Author: អេបិល

  • ថ្នាំបង្ការដំបូងបង្អស់ដែលការពារកុមារឱ្យក្លាយជាមនុស្សរឹងមាំគឺ ទឹកដោះម្តាយ

    ថ្នាំបង្ការដំបូងបង្អស់ដែលការពារកុមារឱ្យក្លាយជាមនុស្សរឹងមាំគឺ ទឹកដោះម្តាយ

    សុខភាពរបស់កុមារជារឿងសំខាន់បំផុតសម្រាប់អនាគតរបស់ពួកគេ ព្រោះកុមារជាវ័យ​ដែលត្រូវការ​បញ្ចូលព័ត៌មានល្អៗឱ្យបានច្រើនបំផុតទៅក្នុងខួរក្បាល។ ប្រសិនបើពួកគេមានសុខភាពរាងកាយមិនល្អ នោះគេក៏មិនអាចក្លាយជាមនុស្សឆ្លាតវៃផ្នែកបញ្ញាបានដែរ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក។

    ដើម្បីឱ្យកុមារ​មានសុខភាពល្អ អាណាព្យាបាលបាន​បំប៉ន​តាមវិធីសាស្ត្ររៀងៗខ្លួនតាមចំណេះដឹងដែលធ្លាប់បានជួបប្រទះ តែទោះជាយ៉ាងនេះក្តី ក្នុងចំណោម​វិធីសាស្រ្តសំខាន់ៗដើម្បីជួយកុមារឱ្យក្លាយជាមនុស្សរឹងមាំ ការបំបៅដោះម្តាយត្រូវបានគេមើលឃើញថា​ជាចំណុច​ងាយស្រួល និង​អាចអនុវត្តបាន​នៅគ្រប់ទីកន្លែងមិនថានៅទីក្រុង ឬតំបន់ជនបទនោះទេ។

    តាមការបញ្ជាក់របស់អង្គការ UNICEF បានឱ្យដឹងថា ការបំបៅដោះជាការជួយសង្គ្រោះជីវិត ហើយជារឿងចាំបាច់បំផុតក្នុងរយៈពេល6ខែដំបូងនៃជីវិតរបស់ទារក ព្រោះវាអាចជួយបង្ការជំងឺរាក និងជំងឺរលាកសួត។ ហេតុនេះហើយទើបការបំបៅដោះកូន​ត្រូវបានគេទទួលស្គាល់ថា ​ជាថ្នាំបង្ការដំបូងបំផុតសម្រាប់ទារក៕

  • ខេមរៈ សិរីមន្ត និងតារាចម្រៀងថៃលោក ទិក ឈីរ៉ូ បញ្ចេញវីដេអូចម្រៀង «Sad Man» ឡូយអស្ចារ្យ!!

    ខេមរៈ សិរីមន្ត និងតារាចម្រៀងថៃលោក ទិក ឈីរ៉ូ បញ្ចេញវីដេអូចម្រៀង «Sad Man» ឡូយអស្ចារ្យ!!

    ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ស្របពេលដែលលោក ខេមរៈ សិរីមន្ត និងតារាចម្រៀងថៃល្បីឈ្មោះលោក ទិក ឈីរ៉ូ  ធ្លាប់ប្រកាសថា ពួកគេទាំងពីរ គឺកំពុងធ្វើរឿងមួយជាមួយគ្នាដើម្បីសាងប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ដែលខណៈពេលនេះ រឿងនេះបានក្លាយជាការពិតហើយ គឺតារាចម្រៀងខ្មែរ និងតារាចម្រៀងថៃ បានរួមគ្នាបង្កើតជាបទចម្រៀងមានភាសាខ្មែរផង និងថៃផងរួមគ្នា ដែលបទនេះមានចំណងជើងថា «Sad Man»។

    គួររំឭកបន្ដិចដែរថា លោក ទិក ឈីរ៉ូ បានប្រាប់អ្នកសារព័ត៌មានថៃថា អាល់ប៊ុមចម្រៀងថ្មីដែលមានចំណងជើងថា « Sad Man » នេះ គឺជាការបង្ហាញស្នាដៃច្រៀងរួមគ្នារវាងតារាចម្រៀងកម្ពុជា លោក ខេមរៈ សិរីមន្ដ និងរូបលោកផ្ទាល់។ លោកបន្ដទៀតថា ដើម្បីសម្ព័ន្ធភាព និងមិត្តភាពរវាងថៃ និងកម្ពុជា លោក និងមិត្តសម្លាញ់កម្ពុជា ( លោក ខេមរៈ សិរីមន្ដ) គ្រោងបង្ហាញអាល់ប៊ុមចម្រៀង និងការប្រគំតន្ត្រីរួមគ្នាយ៉ាងធំមួយនៅក្នុងប្រទេសថៃ និងកម្ពុជា ហើយបទចម្រៀង « Sad Man » ក៏មានការបកស្រាយជា 2ភាសាដែលមានអត្ថន័យដូចគ្នាដែរ។ ឯលោក ខេមរៈ សិរីមន្ដ វិញ ក៏បានអះអាងដែរថា លោក និងតារាចម្រៀងថៃរូបនេះកំពុងត្រៀមបង្ហាញពីអ្វីដែលប្លែក ហើយថ្មីសម្រាប់បងប្អូននៅកម្ពុជា និងជនជាតិថៃ ដែលជាការសាងប្រវត្តិសាស្ត្រថ្មីនៅក្នុងពិភពសិល្បៈ និងរំពឹងទុកថា បងប្អូនទាំងអស់គ្នានឹងគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់រូបលោក។

    ហើយកាលពីប៉ុន្មាននាទីមុននេះ បទចម្រៀងរបស់តារាទាំងពីរ បានចេញជា MV ផ្លូវការហើយ ដោយពួកគេទាំងពីរបានសម្តែងធ្វើជាវីរបុរស (Hero) នៅក្នុង MV នេះ។ ឃើញបែបនេះហើយ មហាជនជាច្រើនមានអារម្មណ៍សប្បាយរីករាយដែលបានឃើញតារាទាំងពីរច្រៀងរួមគ្នា ហើយពិតជាអស្ចារ្យណាស់ដែល Idol ទាំងពីររួមគ្នាបង្កើតទំនាក់ទំនងថ្មី «តន្រី្ដជាសន្ដិភាពផ្លូវចិត្តដ៏ល្អ»​​​​​​​​​​​​។ ដូច្នេះកុំរង់ចាំយូរ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • ថ្ងៃនេះឈប់ស្លន់ស្លោ ហើយងាក​មកមើលមេរៀន​សង្ខេប​របស់ក្រសួងអប់រំវិញម្តង

    ថ្ងៃនេះឈប់ស្លន់ស្លោ ហើយងាក​មកមើលមេរៀន​សង្ខេប​របស់ក្រសួងអប់រំវិញម្តង

    ការប្រឡងមធ្យមសិក្សាទុតិយភូមិដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី20 ខែសីហា ឆ្នាំ2018 ប៉ុន្មានថ្ងៃទៀតនេះនឹងមានលក្ខណៈ​តឹងតែងមិនខុសពីឆ្នាំមុនៗនោះទេ។ មានសិស្សជាច្រើន​ព្រួយបារម្ភជាមួយនឹង​​ភាពហ្មត់ចត់​នៃការប្រឡងនេះដែលធ្វើឱ្យ​ពួកគេ​ប្រឹងប្រែង និងភ័យព្រួយកាន់តែខ្លាំងនៅពេលថ្ងៃប្រឡងកាន់តែខិតជិតមកដល់។

    ទោះជាយ៉ាងនេះក្តី ការខិតខំប្រឹងប្រែងរៀន​បង្ខំពេក ឬភ័យស្លន់ស្លោ មិនមែនជាមធ្យោបាយល្អសម្រាប់​សិស្សត្រៀមប្រឡងនោះទេ ព្រោះដំណាក់កាលមួយសប្តាហ៍មុនពេលប្រឡងនេះជាដំណាក់កាលដែលត្រូវសម្រាក ឬ​ជាពេលមើលសេចក្តីសង្ខេបមេរៀនតាមដំណើរ​ ដើម្បី​ដកស្រង់យកចំណុចគួរចងចាំខ្លះៗ​ជំនួយដល់ការប្រឡងជាក់ស្តែង។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋាន​ប្រឡងបានលើកឡើងថា មុនពេលប្រឡងនេះ ក្រសួងអប់រំ យុវជន និងកីឡាបានបង្ហោះឯកសារសំខាន់ៗជាច្រើន​ទាំងមុខវិជ្ជា វិទ្យសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងមុខវិជ្ជាវិទ្យាសាស្រ្តសង្គមមួយចំនួន ដើម្បីជំនួយ​ដល់សិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ។ នៅក្នុងឯកសារទាំងអស់នោះ គឺជា​សេចក្តីសង្ខេប​ និងចំណុចគន្លឹះសំខាន់ៗដែលអាចធ្វើឱ្យសិស្សងាយយល់ ឆាប់ចាប់បានចំណុចសំខាន់ៗដែលខ្លួនធ្លាប់បានរៀនរួចមកហើយ និង​ជាជំនួយដល់ការរំឮកមេរៀនសម្រាប់ពួកគេផងដែរ។

    នៅដំណាក់កាលមុនប្រឡងនេះ សិស្សអាច​ចំណាយពេលវេលា​ប៉ុន្មានថ្ងៃដើម្បី​រំឭកមេរៀនសង្ខេបរបស់ខ្លួនឱ្យបានល្អ ហើយ​សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីយកកម្លាំងប្រឡងឱ្យបានល្អ ព្រោះការរៀនបង្ខំពេកអាចធ្វើឱ្យប៉ះពាល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលអាចធ្វើឱ្យសិស្សភ្លេចភ្លាំងច្រើននៅពេលសរសេរលើសន្លឹកវិញ្ញាសា៕

  • ផ្សងព្រេងជាមួយធម្មជាតិលើកំពូលភ្នំក្បែរៗក្រុងនារដូវភ្លៀង សប្បាយអស្ចារ្យ!

    ផ្សងព្រេងជាមួយធម្មជាតិលើកំពូលភ្នំក្បែរៗក្រុងនារដូវភ្លៀង សប្បាយអស្ចារ្យ!

    ឡារ៉ែនជឿថា ដំណើរកម្សាន្ដលើកនេះច្បាស់ជាត្រូវចិត្តអ្នកនិយមដើរផ្សងព្រេងបែប Adventure  រុករកបទពិសោធជីវិតថ្មីៗប្លែកៗជាមួយនឹងធម្មជាតិមិនខាន។ ចូលមកដល់រដូវធ្លាក់ភ្លៀង មានមនុស្សជាច្រើនកំពុងតែធ្វើដំណើរទៅកាន់ទីជនបទដើម្បីសម្រាកលំហែកម្សាន្ដឱ្យសប្បាយចិត្ត…ចុះចំណែកយើងវិញ គួរទៅកម្សាន្ដនៅទីណាទៅហ្ន៎?។

    បើមិនដឹងថាត្រូវទៅទីណានោះ ម៉ោះ! គេហទំព័រ ឡារ៉ែន សូមនាំលោកអ្នកទៅកម្សាន្ដនៅលើកំពូលធំៗក្នុងប្រទេសថៃ ដែលមានទេសភាពពណ៌បៃតងស្រស់ត្រកាល និងពេលបានទៅដល់ហើយ ច្បាស់ជាមិនចង់ចាកចេញពីទីនោះមកវិញឡើយ។ លោកអ្នកអាចសម្រាកដោយការបោះតង់ ដុតភ្នក់ភ្លើង និងទទួលទានអាហាររបស់បងប្អូនជនជាតិដើមភាគតិចដែលរស់នៅតំបន់ភ្នំនោះទៀតផង…បើអ៊ីចឹង កុំឱ្យរង់ចាំយូរ តោះយើងទៅស្គាល់តំបន់ទេសចរណ៍ភ្នំស្អាតៗដូចតទៅ!៖

    1-ភ្នំ សាន់ ណក វួ ( เขาสันหนอกวัว )

    ភ្នំដ៏ខ្ពស់មួយនេះ មានទីតាំងស្ថិតនៅខេត្ត កានចៈណៈប៊ុរី ស្រុកស័ង្ខៈលៈប៊ុរី មានកម្ពស់ 1,767 ម៉ែត្រ និងមានឧទ្យានជាតិ ទឺកជ្រោះ និងជ្រលងភ្នំច្នៃប្រឌិតដែលអាចទស្សនាសត្វព្រៃបានទៀតផង។

    2-ភ្នំ ឆាងភឿក ( เขาช้างเผือก )

    មានទីតាំងស្ថិតនៅក្នុងខេត្ត កានចៈណៈប៊ុរី ស្រុកថងផាភូមិ មានកម្ពស់ 1,249 ម៉ែត្រ ដែលមានឧទ្យានជាតិ ថងផាភូមិ និងទឹកសមុទ្រ នៅជម្រាលជើងភ្នំខាងក្រោយ ដោយលោកអ្នកអាចធ្វើដំណើរតាមស្ពានឈើអមចង្កេះភ្នំបាន។

    3-ឧទ្យានជាតិភ្នំ លែមយ៉ា- មូកោះសៈម៉េត ( เขาแหลมหญ้า-หมู่เกาะเสม็ด )

    មានទីតាំងស្ថិតនៅភូមិបានផេ ឆ្ងាយពីក្រុងកោះសៈម៉េត ប្រមាណ 20គីឡូម៉ែត្រ និងត្រូវធ្វើដំណើរទៅដល់ឧទ្យានជាតិចំនួន 3ជាមុនសិន ទើបត្រូវបន្ដដំណើរតាមទូកទៅកាន់ឧទ្យានកោះសៈម៉េត។ អ្វីដែលពិសេសនោះ នៅទីនេះគឺមានកសិដ្ឋានចិញ្ចឹមឃ្មុំបែបធម្មជាតិ ហើយលោកអ្នកអាចទិញទឹកឃ្មុំសុទ្ធៗនៅទីនេះបានទាំងថ្មីៗស្រស់ៗ ក្នុងតម្លៃសមរម្យទៀតផង។

    4-ភ្នំក្រៈចូម ( เขากระโจม)

    ភ្នំមួយនេះ មានទីតាំងនៅក្នុងស្រុកសួនផឹង ខេត្តរ៉ាតឆៈប៊ុរី ជាភ្នំដែលស្ថិតនៅក្នុងតំបន់ជាយដែនប៉ែកខាងលិចនៃប្រទេសថៃ ជាប់នឹងប្រទេសភូមា។ លោកអ្នកអាចបោះតង់សម្រាកនៅក្នុងឧទ្យានជាតិលើកំពូលភ្នំបាន រួមទាំងទស្សនាពពកវិល និងថ្ងៃលិច ដែលមើលឃើញវាលស្មៅមានពណ៌ដូចមាស។ ពិតជាអស្ចារ្យខ្លាំងមែនទែន តែលោកអ្នកត្រូវទិញសំបុត្រចូលកម្សាន្ដតម្លៃ 50បាត និងត្រូវបង់ថ្លៃការពារសុវត្ថិភាពនាពេលរាត្រី រួមទាំងថ្លៃអនាម័យ 100បាតទៀត។

    5-កំពូលភ្នំ ថេវ៉ាដា ឬ ยอดเขาเทวดา

    នៅភ្នំថេវ៉ាដានេះ សម្បូរទៅដោយចម្ការពោត ផ្កាឈូករ័ត្ន ម្នាស់ ផ្លែរ៉ៈកាំ…ពិតជាមិនខ្វះអីញ៉ាំទេ!។ ដូចគ្នានឹងភ្នំខាងលើដែលអាចបោះតង់ ទស្សនាថ្ងៃលិច និងអ័ព្ទពពកវិលបាន។ កាន់តែពិសេសទៅទៀត នៅលើកំពូលភ្នំ មានកន្លែងលេងកីឡាឡើងភ្នំ និងជិះកង់កម្សាន្ដតាមជម្រាលជើងភ្នំ ហើយកាន់តែរ៉ូមែនទិកទៅទៀតជាមួយធម្មជាតិ គឺមានទឹកជ្រោះ និងល្អាងភ្នំ ដែលធានាថា ត្រជាក់ស្រួលស្រៀវដល់ឆ្អឹង។ ភ្នំនេះមានទីតាំងស្ថិតនៅ ភូមិវ៉ាងយ៉ាវ ស្រុកដានឆាង ខេត្តសុផាន់ប៊ុរី៕

  • កក្រើកទៀតហើយ!! បទ«អំណាចលុយ» កំពុងផ្ទុះពេញបណ្ដាញសង្គមយូធូប

    កក្រើកទៀតហើយ!! បទ«អំណាចលុយ» កំពុងផ្ទុះពេញបណ្ដាញសង្គមយូធូប

    ទើបតែបានបង្ហោះប៉ុន្មានម៉ោងប៉ុណ្ណោះ ប៉ុន្តែបទចម្រៀង Original Song ដែលមានចំណងជើងថា «អំណាចលុយ» របស់តារាចម្រៀងកញ្ញា ប៊េប៊ី ត្រូវគេមើលឃើញថាមានការចែកចាយ និងចូលស្ដាប់រហូតដល់ម៉ឺនដងឯណោះ ពិតជាមិនធម្មតាឡើយ។  នេះជាបទចម្រៀងដែលនាងចេញស្ទីលរ៉េបយ៉ាងប្លែកត្រចៀក ខណៈដែលតារាស្រីរូបនេះក៏បានប្រកាសដែរថានឹងចំណាយទុនផលិតជា MV ឱ្យញាក់សាច់ម្ដង បន្ទាប់ពីបទចម្រៀងនេះចេញមកហើយ ទទួលបានការពេញនិយមលើសពីការគ្រោងទុកបែបនេះ។

    អ្នកស្នេហាវិស័យបទចម្រៀងរ៉េបច្រើននាក់បានសរសើរមិនដាច់ពីមាត់ជាមួយនឹងសមត្ថភាពរបស់នាង ដែលក្រៅពីអាចបកស្រាយបទចម្រៀងបែបមនោសញ្ចេតនា និងបទប្រភេទញាក់ៗបានល្អហើយ ស្រាប់តែនាងអាចបកស្រាយបទចម្រៀងប្រភេទរ៉េបមួយបទនេះបានទៀត។ មកទល់ម៉ោងនេះ បទចម្រៀង«អំណាចលុយ»របស់នាងកន្ត្រាក់បានអ្នកស្ដាប់ច្រើនមិនធម្មតាឡើយ ដោយសារតែអត្ថន័យរបស់បទនេះត្រូវចិត្តមនុស្សភាគច្រើន ហើយក៏ជាបទបើកឆាកដែលនាងបកស្រាយប្រភេទរ៉េបដែរ ចាប់តាំងពីនាងវិវឌ្ឍខ្លួនក្លាយជាតារាចម្រៀងយុវវ័យមក។

    កញ្ញា ប៊េប៊ី បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា នាងមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដែលបទចម្រៀងមួយបទនេះ ទើបបង្ហោះបានប៉ុន្មានម៉ោងកាលពីថ្ងៃទី14 សីហា ប៉ុណ្ណោះ តែមានអ្នកចូលទស្សនាកើនដល់រាប់ម៉ឺននាក់ ក្នុងពេលដែលនាងបានប្រកាសថា នាងគ្រាន់តែចេញបទចម្រៀងប្រភេទរ៉េបនេះដើម្បីស្ទាបស្ទង់សមត្ថភាពប៉ុណ្ណោះ។ នាងថា មួយបទនេះធ្វើឱ្យនាងកាន់តែមានកម្លាំងចិត្តក្នុងការបញ្ចេញបទថ្មីទៀត ដែលនាងមានគម្រោងផលិតបទរ៉េបៗឱ្យប្លែកត្រចៀកបែបនេះដើម្បីវាយលុកទីផ្សារជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះនាងបានប្រកាសថា នាងបានត្រៀមរួចរាល់ហើយនូវការផលិត MV បទ«អំណាចលុយ»នេះ ដោយនឹងធ្វើឱ្យបទនេះកាន់តែផ្ទុះខ្លាំងឡើងក្នុងស្រទាប់យុវវ័យ ខណៈដែលស្ទីលដែលនាងនឹងរំលេចក្នុង MVនោះ ក៏នាងបានត្រៀមធ្វើឱ្យប្លែកខុសពីបទចម្រៀងមុនៗដែរ៕

    https://youtu.be/8gDsEJY8G20

  • កំពូលកម្មវិធីចម្អិនអាហារលំដាប់ពិភពលោក Master Chef Khmer ចាប់បញ្ចាំងលើស្ថានីយទូរទស្សន៍ ស៊ីធីអិន ថ្ងៃអាទិត្យនេះហើយ

    កំពូលកម្មវិធីចម្អិនអាហារលំដាប់ពិភពលោក Master Chef Khmer ចាប់បញ្ចាំងលើស្ថានីយទូរទស្សន៍ ស៊ីធីអិន ថ្ងៃអាទិត្យនេះហើយ

    ការប្រកួតប្រជែងចំអិនម្ហូបអាហារដ៏ធំបំផុត និងជោគជ័យបំផុតលំដាប់ថ្នាក់លើពិភពលោកដែលនាំមកជូនលោកអ្នកដោយស្រាបៀ GANZBERG នឹងត្រូវបានចាក់ផ្សាយនៅថ្ងៃអាទិត្យទី 19 ខែ​​​​​ សីហា ឆ្នាំ 2018 នៅលើទូរទស្សន៍ ស៊ីធីអិន វេលាម៉ោង 8 យប់នេះហើយ។ អ្នកចូលរួមប្រកួតប្រជែងចំនួន 25 រូបនឹងត្រូវបានបង្ហាញថ្វីដៃដ៏ប៉ិនប្រសប់របសើពួកគេដែល និងត្រូវប្រកួតប្រជែងគ្នារៀងរាល់សប្តាហ៍ដើម្បីមានឱកាសក្លាយជាអ្នកចម្អិនម្ហូបអាហារផ្ទះល្វែងធំបំផុតនៅកម្ពុជា និងទទួលបានរង្វាន់ធំជាទឹកប្រាក់ $ 50,000 (ប្រាំម៉ឺនដុល្លារ) ។

    អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលមាន Master Chef ជាច្រើននៅក្នុងសហរដ្ឋអាមេរិក អូស្ត្រាលី បារាំង អាស៊ី និងសូម្បីតែ Junior ប៉ុន្តែពេលនេះកម្ពុជាមានកិត្តយសបានផលិតនៅកម្មវិធីដ៏អស្ចារ្យនេះ គឺ Master Chef Khmer។ រៀងរាល់សប្ដាហ៍ពួកគេនឹងត្រូវបានវាយតម្លៃដោយចៅក្រមដ៏ពិសេសមួយគឺមេចុងភៅ Jessica ម្ចាស់ភោជនីយដ្ឋាន Kuy Teav លោក Nara ជាចុងភៅនៅឯសណ្ឋាគារ Raffles Hotel Le Royal និង លោក Rithy ជាមេចុងភៅនៅភោជនីយដ្ឋាន One More ។

    នៅក្នុងរដូវកាលទី 1 នេះ នឹងមានឈុតពិសេសៗសរុបចំនួន 25 ឈុត ដែលនិងចាក់ផ្សាយរៀងរាល់ ថ្ងៃអាទិត្យ នៅវេលាម៉ោង 8 យប់នៅស្ថានីយទូរទស្សន៍ ស៊ីធីអិន តែមួយគត់។ អ្នកចូលរួមប្រកួតប្រជែងមានចំនួន 25 នាក់ ដែលបេក្ខជននិមួយៗត្រូវបែងចែកជាក្រុម ឬ ប្រកួតជាទោលទៅតាមវិញ្ញាសារដែល Judge ដាក់ឱ្យ ដូចនេះបេក្ខជនមួយរូបនិងត្រូវចាកចេញពីកម្មវិធីជារៀងរាល់សប្តាហ៍នៅវគ្គនីមួយៗរហូតដល់ជម្រុះពួកគេនៅសល់តែម្នាក់ដើម្បីឈ្នះពានរង្វាន់មេផ្ទះដ៏ល្អបំផុតនៅកម្ពុជា។

    គួរបញ្ជាក់ថា ប្រជាជនកម្ពុជាទាំងមូលមានចិត្តរំភើបខ្លាំងចាប់តាំងពីការប្រកាសកាលជ្រើសរើសបបេក្ខជនតាំងពី ខែឧសភា ឆ្នាំមុនរួចមកហើយបានរង់ចាំយ៉ាងអន្ទះសារ។ បន្ទាប់ពីបានស្វែងរកបេក្ខជនជាច្រើនរូបដែលមានសមត្ថភាពចម្អិនម្ហូបមានរសជាតិឆ្ងាញ់ចំនួន 25​នាក់ ដែលត្រូវបានជ្រើសរើសពីមនុស្សជាង 1000 នាក់។ ដូចនេះសូមកុំភ្លេចរង់ចាំទស្សនាកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះគឺ Master Chef Khmer មាននៅស្ថានីយទូរទស្សន៍ CTN តែមួយគត់ វេលាម៉ោង 8យប់ នារាត្រីថ្ងៃអាទិត្យ៕

  • ស្រី​លាភ​ បង្ហាញរូបក្រុមគ្រួសារជាមួយនាយ​ក្រឹមយ៉ាងកក់ក្ដៅ

    ស្រី​លាភ​ បង្ហាញរូបក្រុមគ្រួសារជាមួយនាយ​ក្រឹមយ៉ាងកក់ក្ដៅ

    តារាកំប្លែង​ជើងចាស់លោក អ៊ូ បុណ្ណារ៉ាត់ ហៅ​នាយ​ក្រឹម​ បាន​ក្លាយជា​ឪពុក​របស់​កូនភ្លោះ​ស្រី​​ ដែល​ទើប​នឹង​កើត​ ​ក្រោម​ចំណង​​​ស្នេហា​លួចលាក់​​​​។

    គួរ​រំឭក​ផងដែរ​ថា កាលពី​ប៉ុន្មា​ន​ខែ​មុន​ ​ស្នេហា​លួចលាក់ដែល​នាយ​ក្រឹម​តែងតែ​បដិសេធ​ជាមួយ​បណ្ដាញ​សារព័ត៌មាន​នានា​កន្លងមក ​បានដឹង​ដល់​ភរិយា​ដើមរបស់លោក​​ ដែល​កាលនោះ​បានធ្វើ​ឱ្យ​អ្នកស្រី​ និង​​កូនប្រុស​ឆួលចុងច្រមុះ​យ៉ាងខ្លាំង​ រហូតដល់​មានប្រតិកម្ម​ថា នឹងដាក់​ពាក្យ​ប្ដឹង​តារា​កំប្លែង​ ស្រីលាភ ​ហៅ​នាងព្រលិត នោះ​ទៀតផង។ យ៉ាងណាក៏ដោយ ​ជុំវិញកំណើត​កូនភ្លោះ​ស្រីក្រៅ​ខាន់ស្លា​របស់​នាយ​ក្រឹម និង​តារា​កំប្លែង​កូនក្រុមរបស់ខ្លួន គឺ​អ្នកនាងស្រី​លាភនោះ នៅ​​មិនអាច​សុំ​ការបកស្រាយ​ផ្ទាល់ពី​តារា​សិល្បៈ​មួយគូ​ដែល​បានផ្តល់​កំណើត​កូនភ្លោះថ្មីៗនេះ​បានទេ ខណៈ​នាយ​ក្រឹម ដែលចាប់តាំងពី​ល្បី​ថា​ ស្រី​លាភមានកូន​ជាមួយខ្លួនហើយ​នោះ លោក​ក៏​មិន​សប្បាយ​ចិត្តនឹង​ព័ត៌មានដែល​ផ្សព្វ​ផ្សាយ​​អំពីរឿង​នេះដែរ។

    កន្លងមកអ្នកនាងព្រលិតតែងបង្ហាញរូបភាពជាលក្ខណៈក្រុមគ្រួសារជាមួយលោក អ៊ូ បុណ្ណារ៉ាត់ តែថ្មីៗនេះស្រាប់តែអ្នកនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើហ្វេសប៊ុក ខណៈដើរលេងកម្សាន្ដរួមគ្នាជាលក្ខណៈគ្រួសារជាមួយកូនៗ និងនាយក្រឹមយ៉ាងសប្បាយរីករាយជាមួយស្នាមញញឹមដ៏មានសុភមង្គលជាទីបំផុត។ សូមជម្រាបថា អ្នកទាំងពីរបានដាក់ឈ្មោះកូនភ្លោះរបស់ពួកគេថា អេលលីណា និងអេលលីសា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺនៅត្រង់ថា ចាប់តាំងពីទទួលដំណឹងថា មានកូនភ្លោះក្នុងផ្ទៃមក នាងស្រីលាភបានសម្ងំលាក់ខ្លួនបាត់មុខឈឹងពីវិស័យសិល្បៈ សូម្បីតែការដើរហើរតាមទីសាធារណៈ ក៏កម្រនឹងឃើញដែរ ពិសេសការទៅណាមកណាជាមួយនាយក្រឹម គឺមិនដែលសោះតែម្តង។ តែនៅពេលនេះ ហាក់បីដូចជាអ្នកនាងកំពុងតែចង់លាតត្រដាង និងបើកចំហអំពីទំនាក់ទំនងស្នេហាជាមួយនាយក្រឹមម្ដងទៀតហើយ។

    បើទោះជាគេដឹងច្បាស់ថា រវាងនាយក្រឹម និងអ្នកនាងលាភមានទំនាក់ទំនងស្នេហា និងរស់នៅជាគូស្នេហ៍នឹងគ្នារហូតដល់មានកូនភ្លោះស្រីទៅហើយក្តី ប៉ុន្តែបើនិយាយពីគម្រោងរៀបការវិញ គឺហាក់គ្មានពន្លឺទាល់តែសោះ ខណៈដែលភរិយាដើមនាយក្រឹមវិញនៅតែមានកំហឹងមិនទាន់រលត់នៅឡើយ៕

  • អ្នក​នាង​ ស្រី​ម៉ុច​ បញ្ចេញសារពន្លះអ្នករិះគន់

    អ្នក​នាង​ ស្រី​ម៉ុច​ បញ្ចេញសារពន្លះអ្នករិះគន់

    កន្លងមកថ្មីៗនេះ ការស្លៀកពាក់របស់អតីត​តារា​ស​ម្តែ​ង​ជាប់​ងារ ជី​ដូន​កា​កី​ គឺអ្នក​នាង​ ស្រី​ម៉ុច​ បានធ្វើឱ្យកក្រើកព័ត៌មានក្នុងស្រុកខ្មែរ ដោយសារតែការស្លៀកពាក់ដ៏ស៊ីចស៊ីហួសហេតុរបស់អ្នក​នាង​ពេលចូលរួមក្នុងកម្មវិធីរបស់ហាងកែសម្ផស្សមួយ ជាហេតុធ្វើឱ្យមហាជនក៏ដូចជាអ្នកសិល្បៈរួមអាជីពបាននាំគ្នាបញ្ចេញប្រតិកម្មរិះគន់កប់ៗមាត់ទៅលើរូបអ្នកនាង ប៉ុន្តែអ្នកនាងមិនធ្លាប់បានតបតខ្លាំងៗទៅវិញជុំវិញបញ្ហានេះឡើយ។

    តែដោយឡែក ដោយសារតែមានអ្នកចូល Comment អំពីភាពសិចស៊ី និងជិវិតឯកជនរបស់អ្នកនាង សុខ ស្រីម៉ុច ខ្លាំងៗពេក ទើបធ្វើឱ្យនាងបង្ហោះសារមួយឃ្លាដែលហាក់ដូចជាការឆ្លើយតបមួយយ៉ាងឈឺៗទៅកាន់អ្នករិះគន់បែបជាន់ពន្លិចថា «Damn so enjoying with my life life without jealousy or harm anyone . បញ្ជាក់ ( ជេរ whatever u want ប៉ុន្តែកុំយកឈ្មោះតារាមកអាងដើម្បីយកលេសជេរខ្ញុំ។ ខ្ញុំឈប់ពីតារានេះតាំងពី 10ឆ្នាំមុនមកម្ល៉េះ) ហើយបើសិនជាមានតារាណាម្នាក់គាត់ស្រឡាញ់ការស្លៀកពាក់អ៊ីចឹង ក៏មិនត្រូវជេរបញ្ចោគេដែរ សូមឱ្យមានសុជីវធម៌បន្តិច កុំកាត់ទោសគេដោយការស្លៀកពាក់ ( don’t judge the book by cover )»។

    គួរបញ្ជាក់ផងដែរថា អ្នកនាង សុខ ស្រីម៉ុច បានប្រាប់អ្នកសារព័ត៌មានកន្លងមកថា បច្ចុប្បន្ននេះនាងមានវ័យ 40​ឆ្នាំហើយ និងបានឈប់ពីសិល្បៈជាយូរណាស់មកហើយដែរ ដោយសារតែអ្នកនាងមានកូនប្រុសស្រីចំនួន 3នាក់  ព្រមទាំងត្រូវការពេលវេលាជាច្រើនសម្រាប់មើលថែទាំក្រុមគ្រួសារ ដែលសឺងតែគ្មានពេលវេលាច្រើនសម្រាប់ខ្លួនឯងផង។ ដូច្នោះហើយ ទើបអ្នកនាងសម្រេចចិត្តឈប់ពីសិល្បៈតែម្ដង ហើយអ្នកនាងបានបញ្ជាក់បន្ថែមទៀតថា អ្នកនាង ជាមនុស្សស្រីម្នាក់ដែលស្រឡាញ់ខ្លួនប្រាណខ្លាំងបំផុត ទើបអ្នកនាងព្យាយាមថែរក្សាសម្ផស្ស ដែលជាហេតុធ្វើឱ្យនាងមានសម្រស់ក្មេងជាងវ័យបែបនេះ៕

  • យូ ឌីស្កូ វិលមកកម្ពុជាវិញហើយ ក្រោយការវះកាត់ជោគជ័យ

    យូ ឌីស្កូ វិលមកកម្ពុជាវិញហើយ ក្រោយការវះកាត់ជោគជ័យ

    អស់រយៈពេលជាច្រើនខែហើយដែលលោក យូ ឌីស្កូ បានទៅសម្រាកព្យាបាលជំងឺនៅឯប្រទេសឥណ្ឌា ដោយសារតែលោកកើតជំងឺក្រលៀន ទឹកនោមប្រៃ និងកម្រិតឈាមសឡើងខ្ពស់ ដែលតម្រូវឱ្យរូបលោកត្រូវវះកាត់ប្តូរក្រលៀនថ្មី ដែលត្រូវចំណាយប្រាក់ខ្ទង់ម៉ឺនដុល្លារ ហើយអ្នកនាង ទូច ស្រីល័ក្ខណ៍ បានចេញមុខស្វែងរកជំនួយពីសំណាក់សប្បុរសជន ដែលមានទឹកចិត្តសន្ដាស ស្រឡាញ់ អាណិត ដើម្បីជួយឧបត្ថម្ភរូបលោក រហូតដល់ថ្ងៃវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ អ្នកនាង ទូច ស្រីល័ក្ខណ៍ ក៏បានទៅរង់ចាំទទួលលោកនៅមុខច្រកចេញនៃអាកាសយានដ្ឋានអន្ដរជាតិ ភ្នំពេញ ផងដែរ។

    នេះពិតជាដំណឹងដ៏ល្អមួយ ដោយសារតែពេលនេះគឺលោក យូ ឌីស្កូ បានវិលមកដល់ទឹកដីកំណើតវិញហើយ។ នេះបើយោងតាមការបង្ហោះសាររបស់តារាពហុជំនាញ ទូច ស្រីល័ក្ខណ៍ ជាតារាមួយរូបដែលចេញមុខខំព្យាយាមអស់ពីកម្លាំងកាយ-ចិត្តដើម្បីជួយជីវិតរបស់លោក យូ ឌីស្កូ ក្នុងនោះអ្នកនាងបានបង្ហោះសារប្រកបដោយក្តីរំភើបថា «ខ្ញុំចង់ប្រាប់ថា ទង្វើរបស់ខ្ញុំ គឺចេញពីបេះដូងរបស់ខ្ញុំ មនុស្សដែលធ្លាប់រួមទុក្ខ និងរួមសុខសប្បាយចិត្តប៉ុនណា? ពេលដែលឃើញវត្តមានរបស់គាត់ត្រឡប់មកវិញ? ពិតគិត ពិតបារម្ភ គ្រប់ពេល កុំខឹង នេះជាអារម្មណ៍ពិត»។

    ក្រោយពីទទួលបានដំណឹងនេះ មហាជនបានចូលរួមអបអរលោក យូ ឌីស្កូ ដែលបានត្រឡប់មកដល់ស្រុកកំណើតវិញ និងមានសុខភាពល្អប្រសើរ ក្រោយពីធ្វើការវះកាត់ហើយ។ សូមទស្សនាទិដ្ឋភាពពេលដែលអ្នកនាង ទូច ស្រីល័ក្ខ បានជួប លោក យូ ឌីស្កូ ពេលត្រឡប់មកដល់ប្រទេសកំណើតវិញ ខាងក្រោមនេះ៖

  • ស្ងាត់ៗ! តារាចម្រៀង យក់ ដួងតារា សម្រេចចិត្តបួសជាព្រះសង្ឃ

    ស្ងាត់ៗ! តារាចម្រៀង យក់ ដួងតារា សម្រេចចិត្តបួសជាព្រះសង្ឃ

    តារាចម្រៀងកន្ទ្រឹម និងមានទេពកោសល្យពហុជំនាញខាងផ្នែកសិល្បៈបុរាណខ្មែរ គឺលោក  យក់ ដួងតារា បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលបានស្ងប់ស្ងាត់ពីការចេញបទចម្រៀង ហើយបែរជាសម្រេចចិត្តសាងផ្នួសបួសជាព្រះសង្ឃ ដើម្បីតបស្នងសងគុណដល់អ្នកម្ដាយទៅវិញ។

    បើយោងតាមគណនីហ្វេសប៊ុករបស់តារាចម្រៀងប្រុសនៅក្នុងផលិតកម្មរស្មីហង្សមាសរូបនេះបានបង្ហោះនូវរូបភាពជាច្រើនសន្លឹកដែលមានខ្លឹមសារថា «លះកាត់សេចក្តីអាក្រក់ទាំងឡាយ​ ថ្វាយខ្លួនក្នុងវិស័យព្រះពុទ្ធសាសនា​ បួសសងគុណមាតាបិតា​ ជាតួនាទីរបស់កូនប្រុសគ្រប់ៗរូប។ សូមអនុមោទនា​ នូវកងការមហាកុសលដែលកើតចេញអំពីសេចក្តីជ្រះថ្លានេះ​ ឱ្យបានដល់ញាតិសន្ដានរបស់អស់លោកអ្នក​ កុំបីអាក់ខានឡើយ​ សាធុ​ សាធុ…»។

    ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា នៅក្នុងវិស័យព្រះពុទ្ធសាសនាហាក់មានភាពរង្គោះរង្គើ និងច្របូកច្របល់ ខណៈដែលកាលពីពេលថ្មីៗកន្លងទៅ មានការកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងរឿងព្រះសង្ឃដែលឆាន់ពោតស្ងោរជាមួយនឹងនារីម្នាក់ ដោយបានប្រព្រឹត្តអំពើកាមគុណនៅក្នុងវត្តអារាមតែម្ដង ហើយថែមទាំងបង្ហោះវីដេអូចូលបណ្ដាញសង្គមហ្វេសប៊ុក បង្កការចាប់អារម្មណ៍ជាខ្លាំងពីអ្នកនិយមបណ្ដាញហ្វេសប៊ុកទៀតផង។ ជាមួយនឹងសកម្មភាពមួយនេះ បានធ្វើឱ្យវិស័យពុទ្ធសាសនា ហាក់មានការធ្លាក់ចុះសទ្ធាយ៉ាងគួរឱ្យកត់សម្គាល់។

    តែដោយឡែក សម្រាប់លោក យក់ ដួងតារា វិញ ក្រៅពីគោលបំណងសាងផ្នួសបួសជូនមាតាបិតាហើយ លោកថែមទាំងសុខចិត្តបោះបង់ចោលការងារសិល្បៈដែលខំតស៊ូជាយូរមកហើយ រួចងាកមកលើកតម្កើងវិស័យព្រះពុទ្ធសាសនាវិញម្ដង៕