Author: អេបិល

  • តោះ!!  ដើរលេងផ្សារបុរាណទាំង 6 កន្លែងក្នុងក្រុង អយុធ្យា

    តោះ!!  ដើរលេងផ្សារបុរាណទាំង 6 កន្លែងក្នុងក្រុង អយុធ្យា

    បន្ទាប់ពីទទួលបានភាពល្បីល្បាញតាមរយៈរឿងភាគបុរាណថៃ « បុព្វេសន្និវាស» កន្លងមក ប្រទេសថៃបានរៀបចំផ្សារបុរាណ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រជាច្រើនកន្លែងនៅក្នុងទីក្រុងអយុធ្យា ឱ្យវិលត្រឡប់ទៅកាន់បុរាណកាលវិញ ដែលធ្វើឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិទទួលបានអារម្មណ៍ដ៏ប្លែកថ្មីសន្លាងមួយផ្សេងទៀត។ នៅក្នុងថ្ងៃនេះ គេហទំព័រឡារ៉ែន សូមនាំអារម្មណ៍របស់ប្រិយមិត្តទាំងអស់គ្នា ធ្វើដំណើរកម្សាន្ដនៅតាមបណ្ដាផ្សារបុរាណនៅក្នុងក្រុង អយុធ្យា ។

    1-តាឡាតក្រុងស៊ី (ตลาดกรุงศรี)

    ផ្សារបុរាណមួយនេះ ហាក់បីដូចជាផ្សារណាត់ដ៏វែងជាងគេង និងប្លែកត្រង់ថា អ្នកលក់នៅទីនេះតម្រូវឱ្យស្លៀកសម្លៀកបំពាក់បុរាណ និងលក់អាហារប្រចាំតំបន់។ ផ្សារដ៏ធំដំបូងនេះ មានទៅតាំងនៅម្ដុំផ្លូវធំក្រុង អយុធ្យា ដែលចាប់បើកលក់ពីម៉ោង 16:00-22:00 ជារៀងរាល់ថ្ងៃ សុក្រ និងពីម៉ោង 09:00-17:00​ រាល់ថ្ងៃច័ន្ទ-អាទិត្រ។

    2-តាឡាតណាមបាងក្រៈចាក់ ( ตลาดน้ำวนบางกะจะ)

    នេះជាផ្សារបណ្ដែតទឹកដែលទើបតែបង្កើតថ្មីនៅអំឡុង 2018 នេះ ដែលមានរោងបណ្ដែតទឹកទាំងអស់ 10 ខ្នង សាងឡើងតាមរចនាបទបែបបុរាណថៃនៅក្នុងក្រុងអយុធ្យា និងមានទីតាំងស្ថិតនៅតាមបណ្ដោយមាត់ច្រាំងទន្លេចៅផ្រៈយ៉ា ។ ផ្សារបណ្ដែតទឹកបុរាណនេះ ចាប់បើកពីម៉ោង 09:00-18:00​ ជារៀងរាល់ថ្ងៃសៅរ៍-អាទិត្រ។

    3-តាឡាតលុងពូថួត ( ตลาดหลวงปู่ทวดและพุทธอุทยานมหาราช)

    ផ្សារ លុងពូថួត ជាផ្សារបណ្ដែតទឹកនៅក្បែរផ្លូវ សាយអេសៀ ( ถนนสายเอเชีย) ជាផ្សារដែលសម្បូរទៅដោយ អាហារ របស់ប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងតុបតែងខ្លួនបែបបុរាណ គ្រឿងអលង្ការ គ្រឿងសង្ហារឹម…ល។ អ្វីដែលពិសេសនៃប្រវត្តិផ្សារមួយនេះគឺ ជាផ្សារដែលភ្ញៀវទេសចរអាចមកធ្វើបុណ្យបូជារូបសំណាក់ព្រះតេជគុណ លុងពូថួត ទៅតាមជំនឿប្រជាជនថៃក្នុងតំបន់ក្រុងអយុធ្យានេះ។ ផ្សារបណ្ដែតទឹកនេះ មានបើកលក់ចាប់ពីម៉ោង 10:00-16:00 ជារៀងរាល់ថ្ងៃតែម្ដង។

    4-តាឡាតកូងខូង បានសែងសូម ( ตลาดโก้งโค้ง บ้านแสงโสม )

    មានទីតាំងស្ថិតនៅក្នុងស្រុក បាងប្រៈអ៊ីន ក្រុងច័ន្ទ ខេត្ត អយុធ្យា ជាផ្សារលក់នៅលើដីបែបបុរាណ និងវ័យចំណាស់ជាងគេ ដែលឆ្លុះបញ្ចាំងអំពីតថភាពរបស់ជនជាតិថៃនាសម័យបុរាណកាល។ ផ្សារចំណាស់នេះ មានលក់អាហារបុរាណថៃ និងអាហារហ្លួង ដែលទទួលបានការពោលសរសើរពីរស់ជាតិឈ្ងុយឆ្ងាញ់ពិសា។ ក៏មានបើកលក់ជារៀងរាល់ថ្ងៃព្រហស្បត្តិ៍-អាទិត្រ ចាប់ពីម៉ោង 10.00-16.00 នាទី។

    5-តាឡាតណាមអយោថៈយ៉ា ( ตลาดน้ำอโยธยา)

    មានទីតាំងនៅក្នុងក្រុងអយុធ្យា ជាផ្សារបុរាណមួយទៀតដែលបង្ហាញអំពីសិល្បៈវប្បធម៌ថៃបុរាណដល់ភ្ញៀវទេសចរមកកម្សាន្ដនៅទីនេះ។ បណ្ដែតទឹកនេះ ភាគច្រើនសម្បូរលក់សម្លៀកបំពាក់បុរាណថៃ និងគ្រឿងអនុស្សាវរីយ៍ ព្រមទាំងអាហារថៃគ្រប់ប្រភេទផងដែរ និងបើកលក់រាល់ថ្ងៃ ពីម៉ោង 09:00-19:00 ។

    6-តាឡាតណាមធុងបួឈុន ( ตลาดน้ำทุ่งบัวชม )

    មិនខុសគ្នាប៉ុន្មានទេ ជាផ្សារដែលលក់នូវគ្រឿងវត្ថុបុរាណសម្រាប់ទាំងលម្អគេហដ្ឋាន គ្រឿងសិល្បៈ វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ និងសម្ភារៈសម្រាប់បូជា..ជាដើម។ ផ្សារបណ្ដែតទឹកនេះមានទីតាំងនៅក្នុងស្រុក បាងណយ ក្រុងអយុធ្យា និងបើកលក់ជារឿងរាល់ថ្ងៃ ពីម៉ោង 09:00-20:00៕

  • CL ស្រកគីឡូវិញបន្ដិចហើយ និងមានទំនុកចិត្តចំពោះរូបរាងនាងក្នុងថ្ងៃសម្ភោធរឿង« Mile 22 » នៅអាមេរិក

    CL ស្រកគីឡូវិញបន្ដិចហើយ និងមានទំនុកចិត្តចំពោះរូបរាងនាងក្នុងថ្ងៃសម្ភោធរឿង« Mile 22 » នៅអាមេរិក

    នៅពេលថ្មីៗនេះ ពិភពលោកទាំងមូលបានធ្វើការដាក់បញ្ចាំងភាពយន្ដខ្នាតធំរបស់ហូលូវូតគឺរឿង « Mile 22 » ដែលបានធ្វើការសម្ភោធជាផ្លូវការនៅក្នុងមហោស្របភាពយន្ដ Westwood Village Theater ក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក។

    អ្នកដឹកនាំរឿង Peter Berg និងតួសម្ដែងក្នុងរឿង « Mile 22 » រួមមាន Mark Wahlberg, John Malkovich, Lauren Cohan, Iko Uwais, Ronda Rousey, CL និងក្រុមការងារជាច្រើនទៀត បានបង្ហាញវត្តមាននៅលើព្រំក្រហមដ៏អស្ចារ្យ។ ជាពិសេសគេមើលឃើញ កញ្ញា CL បានបង្ហាញភាពសិចស៊ីយ៉ាងអស្ចារ្យ ដោយការបង្ហាញដើមទ្រូងដ៏ធំរបស់នាង មិនខ្លាចភ្នែកទស្សនិកជនឡើយ។ តារា K-pop រូបនេះ បានគ្រប់គ្រងការសម្ដែងបទចម្រៀង និងការតុបតែងខ្លួនរបស់នាង ហើយប្រព្រឹត្តិទៅយ៉ាងរលូន ដោយគេសង្កេតឃើញនាងស្រកគីឡូវិញហើយ និងនៅតែបង្ហាញក្បាច់រាំរបស់នាងដ៏អស្ចារ្យមិនធម្មតាឡើយ៕

  • ព្រោះតែស្រឡាញ់ចម្រៀងខ្មែរកញ្ញា សង់​ឌ្រី​ន បកស្រាយបទភ្លេងការបានល្អខ្លាំង

    ព្រោះតែស្រឡាញ់ចម្រៀងខ្មែរកញ្ញា សង់​ឌ្រី​ន បកស្រាយបទភ្លេងការបានល្អខ្លាំង

    ពិតជាភ្ញាក់ផ្អើលមែនទែន ដោយហេតុតែស្រឡាញ់ប្រពៃណីវប្បធម៌ខ្មែរ និងបង្ហាញឱ្យជូនពីសមត្ថភាពបកស្រាយចម្រៀងភាសាខ្មែរ កញ្ញា សង់​ឌ្រី​ន Kanha Sandrine បានវិលត្រឡប់មកវិញជាថ្មីម្ដងទៀតតាមរយៈវីដេអូចម្រៀងបែបប្រពៃភ្លេងការគឺបទ « ម្លប់ដូង » ក្នុងឈុតសម្លៀកបំពាក់កូនក្រមុំខ្មែរ។

    គួរំឭកដែរថា ពលរដ្ឋ​ខ្មែរ​អ្នក​និយម​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក អាច​ធ្លាប់​ឃើញ​ឃ្លី​ប​វីដេអូ​ចម្រៀង​របស់​ស្ត្រី​បរទេស​ស្បែ​កស សក់ទង់ដែង ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ហើយ​ច្រៀង​ជា​ភាសា​ខ្មែរ​ គឺ​កញ្ញា សង់​ឌ្រី​ន Kanha Sandrine ដែលជា​ជនជាតិ​កាណាដា ដែល​រស់នៅក្នុង​ខេត្ត​និយាយ​ភាសា​បារាំង ម៉ុងរ៉េអាល់​ ជាច្រើនរួចមកហើយ។ នាងមិន​ត្រឹមតែ​ច្រៀង​បទ​ចម្រៀង​ខ្មែរ​នា​ទស្សវត្សរ៍​1960 និង​70ទេ នារីវ័យ​ជាង​22 ឆ្នាំរូបនេះ​ក៏​ច្រៀង​បទ​ចម្រៀង​បរទេស​ល្បីៗ ដែល​ត្រូវបាន​បកប្រែ​មកជា​ភាសា​ខ្មែរផង​ដែរ​។

    នាងចេះនិយាយ​ភាសា​ខ្មែរ​បាន​បន្តិចបន្តួច ពីព្រោះ​នាងមាន​មិត្ត​ជិតស្និទ្ធ​ម្នាក់​គឺ​លោក តូ​នី កែវ ដែល​បាន​បង្រៀន​នាង។ លោក តូ​នី កែវ គឺជា​ជនជាតិខ្មែរ ហើយ​បច្ចុប្បន្ន​លោក​រស់នៅ​ប្រទេស​កាណាដា​។ លោក​បាន​បង្រៀន​រូបនាងច្រៀង​ភាសា​ខ្មែរ ពីព្រោះ​លោក​ចង់​ច្រៀង​ចម្រៀង​រួមគ្នា​ជាមួយ​នាង​។ មុនដំបូង គេមើលឃើញនាង​​​ច្រៀង​បទ Price Tag ដែល​បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​។ នាងត្រូវបានទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ ហើយ​វា​បាន​លើកទឹកចិត្តដល់រូបនាង​ឱ្យ​ហាត់​ច្រៀង​ចម្រៀង​ខ្មែរ​ផ្សេងទៀត​។

    ជាក់ស្តែងថ្មីនេះ នាងបានបកស្រាយបទចម្រៀងភ្លេងការ ជាភាសាខ្មែរ បានយ៉ាងពិរោះរណ្ដំចិត្ត បើចង់ដឹងថាបែបណាសូមទស្សនាវីដេអូខាងក្រោមនេះ៖

  • មេធាវីអ្នកនាង Angelina Jolie គ្រោងបញ្ចប់រឿងក្ដីលែងលះនៅចុងឆ្នាំ 2018 នេះ

    មេធាវីអ្នកនាង Angelina Jolie គ្រោងបញ្ចប់រឿងក្ដីលែងលះនៅចុងឆ្នាំ 2018 នេះ

    តាមរយៈសារព័ត៌មាន The Sun នៅពេលថ្មីៗនេះបានចេញផ្សាយឱ្យដឹងថា កំពូលតារាសម្ដែងស្រីអ្នកនាង Angelina Jolie កំពុងតែព្យាយាមដោះស្រាយបញ្ហាក្តីក្តាំងលែងលះគ្នាជាមួយអតីតស្វាមី គឺលោក Brad Pitt ដែលនៅមិនទាន់បានដាច់ស្រេច ក្រោយបែកគ្នាអស់រយៈពេលជិត2ឆ្នាំមក។

    អ្នកដឹកនាំរឿង « ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ » បានដាក់ពាក្យបណ្តឹងលែងលះគ្នាកាលពីខែកញ្ញា ឆ្នាំ2016 ដើម្បីបញ្ចក់ជីវិតអាពាហ៍ពិពាហ៍រយៈពេល2ឆ្នាំ ក៏ដូចជាទំនាក់ទំនងស្នេហារយៈពេល10 ឆ្នាំរបស់ពួកគេ ដែលបានធ្វើឱ្យអ្នកទាំងពីរក្លាយគូស្នេហ៍ដ៏មានអំណាច និងល្បីល្បាយបំផុតប្រចាំហូលីវូដ។ ពួកគេមានកូន6នាក់ ដែលនៅក្នុងបន្ទុកចិញ្ចឹមបីបាច់ថែរក្សាដោយអ្នកនាង Jolie ទាំងអស់។

    គួរបញ្ជាក់ថា មេធាវីថ្មីរបស់អ្នកនាង Angelina Jolie បានដាក់ឯកសារនៅតុលាការជាន់ខ្ពស់ក្រុងឡូសអាន់ជឺឡេស បាននិយាយថា តារាសម្តែងស្រីល្បីប្រចាំហូលីវូដរូបនេះ ចង់ឲ្យមានសាលក្រមសម្រេចឱ្យភាគីម្នាក់ៗវិលត្រឡប់មករកភាពនៅលីវវិញ នាដំណាច់ឆ្នាំ2018 នេះ។ ឯកសារនោះ បានបញ្ជាក់ទៀតថា លោក Pitt មិនបានចំណាយលើការឧបត្ថម្ភកូនៗនោះឡើយ ចាប់តាំងពីការចែកផ្លូវគ្នា ហើយថ្វីត្បិតតែការរៀបចំក្រៅផ្លូវការ ត្រូវបានធ្វើឡើងជាមួយលោកយ៉ាងណាក្តី ក៏ការចំណាយមិនបានទ្រទ្រង់ទៀងទាត់នោះដែរ៕

  • រាជ្ជនីចិត្តធម៌ ដេននី ក្វាន់ លាតត្រដាងរឿងមានគ៌ភមួយខែហើយ

    រាជ្ជនីចិត្តធម៌ ដេននី ក្វាន់ លាតត្រដាងរឿងមានគ៌ភមួយខែហើយ

    កាលពីប៉ុន្មានម៉ោងមុននេះ រាជ្ជនីចិត្តធម៌ ដេននី ក្វាន់ បង្កភាពភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំង ដោយនាងបានប្រកាសតាមរយៈការ Live Video លក់ផលិតផលថែរក្សាសម្ផស្សរបស់ខ្លួនថា នាងកំពុងតាំងគភ៌មួយខែជាងមកហើយ ជាមួយនឹងគូស្នេហ៍មាឌធំដែលអ្នកជំនួញលក់រថយន្ដ ទាំងដែលខ្លួនមិនទាន់រៀបការ ក្រាបក្បាលដល់កន្ទេលផងនោះ។

    ពិតជាភ្ញាក់ផ្អើលណាស់ ខណៈ ដេននី ក្វាន់ បានធ្វើការនូវ Live Video ហើយថែមទាំងនិយាយលាតត្រដាងថា ខ្លួនមានផ្ទៃពោះជាងមួយខែបែបនេះ។ ទន្ទឹមនឹងនេះដែរ ក្នុងនោះក៏មានការសាកសួរ អំពីការរៀបការ កញ្ញា ដេននី ក្វាន់ បាននិយាយថា នាងមិនទាន់គិតគូរដល់រឿងរៀបការនៅឡើយទេ ប៉ុន្តែចង់រកស៊ីមានបានជាងហ្នឹងសិន បើទោះបីជាមានការរិះគន់ថា នាងមានផ្ទៃពោះមុនពេលរៀបការក្ដី ក៏នាងមិនខ្វល់ដែរ។ នាងបន្តថា រៀបការគឺនៅតែរៀបការហើយ គ្រាន់តែចង់រកស៊ីឱ្យមានបានជាងនេះសិន។

    គួរបញ្ជាក់ផងដែរថា ស្របការលាតត្រដាងការពិតរបស់ខ្លួនបែបនេះ មានមហាជនជាច្រើនបានធ្វើការរិះគន់ចំពោះទង្វើរបស់នាង ព្រោះគេមើលឃើញថា មិនសមស្របតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ក៏ប៉ុន្ដែមានមតិមួយចំនួនទៀតយល់ឃើញថា សម័យនេះហើយរកស៊ីឱ្យមានបានជារឿងសំខាន់ជាង៕

     

  • មួយថ្ងៃ ដើរលេងក្នុងក្រុង ឈុនប៊ុរី

    មួយថ្ងៃ ដើរលេងក្នុងក្រុង ឈុនប៊ុរី

    ត្រឡប់មកវិញសាជាថ្មីម្ដងទៀតជាមួយដំណើរកម្សាន្ដនៅក្នុងប្រទេសថៃ ( យើងទៅមិនឆ្ងាយទេ និងចំណាយពេលត្រឹមមួយថ្ងៃ ងាយស្រួលសម្រាប់អ្នកដែលសម្រាកពីការងារនាថ្ងៃចុងសបា្ដហ៍ )។ យកពេលសម្រាកមួយថ្ងៃ ដើរកម្សាន្ដនៅជិតៗទីក្រុង បាងកក។ ថ្ងៃនេះ យើងសូមនាំដំណើរលោកអ្នកទៅកាន់ទៅក្រុង ឈុនប៊ុរី ត្រឹមរយៈពេលមួយថ្ងៃ តែហាក់បីដូចបានដើរកម្សាន្ដនៅប្រទេសជប៉ុន និងចិនដូច្នោះដែរ។

    បើយើងធ្វើដំណើរចេញពីទីក្រុងបាងកក នៅវេលាម៉ោង 7ព្រឹកនោះ យើងនឹងដល់ទៅក្រុងឈុនប៊ុរី ដោយប្រើពេលវេលាត្រឹមតែ 1ម៉ោងកន្លះប៉ុណ្ណោះនឹងមកដល់ផ្លូវធំដំបូងគេគឺ ក្រេនខេនយ៉ន ស៊ិរិ ឈុនប៊ុរី ( แกรนด์แคนยอน คีรี ชลบุรี ) ដែលត្រូវចំណាយថ្លៃរថយន្ដឈ្នួលអស់ 20បាត(អូហូ ពិតជាអស់តិចមែន ប្រហែលជា 2,500រៀល)។ ចេញដំណើរពីចំណតឡាន 100ម៉ែត្រ លោកអ្នកនឹងបានឃើញទេសភាពដ៏ស្រស់ត្រកាល ដែលអាចឈរមើលពីលើស្ពានបាននោះ លោកអ្នកនឹងឃើញអាងទឹកថ្មដែលមានទំហំធំដល់ទៅ 100រ៉ៃ និងមានជម្រៅទឹក 30ម៉ែត្រ។ លោកអ្នកច្បាស់ជាជាប់ចិត្តនឹងទេសភាពនេះមិនខាន(ដូចរូបខាងក្រោម)។

    យើងសូមណែនាំកន្លែងឈប់សម្រាកពេលព្រឹកនៅទីក្រុងឈុនប៊ុរី ដោយធ្វើដំណើរបន្ដប្រមាណជា 10គីឡូម៉ែត្រទៀត​ពីចំណតឡានក្រុង នោះយើងមកដល់ហាងកាហ្វេមួយដែលមានការរៀបចំស្ទីលបែបហាងនៅប្រទេសអង់គ្លេស មានឈ្មោះថា We coffee & cuisine។ នៅហាងនេះ មានការតុងតែងគ្រឿងម៉ាស៊ីនឆុងកាហ្វេទាំងសម័យទំនើប និងបុរាណ ក៏ដូចជាមានគ្រឿងសម្ភារផ្ទះបាយបុរាណរបស់ជនជាតិអង់គ្លេសផងដែរ។ ទាំងកាហ្វេ នំ និងអាហារនៅក្នុងហាងនេះ យើងអាចឱ្យពិន្ទុ 10/10 ពេញតែម្ដង ព្រោះពិតជាមានរសជាតិឆ្ងាញ់ពិសា ហើយភ្ញៀវដែលមកកាន់ហាងនេះ តែងតែនិយមភ្លក្សនូវរសជាតិ Latte /Matcha Latte ក្ដៅ + Strawberry Shortcake…។

    ធ្វើដំណើរប្រមាណ 20គីឡូម៉ែត្រទៀតក៏មកដល់ស្ថានីយរថភ្លើង ដែលយើងនឹងនាំអារម្មណ៍លោកអ្នកទៅទស្សនាទឹកជ្រោះមួយកន្លែងដែលមានទាំងត្រីហែលប្រឡែងលេងជាមួយមនុស្ស និងសត្វព្រៃផងដែរ ទីនោះមានឈ្មោះថា «ណាមតុក ឆាន់តាថេន ( น้ำตกชันตาเถร)ឬហៅជាភាសាខ្មែរយើងថា ទឹកធ្លាក់ ឆាន់តាថេន »។ លោកអ្នកត្រូវចំណាយប្រាក់ទិញសំបុត្រចូលកម្សាន្ដអស់ 100បាត តែសម្រាប់ជនជាតិថៃអស់ 20បាត  ហើយធ្វើដំណើរពីច្រកចូលទៅកាន់ទឹកជ្រោះក្នុងរយៈចម្ងាយ 300ម៉ែត្រ។ ទឹកជ្រោះនៅទីនេះមាន 6ដំណាក់ ហើយដំណាក់នីមួយៗត្រូវធ្វើដំណើរឡើងទៅប្រមាណ 1 គីឡូម៉ែត្រ។

    ក្រោយកម្សាន្ដទឹកយ៉ាងសប្បាយរីករាយហើយ យើងសូមណែនាំលោកអ្នកពីកន្លែងកម្សាន្ដ ញ៉ាំអាហារ និងទិញអីវ៉ាន់ នៅក្នុងផ្សារ «J-Park ស្រ៊ីរ៉ាឆា ศรีราชา » ដែលមើលទៅប្លែកអារម្មណ៍ ហាក់បីដូចជាអ្នកកំពុងស្ថិតនៅក្នុងប្រទេសជប៉ុនអីចឹងដែរ។ នៅទីនេះ មានអាហារឆ្ងាញ់ៗតម្លៃសមរម្យ និងជាពិសេសមានកន្លែងថតរូបស្អាតៗ ដែលរំលេចនូវទេសភាពដូចប្រទេសជប៉ុនគួរឱ្យប្លែកអារម្មណ៍មែនទែន។ ផ្សារនេះមានទីតាំងស្ថិតនៅជិតម្ដុំផ្លូវធំ Motor Way ដែលជាផ្លូវបំបែកទៅកាន់ទីក្រុងឆ្នេរសមុទ្រ ប៉ាតាយ៉ា។

    អ្នកណាថាខេត្តឈុនប៊ុរី មិនមានឆ្នេរសមុទ្រ?  ឥឡូវតោះ ទៅលេងឆ្នេរសមុទ្រ «បាងសែន (บางแสน) » ដែលធ្វើដំណើរមិនឆ្ងាយពីផ្សារនេះប៉ុន្មានទេ ប្រមាណជា 15នាទីតែប៉ុណ្ណោះ។ ឆ្នេរខ្សាច់ បាងសែន មានសម្បុរពណ៌ក្រម៉ៅដូចខ្សាច់ទន្លេ ឬរីឯសមុទ្រវិញក៏មិនសូវជាពណ៌ខៀវប៉ុន្មានដែរ តែខ្យល់ជំនោរមាត់សមុទ្រវិញ ពិតជាបរិសុទ្ធ និងស្រស់ស្រាយអារម្មណ៍ខ្លាំងមែនទែន។ លោកអ្នកអាចជួបជុំគ្រួសារញ៉ាំអាហារសមុទ្រនៅទីនេះយ៉ាងសប្បាយរីករាយនាពេលរាត្រី ឬអង្គុយមើលថ្ងៃលិច ហើយសឹមត្រឡប់មកកាន់ទីក្រុងបាងកកវិញក៏បានផងដែរ៕

  • អានហើយស្រក់ទឹកភ្នែក!!  ពេជ្រ ថៃ តែងកំណាព្យនឹកអាល័យ ម៉ែចាស់

    អានហើយស្រក់ទឹកភ្នែក!!  ពេជ្រ ថៃ តែងកំណាព្យនឹកអាល័យ ម៉ែចាស់

    ដូចប្រិយមិត្តទាំងអស់គ្នាបានជ្រាបរួចមកហើយថា ម៉ែចាស់ដ៏កម្សត់របស់លោកប្អូន ពេជ្រ ថៃ បានទទួលមរណភាពហើយនៅខេត្តបាត់ដំបង ដោយប្អូនបានទាំងប្រកាសថា នោះជាការបាត់បង់ដ៏ធំមហិមានៅក្នុងជីវិតរបស់លោកប្អូន ដោយសារតែរយៈពេលកន្លងមក ជីដូនមិនខុសពីម្ដាយរបស់លោកប្អូនឡើយនៅពេលដែលឪពុកម្ដាយរបស់លោកប្អូនចេញទៅធ្វើពលករនៅក្នុងប្រទេសថៃ។ លោកប្អូនបានចាកចេញពីរាជធានីភ្នំពេញទៅកំដរជីដូនពេលឈឺធ្ងន់ និងសម្ងំធ្វើបុណ្យនៅទីនោះទាំងអារម្មណ៍ក្ដុកក្ដួល។

    ដោយឡែក នៅថ្ងៃនេះផងដែរលោកប្អូន ពេជ្រ ថៃ ក៏បានបង្ហោះកំណាព្យរៀបរាប់អំពីរឿងចៅ និងជីដូន ធ្វើឱ្យមហាជនរំជួលចិត្តបន្ទាប់ពីអានកំណាព្យមួយនេះរួច មិនត្រឹមតែប៉ុណ្ណោះលោកប្អូន ពេជ្រ ថៃ ក៏បានបង្កើតជាវីដេអូមានរូបរបស់ខ្លួន និងជីដូន អមជាមួយបទចម្រៀងដ៏កម្សត់ទៀតផង។

    ខាងក្រោមនេះគឺជាកំណាព្យ និងបទចម្រៀងដែលមានរូបថតរបស់ លោកប្អូន ពេជ្រ ថៃ និងជីដូន…សូមអាន និងទស្សនាទាំងអស់គ្នា:

    «ពេលនេះកូននឹក កូនសែនរលឹក នឹកដល់ម៉ែចាស់ ម៉ែឃ្លាតទៅឆ្ងាយ មិនត្រឡប់ច្បាស់ កូននឹកខ្លាំងណាស់ ម៉ែចាស់ម្ចាស់ថ្លៃ។  កូននឹកដល់កាលក្បែរកាយរាល់ថ្ងៃ មិនដែលឃ្លាតឃ្លាមួយទិវារាត្រី ម៉ែមើលថ្នមបីចៅតូចមួយនេះ ធំក្ដីកាលណាបើកធ្មេចនេត្រា មានម៉ែនៅក្បែរ ថ្នាក់ថ្នមដល់កូន មិនដែលត្អូញត្អែ ម៉ែចាស់មើលថែ មិនដែលសៅហ្មង។ ទោះកាលពេលនោះ កូនតូចគ្មានឈ្មោះល្បីដូចរាល់ថ្ងៃ តែកូនកក់ក្ដៅពេលបានក្បែរកាយម៉ែថ្លៃ រាល់ពាក្យសម្ដីដែលម៉ែទូន្មាន ពេលនេះកូនល្បី គ្រប់ញាតិប្រុសស្រី ជិតឆ្ងាយស្រឡាញ់ កូនសង្ឃឹមថាកូននឹងប្ដូរវិញ ជូនម៉ែសម្លាញ់ដែលខំប្រឹងប្រែង។ តែអនិច្ចាពេលនេះវាសនា អ្នកម្ដាយឃ្លាតឆ្ងាយទៅចោលកូនតូច អោយរងាកាយម៉ែអើយឃ្លាតឆ្ងាយៗចោលកូនហើយ។ កូនយំស្ទើរក្ស័យព្រោះតែម្ដាយថ្លៃ គ្មានថ្ងៃវិលវិញពេលនេះកូនគ្មានអ្នកណាទន្ទេញ ចាំផ្លូវវិលវិញពេលកូនច្រៀងចប់ កូនសូមលើកដៃបួងសួង បុណ្យផ្សងសន្សំ កូនសូមជូនម៉ែ សូមម៉ែទៅដល់ឋានសុខកុំប្រែ កូនសច្ចាដែរជាចៅម៉ែចាស់រហូត»៕

  • កូនស្រី គង់ ច័ន្ទស្រីមុំ ត្រូវប៉ាន់ខ្លាំង ក្លាយជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោតម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារអាមេរិក

    កូនស្រី គង់ ច័ន្ទស្រីមុំ ត្រូវប៉ាន់ខ្លាំង ក្លាយជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោតម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារអាមេរិក

    អីយ៉ា!! ពិតជាមិនធម្មតាមែន!  អ្នកម្ដាយសម័យថ្មី គង់ ចាន់ស្រីមុំ ប្រសូតបុត្រី ទើបតែបានមួយខែសោះ ពេលនេះត្រូវបានក្រុមហ៊ុនទឹកដោះគោ និងអាហារទារកបានសម្រេចយកកូនស្រីអ្នកនាងធ្វើអ្នកតំណាងផលិតផលម្សៅទឹកដោះគោដែលទទួលបានតម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារ។

    គង់ ច័ន្ទស្រីមុំ បានបង្ហើបថា កូនស្រីរបស់នាងដែលមានអាយុទើបតែបានមួយខែនោះត្រូវបានក្រុមហ៊ុនដែលចង់ផ្សព្វផ្សាយពីផលិតផលទារកជាច្រើនបានទាក់ទងមកជាហូរហែ ប៉ុន្តែជំហានដំបូងនេះ នាងបានសម្រេចចិត្តថា នឹងឱ្យកូនស្រីរបស់នាងក្លាយជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោល្បីឈ្មោះមួយដែលនាងជឿជាក់ថា ជាទឹកដោះគោ ដែលមានគុណភាពខ្ពស់ ព្រោះនាងផ្ទាល់បានសាកល្បងប្រើប្រាស់នៃផលិតផលម្សៅទឹកដោះគោមួយនេះ និងក្លាយជាអ្នកតំណាងផងដែរ។ ទឹកដោះគោម៉ាកល្បីនេះ សម្រាប់ទារកដូចជា​កូនស្រីរបស់នាង ប្រើហើយឃើញថា មានការបន្ទោបង់ទៀងទាត់ មិនរា មិនក្តៀន ហើយកូនស្រីនាងមានសុខភាពល្អទៀតផង ទើបនាងសម្រេចចិត្តថា នឹងឱ្យកូនស្រីរបស់នាងឈ្មោះ គីម សីហ៍មរកត ធ្វើជាអ្នកតំណាងរបស់ផលិតផលម្សៅទឹកដោះគោល្បីឈ្មោះមួយនេះរយៈពេលមួយឆ្នាំ។

    បើតាមប្រភពមួយទៀតបានបង្ហើបថា នាងតូច គីម សីហ៍មរកត អាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារឯណោះ តែអ្នកម្តាយស្រីមុំវិញនិយាយថា រឿងតម្លៃខ្លួនសុំ​លាក់សិន ព្រោះនៅមានកុងត្រាផ្សេងជាមួយនឹងក្រុមហ៊ុនលក់របស់ប្រើប្រាស់សម្ភារសម្រាប់ទារកផ្សេងៗទៀត។ ប៉ុន្តែអ្វីដែល គង់ ច័ន្ទស្រីមុំ អាចប្រាប់បាន នាងគ្រាន់តែប្រាប់ថា មិនក្រោមមួយម៉ឺនដុល្លារនោះទេ៕

  • សាន ផានិត ៖ «ម៉ៃ សុគន្ធ អើយ ឈប់បានឈប់ទៅ អារឿងការងារវិភាគអ្នកសិល្បៈគ្នាឯងហ្នឹង»

    សាន ផានិត ៖ «ម៉ៃ សុគន្ធ អើយ ឈប់បានឈប់ទៅ អារឿងការងារវិភាគអ្នកសិល្បៈគ្នាឯងហ្នឹង»

    នៅថ្ងៃម្សិលមិញនេះ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែល លោក ខេមរៈ សិរីមន្ត បានបង្ហោះសារចាត់វិធានការក្ដៅចំពោះ លោក ម៉ៃ សុគន្ធ ដោយលោកប្រកាសថាបានរៀបចំសំណុំបែបបទរួចអស់ហើយ​ដើម្បីប្តឹង លោក ម៉ៃ សុគន្ធ ដែលតែងតែតាមដាន តាមចាប់កំហុស និងធ្វើការរិះគន់រូបលោក។ តែយ៉ាងណាមិញ លោក ម៉ៃ សុគន្ធ ក៏បានបញ្ចេញមតិតបទៅលោក ខេមរៈ សិរីមន្ត វិញថា “ស្វាគមន៍ជានិច្ច”  ដែលសបញ្ជាក់ឱ្យដឹងថា លោកពិតមិនខ្លាចការប្តឹងរបស់ លោក ខេមរៈ សិរីមន្ត ឡើយ។

    ក្រោយបញ្ចេញព័ត៌មានយ៉ាងគគ្រឹកគគ្រេងពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក រឿងរ៉ាវនេះបានបន្ដដឹងឮដល់តារាចម្រៀង សាន ផានិត ដែលបានបង្ហោះសារសុំឱ្យមានការបញ្ចប់ និងព្យាយាមកុំឱ្យវាយប្រហារគ្នា ព្រមទាំងសំណូមពរដល់លោក ម៉ៃ សុគន្ធ ថា «ឈប់បានឈប់ទៅ អារឿងការងារ វិភាគអ្នកសិល្បៈគ្នាឯងហ្នឹង»។

    នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ម្ចាស់បទ «ជាប់រវល់» រូបនេះបានសរសេររៀបរាប់ថា «ព្យាយាមកុំវាយប្រហារគ្នា គប្បីព្យាយាមគេចចេញពីចំណុចអវិជ្ជមាន ដែលយើងគិតពីរឿងគេហ្នឹង ដោយខ្លួនឯង ជួនកាលយើងវិភាគថា គេភ្លាវ តែវាឆ្ងាញ់សម្រាប់គេដែរ។ សំខាន់ដាច់ខាត កុំរវល់ពីរឿងគេតែម្តងទៅ វាអត់ចំណេញ ហើយបើយើងជាអ្នកខ្លាំងជាងគេស្រាប់ហ្នឹងធ្វើរឿងសមនឹងសមត្ថភាពយើងមែន យើងក៏មិនចាំបាច់ទៅតដៃជាមួយអ្នកដែលទន់ខ្យោយជាងយើងតែម្តងទៅ ព្រោះយើងខ្លាំងជាងស្រាប់ហើយហ្នឹង»។ លោក សាន ផានិត បានបន្ថែមទៀតថា «សំណូមពរក្នុងនាមជារៀមច្បងម្នាក់ ម៉ៃ សុគន្ធ ឈប់បានឈប់ទៅ អារឿងការងារវិភាគអ្នកសិល្បៈគ្នាឯងហ្នឹង។ ខេមរៈ សិរីមន្ត មិនបាច់ប្តឹងទេប្អូន កុំខ្វល់ ជីវិតប្អូនមានគ្រប់យ៉ាងស្រាប់ហើយ»។

    គួរបញ្ជាក់ថា លោក សាន ផានិត ជាតារាចម្រៀងម្នាក់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនដំបូងតាមរយៈបទចម្រៀង «ទូរស័ព្ទប្រាប់ផង»  ដែលរាល់បទចម្រៀងរបស់លោក សុទ្ធតែទទួលបានការគាំទ្រ គួរឱ្យកត់សម្គាល់ តែមួយរយៈក្រោយមកក៏ស្ងាត់ចេញបទចម្រៀងទៅវិញ៕

  • អ៊ិន សុភិន ត្រដាងមូលហេតុ មិនឱ្យលុយ ណាក់ ស្រីណា ក្រោយសម្ដែងចប់

    អ៊ិន សុភិន ត្រដាងមូលហេតុ មិនឱ្យលុយ ណាក់ ស្រីណា ក្រោយសម្ដែងចប់

    មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពិធីការិនី និងជាតារាសម្ដែងកញ្ញា ណាក់ ស្រីណា បានបង្ហោះជាសាធារណៈថា ផលិតកម្មមហាហង្សបានជំពាក់លុយថ្លៃសម្ដែងរបស់នាងរហូតដល់ 2ពាន់ដុល្លារប្រមាណជា 1ឆ្នាំមកហើយ ពោលគឺតាំងពីភាពយន្តដែលនាងសម្ដែងឱ្យត្រូវបានបញ្ចប់មក។ យ៉ាងណាក៏ដោយជាមួយនឹងព័ត៌មានដ៏រសើបនេះ ផលិតកម្មមហាហង្សបានទម្លាយឱ្យដឹងជាផ្លូវការដោយបានប្រកាសថា មិនចង់បកស្រាយក្រោយពីនាងបកអាក្រាត។

    លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានអះអាងថា ហេតុផលដែលតារាសម្ដែងកញ្ញា ណាក់ ស្រីណា មិនទទួលបានតម្លៃថតដែលនៅសល់ចំនួន 2ពាន់ដុល្លារក្រោយពេលថតចប់នោះ មិនមែនជាកំហុសរបស់ផលិតកម្មរបស់លោកទេ ប៉ុន្តែគឺកំហុសរបស់អតិថិជនរបស់លោកដែលជាអ្នកស្នើឱ្យលោកផលិតរឿង «មរតកចុកឈាម» ហើយតម្រូវឱ្យលោកជ្រើសយកនាងឱ្យធ្វើជាតួឯក។ លោកបញ្ជាក់ថា ក្នុងពេលកុងត្រាតម្រូវឱ្យលោកផលិតរឿង «មរតកចុកឈាម» នេះ អតិថិជនរបស់លោកបានកំណត់ឱ្យលោកត្រូវតែយកតារាសម្ដែង ណាក់ ស្រីណា ធ្វើជាតួឯក និងក្រោយពេលផលិតចប់ អតិថិជនរបស់លោកមិនបានប្រគល់លុយឱ្យលោកតាមការកំណត់ ទើបលោកត្រូវតែបង្កកតម្លៃខ្លួននៅសល់របស់នាងដូចគ្នា។

    លោកនិយាយថា «ខ្ញុំមិនអត់ 2ពាន់ឱ្យគាត់(ណាក់ ស្រីណា)ទេ ប៉ុន្តែតើឱ្យខ្ញុំយ៉ាងម៉េច បើអ្នកដែលតម្រូវឱ្យខ្ញុំយកគាត់សម្ដែង មិនទាន់មានលុយឱ្យខ្ញុំគ្រប់ផងហ្នឹង អ៊ីចឹងខ្ញុំមានលុយឯណាបើកឱ្យគាត់?»។ លោកថាភាពយន្តរឿង «មរតកចុកឈាម» ត្រូវកំណត់ដាក់បញ្ចាំងនៅក្នុងទូរទស្សន៍មួយតាំងពីប៉ុន្មានខែមុនម្ល៉េះ ប៉ុន្តែដោយសារតែអ្នកទិញអត់មានលុយឱ្យលោកតាមការកំណត់ ទើបមានការពន្យារពេលចាក់ផ្សាយរហូតមកទល់ពេលនេះ។ លោកថា លោកមិនខឹងចំពោះការទម្លាយរបស់តារាសម្ដែង ណាក់ ស្រីណា នោះទេ ដោយលោកយល់ថាអ្វីដែលនាងប្រតិកម្ម គឺជាសារលាតត្រដាងឱ្យអតិថិជនដែលជួលលោកផលិតរឿងនោះបានដឹងពីផលវិបាករបស់លោក និងរួសរាន់ប្រគល់ថវិកាឱ្យលោកតាមអ្វីដែលមាននៅក្នុងកុងត្រានោះផង។ លោកបង្ហើបថា អ្នកទិញភាពយន្តរបស់លោកមួយនេះ នៅខ្វះប្រមាណជិត 2ម៉ឺនដុល្លារទៀត ទើបមានសិទ្ធិបញ្ចាំងរឿងហ្នឹង ដូច្នេះទើបលោកត្រូវតែបង្កកប្រាក់ឈ្នួលរបស់កញ្ញា ណាក់ ស្រីណា ដែលជាតារាជម្រើសដោយអតិជននោះជាការសងត្រឡប់វិញ។

    ក្នុងនោះលោកក៏បានទម្លាយថា មិនមែនមានតែកញ្ញាម្នាក់នោះទេដែលផលិតកម្មមហាហង្សជំពាក់លុយ មិនទាន់បើកថ្លៃសម្ដែងឱ្យ គឺនៅមានតារាមួយចំនួនផ្សេងទៀតផងដែរ ដោយសារតែតារាទាំងនោះក្នុងពេលចុះកុងត្រា គឺឱ្យមួយអាទិត្យ 3ថ្ងៃ ឬ2ថ្ងៃ តាមអ្វីដែលបានព្រមព្រៀង ប៉ុន្តែដល់ពេលចេញថត គឺសុំថ្ងៃណាក៏រវល់ដកឃ្លាមិនបាន ហើយនៅពេលចុះថតទៀតសោត គឺណាត់ម៉ោង7 មកម៉ោង10 ហើយទារទៅមុនរហូត ធ្វើឱ្យការផលិតរបស់លោកយឺតយ៉ាវ និងមានបញ្ហាជាមួយប៉ុស្តិ៍ទូរទស្សន៍ឥតឈប់ឈរ ដល់ថ្នាក់ទូរទស្សន៍ខ្លះមិនបើកលុយឱ្យលោកក៏មាន។

    គួរបញ្ជាក់ដែរថា កញ្ញា ណាក់ ស្រីណា បានអះអាងថា នេះជាមេរៀនទី1 ក្នុងជីវិតជាអ្នកសម្ដែងរបស់នាង ហើយនាងបញ្ជាក់ថានេះគឺជាបំបាក់ទឹកចិត្តសិល្បករដ៏ធំមួយ ដោយនាងបញ្ជាក់ថា ការព្រមព្រៀង គឺថតចប់ប្រគល់លុយអស់ ដោយមិនមែនមួយឆ្នាំមកហើយនៅតែស្ងាត់ ហើយមិនអើពើក្នុងការដោះស្រាយនោះទេ។ យ៉ាងណាមិញ នាងហាក់នៅតែរក្សាភាពស្ងាត់ស្ងៀម ក្រោយការបង្ហោះសាររបស់ខ្លួនក្លាយជារឿងរសើបក្ដៅៗនេះ៕