Author: អេបិល

  • ក្រុមអ្នកគាំទ្រតារាថៃ វៀរ ស៊ុគុនឡាវ៉ាត់ នៅកម្ពុជា ធ្វើការបកស្រាយ ក្រោយរងការរិះគន់យ៉ាងចាស់ដៃ

    ក្រុមអ្នកគាំទ្រតារាថៃ វៀរ ស៊ុគុនឡាវ៉ាត់ នៅកម្ពុជា ធ្វើការបកស្រាយ ក្រោយរងការរិះគន់យ៉ាងចាស់ដៃ

    កាលពីពេលថ្មីៗនេះ តារាប្រុសថៃល្បីឈ្មោះ លោក វៀរ ស៊ុគុនឡាវ៉ាត់ ( Weir) បានធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីធ្វើជាភ្ញៀវកិត្តិយសចូលរួមនៅក្នុងកម្មវិធីសម្ពោធមួយ ដោយមានអ្នកគាំទ្រខ្មែរបានទៅឈររង់ចាំទទួលស្វាគមន៍ វត្តមានរបស់លោកយ៉ាងច្រើនកុះករនៅឯអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

    តាមរយៈវីដេអូខ្លីដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គេមើលឃើញថា គ្រាន់តែតារាថៃប្រុសរូបនេះបានមកដល់កម្ពុជាភ្លាម លោកត្រូវបានមហាជនជាអ្នកគាំទ្រយកបាច់ផ្កា និងទៅរាក់ទាក់ទទួលស្វាគមន៍ តែផ្ទុយទៅវិញ អ្នកគ្រប់គ្រងលោកបានកៀងរូបលោកចូលទៅក្នុងវិញ ដែលជាហេតុធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងការរិះគន់យ៉ាងចាស់ដៃ ដោយមានការលើកឡើងថា តារាប្រុសរូបនេះបានបង្ហាញទឹកមុខធុញទ្រាន់ មិនមានស្នាមញញឹមចំពោះអ្នកគាំទ្រកម្ពុជាដែលចាំទទួលស្វាគមន៍លោក និងក៏មានតារាសម្ដែងស្រីខ្មែរម្នាក់គឺ កញ្ញា សូដា នីតា ក៏បានបញ្ចេញយោបល់ទាំងហួសចិត្ត ព្រមទាំងសំណូមពរដល់ហ្វ៊ែនៗកម្ពុជា ឱ្យឈប់គាំទ្រតារាថៃរូបនេះទៀតផង។

    តែប៉ុន្មានម៉ោងមុននេះ អ្នកគាំទ្រកម្ពុជាដែលបានស្ថិតនៅក្នុងហេតុការណ៍ខាងលើនោះ បានចេញសារធ្វើការបកស្រាយប្រាប់ដល់អ្នករិះគន់ទាំងអស់វិញថា «បកស្រាយ​៖  Weir ជា​មនុស្ស​ចូល​ចិត្តភាព​សាមញ្ញធម្មតា​ៗ ហេតុអ្វី​បាន​ជា​មនុស្ស​យើង​ភាគ​ច្រើន កាត់ក្ដី (judge) គេ​នូវ​អ្វី​ដែល​បាន​ឃើញ​ ទាំង​ខ្លួន​ឯង​មិន​មែន​ជា​អ្នក​ក្នុង​ហេតុការណ៍​នោះ​ផង​ យើងមិន​អាច​ហាម​ការ​បញ្ចេញ​មតិ​រិះគន់​របស់​គេ​ទេ ត្រូវ​គិតថា ការពិត​មិន​ពីរោះ​ស្តាប់​ដូច​រឿង​ប្រឌិត​ទេ។

    បញ្ជាក់​៖ ថ្ងៃ​គាត់​មក​ដល់ ​Airport ភ្លាម គាត់​បាន​សើច​ហើយ​លើកដៃ​ស្វាគមន៍​ Fan​Fan​ កម្ពុជា​យើង ​ចំណែក​រឿង​គាត់បានដើរចូលក្នុងវិញនោះ គឺអ្នករៀបចំ​បានប្រាប់ឱ្យគាត់ចាំនៅខាងក្នុងសិនទៅ ព្រោះ​ឡានមិនទាន់មកទទួល នៅកន្លែងចតឯនោះ គាត់​ក៏​បាន​ប្រាប់​ថា ​មិនអីទេ ចម្ងាយហ្នឹងគាត់អាចដើរទៅខ្លួនឯងបាន​ នៅ​ពេលហ្នឹងគេសុទ្ធតែដឹងគ្រប់គ្នាហើយក៏គ្មាននរណាក្តៅក្រហាយដែរ​ រីឯអ្នកថា ទឹកមុខគាត់ក្រញូវនោះ ព្រោះភ្នែកគាត់​ចាញ់ពន្លឺថ្ងៃ​ គាត់​មិន​បាន​ពាក់​វ៉ែនតា​ទេ​។ មនុស្ស​ម្នាក់​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​រាប់លាន​នាក់​បានទេ​ កុំតែៗស្ករៗតាមគ្នាដោយមិនបានគិត អ្នក​ដែល​គួរ​ខឹង​គឺ​ជា​អ្នក​ដែលទៅ​ទទួល ​fanfan គាត់នោះទេ អ្នក​ដែល​តាមដាន Follow IG គាត់ គឺដឹងហើយថា គាត់ចូលចិត្តធ្វើបុណ្យដល់អ្នកក្រក្រី ក្មេងៗ និងកុមារកំព្រាម៉េច។ បើ​តារា​គាត់អន់​ចរិតដូច​អ្នកឯង​រិះគន់អ៊ី​ចឹង​មែន ​ពួក​យើង​ក៏​មិន​ទៅ​គាំទ្រ​ឱ្យ​ខាត​ពេល​ដែរ។ កំហុស​ធំជាង​គេ​របស់​មនុស្ស​ គឺ​គិត​ថា​ខ្លួនឯង​ធ្វើ​អ្វី​ៗ​សុទ្ធតែ​ត្រូវ​ទាំងអស់ សូម​គិត​សា​ជា​ថ្មី​ផង​​​អរគុណ»។

    បន្ទាប់ពីអានការបកស្រាយរបស់ក្រុមអ្នកគាំទ្រកម្ពុជារួចហើយ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ?

  • ពេលនេះស្រីម៉ុច ចេញប្រតិកម្មចំពោះការចាត់វិធានការរបស់ក្រសួងលើតារាសម្ដែងសិចស៊ី

    ពេលនេះស្រីម៉ុច ចេញប្រតិកម្មចំពោះការចាត់វិធានការរបស់ក្រសួងលើតារាសម្ដែងសិចស៊ី

    កាលពីពេលកន្លងទៅ មានមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមួយរូប បានអះអាងថា ក្រសួងនឹងចាត់វិធានការទៅលើអតីតតារាសម្ដែងអ្នកនាង ស្រីម៉ុច ពីការស្លៀកពាក់សិចស៊ីហួសហេតុ ដោយការកោះហៅមកប្រជុំដាក់ពិន័យ ឬវិធានការផ្សេង តែយ៉ាងណាក៏ដោយ តាំងពីពេលទទួលបានព័ត៌មាននេះមក គេសង្កេតឃើញថា ស្រីម៉ុច នៅតែបន្តស្លៀកសិចស៊ីដដែល និងពេលខ្លះលើសដើមទៀតផង ដោយហាក់ដូចជាមិនញញើតនឹងវិធានការរបស់ក្រសួង និងការរិះគន់ពីមហាជនឡើយ ហើយនាងតែងតែអះអាងថា នាងបានឈប់ពីសិល្បៈអស់រយៈពេលជាង 10ឆ្នាំទៅហើយ។

    អតីតតារាសម្ដែងមាននាមថា ជីដូនកាកី រូបនេះ បានសរសេរតបយ៉ាងឌឺនៅលើហ្វេសប៊ុករបស់ខ្លួនថា «មិនបាច់បញ្ឈប់ខ្ញុំទេ ព្រោះខ្ញុំលែងជាតារា10ឆ្នាំជាងទៅហើយ។ មិនមែនខ្ញុំព្រហើនក្នុងការឆ្លើយតបទៅចាស់ទុំវិញរបៀបនេះទេ តែវារំខានពេកហើយ ខ្ញុំត្រូវការភាពស្ងប់សុខ សុំកុំរំខានខ្ញុំដោយរូបភាពផ្សេងៗបែបនេះ មានតារាជាច្រើនត្រូវការជំនួយ សុំយក ពេលទៅជួយពួកគេទៅ ឬមួយចាំមិនបានថា ពួកគេជាតារា? ឬក៏គេគ្មានកាតជាតារា? តែនៅពេលដែលចង់ជេរ ចង់ជាន់ពន្លិច ក៏តាំងជីកកកាយអ្នកដែលមិនមែនជាតារា ហើយលិចកប់បាត់តាំងពីណាណី យកជីវិតគេមកជជែកវែកញែក?»។

    អ្នកម្ដាយវ័យ 40 ឆ្នាំរូបនេះបានបន្តថា «នេះសំណាងហើយ ដែលស្រីម៉ុចមិនបានទៅសុំជំនួយ កុំអីនឹងប្រើពាក្យមកខ្ញុំវិញមិនខានថា ខ្ញុំឈប់ពីតារាយូហើយ ហាហា អ៊ីចឹងពិបាកក្នុងកាជួយតិច Lolzz។ ខ្ញុំមិនចង់និយាយអ្វីឱ្យវែងឆ្ងាយទេ តែខ្ញុំគ្រាន់តែចង់ជម្រាបថា ខ្ញុំឈប់ពីតារានេះយូរហើយ ហើយមិនបាច់ប្រើពាក្យថា ដោយសារខ្ញុំចង់ពាក់សិចស៊ី បានខ្ញុំប្រើពាក្យថា ឈប់ពីតារា»។

    ស្រីស្រស់កូន3 រូបនេះបានបន្ថែមទៀតថា «សុំជម្រាបថា ខ្ញុំសិចស៊ីតាំងពីខ្ញុំមិនទាន់ជាតារា ហើយការសម្ដែងរបស់ខ្ញុំលើកដំបូង ប្ដីខ្ញុំហើយនិងអ្នកបើកឡានខ្ញុំ ជូនខ្ញុំដល់កន្លែងថតតែម្ដង។ សុំទោសដល់ឯកឧត្តម លោកជំទាវ ទាំងអស់បើសិនមានការខុសឆ្គងក្នុងការឆ្លើយតបនេះ ព្រោះវារំខានដល់សិទ្ធសេរីភាពក្នុងការរស់នៅរបស់ខ្ញុំខ្លាំងណាស់។ តែបញ្ហាគឺថា រាល់ថ្ងៃហ្នឹង តាំងពីឈប់ពីតារានឹងមក ហត់តែម្យ៉ាងទេ ព្រោះអត់មានការងារអីធ្វើ ក្រៅពីមើលកូន បោសជូតផ្ទះ តែងខ្លួន ហើយទុកលុយប្ដី»៕

  • ស្ថានភាពជំងឺតារាចម្រៀងជើងចាស់ សួស សងវាចា កាន់តែគួរឱ្យព្រួយបារម្ភខ្លាំង

    ស្ថានភាពជំងឺតារាចម្រៀងជើងចាស់ សួស សងវាចា កាន់តែគួរឱ្យព្រួយបារម្ភខ្លាំង

    គិត​មក​ទល់​ពេល​នេះ​ ពេលវេលាបានកន្លងទៅ​ជិត ​3ឆ្នាំ​ហើយ ដែល​ប្រិយមិត្ត​លែងបានស្តាប់ និងឮ​សូរសៀងសំនៀងដ៏ក្រអួន​ក្រអៅរបស់តារា​ចម្រៀង​ប្រជ្រុយ​ធំ គឺ​លោក សួស សងវាចា ដោយសារតែ​លោក​បានធ្លាក់​ខ្លួន​ឈឺធ្ងន់​ដោយ​ជំងឺ​លើស​ឈាម និងទឹកនោមផ្អែម និងបានបញ្ជូនទៅសង្គ្រោះ​បន្ទាន់​​នៅ​ប្រទេស​វៀតណាម កាល​ពីចុង​ឆ្នាំ2015 បច្ចុប្បន្ន​នេះលោក​នៅ​ពុំទាន់​អាចវិលមក​បម្រើ​សិល្បៈ​ចម្រៀងដែលជា​អាជីព​ឆ្នាំង​បាយ​ចាស់​បាន​នៅ​ឡើយ។

    ខណៈពេល​ដែល​មាន​រឿងរ៉ាវ​មិនល្អកើត​ឡើង​​លើ​អ្នកសិល្បៈ​ជា​ហូរហែ​ ដោយ​អ្នកខ្លះ​ជួប​គ្រោះ​កាច​ដល់​ថ្នាក់អស់​ជីវិត អ្នកខ្លះ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ស្ទើរតែ​ពិបាក​រស់​នោះ លោកសួស សងវាចា ក៏ជាអ្នកចម្រៀងល្បីឈ្មោះម្នាក់ដែលទទួលរងវាសនាកម្មនេះដូចគ្នាដែរ ដែលសព្វថ្ងៃហាក់ដូចជាបាត់ដំណឹងសូន្យឈឹងទៅហើយ តែកាលអំឡុងចុងឆ្នាំ2017 គេបានមើលឃើញថា មានការយកចិត្តទុកដាក់ជួយពីសប្បុរសជនមួយចំនួនដែលធ្វើឱ្យអាការជំងឺរបស់លោកបានធូរស្រាលបន្តិច តែមួយរយៈក្រោយមកនេះក៏ស្ងប់ស្ងាត់ទៅវិញ លែងមានដំណឹងពីស្ថានភាពជំងឺរបស់លោកទៀត។

    គួរបញ្ជាក់ថា ពេលថ្មីៗនេះ តារាចម្រៀងស្រីម្ចាស់បទ «យួនចូលស្រុកហើយ»​ ដ៏​ស្រស់​សោភា ​កញ្ញា ​សូ ​ធា​រ៉ា  បានបង្ហោះវីដេអូរៀបរាប់ពីស្ថានភាពជំងឺសព្វថ្ងៃរបស់លោក សួស សងវាចា ឱ្យដឹងថា លោកកាន់តែមានសុខភាពគួរឱ្យបារម្ភ ខ្លាំហើយ ព្រោះពេលនេះលោកស្ទើរតែមិនអាចដើរបាន រីឯបបូរមាត់វិញក៏វាទាញមិនត្រង់ដែរ (វៀចមាត់) ជាពិសេសគឺពេលនេះលោកមិនអាចចូលបម្រើការងារសិល្បៈបានទៀតទេ ហើយគ្រួសាររបស់លោកទាំងមូលត្រូវទទួលបន្ទុកមើលថែព្យាបាលលោកទាំងខ្វះមុខខ្វះក្រោយ។ ក្រុមគ្រួសារលោក សួស សងវាចា សូមអំពាវនាវដល់បងប្អូនសប្បុរសជន ដែលមានចិត្តសម្បុរធម៌ សូមជួយដល់ការព្យាបាលរបស់លោកផង។

    ដើម្បីជាក់ច្បាស់បន្ថែម សូមទស្សនាវីដេអូនេះខាងក្រោម:

  • នៅចាំអីទៀត!! តោះ ទៅលេងកោះតៅ ទស្សនាសត្វនៅបាតសមុទ្រ!

    នៅចាំអីទៀត!! តោះ ទៅលេងកោះតៅ ទស្សនាសត្វនៅបាតសមុទ្រ!

    ក្នុងអំឡុងខែមិថុនា ដល់ខែតុលានេះ ភ្ញៀវទេសចរភាគច្រើននិយមទៅកម្សាន្ដនៅ កោះតៅ (เกาะเต่า) ព្រោះអាកាសធាតុនៅលើកោះត្រជាក់ និងមានខ្យល់អាកាសបរិសុទ្ធជាងអំឡុងពេលរដូវក្ដៅ។ កោះតៅ មានទំហំផ្ទៃដី 12,936 រ៉ៃ ជាកោះសំខាន់ ហើយស្អាតជាងគេក្នុងចំណោមកោះ 2ទៀត គឺកោះណាងយួន ( เกาะนางยวน ) និងកោះផៈង៉ាន់( เกาะพะงัน)។ លោកអ្នកត្រូវធ្វើដំណើរប្រមាណ 85គីឡូម៉ែត្រ ចេញពីទីក្រុងប៉ាកណាមឈុំឈុន ខេត្តសុរ៉ាតថានី។ បើលោកអ្នកធ្វើដំណើរចាកចេញពីក្រុងបាងកក ទៅកាន់កោះតៅ លោកអ្នកត្រូវទៅកាន់ស្ថានីយរថយន្ដឈ្នួលដែលតម្លៃមានលក្ខណៈជាកញ្ចប់ទាំងថ្លៃរថយន្ដ និងទូកប្រមាណជា 1,170 បាតសម្រាប់មនុស្សធំ និងកូនក្មេង 400បាត។ តើលោកអ្នកអ្នកត្រៀមខ្លួនហើយឬនៅ? បើរួចរាល់ហើយ…តោះ នាំគ្នាទៅស្គាល់ពីរឿងរ៉ាវសំខាន់ៗមុននឹងទៅលេងកោះតៅទាំងអស់គ្នា!។

    មធ្យោបាយ​ធ្វើ​ដំណើរ​នៅលើ​កោះ

    ការធ្វើដំណើរ​ទៅ​ណា​មក​ណា​នៅលើ​តំបន់​​​កោះ​តៅ​នេះ ​គឺ​ត្រូវ​ចំណាយ​ច្រើន ប្រសិន​បើ​យើង​មិន​ជួល​យានជំនិះ​ផ្សេងៗទេនោះ។ មិន​ថា​យើង​មិន​ថា​គេទេ នៅពេល​​​​ទៅ​ដល់​ទី​នោះ​ គឺត្រូវតែជួល​យានជំនិះ​ តែ​ភាគច្រើន​ជា​ម៉ូតូ ​ពីព្រោះ​វា​ងាយស្រួល​ក្នុង​ការធ្វើ​ដំណើរ​ឡើង​ចុះ​ភ្នំ​ពី​កន្លែង​មួយ ​ទៅ​កន្លែង​​មួយ។ សម្រាប់​ម៉ូតូ​ទាំងនោះ​មាន​តម្លៃ​ឈ្នួល​មិន​​ជា​ថ្លៃ​ប៉ុន្មាន​ទេ ដោយមាន​តម្លៃ​ចាប់ពី 100​បាត ទៅ500បាត​សម្រាប់រយៈពេល​មួយ​ថ្ងៃ​។

    ​នៅក្នុង​ផ្ទៃទឹក​បាតសមុទ្រ

    ការមុជទឹក​ចូល​ទៅក្នុង​បាតសមុទ្រ ​មិនមែន​ជា​ការងាយ​នោះ​ទេ​បើសិន​ជា​យើង​មិន​ចេះ​ហែល​ទឹក និង​មិន​មាន​ឧបករណ៍​ត្រឹមត្រូវ​ ពីព្រោះ​សកម្មភាព​ទាំងនេះ​ គឺ​ត្រូវមាន​បច្ចេកទេស​មុជ​ទៅ​ជ្រៅក្នុង​ទឹកសមុទ្រ​ដើម្បី​ទស្សនា​សត្វសមុទ្រ​ ដូចជា​ត្រីសមុទ្រ ​និងផ្កាថ្ម ​ជាដើម។ អ្នក​ដែល​មិនមាន​បទពិសោធក្នុង​ការមុជ​មើល​សត្វសមុទ្រ​នឹង​មាន​អារម្មណ៍​ភ្ញាក់ផ្អើល និង​រន្ធត់​ជា​ខ្លាំង​នៅពេល​ដែល​ឃើញ​សត្វ​ទាំងនោះ​មាន​ចលនា​នៅក្នុង​ទឹក​សមុទ្រ​ជ្រៅ។

    នៅលើ​ឆ្នេរខ្សាច់កោះ​តៅ

    នៅ​ថ្ងៃ​ឈប់​សម្រាក នៅលើតំបន់​មាត់ឆ្នេរ​សម្បូរ​ទៅ​ដោយ​ជនជាតិ​បរទេស​ស្បែកស​គេង​ហាលថ្ងៃ​ជាច្រើន​ ដើម្បី​ធ្វើឱ្យ​សម្បុរស្បែករបស់ពួកគេដូចជនជាតិ​អាស៊ី​។ នៅលើ​ឆ្នេរសមុទ្រ​ទាំង​របស់សាធារណៈ និង​ឯកជន ​យើង​អាចគេង​ហាលថ្ងៃ​នៅលើ​វាលខ្សាច់​ពណ៌ស​ស្អាត​ អាន​សៀវភៅ ឬ​ចុះ​ងូត​ក្នុង​ទឹកថ្លា​ពណ៌​ទឹកសមុទ្រ និង​ញុំា​អាហារ ឬ​ភេសជ្ជៈយ៉ាងមានសេចក្ដីសុខ។

    នៅពេល​ព្រលប់

    នៅពេល​ព្រលប់ ​បន្ទាប់ពី​គេង​ហាល​ថ្ងៃ មុជទឹក​មើល​សត្វ​សមុទ្រ ងូតទឹក​នៅ​តាម​ឆ្នេរសមុទ្រ​នានារួចហើយ ​យើង​សង្កេត​ឃើញ​ថា ​ភ្ញៀវទេសចរ​បាន​ដើរ​នៅ​តាម​ដងផ្លូវ​ជាច្រើន​តម្រង់​ទៅ​ភោជនីយដ្ឋាន​តាម​មាត់ឆ្នេរ​ដើម្បី​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​ទៅ​តាម​ចំណង់ចំណូលចិត្ត។ យើង​អាច​ចេញ​ទៅ​ញុំា​អាហារ​ពេល​ល្ងាច​នៅ​តាម​ភោជនីយដ្ឋាន​លើ​ឆ្នេរសមុទ្រ​ស្តាប់​សំឡេង​រលកទឹកសមុទ្រ​ជាមួយ​ខ្យល់​ធម្មជាតិ មើល​របាំ​គ្រវី​ភ្លើង​​នៅលើ​វាលខ្សាច់ ហើយ​យើង​អាច​រីករាយ​ជាមួយ​នឹង​ការភ្លក្ស​ស្រាក្រឡុក និង​ការលេងភ្លេង​តន្ត្រី​ផ្ទាល់​នៅ​ទីនោះ​ទៀតផង​។

    ការស្នាក់នៅ​លើ​​កោះ​តៅ

    ​សម្រាប់​តម្លៃ​ស្នាក់អាស្រ័យ​នៅក្នុង​​វីឡា​ដែល​មាន​ បន្ទប់គេង 2​បន្ទប់មាន​បន្ទប់ទឹក ចង្រ្កោនបាយ អាងហែលទឹក និង​សួនច្បារ​នៅ​ជុំវិញ​នោះ គេត្រូវ​ចំណាយ​ចាប់ពី 3,000​​​បាត  ​ទៅ3០,០០០ បាត។ តែសម្រាប់​បន្ទប់​ជួលនៅ​តាម​ឆ្នេរ​ឯកជន​មួយ​ចំនួនវិញ ​គឺ​មាន​តម្លៃ​ទៅ​ដល់ 75,០០០ ​បាតក្នុង​មួយ​យប់​ក៏​មានដែរ។ ក្រៅពី​នេះ​ ​​នៅ​មាន​បន្ទប់​ដែល​មាន​តម្លៃ​ចាប់ពី​ 6០០បាត ទៅ​ដល់ 1,០០០បាត​ដែរ ប៉ុន្តែ​វា​​ស្ថិត​នៅ​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ និង​ទីប្រជុំជនបន្ដិច៕

  • តាមពិតអ៊ីចឹងសោះ!! រាជិនីចិត្តធម៌ ដេននី ក្វាន់ ព្យាយាមកែសម្ផស្សឱ្យដូចតារាស្រីថៃម្នាក់

    តាមពិតអ៊ីចឹងសោះ!! រាជិនីចិត្តធម៌ ដេននី ក្វាន់ ព្យាយាមកែសម្ផស្សឱ្យដូចតារាស្រីថៃម្នាក់

    មួយរយៈចុងក្រោយនេះ រាជិនីចិត្តធម៌ ដេននី ក្វាន់ បានចំណាយប្រាប់អស់រាប់ម៉ឺនដុល្លារ ហោះទៅកាន់ប្រទេសថៃដើម្បីកែកុនរូបសម្ផស្សឱ្យស្អាត និងក្មេងជាវ័យ តែអាថ៌កំបាំងមួយដែលប្រិយមិត្តទាំងអស់មិនបានជ្រាបនោះគឺ តារាសម្ដែងស្រីរូបនេះបាន និងកំពុងព្យាយាមកែកុនរូបសម្ផស្ស និងទម្រង់មុខឱ្យដូចតារាថៃដ៏ល្បីល្បាញមួយដួង។

    បើតាមអ្នកនាង ចោម ច័ន្ទ ដែលត្រូវជាបងស្រីបានឱ្យដឹងថា តារាស្រីថៃដែលដេននី ក្វាន់ សុបិនទាំងយប់ទាំងថ្ងៃ និងខំហោះឆ្លងប្រទេសដើម្បីទៅកែកុនមុខមាត់ឱ្យដូចនោះគឺ Kwan Usamanee។ មូលហេតុពិតដែលធ្វើឱ្យ ដេននី ក្វាន់ ចង់បានមុខមាត់ដូចតារាថៃម្នាក់នោះ គឺដោយសារតែការស្រឡាញ់ចូលចិត្តតាំងពីដើមមក និងណាមួយនាងក៏មានមុខមាត់ស្រដៀងតារាថៃម្នាក់នោះដែរតាំងពីដើម ដូច្នេះគ្រាន់តែកែកុនបន្តិចបន្តួច គឺដូចហើយមិនចាំបាច់ធ្វើអ្វីច្រើនទេ។

    គួរបញ្ជាក់ផងដែរថា ដេននី ក្វាន់ បានយកលុយដ៏ច្រើនសន្ធឹកសន្ធាប់ទៅកែកុនមុខមាត់នៅក្រៅប្រទេសដើម្បីឱ្យដូចតារាថៃ Kwan Usamanee ដែលរហូតមកទល់ពេលនេះ នាងកាន់តែមានទម្រង់មុខស្រដៀងគ្នាខ្លាំងឡើងហើយ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

  • មកស្គាល់ម្ចាស់បទ «ជឿជាក់! ជោគជ័យ» កំពុងចាក់ដោតអារម្មណ៍អ្នកស្នេហាវិស័យកីឡា

    មកស្គាល់ម្ចាស់បទ «ជឿជាក់! ជោគជ័យ» កំពុងចាក់ដោតអារម្មណ៍អ្នកស្នេហាវិស័យកីឡា

    មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបទ«ជឿជាក់! ជោគជ័យ» ដែលជាបទលើកកម្ពស់វិស័យកីឡាដែលពោរពេញដោយអត្ថន័យត្រូវបានបង្ហោះឡើង ហើយឃើញសុទ្ធតែកីឡាករជម្រើសជាតិល្បីៗចែកចាយ និងមានអ្នកចូលទស្សនាច្រើនទាំងបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប។ ចម្រៀងមួយបទនេះ ចាក់ដោតអារម្មណ៍កីឡាករ-កីឡាការិនី និងអ្នកស្នេហាវិស័យកីឡាយ៉ាងខ្លាំង ខណៈដែលតារាចម្រៀង 2រូបដែលត្រូវបានជ្រើសរើសឱ្យក្លាយជាម្ចាស់បទនោះ ក៏ត្រូវមានការទាមទារឱ្យមានគុណសម្បត្តិពិសេសមួយដោយឡែកដែរ ទម្រាំតែបានច្រៀងបទចម្រៀងនេះជាផ្លូវការ។

    លោក ឆាយ វណ្ណៈ អ្នកដឹកនាំផលិត និងជាម្ចាស់ផលិតកម្ម អាំណាតមេឌា បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា លោកបានសម្រេចចិត្តធ្វើបទOriginal មួយនេះ គឺដោយសារតែលោកកត់សម្គាល់ឃើញថា អ្នកធ្វើបទចម្រៀងភាគច្រើនផ្ដោតតែលើអត្ថន័យស្នេហា និងមិនសូវជាមានបទច្រើនដែលផ្ដល់គុណប្រយោជន៍សម្រាប់សង្គមឡើយ ជាពិសេស គឺបទដែលមានអត្ថន័យជាលក្ខណៈលើកស្ទួយកីឡាករ គឺមិនសូវមានច្រើនទេ។ លោកថា បទចម្រៀង«ជឿជាក់! ជោគជ័យ»នេះ មិនមែនសំដៅតែលើអ្នកលេងកីឡាប៉ុណ្ណោះទេ តែអត្ថន័យបទនេះក៏មានន័យដុតកម្ដៅមនុស្សក្នុងសង្គមទូទៅឱ្យមានកម្លាំងចិត្ត និងមានជំនឿចិត្តលើខ្លួនឯងដើម្បីឈានទៅសម្រេចកិច្ចការមួយដោយជោគជ័យផងដែរ។ MV មួយបទនេះ លោកបានប្រមូលផ្ដុំសុទ្ធតែកីឡាករជម្រើសជាតិគ្រប់ផ្នែកដែលល្បីៗឈ្មោះឱ្យមកសម្ដែងតែម្ដង ដូច្នេះហើយទើបគ្រាន់តែបង្ហោះមិនបានប៉ុន្មានម៉ោងផង ក៏មានអ្នកចែកចាយ និងចូលទស្សនាច្រើនទៅហើយ។

    គួរបញ្ជាក់លក្ខណៈពិសេសរបស់បទនេះដែរថា សូម្បីតែអ្នកចម្រៀងក៏ត្រូវបានជ្រើសរើសយ៉ាងលំបាកផងដែរ ដោយលោកបញ្ជាក់ថា តារាចម្រៀងកុងត្រារបស់ផលិតកម្ម អាំណាតមេឌា ច្រើននាក់មិនមានជាប់ក្នុងជម្រើសនោះទេ ជាប់តែតារាចម្រៀងនៅខាងក្រៅផលិតកម្មឱ្យមកធ្វើជាម្ចាស់បទទៅវិញ។ លោកបញ្ជាក់ថា បទ«ជឿជាក់! ជោគជ័យ»នេះ បកស្រាយដោយតារាចម្រៀងលោក សាល បាទី អតីតបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធីពេជ្រកំពុងច្នៃ និងលោក ប្រុសម៉ៅ ដែលជាតារាចម្រៀងកុងត្រា និងជាអ្នកនិពន្ធប្រចាំផលិតកម្ម ដែលធ្លាប់មានឈ្មោះបោះសំឡេងក្នុងបទ «ក្មេងឌឺ» នៅលើយូធូប។

    ចង់ដឹងថា តើបទ «ជឿជាក់! ជោគជ័យ» ចាក់ដោតអារម្មណ៍ និងស្មារតីអ្នកនិយមលេងកីឡាដល់កម្រិតណានោះ សូមអញ្ជើញស្ដាប់ ​និងទស្សនាវីដេអូខាងក្រោមនេះ ៖

     

  • អ្នកនិពន្ធប្រលោមលោកល្បីឈ្មោះ ម៉ៅ សំណាង ទម្លាយមូលហេតុនៃការឃ្លាតឆ្ងាយពីការនិពន្ធ

    អ្នកនិពន្ធប្រលោមលោកល្បីឈ្មោះ ម៉ៅ សំណាង ទម្លាយមូលហេតុនៃការឃ្លាតឆ្ងាយពីការនិពន្ធ

    អ្នកស្រី​ម៉ៅ សំណាង គឺជា​អ្នកនិពន្ធ​សៀវភៅ​ប្រលោមលោកដ៏ល្បីឈ្មោះ​ម្នាក់​ដែល​ទទួលបាន​ការពេញ​និយម​ខ្លាំង​ជាង​គេ​ពី​សំណាក់​មិត្ត​អ្នកអាន តាំង​ពី​សម័យកាល​នៃ​ការសរសេរដោយដៃ​នា​ដើម​ទសវត្សរ៍​ទី80 រហូត​ឈាន​មក​ដល់​ការវិវឌ្ឍ​ក្នុង​ការបោះពុម្ព​សៀវភៅ។ ក្រៅពី​ការសរសេរ​សៀវភៅ​ប្រលោម​លោក​បាន​ជាង​100​រឿង​ផ្សេងៗ​គ្នាហើយនោះ អ្នកស្រី​ក៏​មាន​ស្នាដៃ​នៅ​ក្នុង​ការនិពន្ធ​សេណារីយ៉ូ​សម្រាប់​ខ្សែភាពយន្ត​ផងដែរ។ តែ ពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែនដែលប៉ុន្មានម៉ោងមុននេះ កំពូលអ្នកនិពន្ធរឿងប្រលោមលោកល្បីដែលមាននាមប៉ាកកាថា “ទន្សាយ” បានទម្លាយមូលហេតុមួយចំនួនដែលធ្វើឱ្យអ្នកស្រីឃ្លាតឆ្ងាយពីការនិពន្ធរឿង។

    អ្នកស្រី ម៉ៅ សំណាង បានបង្ហោះសារប្រាប់ពីមូលហេតុនៃការផ្អាក​និពន្ធរឿងប្រលោមអស់រយៈពេលជាយូរមកហើយនោះថា  «មូលហេតុដែលធ្វើឱ្យខ្ញុំឃ្លាតឆ្ងាយ មានប្រិយមិត្តអ្នកអានជាច្រើនបានសាកសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំខកខានបោះពុម្ពផ្សាយប្រលោមលោក រហូតដល់ជិត10ឆ្នាំ? មិត្តអ្នកអានខ្លះស្មានថាខ្ញុំចេញទៅរស់នៅប្រទេសក្រៅបាត់ទៅហើយ។ ការពិតទៅ រឿងនេះមិនទាក់ទងនឹងសុខភាពរបស់ខ្ញុំទេ មូលហេតុធំ គឺមកពីរយៈពេលចុងក្រោយ ក្នុងរវាងឆ្នាំ 2010 ស្នាដៃប្រលោមលោករបស់ខ្ញុំត្រូវបានគេលួចថតចម្លង ផ្សព្វផ្សាយ តាមគ្រប់រូបភាព លើប្រព័ន្ធអ៊ីនធើណិត ធ្វើឱ្យខ្ញុំមានការពិបាក។ ខ្ញុំជាអ្នកនិពន្ធដែលបានទទួលការគាំទ្រពីប្រិយមិត្តអ្នកអានជាច្រើន ប៉ុន្តែបែរជាលក់សៀវភៅបានតិចទៅវិញ។ ខ្ញុំអស់កម្លាំងចិត្តខ្លាំងណាស់ ហើយក៏សម្រេចចិត្តផ្អាកការបោះពុម្ពរឿងប្រលោមលោកទាំងសោកស្តាយបំផុត»។

    អ្នកនិពន្ធរឿងប្រលោមលោកល្បីឈ្មោះរូបនេះបានបញ្ជាក់ដែរថា ពេលវេលាជិត 10ឆ្នាំនេះ រូបអ្នកស្រីបានងាកទៅសរសេរអត្ថបទភាពយន្តវិញ ទាំងដែលអ្នកស្រីនៅតែស្រឡាញ់ការនិពន្ធរឿងប្រលោមលោកយ៉ាងខ្លាំងដដែល។ តែពេលនេះដោយសារអ្នកស្រីបានឃើញច្បាប់រក្សាកម្មសិទ្ធិបញ្ញាមានប្រសិទ្ធភាពជាងមុន ទើបបណ្ដាលឱ្យអ្នកស្រីមានកម្លាំងចិត្តវិលមកនិពន្ធរឿងប្រលោមលោកជាថ្មីម្តងទៀត។ អ្នកគ្រូ ទន្សាយ សង្ឃឹមថា យើងនឹងមានការយោគយល់គ្នាទៅវិញទៅមក ជួយទប់ស្កាត់ការថតចម្លងស្នាដៃអ្នកនិពន្ធ ផ្សព្វផ្សាយដោយគ្មានការអនុញ្ញាត ដើម្បីឱ្យអ្នកនិពន្ធទាំងអស់ និងរូបអ្នកស្រីផ្ទាល់ផង មានកម្លាំងចិត្តនឹងបន្តការងារនេះបានយូរអង្វែងតទៅទៀត៕

    អ្នកគ្រូ ម៉ៅ សំណាង និងកូនស្រី

  • សើចចុកពោះ !! លោក ទេព រិន្ទដារ៉ូ បញ្ចេញទេពកោសល្យថ្មី…

    សើចចុកពោះ !! លោក ទេព រិន្ទដារ៉ូ បញ្ចេញទេពកោសល្យថ្មី…

    នៅរាត្រីថ្ងៃម្សិលមិញនេះ ផលិតកម្ម LD បានដាក់សម្ពោធខ្សែភាពយន្ដខ្នាតធំដ៏ថ្មីសន្លាងមួយទៀតដែលជាវណ្ណកម្មទី4 មានចំណងជើងថា «វិញ្ញាណទីងមោង» ដែលមានលោក ទេព រិន្ទដារ៉ូ ចូលរួមសម្ដែងជាតួអង្គកំប្លុកកំប្លែង និងជាអាចារ្យស្ទាវយ៉ាងប្លែកភ្នែកក្នុងខ្សែភាពយន្តនេះទៀតផង។

    នាយ គ្រឿន ដែលជាផលិតកររបស់ផលិតកម្ម LD និងជាអ្នកដឹកនាំរឿងផងនោះ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា មួយរឿងនេះមានរសជាតិច្រើន ដែលអ្នកទស្សនាច្បាស់ជាលាន់មាត់សរសើរតាំងពីដើមដល់ចប់មិនខាន ខណៈដែលវត្តមានតួឯករបស់លោក ទេព រិន្ទដារ៉ូ គឺជាទីផ្សារដែលត្រូវបានរំពឹងខ្លាំង។ លោកបន្ដថា ក្នុងរឿង«វិញ្ញាណទីងមោង» នេះគឺជាស្នាដៃដែលលោកនិពន្ធដោយផ្ទាល់ សាច់រឿងប្លែក និងប្រទាក់ក្រឡាគ្នា សូម្បីតែប្លង់ និងបច្ចេកទេសថតក៏មានទម្រង់បែបប្រកួតប្រជែងដែរ។

    លោក ទេព រិន្ទដារ៉ូ ដែលបានសម្ដែងជាតួឯកនៅក្នុងខ្សែភាពយន្តនេះ ក៏បាននិយាយផងដែរថា «ខ្ញុំគ្រាន់តែបាន​អានសាច់​រឿង​ហ្នឹង​​ភ្លាម ​សើច​ភ្លែត​តែម្ដង គាត់ចេះ​រកនឹក​ពាក្យ​កំប្លែង​ស្ងួតៗ​ធ្វើឱ្យ​យើង​តួអង្គ​សម្ដែង​សើច​រហូត។ ខ្ញុំគិត​ថារឿង​នេះ​បងប្អូន​នឹង​សើច​ដូចខ្ញុំអ៊ី​ចឹង ពិតជា​មិន​ខក​បំណង​ទេ»។ តារាជើងចាស់វ័យ 50ឆ្នាំរូបនេះ បានទទូចឱ្យអ្នកចូលចិត្តទស្សនាភាពយន្តតាមរោងកុនជួយគាំទ្រខ្សែភាពយន្តរឿង«វិញ្ញាណទីងមោង»នេះផង ដើម្បីកុំឱ្យវិស័យភាពយន្តក្នុងស្រុកបន្តធ្លាក់ចុះ។ លោកថា លោកបានដឹងឮច្រើនពីការធ្លាក់ចុះរបស់វិស័យភាពយន្តខ្មែរ ដោយសារតែភាពយន្តបរទេសវាយលុកខ្លាំងពេក។

    ខ្សែភាពយន្តដែលប្រកាសដាក់បញ្ចាំងគ្រប់រោងបន្ទាប់ពីថ្ងៃសម្ពោធនេះបានអះអាងថា បានប្រើទុនអស់ច្រើនម៉ឺនដុល្លារ បើទោះជាមិនទាន់ដឹងថានឹងមានទំហំជោគជ័យក្នុងកម្រិតណាមួយនៅឡើយក្ដី ក៏ប៉ុន្ដែនាយគ្រឿននៅតែរំពឹងថា នឹងកើបចំណូលបានច្រើនដូចរឿងមុនៗដែរ ព្រោះថា នៅមានទំនុកចិត្តពីអ្នកគាំទ្រ និងពីសំណាក់កំពូលតារាសម្ដែងលោក ទេព រិន្ទដារ៉ូ ជារៀមច្បងដែលមានឈ្មោះល្បីល្បាញ។ លោកបន្ថែមថា អ្នកគាំទ្រភាគច្រើននៅតែរង់ចាំគាំទ្រស្នាដៃរបស់លោក ប្រសិនបើភាពយន្តនោះមានគុណភាព និងសាច់រឿងល្អ ខណៈដែលលោកបានសរសើរពីការផលិតរបស់ផលិតកម្មLD ទាំងប្លង់ បច្ចេកទេសថត និងសាច់រឿង ដែលលោកបញ្ជាក់ថា អាចរំពឹងបាន៕

     

    https://youtu.be/_A8Ss_aoYBo

  • កីឡាការិនីចិន Liu បំបែកកំណត់ត្រាហែលទឹកពិភពលោកនៅ Asian Games

    កីឡាការិនីចិន Liu បំបែកកំណត់ត្រាហែលទឹកពិភពលោកនៅ Asian Games

    កីឡាការិនីចិន Liu Xiang បានបំបែកកំណត់ត្រាពិភពលោកឆ្នាំ2009 ក្នុងការប្រកួតកីឡាហែលទឹកនាព្រឹត្តិការណ៍ Asian Games ឆ្នាំ2018 ក្នុងទីក្រុងហ្សាការតា ខណៈដែលនាងបានប្រើប្រាស់ថិរវេលា 26.98វិនាទី ក្នុងការប្រកួតហែលទឹកបែបកង្កែប ចម្ងាយ 50ម៉ែត្រ។

    កីឡាការិនីវ័យ 21ឆ្នាំរូបនេះ បានបំបែកកំណត់ត្រាពិភពលោក ដែលបានបង្កើតឡើងដោយមិត្តរួមជាតិរបស់គេគឺ Zhao Jing កាលពី 9ឆ្នាំមុន ក្នុងថិរវេលា 27.06វិនាទី។ Liu បាននិយាយតាមរយៈអ្នកបកប្រែម្នាក់ថា៖ «ការផ្តោតអារម្មណ៍ដ៏សំខាន់របស់ខ្ញុំ គឺការប្រកួតហែលទឹកបែបសេរីចម្ងាយ 50ម៉ែត្រ។ ដោយសារតែការផ្តោតអារម្មណ៍ទៅលើការហែលទឹកបែបសេរី ខ្ញុំមិនមានសម្ពាធណាមួយឡើយ។ ខ្ញុំអាចផ្តោតលើការបង្ហាញពីសមត្ថភាពរបស់ខ្ញុំ»។ កីឡាការិនី Fu Yuanhui ដែលមានសញ្ជាតិចិនដែរនោះ បានឈ្នះមេដាយប្រាក់ក្នុងថិរវេលា 27.68វិនាទី ហើយកីឡាការិនីជប៉ុន Natsumi Sakai ដែលជាម្ចាស់ជើងឯកយុវជនពិភពលោកឆ្នាំ2017 បានឈ្នះមេដាយសំរឹទ្ធក្នុងថិរវេលា 27.91វិនាទី។

    កីឡាការិនីជប៉ុន RikakoIkee បានបង្កើតកំណត់ត្រាក្នុងការប្រកួតលើវិញ្ញាសាហែលទឹកបែបមេអំបៅចម្ងាយ 100ម៉ែត្រ ដើម្បីឈ្នះមេដាយមាសជាលើកទី4 របស់នាងក្នុងរយៈពេល 3ថ្ងៃ ខណៈដែលកីឡាករចិន Sun Yang បានឈ្នះមេដាយមាសជាលើកទី3 របស់គេ ស្របពេលគូប្រជែងក្នុងតំបន់អាស៊ីទាំង2ប្រទេសនេះ បានប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងវិញ្ញាសាហែលទឹក៕

    ប្រភពពី៖ News Straits Times

  • យុវ​ជន​ឥណ្ឌាវ័យ​ 16​ឆ្នាំ ឈ្នះ​មេដាយ​មាស​​លើ​វិញ្ញាសា​បាញ់​កាំភ្លើង​​

    យុវ​ជន​ឥណ្ឌាវ័យ​ 16​ឆ្នាំ ឈ្នះ​មេដាយ​មាស​​លើ​វិញ្ញាសា​បាញ់​កាំភ្លើង​​

    កីឡាករ​​បាញ់​កាំភ្លើង Saurabh Chaudhary វ័យ​ 16​ឆ្នាំ​របស់​ឥណ្ឌា បាន​បង្កើត​កំណត់ត្រា​ថ្មីមួយក្នុង​ព្រឹត្តិការណ៍ Asian Games ខណៈ​ដែល​រូបគេ​បាន​ឈ្នះ​ពាន​រង្វាន់​ធំ​ជាលើក​ទី​1 ​ក្នុង​អាជីព​របស់​គេ លើ​វិញ្ញាសា​ប្រកួត​បាញ់​កាំភ្លើង​ខ្លី​ខ្យល់​ចម្ងាយ​ 10ម៉ែត្រ កាលពីថ្ងៃ​អង្គារ​។

    Chaudhary រក​បានពិន្ទុ​សរុប​ចំនួន​ 240.7 ដើម្បីនាំ​មុខ​លើ​កីឡាករ​ជប៉ុន Tomoyuki Matsuda ដែល​រក​បាន​ពិន្ទុ​សរុប 239.7​ពិន្ទុ និង​មិត្ត​រួម​ជាតិ​ឥណ្ឌា​របស់​គេ​គឺ Abhishek Verma ដែល​​រក​បាន​ពិន្ទុ​ 219.3​ពិន្ទុ​។ ក្នុងនាម​ជា​កូន​ប្រុស​របស់​កិសករ​ម្នាក់ Chaudhary រក​បាន​​ពិន្ទុ​586 ដើម្បី​ឈរ​លេខ​1​ក្នុង​ការ​ប្រកួត​ជម្រុះ និង​បាន​រក្សា​​កម្រិត​សមត្ថ​ភាព​ដ៏ល្អ​របស់​គេ​ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រ ក្នុង​ការ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ Asian Games ជាលើក​ទី​1​ របស់​គេ​។ រូប​គេ​បាន​ឈ្នះ​មេដាយមាស​​លើ​វិញ្ញា​សា​បាញ់​កាំភ្លើង​ជាលើក​ទី​1 ​សម្រាប់​ឥណ្ឌា ក្នុង​ព្រឹត្តិ​ការណ៍​​កីឡា​អាស៊ី នៅ​ប្រទេស​ឥណ្ឌូនេស៊ីមួយ​នេះ ក្រោយពីកីឡាករ Deepak Kumar និងLakshayLakshay ត្រូវ​​បញ្ចប់​ដោយ​ការ​ឈ្នះ​មេដាយប្រាក់​ក្នុង​វិញ្ញា​សា​បាញ់​កាំភ្លើង​វែង​ចម្ងាយ​10​ម៉ែត្រ និង​គោល​ដៅចម្រុះ​រៀង​ៗខ្លួ​ន​។

    វា​ក៏​ជាលើក​ទី​1 ​ផងដែរ ដែល​ឥណ្ឌា បាន​ឈ្នះ​មេដាយ​2 ​ក្នុងវិញ្ញា​សា​បាញ់​កាំភ្លើង​តែមួយ ក្នុង​​ព្រឹត្តិ​ការណ៍​របស់ Asian Games​។ ស្រ​បពេល​ជាមួយ​គ្នា​នេះ ម្ចាស់​ជើង​ឯក​អូឡាំពិក​ 4សម័យកាល Jin Jong-oh មិន​អាច​ដណ្តើម​បាន​មេដាយមាស​ឯក​ត្ត​ជន​ក្នុង​ព្រឹត្តិការណ៍ Asian Games ឡើយ ក្រោយពី​កីឡាករ​កូរ៉េ​ខាង​ត្បូង​រូបនេះ បាន​បញ្ចប់ក្នុង​ចំណាត់ថ្នាក់​លេខ​5​៕

     

    ប្រភព​ពី៖ Channel News Asia