Author: អេបិល

  • មិនគួរំលងខ្សែភាពយន្ដកំប្លែង «ណូលីណូឡា» ដែលត្រៀមបង្ហាញខ្លួននៅមហោស្រពភាពយន្តអន្តរជាតិ

    មិនគួរំលងខ្សែភាពយន្ដកំប្លែង «ណូលីណូឡា» ដែលត្រៀមបង្ហាញខ្លួននៅមហោស្រពភាពយន្តអន្តរជាតិ

    វណ្ណកម្មភាពយន្តថ្មីរបស់ផលិតកម្មមហាហង្សដែលមានទស្សនីយភាពបែបកំប្លែង និងអប់រំ ត្រូវបានដាក់សម្ពោធជាផ្លូវការហើយកាលពីល្ងាចថ្ងៃម្សិលមិញនេះ ដោយខ្សែភាពយន្តនេះមានចំណងជើងថា «ណូលីណូឡា» ហើយបានដាក់លក់សំបុត្រចាប់ពីថ្ងៃទី20 កញ្ញាតទៅ។

    ភាពយន្តនេះត្រូវបានផលិតករបង្ហើបប្រាប់ថា អស់ខ្ទង់ចំណាយជាង 5ម៉ឺនដុល្លារសហរដ្ឋអាមេរិក ​និងប្រជុំសុទ្ធតែតារាល្បីៗតែម្ដង មានដូចជាកញ្ញា ឌុច លីដា និងកញ្ញា ភិន សុដាលីស គឺជាតួឯកធំប៉ះគ្នាជាលើកដំបូង និងប្រជុំដោយតួអង្គធំៗច្រើនទៀតដូចជា លោក ណាខុន នាងខ្ញុង នាយពាក់មី នាងកាកា អ្នកស្រីចាន់ តារាទី និងតារាល្បីៗជាច្រើនទៀត។ ភាពយន្ដដ៏ល្អឯកមួយនេះ មានការផលិតយ៉ាងសម្រិតសម្រាំងបំផុត ដោយសារតែខ្សែភាពយន្ដនេះបានត្រៀមទៅចូលរួមនៅក្នុងមហោស្រពភាពយន្ដអន្ដរជាតិ ដូច្នោះហើយទាំងប្លង់ថត ទីតាំង អត្ថបទភាពយន្ដ តួសម្ដែង សុទ្ធតែប្រកបដោយភាពប្រណីតទាំងអស់។

    លោក អិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សបានប្រាប់អ្នកសារព័ត៌មានថា «មួយរឿងនេះបង្កប់នូវការអប់រំខុសពីរឿងមុនៗឆ្ងាយណាស់ ជាពិសេសការទូន្មានឱ្យតួអង្គស្រីចេះរៀបចំខ្លួនទន់ភ្លន់ ចេះសំពះ ចេះធ្វើបុណ្យ និងសំខាន់ជាងគេ គឺចង់អប់រំឱ្យចេះស្រឡាញ់គ្នានៅក្នុងរង្វង់គ្រួសារតែមួយ» ហើយលោកបានប្រកាសថា ក្រៅពីបានមើលកម្សាន្តហើយ គឺមានតម្លៃសម្រាប់ការអប់រំ និងវប្បធម៌យ៉ាងសម្បូរបែប។ ភាពយន្តនេះ ក៏បានផ្ដិតយកទិដ្ឋភាពប្រសាទអង្គរវត្ត ប្រាសាទបាយ័ន ផ្ទះបែបខ្មែរបុរាណ និងពីសិល្បៈនៃការកែច្នៃផងដែរ ដោយសារតែលោករំពឹងថា បើខ្សែភាពយន្តនេះបានបង្ហាញខ្លួននៅក្នុងមហោស្រពភាពយន្តអន្តរជាតិទៀតផងនោះ គឺនឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់ពីប្រទេសកម្ពុជា។

    ងាកមកកាន់កញ្ញា ម៉ៅ ចាន់រស្មី អ្នកនិពន្ធសាច់រឿង «ណូលីណូឡា» បានអះអាងថា នៅក្នុងសាច់រឿងមួយនេះ កញ្ញាមិនមែនផ្ដោតតែលើការកម្សាន្តឱ្យសប្បាយនៅពេលទស្សនាប៉ុណ្ណោះទេ ប៉ុន្តែកញ្ញាមានគោលបំណងចង់បង្កប់ខ្លឹមសារអប់រំ និងចង់ទាញផ្នត់គំនិតរបស់អ្នកទស្សនាឱ្យស្គាល់ពីតម្លៃវប្បធម៌ និងតំបន់ទេសចរណ៍នានានៅខេត្តសៀមរាបផងដែរ ទើបរឿងទាំងមូលត្រូវចំណាយពេលថតច្រើននៅខេត្តសៀមរាប ជាពិសេសគឺតំបន់ប្រាសាទ និងកន្លែងសិប្បកម្មកែច្នៃរបស់អ្នកស្រុក ដើម្បីឱ្យត្រូវនឹងសាច់រឿងដែលនាងតាក់តែង។ កញ្ញារំពឹងយ៉ាងខ្លាំងថា អ្នកទស្សនាភាពយន្តរឿង «ណូលីណូឡា» នឹងទទួលបានខ្លឹមសារដែលនាងបានដៅទុក ខណៈដែលក្រោយការផលិត គឺនាងរឹតតែពេញចិត្តចំពោះប្លង់ សំឡេង និងការសម្ដែងរបស់តួអង្គនីមួយៗ ដោយនាងយល់ថាស្នាដៃដែលខ្លួនបាននិពន្ធ នឹងមានការគាំទ្រខ្លាំងក្លា។

    គួរបញ្ជាក់ផងដែរថា វត្តមានតារាចូលរួមសម្ពោធរឿង គេសង្កេតឃើញមានលោក ភឹម តារាវិបុល លោក ហេង នរៈកក្កដា លោក អូន ឧស្សាហ៍ លោក ជុំ វិចិត្រ ជាអ្នកដឹកនាំរឿង តំណាងរោងកុន លេជេន ខាងនាយកដ្ឋានភាពយន្ត និងតារាកិត្តិយសជាច្រើនរូបទៀតផង។ កុំឱ្យរំលងឱ្យសោះ សូមអញ្ជើញទៅទស្សនាទាំងអស់គ្នា៕

  • លោក ខាំ ភូរិ សម្ដែងក្ដីបារម្ភចំពោះរឿងភាគទូរទស្សន៍ខ្មែរ អាចឈានទៅរកការដួលរលំម្តងទៀត

    លោក ខាំ ភូរិ សម្ដែងក្ដីបារម្ភចំពោះរឿងភាគទូរទស្សន៍ខ្មែរ អាចឈានទៅរកការដួលរលំម្តងទៀត

    ខណៈបច្ចុប្បន្នវិស័យខ្សែភាពយន្តខ្មែរ កំពុងតែមានការអភិវឌ្ឍបន្តិចម្តងៗក្តី តែបើក្រឡេកទៅមើលពីបណ្តាអ្នកទស្សនាវិញ ហាក់បីដូចជាមិនសូវជួយជ្រោមជ្រែង និងគាំទ្រស្នាដៃភាពយន្តខ្មែរនោះទេ។

    ស្របគ្នានេះដែរ គេសង្កេតឃើញថា បងប្អូនខ្មែរភាគច្រើននិយមតែតាមដានរឿងភាគថៃ ដល់ថ្នាក់តាមបណ្តាស្ថានីយទូរទស្សន៍ក្នុងស្រុកស្ទើរគ្រប់ប៉ុស្តិ៍ចាក់តែរឿងថៃទៅហើយ។ នៅក្នុងនោះ លោក ខាំ ភូរិ ដែលជាផលិតករភាពយន្តមួយរូប បានសម្ដែងក្ដីព្រួយបារម្ភ និងបង្ហាញពីឆន្ទៈផលិតខ្សែភាពយន្ដដែលផ្តោតលើគុណភាព ទោះជាមានការគាំទ្រតិចតួចក៏ដោយនោះ បានអះអាងថា «មិនឈប់ទេ ទោះក្នុងរោងភាពយន្តមានតែមនុស្សម្នាក់មើល ឬមុខកញ្ចក់ទូរទស្សន៍បើកចោលគ្មានអ្នកអង្គុយពីមុខក៏ដោយ ព្រោះវិស័យនេះវាបានផ្សាយពីមុខមាត់ជាតិយើងឱ្យគេស្គាល់»។

    លោក ខាំ ភូរិ បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីក្ដីបារម្ភ និងកង្វល់យ៉ាងច្រើនចំពោះរឿងភាគខ្មែរថា  «ស្ថានីយទូរទស្សន៍ស្ទើរតែទាំងអស់ចាប់ផ្តើមចាក់ផ្សាយរឿងភាគថៃឡើងវិញហើយ ឆន្ទៈមិនអាចប្រៀបសេដ្ឋកិច្ចបានទេ។​ ចុះរឿងខ្មែរអាចឈានទៅរកការដួលរលំម្តងទៀតហើយមែនទេ? នៅទេ! គ្មានកំហុសអ្នកណាទេ ព្រោះអ្នកមើលទទួលយកបែបនេះ បែបនេះមានន័យថា គាត់មិនខ្វល់រឿងអ្វីក្រៅពីការកម្សាន្តអារម្មណ៍ មានតណ្ហាលើអ្វីដែលចូលចិត្ត។ ទាំងសមត្ថភាពផលិត ធនធានមនុស្ស និងហិរញ្ញវត្ថុ យើងមិនអាចប្រៀបជាមួយគេទេ នោះមិននិយាយដល់ពីការជ្រោមជ្រែងរបស់ផ្នែករដ្ឋផង​»។

    លោកបន្ដថា «បើមិនចាក់រឿងថៃ គ្មានរឿងបរទេសផ្សេងចាក់មែនទេ? មានតែមនុស្សខ្មែរភាគច្រើនចូលចិត្តមើល​។ ចុះរឿងខ្មែរ? រឿងខ្លះមានគុណភាព រឿងខ្លះគ្មានគុណភាព ផលិតករខ្លះ 6ខែផលិត 3រឿង ក្នុងពេលតែមួយ។ ហេតុអី? សេដ្ឋកិច្ច ចង់ចំណេញ។ គ្មានឆន្ទៈទេ? មានតែឆន្ទៈស៊ីអីកើត។ ចុះក្មេងៗបច្ចុប្បន្នអត់សមត្ថភាពផលិត? មាន ធ្វើល្អ ពេលខ្លះហ៊ាននិយាយថា អាចល្អជាងបរទេសទៀត បើបរិយាកាសសេដ្ឋកិច្ចផ្តល់ឱ្យគ្រប់គ្រាន់ ជាឧទាហរណ៍មានស្រាប់ហើយកាលពីកន្លងមកនោះ​។ គួរឈប់ផលិតទេ បើគ្មានអ្នកមើល? មិនឈប់ទេ ទោះក្នុងរោងភាពយន្តមានតែមនុស្សម្នាក់មើល ឬមុខកញ្ចក់ទូរទស្សន៍បើកចោលគ្មានមនុស្សអង្គុយពីមុខ ព្រោះវិស័យនេះវាបានផ្សាយពីមុខមាត់ជាតិឱ្យគេស្គាល់ យ៉ាងហោចណាស់យកផុសក្នុងបណ្តាញសង្គមក្រែងមានអ្នក Like បួនដប់នាក់ដែរ​»៕

  • ​ច្បាស់ការហើយ! រឿងថ្ងៃចូលរោងការរបស់តារាចម្រៀងសំឡេងផ្អែម នី រតនា

    ​ច្បាស់ការហើយ! រឿងថ្ងៃចូលរោងការរបស់តារាចម្រៀងសំឡេងផ្អែម នី រតនា

    តារាចម្រៀងវ័យក្មេងសំឡេងផ្អែម និងមានទឹកដមប្រកបដោយមនោសញ្ចេតនា លោក នី រតនា ត្រូវបានគេបង្ហើបឱ្យដឹងថា នឹងចូលរោងការនៅថ្ងៃទី18 ខែមករា ឆ្នាំ2019 ខាងមុខនេះ ដោយគ្រោងធ្វើនៅគេហដ្ឋានខាងស្រី ដែលជាកូនអ្នកមានទ្រព្យធនផងដែរ។ នៅក្នុងនោះ​ ក៏នឹងមានវត្តមានភ្ញៀវកិត្តិយសដែលជាមន្ត្រីរាជការ អ្នកមានមុខមាត់ក្នុងសង្គម អ្នកជំនួញធំៗ​ ជាពិសេស គឺអ្នកសិល្បៈដែលសរុបទាំងអស់មិនក្រោម 1,000នាក់ឡើយ។

    តាមការបង្ហើបឱ្យដឹងដដែលនោះ គេដឹងថា សម្រាប់​ថ្លៃ​បណ្ណាការវិញ ក៏ នី រតនា ជូន​ដល់​ខាង​ស្រី​ច្រើន​គួរសម​ដែរ ប៉ុន្ដែមិនបានបញ្ជាក់ថា ប៉ុន្មានឡើយ។ ពេលនេះ​ដែរ នី រតនា ក៏បាន​រៀបចំ​ខ្លះៗ​ហើយ​សម្រាប់​ពិធីមង្គលការ​របស់លោក​ដែលមាន​ដូចជា ​ការថត​រូប Pre wedding  ​កក់​ហាង និង​សម្អាងការ​ជាដើម។

    គួររំឭកផងដែរថា ​ក្រោយពេលបានបង្កាត់ភ្លើង​ស្នេហ៍​អស់​រយៈពេល​ប្រមាណជា​ 3ឆ្នាំរួចមក ​លោក នី រតនា បានសម្រេច​ចិត្ត​រៀបចំ​ពិធី​ភ្ជាប់ពាក្យជា​ផ្លូវការ ​កាលពី​ថ្ងៃទី​27 ខែមេសា ឆ្នាំ​2018 កន្លងមក​ជាមួយ​អនាគត​ភរិយា កញ្ញា ហេង សុវណ្ណ​ភក្តិ​ណា​ និងបច្ចុប្បន្ន​គូស្នេហ៍​​ទាំងពីរ​កំពុងតែត្រៀមលក្ខណៈជាស្រេចក្នុងធ្វើជាកូនកំលោះស្រស់សង្ហា កូនក្រមុំដ៏ស្រស់សោភានាថ្ងៃរៀប​អាពាហ៍ពិពាហ៍នាប៉ុន្មានខែខាងមុខនេះហើយ៕

  • ពិតមែនឬ?! ខេមរៈ ស្រីពៅ ប្រកាសវិលចូលសិល្បៈវិញ?

    ពិតមែនឬ?! ខេមរៈ ស្រីពៅ ប្រកាសវិលចូលសិល្បៈវិញ?

    ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដែលមុននេះបន្ដិចនៅលើបណ្ដាញសង្គម គេមើលឃើញថា គណនីហ្វេសប៊ុកផេចមួយ ដែលមានឈ្មោះថា «ខេមរៈ ស្រីពៅ KhemarakSreypov» បានប្រើប្រាស់រូបភាពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ ដែលបានបង្ហោះសារថា ប្អូនស្រីកំពូលតារាចម្រៀងប្រុស ខេមរៈ សិរីមន្ដ បានប្រកាសវិលចូលសិល្បៈវិញហើយ។

    តាមរយៈសំណេរនោះបានឱ្យដឹងថា «បងប្អូន និងfanទាំងអស់គ្នាប្រាកដជានៅរង់ចាំនាងខ្ញុំឱ្យមកចូលសិល្បៈវិញ កុំបារម្ភអីណា នាងខ្ញុំប្រាកដជាចូលសិល្បៈវិញមិនខាន ចង់និយាយថាស្រឡាញ់អ្នកទាំងអស់គ្នាណាស់ កុំភ្លេចណា ជួយ like comment share បន្តផងដើម្បីឱ្យបងប្អូនបានដឹងទាំងអស់គ្នា»។ យ៉ាងណាមិញ នៅមិនទាន់មានការបញ្ជាក់ណាមួយដែលអះអាងថា គណនីខាងលើនោះ ជាទំព័របណ្ដាញសង្គមពិតរបស់តារាស្រីរូបនេះឡើយ។

    គួរ​រំឭក​ដែរ​ថា ចាប់តាំងពី​ដើមឆ្នាំ2016មក តារាចម្រៀង ខេមរៈ ស្រី​ពៅ ត្រូវបាន​ប្រភព​ព័ត៌មាន​​ពី​អ្នក​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាមបានទំលាយឱ្យដឹង​ថា នាងបាន​រសាត់​ខ្លួន​ចេញពី​សង្គម​សិល្បៈ ដោយ​សារ​តែមាន​ជំងឺ​ប្រតិកម្ម​ស្បែក​ធ្ងន់ធ្ងរដើម្បីទៅ​ព្យាបាល​នៅ​ថៃ។ អស់រយៈពេលកន្លងផុតជិត 2ឆ្នាំមកហើយដែលកញ្ញា ខេមរៈ ស្រី​ពៅ នៅ​តែ​មិន​បង្ហាញ​មុខ​លើ​វិថី​សិល្បៈ​ តែយ៉ាងណាមិញ​មហាជន​ឃើញ​ឈ្មោះ​នាង​រំលេច​ស្នាដៃ​និពន្ធ​ទំនុក​ច្រៀង​បទ «ស្រុក​ខ្ញុំ​គេ​រាំ​តែ​អ៊ី​ចឹង» ឱ្យលោក ខេមរៈ សិរីមន្ត ជា​បង​ប្រុស​ច្រៀង និងទទូចឱ្យតារាស្រីរូបនេះ វិលត្រឡប់ចូលសិល្បៈវិញឆាប់ៗនេះផងដែរ ៕

  • រឿង «ធ្មប់» ទទួលជោគជ័យ និងកំពុងដាក់បញ្ចាំងនៅលើទឹកដីសហរដ្ឋអាមេរិកហើយ!

    រឿង «ធ្មប់» ទទួលជោគជ័យ និងកំពុងដាក់បញ្ចាំងនៅលើទឹកដីសហរដ្ឋអាមេរិកហើយ!

    ថ្មីៗនេះ បងប្អូនខ្មែរដែលរស់នៅទីក្រុង ឡុងប៊ិច សហរដ្ឋអាមេរិក បានរៀបចំកម្មវិធីមហោស្រពភាពយន្ដកម្ពុជា ឬ Cambodia Town Film Festival 2018 ដែលមានការចាក់បញ្ចាំងជូនទស្សនានូវភាពយន្ដខ្មែរល្បីៗជាច្រើនរឿងព្រមគ្នា ព្រមទាំងមានការអញ្ចើញចូលរួមពីសំណាក់កំពូលតារាសម្ដែងស្រី Angelina Jolie បវរកញ្ញាចក្រវាល កញ្ញា យស់ ប៉ូលីណា និងតារាសម្ដែងពីប្រទេសកម្ពុជា អ្នកស្រី សរ កេសារា កញ្ញា ហ៊ិន ចាន់និរ័ត្ន លោក ហ៊ុយ យ៉ាឡេង ជាដើម។

    នៅកម្មវិធីមហោស្រពនោះ ក៏មានចាក់បញ្ចាំងរឿង «ធ្មប់» ជារឿងដែលទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក និងឥឡូវនេះបានទៅបង្ហាញជូនទស្សនានៅលើទឹកដីសហរដ្ឋអាមេរិកហើយ។ តាមការបញ្ជាក់របស់លោក ហ៊ុយ យ៉ាឡេង ផលិតករ និងជាអ្នកដឹកនាំរឿង​ «ធ្មប់» បានប្រាប់ឱ្យដឹងថា «កម្មវិធីមហោស្រពភាពយន្តCambodia Town Film Festival បានបញ្ចប់ទៅដោយក្ដីមោទនភាពជាតិខ្មែរ នាទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក។ ក្នុងនោះផងដែរ ភាពយន្តបុរាណខ្មែររឿង «ធ្មប់» បានទទួលពានរង្វាន់ OfficialSelection និងទទួលបានប័ណ្ណសរសើរពីចៅហ្វាយក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ទៀតផង។

    ម្ចាស់ផលិតកម្ម មាតុចក្រ រូបនេះ បានបន្ដថា «ហើយមិនតែប៉ុណ្ណោះ កម្មវិធីឆ្នាំនេះក៏បានទទួលការផ្តល់កិត្តិយស បើកកម្មវិធីពីតារាហូលីវូដ គឺអ្នកស្រី អេនជើលីណា ចូលី ផងដែរ។ កម្មវិធីរយៈពេល 4ថ្ងៃនេះ បានបញ្ចប់ដោយក្តីរីករាយពីបណ្តាភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមយ៉ាងច្រើនកុះករ ពិសេសកូនខ្មែរដែលកើតនៅអាមេរិកមានក្ដីរំភើបចិត្ត និងរីករាយឥតឧបមាដែលបានទស្សនាខ្សែភាពយន្តខ្មែរ និងសូមអរគុណអ៊ុំ ពូ មីងជាអាណិកជនខ្មែរនៅអាមេរិកដែលបានផ្តល់ភាពកក់ក្តៅ ទទួលស្វាគមន៍គាំទ្រពួកយើងខ្ញុំបាទដោយក្តីរីករាយគ្រប់ៗគ្នា។ មិនតែប៉ុណ្ណោះយើងខ្ញុំបាទ ពិតជារីករាយដែលបានឃើញកូនខ្មែរនៅអាមេរិកបានបម្រើការងារខាងផ្នែកភាពយន្តនៅហូលីវូដ និងខ្លះកំពុងទទួលបានពានរង្វាន់ពិភពលោកទៀតផង ពិតជាគួរឱ្យរំភើបមែន ហើយយើងខ្ញុំបាទនឹងសុំរៀនសូត្រតាមដើម្បីយកទៅអភិវឌ្ឈន៍វិស័យនេះនៅស្រុកខ្មែរយើងផងដែរ»។

    ជាចុងក្រោយ លោក ហ៊ុយ យ៉ាឡេង បានសម្ដែងការអរគុណចំពោះអ្នករៀបចំកម្មវិធីនេះថា «ចុងបញ្ចប់នេះ ខ្ញុំបាទសូមថ្លែងអំណរគុណដល់បង ប្រាជ្ញ លី និងបង កាលី សូ ដែលជាកូនខ្មែរ ជាអ្នកដឹកនាំកម្មវិធីមហោស្រព និងក្រុមការងារដែលសុទ្ធតែជាកូនខ្មែរដែលបានរួមគ្នាបង្កើតកម្មវិធីនេះឡើង និងសូមអរគុណដល់អ្នកមីងកេសារា ដែលជាតារាភាពយន្តជើងចាស់ខ្មែរនៅអាមេរិកដែលស្រឡាញ់វិស័យភាពយន្តខ្មែរ និងបានជួយត្រួសត្រាយផ្លូវឱ្យខ្សែភាពយន្តរឿង «ធ្មប់» នេះបានចូលរួមក្នុងមហោស្រពភាពយន្ត និងសូមអរគុណដល់បង ណានស៊ី លី ដែលជាស្រ្តីខ្មែរម្នាក់តែងតែជួយការងារសង្គមខ្មែរ ហើយបាន​ជួយជ្រោមជ្រែងការងារមហោស្រពនេះ និងបានទទួលយើងខ្ញុំឱ្យស្នាក់នៅផ្ទះរបស់គាត់បានយ៉ាងកក់ក្តៅ និងលោកគ្រូសារី ហូចាន់ដែលបានជួយជូនយើងខ្ញុំដើរលេងកម្សាន្តនៅទីក្រុងឡុងប៊ិចផងដែរ »៕

  • ធ្លាប់តែឃើញក្នុងបណ្ដាញសង្គមមែនទេ?? តោះទៅលេងសួនកម្សាន្ដ «​ស្លឹកឈូកយក្ស» នៅប្រទេសថៃ

    ធ្លាប់តែឃើញក្នុងបណ្ដាញសង្គមមែនទេ?? តោះទៅលេងសួនកម្សាន្ដ «​ស្លឹកឈូកយក្ស» នៅប្រទេសថៃ

    ម្ចាស់សួនកម្សាន្ដ​ «ស្លឹកឈូកយក្ស» ឬមានឈ្មោះជាផ្លូវការថា «បួអៈម៉នរ៉ាត់​ ( บัวอมรรัตน์ )» បានបង្ហើបប្រាប់ថា ក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរមកថតរូបកម្សាន្ដនៅក្នុងសួននេះជាច្រើននាក់ ហើយមានអ្នកខ្លះឈរ ឬអង្គុយនៅក្នុងស្លឹកឈូកយក្សនេះទៀតផង ដោយសារតែវាមានបន្ទះក្រដាសមិនជក់ទឹកសម្រាប់ទ្រាប់អង្គុយ ការពារប្រឡាក់ ឬសើមគូទ។

    លោក ថាំមៈរ៉ុង ស៊ិរិផាត់ថៈណា មានវ័យ 55​ឆ្នាំ បានបង្កើតសួនកម្សាន្ដនេះឡើងនៅឆ្នាំ2016 ដែលមានទីតាំងស្ថិតនៅក្នុងភូមិទី10 ម្ដុំវត្តច័ន្ទ ស្រុកសងឃ្វែ ខេត្តភិសៈនុលោក។ លោកបានរៀបរាប់ថា ភ្ញៀវទេសចរដែលមកកាន់ទីនេះ មិនត្រឹមតែចាប់អារម្មណ៍ចំពោះទេសភាពដ៏ស្រស់ត្រកាលនោះទេ ប៉ុន្ដែពួកគេចាប់អារម្មណ៍ខ្លាំងចំពោះបច្ចេកទេសដាំ និងថែទាំ ដើម ស្លឹក និងផ្កាឈូកយក្សដែលមិនងាយខូច និងរក្សាស្លឹកមិនឱ្យសត្វល្អិតស៊ីបានទៀតផង។ លោកបន្ដថា នៅទីនេះ មានបង្រៀនបច្ចេកទេស ព្រមទាំងលក់កូនឈូកឱ្យអតិថិជនដែលមកកម្សាន្ដក្នុងតម្លៃជាកញ្ចប់ 500បាត មិនបូកបញ្ចូលជាមួយតម្លៃជីធម្មជាតិឡើយ។

    គួរបញ្ជាក់ផងដែរថា ដើមឈូកយក្សនេះអាចធំលូតលាស់ពេញទំហឹងមានប្រវែង 2ម៉ែត្រ ហើយលាតត្រដាងស្លឹកបាន 2,20 ម៉ែត្រ និងអាចទ្រទម្ងន់បានដល់ទៅ 100គីឡូក្រាម ។ ភ្ញៀវទេសចរដែលចូលមកកម្សាន្ដនៅទីនោះត្រូវចំណាយថ្លៃទិញសំបុត្រក្នុងម្នាក់ 10​បាត ហើយប្រសិនបើចង់អង្គុយ ឬឈរថតរូបនៅលើស្លឹកឈូកនោះ ត្រូវចំណាយ 100បាតបន្ថែមទៀត។

    តោះ! នៅចាំអីទៀត ទៅទស្សនាទាំងអស់គ្នា…

  • វិចិត្រករ ប៉ោយ ឈុនលី ទម្លាយប្រវត្តិកម្សត់ និងមហិច្ឆតា និងការតស៊ូ តាមរយៈវីដេអូខ្លីចាក់ដោតបេះដូងអ្នកទស្សនា!!

    វិចិត្រករ ប៉ោយ ឈុនលី ទម្លាយប្រវត្តិកម្សត់ និងមហិច្ឆតា និងការតស៊ូ តាមរយៈវីដេអូខ្លីចាក់ដោតបេះដូងអ្នកទស្សនា!!

    នៅថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកកំពុងមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈបានទស្សនាអំពីប្រវត្តិកម្សត់របស់ វិចិត្រករ ប៉ោយ ឈុនលី ដែលមានដើមកំណើតមកពីខេត្ត បាត់ដំបង។ វីដេអូខ្លីមានរយៈពេលប្រមាណជាង 6នាទីនេះ បានបង្ហាញពីមហិច្ឆតា និងការតស៊ូចាកចេញពីភាពក្រីក្រ ដោយការប្រឹងប្រែងស្វែងរកការសិក្សា។ នៅក្នុងនោះ លោកបានបញ្ជាក់ថា លោកមានបំណងធំមួយ គឺចង់ក្លាយជាវិចិត្រករល្បីឈ្មោះទូទាំងពិភពលោក។

    លោក ប៉ោយ ឈុនលី បានរៀបរាប់ថា មានតែការសិក្សាទេទើបធ្វើឱ្យលោករួចផុតពីភាពក្រីក្រ និងជួយផ្គត់ផ្គង់ដល់ក្រុមគ្រួសារបាន។ លោកបានសម្រេចចិត្តរៀនខាងគំនូរ និងខិតខំសិក្សាភាសាអង់គ្លេសបន្ថែម។ ជាការពិតណាស់ សព្វថ្ងៃនេះ  លោក ប៉ោយ ឈុនលី មិនមែនត្រឹមតែជាវិចិត្រករគូររូបម្នាក់ប៉ុណ្ណោះទេ តែលោកបានវិវឌ្ឍខ្លួនជាអ្នកគូរគំនូរជីវចល ដែលឈ្នះការប្រកួតទៀតផង។ វិចិត្រកររូបនេះបានសរសេរលើហ្វេសប៊ុកថា «ហេតុអ្វីគេមាន ចុះហេតុអ្វីយើងក្រ? នេះហើយជាជីវិតរបស់ខ្ញុំ អរគុណអង្គការហ្វារពន្លឺសិល្ប: អរគុណលោកគ្រូទាំងអស់ ជាពិសេសលោកគ្រូ ស្វាយ សារ៉េត អរគុណពុកម៉ែបង្កើត និងពុកម៉ែចិញ្ចឹមរបស់ខ្ញុំ Gerard Pivaut និងគ្រួសាររបស់គាត់ អរគុណដល់អ្នកជុំវិញខ្លួនខ្ញុំទាំងអស់ដែលតែងតែគាំទ្រខ្ញុំរហូតមក ទោះផ្ទាល់ និងពីចំងាយក្ដី»។

    ចង់ដឹងថា តើវីដេអូខ្លីបង្ហាញពីភាពតស៊ូរបស់វិចិត្រករ ប៉ោយ ឈុនលី ចាក់ដោតបេះដូងអ្នកទស្សនាដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

     

  • បេក្ខនារី  អ៊ុំឆេង យុត្តិការ ទាំងស្អាត ទាំងសំឡេងពីរោះ កំពុងលេចធ្លោក្នុងកម្មវីធី The Voice Kids Cambodia

    បេក្ខនារី  អ៊ុំឆេង យុត្តិការ ទាំងស្អាត ទាំងសំឡេងពីរោះ កំពុងលេចធ្លោក្នុងកម្មវីធី The Voice Kids Cambodia

    កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia បានចាប់ផ្តើមរដូវកាលទី2 ហើយថ្ងៃនេះក៏ជាវគ្គ The Blind Audition សប្តាហ៍ទី5 ដែលមានការចូលរួមពីបេក្ខជនដែលមានសមត្ថភាពសំឡេងពីរោះៗមិនធម្មតាឡើយ។

    នៅក្នុងសប្តាហ៍ទី5 នៃវគ្គ Blind Audition នេះ គេមើលឃើញបេក្ខនារី  អ៊ុំឆេង យុត្តិការ វ័យ 14ឆ្នាំម្នាក់ ដែលមានសំឡេងពីរោះរណ្ដំ ហើយនាងមកពីខេត្តរតនគិរី ដែលបានលើកយកបទ «មាននឹកអូនទេបង» មកបកស្រាយប្រឡងក្នុងកម្មវិធី រហូតធ្វើឱ្យគ្រូបង្វឹកទាំង 3​រូប រូបសម្រេចគោះប៊ូតុងជ្រើសរើសប្អូនស្រីទៅកាន់វគ្គបន្តទៀត។ ជាមួយនឹងទេពកោសល្យពីកំណើត បូករួមទាំងការហ្វឹកហាត់ច្រៀងដ៏ល្អ ប្អូនស្រីបានបញ្ចេញសមត្ថភាពដ៏អស្ចារ្យនៅលើឆាក ក្នុងការបកស្រាយបទចម្រៀងជាមួយគ្រូបង្វឹក សួស វីសា តាមរយៈបទ​ «កំដរខ្ញុំបន្ដិចបានទេ»។ អ្វីដែលពិសេសក្រៅពីមានសំឡេងពីរោះនោះ គឺប្អូនស្រីមានរូបសម្រស់ស្រស់ស្អាត Cute សុភាពរាបសា រួសរាយគួរឱ្យស្រឡាញ់ទៀតផង។

    គួរបញ្ជាក់ផងដែរ បន្ទាប់ពីគ្រូបង្វឹកធ្វើការប្រូម៉ូតពីសមត្ថភាពបង្រៀនកូនក្រុមរបស់ខ្លួនដើម្បីទាក់ទាញយករូបនាងតូច អ៊ុំឆេង យុត្តិការ​ មកធ្វើជាកូនក្រុមហើយនោះ នៅទីបំផុតនាងតូចរូបនោះ ក៏សម្រេចចិត្តជ្រើសយកគ្រូបង្វឹក សួស វីសា។ តោះ! កុំឱ្យខាតពេលវេលាយូរ សូមអញ្ជើញប្រិយមិត្តទៅតាមដានទស្សនាវីដេអូនោះទាំងអស់គ្នា៖

  • កញ្ញា ឌី សូនីតា ចេញមុខប្រតិកម្មចំពោះពិធីករថៃដែលអះអាងថា ក្នុងផែនទីប្រវត្តិសាស្ត្រគ្មានប្រទេសកម្ពុជា

    កញ្ញា ឌី សូនីតា ចេញមុខប្រតិកម្មចំពោះពិធីករថៃដែលអះអាងថា ក្នុងផែនទីប្រវត្តិសាស្ត្រគ្មានប្រទេសកម្ពុជា

    ថ្មីនេះ មានការប្រតិកម្មដោយអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា និង តារាសិល្បៈខ្មែរមួយចំនួន ចំពោះការអត្ថាធិប្បាយព័ត៌មានរបស់ពិធីករថៃនៃស្ថានីយទូរទស្ស​ន៍ប៉ុស្ដិ៍ថៃមួយ ដែលបានធ្វើការលើកឡើង និងអះអាងថា នៅក្នុងផែនទីប្រវត្តិសាស្ត្រទាំង 3​សម័យកាលធំៗ មានសម័យអយុធ្យា សុខោទ័យ និងរតនកូស៊ីន មិនមានប្រទេសកម្ពុជា ព្រមទាំងបញ្ជាក់ថា ល្ខោនខោលក៏មិនមែនជារបស់ប្រទេសកម្ពុជាផងដែរ។ ក្នុងនោះដែរ គេសង្កេតឃើញតារាសិល្បៈខ្មែរមួយចំនួនបានប្រតិកម្មចំពោះពាក្យសម្ដីនេះ ជាក់ស្ដែងកញ្ញា ឌី សូនីតា បានចេញមុខប្រតិកម្មចំៗ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយសរសេរជាសាររៀបរាប់យ៉ាងវែងអ​ន្លាយ។

    តារាពូកែសំដីរូបនេះ ក៏នៅមិនសុខដែរ ពេលឮដំណឹងបែបនេះ ហើយបានធ្វើការបកស្រាយវាយបកទៅកាន់ពិធីករថៃនោះវិញចំៗតែម្តងថា «មិនចង់ជេរអាមួយហ្នឹងទេ តែទ្រាំលែងបាន៖

    1 / អ្នកឯងថា ល្ខោនខោលមិនមែនរបស់ថៃ ហើយក៏មិនមែនរបស់ខ្មែរ ថាវាជារបស់ឥណ្ឌា អ៊ីចឹងអ្នកឯងចង់ដណ្តើមយកមកដាក់ជារបស់អ្នកឯងដែរធ្វើអី?

    2/ អ្នកឯងលើកផែនទីមកថា សម័យអយុធ្យា គ្មានផែនទីខ្មែរ ហើយក៏គ្មានផែនទីថៃ ចង់សើចឱ្យអាយះមាត់ណាស់ហ្អា ចុះអយុធ្យាហ្នឹង ជារបស់អ្នកណាគេហ្អា? អ្នកឯងក៏ធ្វើភ្លេច ហើយមកបន្លំឯកសារហើយថែមទាំងបង្រៀនប្រជាជនអ្នកឯងជាពិសេសក្មេងៗសិស្សសាលាថា វាជារបស់អ្នកឯងទាំងបំពាន។ ខ្មែរមិនមានឈ្មោះ ព្រោះសម័យហ្នុងខ្មែរមិនមែនឈ្មោះកម្ពុជា គឺឈ្មោះមហានគរ ហើយពួកហ្អែងវ៉ៃយកទឹកដីខ្មែរម្តងតិចៗ ទើបពេលនេះទឹកដីខ្មែរសល់ប៉ុណ្ណឹង រហូតទាំងអង្គរវត្តក៏ចង់បាន។ ដល់ពេលទៅមើលអយុធ្យា មានអក្សរខម ដែលជាអក្សរខ្មែរយ៉ាងច្បាស់ក្រឡែត ពួកហ្អែងថា អក្សរខមហ្នឹងជារបស់ហ្អែងទៀត។ អារលាយ រលាយទាំងប្រទេសហ្អែងហ្មងទៅ។ ខ្មែរស្លូតពេក ស្លូតរហូតដល់ថ្នាក់ចេះខាំតែជាតិសាសន៍ឯងទេ មិនហ៊ានខាំជាមួយគេ ទាំងដែលការពិតយើងមិនបានខុស យើងមិនមែនជាចោរសោះ។

    3/ បើវាជារបស់ឥណ្ឌាមែន គេមិនយកមកឱ្យខ្មែរបានស្រួលៗអ៊ីចឹងទេ។ ហើយហ្អែងក៏មិនខឹងខ្លាំងដល់ថ្នាក់ហ្នឹងដែរ អានរក។

    4/ ទាំងអង្គរវត្តក៏ដោយ ទាំងទឹកដីក៏ដោយ ពួកអ្នកឯងចុះក្នុងសៀវភៅប្រវត្តិសាស្រ្តរបស់អ្នកឯងថា ជារបស់ថៃ ដើម្បីឱ្យជនជាតិអ្នកឯងស្អប់ខ្មែរតាំងពីតូច។ បង្រៀនជាតិសាសន៍ខ្លួនឯងទាំងបំភ្លៃ មិនសរសេរដាក់ការពិតថា អ្នកឯងជាចោរមកវ៉ៃយកទឹកដីខ្មែរកាលសម័យមហានគរ ហើយរួមទាំងអង្គរវត្តផង? យីអានេះ គេដាក់ឈ្មោះថា សៀមរាប ប៉ុនណាណីហើយនៅមិនភ្លឺភ្នែកទៀត គឺមានន័យថា កំចាត់សៀមបានឡើងដួលរាប អាប៉ាកាច់!!។ មានច្រើនទៀត តែខ្ជិលឈ្លោះជាមួយអាល្ងើឯងណាស់ ឱ្យហ្អែងខឹងក្តៅក្រហាយសិនទៅ យ៉ាងណាក៏ខ្មែរបានឈ្នះល្ខោនខោលមកវិញដែរ»។

    គួរបញ្ជាក់ផងដែរថា ការអត្ថាធិប្បាយព័ត៌មានរបស់ពិធីករថៃនោះ គឺនៅក្នុងកម្មវិធី «จั๊ด ซัดทุกความจริง » ដែលមានន័យថា ព័ត៌មានច្បាស់ពិត ដោយបានលើកយកប្រធានបទមួយមានចំណងជើងថា « โขน!ไม่ใช่ของใคร » គឺល្ខោនខូនមិនមែនជារបស់នរណាទេ! មកនិយាយនៅក្នុងថ្ងៃទី5 ខែកញ្ញា ឆ្នាំ2018 ថ្មីៗនេះឯង។ រហូតមកទល់ពេលនេះ នៅមិនទាន់ឃើញមានការបកស្រាយ ឬឆ្លើយតបចំពោះប្រតិកម្មព័ត៌មាននេះ ពីខាងស្ថានីយទូរទស្សន៍ថៃមួយនេះ នៅឡើយទេ៕

  • ម៉ានិត គ្រោងបញ្ចេញអាល់ប៊ុមចម្រៀងទោលទី2 ឈ្មោះ «សមុទ្រ»

    ម៉ានិត គ្រោងបញ្ចេញអាល់ប៊ុមចម្រៀងទោលទី2 ឈ្មោះ «សមុទ្រ»

    បន្ទាប់ពីបានប្រកាសចេញពីផលិតកម្មរស្មីហង្សមាស តារាចម្រៀងប្រុស ម៉ុង ម៉ានិត បានស្ងប់ស្ងាត់ក្នុងការចេញបទចម្រៀងអស់មួយរយៈ និងបានងាកមកបង្កើតស្នាដៃនិពន្ធសៀវភៅប្រលោមលោក ដែលកំពុងតែទទួលបានជោគជ័យខ្លាំង ដូចជាសៀវភៅរឿង «បេសកម្មមួយ» «ផ្ទះកណ្តាលបឹង » និង« ស្ដេចម៉ែស្ដេចកូន» ជាដើម ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តៗយុវវ័យ។

    ប្រមាណជាង 3ខែមកនេះ អ្នកគាំទ្រជាច្រើនខានបានស្ដាប់បទចម្រៀងថ្មីៗរបស់លោក តែការគាំទ្របទចម្រៀងចាស់​ៗរបស់ម្ចាស់បទ «មាននាងក៏ធុញ គ្មាននាងក៏ធុញ» នៅតែមានសម្ទុះខ្លាំងនៅលើបណ្ដាញសង្គមយូធូបដដែល។ កាន់តែពិសេសជាងនេះទៅទៀត លោក ម៉ានិត បានពញ្ញាក់អារម្មណ៍អ្នកគាំទ្ររបស់ខ្លួនជាថ្មីម្ដងទៀត ដោយការចេញអាល់ប៊ុមចម្រៀងទោលថ្មីមួយ មានឈ្មោះថា «សមុទ្រ​» ដែលបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅតាមរយៈរូបភាពនៅលើCover’s Album ។​

    តារាចម្រៀងវ័យ 28​ឆ្នាំរូបនេះ បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកខ្លួនថា «វ៉ាវ!!! រំភើបអ្វីម៉្លេះទេ? យើងខ្ញុំសូមប្រកាសជាផ្លូវការនូវការត្រឡប់មកវិញរបស់លោក ម៉ានិត ជាមួយនឹងអាល់ប៊ុមទោលទីពីរ មានឈ្មោះថា “សមុទ្រ” បន្ទាប់ពីសម្រាកអស់រយ:ពេលបីឆ្នាំ។ តើ “សមុទ្រ” ចង់សំដៅទៅលើអ្វី? តើអ្នកនឹងឮអ្វីពិសេសនៅក្នុងអាល់ប៊ុមចម្រៀងមួយនេះ? សូមត្រៀមខ្លួនក្នុងការកក់ CD Original ប្រភេទដ៏ពិសេសគឺ Premium Edition។ លោកអ្នកមិនត្រឹមតែទទួលបាន CD original របស់លោកម៉ានិតនោះទេ ថែមទាំងទទួលបានសម្ភារពិសេសៗថែមជូនដូចជា Poster មានហត្ថលេខា កងដៃ សៀវភៅសមុទ្រ និងLyric ព្រមជាមួយនឹងសំបុត្រចូលទស្សនាការប្រគំតន្ត្រីសម្ពោធអាល់ប៊ុម “សមុទ្រ” ដោយឥតគិតថ្លៃ នាពេលឆាប់ៗខាងមុខនេះទៀតផង។ ត្រៀមៗណាកនយើង ម៉ានិតលេងមែនទែនហើយលើកនេះ…កុំភ្លេចប្រាប់ដំណឹងនេះឱ្យមិត្តអ្នកបានដឹងផង។ #ចាក់ដោត #dramaking »។

    គួររំឭកផងដែរថា តារាប្រុសរូបនេះបានចាកចេញពីផលិតកម្មរស្មីហង្សមាសនៅអំឡុងខែឧសភា ឆ្នាំ2018 នេះ ហើយក៏បានក្លាយជាតារាចម្រៀងឯករាជ្យ និងនិពន្ធបទថ្មីៗជាស្នាដៃរបស់ខ្លួនផ្ទាល់តែម្ដង៕