Author: អេបិល

  • ទើបមកពីកាណាដា អ្នកនាង ស៊ុន ស្រី​ពេជ្រ អំពាវនាវរកជំនួយព្យាបាលប្អូនប្រុសកំពុងឈឺធ្ងន់

    ទើបមកពីកាណាដា អ្នកនាង ស៊ុន ស្រី​ពេជ្រ អំពាវនាវរកជំនួយព្យាបាលប្អូនប្រុសកំពុងឈឺធ្ងន់

    នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តារាចម្រៀងស្រី អ្នកនាង ស៊ុន ស្រី​ពេជ្រ បានបង្ហោះកាលពី​ថ្ងៃ​ទី​30 ខែមីនា ឆ្នាំ​2020​ឱ្យដឹងថា «​កុំ​សើច​កុំ​យំ​អី ព្រោះ​គ្មាន​អ្នក​ណា​ចៀស​ផុត​ពី​ឈឺ​ទេ ខុស​ត្រង់​កើត​លើ​អ្នកមាន និង​អ្នកក្រ​ប៉ុណ្ណោះ ព្រឹក​មិ​ញ​អួល​ដើម​.​ក​ដែល​ប្អូន​ហត់​ត្រដរខ្យល់ ខ​លម​កថា បង​មាន​លុយ​ទេ? ជួយ​ផង អូន​ទៅ​ពេទ្យ​ហើយ​ណា​ចែ ពេល​ប្អូន​សួរ​តែ​ប៉ុណ្ណឹង ទឹក​ចិត្តជា​បងប្អូន​ដែល​សូ​ម្បី​តែ​ដឹង​ថា អស់​លុយ​ច្រើន តែ​ក្នុង​ខ្លួន​មាន​តែ​10​ម៉ឺន​ខ្មែរ​គត់ តែ​និយាយ​លួង​ប្អូន​ថា បង​មាន​លុយ​អូន និយាយ​បាន​ប៉ុណ្ណឹង​ប្អូន​សន្លប់​បាត់​មាត់​ឈឹង លឺ​តែ​សំឡេង​ស្រែកយំ​ពេញ​ផ្ទះ​»​។

    នាងបន្ដថា «បងប្អូនអើយជួយ ប្អូន ខ្ញុំផងពេលនេះខ្ញុំទ័លខ្លាំងណាស់ គ្មានទាំងលុយគ្មានទាំងឈាមបញ្ចូលឱ្យប្អូនទេ ខ្ញុំលែង ខ្មាសអៀនអ្នកណាទៀតហើយមានតែធ្វើម៉េច ឱ្យប្អូនបានជា មុនមិនទាន់មានជំងឺកូវីដ រាត ត្បាតទោះអត់យ៉ាងណាក៏ខ្ចីលុយគេពីនេះពីនោះបាន ពេលច្រៀងបានលុយបង្វិលសងគេ តែឥលូវខ្ញុំពឹងលើអ្វីការងារចប់ទាំងអស់ព្រោះកូរ៉ូណា ។ បងប្អូនខ្ញុំទាំងអស់ក៏រស់ដោយសារ សិល្បៈ ពេលមានអាសន្នជួយគ្នាបាន តែពេលនេះចប់ទាំងអស់គ្នា ខ្ញុំសូមលើកដៃ សូម បងប្អូនសប្បុរសជនជួយប្អូននាងខ្ញុំង 1ដុល្លារ 2ដុល្លារ ក៏អាចជួយសម្រួលនិងជួយជីវិតប្អូន ខ្ញុំបានផុតពីសេចក្តីស្លាប់ដែរ បងសង្ឃឹមថាប្អូនប្រុសបងទ្រាំបានដល់ស្អែកស្អែកមានគេ ជួយ ឈាមនិងប្លាកែតអូនហើយ ទ្រាំណាអូនណា ABA 001240488 sun pich។ ទូរសព្ទ័ 016 573537»។

    សាររបស់នាងបានបញ្ជាក់យ៉ាងច្បាស់ថា អូនប្រុសអ្នកនាង បាន​រង​នូវ​ជំងឺ​អាការ​ធ្ងន់​ជា​ច្រើន​ខែ​មក​ហើយ ដោយ​សាច់ញាតិ​ខិតខំ​យក​ទៅ​ព្យាបាល​ទាំង​ក្នុង និង​ក្រៅប្រទេស (​វៀតណាម​)​ចំណាយ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់ ធ្វើ​ឱ្យ​ប្អូនប្រុស​នាង​បាន​ត្រឹមតែ​ធូរ​ល្មម​ៗ ហើយ​រើ​ម្តង​ៗ​អ្នក​ផ្ទះ​ស្លន់ស្លោ​គ្រប់​គ្នា ។ អ្វី​ដែល​លំបាក​នោះ គឺ​ត្រូវ​ដូរ​ផ្លាស់​ឈាម​ជា​ចំណែក​ខ្ពស់​។ ទឹក​ចិត្តជា​បងប្អូនស្រី បានត្រឹមតែអំពាវនាវស្វែងរកជំនួយដល់ប្អូនប្រុសដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ និងកំពុងត្រូវការឈាមតែប៉ុណ្ណោះ។ ហើយចំពោះរូបអ្នកនាងផ្ទាល់ ក៏​ទើបតែ​ត្រឡប់​មក​ពី​សម្តែង​នៅ​កា​ណា​ដា នឹង​សម្រាក​បន្ទប់​ដាច់​ដោយឡែក​14​ថ្ងៃ ដើម្បី​តាមដាន​ជំងឺ​កូ​វី​ដ​19 ផងដែរ៕

  • ចូលរួមរំលែកទុក្ខ!! តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានបាត់បង់ឪពុកជាទីស្រឡាញ់

    ចូលរួមរំលែកទុក្ខ!! តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានបាត់បង់ឪពុកជាទីស្រឡាញ់

    ពិតជាគួរឱ្យសោកស្ដាយ និងក្រៀមក្រំបំផុត ខណៈទទួលបានដំណឹងថា តារាចម្រៀងប្រចាំផលិតកម្មថោន លោក​ សុគន្ធ ថេរ៉ាយុ បានបាត់បង់ឪពុកជាទីស្រឡាញ់ ដោយរោគាពាធ។ ដំណឹងនេះ លោកបានបង្ហោះឱ្យមហាជន និងមិត្តសិល្បៈបានដឹងកាលពីប៉ុន្មានម៉ោងមុន នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក។

    សុគន្ធ ថេរ៉ាយុ បានបង្ហោះសារឱ្យដឹងថា « វាពិតជាលឿនណាស់សម្រាប់ខ្ញុំនិងក្រុមគ្រួសារ​ ប៉ាបានចាកចេញពីពួកខ្ញុំលឿនខ្លាំងណាស់​ ខ្ញុំសឹងតែមិនចង់ជឿ​។ សូមឱ្យប៉ាទៅកាន់សុគតិភព​ ចំពោះប្អូនៗប៉ាកុំបារម្ភខ្ញុំនឹងមេីលថែរប្អូនៗឱ្យបានល្អ​ ប៉ាហត់ហេីយ ប៉ាសម្រាន្ដចុះ😭 ” ប៉ា​ Alex Chan បានទទួលមរណភាពថ្ងៃច័ន្ទ​ ទី​ 30 ខែ​ មីនា​ ឆ្នាំ2020 វេលាប្រហែលជិតភ្លឺ​ ដោយរោគាពាធ “៕

  • កូនស្រីតារាកំប្លែង នាយ ត្រដក់ ចងកសម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់

    កូនស្រីតារាកំប្លែង នាយ ត្រដក់ ចងកសម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់

    មុននេះបន្ដិចនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការ Live ព្រោងព្រាតជុំវិញករណីកូនស្រីតារាកំប្លែងម្នាក់ បានចងកធ្វើអត្តឃាត។ ជារឿង​មួយ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែល​កូន​ស្រី​រូប​ស្រស់​សោភា​តារាកំប្លែងនាយ ត្រដក់ ចងក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ទាំងថ្ងៃតែម្ដង ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​​ក្ដុកក្ដួល​និង​សោក​សង្រេង​យ៉ាង​ខ្លាំង​ដោយ​មិន​នឹក​ស្មាន​ថា​កូន​ស្រី​​របស់​ខ្លួន​គិត​ខ្លី​ដូច្នេះសោះ។


    បើ​តាម​​ហ្វេសប៊ុក​ឈ្មោះ​ ប៊ុន រឿនប្រុសស្អាតជ្រោយចង្វា បាន​បង្ហោះ​សារ​សរសេរ​រៀបរាប់​ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​របស់​សព​ថា៖ “អាណិតពូ​ណាស់​ ! កូនស្រី​ តារាកំប្លែង​ នាយត្រដក់​ បាន​ចង់​ក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​​ទាំង​វ័យ​ក្មេង​ មិន​គួរ​ណា​ប្អូន​គិត​ខ្លី​ហើយ​ដាច់​ចិត្ត​ទៅ​ចោល​លោក ពូ ត្រដក់ ដូច្នេះ​សោះ។ សូម​ឱ្យព្រលឹង​ប្អូន​ទៅ​កាន់​សុគតិភព”។ កូន​ស្រី​តារាកំប្លែង​នាយ ត្រដក់ ដែល​បាន​ចងក​សម្លាប់​ខ្លួន​នៅ​ថ្ងៃ​ទី30 ខែមីនា ឆ្នាំ 2020 នេះ​មាន​ឈ្មោះ វ៉ាន់ ដានីត អាយុ 32ឆ្នាំ រស់​នៅ​ភូមិ11 សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    សូមជម្រាបថា ចំពោះ​ការ​ចងក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​នេះ​ដែរ​ មិន​ដឹង​ថា​មក​ពី​មូល​ហេតុ​អ្វី​ឡើយ​ព្រោះ​ក្រុម​គ្រួសារ​តារាកំប្លែង នាយ ត្រដក់ មិន​អាច​ទាក់​ទង​សុំការ​បកស្រាយ​បាន​ឡើយ សង្ឃឹម​ថា​ក្រុម​គ្រួសារ​លោក​នឹង​ចេញ​មុខ​បញ្ជាក់​ចំពោះ​មូលហេតុ​ដែល​កូន​ស្រី​សម្លាប់​ខ្លួន​ឱ្យមហាជន​បាន​ដឹង​ក្នុង​ពេល​ឆាប់​ៗនេះផងចុះ៕

  • ធ្វើរឿងឱ្យមហាជនរំភើបទៀតហើយ!! ចំរើន សុភ័ក្ត្រ លើកពានភ្លែត បរិច្ចាគប្រាក់ជួយសង្គមភ្លាម

    ធ្វើរឿងឱ្យមហាជនរំភើបទៀតហើយ!! ចំរើន សុភ័ក្ត្រ លើកពានភ្លែត បរិច្ចាគប្រាក់ជួយសង្គមភ្លាម

    តាមការបង្ហោះសាររបស់លោក ហេង ឡុង ក៏បានឱ្យដឹងថា តារាចម្រៀង សុភ័ក្ត្រ ដែលទើបតែទទួលបានជើងឯកម្ចាស់ពានរង្វាន់ The Mask Singer របស់ទូរទស្សន៍ហង្សមាស បានបរិច្ចាគទឹកប្រាក់ 1,០០០ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    នេះហើយជាភាពជោគជ័យខំប្រឹងលះបង់ និងការតស៊ូជាច្រើនកន្លងមក ខណៈដែល ចំរើន សុភ័ក្ត្រ បានសំរេចបំណងដោយទទួលបានភាពជោគជ័យក្នុងឆាកជីវិត តាមរយៈកំបាំងមុខនៅក្នុងរូបរាង «បុប្ផាឆើតឆាយ» ហើយនេះជាសម្ថតភាពពិតប្រាកដដែលទស្សនិកជនគ្រប់គ្នាពេញចិត្តនូវសម្ថភាពរបស់នាង ក្នុងការដណ្ដើមពាន The Mask Singer Cambodia៕

  • ChiCha SanChen ហាងតែអ៊ូឡុង រសជាតិដើម ពីកំពូលភ្នំលីសាន មានវត្តមាននៅប្រទេសកម្ពុជាហើយ!!

    ChiCha SanChen ហាងតែអ៊ូឡុង រសជាតិដើម ពីកំពូលភ្នំលីសាន មានវត្តមាននៅប្រទេសកម្ពុជាហើយ!!

    កាលពីពេលថ្មីៗនេះ នៅអគារ ជីបម៉ុង បាក់ទូក “ChiCha SanChen” បានបង្កើតកម្មវិធីដ៏ពិសេសមួយ សម្រាប់ក្រុមអ្នកសារព័ត៌មាន និងតារាVloger ជាច្រើនរូប​ បានសាកល្បងភ្លក្សរសជាតិតែចិនដ៏កម្រ និងល្បីល្បាញលើពិភពលោក ជាពិសេស គឺជាតែដែលមានដើមកំណើតមកពីប្រទេសតៃវ៉ាន់ផ្ទាល់តែម្តង។

    គួរជម្រាបឱ្យបានដឹងផងដែរថា ChiCha SanChen មានសាខារហូតដល់ទៅ 20កន្លែងនៅលើពិភពលោក។ មូលហេតុដែលធ្វើឱ្យហាងមួយនេះល្បី ឈ្មោះ និងមានការទទួលស្គាល់ច្រើនពីមហាជន ជាពិសេសអ្នកនិយមចូលចិត្តពិសាតែ នោះគឺ ដោយសារវត្ថុធាតុដើមរបស់ ChiCha SanChen គឺជាស្លឹកតែធម្មជាតិ​ ដែលយកពីលើកំពូលភ្នំលីសាន ដែលមានកម្ពស់រហូតដល់ទៅជាង 2,000ម៉ែត្រ។ ក្នុង 1ឆ្នាំ តែប្រភេទនេះ មានតែ 3រដូវប៉ុណ្ណោះ ដែលគេអាចប្រមូលផលមកបាន ហើយអ្វីដែលពិសេសនោះគឺ ChiCha SanChen មានលក្ខណៈខុសប្លែកពីតែដទៃទៀត ដោយសារសារធាតុតែ គឺមានសមត្ថភាពសម្លាប់មេរោគបាក់តេរីដែលលាក់ខ្លួននៅក្នុងរាងកាយលោកអ្នកបានយ៉ាងល្អទៀតផង។

    យើងក្រឡេកមកមើលប្រភេទហាងដែលផ្តោតសំខាន់លើតែ តែមួយប្រភេទបែបនេះ គឺយើងឃើញថា មិនទាន់មាននៅឡើយ នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះនេះ គឺជាការបម្រើជូននូវរសជាតិប្លែកថ្មី ដែលរាល់ពេល ដែលអស់លោកអ្នកនឹកឃើញចង់ពិសាតែ គឺប្រាកដជាអញ្ជើញមក​ ChiCha SanChen ជាមិនខាន៕

  • តារាសម្ដែង ចៅខ្មែរ ដឹកនាំក្រុមចុះចែកទឹកអាល់កុលចំនួន 1200 ដបនៅម្ដុំស្ដុបពេទ្យចិន

    តារាសម្ដែង ចៅខ្មែរ ដឹកនាំក្រុមចុះចែកទឹកអាល់កុលចំនួន 1200 ដបនៅម្ដុំស្ដុបពេទ្យចិន

    តារាសម្ដែង ចៅខ្មែរ ដែលមហាជនជាច្រើនស្គាល់តាមរយៈភាពយន្ដខ្នាតធំរឿង « ម៉ាដាមអាប » របស់ផលិតកម្មក្លាស៊ីកនោះ បានដឹកនាំក្រុមចុះចែកទឹកអាល់កុលចំនួន 1200 ដប ដោយឥតគិតថ្លៃដល់បងប្អូនពលរដ្ឋខ្មែរយើង នៅម្ដុំស្ដុបពេទ្យចិន កាលពីថ្ងៃទី 29 ខែមីនា ឆ្នាំ 2020នេះ។

    លោក គុជ សុគន្ធរដ្ឋ ហៅចៅខ្មែរជាស្ថាបនិកចៅខ្មែរផ្សារ បានអះអាងថា ទឹកអាល់កុលសម្រាប់លាងដៃនេះ ជាផលិតផលស្ដង់ដាប្រទេសជប៉ុន និងមិនធ្វើឱ្យខូចស្បែកដៃ និងជួយបំប៉នកោសិកាស្បែក ហើយមានកម្រិតសម្លាប់វិរុសកូវីដ19 ទើបលោកសម្រេចយកមកចែក ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនខ្មែរ ដែលកំពុងតែមានតម្រូវការ។

    លោកបញ្ជាក់ថា ដើម្បីឱ្យបងប្អូនដែលធ្វើដំណើរនៅម្ដុំស្តុបពេទ្យចិន បានទទួលទឹកអាល់កុលក្នុងការការពារខ្លួន ក្នុងពេលដែលផលិតផលនេះ កំពុងក្លាយជាតម្រូវការដ៏សំខាន់មិនអាចខ្វះបាននៅក្នុងពេលនេះ។ លោកថារំជួលចិត្តដែលបងប្អូនដែលទទួលទឹកអាល់កុលពីលោក និងក្រុមការងារ មានខ្លះមានវ័យស្មើ នឹងឳពុកលោក តែលើកដៃសំពះលោក។

    គួរបញ្ជាក់ផងដែរថា លោកគ្រោងធ្វើការចែកចាយនៅក្នុងសហគមន៍មួយចំនួននៅតាមបណ្ដាខេត្តផ្សេងទៀត ជាពិសេសនៅខេត្តតាកែវក្នុងពេលបន្ទាប់ផងដែរ ដោយសារតែយល់ថា អ្នកដែលនៅរស់នៅតាមខេត្តពិបាករកទិញផលិតផលដែលមានប្រយោជន៍បែបនេះជាងអ្នកនៅភ្នំពេញ។ ក្នុងនោះលោក និង ស្វាមីភេទដូចគ្នា ក៏នឹងធ្វើឱ្យមហាជនបន្តកោតសរសើរពីស្នេហាខុសធម្មជាតិរបស់ខ្លួនឱ្យបានយូរអង្វែងផងដែរ ដើម្បីកុំឱ្យមានការរិះគន់ថាមនុស្សស្រឡាញ់ភេទដូចគ្នា រស់នៅជាមួយគ្នាមិនបានយូរ៕

  • លោក ឆាយ វីរៈយុទ្ធ និងក្រុមគ្រួសារ ជួយអង្ករ6 តោនដល់សិល្បករខ្មែរបាត់​បង់​ចំណូល

    លោក ឆាយ វីរៈយុទ្ធ និងក្រុមគ្រួសារ ជួយអង្ករ6 តោនដល់សិល្បករខ្មែរបាត់​បង់​ចំណូល

    ខណៈ​ដែល​បាន​​ឃើញ​សិល្បករ​​ចាស់​ជរា និង​​អ្នក​សិល្បៈ​មួយ​ចំនួន​បាត់​បង់​ចំណូល​ដោយសារ​តែ​បញ្ហា​​កូវីដ19 កំពុង​តែ​វាយប្រហានៅ​កម្ពុជា​រួច​មក​ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ឆាយ វីរៈយុទ្ធ និង​ក្រុម​គ្រួសារ​​ខ្លោច​ចិត្ត​អាណិត​​ពន់​ពេក​ទើប​មូល​មតិ​គ្នា​ផ្ដល់​អង្ករ​6តោន​​រយៈ​ពេល​3​ខែ​ដល់​ពួកគាត់​។

    ជាមួយ​គ្នា​នេះ​ផង​ដែរ​លោក ហេង ឡុង បាន​ឱ្យ​ដឹង​ថា នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​សិល្បករ​ចាស់​ជរា និង​អ្នក​សិល្បៈ​មួយ​ចំនួន​​ដែល​ខ្វះ​ខាត​ដោយ​សារ​តែ​បាត់​បង់​ប្រាក់​ចំណូល​ ព្រោះ​ពេល​នេះ​តារាចម្រៀង ឆាយ វីរៈយុទ្ធ និង​គ្រួសារ​​ដែល​ជា​ម្ចាស់​អង្ករ​ម៉ាក “ស្ដេចអង្ករ” ផលិត​ដោយ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ហាក់ សែ បាន​ជួយ​ឧបត្ថម្ភ​អង្ករ​ 6 តោន​រយៈ​ពេល​3​ខែ។ក្នុង​នោះ​ចំពោះ​សិល្បករ​ដែល​ខ្វះ​ខាត​ចំនួន​3តោន និង​ប្រជា​ពលរដ្ឋ​ដែល​ខ្វះ​ខាត​ចំនួន3 តោន​ខណៈ​ពេល​ដែល​ជំងឺ​កូវីដ​19 កំពុង​តែ​រាតត្បាត​នៅ​កម្ពុជា​។

    នេះសបញ្ជាក់ឱ្យឃើញទឹក​ចិត្ត​ថ្លៃ​ថ្លា​មិន​អាច​កាត់​ថ្លៃ​បាន ខណៈ​ពេល​ដែល​ប្រជាជន​ខ្មែរ​ និង​អ្នក​សិល្បៈ​កំពុង​​តែ​ជួប​គ្រោះ​អាសន្ន​​ដោយ​សារ​ជំងឺ​កូវីដ​19 ​ បាន​ធ្វើ​ឱ្យ​មហាជន​ទាំង​ក្នុង និងក្រៅ​រង្វង់​សិល្បៈ​កោត​សរសើរ​លោក ឆាយ វីរៈយុទ្ធ និង​ក្រុម​គ្រួសារ​មិន​ដាច់​ពី​មាត់​ផងដែរ​ចំពោះ​សកម្មភាព​សប្បុរស​ធម៌​មួយ​នេះ៕

  • អ្នកនាង ចោមច័ន្ទ បរិច្ចាគទឹកប្រាក់ 1,000ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19

    អ្នកនាង ចោមច័ន្ទ បរិច្ចាគទឹកប្រាក់ 1,000ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19

    តាមរយៈហ្វេសប៊ុកផេចរបស់លោក ហេង ឡុង កាលពីព្រឹកថ្ងៃទី27 មីនា ឆ្នាំ2020 មុននេះ បានបង្ហោះថា តារាហ្វេសប៊ុក អ្នកនាង ចោមច័ន្ទ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន1ពាន់ដុល្លារ ក្នុងការចូលរួមទប់ស្កាត់ដល់ជម្ងឺកូវីត19នៅកម្ពុជា។

    អ្នកនាង ចោមច័ន្ទ មិនមែនជាមនុស្សមហាជនតែម្នាក់ ឬ ដំបូងដែលបានបរិច្ចាគថវិកាជួយដល់សង្គមនៅក្នុងស្ថានភាពនេះនោះទេ ប៉ុន្តែគឺជាគំរូមួយសម្រាប់អ្នកជោគជ័យអនឡាញន៍ដទៃទៀត ដើម្បីបំផុសឱ្យមានការចូលរួមជួយដល់សង្គមនៅក្នុងកាលៈទេសៈនេះ។

    សារទាំងស្រុងរបស់លោក ហេង ឡុង បានសរសេរបង្ហោះថា«សូមគោរពអរគុណដល់អ្នកនាង ចោមច័ន្ទ (បងស្រី ដេននីក្វាន់) ដែលបានបរិច្ចាគទឹកប្រាក់ 1,000ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

    ជាមួយគ្នានោះក៏មានការសរសើរផងដែរថា បើទោះជាអ្នកនាងជាមនុស្សមាត់ដាច និងរមែងមានអ្នកផ្ចាញ់ផ្ចាលជាហូរហែរ ប៉ុន្តែអ្នកនាងក៏មានទឹកចិត្តឈឺឆ្អាលដល់សង្គមគួរឱ្យសរសើរផងដែរ។

  • អ្នកនាង ឈួន សុវណ្ណឆៃ លុបចោលការថត2បទ ស្របពេលកំពុងទទួលបានការកោតសរសើរខ្លាំង

    អ្នកនាង ឈួន សុវណ្ណឆៃ លុបចោលការថត2បទ ស្របពេលកំពុងទទួលបានការកោតសរសើរខ្លាំង

    អ្នកនាង ឈួន សុវណ្ណឆៃ ទទួលបានការសរសើរមិនតិចទេ បន្ទាប់ពីអ្នកនាង បញ្ចេញ Original Song សម្រាប់អបអរឱកាសចូលឆ្នាំ ដែលជួយអោយតារាស្រីរូបនេះ នៅតែអាចរក្សាភាពលេចធ្លោរនៅក្នុងវិស័យចម្រៀង។

    ម្នាក់ៗលើកឡើងថា ខណៈដែលតារាចម្រៀងជំនាន់អ្នកនាងចាប់ផ្ដើមធ្លាក់កូដ និងស្ទើរតែបាត់ឈ្មោះពីការគាំទ្រនៅក្នុងវិស័យចម្រៀង តែក្រឡេកមើលតារាស្រីរូបនេះ គឺនៅតែលេចធ្លោរ។ អ្នកនាងរំលេចស្ទីលទាក់ទាញក្នុងនាមជាតារាស្រគត់ស្រគំ និងថ្លៃថ្នូរ គួរឱ្យសរសើរ ព្រមជាមួយនឹងការបញ្ចេញបទចម្រៀង ដែលមានទឹកដមសំឡេងត្រូវត្រចៀក ស្របតាមបរិបទនៃឱកាសបុណ្យទាន។

    ជាក់ស្ដែងMV ២បទរបស់អ្នកនាង ឈួន សុវណ្ណឆៃ ក្រោមចំណងជើងថា”កន្រ្តឹមក្រមុំ” និងបទ”កូនម៉ែ” ដែលទើបតែចេញក្ដៅៗមុននេះ គឺអ្នកណាក៏សរសើរថា ទាក់ទាញទាំងចង្វាក់ ទាំងទឹកដមសំលេង និងស្ទីលតុបតែងកាយ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺអ្នកនាង នៅតែមានរូបសម្រស់ក្មេងជាងវ័យ និង ពូកែលេងស្ទីលប្លែកៗ ត្រូវតាមបរិបទ។ បើតាមគម្រោង តារាចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ គ្រោងបញ្ចេញ MV ចំនួន4បទ រួមមានបទ”កន្ទ្រឹមក្រមុំ” បទ”កូនម៉ែ” បទ”ចង្វាក់ខម” និងបទ”កន្ទ្រឹមបុរាណ។ ប៉ុន្តែដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ បានបង្ខំអ្នកនាងលុបចោលការចេញថត MV ចំនួន2បទចោល បន្ទាប់ពីដាក់បង្ហោះបានតែពាក់កណ្ដាលក្នុងចំណោម4បទ។

    អ្នកនាង ឈួន សុវណ្ណឆៃ បញ្ជាក់ថា អ្នកនាង បានថតចម្រៀងចំនួន4បទ សម្រាប់អបអរចូលឆ្នាំ បើទោះជាបញ្ហាកូវីត១៩បង្កការភ័យបារម្ភ។ ប៉ុន្តែអ្នកនាងនៅតែសម្រេចចិត្តមិនផលិត2បទទៀតដែលបានគ្រោងទុកនោះដដែល ដោយសារតែក្រុមការងារ ក៏មិនចង់ប្រថុយប្រថាននឹងជំងឺកាចសាហាវមួយនេះ ស្របគ្នាដែលអ្នកនាងក៏ត្រូវការរក្សាសុវត្ថិភាព។ អ្នកនាងថា 2បទដែលមិនបានផលិតជា MV ដើម្បីបញ្ចេញនោះ សុទ្ធតែជាបទល្អៗ តែដោយសារតែមិនចង់ផលិតក្នុងស្ថានភាពភ័យបារម្ភ។ អ្នកនាងថាបទ”កន្ទ្រឹមបុរាណ” និងបទ”ចង្វាក់ខម” ដែលមិនហ៊ានផលិតសុទ្ធតែជាបទល្អៗ។ អ្នកនាងបន្តថា2បទដែលបានបញ្ចេញមុននេះ មិនត្រឹមតែមានសិល្បករល្បីៗចូលរួមសម្ដែងប៉ុណ្ណោះទេ តែក៏មានក្មួយស្រីរបស់អ្នកនាង2រូបចូលរួមសម្ដែងផងដែរ។

     

  • ខាត់ សុខឃីម “បើមិនអាចពន្យាពេលក្នុងការបង់បាន ខ្ញុំសុំស្នើទៅធនាគារ2ចំណុច”

    ខាត់ សុខឃីម “បើមិនអាចពន្យាពេលក្នុងការបង់បាន ខ្ញុំសុំស្នើទៅធនាគារ2ចំណុច”

    ប៉ុន្មានម៉ោងមុន បើយោងតាមគណនីហ្វេសប៊ុករបស់តារាកំប្លែង ខាត់ សុឃីម ទើបតែបានបង្ហោះរូបភាពជាច្រើនសន្លឹកទៀតដោយប្រកាសថា “ផ្ទះជួលរបស់ខ្ញុំធ្វើការ បញ្ចុះតម្លៃ50% 015225221” ដោយប្រកាសបញ្ចុះតម្លៃបែបនេះធ្វើឱ្យតារាស្រីរូបនេះទទួលការគាំទ្រយ៉ាងខ្លាំង។ បន្ទាប់មកទៀត តារាស្រីសម្តីចាក់ទឹកមិនលេចរូបនេះ កាលពីព្រឹកមិញ ក៏បានរៀបរាប់យ៉ាងវែងអន្លាយថា៖

    “ចាប់ផ្តើមមានអារម្មណ៍ថាស្មុគស្មាញហើយ! មួយជីវិតមិនចេះនៅទំនេរទេ ទោះឈឺក្តីក៏ខ្ញុំនៅតែទ្រាំទៅធ្វើការដែរដើម្បីជីវិត តែដល់ពេលកូវីដវាយលុកការងារទាំងអស់ត្រូវបានផ្អាក តែលោកធនាគារមិនបានផ្អាកទេ ចឹងជម្រើសរបស់ខ្ញុំគឺមានតែស្នើរសុំទៅធនាគារតែ 2ចំណុចទេបើសិនមិនអាចពន្យាការបង់បានខណៈខ្ញុំបាត់បង់ចំណូល

    _ទី1៖ អាចយកដីផ្ទះខ្ញុំទៅលក់ឡៃឡុងចុះឱ្យរួចគ្នាទាំងពីរធនាគារ ដែលដីខ្ញុំតំលៃលើសបំណុលនៅឡើយ

    _ទី2៖ ហាមដាក់ Black List ឈ្មោះខ្ញុំក្នុងCBCដាច់ខាតព្រោះក្នុងកាលៈទេសៈប្រទេសជួបកល្យយុគ្គ (គ្មានចំណូលតែនៅចំនាយ)

    ហេតុដូចនេះសូមអស់លោកធនាគារទាំងឡាយធ្វើតាមការគួរចុះ តែប្រវត្តិ Credit ខ្ញុំបានបង់ធនាគារកន្លងមកគឺល្អទាំងអស់ ដូច្នេះដំណាក់កាលនេះតាមដំណើរចុះ! គ្មាននរណាចង់ទេ!សូមអរគុណ ” ក្រោយការបង្ហោះបែបនេះគេឃើញមានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិយោបល់ផ្សេងៗគ្នាជាច្រើន៕