Author: អេបិល

  • ក្រុមហ៊ុន​ ​RMA​ ​Cambodia​ ​បាន​ធ្វើការ​សម្ពោធ​ ​“​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ ​អ​ ​អិម​ ​អេ​”​ ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​

    ក្រុមហ៊ុន​ ​RMA​ ​Cambodia​ ​បាន​ធ្វើការ​សម្ពោធ​ ​“​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ ​អ​ ​អិម​ ​អេ​”​ ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​

    ​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​ខេម​បូ​ឌា​ ​(​RMA​ ​Cambodia​)​ ​ដែល​ជា​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​គ្រុប​ ​(​RMA​ ​Group​)​ ​បាន​ធ្វើការ​ប្រារព្ធ​ពិធីសម្ពោធ​ ​និង​ប្រគល់​ ​“​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេក​ ​ទេស​ ​អ​ ​អិម​ ​អេ​”​ ​ទៅដល់​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ ​កាលពី​ថ្ងៃទី​ ​06​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​បណ្ឌិត​ ​ពេជ​ ​សោភ័ន​ ​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​ ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ ​បច្ចេកទេស​ ​អ​ ​អិម​ ​អេ​ ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បច្ចេក​ទេស​ជុស​ជុល​ ​និង​ថែទាំ​រថយន្ត​ ​Ford​ ​និង​ ​Jonh​ ​Deere​ ​ត្រាក់ទ័រ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​មហាវិថី​សហព័ន្ធ​រុស្សី​ ​សង្កាត់​ទឹកថ្លា​ ​ខណ្ឌ​សែនសុខ​ ​(​ជិត​វត្ត​ទឹកថ្លា​)​។​
    ​ ​
    ​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​បាន​ធ្វើការ​ឧបត្ថម្ភ​ ​និង​គាំទ្រ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​នេះ​ឡើង​ ​ដោយធ្វើ​ការ​ជួសជុល​ ​និង​កែ​លំ​អរ​រោងជាង​ទាំងមូល​ ​ព្រមទាំង​បំពាក់​នូវ​ម៉ាស៊ីន​ត្រជាក់​ ​គ្រឿង​បរិ​ក្ខា​សម្រាប់​សិក្សា​ ​និង​គ្រឿង​តុបតែង​លំ​អរ​ ​រថយន្ត​ ​Ford​ ​មួយ​គ្រឿង​ ​ត្រាក់ទ័រ​ ​John​ ​Deere​ ​ពីរ​គ្រឿង​ ​និង​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​នានា​ ​សម្រាប់​ផ្ដល់​ឱកាស​ដល់​សិស្ស​ ​និស្សិត​សិក្សា​រៀនសូត្រ​ ​ហ្វឹកហាត់​ការងារ​ដោយ​អនុវត្ដ​ន៍​ផ្ទាល់​ជាមួយ​អ្នកជំនាញ​បច្ចេកទេស​ ​និង​គ្រូបង្គោល​របស់​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​តាមរយៈ​កិច្ច​សហ​ប្រតិ​បតិ្តការ​រវាង​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​និង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​។​

    ​លោក​ ​ងន​ ​សាំង​ ​អគ្គនាយក​ ​ក្រុមហ៊ុន​ ​RMA​ ​Cambodia​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​ថ្ងៃនេះ​ ​ខ្ញុំ​មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ ​និង​សេចក្តី​សោមនស្ស​រីករាយ​ ​ដែល​បាន​ចូលរួម​ក្នុង​ពិធីសម្ពោធ​ ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ ​អ​ ​អិម​ ​អេ​ ​ជាមួយ​រាជរដ្ឋាភិបាល​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​សម្រាប់​ដាក់​ជូន​ប្រើប្រាស់​ ​ ​បណ្តុះបណ្តាល​ ​ក្នុង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ ​។​ ​ជា​រៀងរាល់​ឆ្នាំ​ ​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង​ ​៥០ម៉ឺន​ដុល្លារ​ ​សម្រាប់​ការ​វិនិយោគ​លើ​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​ ​និង​ជំ​នាញ​ផ្សេង​ៗ​ដល់​បុគ្គលិក​ ​និង​សិស្ស​និស្សិត​តាម​សាលា​បច្ចេកទេស​នានា​។​ ​តាមរយៈ​ការ​វិនិយោគ​ទៅលើ​វិស័យ​ធនធានមនុស្ស​នេះ​ហើយដែល​ជា​កត្តា​ជុំ​រុញ​ឲ្យ​កកើត​ឡើង​នូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ ​អ​ ​អិម​ ​អេ​ ​នេះ​លេចចេញ​ជារូបរាង​ឡើង​។​ ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ ​អ​ ​អិម​ ​អេ​ ​នេះ​ ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​មួយ​ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ​ផ្នែក​បច្ចេកទេស​យានយន្ត​ ​និង​គ្រឿងចក្រ​។​”​ ​

    ​លើស​ពីនេះ​ទៅទៀត​ ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ ​បច្ចេកទេស​ ​អ​ ​អិម​ ​អេ​នេះ​ទទួល​បានការ​ជ្រោមជ្រែង​យ៉ាង​ខ្លាំង​ពីសំណាក់​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​តាមរយៈ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​។​ ​

    ​ឯកឧត្តម​បណ្ឌិត​ ​ពេជ​ ​សោភ័ន​ ​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​ជា​ ​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​តាមរយៈ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ ​អ​ ​អិម​ ​អេ​ ​ដែល​បាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ថ្ងៃនេះ​ ​ខ្ញុំ​ជឿជាក់​ថា​នឹង​ក្លាយជា​មជ្ឈមណ្ឌល​មួយ​ដែល​ចូលរួម​យ៉ាងសកម្ម​ ​ក្នុង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​នៅ​កម្ពុជា​ ​ដែល​ផ្តល់​នូវ​សេវា​បណ្តុះបណ្តាល​តាមរយៈ​វិធាន​ឆ្លាស់​ ​ក្នុង​ន័យ​នេះ​ការ​បណ្តុះបណ្តាល​ត្រូវ​បាន​រៀបចំឡើង​ដោយមាន​ការ​សហការ​ចូល​រូម​ ​រវាង​មជ្ឈមណ្ឌល​ ​និង​រោងជាង​ផ្ទាល់​របស់​ ​ក្រុមហ៊ុន​ ​RMA​ ​Cambodia​ ​ដែល​កំពុង​ដំណើ​ការ​យ៉ាងសកម្ម​នៅ​កម្ពុជា​។​ ​ជាង​នេះ​ទៀត​ ​មជ្ឈមណ្ឌល​នេះ​និង​អាច​ក្លាយទៅជា​មជ្ឈមណ្ឌល​ឧត្តមភាព​ ​ដែល​ចូលរួម​គ្រប់​សកម្មភាព​អភិវឌ្ឍន៍​ធនធាន​ ​មនុស្ស​នៅ​កម្ពុជា​។​”​ ​លោក​ក៏បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន​ ​Ford​ ​និង​ ​ក្រុមហ៊ុន​ ​RMA​ ​Cambodia​ ​ដែល​បាន​ចំណាយធនធាន​យ៉ាងច្រើន​ក្នុង​ការ​រួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ ​និង​ចូលរួម​ចំណែក​ក្នុង​កសាង​ធនធាន​ ​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ​។​

    ​ក្រៅពី​ការ​វិនិយោគ​ទៅលើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​ក្រុមហ៊ុន​ ​RMA​ ​Cambodia​ ​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​មនុស្សធម៌​ ​និង​កិច្ចការ​សង្គម​នានា​ដូចជា​ ​ការ​ផ្តល់​មួក​សុវត្ថិភាព​ ​ការ​សម្អាត​ទីក្រុង​ ​ការ​ដាំ​កូនឈើ​ ​ការសាងសង់​សាលារៀន​ ​បណ្ណាល័យ​ ​អណ្ដូងទឹក​ស្អាត​ ​ការ​ផ្ដល់​បង់​អង្គុយ​ ​និង​ធុងសំរាម​នៅ​តាម​សួនច្បារ​សាធារណៈ​ ​ការ​បរិច្ចាគ​ឈាម​ ​និង​ការ​ផ្ដល់​មូលនិធិ​គាំពារ​ដល់ក​បាទ​ក្រហម​កម្ពុជា​ ​និង​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ជាដើម​។​ ​

  • ល្ខោននិយាយ​រឿង​ ​«​ ​គ្រូទាយ​ ​»​ ​គ្រាន់តែ​ឮ​ចំណងជើង​ក៏​ចង់​ទស្សនា​

    ល្ខោននិយាយ​រឿង​ ​«​ ​គ្រូទាយ​ ​»​ ​គ្រាន់តែ​ឮ​ចំណងជើង​ក៏​ចង់​ទស្សនា​

    មាន​មិន​ច្រើន​ឡើយ​ ​ដែល​យុវវ័យ​សម័យ​បច្ចុប្បន្ន​ស្គាល់​ទម្រង់​ល្ខោន​ខ្មែរ​មួយ​ប្រភេទ​ឈ្មោះថា​ ​«​ល្ខោននិយាយ​»​ ​ខណៈ​ទម្រង់​ល្ខោន​ប្រភេទ​នេះ​ប្រឈមមុខនឹង​ការបាត់បង់​ ​បន្តិច​ម្តង​ៗ​ ​ព្រោះ​មិនសូវ​មាន​ក្រុម​សម្តែង​ ​និង​មិនសូវ​មាន​សិស្ស​រៀន​ទេ​ ​។​ ​ដោយ​មូលហេតុ​នេះ​ហើយ​ទើប​អ្នកដឹកនាំ​ក្រុម​ល្ខោននិយាយ​មួយ​រូប​ចង់​លើកយក​ទម្រង់​ល្ខោន​នេះ​សម្តែង​ឱ្យ​បាន​ទូលំទូលាយ​ក្នុង​មួយ​ខែ​ម្តង​ ​ដើម្បី​ជា​ការ​អភិរក្ស​ ​និង​លើកស្ទួយ​ឱ្យ​មហាជន​ស្គាល់​កាន់តែ​ច្រើន​ ​។​

    ​ក្រុម​ភារិ​ទ្ធ​ល្ខោននិយាយ​ ​ដែល​មាន​លោកនេន​ ​ភារិ​ទ្ធ​ ​ជា​អ្នកដឹកនាំ​ ​គឺជា​ក្រុម​មួយ​ដែល​ព្យាយាម​ជម្នះ​ឧបសគ្គ​ ​ដើម្បី​លើកយក​រឿងប្រលោមលោក​ ​ចាស់​ៗ​ ​និង​រឿង​និពន្ធ​ថ្មី​ ​មក​សម្តែង​នៅ​តាម​ឆាក​ ​ជាពិសេស​នៅ​សារមន្ទីរ​ជាតិ​ ​បើ​ទោះបីជា​មិនសូវ​មាន​អ្នកគាំទ្រ​ក្តី​ ​។​ ​ប៉ុន្តែ​ការដំឡើង​ឆាក​សម្តែង​មិន​ញឹកញាប់​នោះ​ទេ​ ​ក្នុង​មួយឆ្នាំ​គេ​ឃើញ​សម្តែង​ត្រឹមតែ១ដង​ ​ឬ២ដង​ប៉ុណ្ណោះ​ ​។​

    ​បំណង​សម្តែង​មួយ​ខែ​ម្តង​របស់​ក្រុម​ភារិ​ទ្ធ​ល្ខោននិយាយ​ ​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ​ ​ប្រសិនបើ​គ្មាន​ការ​ជួយឧបត្ថម្ភ​ ​និង​ការ​គាំទ្រ​ពី​ទស្សនិកជន​ ​។​ ​ហើយ​ថ្មី​នេះ​ៗ​ ​ក្រុម​សិល្បៈ​ល្ខោននិយាយ​មួយ​នេះ​ ​បាន​ដំឡើង​ ​និង​ត្រៀម​សម្ដែងរឿង​ ​«​ ​គ្រូទាយ​ ​»​ ​ជូន​មហាជន​បាន​ទស្សនា​ ​ដែល​បាន​ដកស្រង់​ស្នាដៃ​និពន្ធ​ពី​ប្រលោមលោក​របស់​កញ្ញា​ ​លឹម​ ​ផាន់​ណា​។​

    ​លោកនេន​ ​ភារិ​ទ្ធ​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​ល្ខោននិយាយ​រឿង​ ​គ្រូទាយ​ ​ដែល​ជា​ការដំឡើង​ថ្មី​មួយ​នេះ​ ​ដំបូង​ឡើយ​គឺ​កើត​ចេញពី​ល្ខោន​អាន​ដែល​មាន​រយៈពេល​មិន​វ៉ែង​ប៉ុន្មាន​។​ ​តែ​ដោយសារ​ភាព​ច្នៃប្រឌិត​ ​កំប្លែង​ទាក់ចិត្ត​ ​សើច​រហូតដល់​ជាប់​ថ្កៀម​ ​ទើប​លោក​សម្រេច​យក​រឿង​មួយ​នេះ​មក​ដំឡើង​ជា​ល្ខោននិយាយ​ ​ដែល​មាន​ទស្សនិ​យ​ភាព​ប្លែក​ពី​ល្ខោននិយាយ​សព្វមួយដង​។​ ​លោក​ ​ភារិ​ទ្ធ​ ​រឿង​ទទួល​បានការ​ដឹកនាំ​ពី​អ្នកជំនាញ​ល្ខោននិយាយ​ពី​ប្រទេស​បារាំង​ ​លោក​ ​ភូ​ ​ស្សង់​បា​ទី​ស្ដ៍​ ​ដែល​បាន​ចែករំលែក​បទ​ពិសោធ​ដឹក​រឿង​ឱ្យ​ដំណើរ​សម្ដែង​បាន​ទៅ​យ៉ាង​រលូន​។​ ​ហើយរឿង​ល្ខោននិយាយ​មួយ​គឺ​ត្រូវ​បាន​ត្រៀម​សម្ដែង​នៅក្នុង​មហោស្រព​អង្គការ​ខ្មែរ​អមតៈ​ ​អំឡុង​ខែ​ ​វិច្ឆិកា​ ​ឆ្នាំ​ ​២០១៩​ ​ផង​ដែរ​។​

    ​លោ​ក​ភារិ​ទ្ធ​ ​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា​ ​នៅ​រយៈពេល​ចុងក្រោយ​នេះ​ ​សន្ទុះ​គាំទ្រ​ក្រុម​ល្ខោននិយាយ​របស់​លោក​ ​ហាក់​កើនឡើង​ជាង​មុន​ ​បើ​ទោះបីជា​វា​មិន​ច្រើន​ផុសផុល​ក៏ដោយ​ ​តែ​យ៉ាងនេះ​ក្តី​វា​ជា​កម្លាំងចិត្ត​ជំរុញ​ឱ្យ​សិល្បករ​ក្នុង​ការ​ឡើង​សម្តែង​ ​។​ ​លោក​ថា​ ​នេះ​គឺជា​កម្លាំងចិត្ត​របស់​សិល្បករ​ដែល​អាច​បន្ដ​ដង្ហើម​ទៅមុខ​ទៀត​បាន​។​ ​លោក​បន្ដ​ថា​ ​សប្បាយចិត្ត​ចំពោះ​ការ​គាំទ្រ​របស់​យុវជន​ ​ប៉ុន្តែ​ការ​គាំទ្រ​នេះ​មិន​អាច​ជួយ​ដល់​ការ​សម្តែង​របស់​សិល្បករ​បានទេ​ ​ព្រោះ​វា​មាន​ចំនួន​តិច​ពេក​ ​ខុស​ការ​បញ្ចាំងកុន​តាម​រោង​ ​មាន​យុវវ័យ​ជាច្រើន​ទៅ​គាំទ្រ​ ​។​ ​បុរស​សម្បុរ​ស្រអែម​ដែល​ជា​អ្នកដឹកនាំ​ក្រុម​រូប​នេះ​បាន​និយាយ​ថា​ ​នៅ​ឆ្នាំ២០១៨នេះ​ ​ក្រុម​លោក​ចង់​ដំឡើង​ឆាក​សម្តែង​ឱ្យ​បាន​ច្រើនដង​ ​ជាង​ឆ្នាំមុន​ ​ដោយ​លោក​បាន​ត្រៀម​រឿង​ ​ល្បី​ៗ​មួយចំនួន​ដើម្បី​សម្តែង​ ​ប៉ុន្តែ​ការដំឡើង​ឆាក​សម្តែង​ ​ម្តង​ៗ​ ​ត្រូវការ​ប្រាក់​ច្រើន​ដើម្បី​ទ្រទ្រង់​។​ ​លោក​អំពាវនាវ​ឱ្យ​សប្បុរសជន​ ​និង​ក្រុមហ៊ុន​នានា​ជួយឧបត្ថម្ភ​ដល់​ការ​សម្តែង​នេះ​ ​ដើម្បី​ឱ្យ​កិត្តិសព្ទ​ល្ខោននិយាយ​ជ្រាប​ដល់​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​ ​។​

    ​ពី​អ្នកគ្រូ​ ​ឌី​ ​សា​វ៉េ​ត​ ​ដែល​បាន​ចូលរួម​ទស្សនាការ​សម្ដែង​ហ្វឹកហាត់​ចុងក្រោយ​របស់​ល្ខោននិយាយ​រឿង​ ​គ្រូទាយ​ ​បាន​រៀបរាប់​ដែរ​ថា​ ​នេះ​ការ​គាំទ្រ​មួយ​ដែល​បង្ហាញថា​ ​ល្ខោននិយាយ​របស់​ខ្មែរ​បាន​រស់​ឡើងវិញ​ ​ហើយ​មាន​អ្នកចូលរួម​ទស្សនា​ពេញ​រោង​សម្ដែង​។​ ​ក្នុងនាម​អ្នកគ្រូ​ជា​សិល្បករ​ធ្លាប់​ចូលរួម​សម្ដែង​ល្ខោននិយាយ​កន្លងមក​ ​អ្នកគ្រូ​ថា​ ​សូម​ឱ្យ​អ្នកគាំទ្រ​ទាំងអស់​ជួយ​បន្ដ​ផ្ដល់​កម្លាំងចិត្ត​ដូច​ក្នុងថ្ងៃនេះ​ ​កុំឱ្យ​មានតែ​ការ​គាំទ្រ​ដូច​ភ្លើងចំបើង​ ​ព្រោះ​វា​ឆេះ​បាន​តែ​មួយ​ប្រ៉ាយ​ ​ហើយក៏​រលត់​ទៅវិញ​។​ ​ខ្មែរយើង​មាន​សិល្បៈ​ល្អ​ណាស់​ ​តែ​យើង​គ្រប់គ្នា​ត្រូវ​រួមចំណែក​លើកតម្កើង​សិល្បៈ​យើង​ឱ្យ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​ ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ពេញចិត្ត​ ​ក្នុង​ការ​មក​គាំទ្រ​ក្នុងថ្ងៃនេះ​៕​

  • រំលែកទុក្ខ​ក្រៀមក្រំ​!​!​ ​ឳពុក​តារាចម្រៀង​ ​ជុំ​ ​លី​ណូ​ ​មរណភាព​ហើយ​

    រំលែកទុក្ខ​ក្រៀមក្រំ​!​!​ ​ឳពុក​តារាចម្រៀង​ ​ជុំ​ ​លី​ណូ​ ​មរណភាព​ហើយ​

    ផ្អែក​តាម​ហ្វេ​សប៊ុ​ក​របស់​លោក​ ​ជុំ​ ​លី​ណូ​ ​បាន​បង្ហោះ​ឱ្យ​ដឹង​ថា​ ​ឳពុក​របស់​ខ្លួន​ស្ថិត​ក្នុង​ការសង្គ្រោះ​បន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ​ក៏​មានដំណឹង​ថា​ឳពុក​របស់​តារាចម្រៀង​ ​ជុំ​ ​លី​ណូ​ ​ទទួលមរណភាព​ទៅ​ហើយ​ ​កាលពី​ម៉ោង​ជិត7យប់​ថ្ងៃទី26​ ​មិថុនា​ ​ឆ្នាំ2019​។​ ​មរណភាព​របស់​ឳពុក​លោក​ ​ក៏​ទើប​កើតឡើង​ ​តែ​ប៉ុន្មាន​ម៉ោង​ ​ក្រោយពី​បទ​”​ជីវិត​កម្មករ​”​ ​របស់​លោក​ ​ជុំ​ ​លី​ណូ​ ​ដែល​និយាយ​ពី​សោ​ក​នាដ្​យក​ម្ម​បាត់បង់ជីវិត​ក្នុង​ហេតុការណ៍​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​ ​ទើបតែ​ដាក់​បង្ហោះ​ផង​ដែរ​។​ ​

    ​ថ្លែង​បន្ទាប់ពី​ឳពុក​ស្លាប់​ ​លោក​ ​ជុំ​ ​លី​ណូ​ ​និយាយ​ថា​ ​ឳពុក​របស់​លោក​ ​មាន​ជំងឺ​ប្រមាណ​ច្រើន​ឆ្នាំ​មក​ហើយ​ ​ដោយ​ជំងឺ​ចាប់ផ្ដើម​ធ្វើទុក្ខ​កាន់តែ​ខ្លាំង​ ​លើ​ផ្នែក​លើសឈាម​ ​ខ្សោយ​ក្រ​លាន​ ​និង​ទឹកនោមផ្អែម​ ​។​ ​លោក​ថា​ ​ឳពុក​របស់​លោក​មាន​ជំងឺរ៉ាំរ៉ៃ​ច្រើន​ឆ្នាំ​មក​ហើយ​ ​ទើប​ធ្វើ​ឱ្យ​លោក​ក៏​អា​រម្ម​ណ៍មិ​មនឹ​ងន​ ​នៅក្នុង​អាជីព​សិល្បៈ​។​ ​យ៉ាងណាមិញ​ ​លោក​ក៏​ប្រកាស​មិន​ចោល​នោះ​ដែរ​ ​ទើប​លោក​នៅតែ​បន្ត​ចេញ​បទចម្រៀង​ ​ដោយ​ក្នុង​ពេលនេះ​បទ​”​ជីវិត​កម្មករ​”​ទើបតែ​ចេញ​បង្ហោះ​សោះ​ ​ក៍​ផ្ទុះ​ការ​គាំទ្រ​ទៅ​ហើយ​។​ ​

    ​សូមជម្រាប​ផង​ដែរ​ ​លោកឳពុក​របស់​លោក​ ​មានឈ្មោះ​ថា​ ​មាស​ ​ម៉ៅ​ ​អាយុ៦៤ឆ្នាំ​ ​ដោយ​នេះ​ក៍​ជា​ដំណឹង​ដ៏​ក្រៀមក្រំ​របស់​លោក​ ​សម្រាប់​អ្នក​សិល្បៈ​ដែល​ស្រលាញ់​រាប់អាន​លោក​ផង​ដែរ​៕​


  • ពុទ្ធោ!! ជុំ​ ​លី​ណូ​ ​ចេញ​បទ​រំលែកទុក្ខ​កម្មករ​ភ្លាម​ ​ស្រាប់តែ​ឪពុក​ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់​

    ពុទ្ធោ!! ជុំ​ ​លី​ណូ​ ​ចេញ​បទ​រំលែកទុក្ខ​កម្មករ​ភ្លាម​ ​ស្រាប់តែ​ឪពុក​ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់​

    ​បទចម្រៀង​យ៉ាង​ក្ដុកក្ដួល​របស់​តារាចម្រៀង​ ​លោក​ ​ជុំ​ ​លី​ណូ​ ​កំពុង​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​ខណៈ​បញ្ចេញ​បទ​ ​«​ ​ជីវិត​កម្មករ​»​ ​ដែល​អត្ថន័យ​ក្នុង​បទចម្រៀង​កំពុង​ដុតរោល​អារម្មណ៍​មហាជន​ ​នៅក្នុង​ហេតុការណ៍​បាក់​អគារ​ដែល​ជា​ព្រឹត្តិ​ការណ៍​ក្ដៅ​គគុក​នៅក្នុង​ពេលនេះ​។​ ​

    ​អ្វី​ដែល​ស្ទើរ​ទប់ទឹក​ភ្នែក​មិនបាន​ទៅទៀត​ ​គឺ​បទចម្រៀង​មួយ​នេះ​ ​ត្រូវ​បាន​បង្ហោះ​ឡើង​ស្របគ្នា​ ​ដែល​លោក​បាន​ប្រកាស​នៅ​លើ​ហ្វេ​សប៑ុ​កថា​ ​ឳពុក​របស់​លោក​ស្ថិត​ក្នុង​ការសង្គ្រោះ​បន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​ ​

    ​លោក​ ​ជុំ​ ​លី​ណូ​ ​បាន​ឆ្លើយ​បញ្ជាក់​ថា​ ​បើ​ទោះជា​ឳពុក​របស់​លោក​មាន​ជំ​ងឺ​រុាំ​រ៉ៃ​អស់​រយៈពេល​ច្រើន​ឆ្នាំ​ ​និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​ ​ក៍​លោក​នៅ​ចេញ​បកស្រាយ​បទចម្រៀង​ដើម្បី​រំលែកទុក្ខ​ដល់​ក្រុម​កម្មករ​សំណង់​ ​ដែល​រងគ្រោះ​ថ្នាក់​ក្នុង​ហេតុការណ៍​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ​។​ ​លោក​រំពឹង​ថា​ ​បទចម្រៀង​មួយ​នេះ​ ​នឹង​ទទួលការ​ចាប់អារម្មណ៍​ ​ហើយ​លោ​ក​ក៍​បួងសួង​ឱ្យ​ឳពុក​របស់​លោក​ជាសះស្បើយ​ ​និង​ឆ្លងផុត​គ្រោះ​ក្នុង​ពេល​ឆាប់​ៗ​៕​

  • លោក​ ​ថៃ​ ​នរៈ​សត្យា​ ​នៅតែស្រឡាញ់​ព្រួយបារម្ភ​កូនស្រីកំពុង​ធ្លាក់ខ្លួន​ឈឺ​ចូល​មន្ទីរពេទ្យ​ ​ ​

    លោក​ ​ថៃ​ ​នរៈ​សត្យា​ ​នៅតែស្រឡាញ់​ព្រួយបារម្ភ​កូនស្រីកំពុង​ធ្លាក់ខ្លួន​ឈឺ​ចូល​មន្ទីរពេទ្យ​ ​ ​

    ​ក្រោយ​ផ្ទុះ​រឿង​ឌឺដង​ផ្លែផ្កា​គ្នា​រវាង​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​និង​ ​អ្នកនិពន្ធ​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​យ៉ាង​កក្រើក​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​ស្រាប់តែ​គេ​មើលឃើញ​ថា​ ​អ​តី​ត​ហ្រ្វេ​សស៊ី​ ​ថៃ​ ​នារី​សុជាតា​ ​ដែល​ត្រូវជា​កូនស្រី​របស់​អ្នក​ទាំងពីរ​ ​បាន​ធ្លាក់ខ្លួន​ឈឺ​ចូល​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ក្រោយពី​ឆ្លង​ថ្ងៃ​ខួ​បកំនើ​ត​របស់​ខ្លួន​បាន​ប៉ុន្មាន​ថ្ងៃ​ ​។​ ​មុន​ចូល​មន្ទីរពេទ្យ​ប៉ុន្មាន​ថ្ងៃ​ ​ថៃ​ ​នារី​សុជាតា​ ​ទើប​រៀបចំ​ពិធី​ខួបកំណើត​យ៉ាង​រីករាយ​ដោយមាន​ការចូលរួម​ជូនពរ​ពីសំណាក់​ក្រុម​គ្រួសារ​ ​និង​ ​មិត្តភក្តិ​ជាច្រើន​ផង​ដែរ​។​

    ​នៅ​ថ្ងៃទី​ ​22​ ​ខែមិថុនា​ ​នេះ​ ​ថៃ​ ​នារី​សុជាតា​ ​បាន​បង្ហាញ​រូបភាព​ជាច្រើន​សន្លឹក​ក្នុង​ស្ថានភាព​គេង​នៅក្នុង​មន្ទីរពេទ្យ​ដោយ​ ​រូប​ខ្លះ​ថែមទាំង​កំពុង​ជិះរទេះ​ដែល​មើលទៅ​គួរ​ឱ្យ​អាណិត​ផង​ដែរ​ ​។​ ​ក្នុង​នោះ​ក៏​មាន​សួរនាំ​ដល់​ ​ថៃ​ ​នារី​សុជាតា​ ​ថា​មាន​ជំងឺ​អ្វី​បាន​ជា​គេងពេទ្យ​បែបនេះ​ ​ហើយ​មិត្តភក្តិ​ខ្លះ​ក៏បាន​លើកទឹកចិត្ត​និង​ជូនពរ​ដល់​ស្រី​ស្អាត​នេះ​ឱ្យ​រឹងមាំ​ ​និង​ ​ឆាប់​ជាសះស្បើយ​ ​។​

    ​ ​ថៃ​ ​នារី​សុជាតា​ ​មិនបាន​ប្រាប់​ថា​មាន​ជម្ងឺ​អ្វី​ទេ​គ្រាន់តែ​បង្ហោះ​សារ​ខ្លី​ថា​ ​«​ ​សប្បាយ​ ​ចិត្ត​ទេ​ ​?​ ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​.​.​.​»​ ​។​ ​មានការ​លើកឡើង​ពី​អ្នកលេង​បណ្ដាញ​សង្គម​ថា​ប៉ុន្មាន​ថ្ងៃនេះ​ ​ថៃ​ ​នារី​សុជាតា​ ​មានការ​ប៉ះពាល់​ផ្លូវចិត្ត​ខ្លាំង​ ​ព្រោះ​ឪពុក​ម្តាយ​របស់​នាង​ដែល​បាន​ចែកផ្លូវ​គ្នា​រាប់​ឆ្នាំទៅ​ហើយ​នោះ​បាន​ទម្លាយ​រឿងរ៉ាវ​ ​ផិតក្បត់​ជាច្រើន​ទៅវិញទៅមក​ ​ហើយដែល​ពេលនេះ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ជា​ឪពុក​ក៏បាន​បញ្ចប់​តំណែង​ជារ​ដ្ឋ​លេខាធិការ​ក្រសួងវប្បធម៌​ ​និង​ ​វិចិត្រ​សិល្បៈ​កាលពី​ថ្ងៃទី​ 19 ​កន្លងទៅ ​។​ ​

    ​ហើយ​នៅ​ថ្ងៃទី​ ​25​ ​មិថុនា​ ​ម្សិលមិញ​នេះ​ ​ថៃ​ ​នារី​សុជាតា​ ​បាន​បង្ហោះ​សារ​ម្ដងទៀត​ថា​ ​«​អរ​គុណ​ប៉ា​ដែល​បាន​មកសួរសុខទុក្ខ​កូន​»​ ​ដែល​នាង​ចង់​ប្រាប់​អ្នកគាំទ្រ​ថា​ ​ទោះ​មានរឿង​អ្វី​កើតឡើង​ក៏ដោយ​ ​ក៏​ឪពុក​របស់​នាង​នៅតែ​បារម្ភ​ ​និង​ស្រឡាញ់​ស្រី​ម្នាក់​នេះ​ផង​ដែរ​៕​

  • ព្រោះតែសំឡេងល្អ ប៊ុត​ ​សីហា​ នៅតែទទួលបានការគាំទ្រខ្លាំងខណៈចេញវីដេអូបទថ្មី

    ព្រោះតែសំឡេងល្អ ប៊ុត​ ​សីហា​ នៅតែទទួលបានការគាំទ្រខ្លាំងខណៈចេញវីដេអូបទថ្មី

    បើទោះបីជាតារាចម្រៀង ប៊ុត​ ​សីហា​ ​ដែល​អតីត​ម្ចាស់​ពានរង្វាន់​ ​The​ ​Voice​ ​Cambodia​ ​រដូវ​កាល​ទី​ ​១​ ​មិនសូវបង្ហាញមុខនៅលើវីថីសិល្បៈចម្រៀងភ្លូកទឹកភ្លូកដីដូចមុនកាលផ្ទុះរឿងអាស្រូវពាក់ព័ន្ធជាមួយគ្រឿង តែតារាចម្រៀងប្រុសរូបនេះ នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងដដែរ ចំពោះបទចម្រៀងមួយៗដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប។​ ​ដោយឡែក​ថ្មី​ៗ​នេះ​ស្រាប់តែ​ ​ប៊ុត​ ​សីហា​ ​បាន​លេចមុខ​ជាមួយ​ ​MV​ ​ចម្រៀង​ថ្មី​មួយ​យ៉ាង​ប្លែក​​មាន​ចំណង​ ​«​បង​មិនទាន់​ចាស់​ទេ​​»​ ​ដែល​មាននៅ​ក្នុង​ផលិតកម្ម​ ​JOB​ ​។

    សូមជម្រាបថា ​នេះ​ជា​បទចម្រៀង​ដំបូង​របស់​លោក​ ​ប៊ុត​ ​សីហា​ ​នៅក្នុង​ផលិតកម្ម​ថ្មីនេះ​មាន​ទាំង​ចេញ​ជា​ ​Audio​ ​Lyrics​ ​និង​ ​MV​ ​ព្រមគ្នា​តែម្តង​ ​។​ ​ជាក់ស្តែង​នៅក្នុង​បទចម្រៀង​នេះ​ផង​ដែរ​គឺ​មានការ​ដឹកនាំ​សម្តែង​ដោយ​លោក​ ​សយ​ ​រតនា​ ​និង​ និពន្ធ​ទំនុកច្រៀង​ដោយ​លោក​ ​សុ​ខ​លីម​ ​រក្សា​ ​និង​ សម្រួល​បទភ្លេង​ដោយ​ ​លោក​ ​អ៊ិ​ច​ ​សំណាង​ ​។​ ​នៅ​ពុំ​ទាន់​ដឹង​ថា​លោក​ ​ប៊ុត​ ​សីហា​ ​បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​នេះ​រយៈ​ ​ពេល​យូរ​កម្រិត​ណា​នោះ​ទេ​គ្រាន់តែ​តាមរយៈ​បទចម្រៀង​ ​«​បង​មិនទាន់​ចាស់​ទេ​​»​ របស់​ ​ប៊ុត​ ​សីហា​ ​ចេញ​ភ្លាម​សន្ទុះ​នៃ​ការ​គាំទ្រ​ ​ចាប់ផ្តើម​ខ្លាំង​ជា​បណ្តើរ​ៗ​ ​សូម្បីតែ​ផលិតកម្ម​ ​មរតក​ ​មេឌៀ​ ​ក៏បាន​យក​បទ​ ​ចម្រៀង​លោក​ទៅ​ផ្សព្វផ្សាយ​ផង​ដែរ​ ​។​ ​តោះ​ទស្សនា​ ​MV​ ​ចម្រៀង​ថ្មី​របស់​ ​ប៊ុត​ ​សីហា​ ​ទាំងអស់គ្នា​ ​។

    កុំឱ្យខកខានយូរ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

    https://youtu.be/TumwWSkIkyY

  • ថៃ​សុំ​ចែករំលែក​បទពិសោធន៍​និង​ចំណេះដឹង​អំពី​ការ​ជួសជុល​និង​អភិរក្ស​ប្រាសាទ​ឥដ្ឋ​បុរាណ​

    ថៃ​សុំ​ចែករំលែក​បទពិសោធន៍​និង​ចំណេះដឹង​អំពី​ការ​ជួសជុល​និង​អភិរក្ស​ប្រាសាទ​ឥដ្ឋ​បុរាណ​

    ​តាមរយៈ​ទំ​ព័រ​ផេ​ចក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បានឱ្យ​ដឹង​ថា​ ​អ្នកជំនាញ​ថៃ​ ​ដែល​កំពុង​បម្រើការ​ងារ​នៅក្នុង​វិស័យ​បេតិកភណ្ឌ​វប្បធម៌​ ​សុំ​ចែករំលែក​បទពិសោធន៍​និង​ចំណេះដឹង​អំពី​ការ​ជួសជុល​និង​អភិរក្ស​ប្រាសាទ​ឥដ្ឋ​បុរាណ​ពី​អ្នកជំនាញ​អភិរក្ស​ប្រាសាទ​ ​បុរាណ​ខ្មែរ​។​

    ​តប​តាម​ការ​អញ្ជើញ​របស់​នាយកដ្ឋាន​វិចិត្រ​សិល្បៈ​ថៃ​កាលពី​ថ្ងៃទី១៧​ ​ដល់​ថ្ងៃទី២១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩កន្លងមក​ ​អ្នកជំនាញ​អភិរក្ស​ប្រាសាទ​ ​បុរាណ​ខ្មែរ​ចំនួន​បី​រូប​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ ​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ស្តី​ពី​ ​“​ការ​ស្វែងយល់​អំពី​បច្ចេកទេស​បុរាណ​និង​ការប្រើ​សម្ភារៈ​បុរាណ​ ​ដើម្បី​ជួសជុល​ប្រាសាទ​ឥដ្ឋ​នៅ​តំបន់​អង្គរ​”​នៅ​ខេត្ត​ស្រះ​កែវ​ ​។​

    ​ក្នុង​សិក្ខាសាលា​នេះ​ ​អ្នកជំនាញ​ខ្មែរ​ទាំង​បី​រូប​មាន​៖​ ​លោក​ ​លី​ ​វណ្ណា​ ​បុរាណ​វិទូ​និង​ជា​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​ ​លោក​ ​តាន់​ ​សុផល​ ​អ្នក​អភិរក្ស​ឥដ្ឋ​ ​និង​លោក​ ​ហួន​ ​សុខ​ជាតិ​ ​វិស្វករ​ ​បាន​ចែករំលែក​បទពិសោធន៍​ ​ចំណេះដឹង​អំពី​បច្ចេកទេស​បុរាណ​ ​និង​ការប្រើ​សម្ភារៈ​បុរាណ​ដើម្បី​ជួសជុល​ប្រាសាទបុរាណ​សាង​អំពី​ឥដ្ឋ​ដល់​អ្នកជំនាញ​ថៃ​ជាង៣០នាក់​ ​ដែល​កំពុង​បម្រើការ​ងារ​នៅក្នុង​វិស័យ​បេតិកភណ្ឌ​វប្បធម៌​ ​មក​ពី​ការិយាល័យ​ប្រចាំ​តំបន់​ទូទាំង​ប្រទេស​នៃ​នាយកដ្ឋាន​វិចិត្រ​សិល្បៈ​នៃ​ប្រទេស​ថៃ​។​

    ​លោក​ ​លី​ ​វណ្ណា​ ​បានឱ្យ​ដឹង​ថា​ ​សិក្ខាសាលា​នេះ​គឺ​ផ្តើម​ចេញពី​ការយល់ឃើញ​ថា​ ​ដើម្បី​អភិរក្ស​និង​ជួសជុល​ប្រាសាទ​មួយ​ឱ្យ​រក្សា​បាន​នូវ​តម្លៃ​ដើម​ ​យើង​ត្រូវ​ប្រើ​បច្ចេកទេស​បុរាណ​និង​សម្ភារៈ​បុរាណ​គួបផ្សំ​ជាមួយនឹង​តម្រូវការ​ក្នុង​ពេល​ចាំបាច់​នៃ​ការប្រើ​បច្ចេកទេស​និង​សម្ភារៈ​ទំនើប​ដែល​មិន​ប៉ះពាល់​ដល់​លក្ខណៈ​សម្បត្តិ​បុរាណ​របស់​ប្រាសាទ​។​ ​នេះ​ក៏ដោយ​សារ​កន្លងមក​ ​ការ​ជួសជុល​ប្រាសាទ​ឥដ្ឋ​នៅ​ប្រទេស​ថៃ​ប្រើ​បាយ​អរ​ដែល​ជា​ល្បាយ​បាន​មក​ពី​ការ​លាយ​បញ្ចូល​គ្នា​នៃ​ខ្សាច់​ ​កំបោរ​ ​និង​ស៊ី​ម៉ង់​តិ៍​ផត​ឡែ​នដ៍​ពណ៌ស​ដើម្បី​បិទ​ ​បៀក​ ​និង​ភ្ជាប់​ឥដ្ឋ​។​ ​ការប្រើ​ប្រភេទ​ល្បាយ​ស៊ី​ម៉ង់​តិ៍​ដូចនេះ​ ​មិន​ត្រូវគ្នា​ជាមួយ​ឥដ្ឋ​បុរាណ​ឡើយ​ ​ដោយសារ​សម្ភារៈសំណង់​ទាំងពីរ​ប្រភេទ​នេះ​មាន​លក្ខណៈ​រឹងមាំ​ខុសគ្នា​ខ្លាំង​ ​ម៉្យាងទៀត​ស៊ី​ម៉ង់​តិ៍​អាច​នាំមក​នូវ​ការ​កកើត​អំបិល​បំផ្លាញ​ដល់​ឥដ្ឋ​បុរាណ​នៃ​ប្រាសាទ​។​

    ​លោក​បុរាណ​វិទូ​រូប​នេះ​បន្ត​ថា​ ​កត្តា​នេះ​ហើយដែល​នាយកដ្ឋាន​វិចិត្រ​សិល្បៈ​នៃ​ប្រទេស​ថៃ​មាន​កង្វល់​យ៉ាង​ខ្លាំង​អំពី​បញ្ហា​នៃ​ការប្រើ​ស៊ី​ម៉ង់​តិ៍​ ​ហើយក៏​ងាក​មក​គិត​អំពី​ការ​រិះរក​មធ្យោបាយ​ប្រើ​បច្ចេកទេស​ជួសជុល​ប្រាសាទ​ឥដ្ឋ​តាម​បែប​បុរាណ​និង​ប្រើ​បាយ​អរ​បុរាណ​។​ល​។​ ​ទើប​នាយកដ្ឋាន​វិចិត្រ​សិល្បៈ​នៃ​ប្រទេស​ថៃ​ផ្តួចផ្តើម​គំនិត​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ ​ដើម្បី​យក​បច្ចេក​បុរាណ​នេះ​ទៅ​អនុវត្ត​នៅក្នុង​គម្រោង​ជួសជុល​ប្រាសាទ​ខាវ​លួ​នដែល​ជា​ប្រាសាទ​ឥដ្ឋ​មួយ​មិនទាន់​ដឹង​កាលបរិច្ឆេទ​ច្បាស់លាស់​ស្ថិតនៅ​ក្នុង​ស្រុក​តា​ប្រា​យ៉ា​នៃ​ខេត្ត​សា​កែវ​ ​។​

    ​សូម​បញ្ជាក់​ថា​ ​នេះ​ជា​លើក​ទី១ដែល​អ្នកជំនាញ​អភិរក្ស​ប្រាសាទបុរាណ​ខ្មែរ​បាន​បំពេញបេសកកម្ម​ជា​ប្រវត្តិ​សាស្រ្ត​លើកដំបូង​និង​ជាទី​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា​ ​ដែល​មាន​ធនធានមនុស្ស​ដ៏​មាន​សមត្ថភាព​ក្នុង​ការ​ផ្តល់​នូវ​ចំណេះដឹង​ ​បទពិសោធន៍​អំពី​ការ​ជួសជុល​ប្រាសាទ​ឥដ្ឋ​ក្នុង​តំបន់​អង្គរ​ទៅកាន់​អន្តរជាតិ​៕​

  • នាយទាហាន​ម្នាក់​នៅ​ក្រុង​បាវិត​ ​ឈ្នះ​រង្វាន់១០០លាន​រៀល​ពី​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​

    នាយទាហាន​ម្នាក់​នៅ​ក្រុង​បាវិត​ ​ឈ្នះ​រង្វាន់១០០លាន​រៀល​ពី​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​

    ភ្នំពេញ​ ​៖​ ​នៅក្នុង​រដូវ​កាល​ថ្មី​នៃ​ការ​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់​ ​១០០លាន​រៀល​ ​រហូតដល់​ ​១០០រង្វាន់​ ​បុរស​ម្នាក់​ដែល​បម្រើការ​ងារ​ជា​នាយទាហាន​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​នូវ​ចំនួន​ទឹកប្រាក់​ ​១០០លាន​រៀល​ ​។​ ​

    ​បុរស​ដែល​មានសំណាង​ខាងលើ​នេះ​មានឈ្មោះ​ ​ស៊ុំ​ ​ឌី​ណា​ ​អាយុ​ ​៣៣​ ​ឆ្នាំ​ ​បច្ចុប្បន្ន​រស់នៅ​ ​ភូមិ​បាវិត​លើ​ ​សង្កាត់​បាវិត​ ​ក្រុង​បាវិត​ ​ខេត្តស្វាយរៀង​។​ ​

    ​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​នូវ​ចំនួន​ទឹកប្រាក់​ ​១០០លាន​រៀល​ដល់​លំនៅ​ដ្ឋាន​ ​ស្ថិតនៅ​ទីតាំង​ខាងលើ​នេះ​ ​លោក​ ​ស៊ុំ​ ​ ​ឌី​ណា​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​ស្ទើរតែ​រាល់ថ្ងៃ​បន្ទាប់ពី​ហត់នឿយ​ ​និង​អស់កម្លាំង​លោក​តែងតែ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​ទទួលទាន​ជាប្រចាំ​។​ ​ដោយឡែក​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​លោក​បាន​ទិញ​ភេសជ្ជៈ​ ​ខា​រ៉ា​បាវ​ ​ពី​អ្នកលក់​ដែល​ស្ថិតនៅ​ជិត​ផ្ទះ​ចំនួន​មួយ​កំប៉ុង​ ​ដើម្បី​ទទួលទាន​។​ ​លុះ​ពេល​គាស់​ទទួលទាន​ក៏​ស្រាប់តែ​ឃើញ​មារង្វាន់១០០លាន​រៀល​តែម្ដង​។​ ​ភ្លាម​នោះ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​ ​រីករាយ​ជា​ខ្លាំង​ ​ស្ទើរតែ​មិន​ជឿ​ភ្នែក​ខ្លួនឯង​ ​ហើយក៏​ស្រែក​ប្រាប់​អ្នកលក់​ ​និង​មនុស្ស​ដែល​ស្ថិត​ជិត​គ្នា​ឱ្យ​ជួយ​ពិនិត្យ​ ​និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង​។​ ​

    ​លោក​បាន​បន្ត​ទៀត​ថា​ ​៖​ ​ទឹកប្រាក់១០០លាន​រៀល​នេះ​គឺ​ពិតជា​មាន​សារសំខាន់​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក​ខ្លាំង​ណាស់​។​ ​ក្រោយពី​ទទួល​បាន​ទឹកប្រាក់​រង្វាន់​ ​១០០លាន​រៀល​ពី​ភេសជ្ជៈ​ខា​រ៉ា​បាវ​ ​លោក​នឹង​យក​មួយចំនួន​ជួយ​ដល់​គ្រួសារ​ដែល​ឪពុក​កំពុង​មាន​ជំងឺ​ ​ហើយ​ទុក​មួយចំនួន​ទៀ​សម្រាប់​សង់ផ្ទះ​ ​ ​និង​បង្កើត​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ ​ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។​ ​

    ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ ​ក្រុមហ៊ុន​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​ ​១០០លាន​រៀល​ ​កើនឡើង​ដល់​ ​១០០​ ​រង្វាន់​ ​,​ ​បន្ថែម​ទឹកប្រាក់​ចំនួន​ ​១០​ ​ ​លាន​រៀល​ ​ចំនួន១០០​ ​រង្វាន់​,​ ​ម៉ូតូ​ ​HONDA​ ​Dream​ ​កើនឡើង​ដល់​ ​១០០​ ​រង្វាន់​ ​,​ ​ទូរស័ព្ទ​ដៃ​ ​iPhone​ ​កើនឡើង​ដល់​ ​១០០​ ​រង្វាន់​ ​រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់1កំប៉ុង​ ​រាប់​លាន​កំប៉ុង​ ​ដោយ​គ្មាន​ការកំណត់​នោះ​ទេ​ ​។​ ​សូម​ចំណាំ​ ​៖​ ​សម្រាប់​រង្វាន់​ពិតប្រាកដ​ ​គឺ​មានតែ​នៅ​សម្បក​កំប៉ុង​ ​ដែល​មាន​អក្សរខ្មែរ​ជា​សញ្ញាសម្គាល់​តែប៉ុណ្ណោះ​ ​៕​

     

  • កម្ពុជា​-​កូរ៉េ​ ​ចុះ​កិច្ចសន្យា​សាងសង់​ពង្រីក​ផ្លូវជាតិ​លេខ2​ ​និង​លេខ22​

    កម្ពុជា​-​កូរ៉េ​ ​ចុះ​កិច្ចសន្យា​សាងសង់​ពង្រីក​ផ្លូវជាតិ​លេខ2​ ​និង​លេខ22​

    ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ចុះហត្ថលេខា​ជាមួយនឹង​ក្រុមហ៊ុន​កូរ៉េ​ ​Hanshin​ ​Engine​ ​ering​ ​and​ ​Construction​ ​Co​.​,​ ​Ltd​ ​លើ​កិច្ចសន្យា​សាងសង់​ក្នុង​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ2​ ​និង​ផ្លូវ​លេខ22​ ​ថ្ងៃទី​ពី25​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​ម្សិលមិញ​នេះ​។​

    ​សូមជម្រាប​ថា​ ​គម្រោង​នេះ​ ​គឺ​ស្ថិត​ក្រោម​ឥណទាន​ពី​ធនាគារ​នីហរ័ណ​អាហរ័ណ​កូរ៉េ​ ​(​Export​ ​-​ ​Import​ ​Bank​ ​of​ ​Korea​)​ ​នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​(​EDCF​)​ ​ដែល​មាន​ចំនួន​ទឹកប្រាក់​សរុប​ ​56,100,000​ ​ដុល្លារ​អាមេរិក​ ​(​Loan​ ​Agreement​)​។​ ​ដោយឡែក​ពិធី​ចុះហត្ថលេខា​ថ្ងៃនេះ​ ​គឺ​មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​ ​47,750,000ដុល្លារ​អាមេរិក​។​

    ​ឯកឧត្តម​ ​ស៊ុន​ ​ចាន់​ថុល​ ​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ថ្លែង​ក្រោយ​ពិធី​ចុះហត្ថលេខា​នេះ​ដោយ​រំពឹង​ថា​ ​ការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេ2​ ​និង​លេខ22នេះ​ ​នឹង​ធ្វើឡើង​ក្នុង​អំឡុង​ខែវិច្ឆិកា​ ​ឬ​ខែធ្នូ​ខាងមុខ​។​

    ​គម្រោង​នេះ​ ​មាន​ប្រវែង​សរុប​ ​72,17គីឡូម៉ែត្រ​ ​ដោយ​ឆ្លងកាត់​រាជធានី​-​ខេត្ត​ចំនួន3​ ​រួមមាន​ខេត្តកណ្តាល​ ​រាជធានី​ភ្នំពេញ​ ​និង​ខេត្តតាកែវ​ ​គិត​ចាប់ពី​រង្វង់​មូល​តាខ្មៅ​ ​(​ស្ថិត​ក្នុង​ក្រុង​តាខ្មៅ​ ​ខេត្តកណ្តាល​)​ ​ដល់​រង្វង់​មូល​អូរ​ចំបក់​ ​(​ស្ថិត​ក្នុង​ក្រុង​ដូនកែវ​ ​ខេត្តតាកែវ​)​ ​និង​ផ្លូវជាតិ​លេខ22​ ​ពី​រង្វង់​មូល​អូរ​ចំបក់​ដល់​ផ្លូវជាតិ​លេខ3​ ​ត្រង់​ផ្សារ​អង្គតាសោម​។​គម្រោង​នេះ​បែងចែក​ជា3កំណាត់​ផ្លូ​វធំៗ​មាន​ដូចជា​៖​

    ​-​កំណាត់​ទី1​-​ ​ចាប់ផ្តើម​ចេញពី​រង្វង់​មូល​តាខ្មៅ​ ​ដល់​រង្វង់​មូល​ស្រ្តី​បី​កួរស្រូវ​ ​ដែល​មាន​ប្រវែង​ ​8,7គ.ម​ ​។​ ​ពង្រីក​ពី​ ​2គន្លង​ ​ទៅ​ ​4គន្លង​ ​ដែល​នៅ​តំបន់​ទីប្រជុំជន​ ​ប្រវែង​ ​4,3គ.ម​ ​មាន​ទទឹង​ផ្លូវ​ ​15ម៉​ ​និង​ក្រៅ​តំបន់​ទីប្រជុំជន​មាន​ទទឹង​ផ្លូវ​ ​20,5ម៉​។​ ​កំណាត់ផ្លូវ​នេះ​ក្រាល​បេតុង​កៅស៊ូ​ ​(​AC​)​ ​ដែល​មាន​កម្រាស់​ ​12ស.ម​។​
    ​-​កំណាត់​ទី2​-​ ​ចាប់ផ្តើម​ពី​រង្វង់​មូល​ស្រ្តី​បី​កួរស្រូវ​ ​ដល់​រង្វង់​មូល​អូរ​ចំបក់​ ​ដែល​មាន​ប្រវែង​ ​53,81គ.ម​ ​ស្ថិត​ក្នុង​តំបន់ជនបទ​។​ ​កំណាត់ផ្លូវ​នេះ​មាន​ ​2គន្លង​ ​និង​ទទឹង​ ​13ម​ ​ក្រាល​បេតុង​កៅស៊ូ​ ​(​AC​)​ ​ដែល​ ​មាន​កម្រាស់​ ​10ស.ម​។​
    ​-​កំណាត់​ទី3​-​ ​ចាប់ផ្តើម​ពី​រង្វង់​មូល​អូរ​ចំបក់​ ​ដល់​ផ្សារ​អង្គតាសោម​ ​(​ផ្លូវជាតិ​លេខ22​)​ ​ដែល​មាន​ប្រវែង​ ​9,6គ.ម​ ​ស្ថិត​ក្នុង​តំបន់ជនបទ​។​ ​កំណាត់ផ្លូវ​នេះ​មាន​ទំហំ​ទទឹង​ផ្លូវ​សរុប​ ​13ម​ ​ក្រាល​បេតុង​ ​កៅស៊ូ​ ​(​AC​)​ ​ដែល​មាន​កម្រាស់​ ​10ស.ម​។​

    ​គម្រោង​ខាងលើ​ធ្វើការ​ពង្រីក​លើ​ផ្លូវ​ចាស់​ដោយ​ក្រាល​កៅស៊ូ​ ​AC​ ​សាងសង់​ស្ពាន​ថ្មី​ចំនួន11កន្លែង​ ​និង​ស្ថាបនា​លូ​រំដោះ​ទឹកភ្លៀង​ ​មាន​លូ​ជ្រុង​កាត់ទទឹង​ថ្នល់​ ​56កន្លែង​ ​និង​លូ​មូល​កាត់ទទឹង​ថ្នល់​ ​17កន្លែង​។​ ​ការស្ថាបនា​នេះ​ ​គ្រោង​នឹង​ប្រើ​រយៈពេល​ ​30ខែ​ ​(​ប្រហែល2ឆ្នាំ​កន្លះ​)​៕​





  • ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អាហ្វហ្គានីស្ថាន​ ​1រូប​ត្រៀម​ធ្វើតេស្ត​ចូល​ក្លិប​មួយ​នៃ​លី​ក​កំពូល​កម្ពុជា​

    ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អាហ្វហ្គានីស្ថាន​ ​1រូប​ត្រៀម​ធ្វើតេស្ត​ចូល​ក្លិប​មួយ​នៃ​លី​ក​កំពូល​កម្ពុជា​

    ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ក្រុមជម្រើសជាតិ​អាហ្វហ្គានីស្ថាន​ ​Mustafa​ ​Zazai​ ​បាន​បង្ហាញថា​ ​ខ្លួន​កំពុង​ធ្វើតេស្ត​ក្នុង​ក្រុម​មួយ​នៃ​លី​ក​កំពូល​កម្ពុជា​ ​ដើម្បី​ត្រៀម​ចូលលេង​ក្នុង​ជើង​ទី2​ ​នៃ​រដូវ​កាល​នេះ​។​

    ​ទោះជា​បែបនេះ​ក្តី​ ​កីឡាករ​រូប​នេះ​មិនបាន​បញ្ជាក់​ច្បាស់​ឡើយ​អំពី​ឈ្មោះ​ក្លិប​ដែល​ខ្លួន​កំពុង​ធ្វើតេស្ត​សមត្ថភាព​នេះ​ទេ​ ​ដោយ​និយាយ​ថា​ ​ទាល់តែ​ច្បាស់​ការណ៍​ជាមុន​សិន​ ​សឹម​ប្រាប់​តាម​ក្រោយ​ ​ពីព្រោះ​មិនទាន់​ច្បាស់​ថា​ ​ក្លិប​នោះ​ព្រម​ទទួលយក​រូបគេ​ ​ឬក៏​អត់​នៅឡើយ​ទេ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​រូប​នេះ​ទើបតែ​បញ្ចប់​កុងត្រា​មក​ពី​ក្លិប​លី​ក​ទី2​ ​ម៉ាឡេស៊ី​ ​KELANTAN​ ​FA​ ​ក្រោយពី​បញ្ចប់​ជើង​ទី1​ ​កាលពី​ពេល​កន្លងទៅ​៕​