាស់ហាងពិតប្រាកដ គឺជារបស់លោក ឈិន ឈួង និងអ្នកស្រី សេក ច័ន្ទសុធារិន្ទ ដែលត្រូវជាមិត្តភ័ក្ដិស្និទ្ធស្នាលរបស់លោក តាំងពីនៅរៀនមហាវិទ្យាល័យជាមួយគ្នាឯណោះទេ។

    លោកបញ្ចាក់ថា  មិនមានសូម្បីតែភាគហ៊ុនមួយហ៊ុន ប៉ុន្តែហេតុផលដែលលោកខ្នះខ្នែង គឺដោយសារតែលោកចង់ស្វែងយល់ពីមុខរបរបើកហាងកាហ្វេនោះ ពីមិត្តភ័ក្តិឱ្យបានល្អិតល្អន់ និងចង់រួមចំណែកជួយដល់អតីតមិត្តរួមថ្នាក់ផង ទើបលោកចេញមុខខ្នះខ្នែងនៅក្នុងថ្ងៃនោះ ដោយរំពឹងថានឹងទទួលបានបទពិសោធមួយ ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួន នៅពេលដែលលោកចង់ទិញប្រ៊េនដ៍ហាងកាហ្វេ ឆាវ ដយ ក្នុងពេលខាងមុខ។ លោកថា ខ្លួនមានចំណូលចិត្តទិញប្រ៊េនដ៍បើកហាងកាហ្វេធំៗបែបនេះក្នុងពេលខាងមុខ ខណៈដែលលោកកាន់តែមានចំណូលចិត្តទ្វេឡើងនៅពេលទៅចូលរួមសម្ពោធហាង ឆាវ ដយ នៅសៀមរាបរបស់មិត្តសម្លាញ់ ហើយបានកត់សម្គាល់ថា អាជីវកម្មរបស់ហាងធំដុំនោះទទួលបានការរីកចម្រើនមិនធម្មតា។ មកទល់ម៉ោងនេះ ខ្លួនកាន់តែពេញចិត្តក្នុងការសិក្សាស្វែងយល់ពីប្រ៊េនដ៍របស់ហាងកាហ្វេ ឆាវ ដយ ដោយសារតែលោកយល់ថា អាជីវកម្មមួយនេះ បើមានដើមទុន គឺពិតជាងាយស្រួលកើបផលចំណេញណាស់ ជាពិសេសសម្រាប់អ្នកជ្រើសរើសត្រូវទីតាំង ដូចហាង ឆាវ ដយ នៅសៀមរាបនេះ។

    លោកបានជម្រាបបន្ថែមឱ្យកាន់តែច្បាស់ថា ហាង ឆាវ ដយ សៀមរាប មិនមែនជាកម្មសិទ្ធិ ឬជាភាគហ៊ុនរបស់ខ្លួនទេ លោកក៏បានប្រតិកម្មជុំវិញការលើកឡើងថា យីហោ ហាងនេះ គឺជាប្រ៊េនដ៍របស់វៀតណាមផងដែរ។ លោកថា អ្នកយល់ឃើញនោះ បណ្ដាលមកពីគិតតែមួយជ្រុង ត្រង់សូរសៀង របស់ឈ្មោះហាង ដោយមិនបានស្វែងយល់ថា នេះជាប្រ៊េនដ៍នាំចូលមកពីប្រទេសណា។ លោក សាហារ៉ា បន្តថា កាហ្វេ ឆាវ ដយ គឺជាយីហោល្បីមួយនៅក្នុងប្រទេសថៃ ហើយក្រៅពីនៅក្នុងប្រទេសថៃហើយ ហាងកាហ្វេយីហោនេះ ក៏មានវត្តមាននៅតាមបណ្ដាប្រទេសផ្សេងៗផងដែរ ហើយនេះគឺជាសាខាទី5 ទើបបើកថ្មោងថ្មីនៅខេត្តសៀមរាប។ លោកថា ខ្លួនសម្លឹងឃើញពីការចាប់ផ្ដើមរបស់អាជីវកម្មនេះ តែលោកមិនទាន់ច្បាស់ថា តើខ្លួនមានលទ្ធភាពពេលណានោះទេ ដោយសារតែការទិញប្រ៊េនដ៍ និងធ្វើហាងឱ្យត្រូវតាមស្ដង់ដាររបស់ឆាវ ដយ នេះត្រូវប្រើទុនខ្ពស់ ហើយក៏ត្រូវការពេលវេលាគ្រប់គ្រងពេញលេញដែរ៕

  • ក្លិប Barca ចុះហត្ថលេខា​យក Malcom ពី Bordeaux ខណៈ Roma គិតពី​វិធានការ​ច្បាប់

    ក្លិប Barca ចុះហត្ថលេខា​យក Malcom ពី Bordeaux ខណៈ Roma គិតពី​វិធានការ​ច្បាប់

    ក្លិប Barcelona បាន​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ​ដើម្បី​ចុះហត្ថលេខា​ជាមួយនឹង Malcom ពី​ក្លិប Bordeaux សម្រាប់​តម្លៃ​ខ្លួន 41លាន​អឺរ៉ូ (ស្មើនឹង 47.89លាន​ដុល្លារ​អាមេរិក) ត្រឹមតែ​រយៈពេល 1ថ្ងៃ ក្រោយពី​ក្លិប Roma បានប្រកាសថា ពួកគេ​បាន​ឈានដល់​ការ​ព្រមព្រៀងគ្នា​មួយ​របស់​ពួកគេ​ដែរនោះ។

    ខ្សែប្រយុទ្ធ​វ័យ 21ឆ្នាំ​រូបនេះ ហាក់​នឹងត្រូវ​ផ្ទេរ​ទៅកាន់​ក្លិប Roma ទៅហើយ​កាលពី​ថ្ងៃ​ចន្ទ ក្រោយពី​ទាំង​ក្លិប Roma និង Bordeaux សុទ្ធសឹង​បានប្រកាស​ពី​ការ​ព្រមព្រៀងគ្នា​មួយ​នៅពេលដែល​តម្លៃ​ខ្លួន​ប្រមាណ​ជា 40លាន​អឺរ៉ូ ត្រូវបាន​ឯកភាព។ បន្ទាប់មក​ស្រាប់តែ Barcelona បាន​ហក់​ចូលទៅ​ក្នុងការ​ប្រជែង​ជាមួយនឹង​សំណើ​មួយ​នៅ​នាទីចុងក្រោយ ហើយ Malcom បច្ចុប្បន្ន​បាន​យល់ព្រម​លើ​កុងត្រា​រយៈពេល 5ឆ្នាំ​នៅឯ​កីឡដ្ឋាន Camp Nou។ លោក Monchi ប្រធាន​ផ្នែក​កីឡា​របស់​ក្លិប Roma បាន​បញ្ចេញមតិ​ចំពោះ​ការបរាជ័យ​របស់​ពួកគេ​ក្នុង​ការផ្ទេរ Malcom ក្នុង​វីដេអូ​មួយ​នៅក្នុង​បណ្តាញ​សង្គម Twitter របស់​ក្លិប​នេះ និង​ហាក់ដូចជា​បាន​ស្តីបន្ទោស​ទៅលើ​ក្លិប Bordeaux។ បុរស​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បាន​បញ្ជាក់ថា ក្លិប​របស់គាត់​អាច​នឹង​ពិចារណា​ទៅលើ​ការចាត់វិធានការ​ផ្នែក​ច្បាប់។

    ឯ Barcelona ដែល​ការផ្ទេរ​របស់​ពួកគេ​សម្រាប់​កីឡាករ​រូបនេះ​ក៏បាន​រាប់បញ្ចូល​ទាំង​ប្រាក់រង្វាន់​បន្ថែម 1លាន​អឺរ៉ូ ផងដែរ​នោះ បានឱ្យដឹងថា៖ «តារា​ឆ្នើម​ប្រេ​ស៊ី​ល​រូបនេះ នឹង​ទទួល​ការពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ពុធ​នេះ ហើយ​បន្ទាប់មក​គេ​ចូលរួម​ក្នុង​ដំណើរ​ប្រកួត​របស់​ក្លិប FC Barcelona លើ​ទឹកដី​អាមេរិក​តែម្តង»៕

    ប្រភពពី៖ The Guardian