Author: អេបិល

  • តារាចម្រៀងថៃ ទិក ឈិរ៉ូ ប្រកាសប្រគំតន្ត្រីខ្នាតយក្សចុងក្រោយរួមគ្នាជាមួយលោក ខេមរៈ សិរីមន្ដ

    តារាចម្រៀងថៃ ទិក ឈិរ៉ូ ប្រកាសប្រគំតន្ត្រីខ្នាតយក្សចុងក្រោយរួមគ្នាជាមួយលោក ខេមរៈ សិរីមន្ដ

    តាមរយៈសារព័ត៌មាន Thairath បានចេញផ្សាយនៅពេលថ្មីៗនេះ ដែលដឹងថា បន្ទាប់ពីបានផ្អាកការងារសិល្បៈអស់រយៈពេលជិត 32​ឆ្នាំ ការត្រឡប់មកវិញរបស់លោក ទិក ឈិរ៉ូ នៅពេល កាន់តែបង្កភាពភ្ញាក់ផ្អើលកាន់តែខ្លាំងជាងមុនថែមទៀត។ បិតាចម្រៀងប៉បដ៏ល្បីនៅក្នុងប្រទេសថៃរូបនេះ បានប្រកាសរៀបចំការប្រគំតន្ត្រីខ្នាតយក្សនៅក្នុងប្រទេសថៃ ជាមួយនឹងកំពូលតារាចម្រៀងកម្ពុជា លោក ខេមរៈ សិរីមន្ដ ស្របពេលដែលខ្លួនបានចេញអាប់ប៊ុមចម្រៀងរួមគ្នាមានចំណងជើងថា « Sad Man »។

    លោក ទិក ឈិរ៉ូ បានបញ្ជាក់ថា ការត្រឡប់មកប្រគំតន្ត្រីខា្នតធំនៅគ្រានេះ គឺជាពេលវេលាចុងក្រោយហើយ ដែលលោកធ្វើការជួបជុំ និងរៀបចំការប្រគំតន្ត្រីរបស់ខ្លួនបែបនេះ។ លោកថា ចំពោះភាពសហការជាមួយកំពូលតារាចម្រៀងកម្ពុជា ខេមរៈ សិរីមន្ដ គឺជាឱកាសថ្មីមួយដែលបានសាងប្រវត្តិសាស្ត្រក្នុងវិស័យសិល្បៈថៃ-កម្ពុជា។ គួររំឭកដែរថា តារាចម្រៀងសំឡេងធ្ងន់ លោក ខេមរៈ សិរីមន្ត បានចាប់ដៃគូបង្កើតអាល់ប៊ុមចម្រៀងរួមគ្នា ជាមួយនឹងតារាចម្រៀងថៃ លោក ទិក ឈិរ៉ូ ដោយបានធ្វើសន្និសីទកាសែត នៅទីក្រុងបាងកក ប្រទេសថៃ កន្លងរួចមកហើយ នៅរង់ចាំតែថ្ងៃនៃការប្រគំតន្ត្រីខ្នាតធំដែលគ្រោងរៀបចំនៅពេលឆាប់ៗខាងមុនេះទេ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែម សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • គណៈកម្មការស្រីក្នុងកម្មវិធី Thailand’s Got Talent បង្ហាញក្បាច់រាំសិចស៊ីកណ្ដាលវេទិកាដ៏អស្ចារ្យ

    គណៈកម្មការស្រីក្នុងកម្មវិធី Thailand’s Got Talent បង្ហាញក្បាច់រាំសិចស៊ីកណ្ដាលវេទិកាដ៏អស្ចារ្យ

    តាមរយៈគេហទំព័រ Sanook បានចេញផ្សាយមុននេះបន្ដិចបានឰឱឱ្យដឹងថា គណៈកម្មការស្រីក្នុងកម្មវិធី Thailand’s Got Talent ប្រចាំឆ្នាំ 2018 នេះ គឺកញ្ញា Cris Horwang បានបង្ហាញឈុតសិចស៊ី ស៊ីអារម្មណ៍ជាមួយក្បាច់រាំដ៏រោលរាលនៅលើឆាក ញិកញក់ដាក់កំលោះសង្ហាពីរដួងគឺលោក James ​Jirayu និងកំឡោះសង្ហា Weir Sukollawat រហូតដល់ទ្រាំមិនបាន។

    ភាពសិចស៊ីដែលមិនធ្លាប់ឃើញពីមុនមករបស់នាង Cris Horwang ធ្វើឱ្យហ្វេនៗអ្នកគាំទ្រស្រែកហោលាន់ពេញផ្សារទំនើប ស្ទើតែបែកផ្សារទាំងមូលតែម្ដង ។ តារាស្រីវ័យដល់ទៅ 38 ឆ្នាំក៏ពិតមែនតែវ័យរៀងជ្រេបន្ដិច តែភាពស្រស់ស្អាត និងសិចស៊ីរបស់នាង នៅតែបន្ដទាក់ទាញអារម្មណ៍អ្នកគាំទ្រឱ្យឈ្លក់វង្វេងដដែល។ កញ្ញា Cris Horwang បានបង្ហាញក្បាច់រាំដោះអាវជាមួយកំឡោះសង្ហា Weir Sukollawat ដែលស្ទើតែរបូតល្វែងខាងលើតែម្ដង។

    នៅពេលមុន Show ជិតបានបញ្ចប់បទភ្លេង អ្នកគាំទ្រក៏កាន់តែស្រែកហ៊ោរំពងម្ដងទៀត ព្រោះទេពបុត្ររូបស្រស់ James ​Jirayu បានធ្វើដំណើរកមកាន់វេទិកា ហើយដោះអាវក្រៅ មកបំពាក់ឱ្យ Cris តែនាងបែជាចាប់លោកជាប់ ហើយបង្ហាញក្បាច់រាំតោងបង្គោល យ៉ាងរោលរាលម្ដងទៀត។ ដើម្បីឱ្យកាន់ជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

    https://youtu.be/ftAWgRxxa4U

  • ចាន់ សម័យ បន្ថែមអាជីពថ្មីមួយទៀត បន្ទាប់ពីវិលចូលសិល្បៈវិញ

    ចាន់ សម័យ បន្ថែមអាជីពថ្មីមួយទៀត បន្ទាប់ពីវិលចូលសិល្បៈវិញ

    មួយរយៈចុងក្រោយនៃការព្យាយាមបិទបាំងជីវិតឯកជន និងរស់នៅក្នុងស្ថានភាពលំបាកអស់រយៈពេលជាង 10ឆ្នាំមក នៅពេលនេះតារាចម្រៀងប្រុស ចាន់ សម័យ ត្រូវបានសិល្បករ-សិល្បការិនីព្យាយាមស្វែងរកជំនួយសប្បុរសធម៌ដើម្បីជួយព្យាបាលជំងឺរបស់លោក និងទទូចឱ្យលោកវិលមកចូលសិល្បៈវិញ ដោយមានការជ្រោមជ្រែងពីសំណាក់អ្នកដឹកនាំកម្មវិធីទូរទស្សន៍ និងមានការគាំទ្រពីមហាជនផងដែរ។

    ដូចប្រិយមិត្តទាំងអស់ដឹងហើយថា ម្ចាស់បទចម្រៀង «មិនស្រឡាញ់អូនមិនបាន» គឺលោក ចាន់ សម័យ ជាតារាចម្រៀង ដ៏ល្បីល្បាញបំផុតក្នុងអំឡុងឆ្នាំ2000 ហើយបទចម្រៀងដែលធ្វើឱ្យលោកល្បីល្បាញខ្លាំងក្នុងស្រទាប់យុវវ័យ និងគ្រប់បណ្ដាវ័យមិនថា ចាស់ឬក្មេង និងដែលបទចម្រៀងទាំងនោះនៅតែស្ថិតក្នុងបេះដូងទស្សនិកជនរហូតមកដល់បច្ចុប្បន្ននេះ មានដូចជា បទ (មិនស្រឡាញ់អូនមិនបាន) (មិនអាចគ្មានអូន) (ស្នេហ៍ក្រោមពន្លឺកាំជ្រួច) និងបទចម្រៀងជាច្រើនទៀត ដែលទាំង 3បទនេះ ស្ថិតនៅក្នុងផលិតកម្ម ព្រះវិហារ ដែលបានដាក់បញ្ចូលទៅក្នុងខ្សែភាពយន្តភាគដ៏ល្បីល្បាញ របស់ចិនតៃវ៉ាន់គឺរឿង (F4) នៅក្នុងឆ្នាំ2001 និង2002។

    ដោយឡែកកាលពីពេលថ្មីៗនេះ លោក ចាន់ សម័យ ក្រៅពីមមាញឹកនឹងការងារសិល្បៈហើយ លោកបានបន្ថែមមុខរបរមួយទៀតដើម្បីបង្កើនចំណូលចិញ្ចឹមគ្រួសារ គឺរបរលក់សម្លៀកបំពាក់កីឡាសម្រាប់បំពេញតម្រូវការរបស់អ្នកដែលស្រឡាញ់ និងចូលចិត្តលេងកីឡានាៗ។ គួរបញ្ជាក់ដែរថា ក្រោយពីបានឃើញការខិតខំប្រឹងប្រែងរបស់លោក មហាជនបានលាន់មាត់សរសើរពីការតស៊ូមិនរាថយរបស់តារាចម្រៀង ចាន់ សម័យ ដើម្បីប្រពន្ធ និងជាពិសេសកូនៗទាំង 5នាក់របស់លោក៕

  • នុះ!! តារាចម្រៀង ស៊ូ ស៊ីរិកា បញ្ចេញកំហឹងចំពោះតារារួមទ្រនំដែល…

    នុះ!! តារាចម្រៀង ស៊ូ ស៊ីរិកា បញ្ចេញកំហឹងចំពោះតារារួមទ្រនំដែល…

    នៅពេលថ្មីៗនេះ តារាចម្រៀងស្រីនៅក្នុងទ្រនំថោនកញ្ញា ស៊ូ ស៊ីរិកា បានរៀបរាប់រឿងរ៉ាវដ៏ក្ដៅគគុកមួយប្រាប់ដល់មហាជនទាំងឡាយបានជ្រាប តាមរយៈធ្វើការ Live Video នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន។ នាងបានរៀបរាប់ថា មានតារាស្រីរួមទ្រនំជាមួយនឹងនាង ដែលនាងមិនបានបញ្ចេញឈ្មោះចំៗនោះបានព្យាយាមបំបិទផ្លូវសិល្បៈរបស់នាង និងព្យាយាមនិយាយបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះរបស់នាង។

    តាមរយៈវីដេអូជាងមួយម៉ោងនោះ កញ្ញា ស៊ូ ស៊ីរីកា បានរៀបរាប់ទាំងកំហឹងខ្លាំងទៅលើតារារួមផលិតកម្មជាមួយគ្នា ដែលនាងអះអាងថា តារារូបនោះតែងតែបិទផ្លូវការងាររបស់នាងមករហូត ដោយបានប្រាប់ទៅអ្នករៀបចំកម្មវិធីនានាថា មិនស្គាល់លេខរបស់នាង ហើយថានាងជាកូនអ្នកមាន ដូច្នោះហើយលោកយាយរបស់នាងបានហាម មិនឱ្យនាងចេញច្រៀងឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងនិយាយអាក្រក់ពីនាងថា នាងជាមនុស្សឫកធំ និងស៊ីតម្លៃខ្លួនថ្លៃខ្ទង់ពាន់ៗឯណោះ។ នេះបើតាមសម្ដីរបស់កញ្ញា ស៊ូ ស៊ីរិកា ដែលនិយាយនៅក្នុងវីដេអូ។

    តារាចម្រៀងស្រីក្នុងផលិតកម្មថោន រូបនេះបានបញ្ជាក់ថា នាងបានអត់ទ្រាំចំពោះទង្វើរបស់តារាចម្រៀងរូបនោះជាយូរណាស់មកហើយ ទើបនៅពេលនេះនាងដាច់ចិត្តចេញមកនិយាយជាសាធារណៈតែម្ដងទៅ តែនាងនៅតែទុកកិត្តិយសឱ្យដោយការមិនបញ្ចេញឈ្មោះតារាម្នាក់នោះចំៗឡើយ។ នាងថា រូបនាងផ្ទាល់គឺទទួលគ្រប់កម្មវិធីតន្រ្តី និង Event ទាំងអស់ ព្រោះនាងចូលសិល្បៈនេះ គឺមានគោលបំណងចង់រកចំណូលផ្ដត់ផ្គង់ជីវភាពខ្លួន និងគ្រួសារ ហើយមួយវិញទៀតគឺនាងស្រឡាញ់សិល្បៈតាំងពីតូចមក។

    យ៉ាងណាមិញ មួយរយៈមុន តារាស្រី ស៊ីរិកា ធ្លាប់បានប្រកាសថា ខ្លួនបម្រុងនឹងចាកចេញពីសិល្បៈទៅហើយ តែក្រោយមកក៏បែរជាស្ងាត់ទៅវិញ និងនៅពេលនេះស្រាប់តែមានរឿងភ្ញាក់ផ្អើលខ្លាំងកើតឡើង នៅពេលដែលនាងបន្ដដំណើរនៅលើវិថីសិល្បៈតទៅទៀត តែបែរជាមានរឿងកាច់កុងគ្នាយ៉ាងអាក្រក់បែបនេះទៅវិញ។ ដើម្បីឱ្យច្បាស់បន្ថែមទៀត សូមប្រិយមិត្តទាំងអស់ ទស្សនា និងស្ដាប់ការរៀបរាប់របស់ ស៊ូ ស៊ីរិកា ខាងក្រោមនេះ៖

  • ម៉ៃ សុគន្ធ នៅតែមិនខ្លាចញញើតចេញមុខរិះគន់លោក ខេមរៈ សិរីមន្ដ

    ម៉ៃ សុគន្ធ នៅតែមិនខ្លាចញញើតចេញមុខរិះគន់លោក ខេមរៈ សិរីមន្ដ

    បើទោះបីជាលោក ខេមរៈ សិរីមន្ត តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសបានគំរាមចាត់វិធានការក្ដៅចំពោះលោក ម៉ៃ សុគន្ធ ដោយថានឹងដាក់ពាក្យបណ្ដឹងពីបទញុះញង់មានជាអាទិ៍ និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍បុគ្គលក៏ដោយ ក៏នៅពេលនេះកំពូលតារាទើសប្រចាំសិល្បៈខ្មែររូបនោះនៅតែមិនមានការខ្លាចញញើត និងរួញរាក្នុងការបញ្ចេញពាក្យរិះគន់ទៅលើលោក ខេមរៈ សិរីមន្ត នៅលើបណ្ដាញសង្គមហ្វេសប៊ុកដដែល។

    ថ្មីៗនេះលោក ខេមរៈ សិរីមន្ត និងតារាចម្រៀងល្បីឈ្មោះនៅប្រទេសថៃលោក ទិក ឈីរ៉ូ បានបញ្ចេញបទចម្រៀងរួមគ្នា មានចំណងជើងថា «Sad Man» ដែលកំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកគាំទ្រខ្មែរ-ថៃ។ លោក ម៉ៃ សុគន្ធ ក៏បានចេញវីដេអូ និងសាររិះគន់ជាថ្មីម្ដងទៀតទៅលើលោក សិរីមន្ត និងតារាចម្រៀងថៃម្ដងទៀតដែរថា «ឆ្ងល់? សួរតាមត្រង់ ហេតុអីអត់ព្រមឱ្យចាស្ទីនកូពី កាន់ឧបករណ៍តន្រ្តីអ៊ីចឹងហ្ន៎ ឬមួយគាត់​អត់ចេះ ឬគាត់លាក់គំនួច?។ ជ្រុលតែសហការគ្នាហើយ គួរណាស់តែឱ្យប៉ារ៉ូលដំបូង ខ្មែរច្រៀងមុន (មូលហេតុ ព្រោះគាត់ជាម្ចាស់ផ្ទះ ទោះហៅភ្ញៀវទៅពិសាបាយ ក៏ទុកកិត្តិយសចាប់ម្ហូបជូនភ្ញៀវមុនដែរ)»។

    បើតាមរយៈការនិយាយរិះគន់ និងលេងទឹកមុខនៅក្នុងវីដេអូរបស់លោក ម៉ៃ សុគន្ធ គេមើលឃើញថា បុរសរូបនេះត្រូវបានមហាជនប្រើពាក្យសម្ដីអសុរោះ ជេរប្រមាថរូបលោកយ៉ាងខ្លាំងៗ ក្នុងការដែលលោកចេះដឹងរឿងគេច្រើនជ្រុលបែបនេះ ហើយមានអ្នកគាំទ្រលោក ខេមរៈ សិរីមន្ត ជាច្រើនទៀតបានបញ្ចេញមតិថា ចង់ឃើញចំណាត់ការរបស់លោក ខេមរៈ សិរីមន្ត ចំពោះម៉ៃ សុគន្ធ ក្នុងពេលឆាប់ៗនេះតែម្ដង។ គួររំឭកដែរថា តារាចម្រៀងប្រុសហង្សមាសខាងលើ បានរៀបចំពាក្យបណ្ដឹង និងប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថា «មេធាវីរបស់ខ្ញុំបានរៀបចំសំណុំបែបបទរួចអស់ហើយ បទល្មើស និងភ័ស្តុតាងមានគ្រប់គ្រាន់អស់ហើយ បទចោទ បទញុះញង់មាន​ជា​អាទិ៍ បទធ្វើឱ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍បុគ្គល។ ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់ហ្នឹងឡើយ តែគាត់ចង់បានបែបនេះ ដូច្នេះទទួលយកអ្វីដែលខ្លួនបានសាងបទល្មើសនេះចុះ»៕

  • រឿងក្ដី វ៉ាន់ នីឡា និងអតីតគូស្នេហ៍នៅតែបន្ដអូសន្លាយ មិនទាន់ទទួលបានយុត្តិធម៌

    រឿងក្ដី វ៉ាន់ នីឡា និងអតីតគូស្នេហ៍នៅតែបន្ដអូសន្លាយ មិនទាន់ទទួលបានយុត្តិធម៌

    មកទល់ពេលនេះរឿង​ក្តី​ក្តាំ​របស់អតីតតារាចម្រៀងស្រី វ៉ាន់ នីឡា ​ជាមួយនឹង​អតីតគូស្នេហ៍ លោក គុយ សិទ្ធិ​ស័​ក្ដិ ហាក់​គ្មាន​អ្វី​ជាលទ្ធ​ផល​នោះទេ ខណៈរូបនាង និងបងប្រុសលោក សុខ ជំនោរ នៅតែបន្តប្រកាសចង់បានយុត្តិធម៌ក្ដែងៗ។​

    កាលពីថ្ងៃទី15 ខែសីហា ឆ្នាំ2017 កន្លងទៅ តុលាការបានសម្រេចចេញសាលដីកាផ្តន្ទាទោសលោក គុយ សិទ្ធិ​ស័​ក្ដិ ដែលជាអតីតគូដណ្ដឹងតារាចម្រៀង វ៉ាន់ នីឡា ឱ្យជាប់ពន្ធនាគាររយៈពេល 1ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ 200លានរៀល ( ប្រហែល 5ម៉ឺនដុល្លារ) នៅក្នុងសំណុំរឿងទម្លាយរូបអាក្រាតកាយរបស់ វ៉ាន់ នីឡា កាលពីឆ្នាំ2015 កន្លងទៅ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនជាប់ចោទឈ្មោះ គុយ សិទ្ធិស័ក្ដិ នៅតែបន្តមានសេរីភាពដើរហើរធម្មតាយ៉ាងរំភើយ គ្មានខ្លាចនរណាបន្តិចសោះឡើយ។

    ហើយនៅថ្ងៃទី15 ខែសីហា ឆ្នាំ2018 ព្រឹកម្សិលមិញនេះ តារាចម្រៀងស្រីរូបនេះបានចេញវីដេអូនិយាយរៀបរាប់អំពីការដែលខ្លួនមិនទាន់បានទទួលពន្លឺយុត្តិធម៌ និងចំណាត់ការពីតុលាការ។ ​នាងបាននិយាយទាំងអារម្មណ៍មិនអស់ចិត្តថា រូបនាងមិនសប្បាយចិត្តសោះ​ ព្រោះ​តាំង​ពី​សាល​ក្រម​តុលាការប្រកាស​រហូ​តមកដល់​ពេល​នេះ ​រយៈពេល 1ឆ្នាំហើយ រូបនាង​មិន​ទាន់បាន​ទទួលសំណង​ជាប្រាក់​នៅឡើយ ចំណែកជន​ល្មើសនៅតែបន្តនៅក្រៅ​ឃុំ​ទៀត។ នាងថា ពេល​ដែល​នាង​បាន​ទៅ​បង្ហាញ​មុខ​នៅ​តុលាការព្រឹកមិញនេះ គឺ​បាន​ត្រឹម​តែស្តាប់​ការលើកឡើងពី​មេធាវីថា «កូន​ក្តី​​មាន​បញ្ហា​សំខាន់ក្នុង​គ្រួសារ​មិន​បាន​ចូល​មកដោះ​ស្រាយ​» ទៅវិញ…។

    កញ្ញា វ៉ាន់ នីឡា បានអះអាងថា ខ្លួនត្រូវបាត់បង់ការងារ និងអាជីពសិល្បៈរបស់ខ្លូន ខណៈដែលអតីតគូស្នេហ៍ លោក គុយ សិទ្ធិ​ស័​ក្ដិ វិញមានតួនាទីជាមន្ត្រីរាជការ ហើយកំពុងតែបម្រើការងារយ៉ាងធម្មតាហាក់ដូចជាគ្មានអ្វីកើតឡើង។ សួរថា តើអ្នក​ប្រព្រឹត្ត​ល្មើស​ត្រូវ​នៅក្រៅ​ឃុំ​យ៉ាង​រីក​រាយ​បែប​នេះ​ឬយ៉ាងណា ? នេះគឺជាអ្វីដែលនាងបានសួរទៅកាន់មហាជនឱ្យលោកជួយគិតគូរ។ នាងក៏បានលើកឡើងដែរថា បន្ទាប់ពីប្រកាសហ្នឹងមក នាងខ្ញុំអត់បានទទួលផលអីនៅឡើយទេ រហូតដល់ថ្ងៃនេះ។ ថ្ងៃខែឆ្នាំដដែល នាងខ្ញុំចូលសាលាឧទ្ធរណ៍ ប៉ុន្តែគេលើកថ្ងៃវិញ នាងខ្ញុំអត់ដឹងខាងតុលាការលើកថ្ងៃដល់ពេលណា ថ្ងៃខែឆ្នាំណាទេ គឺនាងខ្ញុំអត់យល់តែម្ដង។

    គួបញ្ជាក់ផងដែរថា កវីនិពន្ធ លោក សុខ ជំនោរ ជាបងប្រុសបង្កើត បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តចំពោះប្រព័ន្ធយុត្តិធម៌នៅក្នុងតុលាការ ដោយលោកហាក់ដូចជាអស់ជំនឿនឹងការកាត់សេចក្ដីលើសំណុំរឿងមួយនេះ និងបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «មានប្រជាជនភាគច្រើនលើសលុប យល់ និងឆ្អែត និងខ្លាច ហើយគេទ្រាំស្ងៀម ទាំងចុកចាប់ក្នុងការរស់នៅជាមួយភាពអយុត្តិធម៌។ គេចាយលុយរៀនសូត្រ ដើម្បីចេះដឹង ហើយមានលុយ និងខ្សែទៀត ដើម្បីយកបានតួនាទី។ ខ្ញុំធំដឹងក្តីមក គឺឃើញអ៊ីចឹង។ ខ្ញុំនៅចាំបានថា កូនអ្នកតូចហែរហមកូនអ្នកធំ ជាឱកាសធ្វើឱ្យកូនអ្នកធំកាន់តែធំ (បទវិភាគរបស់កាសែតថ្មីថ្មី កាលពីជាង1ឆ្នាំមុន) ខ្ញុំពេញចិត្តពាក្យនេះណាស់ វាបានបំភ្លឺភ្នែកខ្ញុំ។ សង្ឃឹមថារឿងរ៉ាវនេះអាចដោះស្រាយដោយតុលាការ មិនមែនតុឡាការ»។

    ដើម្បីឱ្យកាន់តែច្បាស់ពីសម្ដីនៃការទាមទាររកយុត្តិធម៌របស់តារាចម្រៀងស្រី វ៉ាន់ នីឡា សូមទស្សនាវីដេអូរៀបរាប់របស់នាងខាងក្រោមនេះ៖

  • មន្ត្រីទទួលការហ្វឹកហាត់ពង្រឹងសមត្ថភាពលើការយល់ដឹងពី«ព័ត៌មានទីផ្សារ»

    មន្ត្រីទទួលការហ្វឹកហាត់ពង្រឹងសមត្ថភាពលើការយល់ដឹងពី«ព័ត៌មានទីផ្សារ»

    សិក្ខាសាលាបណ្តុះបណ្តាលមួយត្រូវបានក្រសួងពាណិជ្ជកម្មរៀបចំឡើងដើម្បីបណ្ដុះបណ្ដាលមន្ត្រីរដ្ឋាភិបាលជាង 40នាក់មកពីទូទាំងប្រទេសអំពីបញ្ហាពាក់ព័ន្ធនឹងការយល់ដឹងពី «ព័ត៌មានទីផ្សារ» ដែលជាប្រធានបទសំខាន់សម្រាប់ជំរុញការអភិវឌ្ឍវិស័យឯកជននៅក្នុងប្រទេសកម្ពុជា។

    ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងពីកិច្ចខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម និងក្រៅពីការធ្វើពិពិធកម្មទីផ្សារថ្មីៗហើយនោះ ក្រសួងក៏បានធ្វើកិច្ចអន្តរាគមន៍មួយចំនួនដើម្បីរក្សាស្ថិរភាពតម្លៃទំនិញនៅលើទីផ្សារ ជាពិសេសមុខទំនិញដែលជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាស្រូវ អង្ករ ប្រេងឥន្ធនៈ អគ្គិសនី និងទឹកស្អាតជាដើម។

    ឯកឧត្តមបានគូសបញ្ជាក់ថា៖«ក្រសួងបានចងក្រងជាសមាគមម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ដំឡូងមី ក្រូចថ្លុងកោះទ្រង់ និងជលផលសមុទ្រ ហើយបច្ចុប្បន្នក្រសួងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធធ្វើការចរចាជាមួយភាគីចិនអំពីអនាម័យ និងភូតគាមអនាម័យ (SPS) ដើម្បីសម្រួលដល់ការនាំចេញរបស់អាជីវករ និងពាណិជ្ជករកម្ពុជាថែមទៀត»

    ឯកឧត្តម មានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចខិត​ខំ​​ប្រឹងប្រែងទាំងនេះផ្តោតជាពិសេសទៅលើធនធានមនុស្សរបស់ប្រទេស។ «TTRI កំពុងធ្វើការដើម្បីបង្កើនជំនាញមន្ត្រីរដ្ឋាភិបាលនិងអ្នកជំនួញដើម្បីបង្កើនផលិតភាព»

    លោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម TTRI (the Trade Training and Research Institute)បានថ្លែងនៅឯសិក្ខាសាលាថា ការបង្កើនការយល់ដឹងអំពីទីផ្សារគឺមានសារៈសំខាន់ក្នុងការជម្នះឧបសគ្គចម្បង ៗ មួយចំនួនដែលផលិតផលក្នុងស្រុកប្រឈមនឹងការជ្រៀតចូលទីផ្សារបរទេស។ «គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីហ្វឹកហាត់មន្ត្រីរដ្ឋាភិបាលលើវិស័យផ្សេងៗ ដូចជានិន្នាការទីផ្សារ និងតម្រូវការនាំចេញ ជាដើម។

    លោកបានបញ្ជាក់ថា៖«វគ្គបណ្តុះបណ្តាលនេះនឹងជួយឱ្យមន្រ្តីពាណិជ្ជកម្មយល់ដឹងពីប្រព័ន្ធ និងឧបករណ៍ថ្មីៗដែលត្រូវបានប្រើដើម្បីវិភាគនិន្នាការទីផ្សារសក្តានុពលទីផ្សារ ទំហំទីផ្សារ កំណើនទីផ្សារក៏ដូចជាទាក់ទិននឹងការប្រើប្រាស់ឧបករណ៍វិភាគទីផ្សារអន្តរជាតិ ITC International Market Analysis Tools ដើម្បីកំណត់និន្នាការទីផ្សារ លក្ខខណ្ឌច្រកចូលទីផ្សារព្រមទាំងឱកាស និងបញ្ហាប្រឈមសម្រាប់ជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ។ មន្ត្រីនឹងបញ្ជូនចំណេះដឹងនេះទៅឱ្យពាណិជ្ជករ»

    ព័ត៌មានទីផ្សារ ជាទូទៅសំដៅទៅលើព័ត៌មានដែលទាក់ទងទៅនឹងទីផ្សាររបស់ក្រុមហ៊ុនដែលត្រូវបានប្រមូលផ្តុំ និងវិភាគដើម្បីឱ្យមានការសម្រេចចិត្តត្រឹមត្រូវជាពិសេសនៅក្នុងវិស័យ ដូចជាឱកាសទីផ្សារ ការជ្រៀតចូលទីផ្សារ និងការអភិវឌ្ឍទីផ្សារ។ ជាមួយនឹងការយល់ច្បាស់អំពីព័ត៌មានទីផ្សារ មន្រ្តីរបស់យើងអាចជួយដល់ពាណិជ្ជករ និងអ្នកជំនួញដែលចង់បង្កើនការលក់របស់ពួកគេនៅក្នុង និងក្រៅប្រទេស។ មន្រ្តីនឹងត្រូវបានបំពាក់បន្ថែមទៀតដើម្បីជួយដល់ក្រុមហ៊ុនធ្វើការសម្រេចចិត្តទាក់ទងនឹងផលិ​ត​ផល ការផ្តោតលើផលិតផលដែលត្រូវផលិត និងអ្នកដែលត្រូវធ្វើជាដៃគូ និងកន្លែងនាំចេញ៕

  • អត្ត​ពលិក និងមន្ត្រី​កីឡា​រាប់​ពាន់​នាក់​ នឹង​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ព្រឹត្តិការណ៍ Asian Games

    អត្ត​ពលិក និងមន្ត្រី​កីឡា​រាប់​ពាន់​នាក់​ នឹង​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ព្រឹត្តិការណ៍ Asian Games


    អត្ត​ពលិក​រាប់​ពាន់​នាក់ នឹង​​ធ្វើ​ដំណើរ​​ទៅ​ចូល​រួម ខណៈ​ដែល​ឥណ្ឌូ​នេស៊ី នឹង​ត្រូវ​ធ្វើ​ការ​ត្រៀម​លក្ខណៈ​ជា​លើក​ចុងក្រោយ​របស់ខ្លួន ដើម្បី​ធ្វើ​ជាម្ចាស់ផ្ទះ​ Asian Games ដែល​ជា​ព្រឹត្តិការណ៍​កីឡា​ចម្រុះ​ដ៏ធំបំផុត​លំដាប់​ទី​2 ​របស់​ពិភព​លោក ស្រប​ពេលដែល​វា​នឹង​ប្រព្រឹត្ត​ទៅ​​​ក្នុងពេលមាន​ការ​ភ័យ​​ខ្លាច​អំពី​ភេរ​វកម្ម កង្វល់​អំពី​បញ្ហា​បរិស្ថាន និង​បញ្ហា​ដ៏​ឈឺ​ក្បាល​លើ​ភ័ស្តុ​ភារ​។

    គណៈ​កម្ម​កា​ររៀប​ចំ​ការ​ប្រកួតកំពុង​តែ​​លុប​ចោល​នូវ​កង្វល់​ផ្សេង​ៗ​អំពី​ការ​រៀប​ចំ​របស់​ពួក​គេ ប៉ុន្តែ ប្រទេស​ឥណ្ឌូ​នេស៊ីមិន​ធ្លាប់​បាន​ធ្វើ​ជាម្ចាស់ផ្ទះ​​ព្រឹត្តិ​ការណ៍​​កីឡា​ដ៏​ធំ​ក្នុង​កម្រិត​នេះ​ឡើយ ខណៈ​ដែល​អត្ត​ពលិក និង​មន្ត្រីកីឡា​ចំនួន​16,០០០​នាក់ នឹង​​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ហ្សា​ការតា និងPalembang ដែល​ជា​ទីក្រុង​ស្ថិត​នៅលើ​កោះ​កំពង់​ផែ​ស៊ូ​ម៉ា​ត្រា​។ ខណៈ​ពេលដែល​ព្រឹត្តិការណ៍​អូឡាំពិកមាន​ចំនួន​អ្នក​ចូល​រួម​ច្រើន​ជាងនោះ​ កីឡា​អាស៊ីដែល​នឹង​ត្រូវ​រៀប​ចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​18 ខែសីហា រហូត​ដល់​ថ្ងៃ​ទី​2 ខែកញ្ញា គឺ​ជា​យុទ្ធ​នា​ការ​ប្រកប​ដោយ​ភាពស្មុគ​ស្មាញ ខណៈ​ដែល​វា​មាន​ប្រភេទ​កីឡា​ដល់​ទៅ​40 ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​វិញ្ញា​សា​អូឡាំពិក និង​​វិញ្ញា​សា​កីឡា​ដែល​ពេញ​និយម​ក្នុង​តំបន់​ផងដែរ​។ ក្រុម​ប្រទេស​ជើង​ខ្លាំង​ចិន សង្ឃឹម​ថា នឹង​ដណ្តើម​យកចំណាត់​ថ្នាក់​​​នៅលើ​កំពូល​តារាង​មេដាយ​របស់​ពួក​គេ​មក​វិញ ពីលើក្រុម​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ដែល​នឹងដើរ​​ដង្ហែរ​ជាក្បួន​រួម​គ្នា​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង ក្នុងកម្មវិធី​បើក​ការ​ប្រកួត និង​បង្កើត​ក្រុម​រួម​គ្នា​លើ​វិញ្ញា​សា​​​កីឡា​បាល់​បោះ​ ការ​ប្រណាំង​ទូក​កានូ និង​ទូក​ចែវ​។

    សម្រាប់​ប្រទេស​ចូល​រួម​ទាំង​45 ដែល​តំណាង​ឱ្យ​ប្រជា​ជន​2/3​ នៃ​ចំនួន​​ប្រជា​ជនរួមក្នុង​ពិភព​លោក ព្រឹត្តិការណ៍​កីឡា​រយៈ​ពេល​ 4​ឆ្នាំម្តង​មួយនេះ គឺ​ជាកម្មវិធី​កីឡា​ដ៏សំខាន់​បំផុត ខណៈ​ដែល​វា​នឹង​ផ្តល់​ឱកាស​ឱ្យ​ប្រកួត​ដណ្តើម​​មេដាយ ដែល​មាន​ភាព​លំបាក​ដូច​ក្នុងកម្រិត​អូឡាំពិក​ដែរ​៕

    ប្រភព​ពី៖ Channel News Asia

  • Bakayoko ចេញពី​ Chelsea ទៅ AC Milan ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​​1រដូវកាល

    Bakayoko ចេញពី​ Chelsea ទៅ AC Milan ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​​1រដូវកាល

    ខ្សែ​បម្រើ Tiemoue Bakayoko របស់​​ក្លិប Chelsea បាន​បំពេញ​ការ​​ផ្ទេរ​ពេញ​​1​រដូវកាលដើម្បី​ទៅកាន់​ក្លិប​ AC Milan​។ ការ​ផ្ទេរ​របស់ ​Bakayoko ដែល​នៅ​ជាមួយ​ក្លិប Chelsea ដោយចេញពីក្លិប Monaco កាលពី​រដូវក្តៅក្នុង​តម្លៃខ្លួន​ 39.7​លាន​ផោន (ស្មើ​នឹង​50.5លាន​ដុល្លារ​អាមេរិក) អាច​នឹង​​ផ្ទេរ​ជា​អចិន្ត្រៃយ៍​សម្រាប់តម្លៃខ្លួន​ចំនួន​ 35​លានផោន​។

    ខ្សែ​បម្រើ​អន្តរ​ជាតិ​បារាំង បាន​បង្ហាញខ្លួន​ជា​អន្តរ​ជាតិ​​ចំនួន​ 43​​លើក​សម្រាប់​ក្លិប Chelsea កាលពី​រដូវ​កាលមុន ដោយ​បាន​​ស៊ុត​បាល់​បញ្ចូល​ទី​​ 3​គ្រាប់ និង​បាន​បង្ហាញ​ខ្លួនក្នុង​ជម្រើស​​ទាំង​11​នាក់ដំបូង ក្នុង​ពេល​ក្រុម Chelsea បាន​យកឈ្នះ​​លើក្រុម Manchester United 1-០ ក្នុងការ​ប្រកួត​ពាន FA Cup វគ្គ​ផ្តាច់​ព្រ័ត្រ​។ Chelsea បាន​ចុះហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​បម្រើ Jorginho និង Mateo Kovacic ដែលចេញពីក្លិប Napoli និង Real Madrid តាមលំដាប់​នៅ​រដូវក្តៅនេះ។ ក្រោយពី​​បាន​ចំណាយ​ពេលខ្ចី​ជើង​ដ៏ជោគ​ជ័យ​ជាមួយ​ក្លិប Crystal Palace កាលពី​រដូវ​កាលមុន Ruben Loftus-Cheek ក៏​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ត្រូវ​ប្រជែង​យក​តំណែង​ក្នុង​តំបន់​ខ្សែបម្រើ​ផងដែរ​។ AC Milan ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អតីត​ខ្សែ​បម្រើ​អន្តរ​ជាតិ​អ៊ី​តាលី Gennaro Gattuso បាន​ប្រកាស​ពីការ​ផ្ទេរ​នេះ នៅ​លើ​គេ​ហទំ​ព័រ​របស់​ពួក​គេ ក្រោម​អក្ស​រសរសេរ​ថា៖ «ការ​ចុះ​ហត្ថលេខា​ជា​មួយ​នឹងកីឡាករ​ដ៏សំខាន់​ម្នាក់​ទៀត​ក្នុង​យុគ​សម័យ​កាល​ថ្មី​របស់​ក្លិប»​។

    Bakayoko នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​​សុក្រ​នេះ ហើយ​នឹ​ងក្លាយ​ជា​កីឡាករ​កម្ចី​ទី​2 ​របស់ AC Milan នៅ​រដូវក្តៅនេះ ក្រោយ​ពីការ​ចូល​របស់​ខ្សែ​ប្រយុទ្ធ Gonzalo Higuain ដែលមកពី​​ក្លិប Juventus​​៕

    ប្រភព​ពី​៖ The Guardian

  • ដើមឆ្នាំ2018 កម្ពុជាមានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន14ដែលមានសិទ្ធិផ្ដល់សេវាផ្ទេរប្រាក់

    ដើមឆ្នាំ2018 កម្ពុជាមានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន14ដែលមានសិទ្ធិផ្ដល់សេវាផ្ទេរប្រាក់

    ស្របពេលដែលវិស័យហិរញ្ញវត្ថុមានការរីកចម្រើនខ្លាំងនៅកម្ពុជា បានធ្វើឱ្យសេវាកម្មផ្ទេរប្រាក់​មានការរីកចម្រើនខ្លាំងផងដែរ ដោយមកទល់ឆមាសទី1 ឆ្នាំ2018 ក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់បានកើនឡើងដល់ចំនួន 14គ្រឹះស្ថាន។

    យោងតាមរបាយការណ៍របស់ធនាគារជាតិបង្ហាញថា បច្ចុប្បន្នគ្រឹះស្ថានផ្តល់សេវាផ្ទេរប្រាក់ ឬសេវាទូទាត់សងប្រាក់ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជាមានចំនួន 14គ្រឹះស្ថាន រួមមាន៖ធនាគារឯកទេសវីង គ្រឹះស្ថានអ៊ីម៉ាន់នី ទ្រូម៉ាន់នី លីហួរផេប្រ៉ូ ផាយផេ ស្មាតអាត្យាតា(ស្មាតលុយ) ស៊ីធេល(អឹមផេ) អេស៊ាឃែសអ៊ិចប្រែស ស្ពីតផេ កាណាឌីយ៉ា ហ្វុលលើតុន (តារាផេ) ឃូប៊ីល អ៊ីឌាល និងអាយផេ88។​

    ​ជាមួយគ្នានេះ កម្ពុជាក៏មានអ្នកដំណើការតតិយភាគីមួយចំនួនទៀតដែរដូចជា សេវាផ្ទេរប្រាក់វ៉េសស្ទឺនញ៉ូញៀន ម៉ាន់នីក្រាម អាយអឹមអ៊ី អ៊ិចប្រេសម៉ាន់នី និងស្វ៊ីស។ ក្នុងនោះគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់នីមួយៗ បានអនុវត្តយកគំរូអាជីវកម្មដូចៗគ្នា ក្នុងការផ្តល់សេវាទូទាត់ដល់សាធារណជន ដូចជាការផ្ទេរប្រាក់ ដកប្រាក់ ដាក់ប្រាក់ ក្នុងគណនីអ៊ីវ៉ាឡេត ទូទាត់តម្លៃរាយ ទូទាត់វិក្កយបត្រ ទូទាត់សង់កម្ចី និងទូទាត់អនឡាញ។

    ចំពោះក្របខ័ណ្ឌក្នុងការត្រួតពិនិត្យគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ បច្ចុប្បន្នការត្រួតពិនិត្យផ្តោតលើក្របខ័ណ្ឌហានិភ័យចម្បងៗ ដូចជានីតិវិធីក្នុងការចុះឈ្មោះអតិថិជន ហានិភ័យប្រព័ន្ធប្រតិបត្តិការ ឬប្រព័ន្ធសុវត្ថិភាព ការរក្សាសុវត្ថិភាពសាច់ប្រាក់ ក្នុងគណនីអាណត្តិព្យាបាល យន្តការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ការគ្រប់គ្រងភ្នាក់ងារ និងកិច្ចការពារអតិថិជន៕