Author: អេបិល

  • Klopp រីករាយចំពោះ Salah ខណៈ Dortmund លត់ Atletico ចាស់ដៃ

    Klopp រីករាយចំពោះ Salah ខណៈ Dortmund លត់ Atletico ចាស់ដៃ

    លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool សង្ឃឹមថា នឹងមិនមានការរិះគន់ផ្សេងៗទៅលើទម្រង់លេងកាលពីដើមរដូវកាលរបស់ Mohamed Salahឡើយ ក្រោយពីរូបគេបានរកគ្រាប់បាល់បញ្ចូលទី 2គ្រាប់ ក្នុងពេលពួកគេយកឈ្នះ 4-០ លើក្រុម Red Star Belgrade កាលពីថ្ងៃពុធ។

    គ្រាប់បាល់បញ្ចូលទីទាំង 2គ្រាប់នោះ បានធ្វើឱ្យគ្រាប់បាល់សរុបរបស់ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបរូបនេះ សម្រាប់ក្លិបនេះ កើនដល់ 50គ្រាប់ហើយ។ Salah បានបញ្ចប់ការមិនអាចរកបានគ្រាប់បាល់សោះត្រឹម 4ប្រកួត តាមរយៈការរកគ្រាប់បាល់ឈ្នះនៅលើទឹកដីក្រុម Huddersfield កាលពីថ្ងៃសៅរ៍ និងហាក់បានវិលទៅរកភាពខ្លាំងរបស់ខ្លួនវិញក្នុងពេលរកបានគ្រាប់បាល់បញ្ចូលទីក្នុងតង់នីមួយៗរបស់គេ។ ខ្សែប្រយុទ្ធ Roberto Firmino និងSadio Mane ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ ខណៈដែលខ្សែប្រយុទ្ធឆ្នើមទាំង3 របស់ Liverpool ដែលបានជួយឱ្យពួកគេឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន សុទ្ធសឹងរកគ្រាប់បាល់បញ្ចូលទីបានដូចគ្នាក្នុងការប្រកួតតែ1 ជាលើកដំបូងក្នុងយុទ្ធនាការនេះ។ លោក Klopp បានឱ្យដឹងថា៖ «វាជារឿងដ៏ល្អណាស់ដែលយើងអាចឈប់និយាយអំពីបញ្ហានោះ ខ្ញុំមិនបានស្ថិតក្នុងភាពសង្ស័យឡើយ រូបគេក៏មិនបានស្ថិតក្នុងភាពសង្ស័យដែរ»

    ស្របពេលជាមួយគ្នានេះ ក្រុម Borussia Dortmund បានលត់ក្រុម Atletico Madrid យ៉ាងចាស់ដៃក្នុងលទ្ធផល 4-០ កាលពីថ្ងៃពុធ ដើម្បីខិតចូលកាន់តែកៀកឆ្ពោះទៅរកវគ្គបន្តនៃក្របខ័ណ្ឌ Champions League ខណៈដែលកីឡាករវ័យក្មេងរបស់អង់គ្លេស Jadon Sancho រកបានគ្រាប់បាល់ជាលើកទី1 របស់គេក្នុងយុទ្ធនាការនេះ។ វាជាការបរាជ័យដ៏ធំបំផុតក្នុងក្របខ័ណ្ឌ Champions League របស់លោក Diego Simeone ក្នុងរយៈពេល 7ឆ្នាំក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Atletico និងជួយឱ្យក្រុម Dortmund ឈរលើកំពូលតារាងនៃពូល A យ៉ាងរឹងមាំ៕

    ប្រភពពី៖ Straits Times

  • ការ​ជាប់​ពិន័យ​ព្យួរ​របស់ Nurmagomedov និង McGregor ត្រូវ​បាន​​បន្ត

    ការ​ជាប់​ពិន័យ​ព្យួរ​របស់ Nurmagomedov និង McGregor ត្រូវ​បាន​​បន្ត

    ក្រុម​អ្នក​ច្បាប់​​ក្នុង​រដ្ឋ Nevada បាន​បន្ថែមការ​ដាក់​ពិន័យ​ព្យួរ​ទៅលើ​កីឡាករ Khabib Nurmagomedov និង Conor McGregor ក្រោយពីការ​ប្រកួត​របស់​ពួក​គេ​​ក្នុង​កម្មវិធី​ប្រកួត​របស់ UFC លើក​ទី​229 កាលពី​ដើម​ខែ​នេះ ត្រូវ​បាន​រំ​ខាន​ដោយ​ជម្លោះ​វាយ​តប់​នានានៅ​ខាង​ក្នុង និង​ខាងក្រៅ​សង្វៀន​ដាក់​ទ្រុង​។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ប្រឹក្សា​អត្ត​​ពល​កម្ម​​រដ្ឋ Nevada (NAC) បាន​​អនុ​ញ្ញាត​ឱ្យ​ផ្តល់​​​ប្រាក់​រង្វាន់ ដែល​ដំបូង​ឡើយ​ត្រូវ​បាន​បង្កក​នោះ​ទៅ​ឱ្យកីឡាករ Nurmagomedov​។

    លោក Anthony Marnell III ប្រធាន NAC បាន​​បញ្ជាក់​កាលពីថ្ងៃពុធ​ថា ការ​ដាក់​ពិន័យព្យួរ​នេះ នឹង​បន្ត​រហូត​ដល់​ការ​ស៊ើប​អង្កេត​មួយត្រូវ​បាន​បញ្ចប់ ហើយ​កីឡាករ​ទាំង​2 តម្រូវ​ឱ្យ​បង្ហាញ​ខ្លួន​​ក្នុង​សវ​នា​ការ​វិន័យ​នា​ថ្ងៃ​ទី​10 ខែធ្នូ ក្នុង​ទីក្រុង Las Vegas​​។ លោក Marnell បាន​បន្ថែម​ទៀត​ថា ការ​ពិន័យ​ និង​ការ​ដាក់​ទោសទណ្ឌ រហូត​ដល់​ការ​ពិន័យ​ព្យួរ​1​ជីវិត អាច​នឹង​ត្រូវ​ធ្វើការ​ពិចារណា​។ ក្រុម​ប្រឹក្សា​ដែលមាន​សមា​ជិក​ 5នាក់ បាន​បោះ​ឆ្នោត​ជា​ឯក​ច្ឆន្ទ​ទៅលើ​ការ​ដាក់ពិន័យព្យួរ​នេះ និង​​បាន​ផ្តល់​ប្រាក់​ 1​លាន​ដុល្លារ​ក្នុង​ចំណោម​ទឹក​ប្រាក់​ 2លាន​ដុល្លារ​ដែល​ត្រូវ​បាន​​បង្កក​ទៅឱ្យ Nurmagomedov ភ្លាម​ៗក្រោយពី​ជម្លោះ​​កាលពីថ្ងៃ​ទី​6 ខែតុលា នៅ​សង្វៀន T-Mobile Arena​។

    លោក Marnell បាន​​បញ្ជាក់ថា លោក​ក៏នឹង​បង្កក​​ប្រាក់​រង្វាន់​ 3​លាន​ដុល្លារ​របស់ McGregor ផង​ដែរ ប្រសិន​បើ​លោក​បាន​ឃើញ​វីដេ​អូ​ភ្លាម​ៗ ដែលក្រោយ​មក​បាន​បង្ហាញ​ពី​សម្ម​ភាព​របស់ McGregor កំពុង​តែ​ព្យាយាម​វាយ​តប់​នៅ​ខាង​ក្រៅ​សង្វៀនដែរនោះ​។ លោក Michael Mersch ដែល​ជា​អ្នក​តំណាង​ឱ្យ​​លោក Michael Mersch បាន​ចូល​រួម​ក្នុង​​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា និង​បាន​បញ្ជាក់​បន្ទាប់​ពី​នោះ​ថា លោក​មិន​បាន​ឃើញ​វី​ដេអូ​នោះ​ឡើយ និង​ពិត​ជា​ភ្ញាក់​​ផ្អើល​​ខ្លាំងណាស់ចំពោះការ​លើក​ឡើង​របស់​លោក Marnell​៕

    ប្រភពពី៖ The Guardian

  • ទើបប្រកាសបើកភាពយន្ដ «កូនអើយម្ដាយខ្មោច» ឃើញថាទទួលបានអ្នកគាំទ្រហួសការរំពឹងទុក 

    ទើបប្រកាសបើកភាពយន្ដ «កូនអើយម្ដាយខ្មោច» ឃើញថាទទួលបានអ្នកគាំទ្រហួសការរំពឹងទុក 

    ក្នុងថ្ងៃប្រកាសបើកសម្ពោធកាលពីល្ងាចថ្ងៃទី24 ខែតុលា ភាពយន្តរឿង«កូនអើយម្ដាយខ្មោច»បានទទួលការកោតសរសើរយ៉ាងខ្លាំងទាំងប្លង់ ទាំងសំឡេង ជាពិសេសគឺសាច់រឿងតែម្ដង ព្រោះថារឿងនេះ ត្រូវបានសម្រិតសម្រាំងប្លង់ចេញពីរឿងនិទានរបស់អ្នកនិពន្ធ ម៉ៅ សំណាង តែមហាជនខ្មែរធ្លាប់បានអានសាច់រឿងនៅក្នុងសៀវភៅរួចមកហើយ។ កាន់តែពិសេស ភាពយន្ដខ្នាតធំនេះក៏បានរំលេចខ្លឹមសារអប់រំដោយពាក្យកាព្យមួយចំនួន និងបង្កើតនូវរសជាតិគួរអោយទាក់ទាញក្នុងរឿងទាំងមូលផងដែរ។ ភាពយន្តនេះត្រូវបានរំពឹងថានឹងមានអ្នកគាំទ្រខ្លាំង ជាពិសេសសម្រាប់អ្នកត្រូវការភាពយន្តមួយដែលមានគុនភាព ហើយមានគំនិតចង់លើកស្ទួយវិស័យភាពយន្ត។

    អ្នកទស្សនាដោយផ្ទាល់ក្នុងរោងជាច្រើនបានលាន់មាត់ថាភាពយន្តរឿង«កូនអើយម្ដាយខ្មោច»មានរសជាតិថ្មី និងទាក់ភ្នែកច្រើនជាងចំណុចឆ្គាំឆ្គង បើទោះជាភាពយន្តមួយនេះត្រូវវគេកត់សម្គាល់ថាបានសម្ដែងដោយតារាថ្មីៗ ច្រើនជាងតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង។ កញ្ញា គង់ ស្រីពៅ ហៅ កញ្ញា រ៉ូស្សា ដែលជាតួឯកស្រីបានថ្លែងបញ្ជាក់ថា កញ្ញាសប្បាយចិត្តយ៉ាងខ្លាំងដែលលើកទី1ក្រោយប្រលងជាប់ក្នុងកម្មវិធី Cambodia Super Model កាលពីឆ្នាំ2016 ហើយមិនធ្លាប់ទទួលបានឱកាសសម្ដែងរឿងទាល់តែសោះ ស្រាប់ផលិតរឿង«កូនអើយម្ដាយខ្មោច» ឱ្យនាងសម្ដែងតួឯក។ កញ្ញាថាមានឈុតពិបាកច្រើនក្នុងរឿងទាំងមូល ជាពិសេសឈុតកម្សត់ ឈុតត្រូវគេរំលោភ និងឈុតត្រូវសម្ដែងជាមួយក្របី ដែលនាងខ្លាចមិនហ៊ានក្បែរតែម្ដង។ នាងរំពឹងថាភាពយន្តនេះនឹងទទួលជោគជ័យ ខណៈដែលថ្ងៃទី25 ខែតុលា ដែលជាថ្ងៃលក់សំបុត្រគ្រប់រោង មានការកក់សំបុត្រច្រើនគួរសម បើយោងតាមអ្វីដែលនាងបានដឹង។

    គួរបញ្ជាក់ផងដែរថា ភាពយន្តមួយនេះសំដៅពីសង្គមខ្មែរមួយក្នុងអំឡុងឆ្នាំ1800 ដោយស្វាមីត្រូវស្លាប់ក្នុងពេលដែលចេញប្រយុទ្ធជាមួយក្រុមចោរ ដែលមកអុកឡុកភូមិស្រុក ហើយភរិយាត្រូវតស៊ូចិញ្ចឹមកូនស្រីតែម្នាក់ឯង ប៉ុន្តែជាអកុសលភរិយាដែលស្រីស្អាតប្រចាំភូមិ ក៏ត្រូវសេដ្ឋីចិត្តពាលប្រើល្បិចចាប់រំលោភ ហើយត្រូវស្លាប់ក្នុងពេលតតាំងគ្នា។ ក្រោយទទួលមរណភាពតួឯកស្រី ក៏ត្រូវបានគ្រូអាគមចិត្តបុណ្យដោតដែកគោលអាថ័នឱ្យរស់ឡើងវិញ ប៉ុន្តែតម្រូវឱ្យនាងចេញពីផ្ទះតែពេលយប់ និងកុំឱ្យអ្នកណាដកដែលគោលលើក្បាលនាងមុនកំណត់។ យ៉ាងណាមិញ នាងត្រូវក្រុមសេដ្ឋីដដែល ដែលដឹងថានាងគឺជាខ្មោចតាមយាយីរហូតធ្វើឱ្យនាងត្រូវកូនស្រីដកដែកគោលដោយអចេតនា ទើបធ្វើអោយនាងក្លាយជាខ្មោចស្រីកាចសហាវ៕

    https://youtu.be/UqhdVsXuDVw

  • តារាចម្រៀងប្រុសល្បីឈ្មោះក្រុម Getsunova ដឹកដៃភរិយាពពោះ 4 ខែ ចូលរោងការ

    តារាចម្រៀងប្រុសល្បីឈ្មោះក្រុម Getsunova ដឹកដៃភរិយាពពោះ 4 ខែ ចូលរោងការ

    តាមរយៈសារព័ត៌មានថៃ ដែលចេញផ្សាយនៅក្នុងថ្ងៃនេះ បានឱ្យដឹងថា តារាចម្រៀងប្រុសល្បីឈ្មោះលោក ណេម ប្រាកាន ជាសមាជិកក្រុមចម្រៀង Getsunova បានចូលរោងការជាមួយភរិយាមានឈ្មោះ ប៉រ សានឆា បន្ទាប់ពីបានសាងទំនាក់ទំនងស្នេហាអស់រយៈពេលជាង 10 ខែកន្លងមក។

    មុនពេលប្រកាសដំណឹងល្អទី 2 ភរិយារបស់តារាចម្រៀងប្រុសរូបនេះ បានប្រាប់ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានថា នាងកំពុងតាំងគភ៌កូនដំបូង ដែលមានអាយុ 4 ខែមកហើយ ហើយបានភេទស្រីដូចបំណងចិត្តផងដែរ ។ លោក ណេម ប្រាកាន បានបង្ហាញអារម្មណ៍ថា លោកបានត្រៀមលក្ខណៈជាឪពុកម្ដាយរបស់កូន អស់រយៈពេលយូរហើយ ពេលនោះគឺបានសម្រេចដូចបំណងហើយ។ តែយ៉ាងណាវិញ ដំណឹងល្អនេះ ហាក់បីដូចជាពញ្ញាក់អារម្មណ៍អ្នកគាំទ្ររបស់លោកបន្ដិចដែរ។

    គួរបញ្ជាក់ផងដែរថា អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរខណៈនោះ បានធ្វើឡើងនៅមាត់ឆ្នេរសមុទ្រ ហើយពួកគេនឹងគ្រោងរៀបចំកម្មវិធីធំម្ដងទៀតនៅថ្ងៃទី 29 ខែតុលា​នេះ នៅក្នុងទីក្រុងបាងកកវិញម្ដង៕

  • ជួយបន្ដបោះឆ្នោតគាំទ្រ Miss Grand Cambodia ដោយការShare​ឱ្យ​បាន​​ច្រើនៗ

    ជួយបន្ដបោះឆ្នោតគាំទ្រ Miss Grand Cambodia ដោយការShare​ឱ្យ​បាន​​ច្រើនៗ

    កម្មវិធី​ប្រកួត​សម្រស់ Miss Grand International 2018 កាន់តែ​កៀក​ដល់​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រហើយ នៅក្នុងនោះកម្មវិធី​បាន​តម្រូវឱ្យ​បេ​ក្ខ​នារី​តំណាង​ប្រទេស​ជុំវិញ​ពិភពលោក​ដែលមាន​វត្តមាន បង្ហាញខ្លួន​ជា​ផ្លូវការ​ម្តងទៀត​នៅលើ​ឆាក​ដ៏​ធំ ដែល​រៀបចំឡើង​ដោយ​ប្រទេស​មី​យ៉ាន់​ម៉ា និង ការបង្ហាញ​ខ្លួន​នោះដែរ​ត្រូវបាន​គេ​ហៅថា ការប្រកួត​បឋម ។​

    កញ្ញា​​ ឌី លីកា ជាបេក្ខនារីតំណាងប្រទេសកម្ពុជា បានបង្ហាញ​ខ្លួន​ក្នុង​ឈុត​រាត្រីសមោសរ និង ឈុត​ប៊ី​គី​នីយ៉ាងមានភាព​ជឿជាក់​បំផុត និង ប្រកបដោយ​រូប​សម្រស់​ស្រស់​សោភា​គ្រប់ៗ​គ្នា​នៅលើ​ឆាក​ដ៏​ធំ​នោះ។ គួរបញ្ជាក់ផងដែរថា ប្រសិនបើ​​​​​ប្រិយមិត្ត​ទាំង​អស់​គ្នា មាន​បំណង​​ចង់​​បោះ​​ឆ្នោត​ឱ្យ​បវរកញ្ញារូបនេះ ជាប់​​​​ក្នុង​Top 5 នៃ​​​វគ្គ​នេះ សូម​​​ចូល​ទៅ​កាន់​Linkមួយ​នេះ Miss Grand Cambodia ហើយ​ចុច​Share​ឱ្យ​បាន​​ច្រើន ដោយ​មិន​គិត​ពី​ចំនួន​​កំណត់។ ​ការ​​​​​​​ចូល​រួម​​​គាំទ្រ មាន​សុពលភាព ចាប់​ពី​​ថ្ងៃ​នេះ​​​រហូត​​ដល់​​ ថ្ងៃ​ទី​25 ខែ​​តុលា ​​ម៉ោង​​5ល្ងាច(ម៉ោង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​) ដូច្នេះ​​កុំ​ភ្លេច​ធ្វើ​ការ​​ចុច​​Share ឱ្យបាន​ច្រើន​​ដើម្បី​​កម្ពុជា​។ លទ្ធផល​​នឹង​​ធ្វើ​ការ​ប្រកាស នឹង​​​សម្រេច​​​​ដោយ​​គណៈកម្មការ​ ក្នុង​វគ្គ​ផ្តាច់​​ព្រាត់​ នៅ​ថ្ងៃ​ទី25 ខែតុលា ឆ្នាំ​​2018៕

  • Real ជួយ​ឱ្យលោក Lopetegui ធូរ​ស្រាល ខណៈ Ronaldo ផ្តល់​បរា​ជ័យ​ដល់ Man Utd

    Real ជួយ​ឱ្យលោក Lopetegui ធូរ​ស្រាល ខណៈ Ronaldo ផ្តល់​បរា​ជ័យ​ដល់ Man Utd

    វា​ប្រហែល​ជាមិន​គ្រប់គ្រាន់​ក្នុងការ​សង្គ្រោះ​លោក JulenLopetegui ឡើយ ប៉ុន្តែ​ការដ​ណ្តើម​បាន​ជ័យជម្នះ​​ក្នុងលទ្ធផល 2-1 ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League របស់​ក្រុម Real Madrid លើក្រុម Viktoria Plzen កាល​ពី​ថ្ងៃ​អង្គារ បាន​បញ្ឈប់​ការ​ធ្លាក់​ចុះ​ទម្រង់​លេង និង​បាន​រក្សា​ការ​ជឿជាក់​ខ្លះ​​ឡើង​វិញ​។

    ក្រុម Barcelona គឺ​ជាក្រុម​បន្ទាប់​ដែល​ត្រូវ​ជួប​នៅកីឡដ្ឋាន Camp Nou ហើយ​បើ​ទោះ​បីគូ​ប្រកួត​របស់​ខ្លួន​អវត្តមាន​តារាឆ្នើម Lionel Messi ក៏ដោយ ប៉ុន្តែ Real ប្រហែល​ជា​មិន​អាច​ទទួល​បាន​ឱកាសល្អ​ប្រសើរ​​ដូច​​ពេល​ធ្វើ​ជាម្ចាស់​ផ្ទះ Plzen នៅកីឡដ្ឋាន Santiago Bernabeu ​ឡើយ​។ ប៉ុន្តែ ក្រោយពី​មិនស្គាល់​ឈ្នះ​សោះ​ពី​ការប្រកួត​ 5​លើក​ចុងក្រោយ និង​ការ​ចាញ់​ 3លើក​ជាប់​ៗ​គ្នា ការ​ដណ្តើម​បាន​ជ័យជម្នះ​ពិត​ជា​សំខាន់​ណាស់ ហើយ Real ដណ្តើម​បាន​ជ័យ​ជម្នះ​នោះ​​តាម​រយៈ​គ្រាប់​បាល់​បញ្ចូល​ទីក្នុង​តង់​​នីមួយ​ៗ ពី​កីឡាករ Karim Benzema និង Marcelo។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​អប​អរ​ការ​វិល​​ត្រឡប់​របស់​គេ​ទៅ​កាន់​កីឡដ្ឋាន Old Trafford ជាមួយ​នឹង​ជ័យ​ជម្នះ​មួយ ខណៈ​ដែល​​ក្រុម Juventus បាន​ផ្តួល​ក្រុម Manchester United 1-០ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ  Champions League​។ ក្រុម Man United របស់​លោក Jose Mourinho ដណ្តើម​បាន​ជ័យ​ជម្នះ​ត្រឹម​តែ​ 1លើក​គត់​ក្នុង​ចំណោម​ការ​ប្រកួត​7​លើក​ចុងក្រោយ ក្រោយពី​ពួក​គេ​បាន​រង​បរា​ជ័យ​នៅពេល​ប្រកួត​ជាមួយ​នឹងក្រុម Juventus​។

    បន្ទាប់​ពី​បាន​ប្រឈម​​មុខនឹង​សំណួរ​ដ៏​មិន​គួរឱ្យរីក​រាយ​ផ្សេង​ៗនៅមុន​ពេល​ការ​ប្រកួត​ជុំ​វិញ​ការ​ចោទ​ប្រកាន់​លើ​ករណី​រំលោភ​ប្រឆាំង​នឹង​រូប​គេ​នៅ​សហ​រដ្ឋ​អាមេរិកនោះ  Ronaldo បាន​ដើរ​តួនាទី​យ៉ាងសំខាន់នៅ​លើ​ទីលាន​សម្រាប់​ក្រុម Juventus តាម​រយៈ​ការ​​ជួយ​ឱ្យ Paulo Dybala រក​បានគ្រាប់​បាល់​នៅ​នាទីទី​17​​៕

    ប្រភព​ពី៖ Sport24

  • Ronaldo ត្រៀម​រួច​រាល់​ក្នុង​ការ​វិល​ទៅកាន់ Old Trafford នៅ​រាត្រីនេះ

    Ronaldo ត្រៀម​រួច​រាល់​ក្នុង​ការ​វិល​ទៅកាន់ Old Trafford នៅ​រាត្រីនេះ

    ខ្សែ​ប្រយុទ្ធ Cristiano Ronaldo របស់​ក្រុម Juventus បាន​ត្រៀម​ខ្លួន​រួច​រាល់ហើយ​​សម្រាប់​ការ​វិល​ត្រឡប់​ដ៏គួរ​ឱ្យ​រំ​ជួល​ចិត្ត​​មួយ​ទៅ​កាន់​អតីត​ក្លិប​របស់គេ គឺ Manchester United ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League នៅ​រាត្រីនេះ ប៉ុន្តែគេជឿជាក់​ថា ក្រុម​របស់​អ៊ី​តាលី​មួយនេះអាច​ឈ្នះ​​តាម​រយៈ​ការ​​ប្រតិ​បត្តិតាម​ផែន​ការ​ប្រកួត​របស់​ពួកគេ​។

    Ronaldo នឹង​វិល​ទៅ​កាន់​កីឡដ្ឋាន Old Trafford ជាលើក​ទី​1 បើគិត​ចាប់​តាំងពីឆ្នាំ​2013 ដែលនៅពេលនោះ​គ្រាប់​បាល់​បញ្ចូល​ទី​របស់​គេ​សម្រាប់​​ក្រុម Real Madrid បាន​ជួយ​ឱ្យក្រុម​យក្ស​របស់​​អេ​ស្ប៉ាញ​មួយ​នេះ ឈាន​ទៅ​វគ្គ​ 8​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League តាម​រយៈ​ការ​ទម្លាក់​ក្រុម Man United​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មានមួយ​ថា៖​ «រំ​ជួល​ចិត្ត​ឬ? ខ្ញុំ​អាច​ចង​ចាំ​នូវ​បរិ​យា​កាស នៅពេល​ដែលខ្ញុំ​បាន​ស្ថិតក្នុង​ទីក្រុង Manchester​។ ខ្ញុំ​បាន​ឈ្នះពាន​ជាច្រើននៅ​ទីនោះ​។ ខ្ញុំ​អាច​ចង​ចាំ​ពីការគាំទ្រ​ផងដែរ​។ ការ​គាំទ្រ​ពិត​ជា​អស្ចារ្យ​ណាស់​»។ Ronaldo បាន​លើក​ពានក្រប​ខ័ណ្ឌ Premier League 3លើក ពាន FA Cup និង​ពាន League Cup 2លើក បូក​រួម​ទាំង​ពាន Champions League 1លើក​ទៀត​ក្នុង​​អំឡុង​ពេល​ 6​ឆ្នាំនៅ​ឯ​ក្លិប Man United ហើយ​រូប​គេបាន​រំពឹង​ទុក​ថា នឹង​ជួប​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​ជាមួយនឹងក្រុម​របស់​លោក Jose Mourinho​។

    នៅ​រាត្រីនេះ រូប​គេ​នឹង​វិល​ទៅ​វិញ​ក្នុង​នាម​ជាកីឡាករ​របស់​ក្រុម Juventus ដែល​ស្រេក​ឃ្លាន​យក​ទេព​កោសល្យ​ក្នុង​កីឡា​បាល់​​ទាត់​របស់​គេ​ទៅ​​បក​ស្រាយ​លើ​ករណី​នៃ​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភមួយនៅ​សហ​រដ្ឋ​អាមេរិក ​មុន​ពេល​រូប​គេ​បាន​ផ្ទេរ​ទៅ​កាន់​ក្លិប Real ក្នុង​​ឆ្នាំ​2009 និង​ចូល​រួម​ជាមួយ​​​ក្លិប​យក្ស​របស់អ៊ី​​តាលី នៅ​ឆ្នាំ​នេះ​។ ទាក់​ទង​នឹង​ការ​​ទទួល​ការ​​ស្វាគមន៍​នៅ Old Trafford កីឡាករRonaldo បាន​ឱ្យដឹង​ថា៖ «វា​បាន​ក្លាយ​​ជា​រាត្រី​ដ៏​មិន​គួរ​ឱ្យ​ជឿ រាត្រី​​ដ៏​រំ​ជួល​ចិត្ត ហើយ​អ្វី​ដែល​អ្នក​គាំទ្រ​បាន​​ធ្វើ​សម្រាប់​ខ្ញុំ​​ គឺ​ពិត​ជា​ធំធេងណាស់​»​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​ 2​ទៀប​ភ្លឺ​៕

    ប្រភព​ពី៖ Channel News Asia

  • លោក Pochettino អំពាវនាវ​ដល់អ្នកគាំទ្រ កុំឱ្យចិត្ត​ក្ដៅ មុន​ពេល Spurs ប៉ះ  PSV រាត្រី​នេះ

    លោក Pochettino អំពាវនាវ​ដល់អ្នកគាំទ្រ កុំឱ្យចិត្ត​ក្ដៅ មុន​ពេល Spurs ប៉ះ  PSV រាត្រី​នេះ

    លោក Mauricio Pochettino ​អ្នក​ចាត់​ការ​ទូទៅនៃក្លិប Tottenham Hotspur បាន​ប្រាប់ទៅ​អ្នក​គាំទ្រ​​របស់​ក្រុមជុំ​វិញ​​ឥរិយា​បថ​របស់​ពួកគេ នៅមុន​​ពេល​ការ​ធ្វើ​ដំណើរ​​របស់​ពួក​គេ​​ទៅកាន់​ទឹកដីក្រុម PSV Eindhoven ដើម្បីធ្វើការ​ប្រកួតក្នុងក្រប​ខ័ណ្ឌ Champions League នៅ​រាត្រីនេះ តាម​រយៈ​ការ​​អំពាវ​នាវ​សូមកុំ​ឱ្យ​កើតមានទិដ្ឋ​ភាព​​បែប​ហិង្សា​ម្តង​ទៀត ដែលកាលពីលើកមុន​បាន​កើត​ឡើង​ម្ដងរួចមកហើយក្នុង​ពេលដែល​ក្រុម​​ទាំង​2 ​​ជួប​គ្នា​ជាលើក​ចុងក្រោយ​។

    Spurs បាន​ជួប​ក្រុម PSV ជាលើក​​ចុងក្រោយ ក្នុង​ពាន UEFA Cup កាលពីឆ្នាំ​2008 ក្នុ​ងការ​ប្រកួតមួយ​ដែល​ត្រូវ​បាន​រំខាន​ដោយ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អ្នកគាំទ្រ​​ទាំង​ 2​ក្រុម​។ គ្រូបង្វឹក​សញ្ជាតិ​អា​ហ្សង់​ទីន​រូបនេះ បាន​និយាយ​ក្នុងសន្និ​សីទ​សារ​ព័ត៌​មាន​មួយ​កាលពីថ្ងៃ​អង្គារ​ថា៖ «ការណែនាំ​របស់​ខ្ញុំ​គឺ​ការ​​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​អ្នក​នឹង​​ធ្វើ​។ វា​គឺ​​ជា​​ការ​គាំទ្រ​ក្រុម​របស់​អ្នក ប៉ុន្តែ​អ្វី​ៗ​ទាំងអស់ វា​មាន​ព្រំ​ដែន និង​ព្យា​យាម​ធ្វើ​​ឥរិយា​បថ​ក្នុង​របៀប​ដែល​យើង​ចង់​បាន​ និង​រំពឹង​ទុក​»​​។ លោក Pochettino បាន​បន្ថែម​ទៀត​ថា៖ «យើង​​ចង់​បាន​​ព័ត៌​មាន​ល្អៗនៅ​ថ្ងៃ​ស្អែក​ទាក់​ទង​នឹង​​​អ្វី​ដែល​​កើត​ឡើង​លើ​ទីលាន​ប្រកួត​»​។ ក្រុម​ទាំង​2 កំពុង​តែ​សម្លឹង​រក​​​ការ​ដណ្តើម​បាន​ពិន្ទុ​ជាលើក​ទី​1 ​របស់​ពួក​គេ​ ក្នុង​ពូល B ដោយ​ដឹង​ថា ការ​បរា​ជ័យ នឹង​ស្ទើរ​តែ​បញ្ចប់​ក្តី​សង្ឃឹម​របស់​ពួក​គេ​ក្នុង​ការ​ឈាន​ទៅ​វគ្គ​ 16ក្រុម​ចុងក្រោយ​។

    ក្រុម Barcelona និង Inter Milan ដែលមាន​ 6ពិន្ទុ​ដូចគ្នា​ពីការប្រកួត​ 2លើក នឹង​ត្រូវ​ជួប​គ្នា​នៅ​រាត្រីនេះ ក្នុង​ការ​ប្រកួត​ 1​គូ​ផ្សេង​ទៀត​។ ក្រុម Spurs ដណ្តើម​បាន​ពិន្ទុ​ជាច្រើន​ពីការប្រកួត​ 9លើកដំបូង​​នៃក្រប​ខ័ណ្ឌ Premier League នៅ​រដូ​វកាល​នេះ ដោយ​ឈ្នះ​ 7​លើក​ក្នុង​ចំណោមការ​ប្រកួត​ទាំង​នោះ​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​ 11:55យប់៕

    ប្រភព​ពី៖ Channel News Asia

  • ក្លិបក្នុង A-League ប្រកាស​ពីការផ្តល់​កុង​ត្រា​ដល់​ម្ចាស់​ជើង​ឯក​​អូឡាំពិក Bolt

    ក្លិបក្នុង A-League ប្រកាស​ពីការផ្តល់​កុង​ត្រា​ដល់​ម្ចាស់​ជើង​ឯក​​អូឡាំពិក Bolt

    ម្ចាស់​ជើង​ឯក​អូឡាំ​ពិក​លើ​វិញ្ញា​សា​រត់​ចម្ងាយ​ Usain Bolt ត្រូវ​បាន​ផ្តល់​កុងត្រា​អាជីព​មួយ ដោយ​ក្លិប Central Coast Mariners របស់ក្រប​ខ័ណ្ឌ​​អ៊ី​តាលី A-League ប៉ុន្តែការព្រម​ព្រៀងគ្នាមួយ​ប្រហែល​ជាមិន​មាន​ការ​បែង​ចែក​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​ភាគី​ទី​3 ឡើយ​។

    កីឡាករជនជាតិ​ហ្សា​ម៉ា​អ៊ីក ​វ័យ​ 32ឆ្នាំ​រូបនេះ ដែល​ជា​អ្នក​គាំទ្រ​កីឡា​បាល់​ទាត់​ម្នាក់ដែរនោះ បាន​ស្ថិតក្នុង​ការ​ហ្វឹកហាត់​ជាកីឡាករបាល់ទាត់អាជីពសាក​​ល្បង​ជាមួយ​នឹងក្លិប Mariners ចាប់​តាំងពី​ខែ​សីហា ខណៈ​ដែល​រូបគេ​ព្យា​យាម​បំពេញ​ការផ្លាស់​ប្តូរ​ដ៏មិន​នឹកស្មាន​ដល់​មួយ​ទៅកាន់​កីឡា​អាជីព​ជាលើក​ទី​2 ​របស់​គេ ក្រោយពី​ទទួលជោគជ័យក្នុង​អាជីព​​​កីឡា​អត្ត​ពល​កម្មប្រកប​ដោយ​ផ្លែ​ផ្កា​រួចមក​។

    ក្លិប Mariners បាន​ឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែ​ងការណ៍​មួយ​ថា៖ «ក្លិប​នេះ អាច​ប្រកាស​បាន​ថា សំណើ​កុង​ត្រា​មួយ ត្រូវ​បានផ្តល់​​ឱ្យ​ដោយ​ក្លិប Central Coast Mariners ហើយ​ការ​ចរ​ចា​ផ្សេង​ៗ នៅ​តែ​ដំណើរការ​ជាមួយ​នឹង Usain Bolt និង​អ្នក​គ្រប់គ្រង​របស់​គេ​ទាក់​ទង​នឹង​អនា​គត​កីឡា​បាល់​ទាត់​របស់គេ​​»​។ ក្លិប​បាន​បន្ថែម​ទៀត​ថា៖ «ក្លិប Central Coast Mariners ចង់​ធា​នា​ថា Usain Bolt នឹង​ត្រូវផ្តល់​ឱកាស​ដើម្បី​បំពេញ​ក្តី​សុបិន​របស់​គេ​ក្នុង​ការ​ក្លាយ​ជាកីឡា​ករ​បាល់​ទាត់​អាជីព​»​​។ បើ​ទោះ​បីជា​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2​គ្រាប់ ក្នុង​ការ​ប្រកួតមិត្ត​ភាព​មុន​បើក​រដូវកាល​ក៏ដោយ ប៉ុន្តែទម្រង់​លេង​របស់​ Bolt សម្រាប់​ក្រុម Mariners មិន​ស្ថិតក្នុង​ការ​ចាប់​អារម្មណ៍​ខ្លាំង​ឡើយ ហើយ​លោកគ្រូបង្វឹក Mike Mulvey​ បាន​បញ្ជាក់​កាល​ពី​ចុង​សប្តាហ៍​ថា កីឡាករ​ហ្សា​ម៉ាអ៊ី​ក​រូបនេះ មិន​ទាន់ស្ថិតក្នុង​ទម្រង់​លេង​ដែលនឹង​ទទួលបាន​កៅអី​មួយក្នុងក្រុម​​នៅឡើយ​៕

    ប្រភពពី៖ Channel News Asia

  • នាវាយក្ស TitanicII មានតម្លៃជាង 500 លានដុល្លារ គ្រោងចេញដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិចនៅឆ្នាំ 2022

    នាវាយក្ស TitanicII មានតម្លៃជាង 500 លានដុល្លារ គ្រោងចេញដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិចនៅឆ្នាំ 2022

    អស់រយៈពេលជិត 110 ឆ្នាំមកហើយ ដែលកប៉ាល់ទីតានិចបានលិចទៅក្នុងជម្រៅនៃបាតមហាសមុទ្រអាត្លង់ទិច ក៏ប៉ុន្ដែខណៈនេះក្រុមហ៊ុនដឹកជញ្ជូនអូស្ត្រាលីមួយបានគ្រោងនឹងសម្ពោធនាវាយក្ស Titanic II ដោយគ្រោងចេញដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិចជាថ្មីម្ដងទៀតនៅក្នុងឆ្នាំ 2022 តាមរយៈផ្លូវទឹកដែលនាវា Titanic ដំបូងបានបើកឆ្លងកាត់ដូចគ្នា។

    លោក Clive Palmer ប្រធានក្រុមហ៊ុន Blue Star Line បានថ្លែងប្រាប់អ្នកសារព័ត៌មានបរទេសថា ក្នុងការសាងសង់នាវាយក្សដែលមានលំនាំចម្លងរចនាបទ្មពីនាវាដើម Titanic ដ៏ល្បីល្បាញមួយនេះ ត្រូវបានធ្វើឡើងនៅក្នុងអំឡុងឆ្នាំ 2013 ម្ដងរួចមកហើយ ប៉ុន្តែគម្រោងនេះត្រូវបានផ្អាកវិញ ដោយសារតែជួបឧបសគ្គរឿងហិរញ្ញវត្ថុ។ លោកថា ការសង់នាវានេះ ទាំងបន្ទះក្ដារក្នុងនាវា និងទឹកថ្នាំព័ណ៌ ត្រូវបានរចនាយ៉ាងផ្ចិតផ្ចង់តាមទម្រង់ដើមមកវិញទាំងស្រុង សូម្បីតែបន្ទប់និមួយៗ ក៏នៅរក្សាទ្រង់ទ្រាយដើមមកវិញផងដែរ។

    លោក Palmer បន្ដថា គម្រោងនាវាយក្សនឹងបានបញ្ចប់ក្នុងខ្ទង់ចំណាយជាង 500 លានដុល្លារ។ សម្រាប់នាវាTitantic II នេះ គ្រោងនឹងចេញដំណើររយៈពេល 2 សប្តាហ៍នៅឆ្នាំ 2022 ខាងមុខនេះ ដែលបង្កភាពភ្ញាក់ផ្អើលដល់ពិភពលោកជាថ្មីម្ដងទៀត។

    គួរបញ្ជាក់ផងដែរថា ការចេញដំណើរជុំវិញពិភពនេះ លោកបានបំផុសគំនិតទាក់ទាញ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពអាថ៌កំបាំងជាច្រើនដែលមនុស្សគ្រប់គ្នាចង់ដឹងពីរឿងរ៉ាវនៃដំណើរប៉ាល់ទីតានិច។ សូមរំឭកបន្ដិចដែរថា នាវាយក្សធំជាងគេនៅលើពិភពលោកTitanic បានលិចចូលទៅក្នុងបាតមហាសមុទ្រកាលពីព្រឹកថ្ងៃទី 15 ខែមេសាឆ្នាំ 1912 បន្ទាប់ពីបានប៉ះទង្កិចជាមួយផ្ទាំងទឹកកកនៅកណ្តាលមហាសមុទ្រអាត្លង់ទិច បានធ្វើឱ្យមនុស្សប្រមាណ 1500 នាក់បានស្លាប់បាត់បង់ជីវិត ក្នុងចំណោមអ្នកដំណើរចំនួន 2400 នាក់និងសមាជិកនាវិក 900 នាក់៕