Author: អេបិល

  • បទចម្រៀងនិពន្ធថ្មីរបស់ ប៊ុត សីហា កំពុងមានសម្ទុះខ្លាំងនៅលើបណ្ដាញសង្គម

    បទចម្រៀងនិពន្ធថ្មីរបស់ ប៊ុត សីហា កំពុងមានសម្ទុះខ្លាំងនៅលើបណ្ដាញសង្គម

    ថ្មីៗនេះ លោក ប៊ុត សីហា បានបញ្ចេញវីដេអូចម្រៀងថ្មី ដែលបង្ហាញពីស្នាដៃនិពន្ធបទចម្រៀងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងសន្ធឹកសន្ធាប់ បើទោះបីជារូបលោកបច្ចប្បន្ននេះមិនទាន់មានផលិតកម្មធំណាចេញបទចម្រៀងឱ្យរូបលោកក៏ដោយ។

    ចម្រៀងថ្មីរបស់លោក សីហា មានចំណងជើងថា «គ្មាន​អ្នក​ណាកែចិត្តបងទេ»  ជាបទចម្រៀងរៀបរាប់អំពីប្រវត្តិជីវិតពិតរបស់លោក និងកំហុសឆ្គងចំពោះក្រុមគ្រួសារ។ ហើយបទនេះដែរ ជាការនិពន្ធទំនុកច្រៀងដោយ សុខ លឹមរក្សា សម្រួលតន្ត្រីដោយ លោក អ៊ិច សំណាង បានធ្វើឱ្យបទចម្រៀងនិពន្ធថ្មីមួយនេះមានសម្ទុះខ្លាំងនៅលើបណ្ដាញសង្គម ទោះជាទើបតែបង្ហោះកាលពីថ្ងៃម្សិលមិញនេះក៏ដោយ។ គួរបញ្ជាក់ផងដែរថា លោក ប៊ុត សីហា ក៏កំពុងត្រៀមចេញបទចម្រៀងនិពន្ធថ្មីដែលមានអត្ថន័យអប់រំ និងលើកស្ទួយកិច្ចការសង្គម ជាច្រើនបទបន្ដបន្ទាប់ទៀតដែរ។

    ចង់ដឹងថា ការបកស្រាយបទចម្រៀងនិពន្ធថ្មី ពិរោះរណ្ដំយ៉ាងណានោះ កុំឱ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖

  • អីយ៉ា មិនធម្មតាទេ!! ហេង នរៈកក្កដា ថតរឿង «ព្រលឹង» ចប់ភ្លាម ម៉ៅ 5គ្រាប់ម្នាក់ឯងភ្លែតតែម្ដង

    អីយ៉ា មិនធម្មតាទេ!! ហេង នរៈកក្កដា ថតរឿង «ព្រលឹង» ចប់ភ្លាម ម៉ៅ 5គ្រាប់ម្នាក់ឯងភ្លែតតែម្ដង

    ការប្រកួតបាល់ទាត់ក្រោមដំណក់ទឹកភ្លៀងនៅយប់ថ្ងៃទី5 ខែកញ្ញា រវាងក្រុមបាល់ទាត់មហាហង្ស និងក្រុមជើងខ្លាំងមួយដែលមានឈ្មោះថា ក្រុមMan U Khmer ត្រូវបានម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន ប្រាប់សារព័ត៌មានឡារ៉ែនថា គឺជាការប្រកួតមិត្តភាពដើម្បីអបអរដល់ភាពយន្តរឿង «ព្រលឹង» សម្ដែងដោយលោក ហេង នរៈកក្កដា ដែលទើបថតចប់។ តែអ្វីដែលគេភ្ញាក់ផ្អើលនោះ គឺការប្រកួតត្រូវបញ្ចប់ដោយតារាសម្ដែងរូបនេះរកបានដល់ 5គ្រាប់តែម្នាក់ឯង ធ្វើឱ្យក្រុមមហាហង្សឈ្នះដល់ 7-0 (ពិតជាមិនធម្មតាមែន!)។

    លោក ហេង នរៈកក្កដា អះអាងថា លោកបានចំណាយពេលថតកុនរឿង «ព្រលឹង» ​ឱ្យផលិតកម្មមហាហង្សនេះដោយលំបាក និងផ្សងគ្រោះថ្នាក់ច្រើនណាស់ ដោយសារតែភាពយន្តមួយនេះជារឿងបែបភ័យរន្ធត់ និងតម្រូវឱ្យលោកសម្ដែងជាតួខ្មោច និងថតដល់ពាក់កណ្ដាលអធ្រាត្រនៅក្នុងព្រៃជ្រៅទៀតផង។ លោកនិយាយថា ការសម្ដែងនៅក្នុងរឿងនេះ ធ្វើឱ្យលោកបានស្គាល់នូវរសជាតិជីវិតច្រើនណាស់ ជាពិសេសគឺការដេកព្រៃ និងខានមានពេលសប្បាយជួបជុំជាមួយមិត្តភក្តិ ដែលនាំឱ្យលោកដាក់សំណើសុំលេងបាល់មិត្តភាពនៅពេលខ្សែភាពយន្តនេះថតចប់។

    លោកធ្វើឱ្យក្រុមជាគូប្រកួតភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោកម្នាក់ឯងរកបាន 5គ្រាប់ ដែលមិនអាចឱ្យសមាជិកផ្សេងទៀតមិនសរសើរពីថ្វីជើងលោកមិនបានឡើយ។ ជ័យជម្នះរបស់លោក មិនខុសពីការសម្ដែងការអបអរចំពោះខ្សែភាពយន្តដែលបានថតចប់ និងស្វាគមន៍សមាជិកថ្មី គឺពិធីករ មូល សារ៉ាវ៉ាន់ ដែលជាតួអង្គសំខាន់មួយក្នុងរឿង «ព្រលឹង» ដែលទើបបង្ហាញខ្លួនចូលលេងក្នុងក្រុមមហាហង្សជាលើកដំបូងនោះទេ។

    លោក ហេង នរៈកក្កដា ត្រូវបានគេចាត់ទុកថា ជា Super Star មួយរូបរបស់ក្រុមមហាហង្ស ដោយក្នុងតង់ទី1លោករកបាន 3គ្រាប់ និងតង់ទី2 រកបាន 2គ្រាប់បន្ថែមទៀត ខណៈដែលចំនួនគ្រាប់ទាំងនោះបានជួយឱ្យក្រុមមហាហង្សទទួលបានបានដល់ទៅ 7គ្រាប់ ឈ្នះលប់លើក្រុមគូប្រកួត។ លោកថា សប្បាយចិត្តណាស់ ដែលលោកអាចស្វែងរកគ្រាប់បាល់បានច្រើនម្នាក់ឯង ស្របគ្នាដែលខ្សែភាពយន្តរបស់លោកគឺរឿង «ព្រលឹង» ក៏បានបញ្ចប់ដោយជោគជ័យដែរ ទោះជាមានការរំខានដោយភ្លៀង និងត្រូវធ្វើដំណើរផ្លូវឆ្ងាយក៏ដោយ។ យ៉ាងណាមិញ លោកថា លោកមិនដែលគិតថា ចង់ក្លាយខ្លួនជាកីឡាករអាជីពទេ បើទោះជាលោកកាន់តែមានថ្វីជើងល្អឡើងក្នុងការលេងបាល់នាពេលកន្លងមកក៏ដោយ។

    នៅក្នុងការប្រកួតនៅថ្ងៃនោះ គេឃើញវត្តមានតារាសម្ដែងល្បីៗជាច្រើនដូចជា លោក មូល សារ៉ាវ៉ាន់ ពិធីករ PNN  លោក ភឹម តារាវិបុល និងតារាជាច្រើនរូបទៀត ក្រៅពីលោក ហេង នរៈកក្កដា ដែលអាចរកបាន5គ្រាប់ម្នាក់ឯងហើយនោះ។ យ៉ាងណាមិញ នេះមិនមែនជាលើកទី1ទេ ដែលក្រុមមហាហង្សរកបានច្រើនគ្រាប់ ព្រោះជ័យជម្នះលើសលប់លើកណា ក៏មិនដែលគ្មានការរួមចំណែករបស់លោក ហេង នរៈកក្កដាដែរ៕

  • តារាសម្ដែងសិចស៊ី អូនម៉ី ប្រាប់ពីអត្តចរិតពិតរបស់សង្សារ ក្រោយល្អូកល្អិនគ្នាអស់មួយរយៈ

    តារាសម្ដែងសិចស៊ី អូនម៉ី ប្រាប់ពីអត្តចរិតពិតរបស់សង្សារ ក្រោយល្អូកល្អិនគ្នាអស់មួយរយៈ

    កញ្ញា អៀរ ម៉ីលិ ជាតារាសម្ដែងមួយដួង ដែលទទួលបានការគាំទ្រខ្លាំងគួរសមពីសំណាក់ទស្សនិកជន ខណៈដែលតារាស្រីដួងនេះ ត្រូវបានគេសង្កេតឃើញថា ជារឿយនាងតែងតែត្រូវប៉ាន់ខ្លាំងជាមួយនឹងការថតខ្សែភាពយន្ត។ បើទោះបីជាស្រីស្រស់រូបនេះទើបតែប្រឡូកចូលក្នុងសិល្បៈក្ដី តែប្រជាប្រិយភាព និងសម្រស់វិញហាក់មានភាពលេចធ្លោខ្លាំងគួរឱ្យកត់សម្គាល់។

    បន្ទាប់ពីតារាសម្ដែងស្រីសិចស៊ីសាច់សខ្ចី អៀរ ម៉ីលិ ហៅអូនម៉ី បានបង្ហាញ​ពីមុខ​មាត់​គូស្នេហ៍​របស់​នាង​ជា​និស្សិត​មកពី​បរទេសដែលមិន​ត្រឹមតែ​មានចំណេះដឹង​ខ្ពស់ និងមានរូបរាង​សង្ហា​នោះទេ តែអ្វីដែលគួរ​ឱ្យចាប់អារម្មណ៍​នោះគឺ ពួកគេ​ទាំងពីរនាក់​ជាតារាសិល្បៈវ័យក្មេង និងចូលចិត្តសម្ញែងភាពផ្អែមល្ហែម ដែលធ្វើមហាជនច្រណែនចំពោះភាពស្អិតល្មួតរបស់ពួកគេទាំងពីរលើសពីស្ករតាំងម៉ែទៅទៀត(អូហូ!…)។ ថ្មីៗនេះ នាងបានបង្ហើ់បប្រាប់អ្នកសារព័ត៌មានអំពីទំនាក់ទំនងស្នេហារបស់នាង នៅពេលដែលសង្សារត្រូវឃ្លាតឆ្ងាយទៅបន្ដការសិក្សានៅឯបរទេសវិញ។

    តារាស្រីនិយមតែងខ្លួនសិចស៊ីបានបង្ហើបប្រាប់ថា អាចចាត់ទុកថាគូស្នេហ៍របស់ខ្លួន ថ្វីដ្បិតតែមានវ័យក្មេងទើប 21ឆ្នាំមែន តែអត្តចរិតល្អ និងមិនដែលរករឿងឈ្លោះប្រចណ្ឌឡើយ ពេលឃើញនាងសម្ដែងក្នុងឈុតស្និទ្ធស្នាលជាមួយតួប្រុសក្ដី។ ជាសំណាងល្អមួយសម្រាប់រូបនាងផ្ទាល់ ព្រោះសង្សារបណ្ដូលចិត្តម្នាក់នេះទុកសិទ្ធិសេរីភាព ឱ្យតម្លៃ និងផ្ដល់កិត្តិយស ព្រមទាំងស្រឡាញ់ក្រុមគ្រួសាររបស់នាងណាស់។ ចំពោះការសម្ដែងវិញ រឹតតែមិនដែលរញ៉េរញ៉ៃទៅទៀត ព្រោះគេដឹងថា នោះគ្រាន់តែជាការងារសម្ដែងប៉ុណ្ណោះ។ អៀ ម៉ីលិ បានទម្លាយថា តាមពិតគូស្នេហ៍ខ្លួនគ្មានរថយន្ត និងគ្មានទ្រព្យស្តុកស្ដម្ភទេ ហើយមានបុរសជាកូនអ្នកមានជាច្រើនតាមស្រឡាញ់នាង តែនាងមិនខ្វល់ទេ សុខចិត្តប្រគល់ក្ដីស្រឡាញ់ឱ្យទៅសង្សារម្នាក់នេះ ព្រោះអត្តចរិតគេល្អ។ រីឯចាស់ទុំទាំងសងខាងវិញ ក៏ពេញចិត្ត និងដឹងឮពីទំនាក់ទំនងរបស់ពួកគេទាំងពីរដែរ។

    បើទោះជាមានការចុះសម្រុងគ្នាបានល្អ និងយល់ចិត្តថ្លើមគ្នាបែបនេះក្ដី តែកញ្ញា អៀ ម៉ីលិ បានបញ្ជាក់ថា មិនទាន់មានគម្រោងភ្ជាប់ពាក្យភ្លាមៗនោះទេ ដោយរង់ចាំមើលចិត្តគ្នាបន្តទៀតសិន។ ស្រីស្រស់រូបនេះ បានបន្តប្រាប់ទៀតថា បើសិនជាខ្លួនចូលរោងការមែននោះ ប្រហែលជាសិល្បៈត្រូវទុកចោលមួយឡែកសិន ដើម្បីមានពេលរៀបចំជីវិតគ្រួសារឱ្យបានល្អ៕

  • តា​រាឆ្នើម Mbappe ​របស់ PSG ជាប់​ពិន័យ​ព្យួរ​ 3ប្រកួត ក្រោយទទួល​កាត​ក្រហម

    តា​រាឆ្នើម Mbappe ​របស់ PSG ជាប់​ពិន័យ​ព្យួរ​ 3ប្រកួត ក្រោយទទួល​កាត​ក្រហម

    ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​អន្តរ​ជាតិ​​បារាំង KylianMbappe បាន​រង​ពិន័យ​ព្យួរ​ចំនួន​ 3ប្រកួត ក្រោយពី​ការ​រង​ពិន័យ​កាតក្រហម​របស់​គេ នៅពេល​ប្រកួត​​ជា​មួយនឹងក្រុម Nimes កាលពី​ចុង​សប្តាហ៍មុន​​។ នេះបើយោង​ទៅ​តាម​ការ​ប្រកាស​របស់ក្រប​ខ័ណ្ឌ​លីក​បារាំង កាលពី​ថ្ងៃពុធ​​។

    ខ្សែ​ប្រយុទ្ធ​វ័យ​ 19​ឆ្នាំ ដែលក៏បានស៊ុត​បាល់​បញ្ចូល​ទីដែរ​​នៅ​ពេលក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 4-2​ នោះ ត្រូវ​បាន​បណ្តេញ​ចេញ​ពីទីលានដោយសារការ​រុញ​​កីឡាករ Teji Savanier ក្រោយពី​ខ្សែ​បម្រើ​របស់​ក្លិប Nimes រូប​នេះ បាន​ធ្វើ​ឱ្យ​រូប​គេ​ដួល​នៅលើ​ទីលាន​ប្រកួត​។ ក្រុមម្ចាស់​ជើង​ឯក​បារាំង PSG នឹង​លេង​ដោយគ្មាន Mbappe សម្រាប់​ការ​ប្រកួតក្រប​ខ័ណ្ឌ Ligue 1 ជាមួយ​នឹងក្រុម Saint-Etienne នៅថ្ងៃ​សៅរ៍ ទី​11 ជា​មួយនឹងក្រុម Rennes នៅថ្ងៃ​ទី​23 ខែកញ្ញា និង​ក្រុម Reims ក្នុង​រយៈពេល​ 3​ថ្ងៃ​ក្រោយមក​។ ការ​ពិន័យ​ព្យួរ​នេះ មិន​មាន​ឥទ្ធិពល​ទៅលើ​ការ​ចូល​​រួម​របស់ Mbappe ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League របស់​ក្រុម PSG នៅ​ពេល​ប្រកួត​ជាមួយ​នឹងក្រុម​ជើង​ឯក​រង Liverpool ​កាលពី​រដូវកាលមុននៅ​កីឡដ្ឋាន Anfield នា​ថ្ងៃ​ទី​18 ខាងមុខនេះឡើយ​។

    Savanier ដែល​ក៏​ត្រូវ​បាន​​បណ្តេញ​ចេញ​ដោយ​លោក​អាជ្ញា​កណ្តាល Jerome Brisardក្រោយពី​ឧប្ប​ត្តិហេតុនេះដែរនោះ បាន​រង​ពិន័យ​ព្យួរ​ចំនួន​ 5​ប្រកួត​។ Mbappe បាន​រងពិន័យ​កាត​លឿង​រួច​ស្រេចទៅហើយ​ ក្នុង​តង់​ទី​១​នៃ​​ការ​​ប្រកួតកាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន សម្រាប់​ការ​យក​បាល់​ចេញ​ឆ្ងាយ មុនពេលក្រុម Nimes ត្រូវស៊ុត​បាល់​ពិន័យ Free-kick​។

    វា​ជា​​ការ​ទទួល​​កាត​ក្រហម​ជាលើក​ទី​2 ​នៃ​អាជីព​បាល់ទាត់របស់ Mbappe ក្រោយពី​​រូប​គេ​បាន​​រងពិន័យ​កាតក្រហម​កាលពី​ខែមករា សម្រាប់​ការ​ដណ្តើម​បាល់​ដ៏គ្រោះ​ថ្នាក់​មួយជាមួយកីឡាករ Ismaila Sarr របស់​ក្រុម Rennes ក្នុង​ការ​ប្រកួត​ពាន League Cup វគ្គ​1/2​​៕

    ប្រភព​ពី៖ Channel News Asia

  • Nishikori និង Osaka ក្លាយ​ជា​​កីឡាករជប៉ុន​ដំបូង​គេដែលបាន​​ទៅដល់​វគ្គ​ 1/2 នៃ​កម្មវិធី Grand Slam តែ​1

    Nishikori និង Osaka ក្លាយ​ជា​​កីឡាករជប៉ុន​ដំបូង​គេដែលបាន​​ទៅដល់​វគ្គ​ 1/2 នៃ​កម្មវិធី Grand Slam តែ​1

    កីឡាករ​វាយកូន​បាល់ Kei Nishikori និង​កីឡា​ការិនី Naomi Osaka បាន​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុងព្រឹត្តិ​ការណ៍ US Open កាលពី​ថ្ងៃពុធ នៅ​ពេល​ដែល​ពួក​គេ​បានក្លាយ​ជា​បុរស និង​ស្ត្រី​ជប៉ុន​ដំបូង​គេ ក្នុងការ​ឈាន​ទៅដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​កម្មវិធី​ប្រកួត Grand Slam តែមួយ​។

    Nishikori បាន​ឈាន​ទៅ​វគ្គ​ 4​នាក់​ចុងក្រោយ​នៃ​​វិញ្ញា​សា​ផ្នែក​បុរស ក្រោយពី​បាន​យក​ឈ្នះ​​ក្នុង​លទ្ធផល 2-6, 6-4, 7-6 (7/5) 4-6 និង​6-4 លើ​កីឡាករ Marin Cilic ដែល​​ធ្លាប់​បានផ្តួល​រូប​គេ​ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រកាលពីឆ្នាំ​2014​។ នៅមុន​នេះបន្តិច កីឡា​ការិនី Osaka បាន​ផ្តួល​​កីឡា​ការិនី​អ៊ុយ​ក្រែន ក្នុងលទ្ធផល 6-1 និង​6-1​ក្នុង​វគ្គ​1/4​​ផ្តាច់ព្រ័ត្រ​នៃ​វិញ្ញា​សា​ឯក​ត្ត​ជន​នារី​។ Nishikori នឹង​ត្រូវ​ឈាន​ទៅ​ប្រកួត​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃព្រឹត្តិការណ៍ US Open ជាលើក​ទី​3 ​របស់ខ្លួន ក្រោយពី​ឈាន​ទៅ​វគ្គ​​1/2 កាលពីឆ្នាំ​2014 និង​ឆ្នាំ​2016​។ កីឡាករ​វ័យ​ 29​ឆ្នាំ​រូបនេះ ក៏​បាន​ឈាន​ទៅ​វគ្គ​ 8​នាក់​ចុងក្រោយ​នៃ​កម្ម​វិធី Grand Slam 3លើក​ចុងក្រោយ​ ដែលក្នុងនោះ​រាប់​បញ្ចូល​ទាំង​ពាន Wimbledon នៅ​ឆ្នាំ​នេះ ផងដែរ ដើម្បី​ក្លាយ​ជា​បុរស​ជប៉ុន​ដំបូង​គេ​​ក្នុង​ការ​សម្រេច​បាននូវ​សមិទ្ធ​ផល​បែប​នេះក្នុង​រយៈ​ពេល​ 23​ឆ្នាំ​។

    កីឡា​ការិនី Osaka វ័យ​ 20​ឆ្នាំ គឺ​ជា​ស្ត្រី​ជប៉ុន​ដំបូង​គេ​ក្នុង​ការ​ឈាន​ទៅ​វគ្គ​ 4​នាក់​ចុងក្រោយ​នៃកម្មវិធី Grand Slam ចាប់​តាំងពីកីឡា​ការិនី Kimiko Date ធ្វើ​បាន​ក្នុង​ព្រឹត្តិការណ៍ Wimbledon កាល​ពីឆ្នាំ​1996 ក្នុង​រយៈពេល​ 1ឆ្នាំ នៅមុន​ពេល​នាង​បាន​ចាប់​​កំណើត​។ Osaka ធ្លាប់​បាន​ឈាន​ទៅ​ប្រកួត Australian Open វគ្គ​ 16​នាក់​ចុងក្រោយ កាល​ពី​ខែមករា ដែល​ជាកំណត់ត្រា​ដ៏ល្អ​បំផុត​កាលពីមុន​របស់​នាង​ក្នុង​ព្រឹត្តិ​ការណ៍​​ធំ​ៗ​៕

    ប្រភព​ពី៖ Channel News Asia

  • កំឡោះសង្ហាបរទេសម្នាក់សម្ដែងសមត្ថភាពលេងឧបករណ៍ចាប៉ីដងវែង គួរឱ្យទាក់ទាញខ្លាំង

    កំឡោះសង្ហាបរទេសម្នាក់សម្ដែងសមត្ថភាពលេងឧបករណ៍ចាប៉ីដងវែង គួរឱ្យទាក់ទាញខ្លាំង

    បន្ទាប់ពីល្ខោនខោលខ្មែរក្លាយជាប្រធានបទក្ដៅរួចមក គេកត់សម្គាល់ឃើញថា នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានអណ្ដែតដោយរូបភាពសិល្បៈវប្បធម៌ជាច្រើនសន្លឹក ជាពិសេសគឺ ការស្រឡាញ់សិល្បៈបុរាណខ្មែរ ដែលដូនតាបានបន្សល់ទុកឱ្យ។ ក្រៅពីនោះ គេក៏ឃើញមានជនជាតិបរទេសដែលរស់នៅក្នុងស្រុកខ្មែរមួយចំនួន បានចេញមុខបង្ហោះពីសមត្ថភាពដែលអាចសម្ដែង និងលេងឧបករណ៍តន្ត្រីខ្មែរបានយ៉ាងគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត។

    ជាក់ស្តែងវីដេអូមួយដែលបង្ហោះដោយគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា SarathSarathSarath បានបង្ហាញពីជនជាតិបរទេសមួយរូបដែលអាចលេងចាប៉ីដងវែងបានយ៉ាងល្អ ហើយលោកថែមទាំងបានរៀបរាប់ថា «កូនស្រីខ្ញុំ ត្រូវកូនសិស្សបារាំងចែចង់យកទៅស្រុកគាត់ តែខ្ញុំមិនដាច់ចិត្តបេះចេញពីដើមទ្រូងទេ កូនចាប៉ីខ្ញុំអើយចូលចិត្ត»។ គ្រាន់តែអានហើយ ក៏មានអារម្មណ៍ថា ហេតុអ្វីបានជាជនជាតិបរទេសរូបនេះស្រឡាញ់ចាប៉ីដងវែងដូចជាកូនស្រីរបស់ខ្លួនខ្លាំងម្ល៉េះ?

    យ៉ាងណាមិញ មហាជនអ្នកគាំទ្រជាច្រើនដែលបានទស្សនាវីដេអូនេះហើយ បានពោលសរសើរកំឡោះសង្ហាបរទេសរូបនោះមិនដាច់ពីមាត់ថា «ខ្លូនជាបរទេសសោះតែអាចលេងចាប៉ីដងវែងខ្មែរបានយ៉ាងល្អ និងប្រកបដោយទឹកមុខសប្បាយរីករាយ និងសោមនស្សជាមួយការលេងឧបករណ៍បុរាណខ្មែរនេះខ្លាំងណាស់»។

    កុំឱ្យខកខានយូរ សូមទស្សនាវីដេអូបរទេសសម្ដែងចាប៉ីដងវែងខ្មែរ ខាងក្រោមនេះ ៖

  • ម៉ាដូណា និងគូស្នេហ៍ ធ្វើឱ្យផ្ទុះសំណើចតាមរយៈ MV cover បទ «Body»

    ម៉ាដូណា និងគូស្នេហ៍ ធ្វើឱ្យផ្ទុះសំណើចតាមរយៈ MV cover បទ «Body»

    ដូចប្រិយមិត្តទាំងអស់គ្នាបានជ្រាបហើយថា តារាសម្តែងកំប្លែង ពៅ ស៊ូរ៉ែន ហៅ ម៉ាដូណា បានប្រកាសចំណងស្នេហ៍ភេទដូចគ្នាជាសាធារណៈប្រាប់មហាជនកាលពីពេលកន្លងទៅថ្មីៗ ក្រោយពីភ្ជាប់ទំនាក់ទំនងគ្នាអស់រយៈពេល 5ឆ្នាំមកហើយ។ សង្សាររបស់គេជាបុរសវ័យក្មេងនោះ មានឈ្មោថា ណុប ហេងទ្រី ដែលត្រូវបានគេស្គាល់ថា ជាអ្នកថតរូបអាជីព និងជាអ្នកផលិត MVផង។

    មួយរយៈចុងក្រោយនេះ អ្នកទាំងពីរតែងតែបង្កើតវីដេអូប្លែកៗបង្ហោះនៅលើបណ្ដាញសង្គម ដែលធ្វើឱ្យអ្នកសារព័ត៌មាន និងមហាជនអ្នកគាំទ្រចាប់អារម្មណ៍ពីសកម្មភាពរបស់អ្នកទាំងពីរយ៉ាងខ្លាំង។ ដោយឡែក មានការភ្ញាក់ផ្អើលកាន់តែខ្លាំងទៀតគឺ ប៉ុន្មានម៉ោងមុននេះ តារាកំប្លែង គឺលោក ម៉ា​ដូ​ណា ជាមួយនឹងគូស្នេហ៍បានចាប់ដៃគ្នាចេញ MV cover បទ «Body» ដោយ Version របស់លោក ម៉ាដូណា និងគូស្នេហ៍ខុសគ្នាពី Version របស់ G-Devith និងកញ្ញា ទេព បូព្រឹក្ស ដែលធ្វើមហាជនមិនអាចទប់សំណើចបានឡើយ ក្រោយពីមើល MV Version របស់ លោក ម៉ាដូណា និងគូស្នេហ៍របស់លោករួច។

    គួរបញ្ជាក់ដែរថា បទចម្រៀងថ្មី «Body» របស់តារាចម្រៀងរ៉េប G-Devith កំពុងតែទទួលបានការគាំទ្រជាខ្លាំង ដោយសារតែបទនេះមិនត្រឹមតែពីរោះប៉ុណ្ណោះទេ តែការសម្តែងក៏គួរឱ្យចាប់អារម្មណ៍ខ្លាំងដែរ ជាពិសេសគឺក្នុង MV នៃបទចម្រៀងនេះ មានឈុតផ្អែមល្ហែមរវាងលោក G-Devith នឹងគូស្នេហ៍របស់លោក គឺកញ្ញា ទេព បូព្រឹក្ស ទៀតផង។ ចង់ដឹងថា ល្អមើល និងផ្ទុះសំណើចដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោម៖

    https://youtu.be/ZhdEaNpAZ6o

  • ទៅមើលព្រះកេសព្រះពុទ្ធបដិមានៅក្នុងឫសឈើ នៅតំបន់ទេសចរណ៍បុរាណក្នុងប្រទេសថៃ

    ទៅមើលព្រះកេសព្រះពុទ្ធបដិមានៅក្នុងឫសឈើ នៅតំបន់ទេសចរណ៍បុរាណក្នុងប្រទេសថៃ

    ព្រះពុទ្ធបដិមាមួយអង្គនេះ ជាព្រះពុទ្ធរូបថ្មខ្សាច់ដែលនៅសល់តែព្រះកេសប៉ុណ្ណោះ ចំពោះតួខ្លួនរបស់បដិមាបានបាត់ទៅហើយ។ ព្រះពុទ្ធបដិមានេះមានរចនាប័ទ្មសម័យក្រុងអយុថ្យា បានកប់តួព្រះកេសជាប់នៅក្នុងឫសឈើតាំងពីសម័យបុរាណកាលមកម្ល៉េះ ដែលជាឫសដើមពោធិ៍ធំក្បែប្រាង្គអារាមបុរាណ។

    បើតាមការតំណាលបានឱ្យដឹងថា ព្រះកេសព្រះពុទ្ធបដិមានេះ បានដាច់ចេញពីតួខ្លួននាសម័យសង្គ្រាម ខណៈសង្រ្គាមបានវាយបំបែកទីក្រុងអយុថ្យា ហើយព្រះកេសព្រះពុទ្ធបដិមាបានផ្លោងខ្ទាតមកទាក់ជាប់នឹងមែកឈើ រួចក្រោយមកក៏ធ្លាក់មកដី និងត្រូវឫសដើមឈើរុំជាប់តែម្ដង មើលឃើញតែព្រះភ័ក្ដ្រប៉ុណ្ណោះ។ តែបច្ចុប្បន្ន ដើមពោធិ៍ដ៏ធំមួយនេះ បានប្រែក្លាយជាកន្លែងទេសចរណ៍បុរាណដ៏មានសក្ដានុពលទាក់ទាញភ្ញៀវអន្ដរជាតិមកទស្សនាយ៉ាងច្រើនកុះករ មានទីតាំងស្ថិតនៅក្នុងខេត្តអយុថ្យា ក្នុងបរិវេណវត្ត «ម៉ាហាថាត»។

    ភ្ញៀវទេសចរជាតិ និងអន្ដរជាតិអាចចូលទស្សនាបានជារៀងរាល់ថ្ងៃចាប់ពីម៉ោង 08.30–16.30 ល្ងាច ដោយជនជាតិថៃត្រូវទិញសំបុត្រចូលទស្សនាក្នុងតម្លៃ 10បាត និងសម្រាប់ជនបរទេសតម្លៃ 50បាត។ ហើយចាប់ពីម៉ោង 19.30. 21.00យប់ នឹងមានការសម្ដែងរបាំបុរាណ និងសិល្បៈចម្រុះជូនភ្ញៀវទេសចរទស្សនាកម្សាន្ដទៀតផង។

    កុំឱ្យខកខាន សូមទស្សនារូបភាពខាងក្រោមនេះ ៖

    https://youtu.be/Nc_rzQhXwKw

  • កូនស្រីអ្នកនាង យ៉ាន លីនដា កំពុងប្រឈមជំងឺផ្លូវចិត្តធ្ងន់ធ្ងរ

    កូនស្រីអ្នកនាង យ៉ាន លីនដា កំពុងប្រឈមជំងឺផ្លូវចិត្តធ្ងន់ធ្ងរ

    ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលគេបានដឹងថា ក្រោយពីអ្នកនាង យ៉ាន លីនដា ធ្លាប់បានប្រកាសថា បានរងអំពើហិង្សាពីលោក យ៉ែម សំអូន មុននឹងលែងលះគ្នានោះ ថ្មីៗនេះអ្នកនាងបានបង្ហោះសារវែងអន្លាយដ៏គួរឱ្យភ្ញាក់ផ្អើល អំពីរឿងរ៉ាវរបស់កូនស្រីវ័យជាង 10ឆ្នាំរបស់អ្នកនាងថា កំពុងប្រឈមជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ក្នុងពេលដែលអ្នកនាងជាម្ដាយជាអ្នកទទួលរ៉ាប់រងលើកូនស្រីតែម្នាក់ឯង។ អ្នកនាងបានរៀបរាប់ពីអ្វីដែល Veronica កូនស្រីអ្នកនាងបានជួបប្រទះ និងពីការបារម្ភរបស់អ្នកនាង ចាប់តាំងពីកូនស្រីរបស់អ្នកនាងមានសម្ពាធផ្លូវចិត្ត ក្រោយពេលអ្នកនាង និងលោក យ៉ែម សំអូន បានបែកបាក់គ្នាមក។

    ការសរសេររៀបរាប់ លើបណ្តាញសង្គមផ្លូវការរបស់អ្នកនាង យ៉ាន លីនដា មានអត្ថន័យយ៉ាងដូច្នេះថា «មនុស្សជាច្រើនបានសួរខ្ញុំថា តើមានរឿងអ្វី និងហេតុអ្វីបានជាខ្ញុំបាត់ខ្លួន?។ មានពាក្យចចាមអារ៉ាមជាច្រើន បានចាប់ផ្តើមលេចឡើងអំពីខ្ញុំ ប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំនោះទេ អ្វីដែលខ្ញុំត្រូវប្រឈម គឺស្មុគស្មាញជាងនេះទៅទៀត។ ខ្ញុំមិនចេញមុខបកស្រាយនឹងពាក្យចចាមអារ៉ាមទាំងអស់នោះទេ ប៉ុន្តែខ្ញុំយកពេលដើម្បីមើលថែដល់អ្នកដែលកំពុងប្រឈមនឹងបញ្ហាថប់អារម្មណ៍ និងធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ គឺប្រសើរជាង។ ខ្ញុំកំពុងចែករំលែករឿងនេះ ដើម្បីរំឭកដល់អ្នកដែលកំពុងមានបញ្ហាសុខភាពផ្លូវចិត្ត ថាអ្នកមិនឯកានោះទេ ហើយវាគ្មានបញ្ហាទេក្នុងការនិយាយចេញមក»។

    អ្នកនាង យ៉ាន លីនដា សរសេរបន្តថា «របស់ខ្ញុំទៅជាបែបនេះ។ ខ្ញុំមានអារម្មណ៍ថា នាងមិនសូវល្អគ្រប់គ្រាន់សម្រាប់ពិភពលោកនេះទេ ប៉ុន្តែនាងល្អណាស់សម្រាប់ខ្ញុំ នាងគ្មានអ្វីទៀតទេ តែមានបន្ទុកមួយ គឺចង់ចាកចេញពីខ្ញុំជារៀងរហូត។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានបរាជ័យក្នុងនាមជាម្តាយម្នាក់។ ខ្ញុំបានសម្រេចចិត្តរារាំងពិភពលោក ដែលខ្ញុំផ្តល់ឱ្យនាង នូវការយកចិត្តទុកដាក់របស់ខ្ញុំ ខ្ញុំចង់ចេញទៅទីនោះ ហើយស្វែងរកជំនួយទាំងអស់ដែលខ្ញុំអាចធ្វើបាន ដើម្បីឱ្យនាងអាចឆ្លងកាត់សម័យកាលដ៏ងងឹតនេះនៅក្នុងជីវិតរបស់នាង។ ខ្ញុំបានស្វែងរកជំនួយពីអ្នកឯកទេស ហើយក៏បានដឹងថា Veronica បានទទួលរងពីជំងឺបាក់ទឹកចិត្ត (PTSD) តាំងពីតូចម្ល៉េះ។ លទ្ធផលរបស់នាង គឺមានភាពអវិជ្ជមានជាច្រើន ដោយសារតែមានហេតុការណ៍ដែលនាំឱ្យនាងមានការឈឺចាប់ជាច្រើន បានកើតឡើងពេញមួយជីវិតរបស់នាង ហើយបន្ទាប់ពីបានទទួលការព្យាបាល នាងកាន់តែប្រសើរឡើងហើយ»។

    អ្នកនាង យ៉ាន លីនដា បន្តថា «បញ្ហាធុញថប់អារម្មណ៍ និងការបាក់ទឹកចិត្ត កើតឡើងក្នុងលក្ខណៈខុសប្លែកពីគ្នាចំពោះបុគ្គលម្នាក់ៗ។ Veronica ស្ថិតក្នុងចំណុចមួយដែលអាស្រ័យលើអារម្មណ៍ក្រៀមក្រំរបស់នាង និងការធុញថប់ ការភ័យស្លន់ស្លោជាដើម។ នាងចាប់ផ្តើមឮសំឡេង ឮទាំងដែលគ្មានសំឡេងអ្វីសោះ តែនាងមិនអាចធ្វើបានក្នុងការកាត់បន្ថយសំឡេងទាំងនោះទេ។ នៅពេលយប់នាងមើលឃើញរូបងងឹតឈរនៅបាតគ្រែរបស់នាង ឬឈរនៅជុំវិញនាង វាធ្វើឱ្យបានភ័យខ្លាចក្នុងការនៅតែម្នាក់ឯង។ អំឡុងពេលថ្ងៃ Veronica ក៏ពិបាកណាស់ដែរលើការគេង នាងមិនអាចប្រាប់បានទេ ពីភាពខុសគ្នារវាងអ្វីដែលមិនពិត និងអ្វីជាការពិត ដើម្បីឱ្យនាងមានអារម្មណ៍ថា នាងមានជីវិតរស់រវើក និងគេចផុតពីការឈឺចាប់។ នាងវ៉ៃជញ្ជាំង នាងកោសខ្លួនឯងរហូតទាល់តែនាងហូរឈាម ដែលនេះគឺជាវិធីតែមួយគត់របស់នាងក្នុងការទប់ទល់។ ក្នុងនាមជាម្តាយមួយរូបដែលមើលថែកូន បានឆ្លងកាត់ការឈឺចាប់ជាច្រើន គ្មានអ្វីអាចនឹងកាន់តែអាក្រក់នោះទេ»។

    អតីតភរិយារបស់ លោក យ៉ែម សំអូន បន្ថែមថា «បន្ទាប់ពីអ្នកជំនាញបានផ្តល់ការប្រឹក្សាយោបល់ប្រចាំសប្តាហ៍ រួមផ្សំទាំងថ្នាំព្យាបាលផងនោះ បានធ្វើឱ្យនាងប្រសើរវិញហើយ ជាពិសេសរួមជាមួយនឹងការរបបអាហារ ការហាត់ប្រាណផងនោះ។ វានៅតែពិបាកសម្រាប់នាង ប៉ុន្តែខ្ញុំបានប្តេជ្ញាចិត្តថា ព្យាយាមអ្វីៗគ្រប់យ៉ាង។ មានគេប្រាប់ខ្ញុំថា គួរចិញ្ចឹមសត្វ ព្រោះវាអាចជួយពួកយើងបាន។ ពួកវាបានជួយ Veronica ជាច្រើន ពេលនាងមានអារម្មណ៍ក្រៀមក្រំ យ៉ាងណាក៏ដោយនាងអាចបង្កើតស្នាមញញឹមនៅលើមុខរបស់នាងបាន ហាក់បីដូចជាទុក្ខកង្វល់។ ឆ្នាំមុន យើងបានធ្វើតេស្តជាច្រើនលើបញ្ហានេះ តែអ្វីដែលសំខាន់បំផុត យើងត្រូវថែរក្សាសុខភាពផ្លូវចិត្ត និងសុខភាពរាងកាយរបស់អ្នក ដូច្នេះអ្នកនឹងមានភាពរឹងមាំ ព្រមទាំងអាចស៊ូទ្រាំ ក្នុងការទប់ទល់នឹងបញ្ហាប្រឈមក្នុងជីវិត»។

    អ្នកនាងថា «សារដែលខ្ញុំចង់ប្រាប់នៅពេលនេះ គឺសូមមើលថែលើកូនៗរបស់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក ហើយធ្វើការកត់សម្គាល់អាកប្បកិរិយាប្លែកៗ ឬចម្លែករបស់ពួកគេ។ ព្រមទាំងនិយាយជាមួយពួកគេ កុំឱ្យវារីករាលដាល ដល់ចំណុចមួយដែលពួកគេ គិតថាគ្មានផ្លូវចេញ។ វាគ្មានការព្យាបាល ដោយអព្ភូតហេតុលើជំងឺបាក់ទឹកចិត្តបាននោះទេ ប៉ុន្តែវាអាចត្រូវបានគ្រប់គ្រង ដោយប្រឹក្សាជាមួយអ្នកជំនាញ ហើយព្យាយាមហាត់ពត់ដោយខ្លួនឯង។ វាអាស្រ័យលើការខិតខំប្រឹងប្រែងរបស់អ្នក»។ «Veronica នៅមានថ្ងៃខ្លះធ្វើទុក្ខ ប៉ុន្តែមិនអីទេ ខ្ញុំនឹងយកនាងទៅកន្លែងដែលនាងទៅកាលពីឆ្នាំមុន។ ទាំងពីរនាក់ Veronica និងខ្ញុំ ចង់ចែករំលែករឿងរ៉ាវទៅអ្នកទាំងអស់គ្នា ហើយយើងសង្ឃឹមថា យើងអាចជួយក្នុងការលើកទឹកចិត្តអ្នកមានបញ្ហាបាក់ទឹកចិត្ត «Ppl» ឱ្យតស៊ូឡើង កុំភ័យខ្លាច។ ចុងក្រោយ–សូមអរគុណ Veronica ដែលមិនបោះបង់ ខិតខំតស៊ូជាមួយម៉ាក់។ ពួកយើងបន្តដំណើរទៅមុខទៀត ស៊ូៗណា៎ អ្នកកូនស្រី!»។

    សូមបញ្ជាក់ថា អ្នកនាង យ៉ាន លីនដា បានដាក់ពាក្យប្ដឹងលែងស្វាមី គឺលោក យ៉ែម សំអូន ជាផ្លូវការ ក្រោយទៅដល់ប្រទេសអូស្រ្តាលី បន្ទាប់ពីផ្ទុះជម្លោះជាមួយស្វាមី ដែលបង្កឱ្យអ្នកនាងមានរបួស ដែលអ្នកនាងប្រាប់ថា មិនមែនជាលើកទី1នោះទេ។ ជម្លោះនេះ មិនអាចជ្រើសរើសយកការផ្សះផ្សារនឹងគ្នាបាននោះទេ ដោយសារតែរឿងរ៉ាវនោះ កើតឡើងច្រើនដងមកហើយ។ យ៉ាងណាមិញ កាលពីអំឡុងខែឧសភា ឆ្នាំ2015 យ៉ាន លីនដា បានបង្ហើបពីបុរសដែលលួចលាក់ពាក់ព័ន្ធជាមួយស្វាមីខ្លួន។ បន្ទាប់ពីឆ្លើយតបនឹងការបង្ហោះសារសុំអភ័យទោសជាសាធារណៈរបស់លោក យ៉ែម សំអូន ជាស្វាមីរួចមក អ្នកនាង យ៉ាន លីនដា ដែលត្រូវជាភរិយាបានបង្ហើបប្រាប់អំពីសម្ព័ន្ធភាពជ្រាលជ្រៅរបស់ស្វាមីនាង និងបុរសម្នាក់ដែលជាតារាល្បីឈ្មោះមួយរូបនៅក្នុងស្រុកផងដែរ៕

  • អេដ ដា និយាយពីបទពិសោធជីវិតនៅក្នុងវិថីសិល្បៈ

    អេដ ដា និយាយពីបទពិសោធជីវិតនៅក្នុងវិថីសិល្បៈ

    ពិតជាមានការចាប់អារម្មណ៍ខ្លាំងចំពោះសមត្ថភាពរបស់តារាចម្រៀង Original Song គឺកញ្ញា អេដ ដា ដែលមានភាពជោគជ័យនៅក្នុងវិថីសិល្បៈខ្មែរនាពេលបច្ចុប្បន្ននេះ តែទន្ទឹមនឹងពេលទទួលបានភាពជោគជ័យមួយនេះ នាងក៏ធ្លាប់បង្ហើបប្រាប់ថា នាងធ្លាប់ដួលជាច្រើនលើកច្រើនសា ហើយអ្វីដែលសំខាន់នោះ គឺការជំរុញចិត្ត និងតាំងជំហរក្រោកឈរឡើងវិញសាជាថ្មី។ ជាក់ស្ដែង ជាកម្លាំងជំរុញចិត្តដល់អ្នកស្រឡាញ់វិស័យតែងនិពន្ធបទចម្រៀងថ្មី តារាស្រីរូបនេះបានបង្ហោះលើកទឹកចិត្តយ៉ាងហូរហែនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់នាង។

    តារាស្រីរូបនេះបានប្រកាសតាំងជំហររបស់ខ្លួននៅលើបណ្ដាញទំនាក់ទំនងសង្គមថា «ខ្ញុំធ្លាប់ដួល តែខ្ញុំមិនដែលមិនងើបឡើងវិញនោះទេ ហើយខ្ញុំក៏នឹងមិនឈប់ប្រឹងប្រែងដែរ អរគុណគ្រប់យ៉ាង»។ ស្របពេល​បង្ហាញភាព​ជោគជ័យក្នុងវិថីសិល្បៈដែលមានអ្នកគាំទ្រច្រើននេះដែរ អេដ ដា ពិតជាតារាស្រីមួយដួងដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ អាចទាក់ទាញអ្នកគាំទ្រដែលបានលើកសរសើរមិនដាច់ពីមាត់ថា «បងបានព្យាយាមអស់ពីសមត្ថភាពដើម្បីទទួលបាននូវអ្វីដែលបងសុបិនហើយ សម្រាប់ថ្ងៃនេះបងធ្វើបានល្អបំផុត»។

    គួររំឭកផងដែរថា កន្លងមកក្នុងការលើកទឹកចិត្តចំពោះអ្នកគាំទ្រ និងបេក្ខជនប្រឡងក្នុងនាមកញ្ញា អេដ ដា ជាគណៈកម្មការមួយរូប ធ្លាប់បាន​និយាយថា គ្មានការងារណាស្រួលនោះទេ ទោះបីការងារដែលអង្គុយលើកៅអីខ្ពស់មួយនេះក៏​ដោយពេលខ្លះក៏ក្នុងចិត្តមានអារម្មណ៍ក្តុកក្តួលរកថាមិនត្រូវដែរ តែវាក៏ជាបទពិសោធដ៏ល្អមួយ។ នេះជាការចែករំលែកបទពិសោធក្នុងជីវិតទៅកាន់មហាជនដ៏គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ធ្វើឱ្យមានចិត្តក្លាហានហ៊ានក្រោកឈរពុះពារឧបសគ្គ៕