Author: អេបិល

  • ម៉ៃ សុគន្ធ ចេញមុខការពារតារាស្រីកូនកាត់អ៊ិស្លាម កញ្ញា ណាតាហ្សា ក្រោយការរិះគន់គ្រងឈុតចម្លងពីថៃ

    ម៉ៃ សុគន្ធ ចេញមុខការពារតារាស្រីកូនកាត់អ៊ិស្លាម កញ្ញា ណាតាហ្សា ក្រោយការរិះគន់គ្រងឈុតចម្លងពីថៃ

    ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានគេមើលឃើញថា ជម្លោះពាក្យសម្ដីជុំវិញបញ្ហាវប្បធម៌កាន់តែមានសភាពតានតឹងរវាងអ្នកគាំទ្រវប្បធម៌ជាតិ និងវប្បធម៌ប្រទេសជិតខាងបានកើតមានឡើង ជាពិសេសលើប្រធានបទ Miss Grand Cambodia តែម្ដង។ មួយវិញទៀត តារាសម្ដែង កញ្ញា ណាតាហ្សា ដែលជាកូនកាត់ចាម និងជាតួឯករឿង«កំណត់ហេតុនាងនាថ»ឯណេះវិញ ក៏រងការវាយប្រហារណាស់ដែរ ដោយសារតែអ្នកលេងហ្វេសប៊ុកយល់ថា ឈុតនាងបានគ្រងនោះជាឈុតចម្លងមកពីថៃ។

    ខណៈដែលអ្នកលេងហ្វេសប៊ុកច្រើនឡើងព្រួតគ្នាជេរប្រទិចដាក់នាង លោក ម៉ៃ សុគន្ធ ដែលត្រូវចាត់ទុកថាតារាកំពូលទើសបានចេញមុខការពារ។ ម៉ៃ សុគន្ធ បានបង្ហោះរូប2សន្លឹកប្រៀបធៀបរវាងឈុតរបស់តារាសម្ដែង កញ្ញាណាតាហ្សា និងឈុតរបស់ខ្មែរកាលពីសម័យបុរាណ ដោយលោកក៏បានគូសវាសពីចំណុចស្រដៀងគ្នា ដើម្បីបញ្ជាក់ថាឈុតដែលតារាសម្ដែងរូបនេះបានបង្ហោះ មិនមែនជាឈុតរបស់ថៃដូចការយល់ច្រលំ។

    គួរបញ្ជាក់ថា តារាកំពូលទើសរូបនេះ បានចេញមុខការពារណាតាហ្សាថា«ឈុតនេះជារបស់ខ្មែរពិតៗ តែសៀមវាចំលងយើងហើយវាថារបស់វា រួមទាំងបងប្អូនមួយចំនួនគិតថាខ្មែរសម័យឥឡូវលួចសៀមសមមេត្តាកុំភាន់ច្រឡំទៀត!»។ ការលើកឡើងរបស់លោក បានធ្វើឱ្យអ្នកជេរប្រទិចកញ្ញា ណាតាហ្សា ភ្ញាក់ខ្លួនក្រញាង ជាពិសសក្នុងពេលដែលលោកម៉ៃ សុគន្ធ ក៏បានបង្ហាញភស្ដុតាងធ្វើឱ្យមានការវិភាគគ្រប់ជ្រុងជ្រោយថាមួយឈុតរបស់តារាណាហ្សា ពិតជាឈុតរបស់ខ្មែរ កាលពីជំនាន់ដើម។

    គ្រប់គ្នាលាន់មាត់និយាយថា ប្រសិនបើលោកម៉ៃ សុគន្ធ បង្វែរពីការទើស និងជេរគ្នាឯង ហើយងាកមកការពារទម្រង់វប្បធម៌ ដើម្បីលើកកម្ពស់សិល្បៈក្នុងស្រុកបែបនេះ បានច្រើននោះលោកពិតជាត្រូវបានមហាជនទទួលបានការសរសើរកាន់តែច្រើនជាក់ជាមិនខាននោះទេ៕

     

  • សូម​រំលែក​ទុក្ខក្រៀមក្រំ !! អ្នកនាង យក់ ឋិតរដ្ឋា បាត់បង់ជីដូនជាទីស្រឡាញ់

    សូម​រំលែក​ទុក្ខក្រៀមក្រំ !! អ្នកនាង យក់ ឋិតរដ្ឋា បាត់បង់ជីដូនជាទីស្រឡាញ់

    នៅក្នុងថ្ងៃនេះ អ្នកនាង យក់ ឋិតរដ្ឋា កំពុងតែជួបទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត ខណៈដែលបានបាត់បង់ លោកយាយជាទីស្រឡាញ់របស់ខ្លួន ដោយលោកយាយបានទទួលមរណភាព ដែលដំណឹងនេះ បានធ្វើឱ្យមហាជន មានក្ដីស្លុតចិត្តជាខ្លាំង និងបានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំមួយនេះ ជាមួយក្រុមគ្រួសារផងដែរ។

    ជាក់ស្ដែង នៅលើគណនីហ្វេសប៊ុករបស់ អ្នកនាង យក់ ឋិតរដ្ឋា បានសរសេរសារ ដែលពោរពេញដោយទុក្ខសោក យ៉ាងក្រៀមក្រំ និងក្ដុកក្តួលយ៉ាងដូច្នេះថា «លោកយាយបានធ្វើច្រើនពេករហូតដល់ចៅ មិនអាចរៀបរាប់អស់ទេ យាយអើយពីថ្ងៃនេះទៅ យាយលែងឈឺចាប់ទៀតហើយ តែពួកខ្ញុំ ក៏លែងមានលោកយាយទៀតដែរ ពីពេលនេះតទៅ»។

    សូមជម្រាបដែរថា តាមរយៈការបង្ហោះសារ ដែលពោរពេញទៅដោយទុក្ខសោកមួយនេះ បានធ្វើអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រ បាននាំគ្នាចូលរួមរំលែកទុក្ខ ព្រមទាំងបួងសួង ឱ្យវិញ្ញាណក្ខន្ធលោកយាយ ទៅកាន់សុខគតិភព ផងដែរ៕

  • មហោស្រពភាពយន្តខ្លីចតុមុខ 2018 ប្រកាសបើក​មហោស្រព​ភាពយន្ត​ខ្លី​ទាំង 77 ​ភាពយន្ត

    មហោស្រពភាពយន្តខ្លីចតុមុខ 2018 ប្រកាសបើក​មហោស្រព​ភាពយន្ត​ខ្លី​ទាំង 77 ​ភាពយន្ត

    នៅព្រឹកថ្ងៃទី22 ខែតុលា ឆ្នាំ2018 គណៈកម្មការមហោស្រពភាពយន្តខ្លីចតុមុខ បានបើកពិធីសម្ពោធការប្រកួតមហោស្រពភាពយន្តខ្លីចតុមុខ ( CSFF ) នៅបរិវេណមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្តនៅកម្ពុជា (CFC)ដែលមានការចូលរួមពីវត្តមានវាគ្មិនកិត្តិយសដូចជា លោក លោក ជៀប សុវិជ្ជា ប្រធាន CFC និងជាគណៈកម្មការផ្តល់ពិន្ទុភាពយន្តដែលដាក់ប្រកួតនៅក្នុងមហោស្រពភាពយន្តខ្លីចតុមុខ និង លោក គាំ វុត្ថា ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ លើកទី7 ព្រមទាំង កញ្ញា អាត សុធាវី គណៈកម្មការមានបទពិសោធន៏ជាច្រើនឆ្នាំក្នុងវិស័យភាពយន្ត។

    ​ប្រធាន​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ លោក គាំ វត្ថា បានថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មហោស្រព​នឹង​ប្រព្រឹត្ត​ធ្វើឡើង​ក្នុង​រយៈពេល 4​ថ្ងៃ ដែល​នឹងមាន​ការចាក់​បញ្ចាំងភាពយន្ត​ចំនួន​77 ចំណងជើង មកពី​ចំនួន 18 ប្រទេស ជុំវិញ​ពិភពលោក​។ ចាក់ បញ្ចាំងភាពយន្ត​ដែល​ជាប់​ជម្រើស​នៅតាម​ទីតាំង​ផ្សេងៗ​គ្នា​ចំនួន​7 ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​26 ខែតុលា និងបើកឱ្យទស្សនានៅថ្ងៃទី 27 ខែតុលា ​ដែល​រួមមាន រោងភាពយន្ត Major Cineplex នៅ​ផ្សារ​ទំនើប​សូ​រិ​យ៉ា រោងភាពយន្ត​Legend Cinema​បី​សាខា​មានដូចជា​(​អ៊ី​ឌិន​, ស្ទឹងមានជ័យ និង ស៊ី​ធី​ម៉​ល វិទ្យាស្ថាន​ភាសារ​បារាំង​នៅ​កម្ពុជា និង Prim Cineplex​។

    គួរបញ្ជាក់ផងដែរថា កុនខ្លីដែលទទួលបានទាំងអស់មានចំនួន 301 រឿង ដែលមានកុនផលិតដោយកូនខ្មែរប្រមាណ 39 រឿង។ នៅក្នុងនោះ ក៏មានការចាក់បញ្ចាំងភាពយន្តដែលជាប់ជម្រើសដល់វគ្គផ្ដាច់ព្រ័ត្រទាំង 6 រឿងរបស់ខ្មែរ ផងដែរ ។ ​ចូលរួម​ទស្សនា​គឺ​ដោយ​សេរី និង មិន​គិតថ្លៃ (​កន្លែង​មានកំណត់​) គ្រាន់តែ​ទស្សនិកជន​ទៅ​ទទួល​សំបុត្រ​សម្រាប់​ចូលរួម​ទស្សនា​ភាពយន្ត​មុនពេល​ចាក់​បញ្ចាំង​មួយ​ម៉ោង​នៅតាម​បញ្ជរ​សំបុត្រ​របស់​មហោស្រព ៕

  • រាជនីចិត្តធម៌ ដេននី ក្វាន់ ប្រកាសចង់ជួយសាលារៀនដែលមានសិស្សក្រីក្រ

    រាជនីចិត្តធម៌ ដេននី ក្វាន់ ប្រកាសចង់ជួយសាលារៀនដែលមានសិស្សក្រីក្រ

    នេះពុំមែនទើបជាលើកទីមួយនោះទេ សម្រាប់រាជនីចិត្តធម៌កញ្ញា ដេននី ក្វាន់ ដែលតែងលេចមុខក្នុងសកម្មភាព មនុស្សធម៌ជួយដល់សង្គម តាមរយៈការចុះចែកអំណោយ និង សម្ភារៈជួយដល់ប្រជាពលរដ្ឋ ជួបការខ្វះខាត ចាស់ជរា និងកុមារមាក្រីក្រនៅតាមសហគមន៍ និងបណ្តាខេត្តមួយចំនួន។ ទង្វើនេះល្អនេះកំពុងទទួលបានការគាំទ្រ និងលើកសរសើរពីសំណាក់មហាជនយ៉ាងច្រើន។

    ហើយថ្មីៗនេះ ដេននី ក្វាន់​ បានប្រកាសនៅបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លូន ក្នុងការផ្ដល់ជំនួយដល់សិស្សក្រីក្រមួយចំនួន ។ នាងបានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា « តើមានមិត្តណាដឹងថាសាលារៀនណាសម្បូរសិស្សក្រីក្រទេ ? បើដឹងជួយប្រាប់ផងព្រោះចង់ទិញសំភារៈសិក្សាចែកជូនដល់ពួកគាត់ »។

    សូមជម្រាបដែរថា ពីតារាសម្ដែងស្រីសិចស៊ីមិនសំចៃដៃ រហូតបានក្លាយជាតារាទី1 ដែលក្រសួងវប្បធម៌ សម្រេចដាក់ពិន័យ1ឆ្នាំ មិនឱ្យមានសកម្មភាពក្នុងវិស័យសិល្បៈ តែនាងបានប្រែមុខមាត់ថ្មីដែលមហាជនគាំទ្រទទួលស្គាល់ចំពោះទឹកចិត្តសប្បុរស និងអំពើល្អជាច្រើន រួមផ្សំទស្សនៈដែលនាងធ្លាប់បានយល់ឃើញថា ពីភាពក្រលំបាករបស់មនុស្សម្នាក់ៗ ដែលបានកើតមកលើលោកនេះហើយ គឺមានវាសនាខុសៗគ្នា ពោលគឺមនុស្សម្នាក់ៗកើតមក ពុំមាននរណាម្នាក់ចង់ជួបនូវភាពក្រលំបាកលំបិន ខ្វះមុខខ្វះក្រោយ រស់ក្នុងសភាពវេទនាឡើយ។ សំខាន់បើមានធនធានសមរម្យអាចចែករំលែកបាន សូមជួយចែករំលែកតាមលទ្ធភាព ព្រោះសុទ្ធតែជាមនុស្សរស់នៅ ក្នុងសង្គមតែមួយ និងជាជាតិសាសន៍ តែមួយដូចគ្នា៕

  • ចិន​នឹងជួយ​សាងសង់ផ្លូវ​ក្រវាត់​ក្រុង​ទី3 តម្លៃ​សរុប​ជាង ​250លាន​ដុល្លារ

    ចិន​នឹងជួយ​សាងសង់ផ្លូវ​ក្រវាត់​ក្រុង​ទី3 តម្លៃ​សរុប​ជាង ​250លាន​ដុល្លារ

    គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី3 ដែល​រត់​កាត់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ពី​ផ្លូវ​ជាតិ​លេខ4 មក​ផ្លូវជាតិ​លេខ​3 ផ្លូវ​ជាតិ​លេខ​2 និង​បញ្ចប់​នៅ​ផ្លូវ​ជាតិ​លេខ1​ ជា​ជំនួយ​របស់​ចិនដែលមានតម្លៃ​សរុប259លាន​ដុល្លារ​អាមេរិក​​ គ្រោង​នឹង​សាងសង់​នៅ​ពេល​ឆាប់​ៗ ខាងមុខ​នេះ។  

    មន្ត្រី​ជំនាញ​មកពី​មន្ទីរ​សាធារណការ​ក្រុង​បាន​ឱ្យ​ដឹង​ថា តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងធនាគារ នីហរ័ណ អាហរ័ណ​ចិន បាន​យល់ព្រម​ផ្តល់​ឥណទាន​សម្បទាន ក្នុង​រង្វង់​ទឹក​​ប្រាក់​ប្រមាណ 259លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី3 នឹង​គ្រោងសាងសង់​ឆាប់​ៗ​នេះ​ហើយដែលកិច្ច​ព្រមព្រៀង​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា កាល​ពី​ថ្ងៃ​ទី10 ខែ​កក្កដា ឆ្នាំ​2018កន្លង​មក​។

    លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​សំណង់​ សៀង​ហៃ ​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការងារសាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​3 ​នេះ និង​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស​ពី​ក្រុមហ៊ុន​ក្វាងចូវ វ៉ាន់អាន​មកពី​ប្រទេស​ចិន។

    គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី3 មាន​ស្ថានភាព​បត់បែន បែក​ខ្នែង​ខ្វាត់ខ្វែង និង​មាន​ប្រវែង​សរុប​ 47,6​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ ​4គន្លង ដែល​មួយ​គន្លង មាន​ទទឹង ​3,50ម៉ែត្រ និងមាន​ទទឹង​តួ​ផ្លូវ​សរុប 25ម៉ែត្រ។ ចំណែក​ផ្លូវ​ទោចក្រ​យានយន្តមាន ​2គន្លង មួយ​គន្លង​មាន​ទទឹងប្រវែង 2,25​ម៉ែត្រ។

    ផ្លូវ​នេះ​នឹង​ត្រូវ​សាងសង់ចាប់ពី​ផ្លូវជាតិ​លេខ​4 ម្តុំ​អូរ​ដឹម ត្រង់​គីឡូម៉ែត្រ​លេខ 14+105 ទៅ​ចំណុច​បញ្ចប់​ភ្ជាប់​នឹង​ផ្លូវ​ជាតិ​លេខ​1 ត្រង់​គីឡូម៉ែត្រ​លេខ 24+840 ដោយ​ត្រូវ​កាត់​តាមផ្លូវ​ជាតិ​លេខ​3 ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​21+200 កាត់​ផ្លូវ​ជាតិ​លេខ​2 ត្រង់​ចំណុច​គីឡូម៉ែត្រ លេខ22+800និង​កាត់​ផ្លូវ​ជាតិ​លេខ​21 ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ 18+400 និងមានផ្លូវបែក​ខ្នែង​ប្រវែង5,375ម៉ែត្រ៕

    តាមរយៈគម្រោងសាងសង់ផ្លូវក្រវាត់ទីក្រុងទី3 នេះ ជាការពង្រីកផ្លូវក្រវាត់ក្រុងថ្មី ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ដែលកំពុងតែមានកំណើន​ខ្លាំងក្លា ទាមទារឱ្យពង្រីកទំហំក្រុងបន្ថែមទៀត ដើម្បីពង្រីកទំហំវិនិយោគ​ឱ្យកាន់​តែច្រើន។ គេក៏រំពឹងដែរថា ផ្លូវក្រវាត់ក្រុងដ៏ធំមួយនេះ នឹងជំរុញទាំងចំនួន និងតម្លៃ​អចលនទ្រព្យ​នៅ​ក្នុងតំបន់នោះឱ្យកើនឡើងថែមទៀត៕

  • សាកលវិទ្យាល័យបៀលប្រាយបង្កើតកម្មវិធី​ផ្តល់​ឱកាសការងារដល់និស្សិតរាប់ពាន់នាក់

    សាកលវិទ្យាល័យបៀលប្រាយបង្កើតកម្មវិធី​ផ្តល់​ឱកាសការងារដល់និស្សិតរាប់ពាន់នាក់

    សាកលវិទ្យាល័យបៀលប្រាយ បានសហការជាមួយក្រុមហ៊ុនឯកជនជាច្រើន​បង្កើតពិព័រណ៍ការងារ​នៅ​ទីតាំងសាកលវិទ្យាល័យ​ក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់និស្សិត​កម្ពុជាឱ្យទទួលបានការងារ​ដែលខ្លួនស្រឡាញ់ពេញចិត្ត និងសម្រេចក្តីស្រមៃរបស់ខ្លួន។

    លោក អ៊ីន វីរជ័យ សាកលវិទ្យាធិការរងជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការសាធារណៈនៃសាកលវិទ្យាល័យ​បៀលប្រាយ បានលើកឡើងថា នេះជាលើកទី5 ហើយដែលសាកលវិទ្យាល័យបៀលប្រាយ​បាន​រៀបចំពិព័រណ៍ការងារនេះឡើង ហើយក្នុងពិព័រណ៍នៅឆ្នាំនេះ​ក្រុមហ៊ុនដែលចូលរួមមានការកើនឡើង ស្របពេលដែល​និស្សិត​ដែលចាប់អារម្មណ៍​ក៏មានការកើនឡើងជាងឆ្នាំមុនៗផងដែរ។ នេះជាឱកាស​ដ៏ពិសេសមួយ​ដែល​សាកលវិទ្យាល័យបៀលប្រាយរៀបចំឡើងសម្រាប់ផ្តល់ឱកាសឱ្យ​និស្សិត​អាចដាក់ពាក្យធ្វើការងារដោយផ្ទាល់ជាមួយក្រុមហ៊ុនធំៗដែល​នៅកម្ពុជា។

    លោក អ៊ីន វីរជ័យ​ បានមានប្រសាសន៍ថា៖ «​នៅក្នុងពិព័រណ៍ការងារឆ្នាំ 2018 នេះយើងបាន​រៀបចំយ៉ាងហ្មត់ចត់ ដោយនិស្សិតអាច​មានឱកាសជួបផ្ទាល់ៗជាមួយ​តំណាងក្រុមហ៊ុនដែលជ្រើសរើសបុគ្គលិក មានរៀបចំសិក្ខាសាលាដែលមានអ្នកជំនាញចូលរួមពាក់ព័ន្ធនឹងការងារ និងមានបន្ទប់សម្ភាសការងារនៅនឹងកន្លែងផងដែរ»។

    លោក​សាកលវិទ្យាធិការ​រង បានបន្ថែមទៀតថា ការរៀបចំកម្មវិធីយ៉ាងមានសារៈសំខាន់នេះ បានឆ្លើយតបទៅនឹងតម្រូវការសំខាន់របស់និស្សិតដែលស្វែងរកការងារធ្វើ និងក្រុមហ៊ុននានាដែលកំពុងត្រូវការបុគ្គលិក​ផងដែរ។ ហើយជារៀងរាល់ឆ្នាំក្រុមហ៊ុននីមួយៗអាចជ្រើសរើសបុគ្គលិកបានច្រើន ដែលមានបុគ្គលិកខ្លះប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ព្រោះគាត់​បានជ្រើសរើស​បុគ្គលិកចេញពីគ្រឹះស្ថានអប់រំតែម្តង។

    គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារឆ្នាំ2018 ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យបៀលប្រាយ ដោយមានការចូលរួមពីដៃគូក្រុមហ៊ុន និងសហគ្រាសល្បីៗជាច្រើន ដើម្បីផ្តល់ឱកាសដល់និស្សិត និង បុគ្គលិកសិក្សារាប់ពាន់នាក់ក្នុងការបង្កើតទំនាក់ទំនង និងសិក្សាស្វែងយល់អំពីផលិតផល សេវាកម្ម បច្ចេកវិទ្យាថ្មីៗ បទពិសោធ និងការអនុវត្តជាក់ស្តែង តា​មរយៈវេទិកាបទបង្ហាញនៃវាគ្មិនល្បីៗ មកពីក្រុមហ៊ុនទាំងអស់ដែលចូលរួមក្នុងព្រឹត្តិការណ៍នៃពិព័រណ៍ការងារនេះ។ អ្វីដែលពិសេសជាងនេះទៅទៀត គឺនិស្សិតទាំងអស់នឹងទទួលបានឱកាសការងារតាមរយៈការសម្ភាសដោយផ្ទាល់នៃថ្នាក់ដឹកនាំមន្រ្តីគ្រប់គ្រងធនធានមនុស្សមកពីក្រុមហ៊ុនល្បីៗ ចំនួន 27៕

  • Hamilton ត្រូវ​រង់​ចាំ​សម្រាប់​ការ​ឈ្នះ​ពាន ខណៈ Raikkonen ឈ្នះ​ការ​ប្រណាំងនៅ​អាមេរិក

    Hamilton ត្រូវ​រង់​ចាំ​សម្រាប់​ការ​ឈ្នះ​ពាន ខណៈ Raikkonen ឈ្នះ​ការ​ប្រណាំងនៅ​អាមេរិក

    កីឡាករ Lewis Hamilton ត្រូវ​បាន​បង្ខំ​ឱ្យ​រង់​ចាំ​សម្រាប់​ការ​ឈ្នះ​ពាន​ពិភព​លោក​ជាលើក​ទី​5 នៅពេលដែល​រូប​​គេ​បានប​ញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​3 ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត US Grand Prix កាល​ពីថ្ងៃ​អាទិត្យ ខណៈ​ដែល​កីឡាករ Kimi Raikkonen របស់​ក្រុម Ferrari ដណ្តើម​បាន​ជ័យ​ជម្នះ​ជាលើក​ទី​1​ក្នុង​រយៈពេល​​ច្រើន​ជាង​ 5​ឆ្នាំ​។

    គូ​ប្រជែង​ដណ្តើម​ពាន Sebastian Vettel របស់​ក្រុម Ferrari បាន​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​4 ដែល​មាន​ន័យ​ថា ការ​ប្រជែង​ពាន​ពិភព​លោក នឹង​ត្រូវ​កាត់​សេចក្តី​ក្នុង​ប្រទេស​ម៉ិក​ស៊ិក នៅ​ចុង​សប្តាហ៍​ក្រោយ​ជំនួស​វិញ​។ បច្ចុប្បន្ន Hamilton កំពុងនាំមុខ​លើ Vettel ចំនួន​ 70​ពិន្ទុ ហើយ​ស្រប​ពេល​ដែល​មានពិន្ទុ​​​នៅសល់​ចំនួន​ 754ពិន្ទុ​ទៀត​ដែល​ត្រូវ​ដណ្តើម​យក​ក្នុងការ​ប្រណាំង​​ 3លើក​ចុងក្រោយ រូប​គេ​​អាច​ឈ្នះពាន​ពិភព​លោក​ជាលើក​ទី​5 តាម​រយៈ​ការ​បញ្ចប់​ក្នុង​ចំណាត់​​ថ្នាក់​លេខ​7 នៅ​ប្រទេស​ម៉ិក​ស៊ិក ប្រសិន​បើ Vettel ទទួល​ជ័យជម្នះ​។ ប្រសិន​បើ Vettel មិន​អាច​ដណ្តើម​បាន​ជ័យជម្នះ​ទេ​នោះ Hamilton នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​។ កីឡាករ Max Verstappen របស់​ក្រុម Red Bull បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​​លេខ​2 កាល​ពីថ្ងៃ​អាទិត្យ ក្រោយពី​ចេញ​ដំណើរ​ពីលេខ​រៀង​ទី​18​​។

    Hamilton ដែល​បាន​ចាប់​ផ្តើម​ប្រណាំង​ដោយ​ចេញ​ដំណើរ​ពី​លេខ​រៀង​ទី​1 និង​សម្លឹង​រក​ការ​ឈ្នះ​ជាលើក​ទី​6 ​របស់​គេ​នៅលើ​​ផ្លូវ Circuit of the Americas បាន​ឱ្យ​ដឹង​ថា​៖ «សូម​អប​អរ​សាទរ​ចំពោះ Kimi និង​​អប​អរ​ដល់ Max ផងដែរ​។ នេះ​គឺ​ជា​ការ​ប្រណាំង​ដ៏ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​បាន​នៅថ្ងៃនេះ ហើយ​វា​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​យើង​​ត្រូវ​តែ​ធ្វើ​ការ​ប្រណាំង​ដ៏​ស្វិត​ស្វាញ​»​។ Raikkonen ដែល​ការ​ឈ្នះ​ជាលើក​ចុងក្រោយ​របស់​គេ បាន​កើត​ឡើង​ក្នុង​ព្រឹត្តិការណ៍ Australian Grand Prix ឆ្នាំ​2013​ នោះ មិន​បាន​បង្ហាញពីការ​រំភើប​ខ្លាំង​ឡើយ​៕

    ប្រភ​ព​ពី៖ Channel News Asia

  • អ្នកគាំទ្រទស្សទាយសមត្ថភាពកុមារា ទេព ពិសិដ្ឋ ជាអ្នកលើកពានកម្មវិធី The Voice Kids Cambodia រដូវកាលទី​2

    អ្នកគាំទ្រទស្សទាយសមត្ថភាពកុមារា ទេព ពិសិដ្ឋ ជាអ្នកលើកពានកម្មវិធី The Voice Kids Cambodia រដូវកាលទី​2

    កាន់តែកក្រើកនិងលេចធ្លោរនូវការបង្ហាញសមត្ថភាពច្រៀងរបស់ប្អូនប្រុស ទេព​ ពិសិដ្ឋ នារាត្រីថ្ងៃទី​20​ ខែ​តុលា​ ឆ្នាំ​2018 ក្នុងកម្មវិធី​ប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក​ The Voice Kids Cambodia រដូវកាលទី​2​ ក្នុងវគ្គ Live Show សប្ដាហ៍ទី 1 នេះ ។

    មកដល់វគ្គនេះ​ គេកត់សម្គាល់ឃើញថា បេក្ខភាពដែលប្រកួតប្រជែងសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ក្នុងការបកស្រាយបទចម្រៀងក្រោមការបង្ហាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូបង្វឹករៀងៗខ្លួន។ ដោយឡែកកុមារា ទេព​ ពិសិដ្ឋ បានឡើងមក​បញ្ចេញ​សមត្ថភាព​លើឆាក​ ក្នុង​វគ្គ​ Live Show បកស្រាយចម្រៀងមួយបទក្រោមចំណងជើងថា «Sorry មួយ​លានដង» ដែលជាសំនៀងដើមរបស់កំពូលតារាចម្រៀង​ ខេមរៈ សិរីមន្ដ ធ្វើឱ្យអង្រួនអារម្មណ៍ទស្សនិកជន និងគណៈកម្មការស្លុងតាមបទចម្រៀងព្រោះតែសម្លេងដ៏ពិរោះរណ្ដំរបស់ក្មេងប្រុសម្នាក់នេះ។

    កុមារមានវ័យ 14ឆ្នាំ រូបនេះ ត្រូវបានអ្នកគាំទ្រមើលឃើញពីសមត្ថភាពច្រៀងតុងខ្ពស់បានល្អ និងការរក្សាសំឡេងឱ្យនៅតែមានទឹកដមមិនប្រែប្រួល ទើបជាហេតុនាំឱ្យគ្រប់គ្នាទស្សទាយថា ក្មេងប្រុសរូបនេះ ច្បាស់ជាក្លាយជាអ្នកលើកពានរង្វាន់ The Voice Kids Cambodia រដូវកាលទី​2 ជាក់ជាមិនខាន។ គួរបញ្ជាក់ផងដែរថា ទេព​ ពិសិដ្ឋ ជាកូនក្រុមរបស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា និងរំពឹងថា ប្អូនទទួលបានសារគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់មហាជនគ្រប់រូប៕

  • ផលិតកម្មទីក្រុងភាពយន្ដ ថោន ចេញសេចក្ដីប្រកាសបកស្រាយថតរឿងចងព្យួរសាកសពសិប្បនិមិត្តនៅកំពង់ភ្លុក បានបង្កភាពភ្ញាក់ផ្អើល

    ផលិតកម្មទីក្រុងភាពយន្ដ ថោន ចេញសេចក្ដីប្រកាសបកស្រាយថតរឿងចងព្យួរសាកសពសិប្បនិមិត្តនៅកំពង់ភ្លុក បានបង្កភាពភ្ញាក់ផ្អើល

    បន្ទាប់ពីមានការស្នើសុំរបស់ លោក គុជស៊ាក់ សិរីវត្ថានា ជាអាជ្ញាធរ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទៅកាន់ផលិតកម្មថោន ឱ្យបញ្ជាក់ចំពោះរឿងសាកសពសិប្បនិមិត្តដែលត្រូវបានគេយកទៅចងព្យួរជាប់នឹងដើមឈើ ដែលមហាជនមានការភ្ញាក់ផ្អើល ក៏ដូចជាតក់ស្លុត និងភ័យខ្លាចយ៉ាងខ្លាំង ខណៈនេះខាងផលិតកម្មបានចេញសេចក្ដីបញ្ជាក់ និងប្រកាសថា នោះគ្រាន់តែជាការសម្ដែងភាពយន្ដតែប៉ុណ្ណោះ ។

    ផលិតកម្មទីក្រុងភាពយន្ដ ថោន បានធ្វើសេចក្ដីប្រកាស និងអំពាវនាវដល់សាធារណជនទាំងអស់ កុំឱ្យមានការយល់ច្រឡំ និងមានការភ័យខ្លាចអ្វីទាំងអស់ ហើយក្រុមការងារ ក៏បានយកសាកសពសិប្បនិមិត្តទាំងនោះ មករក្សាទុកវិញអស់ហើយ បន្ទាប់ពីបានថប់ចប់សព្វគ្រប់។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមអានសាររបស់ ផលិតកម្មថោន ខាងក្រោមនេះ ៖

  • លោកតា ចេក អរគុណដល់ទឹកចិត្តសប្បុជនផ្ដល់រ៉ឺម៉កកង់បីជួយសម្រាលជីវភាពគ្រួសារ

    លោកតា ចេក អរគុណដល់ទឹកចិត្តសប្បុជនផ្ដល់រ៉ឺម៉កកង់បីជួយសម្រាលជីវភាពគ្រួសារ

    នៅពេលថ្មីៗនេះ តារាកំប្លែង លោកតា ចេក កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីស្ថានភាពជីវភាពគ្រួសារ និងជំងឺរបស់លោក នៅក្នុងនោះលោកតា ក៏ទើបតែទទួលបានការឧបត្ថមមួយដ៏ធំ ពីក្រុមហ៊ុនភេសជ្ជះប៉ូវកម្លាំងមួយ ដែលបានផ្ដល់ ម៉ូតូ1គ្រឿង ភ្ជាប់ជាមួយរ៉ឺម៉កថ្មីស្រឡាង ស្ដែងពីទឹកចិត្តសប្បុរសធម៌រហូតធ្វើលោករំភើបចិត្តជាខ្លាំង។

    នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោកតា ចេក បានបង្ហោះសារដោយអារម្មណ៍ត្រេកអរថា « ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ដោយបានការជួយឧបត្ថមពីក្រុមហុនភេសជ្ជះប៉ូវកម្លាំង ហ្សូរ៉ាស់ ដោយលោកបានឃើញក្រុមគ្រួសារខ្ញុំជួបការលំបាកខ្វះខាតនូវមធ្យោបាយសំរាប់អូស រឺម៉កទៅលក់ភេសជ្ជះពីព្រោះម៉ូតូកចាស់ហើយកបណ្ដាលឱ្យឆេះពីដងរឺម៉កវិញកចាស់ខ្លាំងដែរ ពីព្រោះពឺងលើការលក់ដូវិញគ្រាន់តែដោះស្រាយក្នុងគ្រួសារតែប៉ុណ្ណោះ បើសន្សំលុយទិញកមិនដឹងថ្ងៃណាបានដែរ មកដល់ថ្ងៃនេះក្រុមហុនភសជ្ជះប៉ូវកម្លាំងហ្សូរ៉ាស់បានជួយភេសជ្ជះ10កេះរួមទាំងម៉ូតូ1គ្រឿងភ្ជាប់នឹងរ៉ឺម៉កថ្មីស្រឡាងដល់ខ្ញុំ ជាមធ្យោបាយក្នុងការអូសទៅលក់ក្រុមគ្រួសារខ្ញុំសប្បាយរីករាយខ្លាំងណាស់» ។

    លោកតា បានបញ្ជាក់បន្ដថា « សូមថ្លែងអំណអគុណដល់ក្រុមហុនភសជ្ជះប៉ូវកម្លាំងហ្សូរ៉ាស់ទទួលបានការគាំទ្រពីតិជននឹងរកចេះតែមានបានរីកចំរើនទៅ មុខរហូត។ ខ្ញុំនឹងគ្រួសារសូមជូនពរដល់ក្រុមហុនភេសជ្ជះប៉ូវកម្លំាងហ្សូរ៉ាស់នឹងសហការីបុគ្គលឹកទាំងអស់សូមជួបតែសេចក្ដីសុខចំរើន នឹងបានអាយុយ៉ឺនយូរតរៀងទៅ »៕