Author: អេបិល

  • ពិតណាស់ !! G-Devith ប្រកាសស្ពាយបង្វិចចេញពីផលិកម្មរស្មីហង្សមាស

    ពិតណាស់ !! G-Devith ប្រកាសស្ពាយបង្វិចចេញពីផលិកម្មរស្មីហង្សមាស

    លែងចម្លែកចិត្តទៀតហើយ ខណៈដែលតារាចម្រៀង លោក ងួន ចាន់ដេវីត ហៅ G-Devith បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ជាតារាចម្រៀងឯករាជ បន្ទាប់ពីបានបញ្ចេញបទចម្រៀងរបស់ខ្លួនប៉ុន្មានបទចុងក្រោយនេះ ដោយមិនមាននៅក្នុងផលិតកម្មរស្មីហង្សឡើយ។

    បើទោះបីស្ពាយបង្វិចចេញពីផលិតកម្មរស្មីហង្សមាសហើយ ដែលជាទ្រនំរបស់ខ្លួន ធ្លាប់ជ្រកសាងកេរ្តិ៍ឈ្មោះ អស់រយៈពេលជាច្រើនឆ្នាំ លោក G-Devith នៅរំពឹងថា ការគាំទ្រ នៅតែប្រសើរជាងចូលជ្រក ក្នុងផលិតកម្មណាមួយ ដែលមានអ្នកគ្រប់គ្រងពីលើខ្លួន ជាហេតុធ្វើឱ្យលោកពិបាកនឹងសម្របខ្លួន។ លើហ្វេសប៊ុកផេចរបស់លោក G-Devith បានប្រកាសជាផ្លូវការថា «ខ្ញុំបានចាកចេញ ដោយជំហរ ជាអ្នកចម្រៀងឯករាជ្យ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ការងារឆ្ពោះទៅកាន់បទពិសោធន៍ថ្មី ដើម្បីចែករំលែកទៅកាន់អ្នកគាំទ្រ ជាទីស្រឡាញ់ទាំងអស់គ្នា»។

    គួរបបញ្ជាក់ដែរថា មហាជនអ្នកគាំទ្រក៏កំពុងតែរង់ចាំមើលថា តើលោកនឹងដឹកដៃគូស្នេហ៍របស់ខ្លួន គឺកញ្ញា ទេព បូព្រឹក្ស ចេញពីហង្សមាសជាមួយគ្នាដែរ ឬយ៉ាងណាទេ ព្រោះតែពួកគេទាំងពីរមិនអាច ខ្វះនរណាម្នាក់បានឡើយ ពោលគឺទាំងការងារសិល្បៈ និងរឿងផ្ទាល់ខ្លួន ព្រោះតែអ្នកទាំងពីរស្រឡាញ់គ្នា ស្ទើរតែបេះមិនចេញទៅហើយ៕

  • តោះស៊ែរផង!! « វង់​ភ្លេង​អារក្ស » ភ្លេងបុរាណខ្មែរដែលកំពុងជិតកប់បាត់ហើយ

    តោះស៊ែរផង!! « វង់​ភ្លេង​អារក្ស » ភ្លេងបុរាណខ្មែរដែលកំពុងជិតកប់បាត់ហើយ

    « វង់​ភ្លេង​អារក្ស » ប្រជាជនខ្មែរ ប្រើសម្រាប់​បម្រើ​ឱ្យជំនឿ​ខាង​លទ្ធិ​ព្រលឹង ( ពិធី​លៀង​អារក្ស ឬ ពិធី​បញ្ជាន់​អារក្ស ) ត្រូវ​បាន​គេ​ប្រគំ​ឡើង​ តាម​បែប​ប្រពៃណី​ដើម្បី​អម​ជា​មួយ​ការ​បញ្ចូល ឬ បញ្ជាន់​អារក្ស ។ ដើម​កំណើត​របស់​ភ្លេង​អារក្ស មាន​កំ​ណើត​ប្រហែល​តាំង​ពី​បុរេ​ប្រវត្តិ​មក​ម្លេះ ដែល​ចាប់​ប្រភព​ចេញ​ពី​តំបន់​ទំ​​នាប​លេច​ទឹក​ខាង​ជើង​ទន្លេ​សាប ។ បច្ចុបន្បន្ននេះ វង់ភ្លេងប្រភេទនេះ កម្រឃើញមានអ្នកស្រុកអ្នកភូមិប្រគំទៀតណាស់ ដែលជាហេតុបណ្ដាលឱ្យភ្លេងបញ្ជាន់អារក្ស ស្ទើតែនឹងបាត់បង់ផងដែរ។

    វង់​ភ្លេង​អារក្សមានឧបករណ៍ ខ្សែឌៀវ ប៉ីអរ ទ្រខ្មែរ ស្គរដៃ ចាប៉ីដងវែង ឈិង ទ្រអ៊ូ និង ប៉ីពក( សម្រាប់លេងបទជ្រង ដើម្បីអន្ទងព្រលឹង )។ នៅ​ពេល​ដែល​មាន​មនុស្ស​ឈឺ ឬ បញ្ហា​អាក្រក់​អ្វី​មួយ គេ​មាន​ជំនឿ​ថា​ កើត​ឡើង​ដោយ​សារ​ឧប​ទ្រុព​ចង្រៃ ដូច្នេះ​គេរៀប​ចំ​ពិធី បញ្ជាន់​អារក្ស​នេះ​ឡើង ដើម្បី​បណ្ដេញ​ឧប​ទ្រុព​ចង្រៃ នាំមក​នូវ​ភាព​សុខ​ក្សេម​ក្សាន្ត​ដល់​សហគមន៍ ។ ចង្វាក់​ភ្លេង ឬ សាច់​បទ​ភ្លេង​មាន​លក្ខណៈ ទៅ​តាម​ភាព​ឧបទ្រុព​ចង្រៃ​នោះ ។ ដូច្នេះ​គេ​ត្រូវ​លេង​រន្ថើន​ខ្លាំង ឬ កំសត់​ទៅ​តាម​ពេល​វេលា ដោយ​ប្រើ​ភាព ចាស់​បុរាណ ហើយ​បង្កើត​ជា​ចង្វាក់​ភ្លេង លឿន​យឺត តឹង​ទៅ​តាម​បរិយា​កាស ។ ភ្លេង​អារក្ស​ត្រូវ​ការ​អ្នក​ច្រៀង​ជា​ចាំ​បាច់ ដើម្បី​អន្ទង​ប្រលឹង​ដោយ​អម​ជា​មួយ​នឹង​ឧបករណ៍​ប៉ី​ពក ។

    ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសបានបង្ហោះក្រុមព្រឹទ្ធាចារ្យមួយក្រុមបានសម្ដែង « វង់​ភ្លេង​អារក្ស » បែបបុរាណនេះ។ ដើម្បីចូលរួមថែរក្សាតម្លៃសិល្បៈវង់ភ្លេងបុរាណខ្មែរ គេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍ និងធ្វើការសែ៊ររំលែកបន្ដយ៉ាងភ្លូកទឹកភ្លូក។ ចង់ដឹងថា ភ្លេងបញ្ជាន់​អារក្សមានសំលេងរន្ថើន និងរំណ្ដំយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • តោះ !! ធ្វើដំណើរកម្សាន្ដទស្សនា សិល្បៈសត្វចំបើង «Wara Art Festivel 2018»

    តោះ !! ធ្វើដំណើរកម្សាន្ដទស្សនា សិល្បៈសត្វចំបើង «Wara Art Festivel 2018»

    នៅក្នុងខេត្ត Niigata មានវាលស្រែរាប់រយហិតា និងជាតំបន់ជ្រុកស្រូវទីមួយនៅប្រទេសជប៉ុន។ ជារៀងរាល់ឆ្នាំ បន្ទាប់ពីបានប្រមូលផលស្រូវរួច កសិករនៅក្នុងតំបន់នេះ ដែលតែប្រារព្ធពិធី បុណ្យចំបើង ដោយពួកគេចាប់ផ្ដើមសូនរូបសត្វប្លែកៗ ដែលធ្វើអំពីចំបើង ហើយភាគច្រើនជាការងារសិល្បៈរបស់សាកលវិទ្យាល័យ  Musashino Art University។

    ទេសកាលសិល្បៈសត្វចំបើងនេះ ត្រូវបានឱ្យឈ្មោះថា «Wara Art Festivel » ភាគច្រើនប្រារព្ធនៅក្នុងបរិវេណដីស្រែ Uwasekigata Park ។ គោលបំណងដែលកសិករនៅទីនេះ ប្រារព្ធពិធីនេះឡើង គឺដើម្បីអបអរសាទរចំពោះការប្រមូល និងបួងសួងឱ្យឆ្នាំបន្ដបន្ទាប់ទៀត កាន់តែទទួលបានផលទ្វេរឡើង។

    សិល្បៈនៃការសូនសត្វចំបើងនេះ គឺដំបូងគេត្រូវធ្វើគ្រោងឆ្អឹងសត្វអំពីឈើជាមុនសិន បន្ទាប់មកទើបគេចាប់ផ្ដើម ចងចំបើងជាដុំៗ ហើយបានយកទៅចងភ្ជាប់ជាមួយនឹងគ្រោងឆ្អឹងតែម្ដង ដើម្បីឱ្យលេចជារូបរាងសត្វ ។ ប្រសិនបើអ្នកបានធ្វើដំណើរកម្សាន្ដទៅកាន់ប្រទេសជប៉ុននៅក្នុងអំឡុងខែកញ្ញា ដល់ ធ្នូ នោះ សូមកុំឱ្យរំលងបុណ្យចំបើងនេះឱ្យសោះ៕

  • ពិតជាកក្រើក!!​ ជាមួយការសម្ដែងដំបូងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ នៅលើទឹកដីប្រទេសកូរ៉េ

    ពិតជាកក្រើក!!​ ជាមួយការសម្ដែងដំបូងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ នៅលើទឹកដីប្រទេសកូរ៉េ

    មិនដឹងថា ពលករនៅធ្វើការប្រទេសកូរ៉េ មានក្ដីរំភើបអរសប្បាយបែបណានោះទេ ខណៈបានដឹងថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ មានឱកាសចូលទៅកាន់ទឹកដីកូរ៉េ ហើយសម្តែងច្រៀងរាំជូនទស្សនា។ ដូចនេះពលករនៅប្រទេសកូរ៉េ ប្រញាប់កក់សំបុត្រឱ្យ​ហើយ ដើម្បីកុំឱ្យឱកាស​រំលងផុតទៅ។ មានការប៉ាន់ស្មានថា ការសម្ដែងរបស់លោកនឹងទាក់ទាញអ្នកទស្សនានៅក្នុងប្រទេសកូរ៉េខាងត្បូងឱ្យកកក្ដាំងមិនអន់នោះទេ ដោយសារតែក្នុងប្រទេសកូរ៉េដែលលោកចេញសម្ដែង សុទ្ធតែខ្មែររស់នោះ។

    លោក ឡេង ណាវ៉ាត្រា ម្ចាស់បុរីឡេង ណាវ៉ាត់ត្រា និងជាអ្នកធានាក្នុងគម្រោងចេញសម្ដែងបានអះអាងថា លោកព្រាប សុវត្ថិ នឹងត្រូវសម្ដែងនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី24 និង25 កញ្ញា នេះហើយ ដោយលោកបានចំណាយថវិការៀបចំការប្រគំតន្ត្រី2កន្លែងនៅលើទឹកដីនោះ2ថ្ងៃជាប់គ្នាតែម្ដង ដើម្បីឱ្យបងប្អូនជាពលករកូរ៉េបានសប្បាយ។ ក្នុងនោះលោកព្រាប សុវត្ថិ ក៏ប្រកាសបកស្រាយបទចម្រៀងពីជំនាន់ចាស់ៗមួយចំនួន ដើម្បីឱ្យបងប្អូនដែលមានអារម្មណ៍នឹកស្រុក បានស្ដាប់ហើយធូរចិត្ត។ លោកថា លោកព្រាប សុវត្ថិ ត្រូវច្រៀងនៅក្នុងទីក្រុងសេអូលមួយកន្លែង និងត្រូវច្រៀងនៅទីក្រុងខ្វាងជូរមួយកន្លែង ដោយក្នុងពិធីនោះ ក៏មានវេទិកាឧទ្ទេសនាមពីសំណាក់រូបលោកផ្ទាល់ ដើម្បីចែករំលែកពីគម្រោងអាជីវកម្ម និងពីរបៀបប្រើលុយរាយទៅយកលុយដុំ ដើម្បីឱ្យបងប្អូនខ្មែរ ឬពលរដ្ឋកូរ៉េ ដែលចង់វិនិយោគនៅក្នុងប្រទេសកម្ពុជាបានទទួលចំណេះដឹង។

    លោក ឡេង ណាវ៉ាត្រា បន្តថាគម្រោងស្ពុនស័រយកលោកព្រាប សុវត្តិ អោយចេញសម្ដែង គម្រោងចំណាយមិនតិចម៉ឺនដុល្លារនោះទេ ដោយសារតែកន្លែងដែលលោករៀបចំអោយមានការប្រគំតន្ត្រីនោះ សុទ្ធតែចំតំបន់ទីក្រុងធំ សំបូរខ្មែររស់នៅ នឹងត្រូវចំណាយខ្ពស់។ លោកថាខ្លួននឹងមានគម្រោងបើកការប្រគំតន្ត្រីធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូងឱ្យបានញឹកញាប់ ដើម្បីឱ្យបងប្អូនខ្មែរបានជួបជាមួយតារាល្បីៗ និងបានទទួលចំណេះដឹងពីការវិនិយោគលើគម្រោងដីធ្លី ដើម្បីក្លាយខ្លួនជាអ្នកមានបានដូចលោក។ លោករំពឹងយ៉ាងខ្លាំង ថាវត្តមានរបស់លោក ព្រាប សុវត្ថិ នឹងគក្រើកនៅថ្ងៃទី24និង25កញ្ញានេះ ខណៈដែលសាលដែលលោកគម្រោងដាក់ភ្ញៀវអោយស្ដាប់បទឧទ្ទេសនាមរបស់លោក ក៏មានអ្នកទិញសំបុត្រ និងកក់ទុកកៅអីអស់ច្រើនតាំងពីថ្ងៃនេះទៅហើយ៕

  • ទស្សនាវីដេអូដ៏កម្រ ដែលមានព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង​ ទ្រង់សម្តែងផ្ទាល់

    ទស្សនាវីដេអូដ៏កម្រ ដែលមានព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង​ ទ្រង់សម្តែងផ្ទាល់

    បើតាមទំព័ររបស់ « ចម្រៀងខ្មែរ អតីតកាល » បានបង្ហាញឱ្យឃើញថា វីដេអូឯកសារដែលមានវ័យចំណាស់មួយបានបង្ហាញពីអនុស្សាវរីយ៍ស្នាព្រះហស្ដសម្តែងរបស់ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​​ ជាមួយប្រជាពលរដ្ឋ កាលទ្រង់មានវ័យក្មេងនៅឡើយ។

    ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​ព្រះរាជ​សម្ភព​នា​ថ្ងៃ​ទី 14 ខែ​ឧសភា ឆ្នាំ​1953។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី នរោត្ដម មុនី​នាថ សីហនុ។ ព្រះអង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ជ្រើស​តាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយ​ពេល​ដែល​ព្រះអង្គ​បាន​ដាក់​រាជ្យ កាល​ពី​ថ្ងៃ​ទី​7 ខែ​តុលា ឆ្នាំ2004។ មុន​ពេល​ឡើង​សោយរាជ្យ ព្រះបាទ​សីហមុនី ល្បីល្បាញ​ដោយ​ស្នា​ព្រះហស្ថ​របស់​ទ្រង់​ជា​ឯកអគ្គរាជទូត​វប្បធម៌​នៅ​អង្គការ​យូនេស្កូ(UNESCO) និង​ជា​គ្រូ​បង្ហាត់​របាំបុរាណដ៏​ចំណាន​។

    ចង់ដឹងថា វីដេអូព្រះរាជសម្ដែងដំបូងរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យ៉ាងណានោះ សូមគោរពអញ្ជើញយាងទត និងទស្សនាវីដេអូខាងក្រោមនេះ៖

  • អ្នកនាង សុគន្ធ នីសា បង្ហាញអារម្មណ៍សង្វេគចំពោះកម្មករចុះកាយសំរាមក្នុងលូទឹកស្អុយ

    អ្នកនាង សុគន្ធ នីសា បង្ហាញអារម្មណ៍សង្វេគចំពោះកម្មករចុះកាយសំរាមក្នុងលូទឹកស្អុយ

    ថ្មីៗនេះ តារាចម្រៀងស្រីស្រគត់ស្រគំប្រចាំទ្រនំរស្មីហង្សមាស អ្នកនាង សុគន្ធ នីសា បានបង្ហាញអារម្មណ៍សង្វេគរបស់ក្រុមកម្មករ ចុះកាយសំរាមក្នុងលូទឹកស្អុយ ដែលមានការកកស្ទះ ដោយមហាជនជាច្រើនខ្ទើមរអើម និងមិនឱ្យតម្លៃការងារនោះ។ អ្នកនាងបានសរសេរយ៉ាងអន្លាយប្រកបដោយអត្ថន័យជ្រាលជ្រៅនៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានទស្សនាវីដេអូបទយការណ៍ពី ក្រុមកម្មករស្អាតលួទឹកស្អុយ ហើយជាមួយគ្នានេះមានទស្សនិកជនជាច្រើន បានបង្ហាញចំណាប់អារម្មណ៍គាំទ្រ និងបញ្ចេញមតិបំផុសដូចគ្នា នឹង សុគន្ធ នីសា ផងដែរ។

    អ្នកនាង សុគន្ធ នីសា បានរៀបរាប់ថា «មើលវីដេអូនេះហើយមានអារម្មណ៍ថា អាណិតពួកគាត់ ជីវិតពួកគាត់ពិតជាអស្ចារ្យណាស់ ការងារដែលគ្រប់គ្នាខ្ពើមរអើម តែពួកគាត់ធ្វើជិត៣០ឆ្នាំហើយ។ តាមពិតទៅយើងគ្រាន់តែកាន់សំរាមមួយកញ្ចប់ ឬថង់មួយទៅដាក់ក្នុងធុងសំរាមក៏មិនជារឿងពិបាកដែរ»។

    តារាស្រីរម្យទំរូបនេះ បានបន្តថា «ពួកយើងទាំងអស់គ្នា មានការងារធ្វើ និងរស់នៅក្នុងបរិស្ថានដ៏ល្អណាស់ យើងក៏អាចចាប់ផ្តើមពីខ្លួនយើង ជួយថែរក្សាឬសម្អាតបរិស្ថានជុំវិញខ្លួន ក៏ដូចជាជួយពួកគាត់ដែរ ព្រោះការងារពួកគាត់ គឺជាជីវិតមួយបែប ដែលយើងមិនធ្លាប់គិតដល់ ហើយជីវិតបែបនេះ នឹងមិនសូវជាពិបាកប៉ុន្មានទេ ប្រសិនបើយើងគ្រប់គ្នាចូលរួមចំណែកប្រព្រឹត្ត និងទទួលខុសត្រូវរៀងៗខ្លួនចំពោះសំរាម និងកាកសំណល់ផ្សេងៗ ឲ្យមានរបៀបត្រឹមត្រូវ»។

    អ្នកចម្រៀងសំឡេងមនោសញ្ចេតនារូបនេះនិយាយថា «បើសិនអាចបែបនេះ គឺនឹងជួយសម្រាលដល់ការងារគាត់ ហើយបានបរិស្ថានស្អាតទាំងអស់គ្នា។សង្ឃឹមថា មើលរូបភាពមួយនេះហើយ យើងទាំងអស់គ្នានឹងបង្អង់គិតមុននឹងចោលសំរាមថា សំរាមវាត្រូវតែនៅកន្លែងសម្រាប់ដាក់សំរាម ប្រសិនបើយើងខ្លួនឯង មិនបានដាក់វាឲ្យត្រូវកន្លែងទេ នោះប្រាកដជាតម្រូវឲ្យអ្នកផ្សេង ទៅតាមរើសសំរាមរបស់យើង ដែលធ្លាក់ប៉ើងគ្រប់កន្លែងនោះ ដល់ក្នុងលូឲ្យយើងហើយ»។

    តារាចម្រៀងមុខស្រទន់ ដែលទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពលើទីផ្សាចម្រៀង មានរយៈពេលជាច្រើនហើយនោះ អ្នកនាង សុគន្ធ នីសា បញ្ជាក់បន្ថែមថា «សន្យាចូលរួមទាំងអស់គ្នាណា នាងខ្ញុំក៏សន្យាដែរថា នឹងថែរក្សាសណ្តាប់ធ្នាប់ កុំចោលសំរាមផ្តេសផ្តាស ដើម្បីមនុស្សគ្រប់គ្នា ក្នុងសង្គមយើង»៕

  • អ្នកនាង ម៉េង កែវពេជ្ជតា នាំកូនៗសម្ដែងឧបករណ៍ភ្លេងបុរាណខ្មែរនៅលើឆាកអន្ដរជាតិ

    អ្នកនាង ម៉េង កែវពេជ្ជតា នាំកូនៗសម្ដែងឧបករណ៍ភ្លេងបុរាណខ្មែរនៅលើឆាកអន្ដរជាតិ

    តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើការបង្ហោះវិដេអូមួយដែលអ្នកនាង និងកូនៗបានធ្វើការសម្តែងដើម្បីបង្ហាញវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិនៅឯប្រទេសបារាំង។

    វីដេអូដែលមានរយៈប្រមាណជាង 5 នាទី បានស្ដែងឱ្យឃើញថា កូនប្រុសស្រីរបស់រាជនីសំឡេងមាសរូបនេះ ជាអ្នកលេងឧបករណ៍ភ្លេងបុរាណ និងសម័យ ហើយអ្នកនាង ជាអ្នកចម្រៀង ដែលបានលើកយកបទ “បណ្តាំអង្គរ” យកមកបកស្រាយ។ អ្នកនាង ម៉េង កែវពេជ្ជតា រៀបរាប់ថា « នេះជាសមិទ្ធិផលដែលយើងខ្ញុំទទួលបាន​ ។ សូមផ្ញើមោទកភាពនេះជូនដល់បងប្អូនជនរួមឈាមខ្មែរទាំងឡាយ​ ពិសេស​ ក្រុមគ្រួសារសិល្បៈ​ម៉េង​ បទ​ទីមួយ “​បណ្តាំអង្គរ​ “​ ប្រគុំតន្ត្រី​ និងច្រៀងផ្ទាល់​ ដោយអ្នកនាងពេជ្ជតា​ និងកូនទាំងពីរ​។ បទភ្លេង​ និងសម្រួលតន្ត្រី​ :​ លោកសាស្ត្រាចារ្យ​ ​ សេរីវុធ​, ទំនុកច្រៀង​ :​ អ្នកនាង​ ម៉េង​ កែវពេជ្ជតា​ ,ទ្រសោរ​ :​ កុមារា​ ពេជ្ររតនៈ Violin :​ កុមារី​ សង្វាពេជ្រ​ ,Mondoline :​ អ្នកបងធំ​ ម៉េង​កែវពេជ្របុប្ផា ,Piano :​ សាស្ត្រាចារ្យ​ រ៉ុង​ សេរីវណ្ណ, Quitar Bass : លោក​ នីលីណា​ , Clarinet : នី​ ពេជ្រឥន្ទតារា​ , រៀបចំតុបតែងសម្លៀកបំពាក់ដោយ​ សាស្ត្រាចារ្យ​ ម៉េង​ កុសុម៉ា​ និង ច្រៀង​ និងលេងឃឹមដោយ​ អ្នកនាង​ ម៉េង​ កែវពេជ្ជតា »។

    អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ផងដែរថា ការសម្តែងនេះត្រូវបានប្រារព្ធឡើងនៅសាលមហោស្រព មាត់សមុទ្រ Dieppe Casino ប្រទេសបារាំង នៅពីថ្ងៃទី8 ខែកញ្ញា ឆ្នាំ2018 កន្លងទៅ ដែលមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសចូលរួមទស្សនាយ៉ាងច្រើនកុះករតែម្ដង៕

  • ទេសភាពវាលស្រែ «ផ្កាស្នោ» តំបន់ទេសចរណ៍បែបស្រុកស្រែកំពុងល្បីខ្លាំងនៅក្នុងប្រទេសថៃ

    ទេសភាពវាលស្រែ «ផ្កាស្នោ» តំបន់ទេសចរណ៍បែបស្រុកស្រែកំពុងល្បីខ្លាំងនៅក្នុងប្រទេសថៃ

    ភ្លៀងធ្លាក់ជោកជាំ!! ផ្គរលាន់ក្ដុងក្ដាំង!! ហ៊ីងយំអឺងកង!! តើបងប្អូនទាំងអស់ត្រៀមខ្លួនហើយឬនៅ? យើងនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅដើរកម្សាន្ដនៅតំបន់ទេសចរណ៍ស្រុកស្រែបែបប្លែកភ្នែក និងមានខ្យល់អាកាសបរិសុទ្ធត្រជាក់ល្អ…ទីនោះគឺ «វាលស្រែផ្កាស្នោ ប៉ៈធុមថានី -បាងប៉ៈហាន់» ដែលកំពុងតែបង្អួតខ្លួនយ៉ាងល្បីល្បាញនៅក្នុងប្រទេសថៃ។

    វាលស្រែផ្កាស្នោ មួយនេះមានទីតាំងស្ថិតនៅលើផ្លូវ374 ស្រុកប៉ៈធុមថានី -បាងប៉ៈហាន់ ខេត្តអយុថ្យា។ កសិករម្នាក់បានចំណាយដីស្រែប្រមាណជាង 5រ៉ៃដាំដើមស្នោឱ្យក្លាយជាវាលស្រែដើមស្នោ និងតុបតែងលម្អដោយខ្ទមក្យូស និងកៅអីបង់សម្រាប់អង្គុយលេង ទទួលភ្ញៀវទេសចរក្នុងមួយថ្ងៃៗជាច្រើននាក់ដែលចូលមកថតរូបលេងកម្សាន្ដ។

    បើតាមការបញ្ជាក់របស់គេទំព័រ Mthai បានឱ្យដឹងថា ភ្ញៀវទេសចរដែលមកកាន់វាលស្នោពណ៌ស្រស់បំព្រងនេះ ត្រូវចំណាយថវិកាទិញសំបុត្រអស់ 40បាត ហើយភាគច្រើនគេសង្កេតឃើញមានភ្ញៀវមកតែពេលព្រឹកព្រលឹម និងពេលរសៀលត្រជាក់ៗតែប៉ុណ្ណោះ។

    មុនពេលដើរទៅកាន់វាលស្នោនោះ លោកអ្នកនឹងបានឃើញរូបសត្វក្របីធំៗ 2ក្បាល មានពណ៌ផ្កាឈូក និងពណ៌ត្នោត ញញឹមមកកាន់លោកអ្នក ដោយមានអក្សរសរសេរថា «សូមស្វាគមន៍»។

    ចង់ដឹងថា តើទេសភាពស្រស់ត្រកាលបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖

  • ខាត់ វ៉ៃហាំង សង្ហាខ្លាំងណាស់ ពេលគ្រងឈុតសម្លៀកបំពាក់ ហនុមាន និងអសុរា

    ខាត់ វ៉ៃហាំង សង្ហាខ្លាំងណាស់ ពេលគ្រងឈុតសម្លៀកបំពាក់ ហនុមាន និងអសុរា

    ថ្មីៗនេះ ពិតជាប្លែកភ្នែកខ្លាំងណាស់ ខណៈដែលតារាសម្ដែងប្រុសកំពុងទទួលបានការនិយមស្រឡាញ់ពេញចិត្តពីអ្នកគាំទ្រ គឺលោក ខាត់ វ៉ៃហាំង បានសម្ញែងរាងដ៏សង្ហាគ្រងឈុតល្ខោនខោលខ្មែរ រួមមានឈុតហនុមាន និងអសុរា ហើយកាន់តែធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងទៅទៀត នៅពេលដែលលោកដើរបង្ហាញរាងនៅក្នុងបរិវេណផ្សារទំនើប អ៊ីអន 2 សែនសុខ។

    ជាក់ស្ដែងបើតាមរយៈគណនីហ្វេសប៊ុករបស់លោកផ្ទាល់បានរៀបរាប់ឱ្យដឹងថា «ថតទ្រង់គ្រឿងល្ខោនខោល ដោយក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី ស្អាត»។ យ៉ាងណាមិញ គេក៏មើលឃើញមានការចែករំលែកបន្ដពីនាដករល្ខោនខោល ហង់ ភូមិរា និងបានពោលសរសើរថា «ថតទ្រងគ្រឿងល្ខោនខោល ដោយក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី ស្អាត»។ ក្នុងនោះគេឃើញមានអ្នកគាំទ្រលាន់មាត់សរសើរថា ពិតជាស្រស់សង្ហា ស័ក្តិសមជាបុរសខ្មែរតែម្ដង។

    តោះ! កុំឱ្យខាតពេលយូរ ទស្សនារូបភាពខាងក្រោមតែម្ដង៖

  • តោះ!! កុំបណ្ដោយឱ្យបាត់បង់ទៀត មកស្វែងយល់អំពីឧបករណ៍ភ្លេងបុរាណខ្មែរ គែន

    តោះ!! កុំបណ្ដោយឱ្យបាត់បង់ទៀត មកស្វែងយល់អំពីឧបករណ៍ភ្លេងបុរាណខ្មែរ គែន

    គែន គឺជាប្រភេទឧបករណ៍តន្ត្រីគ្រឿងផ្លុំ ធ្វើពីបំពង់ឫស្សីតូចៗជាច្រើនដើម និងមានប្រវត្តិដ៏យូរលង់ណាស់មកហើយនៅប្រទេសយើង។ ដោយសារយើងសង្កេតឃើញថា គែន ក៏មានប្រើប្រាស់នៅតាមប្រទេសជិតខាងមួយចំនួនដែរនោះ ទើបបណ្ដាលឱ្យកូនខ្មែរមួយចំនួនមិនបានស្គាល់ពីភាពខុសគ្នា រវាងគែនខ្មែរ គែនឡាវ និងគែនថៃថា តើមានភាពខុសគ្នាខាងបំពង់សំឡេងយ៉ាងណាខ្លះ។

    បើតាមការបញ្ជាក់របស់អ្នកគ្រូ ដូរីវណ្ណ និងក្រុមការងារឯកទេសភ្លេងបុរាណខ្មែរថា អ្នកគ្រូនឹងរៀបចំសិក្ខាសាលាផ្លាស់ប្ដូរមួយជាមួយសិល្បករគែនមកពីប្រទេសឡាវ។ សិក្ខាសាលានេះចាប់ផ្តើមនៅថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 វេលាម៉ោង9: 30នាទី ដល់ម៉ោង11ព្រឹក នៅឆាកសម្ដែងសិល្បៈខ្មែរអតមៈសារមន្ទីរជាតិ ភ្នំពេញ។ នៅក្នុងកម្មវិធីសិក្ខាសាលានេះផងដែរ ក៏មានបទបង្ហាញអំពីគែនខ្មែរ និងឡាវ ដែលមានប្រវត្តិយូរលង់ តែដោយឡែកនៅក្នុងប្រទេសកម្ពុជា គេសង្កេតឃើញពុំសូវមានអ្នកចេះផ្លុំគែនដូចកាលពីបុរាណកាលឡើយ។ នាបច្ចុប្បន្ន គេឃើញមានតែបងប្អូនខ្មែរមួយចំនួនតូចនាខេត្តស្ទឹងត្រែង ឧត្តរមានជ័យ និងព្រឹទ្ធាចារ្យមួយចំនួនប៉ុណ្ណោះដែលចេះផ្លុំគែនខ្មែរ។

    សូមជម្រាបថា អ្នកគ្រូក៏បានអំពាវនាវឱ្យកូនខ្មែរគ្រប់រូបចូលរួមស្វែងយល់អំពីឧបករណ៍ភ្លេងខ្មែរមួយនេះ ដែលស្ទើតែបាត់បង់ទៅហើយ ដោយសារគ្មានអ្នកចេះផ្លុំ និងចង់ឱ្យយុវវជនបានចូលរួមចំណែកក្នុងការថែរក្សាគែនខ្មែរជាថ្មីឡើងវិញ ព្រោះនេះជាមរតកដូនតាខ្មែរមួយដែលបានបន្សល់ទុក។

    ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូពន្យល់ពីឧបករណ៍តន្ត្រីគ្រឿងផ្លុំ គែនខ្មែរ ខាងក្រោមនេះ ៖