Author: អេបិល

  • IOC និយាយ​ថា អនា​គត​អូឡាំពិក​របស់​កីឡា​ប្រដាល់កំពុង​ស្ថិតក្នុង​ហានិភ័យ

    IOC និយាយ​ថា អនា​គត​អូឡាំពិក​របស់​កីឡា​ប្រដាល់កំពុង​ស្ថិតក្នុង​ហានិភ័យ

    សហ​​ព័ន្ធកីឡា​​ប្រដាល់​ស្ម័គ្រចិត្តអន្តរ​ជាតិ ​ហៅកាត់​ថា AIBA ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​​អភិ​បាល​កិច្ច​របស់​ខ្លួនឱ្យបាន​នៅ​ត្រឹម​ខែ​ក្រោយ​នេះ បើ​មិន​​អ៊ី​ចឹង​ទេនឹង​ប្រឈមមុខនឹង​ការ​​អវត្ត​មា​ន​ក្នុងព្រឹត្តិការណ៍​អូឡាំ​ពិក​ទីក្រុង​តូក្យូ ឆ្នាំ​2020 ព្រមទាំងនឹងបាត់​បង់​ការ​ទទួល​ស្គាល់​របស់​​ខ្លួន​ពី​គណៈ​កម្មា​ធិការ​​អូឡាំ​ពិក​អន្តរ​ជាតិ (IOC)មិនខាន​។ នេះ​បើយោង​​តាម​ការ​ព្រមាន​របស់ IOC កាលពីថ្ងៃ​ពុធ​។

    IOC បាន​​ធ្វើ​ការ​ព្រមាន​ដល់ AIBA នៅមុន​ពេល​ត្រូវ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​ បញ្ហាអភិ​បាល​កិច្ច​របស់​កីឡា​នេះ រួមទាំងបញ្ហា​ប្រឆាំង​នឹង​សារ​ធាតុ​ហាម​ឃាត់​របស់​​អង្គ​ភាព​នេះផង ឬ​មិន​អ៊ី​ចឹង​ទេ AIBA នឹង​ប្រឈមមុខ​នឹង​ការ​បាត់​ខ្លួន​​ចេញពី​ព្រឹត្តិការណ៍​អូឡាំ​ពិក​នៅទីក្រុង​តូក្យូ ឆ្នាំ​2020​។ គួរបញ្ជាក់ដែរថា របាយ​ការណ៍​វិវឌ្ឍន៍​របស់ AIBA កាលពី​ខែ​ឧសភា មិន​បាន​បំពេញ​ចិត្ត IOC ដែល​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ពិនិត្យមើល​លើ​បញ្ហា​នេះ​ម្តង​​ទៀត ក្រោយពី​​សន្និ​បាត​របស់ AIBA និង​ការ​បោះឆ្នោត​ជ្រើស​រើស​​ប្រធាន​ថ្មី​ នៅ​ថ្ងៃ​ទី​2 និង​ទី​3 ខែ​វិច្ឆិកា ក្នុង​ទីក្រុង​ម៉ូ​ស្គូ​ ប្រទេសរុស្ស៊ី។

    ​ IOC បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ក្រុម​ប្រឹក្សា​ប្រតិ​បត្តិ​របស់ IOC នៅ​ថ្ងៃ​នេះ បានសម្តែង​នូវ​ការ​ខ្វល់​ដ៏ខ្លាំង​របស់​ខ្លួន​ជា​មួយ​នឹង​ស្ថា​ន​ភាព​នៅក្នុង​សហ​ព័ន្ធ​កីឡា​ប្រដាល់ស្ម័គ្រចិត្ត​អន្តរ​ជាតិ (AIBA) និង​អភិបាល​កិច្ច​របស់​ពួក​គេ​នា​ពេលបច្ចុប្បន្ន​»​។ IOC បាន​បន្ថែម​ទៀត​ថា៖​ «បញ្ហា​ទាំង​នោះ​រាប់បញ្ចូល​ទាំង​កាលៈ​ទេសៈ​ផ្សេង​ៗ​នៃ​ការ​បង្កើត​បញ្ជី​ឈ្មោះ​បោះឆ្នោត​ និង​ទំនាក់​ទំនង​ដែលមិន​ត្រឹម​ត្រូវ​ក្នុង​ភាព​ជា​សមា​ជិក​របស់ AIBA ទាក់​ទង​នឹង​ទី​តាំង​របស់ IOC​»​។

    AIBA បាន​ស្ថិត​ក្នុង​ស្ថាន​ភាព​ជ្រួល​ច្របល់​អស់​រយៈពេល​ជាច្រើន​ឆ្នាំមក​​ហើយ ហើយ​អតីត​ប្រធាន​របស់​ខ្លួន គឺ​លោក Wu Ching-kuo បាន​ជាប់​ពិន័យ​ព្យួរ​ការងារកាលពីឆ្នាំ​2017 នៅ​មុន​ពេល​លា​លែង​ពី​តំណែង​ជុំ​វិញ​បញ្ហា​អភិបាល​កិច្ច និងបញ្ហា​ហិរញ្ញវត្ថុ​៕

    ប្រភព​ពី៖ Reuters

  • ព្រឺព្រួច!! ពេលឃើញតារាសិល្បៈខ្មែរតែងខ្លួនជាខ្មោច សម្ដែងលើឆាកបែបនេះ…

    ព្រឺព្រួច!! ពេលឃើញតារាសិល្បៈខ្មែរតែងខ្លួនជាខ្មោច សម្ដែងលើឆាកបែបនេះ…

    នៅក្នុងព្រឹត្តិការណ៍ «ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ» ដែលចូលរួមសម្ដែងដោយតារាៗក្នុងគ្រួសារតារាកម្ពុជា  ត្រូវបានគេកត់សម្គាល់យ៉ាងខ្លាំងពីការដើរម៉ូដនៃតួអង្គតែងជាខ្មោច ឬហៅថាតំណាងឱ្យពពួកប្រេតច្រើនជាង និងដោយសារតែតារាសិល្បៈចាស់ក្មេងត្រូវបានតែងខ្លួនជាតួប្រេត ឬខ្មោចប្លែកៗ ហើយឡើងមកដើរបង្ហាញខ្លួននៅលើឆាក និងឱ្យសំឡេងភ្លេងជាអ្នកពញ្ញាក់អារម្មណ៍ផងនោះ ធ្វើឱ្យអ្នកទស្សនាទាំងអស់ដែលបានស្ដាប់ និងមើលឃើញហើយព្រឺព្រួច ញាប់ញ័រខ្លួនយ៉ាងខ្លាំង។

    សមាជិកចាស់-ថ្មីនៃគ្រួសារតារាកម្ពុជា រួមមានកញ្ញា ភី សម័យ អ្នកនាងយីវ មូលីកា អ្នកនាងសាង សុរិយា កញ្ញាទេព មុន្នីរក្សា លោកសាក់ ស៊ីឌី លោកឡុង សុខហៀង កញ្ញាកែវ ពេជ្រកុសុម៉ា កញ្ញារក្សា (ខេរ៉ា) លោកមាស សៀវប៉ាយ ត្រូវគេឃើញតែងខ្លួនយ៉ាងប្លែកភ្នែកតែម្ដង ដែលនៅពេលបានឃើញហើយស្ទើរតែញាក់សាច់តែម្ដង។ ក្រៅពីរំលេចផ្ទាំងទស្សនីយភាពដ៏កម្របានឃើញនៅលើវេទិកានេះហើយ តារាសិល្បៈដែលបានតែងខ្លួនជាតួអង្គខ្មោច ក៏ត្រូវបានគេដឹងដែរថាបានលះបង់ពេលវេលាដល់ទៅ 2ថ្ងៃ សម្រាប់ការហាត់សមនៅលើឆាកទៀតផង។  

    គួរកត់សម្គាល់ដែរថា ខណៈដែលតារាជាច្រើនដួងនេះតុបតែងខ្លួនធ្វើជាខ្មោចដែលពិតជាគួរឱ្យខ្លាច និងព្រឺព្រួចមែននោះ តារាទាំងនោះថែមទាំងបានផាត់មុខមាត់កាចៗ មានឈាមហូរដាបខ្លួនទៀតផង។

    តោះ! សាកល្បងទាយទាំងអស់គ្នាទៅមើល៍ថា តួអង្គខ្មោចដែលបានលេចឡើងនៅក្នុងពិធី «ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ» ដែលទើបបញ្ចប់នោះ តើមានតួអង្គខ្មោចណាខ្លះដែលគួរឱ្យខ្លាចបំផុត?៕

  • គួរឱ្យចាប់អារម្មណ៍ !! គ្រី ថៃពៅ ចេញបទអី ស្ងាត់បទហ្នឹងតែម្ដង

    គួរឱ្យចាប់អារម្មណ៍ !! គ្រី ថៃពៅ ចេញបទអី ស្ងាត់បទហ្នឹងតែម្ដង

    គេកត់សម្កាល់ឃើញថា អតីតបេក្ខភាពជយលាភី «Cambodin Idol» រដូវកាលទី2 លោក គ្រី ថៃពៅ ក្រោយពីបានលើកពានកម្មវិធីលំដាប់ថ្នាក់ពិភពលោកដ៏ធំប្រចាំប្រទេសកម្ពុជា ហាក់មានភាពស្ងប់ស្ងាត់ និងនៅមិនទាន់មានបទចម្រៀង ណាមួយផ្ទុះខ្លាំង ដូចម្ចាស់ពាន នី រតនា ឬ ថែល ថៃ ឡើយ។

    ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងរបស់លោក គ្រី ថៃពៅ ជាច្រើនបទមកហើយដែរ តែគេមើលទៅឃើញថា គ្មានសន្ទុះដូចតារាផ្សេងៗទាល់តែសោះ បើទោះបីជាបទនោះពិរោះយ៉ាងណាក៏ដោយ។ ជាក់ស្ដែង ដូចប្រិយមិត្តបានដឹងហើយថា ប្រសិនបើហង្សមាស ជំរុញតារាណាមួយនោះ ជាក់ច្បាស់ តារានោះមានឈ្មោះល្បីសុះសាយ និងក្ដោបបានឱកាសធំៗ ក្នុងការឡើងច្រៀងលើឆាកតន្ត្រី។ តែចំពោះតារាប្រុសមួយដួងនេះវិញ ដូចជាមិនសូវទទួលបានប្រជាប្រិយភាពទាល់តែសោះ នេះបើតាមការមើលឃើញរបស់អ្នកគាំទ្រ។

    សូមជម្រាបដែរថា គេជឿថា អតីតម្ចាស់ពាន «Cambodin Idol» រដូវកាលទី២ លោក គ្រី ថៃពៅ ច្បាស់ជាមានសង្ឃឹមថា នឹងបានល្បីល្បាញ ដូចតារាផ្សេងនៅទ្រនំនេះដែរ ជាមិនខាន ព្រោះថ្មីៗនេះ ហង្សមាសក៏បានរុញ គ្រី ថៃពៅ ឱ្យចូលទៅថតរឿងភាគរបស់ផលិតកម្មខ្លួន ដើម្បីឱ្យតារាចម្រៀងរូបនេះ កុំឱ្យស្ងប់ស្ងាត់ពេកដែរ តាមរយៈរឿង «ខ្ញុំមានញាណលើស» ដែល លោក គ្រី ថៃពៅ ត្រូវសម្តែងប៉ះជាមួយរៀមច្បង មានកេរ្តិ៍ឈ្មោះល្បី រួមមានដូចជា ឆន សុវណ្ណារាជ, ណុប ប៉ាយ៉ារិទ្ធ, សយ រតនៈ, សុខ ស្រីនាង និងប៉ាច គីមមួយ ជាដើម៕

    https://youtu.be/ZuQc-Dk9Zfk

  • Taecyeon បង្ហាញរូបរាងសង្ហាកាន់តែទាក់ទាញដួងចិត្តនារីៗ

    Taecyeon បង្ហាញរូបរាងសង្ហាកាន់តែទាក់ទាញដួងចិត្តនារីៗ

    នៅក្នុងអំឡុងខែ តុលា នេះ អ្នកគាំទ្រកំពុងចាប់ក្រសែភ្នែកទស្សនារូបរាងដ៏សង្ហារបស់តារាឯកប្រុស Taecyeon ក្នុងឈុតសម្លៀកបំពាក់ជាពលទាហ៊ាន ក្នុងរឿងភាគល្បីល្បាញ « Descendant of the Sun » ។ កំឡោះសង្ហាជាសមាជិកក្រុមចម្រៀង 2PM រូបនេះ ក៏បានបង្ហាញវត្តមានហាត់សមយុទ្ធត្រៀម ដើម្បីឆ្លងថ្ងៃបុណ្យពលកម្មជាតិផងដែរ។

    មិនត្រឹមតែហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់នោះទេ តារាចម្រៀង និងសម្ដែងប្រុសរូបនេះ បានបង្ហាញរាង ថតរូបសង្ហាៗទាក់ចិត្តអ្នកគាំទ្រនារីៗផងដែរ។ គួរកត់សម្គាល់ផងដែរថា រូបថតជាច្រើនសន្លឹករបស់ Taecyeon ក្នុងឈុតសម្លៀកបំពាក់ពលទាហ៊ានបែបនេះ ត្រូវបានអណ្ដែតព្រោងព្រាតពាសពេញបណ្ដាញទំនាក់ទំនងសង្គមតែម្ដង ជាពិសេសគណនីផេចនិយមគាំទ្ររឿងភាគកូរ៉េ។ ចង់ដឹងថា តារាប្រុសរូបនេះសង្ហាបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖

  • អាជ្ញាធរ​ពន្ធដារចិនបង្គាប់មិនឱ្យចាក់បញ្ចាំងរឿង Fan Bingbing ខណៈកំពុងមានករណីគេចពន្ធលើសលប់

    អាជ្ញាធរ​ពន្ធដារចិនបង្គាប់មិនឱ្យចាក់បញ្ចាំងរឿង Fan Bingbing ខណៈកំពុងមានករណីគេចពន្ធលើសលប់

    តាមរយៈសារព័ត៌មាន The Startime ដែលទើបតែចេញផ្សាយមុនបន្ដិចបានឱ្យដឹងថា អាជ្ញាធរពន្ធដារចិនបានចេញសេចក្ដីប្រកាសថា កំពូលតារា​សម្ដែងចិនអ្នកនាង ហ្វាន ពីងពីង (Fan Bingbing) ត្រូវបាន​បង្គាប់បង់ពន្ធ​ចូលរដ្ឋវិញ និងពិន័យជាប្រាក់​រាប់រយលានយ័នពីបទ​គេចពន្ធ ព្រមទាំងពិន័យមិនឱ្យចាក់បញ្ចាំរឿងរបស់នាងឡើយ។

    អាជ្ញាធរពន្ធដារចិន បានបង្ហើបឱ្យដឹងថា តារាសម្ដែងស្រីរូបនេះ បានគេចមិនព្រមបង់ពន្ធក្នុងទឹកប្រាក់ប្រមាណ 95.8 លានដុល្លារ និងជាប់ពិន័យពន្ធដារ 255 លានយ័នផងដែរ។ អ្នកនាង ហ្វាន ពីងពីង មិនបាន​បង្ហាញខ្លួនជា សាធារណអស់​រយៈពេលជាច្រើនខែ​មកហើយ ខណៈមានពាក្យ​​ចចាមអារ៉ាម​​ជាច្រើនថា កំពូលតារា​​សម្ដែងរូបនេះ​ ​ត្រូវបានអាជ្ញាធរ​ចិនចាប់ខ្លួន​ពីបទ​គេចពន្ធ។ ចំណែកឯ ទីកន្លែង​ដែល​អ្នកនាង Fan កំពុងស្ថិតនៅក៏​ពុំទាន់ត្រូវបានគេឱ្យ​ដឹងនៅឡើយ​ដែរ។

    គួររំឭកដែរថា អ្នកនាង Fan Bingbing មិនបានបង្ហាញ​​ខ្លួនជាសាធារណៈ​ តាំងតែពីខែមិថុនា​​មកម្ល៉េះ ពោលគឺបន្ទាប់​ពីអ្នក​នាងបានបង្ហោះ​រូបភាព នៅលើបណ្ដាញ​​ទំនាក់ទំនង​សង្គម​ថា អ្នកនាងបាន​ធ្វើដំណើរ​ទៅកាន់មន្ទីរពេទ្យ​​កុមារមួយ​កន្លែង ស្ថិតនៅ​ក្នុង​តំបន់ទីបេ។ បន្ថែមពីលើ​នេះ អត្ថបទមួយចុះ​​ផ្សាយដោយប្រព័ន្ធ​ផ្សព្វ​ផ្សាយរដ្ឋ Securities Daily កាលពីថ្ងៃទី6 ខែកញ្ញា ហើយដែល​ក្រោយ​មកត្រូវបាន​លុបចោល​វិញភ្លាមៗ​​បានអះអាងថា អ្នកនាង Fan កំពុងស្ថិតនៅ​​ក្រោមការឃ្លាំមើល​របស់​អាជ្ញាធរចិន និងកំពុងប្រឈមមុខ ការកាត់ទោស​​ពីបទ​គេចពន្ធ។

    សូមជម្រាបបន្ថែមថា រឿងរបស់ Fan Bingbing ដែលសម្ដែងនៅហូលីវូតត្រៀមនឹងរៀបបញ្ចាំងមានដូចជារឿង «X-Men» និងរឿង «Iron Man» ដែលរំពឹងកើបចំ​ណូលបានពីអ្នកគាំទ្រចិនបានដល់ទៅ 62 លានដុល្លារសហរដ្ឋអាមេរិច៕

  • Osakaត្រួស​ត្រាយ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ជុំ​ទី​ 3 នៃ​ពាន China Open

    Osakaត្រួស​ត្រាយ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ជុំ​ទី​ 3 នៃ​ពាន China Open

    កីឡាការិនី​វាយកូន​បាល់ Naomi Osaka កំពុង​តែ​​ស្រេក​ឃ្លានក្នុងការ​បន្ត​ដំណើរ​ទៅ​មុខ​ពី «ការ​ចង​ចាំ​ផ្អែម​លាយ​ល្វីង» នៃ​ការ​​ឈ្នះពាន​ក្នុង​ព្រឹត្តិការណ៍​ US Open កាលពី​ខែមុន ហើយ​កីឡា​ការិនី​រូបនេះ បាន​បង្ហាញពី​ទម្រង់​លេង​ដ៏​រឹង​មាំ​ក្នុងយុទ្ធនាការ China Open កាលពីថ្ងៃអង្គារ​។

    តា​រាឆ្នើមស្រី​វ័យ​ក្មេង​របស់​ជប៉ុន​រូបនេះ បាន​​យកឈ្នះ​លើ​កីឡាការិនី​អាមេរិក Danielle Collins យ៉ាង​ងាយស្រួល​ក្នុងលទ្ធផល 6-1 និង​6-0 ក្នុង​រយៈពេល​​ត្រឹម​តែ​ 53​​នាទី នៅលើ​ទីលាន​រឹង​​ក្នុង​ទីក្រុង​ប៉េ​កាំង ដើម្បី​ឈាន​ទៅ​ប្រកួត​ជុំ​ទី​3​។ ជាមួយ​គ្នា​នេះ ទម្រង់​លេង​យ៉ាង​ល្អ​របស់​កីឡា​ការិនី​ចិន Wang Qiang បាន​​បន្ត​ ក្រោយពី​នាង​បាន​យកឈ្នះ​លើ​កីឡា​ការិនី​ឡេ​តូនី Jelena Ostapenko ដែល​ជាម្ចាស់​ជើង​ឯក French Open ឆ្នាំ​2017 ក្នុង​លទ្ធ​ផល 6-០ និង​6-០​។ Ostapenko ដែលមាន​ចំណាត់​ថ្នាក់​​លេខ​12 ​ប្រចាំ​ព្រឹត្តិការណ៍ បានត្រូវ​ការ​ការ​ព្យា​បាល​ដៃ​ខាង​​ឆ្វេង​របស់​គេ អំឡុង​ពេលនៃការ​ប្រកួត ប៉ុន្តែជ័យជម្នះ​បាន​កើតឡើង​ពីការ​បង្ហាញ​ទម្រង់​លេង​យ៉ាងល្អ​របស់ Qiang នៅចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​។

    Osaka វ័យ​ 20​ឆ្នាំ ដែល​ការ​ឈ្នះ​ពាន​តែ​1 ​​​ក្នុងកម្មវិធី Grand Slam របស់​នាង​ត្រូវ​បាន​រំខាន​ដោយ​ជម្លោះ​របស់​កីឡា​ការិនី Serena Williams ជាមួយ​នឹង​អាជ្ញា​កណ្តាល​ក្នុង​ទីក្រុង​ញូវ​យ៉ក​នោះ នឹង​ត្រូវ​​ប៉ះ​ជា​មួយ​នឹង​កីឡា​ការិនី Julia Goerges ក្នុង​វគ្គ​បន្ទាប់ ក្នុង​រដ្ឋ​ធានី​របស់​ចិន​។ កេរិ៍្ត​ឈ្មោះ Osaka កំពុង​តែ​មាន​ភាពល្បីល្បាញ ហើយ​មន្ត្រី​​រៀប​​ចំ​ការ​ប្រកួតកាលពីថ្ងៃអង្គារ បាន​បញ្ជាក់​ថា នាង​បាន​ទទួល​សិទ្ធិ​របស់​នាង​ក្នុង​ព្រឹត្តិ​ការណ៍ WTA Finals Singapore ជាលើក​ទី​1​៕

    ប្រភព​ពី៖ Channel News Asia

  • ទស្សនីយភាពវីដេអូអប់រំខ្លី «ស្នាមក្រែម» បង្កប់អត្ថន័យជ្រាលជ្រៅដល់ហូរទឹកភ្នែកដោយមិនដឹងខ្លូន

    ទស្សនីយភាពវីដេអូអប់រំខ្លី «ស្នាមក្រែម» បង្កប់អត្ថន័យជ្រាលជ្រៅដល់ហូរទឹកភ្នែកដោយមិនដឹងខ្លូន

    វីដេអូ បែបអប់រំខ្លី មានចំណងជើងថា «ស្នាមក្រែម» បង្ហាញពីជីវិតរបស់គ្រួសារមួយ ដែលធ្លាប់តែមានសុភមង្គល និងពោរពេញ ទៅដោយក្ដីស្រឡាញ់ តែត្រូវរលាយបាត់បង់ ដោយសារតែការសប្បាយភ្លើតភ្លើន ជាកំហុសឆ្គងធ្វើឲ្យបាត់បង់សុភមង្គល និងក្ដីសុខដែលធ្លាប់តែមានកន្លងមក។ យ៉ាងណាមិញ វីដេអូអប់រំខ្លីនេះកំពុងតែទទួលបានការចាប់អារម្មណ៍ ជាពិសេសគឺមានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់។

    អ្នកនាង ស្វែង សុជាតា ដែលមានតួនាទីជាម្តាយ បានសម្តែងអារម្មណ៍ភ័យបុកពោះក្នុងទឹកមុខស្រពោននៅពេលកូនស្រីជាទីស្រឡាញ់រស់នៅក្បែររហូត បានបាត់ពីទ្រូងភ្លាមៗធ្វើឱ្យអ្នកនាងមានចិត្តបារម្ភពន់ពេក។ តារាស្រីជើងចាស់ និងសម្បូរបទពិសោធន៍សម្តែងដ៏ជំនាញ បានឱ្យប្រាប់ដឹងថា ករណីដែលអ្នកនាងស្លន់ស្លោ រឿងដើររកកូនស្រីជាការថតសម្តែងនៅក្នុងរឿង «ស្នាមក្រែម»ក្នុង​រឿងថ្មីមួយ ដែលជារឿងបែបមនោសញ្ចេតនាកប់ជ្រៅមានលក្ខណៈអប់រំក្នុងសង្គមយើងផងដែរ។ អ្នកនាងថា កូនស្រីក្នុងសាច់រឿងបានបាត់ចេញពីផ្ទះ ក្រោយទទួលយកមិនបានពេលឃើញឪពុកដោយចៃដន្យ កំពុងលបលួចមានស្រីថ្មី ក៏ទប់ចិត្តលែងបាន ហើយ​រត់ចេញពីផ្ទះគ្មានប្រាប់នរណាម្នាក់ឡើយ បង្កឲ្យ​មានការភ័យព្រួយពីអ្នកនៅក្នុងផ្ទះគ្រប់គ្នា ជាពិសេសអ្នកនាង ត្រូវជាម្តាយតែម្តង។

    តារាដែលលេចធ្លោនៅក្នុងវីដេអូអប់រំនេះ រួមមាន អ្នកនាង ស្វែង សុជាតា លោក ជា សំណាង និងកុមារី ជូលី ដោយអ្នកទាំងបី បានរំលេចឈុតឆាកក្នុងរឿងរ៉ាវគ្រួសារយ៉ាងទាក់ទាញបំផុត ពាក់ព័ន្ធនឹងស្នាមក្រែម។ យ៉ាងណាមិញ រឿងរ៉ាវទាំងអស់នេះ ត្រូវបានអ្នកនាង ស្វែង សុជាតា ស្រាយបំភ្លឺឱ្យទស្សនិកជនជ្រាប៕

  • ព្រៃកោងកាង « ធុងប៉្រូងថង» តំបន់ទេសចរណ៍ដីទំនាបមិនគួររំលង!!

    ព្រៃកោងកាង « ធុងប៉្រូងថង» តំបន់ទេសចរណ៍ដីទំនាបមិនគួររំលង!!

    តាមរយៈគេហទំព័រកម្សាន្ដ Kapook បានឱ្យដឹងថា ព្រៃកោងកាង ធុងប៉្រូងថង ( ทุ่งโปรงทอง ) មានទីតាំងស្ថិតនៅជុំវិញមាត់ច្រាំងទន្លេ ប្រៈសែ ក្បែរតំបន់ទំនាបសមុទ្រ ប្រៈសែ ស្រុកក្លែង ខេត្តរៈយ៉ង។ នៅតំបន់ទេសចរណ៍ធម្មជាតិមួយនេះ មានព្រៃកោងកាងលាតសន្ធឹងល្វឹងល្វើយ និងមានស្ពានធ្វើអំពីឈើ ដែលអាចដើរឆ្លងពីព្រៃមួយទៅព្រៃមួយ និងអាចដើរព័ទ្ធជុំវិញព្រៃបាន។

    ចំណែកស្ពានដែលភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្ដទស្សនាសត្វស្លាប និងកូនព្រៃដើមកោងកាងបាននោះ មានប្រវែង 2 .6គីឡូម៉ែត្រ ក្នុងនោះភ្ញៀវទេសចរអាចថតរូបផ្ដិតយកទេសភាពស្អាតៗនៅក្បែរខ្លួនបានផងដែរ ។ តែដោយឡែក ស្ពានដែលមានប្រវែងវែងបំផុត និងអាចដើរឆ្លងទៅកាន់ព្រៃកោងកាងនីមួយៗ បើចង់បន្ដដំណើរត្រូវផ្ដល់ដំណឹងទៅអ្នកអនុរក្សព្រៃជាមុនសិន ដើម្បីធ្វើដំណើរជាមួយអ្នកនាំផ្លូវ។

    បន្ថែមលើសពីនោះ ភ្ញៀវទេសចរអាចបន្ដដំណើរនៅលើទូកដើម្បីទស្សនាព្រៃកោងកាងទាំងមូលក៏បានផងដែរ។ កាន់តែពិសេសជាងនេះទៅទៀត កន្លែងតំបន់ទេសចរណ៍ធម្មជាតិមួយនេះ ត្រូវបានបើកឱ្យចូលទស្សនាទាំងភ្ញៀវជាតិ និងអន្ដរជាតិដោយឥតគិតថ្លៃ ចាប់ពីវេលាម៉ោង 6ព្រឹក ដល់ម៉ោង 6ល្ងាច។ តែចំពោះការជិះទូកវិញ ត្រូវបានបង់ថ្លៃទៅតាមចំនួនមនុស្ស ។

    ដើម្បីកុំឱ្យខកខាន សូមទស្សនាវីដេអូទេសភាពព្រៃកោងកាង «ធុងប៉្រូងថង» ដែលធំជាងគេនៅប្រទេសថៃ ៖

  • ភ្ញាក់ផ្អើល!! គណនីហ្វេសប៊ុកមួយទម្លាយថា អតីត Freshie boy ប្រាក់ លីហួរ ដើរបោកប្រាស់គេ

    ភ្ញាក់ផ្អើល!! គណនីហ្វេសប៊ុកមួយទម្លាយថា អតីត Freshie boy ប្រាក់ លីហួរ ដើរបោកប្រាស់គេ

    គណនីហ្វេសប៊ុកមួយមានឈ្មោះ Kit Chanthla  បានបង្ហោះរូបភាព និងវីដេអូដែលអះអាងថា ខ្លួនបានទិញទូរស័ព្ទពីអតីត Freshie boy ចំណាត់ថ្នាក់លេខ2 ឆ្នាំ2016 ឈ្មោះ ប្រាក់ លីហួរ ប៉ុន្តែត្រូវបានអតីតតារារូបនេះបោកប្រាស់ ដែលខណៈនេះលេខទូរស័ព្ទរបស់តារាប្រុសម្នាក់នេះ មិនអាចទាក់ទងបាន និងបានប្លុកលេខទូរស័ព្ទរបស់ខ្លួន ចោលទៀតផង។

    ប្រភពគណនីខាងលើបានសរសេរសារយ៉ាងវែងអន្លាយថា «ជាតារាល្បីមួយរូបដែរ ថោកទាបមិនគួរបោកប្រាស់ខ្ញុំអ៊ីចឹងសោះ មិនដឹងថាគាត់បោកប្រាស់មនុស្សប៉ុន្មាននាក់មកហើយទេ។ ទិញទូរស័ព្ទពីគាត់តម្លៃ 600ដុល្លារ មួយទឹក…គឺចង់បានទូរស័ព្ទ iPhone 8 Plus តែបែរជាទូរស័ព្ទនោះជា iPhone 6s Plus ដូរសម្បកឡើង iPhone8 Plus ទៅវិញ ពេលណាត់ជួបបែរជាគេចមុខ ហើយបិទទូរស័ព្ទទៀត លេខទូរស័ព្ទបុរសម្នាក់នេះ Tel: 010222260»។

    បើបងប្អូនអ្នកទាក់ទងបាន សូមជួយឱ្យគាត់ចេញមុខដោះស្រាយជាបន្ទាន់…បើមិនអ៊ីចឹងទេ ខ្ញុំនឹងប្តឹងពីបទឆបោកលក់ទូរស័ព្ទក្លែងក្លាយ….បើសងលុយរួចខ្លួន…មុខមាត់ស្អាតបាត តែមិនគួរដើរបោកប្រាស់គេអ៊ីចឹងសោះ PrakLyhour F ជួយ Like share comment ពឹងលើបងប្អូនហើយ…ដើម្បីកុំឱ្យតារាម្នាក់នេះដើរបោកគេទៀត….នាំឱ្យខូចតារាល្អៗនៅស្រុកខ្មែរ ខ្ញុំជឿថា មនុស្សម្នាក់នេះមិនមែនបោកតែខ្ញុំម្នាក់ទេ…គ្រាន់តែគេផ្សេងៗមិនហ៊ាន post ខ្លាចមានរឿង….ខ្ញុំ post ដើម្បីឱ្យចេញមុខដោះស្រាយ បំភ្លឺការពិត គឺខ្ញុំមានភស្តុតាងទាំងអស់។ ម្តងគេ ម្តងយើង 41 41…ខ្ញុំនឹងធ្វើការ Live ផ្ទាល់សូមបងប្អូនជួយវិភាគទាំងអស់គ្នា»។

    គួរបញ្ជាក់បន្ថែមថា ផ្អែកលើការខមមិនរបស់គណនីហ្វេសប៊ុកមួយ បានបង្ហើបឱ្យដឹងថា តារារូបនេះត្រូវបានខាងក្រុមហ៊ុន Freshie ដកតំណែងចេញពីបញ្ជីឈ្នោះ Freshie ជាយូរហើយ ដោយសារតែធ្លាប់មានករណីមិនល្អ ដែលបុគ្គលម្នាក់នេះ បានធ្វើខុសចំពោះលក្ខខណ្ឌរបស់ក្រមហ៊ុន៕

  • អស់ទ្រាំ!! លោកស្រី ងិន ម៉ានីយ៉ា ទម្លាយរូបថតអាពាហ៍ពិពាហ៍កូនស្រី ក្រោយរងការរិះគន់មិនសំចៃមាត់

    អស់ទ្រាំ!! លោកស្រី ងិន ម៉ានីយ៉ា ទម្លាយរូបថតអាពាហ៍ពិពាហ៍កូនស្រី ក្រោយរងការរិះគន់មិនសំចៃមាត់

    កន្លងមកថ្មីៗនេះ គេមើលឃើញមានអ្នកហែកហួរថា «កូនស្រីមានកូន តែប្តីមិនដឹងនៅឯណា» ដោយប្រើប្រាស់ពាក្យមិនសមរម្យដល់កូនស្រីរបស់លោកស្រី ងិន ម៉ានីយ៉ា គឺកញ្ញា ថៃ នារីសុជាតា ដែលពាក្យអស់ទាំងនោះ ធ្វើឱ្យលោកស្រីអត់ទ្រាំមិនបាន ក៏បង្ហាញរូបភាព និងសារតបតទៅវិញនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ដោយលោកស្រីអះអាងថា កូនស្រីបានរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ត្រឹមត្រូវ មិនមែនមានកូនអត់ខាន់ស្លាទេ តែជាអកុសល ពួកគេបានចែកផ្លូវគ្នាវិញតែប៉ុណ្ណោះ។

    សាររបស់ភរិយាឯកឧត្ដម ថៃ នរៈសត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង ​វិចិត្រ​សិល្បៈ បានបង្ហោះនាពេលថ្មីនេះថា « ម្នាក់ៗមានកូនប្រុសកូនស្រីដែលតែងនិយាយមើលងាយវាយប្រហារគេសាហាវៗណាស់។ ដូចកូនប្រុសខ្ញុំអ៊ីចឹង​ ទោះបីគ្នាកែខ្លួនហើយ ក៏នៅតែនាំគ្នាលើកយកមកហែកហួរគ្មានការពិចារណា ឯកូនស្រីខ្ញុំក៏រៀបការត្រឹមត្រូវ ថាក្មេងចុះមិនដឹងខ្យល់ មានមនុស្សចាស់ខ្លះក៏មិនដឹងខ្យល់ដែរ។ សូមជម្រាបថា ចៅប្រុសខ្ញុំ មិនមែនកូនអត់ខាន់ស្លាទេ សូមជ្រាប គ្រាន់តែពួកគេបានបែកចែកផ្លូវគ្នាប៉ុណ្ណោះ។ សូមកុំភ្លេចថា អ្នកឯងក៏មានកូនប្រុសកូនស្រីដែរណា ប្រយ័ត្នកម្មពៀរ ព្រោះកម្មពៀរមិនទៅណាឆ្ងាយទេ សងវិញលឿនៗណាស់ មុនធ្វើអីគិតមុខក្រោយ និងគ្រលាស់អណ្ដាតឱ្យបានសព្វគ្រប់សិនចាំបើកប្រហោងមាត់និយាយដើមគេ។ ចង់ឃើញរូបថតកូនស្រីខ្ញុំរៀបការទេ? សង្ឃឹមថា អស់លោកអ្នកដែលចូលរួមមិនទាន់ភ្លេច កាលហ្នុងក៏មានអ្នកសារព័ត៌មានចូលរួមយ៉ាងច្រើនដែរ»។

    គួរបញ្ជាក់ផងដែរថា ក្រោយពីផ្ទុះព័ត៌មានរបស់កូនពាសពេញបណ្ដាញសង្គមហ្វេសប៊ុកកន្លងមក លោកស្រី ងិន ម៉ានីយ៉ា បានបង្ហាញទឹកចិត្តព្រួយបារម្ភ និងការពារចំពោះកូនស្រី បើទោះបីជាមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ តែអ្នកម្ដាយរូបនេះ តែងតែចេញមុខជំនួសកូនស្រីជានិច្ច។ ពិតជាគួរឱ្យកោតគោរពមែន!៕