Author: អេបិល

  • ក្រុមហ៊ុន CBL កសាងក្លោងទ្វារថ្មី និងរបងថ្មីជូនសាលាបឋមសិក្សាចុងព្រែក

    ក្រុមហ៊ុន CBL កសាងក្លោងទ្វារថ្មី និងរបងថ្មីជូនសាលាបឋមសិក្សាចុងព្រែក

    ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលមានផលិតស្រាបៀរដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បានរៀបចំពិធីសម្ពោធក្លោងទ្វារ និងរបងថ្មីជូនសាលាបឋមសិក្សាចុងព្រែក ដែលមានទីតាំងស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក នេត សារ៉ែន ចៅសង្កាត់ព្រែកឯង លោក ហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាសនៃក្រុមហ៊ុន CBL លោក រាម ភឿន នាយកសាលាបឋមសិក្សាចុងព្រែក ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុន CBL ឳពុកម្តាយអាណាព្យាបាល លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាចុងព្រែក ចំនួន ៣១៩នាក់ ។

    ក្នុងឱកាសនោះ លោក រាម ភឿន នាយកសាលាបឋមសិក្សាចុងព្រែក បានលើកឡើងថា កន្លងមកសាលារៀនបានជួបប្រទះផលលំបាកមួយចំនួន ដូចជា ក្លោងទ្វារនេះមានសភាពទ្រុឌទ្រោមគួរឲ្យព្រួយបារម្ភ និង របងមានកំពស់ទាបងាយស្រួលឲ្យអ្នកដទៃផ្លោះរបងចូលបរិវេណសាលា ធ្វើឲ្យពិបាកក្នុងការគ្រប់គ្រងសំភារៈផ្សេងៗក្នុងសាលា និងថ្នាក់រៀន។ លោកនាយកសាលាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន CBL ព្រមទាំងបុគ្គលិកទាំងអស់ ដែលបានចំណាយថវិកា រួមទាំងកម្លាំងកាយចិត្ត ជួយកសាងក្លោងទ្វារថ្មី និងរបងថ្មីប្រវែង៦៧ម៉ែត្រ ជូនសាលាបឋមសិក្សាចុងព្រែក ហើយលោកក៏ប្តេជ្ញាចិត្តនឹងការពារថែរក្សា សមិទ្ធផលទាំងនេះឲ្យបានគង់វង់ ដើម្បីបានជាប្រយោជន៍បន្តដល់ក្មេងៗជំនាន់ក្រោយទៀត។ ជាមួយគ្នានោះដែរ លោក ហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាសនៃក្រុមហ៊ុន CBL បានមានប្រសាសន៍ថា នេះជាសាលារៀនទី៣ ដែលក្រុមហ៊ុន CBL និងបុគ្គលិក បានជួយកែលំអរសោភ័ណ្ឌ និងសុវត្ថិភាពឲ្យកាន់ប្រសើរ ក្នុងគោលបំណងដើម្បីជួយសម្រួលដោះស្រាយផលពិបាក នានារបស់សិស្សានុសិស្ស និងជម្រុញទឹកចិត្តពួកគាត់ឲ្យផ្តោតលើការសិក្សារបស់ខ្លួន។ លោកបន្ថែមទៀតថា សិស្សានុសិស្សក្នុងពេលបច្ចុប្បន្ន នឹងក្លាយជាអ្នកដឹកនាំនាពេលអនាគត ដូច្នេះការអប់រំល្អនឹងបណ្តុះបណ្តាលបានធនធានមនុស្សដ៏ល្អ ហើយធនធានមនុស្សដ៏ល្អ នឹងជួញអភិវឌ្ឍសហគមន៍របស់យើងឲ្យកាន់តែរីកចំរើន។ លោកក៏សង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន និងបុគ្គលិក នឹងជួយបង្កើនសោភ័ណ្ឌភាពដល់សាលារៀន ក៏ដូចជា ផ្តល់នូវភាពកក់ក្តៅ និងអារម្មណ៍សុវត្ថិភាពបន្ថែមទៀតដល់ឳពុកម្តាយអាណាព្យាបាល លោកគ្រូអ្នកគ្រូ ជាពិសេសសិស្សានុសិស្សទាំងអស់ ហើយសង្ឃឹមប្អូនៗនឹងខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ និងជួញអភិវឌ្ឍសហគមន៍ឲ្យកាន់តែប្រសើរឡើងនាពេលអនាគត។

    គួររំលឹកផងដែរថា នេះគឺជាគម្រោងកែលម្អសាលារៀនទី3 របស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បន្ទាប់ពីបញ្ចប់គម្រោងកែលម្អ និងជួសជុល សាលាវិទ្យាល័យព្រែកឯង និងសាលាបឋមសិក្សារបោះអង្កាញ់។ ក្រុមហ៊ុន CBL ដែលជាក្រុមហ៊ុនផលិតស្រាបៀរគុណភាពលំដាប់ពិភពលោកដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout តែងតែចូលរួមរាល់សកម្មភាពនានាក្នុងការអភិវឌ្ឍសហគមន៍ និងផ្ដោតការយកចិត្ដទុកដាក់ជាពិសេសលើការប្រព្រឹត្ដខ្លួនជាសហគ្រាសមួយដែលមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ៕

  • វីឡាថ្មីនាយ ចឺម សង់ជិតរួចរាល់បាន75% ទៅហើយ

    វីឡាថ្មីនាយ ចឺម សង់ជិតរួចរាល់បាន75% ទៅហើយ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីនេះ នាយ ចឺម អតីតអ្នកកំប្លែងក្រុមនាយ ពែកមី និងជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ បានបង្ហោះរូបជាច្រើនសន្លឹកនៅលើគណនីផ្ទាល់ខ្លួន ដែលស្ដែងឱ្យដឹងថា វីឡាថ្មី ដែលមានទីតាំងស្ថិតនៅឃុំមហាឫស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គ្រោងចំណាយទឹកប្រាក់បុកគ្រិះអស់ជាង 14 ម៉ឺនដុល្លារសហរដ្ឋអាមេរិក របស់នាយ ចឹម នោះ មានសភាពជិតរួចរាល់ហើយ ។

    ថ្វីបើនៅមានវ័យក្មេងខ្ចីក៏ពិតមែន ប៉ុន្តែតារាចម្រៀងនាយ ចឺម ដែលជាអតីតតារាកំប្លែង ទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ហើយសម្រាប់ការគាំទ្រដ៏លើសលប់នេះ បានធ្វើឱ្យនាយ ចឺម គេចចេញពីភាពក្រ រហូតក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម ជួយទំនុកបម្រុងក្រុមគ្រួសារសព្វបែបយ៉ាង ប៉ុន្តែអ្វីដែលនឹងស្មានមិនដល់ក្នុងឆាកជីវិតរបស់នាយនោះ គឺថ្មីៗនេះលោកយាយជាទីស្រឡាញ់របស់នាយ បានទទួលមរណៈភាពទៅហើយ ។

    នាយ ចឺម បានសរសេរសារនៅលើហ្វេសប៊ុកថា «ចៅមកមិនទាន់ដង្ហើមយាយ សូមអោយវិញ្ញាខ័ណ្ឌលោកយ៉ាយទៅកាន់សុខគតិភព ចៅស្រលាញ់លោកយ៉ាយ ចៅកំពុងតែប្រឹងរកលុយដើម្បីសង់ផ្ទះអោយធំនឹងបានយកលោកយ៉ាយទៅនៅជាមួយ ឪពុកម្តាយចៅ ឥឡូវចៅសង់ផ្ទះបាន75%ហើយ លោកយាយទៅចោលចៅបាត់ លោកយាយអត់ចាំនៅផ្ទះថ្មីជាមួយចៅទេ» ៕

  • ភ័យប្រហោងពោះ !! រឿង អាងនរក ( The Pool ) ធ្វើឱ្យទស្សនិកជនទប់ស្មារតីមិនជាប់

    ភ័យប្រហោងពោះ !! រឿង អាងនរក ( The Pool ) ធ្វើឱ្យទស្សនិកជនទប់ស្មារតីមិនជាប់

    ជាប់នៅក្នុងអាងទឹកហួតហែងមួយដែលមានជម្រៅ6ម៉ែត្រ គ្មានទឹក គ្មានជណ្តើរនិងគ្មានច្រកចេញរួច គូស្នេហ៍មួយគូត្រូវតស៊ូដើម្បីរួចផុតពីស្ថានភាពអាក្រក់នេះ។ គ្រប់យ៉ាងអាចនឹងងាយស្រួលជាងនេះ ប្រសិនបើសត្វដ៏កំណាចមួយមិនបានចៃដន្យធ្លាក់ចូលក្នុងអាងនេះដែរ។

    ភាពយន្ដខ្នាតធំរយៈពេលប្រម៉ាណ 91 នាទីនោះ បានបង្ហាញពីហេតុការណ៍ស្លន់ស្លោរលស់ព្រលឹង ខណៈដែលកំពុងជាប់នៅក្នុងអាងទឹកនរកគ្មានច្រកចេញ។ ទឹកមុខសម្ដែងរបស់លោក ខេន ធីរៈដេត ធ្វើឱ្យអ្នកទស្សនាអាណិតរហូតដល់ស្រក់ទឹកភ្នែក និងភ័យបុកពោះជំនួស។ គ្រប់សកម្មភាពសង្គ្រោះជីវិតខ្លួនឯងឱ្យរួចផុតពីអាងទឹក មានឧបសគ្គមួយរយជំពូក ស្រៀវប្រហោងពោះម្ដងៗ ខណៈដែលឡើងទៅខ្ពស់យ៉ាងភ្លត់ស្នៀត និងប្រថុយគ្រោះថ្នាក់ ។ ចំណងបញ្ហាកាន់តែតានដោះស្រាយមិនចេញ លុះចុងក្រោយមានតែការលះបង់ជីវិតរបស់សត្វចិញ្ចឹមខ្លួនឯង ដែលវាមានក្ដីស្រឡាញ់និងភក្ដីភាពចំពោះម្ចាស់ខ្លួន។

    ចង់ដឹងថា គូស្នេហ៍មួយគូនេះរួចជិវិតចេញពីអាងទឹកនរក 6 ម៉ែត្របានដោយវិធីណានោះ សូមកុំភ្លេចទស្សនាទាំងអស់គ្នា៕

    https://youtu.be/1pRniNriUTI

  • ខេមរៈ សិរីមន្ដ បង្ហាញក្ដីស្រឡាញ់ចំពោះអ្នកគាំទ្រ ដល់ថ្នាក់ហ្វេនៗសរសើរពីអត្តចរិតរួសរាយ

    ខេមរៈ សិរីមន្ដ បង្ហាញក្ដីស្រឡាញ់ចំពោះអ្នកគាំទ្រ ដល់ថ្នាក់ហ្វេនៗសរសើរពីអត្តចរិតរួសរាយ

    គេកត់សម្គាល់ឃើញថា អំឡុងពេលចុងក្រោយនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ដ បានទម្លាយរឿងរ៉ាវជាច្រើនដែលពាក់ព័ន្ធជាមួយក្រុមគ្រួសារ និងស្ថានភាពរបស់ប្អូនស្រីលោក គឺកញ្ញា ខេមរៈ ស្រីពៅ ឱ្យមហាជនបានជ្រាបផងដែរ។ ទន្ទឹងនឹងនោះ អ្នកគាំទ្រលោកជាច្រើនបានសម្ដែងក្ដីចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះជីវិតឯជនភាពរបស់លោក និងបានសម្ដែងក្ដីស្រឡាញ់ ព្រួបារម្ភ សួរសុខទុក្ខ ទៅកាន់លោកទៀតផង។

    ដោយឡែក បច្ចុប្បន្ននេះតារាប្រុសរូបស្រស់សង្ហារូបនេះ មានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ និងបានលេចមុខនៅក្នុងតន្ត្រីតូចធំជាច្រើន ។ មិនត្រឹមតែប៉ុណ្ណោះ បើក្រឡេកទៅមើលអ្នកគាំទ្ររបស់លោកវិញ ក៏កាន់តែច្រើនឡើងមិនថានៅក្នុង និងរស់នៅក្រៅប្រទេសនោះទេ។ ជាក់ស្តែង រាល់ពេលដែលលោកឡើងច្រៀងម្តងៗ តែងតែមានអ្នកគាំទ្រស្រែកច្រៀងតាមសឹងតែគ្រប់បទ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកគាំទ្ររបស់លោកបានបង្ហោះវីដេអូមួយ ដែលបានបង្ហាញពីសកម្មភាព និងអត្តចរិតដ៏រួសរាយរបស់លោក នៅពេលដែលជួបហ្វេនម្តងៗ។

    ដោយក្នុងនោះលោកបាន អោប និងបញ្ចេញនូវស្នាមញញឹមជាមួយនឹងកាយវិការសំពះ ទៅកាន់មនុស្សគ្រប់គ្នា ធ្វើឱ្យពួកគេកាន់តែរំភើបចិត្ត នៅពេលដែលឃើញលោក បង្ហាញភាពរាក់ទាក់ទៅកាន់អ្នកគាំទ្របែបនេះ ទោះបីទើបតែមកពីច្រៀងហត់យ៉ាងណាក្តី៕

  • លោក ម៉ា ដូណា ចេញមុខបកស្រាយពីបញ្ហាបែកបាក់ទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍

    លោក ម៉ា ដូណា ចេញមុខបកស្រាយពីបញ្ហាបែកបាក់ទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍

    កាលពីពេលថ្មីនេះ លោកណុប ហេងទ្រី ដែលជាសង្សាររបស់លោកម៉ា ដូណា បានបង្ហោះសារបែកគ្នាទៅវិញហើយ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម និងពិភពសិល្បៈ។ គូស្នេហ៍លោក ម៉ាដូណា កន្លងមកធ្លាប់តែសម្ញែងភាពស្អិតរមួតជាងស្ករតាំងម៉ែ រហូតដល់មហាជនជាច្រើនសរសើរលោកថា ជាគូស្នេហ៍នេះពិតជាផ្អែមល្ហែមបំផុតនៅក្នុងពិភពសិល្បៈ ហើយទោះបីជាពួកគេជាប្រុសនឹងប្រុសក៏ដោយ។

    គួរបញ្ជាក់ផងដែរថា ភាពផ្អែមល្ហែមនេះក៏បានបញ្ចប់ទៅវិញ ដោយលោកហេងទ្រី បានប្រកាសនៅក្នុងវីដេអូទាំងទឹកភ្នែករហេមរហាមអណ្ដកអណ្ដឺតថា លោក ម៉ា ដូណា មានអ្នកទាំងបី។ បន្ទាប់ពីបានទស្សនាវីដេអូ និងព័ត៌មានមួយចំនួនចេញផ្សាយពីការបែកបាក់ទំនាក់ទំនងស្នេហាខ្លួនហើយនោះ នៅគណនីហ្វេសប៊ុករបស់លោកម៉ាដូណា បាននិយាយរៀបរាប់ទាំងទឹកភ្នែកថា “ពាក្យថាបែក នរណាដែលថាមិនឈឺចាប់ ព្រោះអ្វីៗវាកើតឡើងភ្លាមៗវាពិបាកធ្វើចិត្តណាស់ ខ្ញុំមិនចង់បង្ហាញវីដេអូមួយនេះទេ តែដោយសារការចោទរបស់អ្នកថា ខ្ញុំមានថ្មីបោះបង់អ្នក ចោទខ្ញុំពិតជាមិនអាចទទួលពាក្យនេះបានឡើយ តែពេលនេះខ្ញុំត្រូវតែបកស្រាយ ដើម្បីការពារកេរ្ត៍ឈ្មោះខ្ញុំព្រោះមានសារព័ត៌មាន នឹងមិត្តភ័ក្តក៏ដូច friend ក្នុងFacebook ជាច្រើនតែងតែចោទសួរខ្ញុំថា តើបងមានអ្នកទីបីបោះបង់ហេងមែនអត់ »។

    តារាសម្ដែងបែបកំប្លែងរូបនេះ បានឆ្លើយបន្ដថា « សម្រាប់ខ្ញុំឆ្លើយថាអត់ ព្រោះខ្ញុំស្រលាញ់គាត់ខ្លាំងណាស់ខ្ញុំមិនអាចចោរគាត់ទេ ទោះខ្ញុំមិនបានឃើញការបង្ហោះរបស់គាត់ ដោយសារខ្ញុំបាន block Facebook គាត់តែខ្ញុំត្រូវការពារខ្លួននឹងកេរ្ត៍ឈ្មោះចំពោះការចោទនេះ ណាមួយមិនចង់ឱ្យពុកម៉ែបងប្អូនមានការយល់ច្រឡំថាខ្ញុំបោះបង់គាត់ទៅមានអ្នកថ្មីឡើយ សង្ឃឹមថាអ្នកនឹងយល់នឹងឈប់បង្ហោះទៀតទៅព្រោះខ្ញុំឈឺចាប់ណាស់ ដោយក្តីករុណា សូមកុំខ្ពើមសំរាប់បុរសស្រលាញ់ភេទដូចគ្នា ជួយបើកចិត្តឱ្យទូលាយក្នុងសង្គមដល់តូចមួយនេះផង។ ជួយshares អោយគាត់បានឃើញវិឌេអូនេះផង»៕

  • លោក ដួង វីរៈសិទ្ធ ប្រកាសស្វែងរក លោក ឆៃ ឆាយា ម្ចាស់បទ«មួយរាត្រីនឹកតែអូន »

    លោក ដួង វីរៈសិទ្ធ ប្រកាសស្វែងរក លោក ឆៃ ឆាយា ម្ចាស់បទ«មួយរាត្រីនឹកតែអូន »

    ពិតជាមិនធម្មតាឡើយ លោក ដួង វីរៈសិទ្ធ តែងទទួលបានប្រជាប្រិយភាពដោយការជ្រើសរើសយកបទចម្រៀងចាស់ៗមកសម្រួលតន្ត្រីច្រៀងឡើងវិញដោយភ្ជាប់នូវការរក្សានូវទំនុកច្រៀងរបស់រៀមច្បងម្ចាស់ដើម ហើយកត់សម្គាល់ឃើញថា បទនីមួយៗយកទៅ Cover ឡើងវិញនោះ ភាគច្រើនត្រូវចិត្តត្រូវថ្លើមអ្នកគាំទ្រគ្រប់វ័យតែម្ដង មិនថាចាស់ឬក្មេងទេ ជក់ចិត្តស្ដាប់ចម្រៀងដ៏ផ្អែមស្រទន់របស់លោកជានិច្ច។

    ជាក់ស្ដែងថ្មីៗ ម្ចាស់ពានកំពូលតារាចម្រៀងកម្ពុជា I am a Singer Cambodia រូបនេះ បានបញ្ចេញបទចម្រៀង Cover ថ្មីសន្លាង ជាបទរបស់លោក ឆៃ ឆាយា មានចំណងជើងថា « មួយរាត្រីនឹកតែអូន »។ តាមរយៈការបង្ហោះភ្ជាប់ ជាមួយរូបភាព និងឃ្លីវីដេអូ Cover នៃបទនេះ លោក វីរៈសិទ្ធ ក៏បានបញ្ចេញសារប្រកាសស្វែងរក និងចង់ជួបម្ចាស់សំនៀងដើម លោក ឆៃ ឆាយា ផងដែរថា «មកវិញហើយម្តងទៀត…បទចម្រៀងនេះខ្ញុំបកស្រាយឡើងវិញ ព្រោះតែស្រឡាញ់ស្នាដៃរបស់គាត់ ហើយខ្ញុំពិតជាចង់ដឹងណាស់ថាម្ចាស់ស្នាដៃនៅទីណាពេលនេះគាត់យ៉ាងហើយ… ខ្ញុំចង់ជួបចង់ឃើញគាត់បើបងប្អូនស្គាល់រឺដឹងដំណឹងគាត់សូមជួយប្រាប់ខ្ញុំផងសូមអរគុណ….my idol ឆៃ ឆាយា…..»។

    សូមបញ្ជាក់ថា តារាចម្រៀងប្រុសលោក ឆៃ ឆាយា គឺឈ្មោះពិត ប៉ា សុទ្ធី ជាតារាចម្រៀងជើងចាស់ ប៉ុន្តែបច្ចុប្បន្នពុំមាននណាម្នាក់ដឹងទេថា តារាជើងចាស់រូបនេះសព្វថ្ងៃ កំពុងស្នាក់នៅស្រុកខ្មែរ ឬក្រៅប្រទេសនៅឡើយទេ៕

  • រឿង « ខ្យល់ខែកុម្ភៈ »ដឹកនាំដោយយុវផលិតករវ័យក្មេង មុនី កណ្ណដារង្គ ឈ្នះពានរង្វាន់ជយលាភីមហោស្រពភាពយន្ដខ្លីចតុមុខ 2018

    រឿង « ខ្យល់ខែកុម្ភៈ »ដឹកនាំដោយយុវផលិតករវ័យក្មេង មុនី កណ្ណដារង្គ ឈ្នះពានរង្វាន់ជយលាភីមហោស្រពភាពយន្ដខ្លីចតុមុខ 2018

    ក្នុងពិធីបិទមហោស្រពភាពយន្ដខ្លីចតុមុខ នៅថ្ងៃទី 30 ខែតុលា ឆ្នាំ 2018 នេះ បានរកឃើញម្ចាស់ជយលាភីរឿងខ្លីដែលល្អឯក និងមានគុណភាពប្រចាំឆ្នាំ 2018 នេះហើយ ដោយមានការសម្រេចចិត្តបោះឆ្នោតពីសំណាក់មហាជនអ្នកទស្សនា និងការវិនិច្ឆ័យយ៉ាងយុត្តិធម៌ពីសំណាក់គណៈកម្មការបីរូបដូចជា លោក លោក ជៀប សុវិជ្ជា ប្រធាន CFC និងជាគណៈកម្មការផ្តល់ពិន្ទុភាពយន្តដែលដាក់ប្រកួតនៅក្នុងមហោស្រពភាពយន្តខ្លីចតុមុខ និង លោក ភិជិត រិទ្ធា ផលិតករឯករាជ្យ ព្រមទាំង កញ្ញា អាត សុធាវី គណៈកម្មការមានបទពិសោធន៏ជាច្រើនឆ្នាំក្នុងវិស័យភាពយន្ត។

    ភាពយន្តខ្លីទាំង 6 ចំណងជើងជាជម្រើសភាពយន្តប្រចាំឆ្នាំ 2018 ដែលទទួលបានការគាំទ្រលើសគេ ជាពិសេសគឺភាពយន្តផលិតដោយយុវវ័យជំនាន់ថ្មីមានអាយុមិនលើស 30ឆ្នាំ​ឡើយ ហើយក៏ជាផលិតករវ័យក្មេងកំពុងជំរុញឱ្យវិស័យភាពយន្តខ្មែរមានសន្ទុះទៅមុខ។ យ៉ាងណាមិញ ខណៈប្រកាសលទ្ធផលនារាត្រីថ្ងៃម្សិលមិញនេះ មហាជនជាច្រើនមានសភាពបុកពោះ ញាប់ញ័រដៃជើង និងរន្ធត់នៅក្នុងអារម្មណ៍ជាខ្លាំង ទាំងក៏សប្បាយរីករាយបំផុត ខណៈដែលពិធីករទាំងពីររូបបានប្រកាសថា រឿង « ខ្យល់ខែកុម្ភៈ » ជាម្ចាស់ពានរង្វាន់ជយលាភីសម្រាប់មហោស្រពភាពយន្ដខ្លីលើកទី 7 នេះ។

    យុវផលិតករ មុនី កណ្ណដារង្គ ជាអ្នកដឹកនាំរឿង « ខ្យល់ខែកុម្ភៈ » បានថ្លែងប្រាប់ថា លោកពិតជាមានក្ដីរំភើបក្រៃលែង ដែលភាពយន្ដខ្លីរបស់លោកបានជាប់ជាជយលាភីនៅក្នុងរាត្រីនេះ ហើយក៏នឹកស្មានមិនដល់ថា មានការគាំទ្រយ៉ាងពេញទំហឹងបែបនេះសោះ។ អ្នកដឹកនាំវ័យ 28 ឆ្នាំរូបនេះ ក៏បានលើកឡើងដែរថា ការដែលលោកសម្រេចចិត្តយករឿងខ្លីរបស់លោកមកដាក់ប្រកួតនៅក្នុងមហោសព្រភាពយន្ដខ្លីចតុមុខនេះ គឺលោកមានគោលបំណងចង់ឱ្យរឿងលោកបានបញ្ចាំងនៅលើផ្ទាំងសំពត់សគ្រប់រោងកុន ដែលជាទូទៅមានតែរឿងកុនធំៗប៉ុណ្ណោះ ទើបបានបញ្ចាំងនៅលើផ្ទាំងសំពត់សបែបនេះ ។

    លោកបន្ដបញ្ជាក់ដែរថា មហោស្រពភាពយន្ដខ្លីចតុមុខ ពិតជាបានសាងឱកាសឱ្យកូនខ្មែរជំនាន់ក្រោយ មានឱកាសក្លាយជាផលិតករវ័យក្មេង និងជំរុញឱ្យវិស័យភាពយន្ដខ្មែរកាន់តែមានគុណភាព និងរីកចម្រើនបន្ដទៅមុខ។ លោកពិតជាអរគុណចំពោះការគាំទ្រពីសំណាក់មហាជនទាំងអស់ និងគណៈកម្មការកិត្តិយសទាំងបី ដែលមានធ្វើឱ្យលោកបានសម្រេចក្ដីបំណងដ៏វិសេសវិសាលមួយនេះ៕

  • តារាចម្រៀងទ្រនំសាន់ដេ ជ័យ សុវ៉ាត បង្ហាញស្នាដៃបទថ្មីបញ្ចូលទស្សនីយភាពល្ខោនខោលខ្មែរ

    តារាចម្រៀងទ្រនំសាន់ដេ ជ័យ សុវ៉ាត បង្ហាញស្នាដៃបទថ្មីបញ្ចូលទស្សនីយភាពល្ខោនខោលខ្មែរ

    នេះចាត់ទុកថាមានរាសីឡើងខ្ពស់ត្រដែត ទើបលោក ជ័យ សុវ៉ាត ទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងបទ«តួចិត្តអាក្រក់»ក្រោយការបង្ហោះភ្លាមតារាចម្រៀងរបស់ផលិតកម្មសាន់ដេរូបនេះ ទទួលបានការកោតសរសើពីសំណាក់មហាជនជាច្រើននាក់ ជាពិសេសត្រង់ចំនុចរួមបញ្ចូលល្ខោនខោលខ្មែរតែម្ដង។

    បទចម្រៀងថ្មីរបស់លោកត្រូវបានគេសរសើរមិនដាច់ពីមាត់ថា ជាបទនិពន្ធថ្មីដែលមានពីរោះទាំងសាច់ភ្លេង អត្ថន័យ ដោយចម្រៀងមួយបទនេះ ក៏ត្រូវនឹងសំឡេងរបស់លោក ហើយអ្វីដែលពិសេសគឺសាច់រឿងMV ជាការដកស្រង់ចេញពីវគ្គមួយក្នុងល្ខោនខោលរឿងរាមកេរ្តិ៍ ដែលតម្រូវឱ្យលោកហ្វឹកហាត់ខ្លួនឯងក្នុងការសម្ដែង។ ម្នាក់ៗបានហៅបទ«តួចិត្តអាក្រក់»របស់លោកថា ជាបទចាក់ដោតអារម្មណ៍អ្នកស្ដាប់ភាគច្រើន ជាពិសេសគឺការផលិតសាច់រឿងដោយបំផុសគំនិតស្រឡាញ់វប្បធម៌ខ្មែរ ដែលគ្រាន់តែឃើញសាច់រឿងភ្លាម ក៏ចង់ទស្សនា និងស្ដាប់បទចម្រៀងមួយនេះភ្លែតតែហ្មង។

    អ្នកលេងបណ្ដាញសង្គមបាននាំគ្នាធ្វើការស៊ែរបន្ដ រហូតត្រូវគេឃើញបង្ហោះពាក្យថា ពីរោះណាស់! មានន័យណាស់! អមដោយការសរសើរថា លោក ជ័យ សុវ៉ាត គឺជាអាយដល ក្នុងចិត្តរបស់គេ ដែលកាន់តេធ្វើឱ្យបទចម្រៀងមួយនេះ ទទួលបានការចាប់អារម្មណ៍ខ្ពស់បន្ថែមទៀត។ នៅមិនទាន់ដឹងថា ម្ចាស់បទចម្រៀង គឺលោក ជ័យ សុវ៉ាត នឹងមានមោទកភាពចំពោះស្នាដៃមួយនេះយ៉ាងណានោះទេ ប៉ុន្តែគេជឿជាក់ថា លោកពិតជារំភើបចិត្តដែលបទ «តួចិត្តអាក្រក់»ដែលលោកសម្រិតសម្រាំងជាមួយសាន់ដេ ក្លាយជាបទដែលមានការចាប់អារម្មណ៍ភ្លាមៗនៅក្នុងបណ្ដាញហ្វេសប៊ុក និងយូធូបនាពេលនេះ៕

  • តារាចម្រៀងស្រី វ៉ាន់ នីឡា អំពាវនាវដល់សាលាឧទ្ធរណ៍ជួយបន្ដផ្ដល់យុត្តិធម៌ដល់នាង

    តារាចម្រៀងស្រី វ៉ាន់ នីឡា អំពាវនាវដល់សាលាឧទ្ធរណ៍ជួយបន្ដផ្ដល់យុត្តិធម៌ដល់នាង

    គេនៅចាំបានថា មុននឹងទទួលបាននូវពន្លឺយុត្តិធម៌ សម្រាប់តារាចម្រៀង វ៉ាន់ នីឡា កន្លងមកអតីតសង្សាររបស់នាង គឺលោក គុយ សិទ្ធិសក្តិ ដែលកំពុងតែស្ថិតនៅក្រៅសំណាញ់ច្បាប់ បើទោះបីជាទទួលបានការដាស់ទោស ទៅហើយក៏ដោយ និងធ្លាប់បានផ្ញើរសារគំរាមកំហែង ប្រើពាក្យសំដីអសុរោះ មើលងាយលើរូបនាងជាខ្លាំង អាងអំណាចជាកូនមន្រ្តីធំ ធ្វើឱ្យនាងគិតថា ហាក់បីដូចជាអស់សង្ឃឹម នៅក្នុងរឿងនេះម្ដងម្កាលផងដែរ។

    សំណុំរឿងតារាចម្រៀងវ័យក្មេងរូបសម្រស់ស្រស់ប្រិមប្រិយ កញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា នឹងត្រូវសាលាឧទ្ធរណ៍ប្រកាសសាលដីកា នៅថ្ងៃទី31 ខែតុលា ឆ្នាំ2018 នេះហើយ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស ដែលបានប្រព្រឹត្តិដោយអតីតសង្សារជាមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ កាលពីឆ្នាំ2018។ យ៉ាងណាមិញនាងបាន ប្រាប់អ្នកសារព័ត៌មានថា «ស្អែកនេះ ( ថ្ងៃទី 31 តុលា ) សាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកា លើសំណុំរឿងរបស់នាងខ្ញុំ ហើយនាងខ្ញុំក៏សូមអំពាវនាវ ដល់សាលាឧទ្ធរណ៍ ជួយបន្ដផ្ដល់យុត្តិធម៌ដល់នាងខ្ញុំ ដូចសាលាដំបូងរាជធានីភ្នំពេញដែរ»។

    គួររំឭកផងដែរដា ប៉ុន្មានខែមុនពាក់ព័ន្ធជាមួយនឹងការកាត់សេចក្ដីរបស់តុលាការនេះ វ៉ាន់ នីឡា បានសរសេរនៅក្នុងសង្គមហ្វេសប៊ុក របស់នាងថា «សួស្ដីអ្នកទាំងអស់គ្នា នេះគឺជាដំណឹងល្អ ! តុលាការបានប្រកាសសាលក្រមរួចហើយ នៅសាលាដំបូងរាជធានីភ្នំពេញ។ 1-ផ្តន្ទាទោស គុយសិទ្ធិសក្តិ ចំនួន1ឆ្នាំ, 2-សំណងជំងឺចិត្ត200លានរៀល»។

    វ៉ាន់ នីឡា បានបន្តទៀតថា «នាងខ្ញុំសូមអរគុណបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ អរគុណសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម, ក្រុមគ្រួសារតារាកម្ពុជា លោកមេធាវី នួន បូរ៉ា និងលោកមេធាវី ជា សុខចាន់ ក៏ដូចជាបងប្អូនសិល្បករ ដែលបានផ្តិតមេដៃលើញត្តិចំនួន600នាក់ជាង តាមរយៈលោកជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌ ដើម្បីជំរុញចំណាត់ការ របស់ក្រសួងមហាផ្ទៃ។ នាងខ្ញុំសូមថ្លែងអំណរគុណមែនទែន។ នាងខ្ញុំនឹងផ្តល់ព័ត៌មានកលម្អិត នាពេលបន្តិចទៀតនេះ»៕

  • ធនាគារជាតិនៃកម្ពុជា គាំទ្រការប្រើប្រាស់ប្រាក់យន់របស់ចិនតាមរយៈប្រព័ន្ធធនាគារនៅកម្ពុជា

    ធនាគារជាតិនៃកម្ពុជា គាំទ្រការប្រើប្រាស់ប្រាក់យន់របស់ចិនតាមរយៈប្រព័ន្ធធនាគារនៅកម្ពុជា

    ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងការកើនឡើងនូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរវាងប្រទេសចិន និងកម្ពុជា ធនាគារជាតិនៃកម្ពុជាបានបង្ហាញការគាំទ្ររបស់ខ្លួន ក្នុងការប្រើប្រាស់ប្រាក់យន់តាមរយៈប្រព័ន្ធធនាគារដើម្បី​សម្រួលដល់ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងទេសចរណ៍ជាដើមឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមមន្រ្ដីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញការគាំទ្រនេះក្នុងវេទិកាស្តីពី រូបិ​យ​ប័ណ្ណយន់នៅកម្ពុជា។

    ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានចូលរួមជាអធិបតីបើកវេទិកាស្តីពីរូបិ​យ​ប័ណ្ណយន់នៅកម្ពុជា ដែលរៀបចំឡើងដោយធនាគារចិនសាខាភ្នំពេញបានថ្លែងថា វេទិ​កានេះ មានគោលបំណងបង្ហាញ និងពិភាក្សាអំពីការប្រើប្រាស់ប្រាក់យន់ នៅក្នុងតំបន់អាស៊ាន និងកម្ពុ​ជាព្រមទាំងអត្ថប្រយោជន៍នៃប្រាក់យន់ចំពោះសេដ្ឋកិច្ចខណៈដែល​ទំនងទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនកាន់តែមានការរីកចម្រើនជាលំដាប់។

    ឯកឧត្តមបានគូសបញ្ជាក់ថា កន្លងមកធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យធនាគារប្រទេសចិន2 ធ្វើជាធនាគារផាត់ទាត់ប្រាក់យន់ គឺ​ធនាគារBOC និងធនាគារICBC និងធនាគារពាណិជ្ជនៅកម្ពុជា13ផ្សេងទៀតធ្វើប្រតិបត្តិការជាប្រាក់យន់ ហើយតាមរយៈនេះ វិនិយោ​គិ​ន ពាណិជ្ជករ និងអ្នកទទួលចំណូ​លជាប្រាក់យន់ អាចទូទាត់ ខ្ចី និងដាក់ប្រាក់បញ្ញើជាប្រាក់យន់ ក្នុងប្រព័ន្ធធនាគារដែលអនុញ្ញាត​ឱ្យធនា​គារជាតិនៃកម្ពុជាអាចគ្រប់គ្រងចរាចរណ៍ប្រាក់យន់បានល្អប្រសើរ និងរួមចំណែកជំរុញកំណើនពា​ណិ​ជ្ជកម្ម ការវិនិយោគ និងទេសច​រណ៍ម​ក​ពី​ប្រទេសចិន។

    លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកគាំទ្រចំពោះ​ការដាក់ឱ្យទូទាត់​ប្រាក់យន់របស់ចិននៅក្នុងប្រព័ន្ធធនាគារដោយសារតែជាសញ្ញាល្អសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានៅ​គ្រា​ដែលវិនិយោគិនចិន និងការធ្វើពាណិជ្ជកម្មរបស់ចិន-កម្ពុជា កំពុងរីកចម្រើនយ៉ាងខ្លាំងក្លា។

    ចំណែកលោក ចាន់ សុផល អ្នកវិភាគផ្នែកសេដ្ឋកិច្ចធ្លាប់បានលើកឡើងថា លំហូរចូលប្រាក់យន់នេះជាសញ្ញាវិជ្ជមានក្នុង​ការជំរុញ​សេ​ដ្ឋ​កិច្ចកម្ពុជា។ លោកថា ចំពោះវិស័យសេដ្ឋកិច្ចនៅកម្ពុជា ការទូទាត់ប្រាក់យន់នេះ មិនមានជាបញ្ហាខាតបង់អ្វីឡើយ មានតែចំណេញ​ដល់​សេដ្ឋកិច្ចកម្ពុជា ជួយជំរុញឲឱ្យកាន់តែមានភាពងាយស្រួលក្នុងការដោះដូររូបិយប័ណ្ណក្នុងការប្រកបអាជីវកម្មផ្សេងៗ។

    តាមធនា​គារ​ជា​តិនៃកម្ពុជាបានឱ្យដឹងថា វេទិ​កា​នេះក៏នឹងមានគោលបំណងបង្ហាញ និងពិភា​
    ក្សាអំពីការប្រើប្រាស់ប្រាក់យន់នៅក្នុងតំបន់អាស៊ាន និងកម្ពុ​ជា ព្រមទាំងអត្ថ​ប្រយោជន៍នៃ​ប្រាក់​យន់ចំពោះសេដ្ឋកិច្ចផងដែរ៕