Author: អេបិល

  • ធ្វើយ៉ាងណាដើម្បីមានឱកាសក្លាយជាដៃគូជាមួយក្រុមហ៊ុនCPL?

    ធ្វើយ៉ាងណាដើម្បីមានឱកាសក្លាយជាដៃគូជាមួយក្រុមហ៊ុនCPL?

    ក្រុមហ៊ុនអចលនទ្រព្យ CPL ដែលជាក្រុមហ៊ុនមានវ័យចំណាស់ជាងគេមួយនៅកម្ពុជាបានរៀបចំ​សិក្ខសាលាមួយដែលមានអ្នកចូលរួម ជាង 250នាក់កាលពីចុង​សប្តាហ៍មុននេះដើម្បីផ្តល់ឱកាសឱ្យអ្នកកួកជេ មិនមានក្រុមហ៊ុនច្បាស់លាស់អាចក្លាយជាដៃគូរពេញសិទ្ធិជាមួយក្រុមហ៊ុននេះ។​

    លោកឱកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL មានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលានេះ គឺចង់កៀងគរប្រមែប្រមូលអ្នកកួកជេដីធ្លី នៅទូទាំងប្រទេសកម្ពុជាទាំងអ្នកមានអាជីពច្បាស់លាស់ និងមិនមានអាជីពច្បាស់លាស់ បានចូលសហការធ្វើជាដៃគូជាមួយក្រុមហ៊ុនCPL ដើម្បីក្លាយ​ជាអ្នកលក់អចលនទ្រព្យអាជីព និងមានក្រុមហ៊ុនច្បាស់លាស់ ប្រកបដោយទំនុកចិត្តខ្ពស់ទៅដល់អតិថិជន។

    លោកបញ្ជាក់ថា អ្នកណាក៏អាចរកប្រាក់កម្រៃជើងសាពីរបរលក់ដីនេះបានដែរ មិនថាតែមន្រ្តីរាជការ សមត្ថកិច្ច គ្រូបង្រៀន គ្រូពេទ្យ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងបុគ្គលិកក្រុមហ៊ុនឯកជននានានោះឡើយ។

    លោកថា សម្រាប់អ្នកកំពុងបំពេញការងារ សុទ្ធតែមានជំនាញរៀងខ្លួនដើម្បីបំពេញការងារទទួលបានប្រាក់ខែ ប៉ុន្តែគ្រាន់តែពួកគាត់រៀនជំនាញផ្នែកលក់បន្ថែម តាមរយៈសិក្ខាសាលារបស់ក្រុមហ៊ុនCPL ដែលរៀបចំឡើងជាបន្តបន្ទាប់ ទៅតាមដំណាក់កាលនីមួយៗនោះពួកគាត់ និងមានសមត្ថភាពបន្ថែមក្នុងការលក់អចលនទ្រព្យ ទទួលបានប្រាក់កម្រៃបន្ថែមច្រើនលើការងារដែលយើងមានស្រាប់។

    លោកបន្តថា នៅពេលដែលពួកគាត់បានចូលសិក្ខាលា និងចុះឈ្មោះរៀននៅក្នុងក្រុមហ៊ុន CPL ក្រុមហ៊ុននឹងផ្តល់ផលិតផលដីធ្លី ទាំងនៅក្នុងទីក្រុងភ្នំពេញ ឬតាមបណ្តាខេត្តនានា ដើម្បីឱ្យគាត់លក់បន្ត ពេលលក់បាននឹងទទួលបានកម្រៃជើងសា បន្ថែមច្រើនជាងប្រាក់ខែច្រើនដង។ ដូចគ្នានេះដែរបើសិនជាឈ្មួញជើងសា អ្នកគក់ជេរដីធ្លីមានដីលក់ ក្រុមហ៊ុននឹងជួយលក់វិញ​ដែរ ពេលបានកម្រៃជើងសានឹងចែកគ្នាដោយតម្លាភាពជាទីបំផុត៕

     

  • Vettel៖ ការ​ប្រជែង​ពាន​របស់​ខ្ញុំ បាន​បរា​ជ័យ​​តាំង​ពី​នៅ​លើទឹក​ដី​សិង្ហ​បុរី មក​ម្ល៉េះ

    Vettel៖ ការ​ប្រជែង​ពាន​របស់​ខ្ញុំ បាន​បរា​ជ័យ​​តាំង​ពី​នៅ​លើទឹក​ដី​សិង្ហ​បុរី មក​ម្ល៉េះ

    កីឡាករ​ប្រណាំង​រថយន្ត Sebastian Vettel ជឿជាក់​ថា ការ​ប្រជែង​ដណ្តើម​ពាន​ពិភព​លោក​របស់​ខ្លួន បាន​ចាប់​ផ្តើម​​ជួប​ការ​បរា​ជ័យ​តាំង​ពី​ក្នុង​ការ​ប្រណាំង​នៅ​សិង្ហ​បុរី មកម្ល៉េះ ដែលនៅ​ពេល​នោះ​ក្រុម Ferrari បាន​បាត់​បង់​ភាពខ្លាំង​​របស់​ខ្លួន នៅ​ពេល​ប្រជែង​ជាមួយនឹងក្រុម Mercedes របស់​​កីឡាករ Lewis Hamilton​។

    កីឡាករ​រូបនេះ​បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​គិត​ចាប់​តាំងពី​នៅ​សិង្ហបុរី​រួចទៅហើយថា ​យើង​មិនមាន​ល្បឿន​​ដើម្បី​រក្សា​ការ​ប្រជែង​ជាមួយនឹងក្រុម Mercedes សម្រាប់​ការ​ប្រណាំងនាពេល​ខាង​មុខឡើយ​។ បន្ទាប់​មក រឿង​រ៉ាវ​ផ្សេង​ទៀត​បាន​កើតឡើង ដែលវាមិន​បាន​ជួយអ្វី​ដល់​យើង​ឡើយ​»​។ Vettel បាន​បន្ថែម​ទៀត​ថា៖ «យើង​​មិន​អាច​រក​បានពិន្ទុ​ផ្សេង​ៗ ដោយ​​សារ​តែ​កំហុស​ដែល​យើង​បានធ្វើ និង​កំហុស​ដែលខ្ញុំ​បាន​ធ្វើ»​។ Vettel បាន​លើក​ឡើង​បែបនេះ ក្រោយពី​ការ​ប្រណាំងក្នុង​ព្រឹត្តិ​ការណ៍ Mexican Grand Prix របស់គេ​កាលពីថ្ងៃ​អាទិត្យ ដោយ​រូប​គេ​បាន​បញ្ចប់ក្នុង​ចំណាត់​ថ្នាក់​លេខ​2 បន្ទាប់​ពី​កីឡាករ Max Verstappen របស់​ក្រុម Red Bull ខណៈ​ដែល​លទ្ធផលនេះ បាន​​ផ្តល់​​ពាន​ពិភព​លោក​ទៅ​ឱ្យ Hamilton ដែល​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​4 បន្ទាប់​ពី Kimi Raikkonen របស់​ក្រុម Ferrari​​។

    ក្រោយពី​បាន​អប​អរ​ដល់​គូ​ប្រជែង​សញ្ជាតិ​អង់គ្លេស​របស់​ខ្លួន ចំពោះ​ការ​ផ្តួល​រូប​គេ​ដើម្បី​ឈ្នះពាន​ពិភព​លោក​ជា​លើក​ទី​5 ក្នុង​ប្រទេស​ម៉ិក​ស៊ិក ម្ចាស់​ជើង​ឯក​ពិភព​លោក​4 ​សម័យកាល​រូបនេះ ពិត​ជា​និយាយ​ដោយ​ស្មោះ​ត្រង់​អំពី​កំហុស​​របស់​គេ និងក្រុម​របស់​គេ​។ មនុស្ស​ជា​ច្រើន​ជឿជាក់​ថា ដំណាក់​កាល​ដ៏សំខាន់​បំផុត គឺ​នៅពេល​ដែល​រូប​គេ​បាន​​បាត់​បង់​កា​រនាំមុខ​ក្នុង​ការ​ប្រណាំង German Grand Prix ដែល​ជាកន្លែង Hamilton បាន​បន្ត​ប្រជែង​ដើម្បីការ​ឈ្នះ​ដ៏​រំភើបមួយ​​៕

    ប្រភព​ពី៖ Channel News Asia

  • ក្រុម​គ្រួ​សារ​របស់​ម្ចាស់​ក្លិប Leicester ទៅ​កាន់​​កន្លែង​ធ្លាក់​ឧទ្ធម្ភាគចក្រ

    ក្រុម​គ្រួ​សារ​របស់​ម្ចាស់​ក្លិប Leicester ទៅ​កាន់​​កន្លែង​ធ្លាក់​ឧទ្ធម្ភាគចក្រ

    ក្រុម​គ្រួសារ​របស់​មហា​សេដ្ឋី​ថៃ​ដែលជា​ម្ចាស់​ក្លិប​ Leicester City ក្នុង​​​ក្រប​ខ័ណ្ឌ  Premier League បាន​​ធ្វើការ​ឧទ្ទិសកុសល​​ដល់​រូប​លោក កាលពីថ្ងៃ​ចន្ទ នៅ​កន្លែង​ដែល​ឧទ្ធម្ភាគ​ចក្រ​របស់លោក​បាន​ធ្លាក់ដែលបណ្ដាលឱ្យលោកស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈដែល​​ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​ចាប់​ផ្តើម​ត្រួត​ពិនិត្យ​ទៅលើ​​ប្រអប់​ខ្មៅ​របស់​ឧទ្ធម្ភាគ​ចក្រ​មួយនេះ​។

    កូន​ប្រុស និង​ភរិយា​របស់​លោក Vichai Srivaddhanaprabha ត្រូវ​បាន​គេ​ឃើញនៅទីនោះ ​​បាន​ដាក់​កម្រង​ផ្កា​ដ៏ធំមួយ ស្រប​ពេល​ដែលមាន​កម្រង​ផ្កា​ជាច្រើន​ផ្សេង​ទៀត​ពី​អ្នកគាំទ្រ​ នៅ​ខាង​ក្រៅកីឡដ្ឋាន ក្នុង​នោះ​រាប់បញ្ចូល​ទាំង​ផ្កា កន្សែងបង់ក​កីឡា​បាល់​ទាត់ និង​រូប​តំណាង​ឱ្យ​ព្រះ​ពុទ្ធ​ទៀតផង​។ លោក Aiyawatt Srivaddhanaprabha ដែល​ជាកូន​ប្រុស​របស់​លោក Vichai គឺ​ជា​នាយក​ប្រតិ​បត្តិ​​ក្នុងក្រុម​ហ៊ុន King Power របស់​ឪពុក​ខ្លួន ហើយ​ក៏​ជា​​អនុ​ប្រធានប្រតិ​បត្តិ​របស់​ក្លិប​កីឡា​បាល់​ទាត់ Leicester​ ដែល​លោក​ Vichai បាន​ទិញ​កាលពី​ឆ្នាំ​2010 ​ផងដែរ​។ ក្រុម​អ្នក​ស៊ើប​អង្កេត​លើ​ឧប្បត្តិ​ហេតុ​​ខាង​អាកាស ក៏​បានបញ្ជាក់កាល​ពីថ្ងៃចន្ទ​ផងដែរ​ថា ពួក​គេ​បាន​បើក​ឧប​ករណ៍​ថត​ទិន្ន​ន័យ​របស់​ឧទ្ធម្ភាគ​ចក្រ​នោះ​ ដែល​រង​កម្តៅ​ដ៏​ក្តៅ ក្នុង​ពេល​ឧទ្ធម្ភាគ​ចក្របាន​​ផ្ទុះ​ឆេះ​។

    អង្គ​ភាព​ស៊ើប​អង្កេត​ផ្នែក​ឧប្បត្តិ​ហេតុផ្លូវ​អាកាស Air Accidents Investigation Branch បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «នៅ​ថ្ងៃ​នេះ ក្រុម​ត្រួត​ពិនិត្យ​របស់​យើង នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ពិនិត្យទៅលើ​ឧប​ករណ៍​ថត​ទិន្នន័យ​នោះ​»​​​។ មនុស្ស​ 5​នាក់​បានស្លាប់​កាលពីថ្ងៃសៅរ៍ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​បុគ្គ​លិក​ 2នាក់​របស់​លោក Vichai គឺ​នាង NursaraSuknamai និង​លោក KavepornPunpareលោក Eric Swaffer ដែល​ជា​អ្នកបើក​ឧទ្ធម្ភាគ​ចក្រ និង​មិត្ត​ស្រី​របស់​ខ្លួន​គឺ​នាង Izabela RozaLechowicz ដែលក៏​ជា​អ្នក​បើក​យន្ត​ហោះ​ផងដែរ​៕

     

     

    ប្រភពពី៖ Channel News Asia

  • ស្លៀកពាក់បុរាណថៃ ចូលរួមពិធីបុណ្យគម្រប់ខួប 230 ឆ្នាំ​នៃវត្តបុរាណ វត្ត​ពោធិ៍​ជ័យ

    ស្លៀកពាក់បុរាណថៃ ចូលរួមពិធីបុណ្យគម្រប់ខួប 230 ឆ្នាំ​នៃវត្តបុរាណ វត្ត​ពោធិ៍​ជ័យ

    វត្ត​ពោធិ៍​ជ័យ (ថៃ៖ วัดโพธิ์ชัย, សរសេរ៖ វ័ដពោធិ៍ជ័យ, អាន៖ វ៉ាត់.ភោ.ឆៃ) គឺ​ជា​វត្ត​ល្បី​មួយ ដែល​មាន​ទី​តាំង​នៅ​លេខ​873 ផ្លូវ​ប្រច័ក្ស​សិល្បាគម សង្កាត់​នៃមឿង ខណ្ឌ​ហ្នងខាយ ខេត្ត​ហ្នងខាយ។ ជា​ព្រះ​អារាម​ហ្លួង ថ្នាក់​ត្រី ប្រភេទ​សាមញ្ញ សង្កាត់​និកាយ​មហា​និកាយ។

    ភ្ញៀវទេសចរជាច្រើនបាន​ទៅ​លេង​ហ្នងខាយ កន្លង​ទៅ​នេះក៏បានឈៀងចូលទៅ​លេង និង​ថ្វាយ​បង្គំ​ព្រះ​នៅ​ក្នុង​ព្រះ​វិហារ​វត្ត​នេះ​។ តាម​ប្រវត្តិ​ឱ្យ​ដឹង​ថា ពី​ដើម​ឡើយ​វត្ត​នេះ​មាន​ឈ្មោះ​ថា វត្ត​ភីភីវ (ថៃ៖ วัดผีผิว) ដែល​ជា​កន្លែង​ដុត​ខ្មោច ឬ​សព ហើយ​ដែល​ក្រោយ​មក​បាន​ប្ដូរ​ឈ្មោះ​មក​ជា​វត្ត​ពោធិ៍​ជ័យ នេះ​វិញ។

    អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ព្រះ​វិហារ​វត្ត​នេះ គឺ​ជា​ទី​តម្កល់​ព្រះ​បដិមារ​នាម ព្រះ​សៃ ដ៏​ល្បី​ល្បាញ។ ព្រះ​បដិមារ​ព្រះ​សៃ (ថៃ៖ หลวงพ่อพระใส) នេះ ចាត់​សាង​ឡើង​ដោយ​ព្រះ​រាជ​បិតា​របស់​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ ក្ស័ត្រិយ៍​នៃ​អតីត​នគរ​លាន​ជាង (លាវ) រួម​និង​ព្រះ​បដិមារ​ពីរ​ព្រះ​អង្គ​ទៀត គឺ ព្រះ​សុក (ថៃ៖ พระสุก) និង​ព្រះ​សើម (ថៃ៖ พระเสริม)។ ចម្បាំង​រវាង​ប្រទេស​ថៃ និង​លាវ ត្រូវ​បាន​ថៃ​យក​ព្រះ​បដិមារ​ទាំង​បី​មក​តាំង​នៅ​ប្រទេស​ថៃ ហើយ​ដែល ព្រះ​សុក ត្រូវ​បាន​លិច​ចូល​ក្នុង​ទន្លេ​មេគង្គ ខណៈ​ដែល​​ដឹក​ជញ្ជូន​យក​មក​ក្រុង​ទេព (បាងកក) ចំណែកឯ​ព្រះ​សើម​វិញ ក៏​ត្រូវ​បាន​យក​មក​ដាក់​នៅ​វត្ត​បទុម​វនារាម ឯ​ក្រុង​ទេពមហានគរ។

    គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2018 ក៏បានប្រារព្ធពិធីធ្វើបុណ្យគម្រប់ខួបព្រះវិហារបុរាណ វត្ត​ពោធិ៍​ជ័យ 230 ឆ្នាំ នាវេលាម៉ោង 10 ព្រឹក រហូតដល់ម៉ោង 22 យប់ ដែលតម្រូវឱ្យភ្ញៀវទេសចរស្លៀកបែបបុរាណថៃផងដែរ។ កុំភ្លេចទៅចូលរួមទាំងអស់គ្នាណា៎ !៕

     

  • ភាពយន្ដទសវត្សរ៍ឆ្នាំ 70 ជាសហផលិតកម្មកម្ពុជានិងថៃ ដ៏មានគុណភាពកំពុងរក្សាទុកក្នុងប្រទេសថៃ

    ភាពយន្ដទសវត្សរ៍ឆ្នាំ 70 ជាសហផលិតកម្មកម្ពុជានិងថៃ ដ៏មានគុណភាពកំពុងរក្សាទុកក្នុងប្រទេសថៃ

    តាមរយៈគណនីផេចហ្វេសប៊ុករបស់ក្រុមព្រះសូរិយា បានឱ្យដឹងថា ថ្មីៗនេះទើបតែរកឃើញខ្សែភាពយន្ត «ជីវិតផ្សងព្រេង» ដែលបានកប់បាត់រយះពេលជាង40ឆ្នាំមកហើយ ។ រឿងនេះសហផលិតកម្មកម្ពុជានិងថៃ ដែលបានផលិតនៅឆ្នាំ1970។ នៅមានភាពយន្ដមួយចំនួនទៀតរវាងប្រទេសទាំងពីរ ដែលមានគុណភាពល្អកំពុងរក្សាទុកនៅក្នុងប្រទេសថៃ។

    នៅក្នុងនោះដែរ ក៏មានភាពយន្ដល្បីរន្ធឺ «ស្នេហ៍ឆ្លងវេហា» ជាភាពយន្តដែលបាត់ទៅជាង 47 ឆ្នាំមុន ដែលស្ទើរតែមិនជឿថា នៅតែរក្សាបាននៅគុណភាពល្អទាំងស្រុងនៅក្នុងប្រទេសថៃ ។ ស្នេហ៍ឆ្លងវេហា ឬ รักข้ามขอบฟ้า ជាភាពយន្តដែលផលិតឡើងពីសហផលិតកម្មកម្ពុជានិងថៃ ដែលបាននាំសម្តែងដោយ លោក ជា យុទ្ធថន និងលោកស្រី ឌី សាវ៉េត ( តារាខ្មែរ ) លោក សម្បត្តិ មេថានី និងលោកស្រី អរញ្ញយ៉ា ណាមវង្ស ( តារាថៃ ) សម្តែងរួមគ្នាដោយអមជាមួយបទចម្រៀង ស្នេហ៍ឆ្លងវេហា ដែលច្រៀងដោយ លោកតា ស៊ិនស៊ីសាមុត និង លោកស្រី ឌី សាវ៉េត ខណៈពេលចាក់បញ្ចាំងក្នុងប្រទេសកម្ពុជា ចំណែកប្រទេសថៃអមដោយបទ รักข้ามขอบฟ้า ដែលបកស្រាយដោយលោក សម្បត្តិ និងលោកស្រី អរញ្ញយ៉ា ។

    យ៉ាងណាមិញ តាមការបញ្ជាក់របស់សារព័ត៌មានថៃ ឱ្យដឹងផងដែរថា ភាពយន្ដជាសហផលិតកម្មកម្ពុជានិងថៃ បានផលិតនិងសម្ដែងរួមគ្នាជាច្រើនរឿង កំពុងរក្សាបាន និងដាក់បញ្ចាំងនៅក្នុងប្រទេសថៃ ដែលមានដូចជា រឿង ពស់កេងកង , រឿង ខ្យងស័ង្ខ , រឿង ពស់កេងកង ភាគ 2 , រឿង នាងផ្តិលមាស, រឿង នាងសក់ក្រអូប , រឿង ធីតាឃ្លោកទិព្វ …ជាដើម ។ ភាពយន្ដវ័យចំណាស់របស់កម្ពុជាទាំងនេះ មានខ្លះបានបាត់បង់នៅក្នុងភ្លើងសង្គ្រាម ហើយខ្លះទៀតក៏កំពុងស្រាវជ្រាវឯកសារដើម្បីយកមករក្សា និងអភិរក្សទុកឡើងវិញ។ ភាពល្បីល្បាញនៃវប្បធម៌ភាពយន្តខ្មែរនៅលើទឹកដីប្រទេសថៃ នៅខណះដែលកម្ពុជាបានបោះជំហានយ៉ាងវែងទៅមុខលើវិស័យភាពយន្តមុនប្រទេសថៃ។ នេះអាចនិយាយបានថា ប្រទេសថៃ យកភាពយន្តខ្មែរជាគ្រូ សម្រាប់អភិវឌ្ឈភាពយន្តរបស់គេ៕

  • លោក ហ្វៃ សំអាង គ្រោងផលិតរឿងថ្មី 2 ទៀតបន្ដបន្ទាប់ពីរឿង «កូនពស់កេងកង»

    លោក ហ្វៃ សំអាង គ្រោងផលិតរឿងថ្មី 2 ទៀតបន្ដបន្ទាប់ពីរឿង «កូនពស់កេងកង»

    កក្រើកទៀតហើយជាមួយស្នាដៃដ៏អស្ចារ្យរបស់កំពូលអ្នកដឹកនាំរឿង លោក ហ្វៃ សំអាង តាមរយៈរឿង «កូនពស់កេងកង» ត្រៀមចូលខ្លួនមកអង្រួនដួងចិត្តទស្សនិកជនលើកញ្ចក់ទូរទស្សន៍ហង្សមាសជាមួយការថតចំណាយ​ដើមទុនខ្ពស់ព្រមទាំងកម្រិតបច្ចេកទេសទំនើបៗ។ រឿងភាគល្អឯកមួយនេះ ត្រូវបានទស្សនិកជនចាត់ទុកថា ជារឿងភាគដំបូងយ៉ាងពិសេសសម្រាប់លើកមុខមាត់វិស័យភាពយន្តខ្មែរឱ្យ​កាន់តែល្បីរន្ទឺ។

    តារាច្រើនជំនាន់បានមកជួបជុំគ្នាដើម្បីសម្ពោធជាផ្លូវការរឿង«កូនពសកេងកង»ដែលចាក់បញ្ចាំងជាផ្លូវការនាស្ថានីយទូរទស្សន៍ហង្សមាសនៅថ្ងៃទី 5 ខែវិច្ឆិកា ចាប់ពីថ្ងៃចន្ទ ដល់ពុធ។ ក្នុងពិធីសម្ពោធរឿងនេះ មានវត្តមានតារាក្នុងសាច់រឿងច្រើនដួងបានចូលរួមដូចជាអ្នកដឹកនាំរឿងល្បីឈ្មោះលោក ហ្វៃ សំអាង អ្នកស្រី ប៉ុល ពិសី អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាង លី ម៉ារីណា អ្នកនាង ស្វែង សុជាតា កញ្ញា តូតា កញ្ញា ឌុច លីដា កញ្ញា ម៉ៃយ៉ា លោក ញ៉ែម សុគន្ឋ លោក ម៉េង ប៊ុនឡូ ព្រមទាំងតារាកិត្តិយសជាច្រើនទៀត។ រឿង «កូនពស់កេងកង» មានចម្រៀងតាក់តែងនិពន្ធថ្មីដោយលោក ហ្វៃ សំអាង ចំនួន17បទដោយច្រៀងដោយតារាចម្រៀងហង្សមាសល្បីៗ។ លើសពីនេះ ក៏លេចឭថាស្នាដៃរបស់អ្នកដឹកនាំរឿងល្បីរូបនេះ ត្រូវបានស្ថានីយទូរទស្សន៍ថៃដ៏ល្បីមួយចង់ទាក់ទងទិញផ្តាច់មុខយកទៅបញ្ចាំងនៅស្រុកថៃ។ ប៉ុន្តែត្រូវបានលោក ហ្វៃ សំអាង ច្រានចោលក្រោយចុះសិទ្ធិប្រគល់ឱ្យ​ហង្សមាសដាច់ មុននឹងខាងថៃទំនាក់ទំនងមក។

    គួរបញ្ជាក់ផងដែរថា លោក ហ្វៃ សំអាង គ្រោងផលិតរឿងថ្មី2ទៀត ដោយលោកមិនទាន់បង្ហាញថា ជារឿងអ្វីហើយក៏នឹងបញ្ចាំងលើកញ្ចក់ទូរទស្សន៍ហង្សមាសដដែល។ រឿង«កូនពស់កេងកង»បានបង្ហាញពីសម័យកាល3មាន លង្វែក ឧដ្តុង ចតុមុខជាមួយការគ្រងសម្លៀកបំពាក់តាមប្រពៃណីខ្មែរសម័យបុរាណ ការទៅវត្តអារាម ការពូនភ្នំខ្សាច់។ អ្វីដែលសំខាន់ក៏មានការបញ្ចូលសត្វមួយចំនួនថតសម្តែងជាមួយតួដូចជាពស់ថ្លាន់ ពស់វែក តុកកែជាដើម ព្រមទាំងបញ្ចូលតួអង្គកំប្លែងល្បីៗជាច្រើនដួងចូលរួមលើកមុខមាត់ខ្សែភាពយន្តដ៏ល្អនេះ៕

  • តារាចម្រៀងកូរ៉េ CL លូកដៃកាន់តែជ្រៅក្នុងសិល្បៈអាមេរិក

    តារាចម្រៀងកូរ៉េ CL លូកដៃកាន់តែជ្រៅក្នុងសិល្បៈអាមេរិក

    ថ្មីៗនេះ កំពូលតារាចម្រៀង CL បានបង្ហាញខ្លួននៅក្នុងបទ “Dopeness” ដែលសម្តែងជាមួយនឹងក្រុមតន្ត្រីអាមេរិក “The Black Eyed Peas” រហូតធ្វើឱ្យអ្នកគាំទ្ររបស់នាងក្នុងប្រទេសកូរ៉េ លាន់មាត់ថា នាងកាន់តែមានមុខមាត់ខ្លាំងនៅក្នុងសិល្បៈរបស់អាមេរិកមែនទែនហើយ។

    កាលពីថ្ងៃទី26 ខែតុលា ឆ្នាំ 2018 ជាថ្ងៃនៃការចេញអាល់ប៊ុមចម្រៀងដំបូងរបស់តារាស្រីរូបនេះ ជាមួយនិងសិល្បៈករអាមេរិកដ៏ល្បី។ នៅក្នុងនោះអតីតសមាជិកក្រុម 2NE1 នាង Park Bom បានបង្ហោះវីដេអូអនុសាវរីយ៍ចម្រៀងរួមជាមួយ CL និង សរសេរសារថា “Fighting! 2NE1 CL looking forward to it so much!” ដែលតារាស្រីរូបនេះពិតជាចង់ឱ្យគ្រប់ គ្នាដឹងថា អតីតមិត្តរួមក្រុម CL ពេលនេះកំពុងតស៊ូប្រយុទ្ធយ៉ាងខ្លាំងក្នុងវិថីសិល្បៈនៅពេលដែលនាងចេញសម្តែងទោលក្រោយពីរំសាយ 2NE1 ។ ការបង្ហាញវត្តមានរបស់ CL ក្នុងសិល្បៈអាមេរិកក្នុងគ្រានេះ បានធ្វើឱ្យអតីតមិត្តរួមក្រុមមានភាពស្ញប់ស្ញែងចំពោះសមត្ថភាពនាងយ៉ាងខ្លាំង។

    ក្រុមអ្នកគាំទ្រពិតជារីករាយណាស់បន្ទាប់ពីបានឃើញអតីតសមាជិក 2NE1 ទាំងពីរ នៅតែបង្ហាញក្តីស្រឡាញ់ដ៏ធំធេងចំពោះគ្នាហើយពួកគេតែងតែបង្ហាញការគាំទ្រជានិច្ច ចំពោះអតីតតារាស្រី 2NE1។ គួររំឭកដែរថា នៅថ្ងៃទី20 ខែ មករា ឆ្នាំ2017 ក្រុមចម្រៀងស្រីល្បីទូទាំងពិភពលោក 2NE1 បានប្រកាសរំលាយក្រុម និងបានបញ្ចេញវីដេអូចម្រៀងចុងក្រោយ ដោយគ្មានវត្តមានរបស់សមាជិកក្រុមនាង Minzy ឡើយ ៕

  • រកឃើញម្ចាស់ជយលាភីរឿងខ្លីមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) ក្នុងមហោស្រពភាពយន្តខ្លីចតុមុខ​ 2018

    រកឃើញម្ចាស់ជយលាភីរឿងខ្លីមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) ក្នុងមហោស្រពភាពយន្តខ្លីចតុមុខ​ 2018

    នៅថ្ងៃទី27 ខែតុលា ឆ្នាំ2018 ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តខ្លីចតុមុខ នាសាលចតុម្មុខ បានរកឃើញម្ចាស់ជយលាភីកុនខ្លីទាំង 3 រឿង និងមានការប្រគល់រង្វាន់ជូនពី មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) ដែលជាអង្គការគាំទ្រ ទាំងបច្ចេកទេសច្បាប់ និងហិរញ្ញវត្ថុដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទការងារឱ្យបានឆាប់រហ័ស និងឯករាជ្យ រួមជាមួយក្រុមភាពយន្តឈូករ័ត្នគណៈកម្មការរៀបចំការប្រកួតប្រជែងភាពយន្តខ្លី ។

    ក្នុងការប្រកាសនោះមានភាពយន្តខ្លីចំនួនប្រាំបានទទួលពានរង្វាន់ក្នុងនោះមានដូចជារឿង អ្នកណាជួយខ្ញុំ ទទួលបានរង្វាន់លើកទឹកចិត្ត 60 ម៉ឺនរៀល វីដេអូស្តីពីការចូលរួមចំណែករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងវិស័យការងារកម្ពុជា ទទួលបានពានរង្វាន់លើកទឹកចិត្ត 60ម៉ឺនរៀល រឿងខឹងខុសខឹងខាត ជយលាភីលេខ3 ទទួលបាន 2លានរៀល សំឡេងវិទ្យុជ័យលាភីលេខ2 ទទួលបាន 2លាន80ម៉ឺនរៀល និងរឿងបន្ទប់ជួល ជយលាភីលេខ1 ទទួលបាន 4លានរៀល។

    សូមបញ្ជាក់ថា នេះគឺជារដូវកាលទី2ហើយរបស់ មូលនិធីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលមានបំណងលើកកំពស់ការយល់ដឹងដល់សាធារណជន ចំពោះយន្តការដោះស្រាយវិវាទប្រកបដោយសន្តិវិធី ដើម្បីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ ហើយការប្រកួតប្រជែងនេះ ក៏មានការសហការណ៍ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទីភ្នាក់ងារការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) និងភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិនៃប្រេសស៊ុយអ៊ែត(SIDA) ក្រុមហ៊ុន GAP Inc. និងមូលនិធិ Levi Strauss ៕

  • «កូនអើយម្ដាយខ្មោច» លាន់មាត់ថា ល្អមើលខ្លាំង និងកំពុងកើបលុយពីការលក់សំបុត្រ

    «កូនអើយម្ដាយខ្មោច» លាន់មាត់ថា ល្អមើលខ្លាំង និងកំពុងកើបលុយពីការលក់សំបុត្រ

    ខណៈបានទស្សនាភាពយន្ដខ្នាតធំរឿង«កូនអើយម្ដាយខ្មោច» មហាជនជាច្រើនលាន់មាត់ថា រឿងនេះហាក់បីដូចជាភាយន្ដល្អរបស់ផលិតកម្ម ខេមប្រូ កាលពីមុន ដែលមានដូចជា រឿង «ផ្ទះខ្មោចទិញ» រឿង « ព្រាយកណ្ទោងខៀវ» និងរឿង«ខ្មោចដើមចេកជ្វា» ជាដើម ។ មិនតែប៉ុណ្ណោះ «កូនអើយម្ដាយខ្មោច» ត្រូវបានគេអះអាងថា កំពុងកើបលុយតាមរោងតាំងពីបើកលក់សំបុត្រ។

    លោក ហេង តុលា ផលិតករជើងចាស់ធ្លាប់បានធ្វើពិភពសិល្បៈទទួលស្គាល់ពីស្នាដៃរាប់មិនអស់រួចមកហើយនៅក្នុងផលិតកម្ម ខេមប្រូ ខណៈដែលលោកចូលប្រឡូកខ្លាំងក្នុងការផលិតកុនដាក់រោងភាពយន្ដធំៗ។ ស្នាដៃថ្មីរបស់លោកមួយនេះ បានធ្វើឱ្យគេនឹកដល់ស្នាដៃចាស់ៗរបស់លោក ហេង តុលា ឡើងវិញ ខណៈដែលក្រោយដឹងថា លោកគឺជាអ្នកផលិតរឿង«ផ្ទះខ្មោចទិញ» និងរឿង«ខ្មោចដើមចេកជ្វា» គឺរឹតតែធ្វើឱ្យភាពយន្តរឿង«កូនអើយម្ដាយខ្មោច»ទទួលបានការគាំទ្រ។

    សូមជម្រាបថា នៅមិនដឹងថា ភាពយន្តមួយនេះ ទទួលបានផលចំណេញ ឬយ៉ាងណានោះទេ ដោយសារតែលោក ហេង តុលា ថាបានចំណាយខ្ពស់ និងថាការត្រលប់មកផលិតរឿងមួយនេះ គឺចង់ឱ្យមហាជននឹកឃើញស្នាដៃចាស់ៗរបស់លោកជាថ្មី ច្រើនជាងចង់បានផលចំណេញ។ ហើយតារាសម្ដែងក្នុងភាពយន្តនេះ ក៏ញញឹមបិទមាត់មិនជិតនោះទេ ជាពិសេសនោះគឹកញ្ញា រូហ្សា ដែលមិនធ្លាប់សម្ដែងសោះ តែបែមកបានដើរតួឯក និងក្លាយជាតារាសម្ដែងមានក្រេឌីតតែម្ដង ដោយសារតែភាពយន្តនេះកំពុងផ្ទុះនាពេលនេះ៕

  • ធ្លាយដំណឹង តារាកំប្លែង នាយ តាក់ស៊ី មានជំងឺធ្ងន់ និងបានទៅបួសនៅភ្នំគូលេន

    ធ្លាយដំណឹង តារាកំប្លែង នាយ តាក់ស៊ី មានជំងឺធ្ងន់ និងបានទៅបួសនៅភ្នំគូលេន

    តារាកំប្លែង ប្រចាំស្ថានីយទូរទស្សន៍ CTN នាយ តាក់ស៊ី បានធ្វើឱ្យទស្សនិកជន មានការងឿងឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីបានឃើញ នាយ តាក់ស៊ី មានរាងស្គមស្គាំង ដូចជាគ្មានកម្លាំងក្នុងខ្លួនសោះ។

    នៅលើបណ្ដាញសង្គមហ្វេសប៊ុក គេមើលឃើញ នាយ តាក់ស៊ី មានជំងឺប្រចាំកាយលើសជាតិស្ករខ្លាំង បណ្ដាលឱ្យស្រកគីឡូជាច្រើន ទើបបានជាស្គមបែបនេះ។ លោកក៏បានសរសេរសារមួយឃ្លា តបទៅកាន់អ្នកគាំទ្រថា « បាទប្អូនគឺជាតិស្ករឡើងខ្លាំងពេកបានជាបងស្រកសាច់ ហើយមួយទៀតបងកោសក់ គឺបងទៅបួសនៅភ្នំគូលេនដើម្បីសងគុណឪពុកម្តាយ គឺបងអត់មានរឿងអីទេប្អូនសូមអគុណ» ។

    គួរបញ្ជាក់ដែរថា ឥឡូវនេះនាយ តាក់ស៊ី ក៏កំពុងតែពិនិត្យនឹងព្យាបាលជំងឺលើសជាតិស្ករ តែលោកនូវតែមិនចោលអាជីពសិល្បៈកំប្លែងរបស់លោកនោះទេ ព្រោះលោកចង់ឱ្យទស្សនិកជនមានភាពសប្បាយរីករាយនៅពេលដែលលោកឡើងសម្ដែងម្តងៗ ។ មិនត្រឹមតែប៉ុណ្ណឹងនោះទេតារាកំប្លែង នាយ តាក់ស៊ី ក៏សូមអរគុណដល់ទស្សនិកជននិង អ្នកគាំទ្ររូបលោក ដែលបានបារម្ភពីសុខភាពរបស់លោក គាត់គ្មានតបស្នងទៅទស្សនិកជនវិញទេ ក្រៅពីចំណងដៃទស្សនីយភាព និងម្រាមដៃដប់សំពះអរគុណទៅកាន់ទស្សនិកជនប៉ុណ្ណោះ ៕