Author: អេបិល

  • កក្រើកទៀតហើយ! ក្រុម Plugger សម្ដែងចម្រៀងរ៉ុកលាយបញ្ចូលល្ខោនខោលធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក

    កក្រើកទៀតហើយ! ក្រុម Plugger សម្ដែងចម្រៀងរ៉ុកលាយបញ្ចូលល្ខោនខោលធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក

    នារាត្រីនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតប្រជែងទេពកោសល្យលំដាប់ថ្នាក់ពិភពលោក Cambodian’s got talent បេក្ខភាពក្រុមចម្រៀងបែបរ៉ុកដែលមានឈ្មោះថា Plugger ទទួលបានប៊ូតុងមាសពីគណៈកម្មការកិត្តិយសគឺលោក ឆន សុវណ្ណរាជ ហើយក្រុមក៏ទទួលបានសិទ្ធិទៅកាន់វគ្គផ្ដាច់ព្រ័ត្រតែម្ដង ដោយមិនចាំបាច់រង់ចាំការបោះឆ្នោតគាំទ្រពីសំណាក់មហាជននោះឡើយ។

    ដោយឡែកការសម្ដែងរបស់ក្រុមខាងលើនេះ បានលើកយកពីឈុតល្ខោនខោលខ្លីមួយ អមដោយវង់ភ្លេងពិណពាទ្យខ្មែរ និងអ្នកពោលខោលម្នាក់ដែលមានសំឡេងក្រអួនក្រអៅ ដែលរៀបរាប់ពីការអភិរក្ស និងស្រឡាញ់ល្ខោនខោលខ្មែរ រហូតធ្វើឱ្យមហាជន និងគណៈកម្មការគ្រប់រូបរំជួលអារម្មណ៍ ក្ដុកក្ដួលក្នុងចិត្ត ជាពិសេសគឺអ្នកនាង ខាត់ សុឃីម ទប់អារម្មណ៍មិនជាប់ ក៏ស្រក់ទឹកភ្នែកខណៈដែលកំពុងតែទស្សនាការសម្ដែង។ ការសម្ដែងនេះ មានការលាយបញ្ចូលគ្នារវាងវង់ភ្លេងពិណពាទ្យខ្មែរ និងចង្វាក់រ៉ុកដែលញ៉ាំងឱ្យកម្មវិធីទាំងមូលកក្រើកឆាកតែម្ដង។

    អ្នកនាង ខាត់ សុឃីម ជាគណៈកម្មការ បានពោលឡើងថា អ្នកនាងពិតជារំភើបហួសនឹងថ្លែង ព្រោះមិននឹកស្មានថា បានឃើញទស្សនីយភាពបុរាណបូកសម័យ ជាពិសេសគឺបែបរ៉ុក ដែលមានភាពអស្ចារ្យ និងបង្ហាញពណ៌សម្បុរជាជាតិខ្មែរ បានល្អដល់កម្រិតនេះទេ។ អ្នកនាងបន្ដថា កាន់តែរំភើបខ្លាំងជាងនេះទៅទៀតគឺ សាច់រឿងល្ខោនខោលខ្លី តែបង្កប់អត្ថន័យជ្រាលជ្រៅសម្រាប់កូនខ្មែរគ្រប់ជំនាន់ និងការថែរក្សា ស្រឡាញ់វប្បធម៌បុរាណ ដែលកន្លងមកធ្លាប់ត្រូវគេមិនឱ្យតម្លៃ ហើយពោលពាក្យថា អ្នកបុរាណជាអ្នកស្រែ មិនទាន់សម័យដូចគេ។

    បន្ទាប់ពីបានទស្សនាការសម្ដែងចប់ហើយ ទស្សនិកជនទាំងអស់ បានក្រោកឈរឡើងគោរព និងសម្ដែងការស្រឡាញ់ចំពោះក្រុមមួយនេះ  ដូច្នេះចង់ដឹងថា ទិដ្ឋភាពនាពេលនោះរំជើបរំជួលបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

     

  • អ្នកគាំទ្រក្ដុកក្ដួល !! ខេមរៈ ស្រីពៅ កំពុងវះកាត់ដ៏គ្រោះថ្នាក់មួយ

    អ្នកគាំទ្រក្ដុកក្ដួល !! ខេមរៈ ស្រីពៅ កំពុងវះកាត់ដ៏គ្រោះថ្នាក់មួយ

    តាមរយៈបណ្ដាញសង្គមហ្វេប៊ុករបស់កំពូលតារាចម្រៀង លោកខេមរៈ សិរីមន្ត បានបង្ហោះរូបភាពប្អូនស្រីខ្លួន កញ្ញាខេមរៈ ស្រីពៅ កំពុងមានបញ្ហាជម្ងឺធ្ងន់ធ្ងរ និងកំពុងដេកសម្រាកព្យាបាលនៅលើគ្រែ កំពុងតែត្រៀមវះកាត់ជំងឺគ្រោះថ្នាក់មួយ។

    បន្ថែមពីការរៀបរាប់ពីស្ថានភាពជម្ងឺរបស់ប្អូនស្រីរបស់លោក លោកខេមរៈ សិរីមន្ត បានបន្តសរសេរៀបរាប់ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា៖ «ជាច្រើនឆ្នាំមកនេះប្អូនស្រីដ៏កម្សត់ម្នាក់នេះ មិនដែលចង់ឃើញ Fan ដែលគាំទ្រគាត់ពិបាកចិត្ត ព្រោះតែស្ថានភាពជំងឺរបស់គាត់ឡើយ គាត់ចង់ឃើញFan គាត់រីករាយគ្រប់ពេលវេលា តែក្នុងនាមខ្ញុំជាបងប្រុសរបស់គាត់ ចង់ប្រាប់បងប្អូនទាំងអស់គ្នាថានៅពេលខាងមុខនេះគាត់ត្រូវឆ្លងកាត់ការវះកាត់ដ៏គ្រោះថ្នាក់មួយ ខ្ញុំជាបងប្រុសជូនពរប្អូនឲ្យ ឆ្លងផុតពេលវេលាដ៏លំបាកនេះ បើបងប្អូនស្រលាញ់ និងគាំទ្រគាត់សូមជូនពរគាត់ឲ្យឆ្លងផុតគ្រោះនេះផង ដើម្បីគាត់មានសុខភាពល្អមកបំពេញការងារសិល្បៈវិញណា»។

    បន្ទាប់ពីបានអាចសារមួយនេះហើយ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្តែងសេចក្តីអាណិតក្តុកក្តួល និងរន្ធត់ចិត្តជាខ្លាំង ដោយមិននឹកស្មានថានាងខំលាក់បាំងអ្នកគាំទ្រ ទាំងដែលខ្លួនមានជំងឺយ៉ាងធ្ងន់ធ្ងរបែបនេះ មិនអាចចូលសិល្បៈបាន។ សូមជម្រាបផងដែរថា មានអ្នកគាំទ្រជាច្រើននាក់ បានបួងសួង និងជូនពរតារាស្រីឱ្យឆាប់ជាសះស្បើយ៕

  • ឈុតតំណាងជាតិរបស់កញ្ញាឯកផែនដី «មាតាធម្មជាតិ» រចនាដកស្រង់ចេញពីទម្រង់នៃរូបចម្លាក់

    ឈុតតំណាងជាតិរបស់កញ្ញាឯកផែនដី «មាតាធម្មជាតិ» រចនាដកស្រង់ចេញពីទម្រង់នៃរូបចម្លាក់

    តាមរយៈទំព័ររបស់ បវកញ្ញាផែនដី ឬ Miss Earth Cambodia បានឱ្យដឹងថា ឈុតសម្លៀកបំពាក់ប្រពៃណីជាតិរបស់កញ្ញាឯកផែនដីកម្ពុជា 2018 កញ្ញា កែវ សេងលីហួរ បានបង្ហាញរូបរាង និងត្រៀមខ្លួនទៅបង្ហាញនៅលើឆាកអន្ដរជាតិហើយ។

    ប្រភពដដែលបានបន្ដថា ទម្រង់បែបបទនៃការរចនាសម្លៀកបំពាក់ប្រពៃណីជាតិដ៏ប្រណិតនេះ ត្រូវបានរចនាឡើងដោយ Madam Botiques Amy ក្រោមប្រធានបទ “មាតាធម្មជាតិ”។ ការរចនាត្រូវបានគ្របដណ្តប់នូវអត្ថន័យដ៏ជ្រាលជ្រៅ ដែលផ្តោតសំខាន់ទៅលើ និមិត្តរូបនៃក្តីសង្ឃឹម និង ការគោរពរបស់មនុស្សទូទាំងសកល។

    ឈុតសម្លៀកបំពាក់ដ៏ល្អប្រណិតនេះ ត្រូវបានបំផុសគំនិតដកស្រង់ចេញពីទម្រង់នៃរូបចម្លាក់ ដែលត្រូវបានចារលើផ្ទាំងសិលានៃប្រសាទដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា។ រួមបញ្ជូលជាមួយនិងទ្រង់ទ្រាយក្បូរក្បាច់ដ៏ល្អអនេកនៃដើមឈើ ដែលត្រូវបានចារឆ្លាក់លើប្រាសាទអង្គរវត្ត ក៏ដូចជាទម្រង់នៃការរចនាតាំងពី ក្រោយសម័យអង្គរ សតវត្សន៍ទី15​ បួករួមជាមួយគំនិតច្នៃប្រឌិត សហ័ស្សសម័យនៃស្នាដៃកូនខ្មែរនាពេលបច្ចុប្បន្ននេះ បង្កើតចេញជាឈុត “មាតាធម្មជាតិ” នេះឡើង។

    គួរបញ្ជាក់ដែរថា បែនផែននៃការរចនាត្រូវបានប្រើប្រាស់នូវគំនិតកែច្នៃចេញពីវត្ថុធាតុដើមក្នុងស្រុក ដែលមានដូចជាសំពត់សូត្រ ផាមួង រួមជាមួយនិងការរចនាធ្វើដោយ ខ្មុក ដែលជាស្នាដៃរចនារបស់កូនខ្មែរយើងដែលមានជំនាញច្បាស់លាស់៕

  • ងិន ម៉ានីយ៉ា ចេញមុខប្រតិកម្មចំពោះព័ត៌មានកូនស្រី

    ងិន ម៉ានីយ៉ា ចេញមុខប្រតិកម្មចំពោះព័ត៌មានកូនស្រី

    ព័ត៌មានរូបភាពសិចស៊ីរបស់អតីត Freshie កញ្ញា ថៃ នារីសុជាតា (Fi yata) កូនស្រីលោកអនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងអ្នកស្រី ងិន ម៉ានីយ៉ា គេមើលឃើញថាកំពុងផ្ទុះកក្រើករឿងអាស្រូវសិចស៊ីបង្ហាញសាច់សខ្ចីពាសពេញបណ្ដាញសង្គម ស្របពេលដែរលោក ថៃ នរៈសត្យា បានចេញវិធានការពិន័យចំពោះតារាសិចស៊ីលើបណ្ដាញសង្គម។ យ៉ាងណាមិញ ក្រោយមានេព័ត៌មានអាស្រូវដល់កូនស្រីរបស់ខ្លួន អ្នកស្រី ងិន ម៉ានីយ៉ា បានបង្ហោះសារឆ្លើយតបទៅកាន់ពាក្យរិះគន់ ដោយអ្នកស្រីបានសរសេរថា៖

    “សួស្ដីថ្ងៃសៅរ៍ទី29.09.2018 សួស្តីបងប្អូនប្រិយមិត្តទាំងអស់នៅក្នុងប្រទេសកម្ពុជានិងនៅក្រៅប្រទេសជាទីគោរពរាប់អាន ប៉ុន្មានថ្ងៃនេះខ្ញុំដូចជាឃើញគេជេរកូនខ្ញុំមិនចេះឆ្អែតសោះ។ អញ្ចឹងបានជាថាអំពើល្អគេមើលមិនសូវឃើញតែបើអំពើមិនគប្បីម្នាក់ម្នាក់ Share ដាច់ដៃចោល ហាហា មានទាំងអ្នកឆ្លៀតឱកាសតែៗស្ករៗអ្នកមិនដឹងខ្យល់អីក៏ត្រដរ Comment ដែរ។ តើអំពើល្អពួកអ្នកឯងដែលគាំទ្រដល់ថ្នាក់ហ្នឹងទេ? មានចាំក្មេងស្រីម្នាក់នេះទេ នៅពេលដែលតារាថៃផុសរូបកម្ពុជាអាក្រក់ មើលងាយកម្ពុជា។ តើមានអ្នកណាចេញមុខតតាំងឈ្លោះយកកិត្តិយសឲ្យប្រទេសកម្ពុជាមកវិញបាន ទាំងខ្លួនឯងកំពុងរស់នៅប្រទេសគេ តើពួកអ្នកមានដែល ផ្ដល់កម្លាំងចិត្តផ្ដល់កិត្តិយសដល់ក្មេងស្រីម្នាក់នេះទេ? គឺតិចណាស់ៗព័ត៌មានក្នុងស្រុកចុះផ្សាយ។ ពេលដែលកូនខ្ញុំត្រឡប់មកវិញពួកអ្នកឯងមានបានទៅអរសាទរនាងទេក្រៅពីខ្ញុំនិងគ្រួសារខ្ញុំប៉ុន្មាននាក់នេះ?ហើយខ្ញុំចង់សួរថាតើពួកអ្នកមានបើកភ្នែកមើលទេនេះកូនខ្ញុំស្លៀកហូលផាមួងទៅសំពះលោកនៅវត្តមានយកមកចុះផ្សាយទេ? តែសម្រាប់កូនខ្ញុំស្លៀកឈុតងូតទឹកនៅមាត់សមុទ្រ បែរជាអ្នកឯងយកមកចុះផ្សាយព្រោងព្រាត?ដើម្បីតែផលប្រយោជន៍ពួកអ្នកឯងហ៊ានវាយប្រហារក្មេងស្រីម្នាក់តើក្នុងក្បាលមានខួរជាមនុស្សទេ?

    ខ្ញុំក៏អ្នកកាសែត សារព័ត៌មានម្នាក់ដែរតាំងពីពួកអ្នកឯងមិនទាន់កើតក្បាលមកម្ល៉េះ ពួកអ្នកឯងស្គាល់ ជំនាន់កាសែត 4 ទំព័រសខ្មៅ 2 សន្លឹកនោះទេ?? មានឈ្មោះថាភ្នំពេញថ្មី មិនស្គាល់ទេ ព្រោះអ្នកឯងមិនទាន់កើតមកនៅឡើយមែនទេ? ខ្ញុំស្គាល់វិជ្ជាជីវៈនេះច្បាស់លាស់ណាស់ ហើយក៏មិនយកវិជ្ជាជីវៈនេះទៅជាន់ឈ្លីនរណាម្នាក់ដើម្បីជាផលប្រយោជន៍ ខ្លួនឯងដែរហើយគ្រួសារមួយនេះក៏បានជួយប្រទេសនេះច្រើនដែរ។ សូមកុំឱ្យក្មេងមានអារម្មណ៍ថាស្អប់ប្រទេសខ្លួនឯងស្អប់ប្រជាជនខ្លួនឯងស្អប់ជាតិសាសន៍ខ្លួនឯង។ មានអ្នកខ្លះឆ្លៀតឱកាសពេលនេះសងសឹកនិង share សរសេរពាក្យបញ្ឈឺបញ្ឆិតបញ្ឆៀងព្រោះតែពួកគេធ្វើមិនបានផលប្រយោជន៍ពីកូនខ្ញុំ បោកក្មេងមិនបានមែនទេមនុស្សចាស់? ហើយមានអ្នកខ្លះថា កូនខ្ញុំមានកូនអត់ប្តី? អញ្ចឹងបានន័យថាអ្នកឯងមិនស្គាល់គ្រួសារខ្ញុំច្បាស់នៅឡើយទេកុំប្រកាច់ចេញមុខនិយាយផ្ដេសផ្ដាស កូនខ្ញុំរៀបការក្រាបក្បាលដល់កន្ទេលត្រឹមត្រូវ ទទួលភ្ញៀវ 100 តុនៅកោះពេជ្រគិតតែខ្លួនឯងវិញទៅសងគុណឪពុកម្ដាយហើយឬនៅតិចផើមអត់ប្ដីណា ហាហា។ អ្វីដែលចង់និយាយគឺមានច្រើនទៀតប៉ុន្តែខ្ញុំគិតថានិយាយត្រឹមប៉ុណ្ណេះសិនបានហើយចាំមើលបន្តទៀតបងប្អូនតើមានអ្វីន្លះទៀតខ្ញុំតបស្នងវិញទេ? អរគុណនិងស្វាគមន៍ចំពោះការ Like & Share Comment របស់បងប្អូន”៕

  • តារាសិល្បៈ ចុះចែកសម្ភារៈសិក្សាច្រើនពាន់ដុល្លារ ដល់សាលាដាច់ស្រយាលមួយ

    តារាសិល្បៈ ចុះចែកសម្ភារៈសិក្សាច្រើនពាន់ដុល្លារ ដល់សាលាដាច់ស្រយាលមួយ

    បើទោះស្ថានភាពផ្លូវឆ្ងាយ និងពិបាក តែក្រុមតារាមហាហង្ស រួមមានអ្នកនាង ភិន សុដាលីស លោក អូន ឧស្សាហ៍ លោក ភឹម តារាវិបុល លោកសួន រ៉ានីរ៉ាស៊ីនី និងក្រុមការងារផលិត ក្រោមការកដឹកនាំរបស់លោក អ៊ិន សុភិន នៅតែបានទៅដល់ទីតាំងចែកអំណោយដែលស្ថិតនៅភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមការគ្រោងទុក នៅពីថ្ងៃទី29 កញ្ញា ដើម្បីទៅប្រគល់ជូននូវតុកៅអី និងសម្ភារៈសិក្សា ជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។ នេះជាការផ្ដល់ជូននូវអំណោយជាទ្រង់ទ្រាយធំ ដែលជាមូលនិធិរបស់ក្រុមមហាងហង្ស ជូនដល់សហគមន៍ដាច់ស្រយាល ប៉ុន្តែមិនមែនជាលើកទីមួយនោះទេ។

    លោក អ៊ិន សុភិន និយាយថា ដោយសារតែមានសំណើរពីខាងសហគមន៍ដោយផ្ទាល់ សុំឱ្យផលិតកម្មមហាហង្សជួយបំពេញកង្វះខាតដល់សាលាបឋមសិក្សាតាម៉ៅ ដែលស្ថិតនៅភូមិឃុំខាងលើ ទើបលោក និងក្រុមការងារឈានដល់ការប្រគល់ជូននូវកញ្ចប់ថវិកាសម្រាប់ទិញជាតុកៅអី និងសម្ភារៈសិក្សាសរុបទឹកប្រាក់អស់ប្រមាណជាង 4ពាន់ដុល្លារ ដោយរាប់បញ្ចូលទាំងការផ្ដល់ជាអំណោយបន្ថែមនៅថ្ងៃចុះប្រគល់ផ្ទាល់ផង គឺអស់ប្រមាណជា 6ពាន់ដុល្លារ។ ថវិកាដែលបានប្រគល់ជូនជាកញ្ចប់នេះ បានពីការកាត់ផលចំណេញរបស់ផលិតកម្មមហាហង្ស និងមួយផ្នែកតូចបានពីការរួមចំណែកពីតារាសិល្បៈ និងពីសប្បុរសជននានា។ នេះជាលើកទីពីរហើយ ដែលមូលនិធិរបស់ផលិតកម្មមហាហង្សបានធ្វើអំណោយជាទ្រង់ទ្រាយច្រើនពាន់ដុល្លារក្នុងកិច្ចការសង្គម បន្ទាប់ពីលើកទីមួយ ក៏បានផ្ដល់ជូនដល់មណ្ឌលកុមារកំព្រាមួយកន្លែង។ យ៉ាងណាមិញ លោកថាខ្លួននឹងមានគម្រោងជួយដល់សាលាបឋមសិក្សាតាម៉ៅ បន្តទៀត ដើម្បីសម្រួលដល់ការលំបាកដែលសាលាជួបប្រទះ។

    អ្នកនាង ភិន សុដាលីស និយាយថា ជាលើកទីមួយ ដែលអ្នកនាងបានបង្ហាញខ្លួនប្រគល់អំណោយមកកាន់តំបន់ដាច់ស្រយាល ហើយបានបានជួបជាមួយនឹងក្មេងៗដោយផ្ទាល់នៅក្នុងសហគមន៍។ តំបន់ដែលអ្នកនាងបានទៅដល់នេះ មានចម្ងាយឆ្ងាយពីទីប្រជុំជនយ៉ាងខ្លាំង ទើបអ្នកនាងសម្ដែងក្ដីបារម្ភ ប្រសិនបើក្មេងៗបានបញ្ចប់ការសិក្សាថ្នាក់ទី6ហើយ ហើយមិនមានលទ្ធភាពអាចទៅបន្តការសិក្សានៅទីរួមខេត្ត ដោយសារតែជីវភាព។ អ្នកនាងថាបើក្នុងតំបន់នោះ មានការអភិវឌ្ឍន៍អោយមានអនុវិទ្យាល័យ និងវិទ្យាល័យតែម្ដង នោះទើបជាការប្រសើរសម្រាប់ក្មេងៗ ដែលខ្វះលទ្ធភាពហើយមិនត្រូវការចេញឆ្ងាយពីតំបន់ដែលខ្លួនរស់នៅ។

    បន្ថែមពីការប្រគល់តុកៅអី និងចែកជូននូវសម្ភារៈសិក្សាដល់លោកគ្រូអ្នកគ្រូ និងសិស្សក្មេងៗជាង200នាក់ ក្រុមតារាមហាហង្ស ក៏បាននិយាយលេងធ្វើឱ្យក្មេងៗបានសើចសប្បាយផងដែរ៕

  • ទស្សនាចរព្រះវិហារបុរាណ « វត្តឈៀងថង » វិចិត្រកម្មប្រណិតដាច់គេនៅខេត្ត ហ្លួងប្រៈបាង

    ទស្សនាចរព្រះវិហារបុរាណ « វត្តឈៀងថង » វិចិត្រកម្មប្រណិតដាច់គេនៅខេត្ត ហ្លួងប្រៈបាង

    « ពុទ្ធបដិមាមាស » ជាឯកលក្ខណភាពព្រះពុទ្ធរូបសិល្បៈប្រទេសឡាវ ដែលបានកំពុងទាក់ទងភ្ញៀវទេសចរណ៍ជាច្រើននាក់ នាព្រះវិហារបុរាណ វត្តឈៀងថង។

    ជនជាតិឡាវមានជំនឿថា ពុទ្ធបដិមាមាស មួយអង្គនេះ បានអណ្ដែតតាមផ្ទៃទឹកទន្លេមកពីប្រទេសភូមា ទើបបានឱ្យឈ្មោះថា « ប្រៈម៉ាន » មកពីពាក្យ ព្រះ+ភូមា ។ អារាមឈៀងថង គឺជាព្រះវិហារបុរាណដែលជាប់ជាសម្បត្តិបេក្ខភណ្ឌពិភពលោកនៅខេត្ត ហ្លួងប្រៈបាង ព្រោះវត្តនេះ មានវ័យចំណាស់ និងមានវិចិត្រកម្មក្បាច់បិទសន្លឹកទឹកមាស ពេញតួព្រះវិហារយ៉ាងប្រណិតផងដែរ។ រីឯដំបូលមាន 3 ថ្នាក់ ហើយអែនចុះក្រោម ប្រៀបបានដូចទៅនឹងស្លាបបក្សី ដែលជាភាពច្នៃប្រឌិតមិនអាចកាត់ថ្លៃបាន។ គំនូរបុរាណនៅក្នុងព្រះវិហារ សុទ្ធតែបិទដោយសន្លឹកទឹកមាស បានរំលេចនូវពន្លឺមាសពេញក្នុងអារាមតែម្ដង។

    ចង់ដឹងថា ព្រះវិហារបុរាណមួយនេះមានភាពប្រណិតដល់កម្រិតណានោះ សូមទស្សនារូបភាពទាំងអស់នេះ៖

  • ម៉ានិត ជោគជ័យបើកសម្ពោធស្នាដៃពីរ អាល់ប៊ុមចម្រៀង « សមុទ្រ » និងសៀវភៅប្រលោមលោករឿង « កូនទី ៦ »

    ម៉ានិត ជោគជ័យបើកសម្ពោធស្នាដៃពីរ អាល់ប៊ុមចម្រៀង « សមុទ្រ » និងសៀវភៅប្រលោមលោករឿង « កូនទី ៦ »

    តារាចម្រៀង និងជាអ្នកនិពន្ធសៀវភៅវ័យក្មេងមួយរូបគឺលោក ម៉ុង ម៉ានិត កំពុងតែជោគជ័យខ្លាំង ដោយការនិពន្ធសៀវភៅរឿងដូចជា «បេសកម្មមួយ» «ផ្ទះកណ្តាលបឹង» ជាដើម សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ ប្រិយមិត្តទស្សនិកជន ជាពិសេសមិត្តៗយុវវ័យ ។ យ៉ាងណាមិញ បន្ទាប់ពីខកខានមិនបាន បញ្ចេញអាល់ប៊ុមចម្រៀង អស់រយៈពេលជាច្រើនឆ្នាំរួចមក ពោលគឺរយៈពេលបីឆ្នាំមកហើយ នៅទីបំផុត ម៉ានិត ក៏បានត្រឡប់មកជាថ្មី ជាមួយនឹងការបញ្ចេញនូវ អាល់ប៊ុមបទចម្រៀងទោល ដែលមានឈ្មោះថា «សមុទ្រ» កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។

    នៅក្នុងថ្ងៃសម្ពោធអាល់ប៊ុម « សមុទ្រ » និងសៀវភៅប្រលោមលោករឿង « កូនទី ៦ » នាថ្ងៃម្សិលមិញនេះ លោក ម៉ានិត បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា នេះគឺជាស្នាដៃនិពន្ធចម្រៀង និងតន្ត្រីចុងក្រោយគេបង្អស់ បន្ទាប់ពីលោកបានផ្អាកពីសិល្បៈចម្រៀងអស់រយៈពេល 3 មកហើយ ដោយលោកចង់មានពេលវេលាសម្រាក និងស្វែងរកអត្តសញ្ញាណនៃការផលិតចម្រៀងរបស់លោក ឱ្យប្រកបដោយព្រលឹងនិងគុណភាពនៃចម្រៀងខ្មែរ។ លោកបានបន្ដទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានងាកមកចាប់អារម្មណ៍និពន្ធរឿងប្រលោមជាច្រើនរឿង រហូតដល់ជក់ចិត្តស្ទើតែមិនចង់ដកខ្លួនបាន។ លោកក៏ជាតារាមួយដួង ដែលបានអភិវឌ្ឍន៍ខ្លួន ពីតារាចម្រៀងដ៏ល្បីល្បាញ ទៅជាអ្នកនិពន្ធសៀវភៅវ័យក្មេង ហើយមានកេរ្តិ៍ឈ្មោះល្បីខ្លាំងទៀតផង។

    យ៉ាងណាមិញ នៅថ្ងៃសៅរ៍ ទី 29 ខែកញ្ញា ឆ្នាំ 2018 ក៏មានការប្រគំតន្រ្តីបើកឆាកអាល់ប៊ុកទោលរបស់តារាប្រុសរូបនេះផងដែរ ។ សូមជម្រាបថា ម៉ានិត ជាតារាចម្រៀងមួយដួង ដែលមានភាពល្បីល្បាញ និងតែងតែទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន ពិសេសមិត្តៗយុវវ័យ ខណៈរាល់បទចម្រៀងរបស់លោក ភាគច្រើនសុទ្ធសឹង ជាបទមនោសញ្ចេតនាស្នេហាយុវវ័យ៕

  • ស្រ្តីជនភៀសខ្លួនខ្មែរ ដែលមានរូបថតល្បីល្បាញទូទាំងពិភពលោក និងមានរូបសំណាកនិមិត្តរូប បានមរណភាពហើយ

    ស្រ្តីជនភៀសខ្លួនខ្មែរ ដែលមានរូបថតល្បីល្បាញទូទាំងពិភពលោក និងមានរូបសំណាកនិមិត្តរូប បានមរណភាពហើយ

    ស្រ្តីខ្មែរម្នាក់ដែលគេធ្លាប់ឃើញតាមរយៈរូបថតស្ត្រីបីកូនក្នុងទសវត្សរ៍ ឆ្នាំ1979 ក្នុងឈុតសំលៀកបំពាក់ពណ៌ខ្មៅ បីកូនក្នុងដៃ ឈរអមដោយកូនប្រុសស្រីនៅសង្ខាង ក្នុងទឹកមុខស្លេកស្លាំងស្គមស្គាំងគួរឲ្យសង្វេគនោះ បានទទួលមរណភាពហើយ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃអង្គារ៍ 1រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស2562 ត្រូវនឹងថ្ងៃទី25 ខែកញ្ញា ឆ្នាំ2018 នៅពែរីញើ ប្រទេសបារាំង។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ព្រះតេជគុណ ព្រះនាម Choothmuny Huy បង្ហោះកាលពីថ្ងៃទី27 ខែកញ្ញា ឆ្នាំ2018 ម្សិលមិញ។

    បើតាមការបង្ហើបរបស់គណនី Yong Seng Yeath បានរៀបរាប់ថា ស្រ្តីជនភៀសខ្លួនខ្មែរ ឈ្មោះ⁣ តោង​ ​អូន​ នៅក្នុងរូបថតដ៏ល្បីល្បាញនៅក្នុងពិភពលោកនាឆ្នាំ (1979) គឺ​ពេលនេះបានទទួលអនិច្ចកម្ម​ហើយ​ កាលពីថ្ងៃទី​ 25/09/2018​ ក្នុងជន្មាយុ​ ៨៦​ ឆ្នាំ​ (Chemin du Sans Souci Boulazac , Perigueux, France)។ ក្មេងប្រុសដែលបីនោះឈ្មោះ​ សំណាង​ ( 39 ឆ្នាំ រស់នៅប្រទេសបារាំង) ។ ក្មេងប្រុសឈរនៅខាងឆ្វេងដៃ ឈ្មោះសារឿន​ (47ឆ្នាំ រស់នៅប្រទេសបារាំង) ។ក្មេងស្រីដែលឈរនៅស្ដាំដៃ​ឈ្មោះ​ សុភាព​(42 ឆ្នាំ រស់នៅប្រទេសបារាំង)។ ផ្ទាំថ្មចម្លាក់: ស្ថិតនៅរដ្ឋ ម៉ាស្សាជូសេត សហរដ្ឋអាមេរិក ។

    សូមទស្សនារូបភាព និងរូបសំណាកខាងក្រោមនេះ៖

  • ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបើកឱ្យសាធារណៈជនទូទៅចូលទស្សនា វត្ថុបុរាណ នៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបើកឱ្យសាធារណៈជនទូទៅចូលទស្សនា វត្ថុបុរាណ នៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប

    តាមរយៈគេហទំព័រផ្លូវការណ៍របស់ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក គឹម សុធិន ប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងនាព្រឹកថ្ងៃទី25 ខែកញ្ញា ឆ្នំា2018 នេះថា ដើម្បីអបអរថ្ងៃប្រារព្ធខួបបេតិកភណ្ឌអឺរ៉ុប នាពេលខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបើកទូលាយឱ្យសាធារណជនទាំងអស់ ចូលទស្សនា និងសិក្សាឈ្វេងយល់ពីវត្ថុបុរាណដែលត្រូវបានរក្សាទុកនៅអភិរក្សដ្ឋានអង្គរ នាថ្ងៃទី29 ខែកញ្ញា ឆ្នាំ2018 ខាងមុខនេះ ចាប់ពីម៉ោង 8ព្រឹក ដល់ម៉ោង 4រសៀល។

    សូមគោរពអញ្ជើញទស្សនារូបភាពខាងក្រោមនេះ៖

  • អ្នកលេងបណ្ដាញសង្គមផ្ទុះការរិះគន់ឈុតតំណាងជាតិខ្មែរក្នុងកម្មវិធី Mister Grand International 2018

    អ្នកលេងបណ្ដាញសង្គមផ្ទុះការរិះគន់ឈុតតំណាងជាតិខ្មែរក្នុងកម្មវិធី Mister Grand International 2018

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក គេបានមើលឃើញថា  Mister Grand International 2018 ដែលទើបបញ្ចប់មុននេះនៅក្នុងប្រទេសថៃ មិនដឹងថាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជា គឺលោក Greg Gregg Dalde ត្រូវបានជ្រើសចេញពីប្រភពណានោះឡើយ ប៉ុន្តែបែឃើញវត្តមានរបស់លោកតំណាងអោយជាតិខ្មែរទាំងមូលនៅក្នុងកម្មវិធីទៅវិញ ជាហេតុបណ្ដាលឱ្យមហាជនខ្មែររិះគន់ និងប្រតិកម្មខ្លាំងបំផុត ដោយឡើកលើងថា មិនដឹងជាឈុតក្នុងរចនាបទអ្វីឱ្យពិតប្រាកដ ទោះកែច្នៃក៏មិនត្រូវ។

    អ្នកលេងហ្វេសប៊ុកជាច្រើន បានប្រតិកម្មចំពោះការចូលប្រកួតរបស់បេក្ខភាពតំណាងឱ្យប្រទេសកម្ពុជាខាងលើ ដោយម្នាក់ៗបានចោទសួរថា តើឈុតតំណាងខ្មែររបស់លោក Greg Gregg Dalde ស្រង់ចេញពីណា? បើក្បិនមិនចំក្បិន មកុដក៏មិនចំមកុដ តើនោះជាជនជាតិអ្វីឱ្យពិតប្រាកដ? ជាពិសេសក្នុងពេលដែលឈុតតំណាងជាតិរបស់គេសុទ្ធតែមានរចនាបទឆ្លុះបញ្ចាំងពីជាតិគេ ប៉ុន្តែអ្នករៀបចំឈុតឱ្យបេក្ខភាពខ្មែរ គឺធ្វើឈុតឱ្យដូចបាយឡុកបាយឡ ដែលអ្នករិះគន់ចោទថា គឺបណ្ដាលមកពីក្រសួងពាក់ព័ន្ធខ្វះប្រសិទ្ធិភាពចាត់ការចំពោះក្រុមហ៊ុនដែលយកឈ្មោះកម្ពុជាទៅជាន់ឈ្លី។

    គួរបញ្ជាក់ផងដែរថា ការពិតណាស់ គេមិនបានដឹងប្រភពបុរសឈ្មោះ Greg Gregg Dalde ដែលត្រូវបានគណកម្មការជ្រើសឱ្យឈរឈ្មោះជាតំណាងកម្ពុជា មានប្រភពមកពីណាទេ មិនទាំងចេះខ្មែរមួយម៉ាត់ ថែមទាំងស្លៀកឈុត ប្រពៃណីខ្មែរ មិនដឹងជាស្អីៗ ដែលមិនខុសពីយកមុខខ្មែរទៅបំបាក់លើឆាកអន្តរជាតិ។ អ្នកលេងបណ្ដាញសង្គមបានទទូចឱ្យក្រសួងពាក់ព័ន្ធមានវិធានការចំពោះរឿងនេះ ប្រសិនបើនៅតែបណ្ដោយឱ្យក្រុមហ៊ុនឯកជន បន្តរំលងចំណាត់ការទៀតនោះ  ហើយប្រើឈ្មោះកម្ពុជាដោយយកបេក្ខជនប៉ាតណាប៉ាតណី ហើយថែមទាំងច្នៃឈុតឱ្យស្លៀកមិនត្រូវរចនាបទខ្មែរ ប្រាកដណាស់នឹងនាំឱ្យកម្ពុជាបាក់មុខលើឆាកអន្តរជាតិ៕