Author: អេបិល

  • រីករាយខួបអនុស្សាវរីយ៍ទី15 នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    រីករាយខួបអនុស្សាវរីយ៍ទី15 នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    ពិតជាមានក្ដីសោមនស្សនិងអបអរសាទរខួប15ឆ្នាំ នៃអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ2003 – 2018 ។

    របាំជាសិល្បៈទីប្រាំក្នុងទម្រង់សិល្បៈទាំងប្រាំពីររបស់ខ្មែរ នៅក្នុងនោះរាជរដ្ឋាភិបាលតែងតែគាំទ្រ និងបានផ្តល់អាទិភាពខ្ពស់លើការងារ សិល្បៈវប្បធម៌ ដោយចាត់ទុកថា វប្បធម៌គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណខ្មែរ ដែលមានតម្លៃមហាសាលពុំអាចកាត់ថ្លៃបាន ព្រមទាំង ជាមូលដ្ឋានគ្រឹះក្នុងការផ្សះផ្សារសង្គម ធ្វើឱ្យប្រជាជនខ្មែរចេះរួមរស់ ជាមួយគ្នាប្រកបដោយភាពសុខដុមរមនាគ្មានការរើសអើង។ តាមរយៈនេះវិស័យវប្បធម៌ជាតិបានរីកសាយទៅគ្រប់តំបន់ និងរីកចម្រើនឡើងជាលំដាប់។

    ក្នុងនាមពលរដ្ឋខ្មែរទាំងអស់ ក៏ចូលរួមនិងបានផ្តោតការយកចិត្តទុកដាក់ ដោយមិនត្រឹមតែលើការថែរក្សា ការពារនិង អភិរក្សឲ្យបានគង់វង្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវរួមគ្នាបន្តលើកតម្កើង និងអភិវឌ្ឍសម្បត្តិវប្បធម៌ទាំងអស់ឱ្យកាន់តែមានជីវិតរស់រវើកថែមទៀត។ សូមចូលរួមថែរក្សាសម្បត្តិវប្បធម៌ជាកេរ្ដិ៍តំណែលដូនតាខ្មែរទាំងអស់គ្នា !! ៕

  • តារាសម្ដែងក្នុងរឿង « អាបកាលីប2018» ចៅខ្មែរ ប្រកាសរៀបការជាគូស្នេហ៍

    តារាសម្ដែងក្នុងរឿង « អាបកាលីប2018» ចៅខ្មែរ ប្រកាសរៀបការជាគូស្នេហ៍

    មានគូស្នេហ៍ស្រឡាញ់ភេទដូចគ្នានៅក្នុងចង្កោមសិល្បៈ បានបង្ហាញមុខមាត់ជាបន្ដបន្ទាប់ដែលធ្វើឱ្យមហាជននឹកស្មានមិនដល់ ហើយខ្លះក៏មានអារម្មណ៍រំភើបជំនួសពួក ខណៈពួកគេបានដឹកដៃគ្នាចូលរោងការ។ ស្របជាមួយគ្នានោះដែរ តារាសម្ដែងប្រុស ដែលមហាជនជាច្រើនស្គាល់ថាជា ចៅខ្មែរ ក៏បានបង្ហើបដំណឹងរៀបការជាមួយគូស្នេហ៍ប្រុស នៅថ្ងៃទី 12 ខែវិច្ឆិកា ខាងមុខនេះដែរ។

    គាត់បានរៀបរាប់ប្រវត្តិស្នេហ៍យ៉ាងកំសត់ដែលធ្លាប់តស៊ូយ៉ាងជូរចត់ជាមួយគូស្នេហ៍ថា៖ «យើងតស៊ូជាមួយគ្មា យូរឆ្នាំហើយ ក្រ លំបាក គ្មានលុយស៊ីបាយ គេមើលងាយ គេគិតអាក្រកក់លើ គេមើលពីចុងសក់ដល់ចុងក្រចកជើង តែទីបំផុតយើងអាចកាន់ដៃគ្នាចូលរោងថ្ងៃ12នេៈហើយ។ ចាំបានថ្ងៃមួយ ថ្ងៃខ្ញុំដេកឈឺនិងកន្ទេល គ្មានលុយសូមកបីតែ100រៀល មានតែគាត់ និង ប្អូនប្រិសម្នាក់ឈ្មោៈលក្ខ័ទេ ដែរនៅក្បែខ្ញុំ» ។ បន្ថែមលើនេះទៀតគាត់បានស្នើសុំថា៖ «បងៗអាចទេ សុំកំលាំងចិត្ត និងពាក្យជូនពរម្នាក់មួយម៉ាត់» ។

    គួរបញ្ជាក់ថា តារាសម្ដែងនៅក្នុងរឿង«អាបកាលីប2018» រូបនេះធ្លាប់ជាបុគ្គលមួយរូបដែលសកម្មក្នុងការធ្វើសកម្មភាពមនុស្សធម៌ក្នុងសង្គម ទន្ទឹមហ្នឹងនេះដែរ លោកក៏ធ្លាប់ឧបត្ថម្ភដល់កុមារី ឃុយ មួយហៀង បេក្ខភាពប្រឡងកម្មវិធី The Voice Kids Cambodia រដូវកាលទី1ផងដែរ ៕

  • កូនខ្មែរម្នាក់យក Rubber Chicken មក Coverបទ «បាត់ដំបងបណ្តូលចិត្ត»

    កូនខ្មែរម្នាក់យក Rubber Chicken មក Coverបទ «បាត់ដំបងបណ្តូលចិត្ត»

    ពិតជាភ្ញាក់ផ្អើលពាសពេញបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈម្ចាស់គណនីមួយដែលមានឈ្មោះថា Tep Suonrotanak បានបង្ហាញទេពកោសល្យលើកយកសំឡេង Rubber Chicken មក Cover ចម្រៀងតាមបទចម្រៀងល្បីៗដាក់ក្នុង YouTube តែម្តងនេះកូនគឺជាបទ «បាត់ដំបងបណ្តូលចិត្ត» ពិតជាយ៉ាងពីរោះ ប្លែកត្រច្រៀកតែម្តង និងមិននឹកស្មានដល់ថាអាចធ្វើបានទាល់តែសោះ។

    គួរបញ្ជាក់ថាការយក Rubber Chicken មក Cover តាមចម្រៀងល្បីៗនេះត្រូវបានផ្ទុះឡើងដោយតារា YouTube ម្នាក់មានឈ្មោះថា Big Marvel ដែលម្ចាស់ Channel រូបនេះមានអ្នក Subscribe រហូតដល់ទៅជាង 5លាននាក់ឯណោះ។

    ចង់ដឹងថា ការយក Rubber Chicken មក Coverបទ «បាត់ដំបងបណ្តូលចិត្ត» ពិរោះរណ្ដំយ៉ាងណាសូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • ផ្ទុះការទទូចទាមទារឱ្យផលិតកម្ម YG Entertainment ដោះលែងតារាស្រី CL

    ផ្ទុះការទទូចទាមទារឱ្យផលិតកម្ម YG Entertainment ដោះលែងតារាស្រី CL

    នៅពេលថ្មីៗនេះឱ្យដឹងថា ក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter និង Instagram ជាពិសេសនៅលើគណនីផ្ទាល់របស់កំពូលតារាចម្រៀងស្រីនាង CL និងផលិតកម្ម YG តែម្តង កំពុងពុះកញ្ច្រោលយ៉ាងខ្លះ ខណះខាងក្រុម GZB ទាមទារឱ្យ YG ដោះលែង CL មិនត្រឹមតែហ្វេនបរទេសទេ សូម្បីទាំង ហ្វេននៅកូរ៉េ ក៏កំពុងបាតុកម្មទាមទារមិនសុខចិត្តនឹងទង្វើ YG ដែលពួកគេនាំគ្នាបង្ហោះថា “#FREECL” ដើម្បីឱ្យ YG ចេញមុខដោះស្រាយ និងដោះលែងចេញពីគំនាប ហាមឃាត់សិទ្ធបុគ្គលក្នុងសិល្បះទាំងមូល។

    គួរបញ្ជាក់ផងដែរថា ប្រភពពីអ្នកគាំទ្ររបស់ 2NE1 បានឱ្យដឹងថា ផលិតកម្ម SB Project ដែលជាផលិតកម្មនៅអាមេរិកធ្លាប់ចាប់ដៃជាមួយតារាស្រីរូបនេះ បានប្រកែកថា នាងមិនបាននៅក្នុងផលិតកម្មនោះទៀតទ្បើយ ព្រោះពួកគេមិនអាចសម្រេចចិត្តលើការងារនាងបាន ដោយសារនាងនៅក្នុង YG Entertainment និងមានការរឹតបន្ដឹងចំពោះតារាស្រីរូបនេះ។ ដូចនេះហើយអាល់ប៊ុមចម្រៀងបរទេសរបស់CL មិនអាចចេញលក់បាននោះទេ បើគ្មានការអនុញាតពី YG។ យ៉ាងណាមិញ អ្នកគាំទ្ររបស់ CL នៅតែបន្ដទទូចឱ្យខាងផលិតកម្ម YG Entertainment ដោះលែងតារាស្រីរូបនេះ និងកុំបន្ដធ្វើបាបផ្លូវចិត្តរបស់នាងអី៕

  • គ្រូបង្វឹក​ក្រុម Inter៖ Messi គឺ​ជា​កូន​សោ​ដ៏សំខាន់​សម្រាប់ Barcelona

    គ្រូបង្វឹក​ក្រុម Inter៖ Messi គឺ​ជា​កូន​សោ​ដ៏សំខាន់​សម្រាប់ Barcelona

    ខ្សែ​ប្រយុទ្ធ Lionel Messi គឺ​ជា​កូន​សោ​ដ៏សំខាន់​របស់​ក្រុម Barcelona​ នេះ​បើយោង​តាម​ការ​​បញ្ជាក់​របស់​គ្រូបង្វឹក​នៃក្រុម Inter Milan លោក Luciano Spalletti កាលពីថ្ងៃចន្ទ នៅមុន​ពេលការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ពូល B រវាងក្រុម​ទាំង​2​។

    Messi អាច​នឹង​​ធ្វើ​ការ​វិល​ត្រឡប់​ពី​របួស​យ៉ាង​ឆាប់​រហ័ស​ជាង​ការ​រំពឹង​ទុក​ដើម្បីជួប​ជាមួយ​នឹងក្រុម Inter Milan នៅកីឡដ្ឋាន San Siro នៅ​រាត្រីនេះ ក្រោយពី​បាន​បាក់​ឆ្អឹង​ដៃ​​កាលពីថ្ងៃ​ទី​20 ខែតុលា ប៉ុន្តែ ក្រុម​យក្ស​អេ​ស្ប៉ាញ Barca នៅ​តែ​បង្ហាញពី​ភាព​ខ្លាំង​របស់​ខ្លួន បើ​ទោះ​បីជា​អវត្តមាន Messi ​​​ក៏ដោយ​​។ លោក Spalletti បាន​ឱ្យដឹង​ថា៖ «Messi គឺ​ជា​កូន​សោ​ដ៏សំខាន់​​ក្នុងក្រុម​  រូប​គេ​គឺ​ជា​អាវ​ដែល​ក្មេង​ៗ​ស្រមៃ​ចង់​ក្លាយ​ជា​កីឡា​បាល់​ទាត់ ចង់​បាន​។ ប៉ុន្តែ Barcelona បាន​បង្ហាញ​ថា បើ​ទោះ​បីជា​គ្មាន​រូប​គេក៏ដោយ ក៏ពួកគេ​នៅ​តែ​មាន​ស្មារតី​ក្នុង​ការ​អភិវឌ្ឍ​ការ​ប្រកួត​របស់​ពួកគេ ដែល​ជា​អ្វី​ធ្វើ​ឱ្យមានការ​ប្រែ​ប្រួល​»​។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «វា​ជា​ការ​បារម្ភ​មួយ​សម្រាប់​គ្រប់គ្នា ប្រសិន​បើ Messi លេង ប៉ុន្តែឥរិយា​បថ​នោះមិន​ផ្លាស់​ប្តូរ​ឡើយ​។ យើង​នឹង​ជួប​ជា​មួយ​នឹងក្រុម​មួយក្នុង​ចំណោម​ក្រុម​ដ៏ខ្លាំង​បំផុត​ក្នុង​ពិភព​លោក​​ ក្នុង​ករណី​ណា​ក៏ដោយ​​ យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​បានល្អ​ប្រសើរ​ក្នុង​ការ​ប្រកួត​របស់​យើង​»​។

    លោក Ernesto Valverde គ្រូបង្វឹក​របស់​ក្រុម Barcelona បាន​និយាយ​កាលពីថ្ងៃ​ចន្ទ​ថា Messi អាច​លេង​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League នៅ​រាត្រី​នេះ នៅលើ​ទឹក​ដីក្រុម Inter Milan ប៉ុន្តែលោក​នឹង​មិន​ប្រថុយ​ប្រើ​ប្រាស់​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​រូបនេះ​ឡើយ ខណៈ​ដែល​រូប​គេ​ទើប​តែ​ជា​សះ​ស្បើយពី​របួស​​បាក់​ឆ្អឹង​ដៃ​។ ការ​ប្រកួតនេះ​នឹង​​ចាប់​ផ្តើម​នៅម៉ោង​3​ទៀប​ភ្លឺ​៕

    ប្រភព​ពី៖ Straits Times

  • តួស្រីល្បីឈ្មោះក្នុងរឿង « ស្ដេចស្វាទិនហ្វី » ទទួលមរណភាពដោយសារជំងឺបាក់ទឹកចិត្ត

    តួស្រីល្បីឈ្មោះក្នុងរឿង « ស្ដេចស្វាទិនហ្វី » ទទួលមរណភាពដោយសារជំងឺបាក់ទឹកចិត្ត

    តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយមុននេះបន្ដិចឱ្យដឹងថា តារាសម្ដែងស្រីចិនហុងកុងអ្នកនាង Lam Yammie ល្បីឈ្មោះខ្លាំងក្នុងរឿង «ស្ដេចស្វាទិនហ្វីវគ្គ2» បានទទួលមរណភាពក្នុងវ័យ55 ឆ្នាំ ដោយសារជំងឺបាក់ទឹកចិត្ត នៅក្នុងបន្ទប់ជួល។ អ្នកជួលបន្ទប់ជិតខាង បានប្រាប់សមត្តិកិច្ចថា ពួកគេបានធំក្លិនអសោចន៍ចេញពីក្នុងបន្ទប់របស់នាង ហើយខណៈពេលដែលគោះទ្វារបន្ទប់នាងនោះ គឺគ្មានសំឡេងឆ្លើយតបអ្វីឡើយ។

    សមត្តិកិច្ច បានធ្វើកោសល្យវិច័យលើសាកសពតារាស្រីរូបនេះ បានរកឃើញថា អ្នកនាងបានដេកស្លាប់នៅក្នុងបន្ទប់ ដោយមានជំងឺបាក់ទឹកចិត្ត និងបានដឹងពីអត្តសញ្ញាណថា អ្នកនាងជាតារាសម្ដែងស្រីរបស់ហុងកុង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់ តែបានចាកចេញពីក្រុមគ្រួសារ និងបាត់ដំណឹងសូន្យឈឹងតែម្ដង។

    ក្រុមគ្រួសាររបស់តារាស្រី Lam Yammie បានបញ្ជាក់ដែរថា នៅអំឡុងឆ្នាំ1995-1996 អ្នកនាងមានបញ្ហាផ្លូវចិត្តរហូតសឹងក្លាយជាមនុស្សវិកលទៅហើយ មិនយូរប៉ុន្មានផង អ្នកនាងក៏បានបាត់បង់ឪពុកម្ដាយនៅក្នុងអំឡុងប្រកៀកប្រកិតគ្នា ដែលបណ្ដាលឱ្យជីវិតអ្នកនាងជួបតែបញ្ហាសោកសៅក្នុងខណៈនោះមិនចេះចប់មិនចេះហើយ។ រឿងរ៉ាវទាំងអស់នោះ មិនទាន់កន្លងផុតបានប៉ុន្មានផង មុខជំនួញរបស់តារាស្រីរូបនេះ ក៏ត្រូវរលំរលាយនៅអំឡុងឆ្នាំ 2006 ហើយចូលដល់ឆ្នាំ 2013 ក៏ធ្លាយព័ត៌មានថា អ្នកនាងត្រូវតារាសម្ដែងប្រុស 2 នាក់រំលោភបំពានផ្លូវភេទខណៈដែលអ្នកនាងទៅបំពេញកិច្ចការនៅក្នុងប្រទេសសិង្ហបុរីថែមទៀតផង កាលអ្នកនាងនៅវ័យជំទង់។

    អ្នកនាង Lam Yammie ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា អ្នកនាងមិនចង់ប្ដឹងផ្ដល់អ្វីទាំងអស់ ព្រោះអ្នកនាងចង់រត់គេចពីបញ្ហាដែលបានកើតឡើងទាំងអស់នោះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងវីដេអូសម្ភាសន៍តារាស្រីរូបនេះបានបញ្ជាក់ឈ្មោះតារាសម្ដែងទាំងពីររូបនោះ តែជាអកុសលពួកគេបានស្លាប់បាត់បង់ជីវិតទៅហើយ៕

  • Mayweather នឹង​ប្រកួត​ជាមួយ​​កីឡាករ​​ប្រដាល់​សេរី Tenshin នៅ​ជប៉ុន

    Mayweather នឹង​ប្រកួត​ជាមួយ​​កីឡាករ​​ប្រដាល់​សេរី Tenshin នៅ​ជប៉ុន

    កីឡាករ​ប្រដាល់​សកល Floyd Mayweather នឹង​ប្រកួត​ជា​មួយ​​កីឡាករ​ប្រដាល់​សេរី និង​យុទ្ធគុន​ចម្រុះ TenshinNasukawa ក្នុង​ប្រទេស​ជប៉ុននៅ​ថ្ងៃ​ទី​31 ខែធ្នូ ក្រោយពី​បាន​ចុះ​​ហត្ថ​​លេខា​លើ​កិច្ច​សន្យា​មួយ​ជាមួយ​នឹងក្រុមហ៊ុន​​រៀប​ចំការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​​។

    អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភព​លោក​ 5​ប្រភេទ​ទម្ងន់​ផ្សេង​​គ្នា Mayweather បាន​ផ្តួល​​កីឡាករ Conor McGregor របស់​អង្គ​ភាព UFC ក្នុង​ការ​ប្រកួត​​​ប្រដាល់​សកលកាលពី​ខែ​សីហា ឆ្នាំ​2017 ដើម្បី​បន្ថែម​កំណត់​ត្រា​ឈ្នះ​របស់​រហូត​ដល់​ទៅ​ 50​លើក មិន​ដែល​ចាញ់​។ រូប​គេ​បាន​​និយាយ​​​កាលពី​ពេលថ្មី​ៗនេះ អំពីការ​ប្រកួត​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ជាមួយនឹងកីឡាករ KhabibNurmagomedov របស់ UFC និង​កីឡាករ Manny Pacquiao​។ រូបមន្ត និង​លក្ខខណ្ឌ​សម្រាប់​ការប្រកួ​ត​របស់​គេ​ជាមួយ​នឹង Nasukawa មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ​។ កីឡាករ​​សញ្ជាតិ​អាមេរិក​វ័យ​ 41​ឆ្នាំ​រូបនេះ​ដែលមិនធ្លាប់​បាន​ប្រកួត​សោះ បើគិត​ចាប់​តាំងពី​ចាក​ចេញពី​ការ​ចូល​និវត្តន៍​ដើម្បី​ជួប​ជាមួយ​នឹង McGregor បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ធ្វើ​អ្វី​ដែល​ខុស​ពីគេ​ ខ្ញុំ​ចង់​បង្ហាញពី​ទេព​កោសល្យ​របស់​ខ្ញុំ​នៅ​ខាង​ក្រៅ​សហរដ្ឋ​អាមេរិក និង​ស្ថិតក្នុង​ការ​​​ប្រកួត​ដ៏ពិសេស​។ ខ្ញុំ​ចង់​ផ្តល់​ឱ្យ​មនុស្ស​ជា​ច្រើន​​នូ​វអ្វី​ដែល​ពួក​គេ​ចង់​បាន​ដូច​ជា​ ឈាម ញើស និង​ទឹក​ភ្នែក​​»​។ Mayweather បាន​បញ្ជាក់​ថា ប្រភេទ​ទម្ងន់ និង​លក្ខខណ្ឌ​​សម្រាប់​ការប្រកួតនេះ នឹង​ត្រូវ​ពិភាក្សា​នៅ​​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទៀត​។ កីឡាករ​ជប៉ុន Nasukawa វ័យ​ 20​ឆ្នាំ ប្រកួត​ទាំង​ក្នុង​ប្រដាល់​សេរី និង​យុទ្ធគុន​ចម្រុះ​សម្រាប់​​អង្គ​ភាព RIZIN Fighting Federation ដែល​ជាក្រុម​ហ៊ុន Mayweather បាន​ចុះហត្ថលេខា​។

    Nasukawa ដែលមាន​កំណត់​ត្រា​ឈ្នះ​ 27លើក មិន​ដែល​ចាញ់ក្នុង​ប្រដាល់​សេរី និង​៤លើកមិនដែលចាញ់នៅក្នុង MMA ​នោះ បាន​ឱ្យ​ដឹង​ថា៖ «វា​ពិត​ជា​សំណើ​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ ប៉ុន្តែខ្ញុំ​បាន​ទទួល​យក​ដោយ​គ្មានការ​ស្ទាក់​ស្ទើរ​ឡើយ​»​៕

    ប្រភព​ពី៖ BBC

  • រន្ធត់ណាស់!! លោក ឆាយ វីរៈយុទ្ធ កំពុងតែច្រៀងសុខៗ ស្រាប់កម្លាំងខ្យល់បោករលំឆាកបាក់ខ្ទេចខ្ទី

    រន្ធត់ណាស់!! លោក ឆាយ វីរៈយុទ្ធ កំពុងតែច្រៀងសុខៗ ស្រាប់កម្លាំងខ្យល់បោករលំឆាកបាក់ខ្ទេចខ្ទី

    នៅរាត្រីថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2018 នេះដោយសារតែមានភ្លៀង លាយលំខ្យល់ខ្លាំងពេក ធ្វើឱ្យដួលរំលំឆាកLEDនៅខាងក្រោយ ស្របពេលកម្មវិធីកំពុងផ្សាយផ្ទាល់កម្មវិធីតន្ត្រីមួយ ក្នុងខេត្តកំពង់ស្ពឺ នេះបើតាមការបង្ហោះរូបភាព និងវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺមើលឃើញថា កំឡុងពេលបទចម្រៀងរបស់លោកឆាយ វីរៈយុទ្ធ កំពុងច្រៀង និងរាំជាមួយក្រុមរាំផងនោះ ភ្លាមៗស្រាប់តែមានកម្លាំងខ្យល់ខ្លាំងបោកបក់មក បណ្ដាលឱ្យឆាកតន្ត្រីរង្គើ និងមានសភាពមិនប្រក្រតី។

    កម្លាំងខ្យល់ខ្លាំងពេកបានធ្វើឱ្យឆាកLEDនៅខាងក្រោយនោះ ស្រាប់តែដួលរលំស្តែងៗតែម្តង ធ្វើឱ្យក្រុមរាំរបស់លោកភ័យស្លន់ស្លោតែម្តង តែមិនមានបង្កឱ្យមានអ្នករងរបួសនោះទេ គ្រាន់តែកម្មវិធីនោះត្រូវផ្អាកដោយសារសម្រួលបញ្ហាបច្ចេកទេស។ កាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោ៖

  • បងប្រុសតារាចម្រៀងស្រី Ariana Grande ប្រកាសរៀបការជាមួយកំឡោះសង្ហាពីររូប

    បងប្រុសតារាចម្រៀងស្រី Ariana Grande ប្រកាសរៀបការជាមួយកំឡោះសង្ហាពីររូប

    តាមរយៈសារព័ត៌មាន Teenee ដែលទើបចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា បងប្រុសច្បងរបស់តារាចម្រៀងស្រី Ariana Grande គឺលោក Frankie Grande បានប្រកាសប្រាប់អ្នកសារព័ត៌មានថា លោកនឹងរៀបការជាមួយកំឡោះសង្ហាពីរូប ដែលបានទាក់ទងគ្នាអស់រយៈពេលជាង 3 ខែរួចមកហើយ ហើយពួកយើងទាំងបីនាក់ ស្រឡាញ់គ្នាយ៉ាងពិតប្រាកដមែន។

    លោក Frankie Grande មានវ័យ 35 ឆ្នាំ បានប្រាប់អ្នកសារព័ត៌មាន Us Weekly បុរសសង្ហាដែលលោកគ្រោងរៀបការជាមួយនោះមាន លោក Mike Pophis ជាវេជ្ជបណ្ឌិត និងលោក Daniel Sinasohn គឺជាមេធាវី ។ លោកបានប្រាប់ទៀតថា អ្នកទាំងពីរគឺជាសង្សារប្រុសរបស់ខ្ញុំ ដែលបានស្រឡាញ់គ្នាអស់រយៈពេលជាង 3​ខែមក ក៏ប៉ុន្ដែត្រូវបានបិទបាំង និងលាក់លៀមមិនឱ្យអ្នកណាដឹងទេ ពោលគឺនៅក្នុងតែចង្កោមមនុស្សប្រុសស្រឡាញ់ភេទដូចគ្នា។ បើគិតចាប់ពីការផ្ដើមទំនាក់ទំនងស្គាល់នៅលើបណ្ដាញសង្គម ពួកយើងបានទាក់ទងគ្នាជាក្រុមអស់រយៈពេល 5 ខែមកហើយដែរ។

    យ៉ាងណាមិញ តារាចម្រៀងស្រី Ariana Grande បានប្រាប់អ្នកសារព័ត៌មានថា នាងគោរពចំពោះការសម្រេចចិត្តរបស់បងប្រុសនាង បើទោះបីជាគេស្ថិតនៅក្នុងក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាក៏ពិតមែន ព្រោះនាងបានទទួលក្ដីស្រឡាញ់ពីបងប្រុសរូបនេះ តាំងពីអាយុ 10 ឆ្នាំមកម្លេះ រហូតធ្វើឱ្យនាងគិតថា នាងគ្មានអារម្មណ៍រើសអើងចំពោះក្ដីស្រឡាញ់បែបនេះឡើយ៕

  • ផលិតកម្ម LD លាតត្រដាងរឿង«កូនក្រក»ពាក់ព័ន្ធ​ជាមួយជំនឿអាគមរបស់ អារ៉ា ស្មាច់

    ផលិតកម្ម LD លាតត្រដាងរឿង«កូនក្រក»ពាក់ព័ន្ធ​ជាមួយជំនឿអាគមរបស់ អារ៉ា ស្មាច់

    អបិយជំនឿលើមន្តអាគមនៃការចិញ្ចឹមកូនក្រក ក្នុងសង្គមខ្មែរ និងប្រទេសជិតខាង បានក្លាយទៅជាប្រធានបទជជែកវែកញែកពីអ្នកមានជំនឿជាបន្តបន្ទាប់។ រឿងកូនក្រកនេះ ក៏ធ្លាប់ផ្ទុះកក្រើកក្នុងសង្គមខ្មែរ អំឡុងប្រមាណ19ឆ្នាំមុន ពោលគឺ ករណីមេចោរចាប់ជំរិតល្បីឈ្មោះដែលគេហៅថា អារ៉ាស្មាច់ នៅតែធ្វើឱ្យមហាជនជាច្រើនមានការខ្លាចរអានៅឡើយ ព្រោះតែ អារ៉ាស្មាច់ ប្រើមន្តអាគមកូនក្រក។

    យ៉ាងណាមិញ មហាជនមួយចំនួនបានជ្រាបដឹងខ្លះៗ ថាតើជំនឿពាក់ព័ន្ធ​នឹង​កូនក្រក មានសភាពកើតឡើងដោយរបៀបណាខ្លះ? ក្រោយផលិតកម្ម LD បញ្ចេញឈុតវីដេអូប៉ុន្មាននាទី ជុំវិញរឿង «កូនក្រក» បង្ហោះឡើងនៅលើបណ្តាញសង្គម បានធ្វើឱ្យ​កក្រើកតែម្តង ដោយសារតែមានសន្ទុះអ្នកតានដានឡើងឥតឈប់ឈរ ក៏ដូចជាលក្ខណៈរឿងមានឈុតវះពោះតួស្រីស្តែងៗគួរស្រៀវបំផុត ហើយគ្រាន់តែឮថា ជារឿងពាក់ព័ន្ធ​ជាមួយ អារ៉ា ស្មាច់ អ្នកណាក៏​ចង់ទស្សនាដែរ។

    ដើម្បីចង់ដឹងថា រឿងរ៉ាវ «កូនក្រក» ដែលដឹកនាំ និងនិពន្ឋដោយនាយពាក់មីមានភាពអស្ចារ្យកម្រិតណា និងរន្ធត់បែបណា សូមរង់ចាំចូលរួមទស្សនា រឿង «កូនក្រក» ដែលនឹងចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2018នេះតទៅ នៅគ្រប់រោងគុន​ទំនើបនានា ទាំងភ្នំពេញ និងខេត្តសៀមរាប៕