Author: អេបិល

  • មើលសម្រស់ យាយ យ៉យ និងយាយ អឿន ក្រោយពេលធ្វើការកែសម្ផស្ស

    មើលសម្រស់ យាយ យ៉យ និងយាយ អឿន ក្រោយពេលធ្វើការកែសម្ផស្ស

    ប្រឡូកសិល្បៈមកជាច្រើនឆ្នាំមកហើយ តារា​កំប្លែង​ជើង​ចាស់ដែលពោរពេញ​ដោយ​ទេពកោសល្យ និង​វោហាស័ព្ទ​ទាំង​២រូប ​យាយ​យ៉យ​ និង​យាយ​អឿន​ មិនដែលធ្វើឱ្យមហាជនអ្នកគាំទ្រខកចិត្តជាមួយការ​លេង​កំប្លែងរបស់ពួកគាត់។ អាជីពជាតារាកំប្លែងនេះ គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​គាត់​ ហើយ​គាត់​ក៏​ពេញ​ចិត្ត​នឹង​ការងារ​នេះ​ដែរ​ ពីព្រោះ​វា​ហាក់​ដូច​ជា​ការ​ធ្វើ​បុណ្យ​អ៊ីចឹង​ ដោយ​អាច​ធ្វើ​ឱ្យ​ទស្សនិកជន​សើច​សប្បាយ​ បំភេ្លច​អស់​ទុក្ខ​កង្វល់​ និង​ជួយ​បង្កើន​អាយុ​ទៀត​ផង​។

    ថ្មី​ៗនេះ ​តារាកំប្លែង​ដែលមាន ​វោហាកោសល្យទាំង​២រូប ​បើ​ធ្វើឱ្យអ្នកគ្រប់​គ្នា​មាន​ការ​ចាប់​អារម្មណ៍​​ បន្ទាប់​ពី​បាន​​បង្ហាញ​ នៅ​មុខ​មាត់​​ថ្មី ​ក្រោយ​ពី​បាន​ធ្វើ​ការ​កែ​សម្ផស្ស​រួចមក​។ ពោល​ឃើញថា តារាកំប្លែង​ទាំងពីរ ​បាន​ធ្វើ​ការ​អ៊ុត​មុខ វះកាត់​សាច់​ត្របក​ភ្នែក​ធ្លាក់ ធ្វើ​ច្រមុះ​ដែល​បាន​ជួយ​ឱ្យ​សម្រស់ ​កាន់​តែក្មេង​ជាង​វ័យ ស្រស់​ស្អាត​បានមួយកម្រិតថែមទៀត។ ស្រប​ពេល​ជា​មួយ​គ្នា​​នេះ​ដែរ ​ក៏​មាន​អ្នកលេង ​បណ្តាញ​សង្គម​ជាច្រើន​បាន​​ចូល​ទៅ​បញ្ចេញ​មតិ ​សរសើរ​ពី​សម្រស់ ​ស្រស់ស្អាតប្លែក​​ខ្លាំង ​ក្រោយពីតារាកំប្លែង​យាយ​យ៉យ​ និង​យាយ​អឿន​ ​បាន​កែមុខ​មាត់ រួចហើយ​នោះ​ផងដែរ៕

  • ទីបំផុតMVបទ « អំពើល្អ » លេចចេញជារូបរាងផ្លូវការហើយ

    ទីបំផុតMVបទ « អំពើល្អ » លេចចេញជារូបរាងផ្លូវការហើយ

    រហូតដល់ជាង១ខែ ដែលបទចម្រៀង « អំពើល្អ »ត្រូវបានសម្ងំផលិតដោយយកចិត្តទុកដាក់ ដោយទើបតែបានចេញបង្ហោះជាផ្លូវការប៉ុណ្ណោះ កាលពីថ្ងៃទីយប់ថ្ងៃទី 18 កក្កដា ឆ្នាំ2020 នៅលើផេក Merl Merl TV ដែលជាផេកផ្លូវការរបស់ក្រុមហ៊ុនដែលជាជួយក្នុងការផលិត។

    នៅក្នុង MV នេះ សាច់រឿងសំខាន់ៗទាំង៩ ដែលជាការនិពន្ធឡើងដោយស្ថាបនិកគ្រួសារតារាកម្ពុជា ក្រោមការដឹកនាំសម្ដែងដោយផលិតករលោក ឆាយ វណ្ណៈ ទទួលបានការសរសើរពីសំណាក់មហាជនយ៉ាងខ្លាំង ដោយសារតែសាច់រឿងនៅក្នុងបទនេះ មានន័យចាក់ដោត ឆ្លុះបញ្ចាំងពីអំពើល្អ។ នេះជាស្នាដៃរបស់លោក ផាត់ តារារដ្ឋ ដែលជាស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាអ្នកបកស្រាយផ្ទាល់នៅក្នុងបទចម្រៀង បន្ទាប់ពីលោកយល់ថា គួរតែមានស្នាដៃមួយ ដើម្បីបំផុសពីអំពើល្អនៅក្នុងសង្គម។

    បទនេះមានការបកស្រាយដោយតារាចម្រៀងស្រី កញ្ញា ហុិន លីដា ដែលជាបេក្ខជន3នាក់ចុងក្រោយ របស់កម្មវិធី Cambodian idol រដូវកាលទី2។ MV បទនេះ មានការចូលរួមសម្ដែងដោយតួសម្ដែងសរុបទាំងអស់ជាង៥០តួ ក្រោមការផលិតរបស់ក្រុមហ៊ុនអាំអាតមេឌា របស់ផលិតករ លោក ឆាយ វណ្ណៈ។ ដោយសារតែមានការចូលរួមសម្ដែង និង ផលិតសុទ្ធតែពីអ្នកមានស្នាដៃនេះហើយ ទើបធ្វើឱ្យសាច់រឿងក្នុង MV បទ”អំពើល្អ”ដែលទើបចេញបង្ហោះ ទាក់ទាញអ្នកគាំទ្រពីគ្រប់ស្រទាប់វណ្ណៈ។ លោក ផាត់ តារារដ្ឋ អ្នកនិពន្ធបទភ្លេង និងទំនុកច្រៀង បានបង្ហាញនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះដៃគួចម្រៀង គឺកញ្ញា ហុិន លីដា ចំពោះតារាសម្ដែងទាំងអស់ ជាពិសេសគឺផលិតកររបស់ក្រុមអាំណាតមេឌាតែម្ដង ដែលបានសហការរួមកន្លងគ្នា ធ្វើអោយបទ”អំពើល្អ”លេចចេញជារូបរាងឡើង។

    ស្នាដៃបទនេះ លោកថានឹងក្លាយជាវីដេអូឯកសារចំពោះមនុស្សគ្រប់ស្រទាប់វណ្ណៈ ដើម្បីបំផុសអោយកាន់តែមានអំពើល្អនៅក្នុងសង្គម ជាមួយមនុស្សជាវិញខ្លួន និងចំពោះក្រុមគ្រួសារតែម្ដង។ ចង់ដឹងថា MV បទ”អំពើល្អ”មានរសជាតិកម្រិតណា សូមរីករាយទស្សនា៖

  • រំលែកទុក្ខក្រៀមក្រំ ! លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន តួអង្គព្រាហ្មណ៍ស្មូម តាជូជក ពេលនេះលោកមរណភាពហើយ

    រំលែកទុក្ខក្រៀមក្រំ ! លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន តួអង្គព្រាហ្មណ៍ស្មូម តាជូជក ពេលនេះលោកមរណភាពហើយ

    យោងតាមការបង្ហោះរបស់ផេកសិល្បករកម្ពុជា បានរៀបរាប់ថា « ទោះបីគាត់ឈឺធ្ងន់យ៉ាងណារហូតដល់ទទួលមរណភាពថ្ងៃនេះក៏គាត់មិនដែលលើកដៃ សុំអំណោយគេឡើយ សូមចូលរួមសោកស្តាយ ចំពោះការបាត់បង់មរតកមនុស្សរស់ លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈ ដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីទេពកោសល្យសម្តែងរបស់លោកតាយ៉ាងច្បាស់ តាមរយៈតួរអង្គ «តាជូជក» នៅក្នុងយីកេររឿងព្រះវេសន្តរអំឡុងឆ្នាំ80ជាង ។ សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកតា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

    សូមជម្រាបបន្ថែមថា ព្រឹទ្ធាចារ្យ​​សិល្ប ព្រីង សាឃន (ប្រហែល​ជា​កើត​នៅ​ឆ្នាំ 1936 ឬ 1937) កើត​នៅ​ ភូមិ​​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខែត្រ​កំពង់ចាម ។ នៅ​ឆ្នាំ 1953 លោក​បាន​ចូល​រៀន​ផ្នែក​ល្ខោន​និយាយ​នៅ​អតីត​សាលា​ល្ខោន​ជាតិ ដែល​ក្រោយ​មក​ប្ដូរ​ឈ្មោះ​មក​ជា សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ។ បន្ទាប់​ពី​រៀន​ចប់​ហើយ លោក​បាន​សម្ដែង​នៅ​លើ​ឆាក​ជា​ច្រើន​រឿង តែ​ក្នុង​តំណែង​ជា​តួ​រាយរង​ប៉ុណ្ណោះ ។

    នៅ​ក្រោយ​របប​ខ្មែរ​ក្រហម​ដួល​រលំ​ទៅ គាត់​បាន​ត្រឡប់​មក​ភ្នំពេញ​វិញ ដោយ​ប្រកប​អាជីព​ជា​អ្នក​សម្ដែង​​ជា​តួ​រាយរង​ដ​ដែរ ។ តួអង្គ​ដែល​ធ្វើ​ឲ្យ​​ទស្សនិកជន​ស្គាល់​គាត់​ច្បាស់​បំផុត​នោះ គឺ​ការ​សម្ដែង​ជា​ តា​ជូជក ក្នុង​រឿង​ព្រះ​វេស្សន្ដរ នៅ​ឆ្នាំ 1993 ។
    នៅ​ថ្ងៃ9 ខែមករា 2013 គាត់​បាន​ទទួល​ងារ​ជា​ នាដ​កោសល្យ​វដ្តី យោង​តាម ព្រះរាជ​ក្រឹត្យ ស្ដី​ពី​ប្រព័ន្ធ​មត៌ក​មនុស្ស​រស់ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដើម្បី​ឆ្លើយ​តប​នឹង ការ​លះបង់​ និង​ការ​ពុះ​ពារ​ឥត​ខ្លាច​នឿយ​ហត់ ក្នុង​ការ​​ធ្វើ​ពលិកម្ម​ជា​ច្រើន​បម្រើ​ឲ្យ​វិស័យ​សិល្បៈ​ខ្មែរ និង​ដោយ​ផ្អែក​លើ​តម្លៃ​គុណ​សម្បត្តិ ដូច​ជា ចំណេះ​ដឹង ជំនាញ ទេពកោសល្យ និង​បច្ចេកទេស ស្នាដៃ​ឯក​ ផ្នែក​បេតិកភណ្ឌ​វប្បធម៌​អរូបី ។ ជាមួយគ្នានេះដែរគាត់​ទទួល​បាន​ មេដាយ​មាស​ការងារ​ ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ផង​ដែរ៕

  • ក្រើកពេញហ្វេសប៊ុក !! អ្នកគាំទ្រតារា Kpop កំពុងមានបញ្ហាខ្លាំងជាមួយ នូ ឧសភា និងថេណា

    ក្រើកពេញហ្វេសប៊ុក !! អ្នកគាំទ្រតារា Kpop កំពុងមានបញ្ហាខ្លាំងជាមួយ នូ ឧសភា និងថេណា

    អ្នកចម្រៀងនិងសម្ដែងថ្គាមខ្លាខ្ពស់ស្រឡះស្រស់សង្ហា នូ ឧសភា ក្រោយពីចូលរួមក្នុងកម្មវិធី My Reaction My TV ដែលតម្រូវឱ្យលោកបង្ហាញអារម្មណ៍ពិតក្រោយពេលមើលវីដេអូចម្រៀងរបស់ក្រុម EXO ជាក្រុមចម្រៀង K-pop ដ៏ល្បីរួចមក ស្រាប់តែធ្វើឱ្យអ្នកគាំទ្រក្រុមនេះមានការខឹងសម្បារលោកយ៉ាងខ្លាំងព្រោះតែលោកបាននិយាយលេងសើចថាសមាជិកម្នាក់ក្នុងក្រុមនេះពេលដោះមួកចេញមើលទៅដូច សុខា ។ ក្រោយនិយាយលេងសើចបែបនេះរួចមកបណ្ដាអ្នកគាំទ្រក្រុមនេះមួយចំនួនបានទាមទារឱ្យម្ចាស់បទ “ព្រងើយ” រូបនេះសុំទោសដល់ក្រុម EXO ជាសាធារណៈ ប៉ុន្តែលោកមិនបានបង្ហាញឥរិយាបថណាមួយព្រមសុំទោសតាមការទាមទារនោះឡើយ។

    ដោយឡែក មួយរយៈពេលមុននេះ តារាចម្រៀងវ័យក្មេងគឺលោក ថេណា ក៏ត្រូវបានអ្នកគាំទ្រក្រុម BTS រិះគន់ចំៗនិងចោទថាលោកលួចចម្លងរូបគំនូរក្នុងបទចម្រៀង “Forever Rain” របស់ក្រុម BTS តារាល្បីកូរ៉េ ផងដែរ។ ក្រោយរងការរិះគន់ លោក ថេណា ក៏បានបកស្រាយភ្លាមៗថា៖ “រូប​នឹង​ខ្ញុំ​យក​ពី​ Pinterest មក​ទេ​អត់​មាន​ដឹង​ថា​ជា​របស់​បទ​ BTS នោះ​ទេ​ ឃើញ​វា​ស្អាត​មើល​ទៅ​កំសត់​ក៏​យក​មក​ដាក់​ទៅ​ហើយ​រូប​អត់​ច្បាស់​ក៏​ពួក​ម៉ាក​ខ្ញុំ​វា​គូរតាម​ឡើង​វិញ​ម្តង​ទៀត​ មូលហេតុ​ដែល​ខ្ញុំ​ប្រើ​រូប​តាម​ internet ក៏​ដោយ​សារ​គិត​ថា​វា​ជា​បទ​ដែល​ខ្ញុំ​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ខ្ញុំ​គ្រាន់​តែ​ធ្វើ​លេង​តែ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​ថា​ខ្លួន​ឯង​មិន​មែន​ជា​តារា​ស្តង់ដាអី​ដូច​គេ​ទេ​ គ្រាន់​តែ​ច្រៀង​បង្ហោះ​តាម​ internet លេង​គិត​ថា​វា​មិន​ប៉ះពាល់​អី​ទេ​គ្រាន់​តែ​រូបភាព​គេ​ដាក់​ឱ្យប្រើ​ប្រាស់​ free តែ​បើ​ចឹង​ហើយ​ចាំ​លុប​ក៏​បា​ន​ ហើយ​អ្នក​ផ្សេង​ក៏​យក​រូប​ពី​ internet ដូច​តែ​គ្នា​នឹង​គ្រាន់តែ​មិន​ចំ​របស់​ BTS យាយ​ត្រង់បើ​ដឹង​របស់​ BTS អត់​យក​ទេ​ស្អែក​ post ថ្មី​ចាំ​លុប​ចោល​ក៏បាន​”។

    មិនត្រឹមតែមិនធ្វើឱ្យ អ្នកគាំទ្រក្រុម BTS ស្ងប់អារម្មណ៍ទេ ប៉ុន្តែឃ្លាដែលតារាចម្រៀងរូបនេះនិយាយថា “…BTS យាយ​ត្រង់​បេី​ដឹង​របស់​ BTS អត់​យក​ទេ​ស្អែក​ post ថ្មី​ចាំ​លុប​ចោល​ក៏បាន…” គឺកាន់តែធ្វើឱ្យមានការមិនពេញចិត្តទ្វេឡើង ព្រោះគេយល់ឃើញថាជាពាក្យដែលបង្កប់ការរើសអើងមិនឱ្យតម្លៃដល់ក្រុមតារា K-pop នេះកាន់តែខ្លាំង។ ទោះបីជាយ៉ាងណា ថេណា មិនបានសុំទោសជាសារណៈតាមការស្នើសុំនោះឡើយ៕

  • កាឡាក់ស៊ីណាវ៉ាត្រា ត្រៀមបញ្ចេញអាគារផលិតកម្មជាង 3លានដុល្លារ

    កាឡាក់ស៊ីណាវ៉ាត្រា ត្រៀមបញ្ចេញអាគារផលិតកម្មជាង 3លានដុល្លារ

    តាមរយៈការបញ្ចេញរូបភាពចំនួន4សន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា គេបានដឹងថា លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានប្រកាសជាចាយប្រាក់សាងសង់អាគារដ៏ធំស្កឹមស្កៃមួយដែលចាយប្រាក់សាងសង់3លានដុល្លារ ដើម្បីជំរុញការបណ្ដុះបណ្ដាលធនធានបន្ថែមទៀត ទៅលើផ្នែកសិល្បៈ និងជាគោលបំណងប្រកួតប្រជែងជាមួយទីផ្សារសិល្បៈឆាកអន្ដរជាតិ។

    ម្ចាស់ផលិតកម្មរូបនេះ ក្រៅពីមុខជំនួញដីធ្លី និងគ្រប់គ្រងផលិតកម្មចម្រៀង និងភាពយន្ដ លោកក៏ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងផងដែរ តាមរយៈទឹកចិត្តដ៏ប្រពៃរបស់លោក តែងតែចូលរួម ក្នុងកិច្ចការមនុស្សធម៌ជាញឹកញាប់ផងដែរ។ លោកឡេង ណាវ៉ាត្រា ពិតបានសាងប្រជាប្រិយភាពក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយមានងារជាឧកញ៉ាវ័យក្មេង។

    សូមជម្រាបដែរថា តារាចម្រៀងស្រីប្រុស ដែលមាននៅក្នុងផលិតកម្មកាឡាក់ស៊ី គេឃើញមាន កញ្ញា តន់ ច័ន្ទសីម៉ា កញ្ញា អ៊ុក សុវណ្ណារី ប្អូនប្រុស ប៊ុន ធឿន លោក Tempo និងតារាចម្រៀងថ្មីៗជាច្រើននាក់ទៀត ដែលកំពុងសម្ញំចេញបទចម្រៀងថ្មី ក្រោមការដឹកនាំផលិតដោយ លោក យឹម តាស្រង់ ជាអតីតអ្នកនិពន្ធល្បីក្នុងផលិតកម្មថោន៕

  • ដឹងទេ ARRIបង្ហាញខ្លួនដំបូងជាផ្លូវការនៅកម្ពុជា តាមរយៈភាពយន្តខ្នាតធំរឿង«កម្ម»?

    ដឹងទេ ARRIបង្ហាញខ្លួនដំបូងជាផ្លូវការនៅកម្ពុជា តាមរយៈភាពយន្តខ្នាតធំរឿង«កម្ម»?

    កាលពីរសៀលថ្ងៃទី១២ ខែកក្កដា កន្លងទៅនេះ «ដានស៊ីងរ៉េន» (DancingRains) ដែលជាក្រុមហ៊ុនចែកចាយ ភាពយន្តខ្នាតធំរឿង«កម្ម» របស់ផលិតកម្ម «រាម» (Ream Production) បានរៀបចំសិក្ខាសាលាពិសេសមួយនៅ ទីតាំងថតផ្ទាល់របស់រឿងរន្ធត់មួយនេះតែម្តង ដល់សមិទ្ធិករភាពយន្តនៅក្រុងបាត់ដំបង ដើម្បីពង្រឹងចំណេះដឹងរបស់ ពួកគាត់លើផ្នែកថតភាពយន្ត ដោយកាមេរ៉ាទំនើបកម្រិតហូលីវូឌ ហៅថាARRI (ដែលអានថា «អេរី»)។

    ក្នុងឱកាសនោះ លោក ភិជិត ឬទ្ធា អ្នកដឹកនាំរឿង«កម្ម» និងជាតំណាងចែកចាយARRI Cambodia មានប្រសាសន៍ថា៖ «ប្រសិនបើទាំងអស់គ្នាចូលចិត្តរឿងហូលីវូដ ហើយចាប់អារម្មណ៍គុណភាពរូបពីអេក្រង់ នោះខ្ញុំអាចប្រាប់ថា​គឺមកពី កាមេរ៉ាARRIនេះឯង។ ចំពោះដំណើរការផលិតរឿង «កម្ម» ក្រុមការងារយើងសម្រេចប្រើកាមេរ៉ា ARRI Alexa Mini LF ដែលជាម៉ូដែល ARRI ALEXA MINI  ចុងក្រោយគេ ដែលជួយលើកគុណភាព រូបភាពបានកម្រិតខ្ពស់ ដែលធ្វើឱ្យ យើងមាន ភាពងាយស្រួលកែសម្រួលទាំងក្រាហ្វិច និងការរចនាប្លង់ផ្សេងៗ នៅកំឡុង ពេលប្រើប្រាស់បច្ចេកទេសកាត់ត ដែលក្រុមបច្ចេកទេសរចនារូបភាពយើងចង់បាន ក្នុងការធ្វើឱ្យគុណភាពរូបភាព និងសម្លេងរបស់រឿងនេះកាន់តែ ប្រណីត។»

    ចំណែក លោកនៅ សុវណ្ណារ័ត្ន ដែលជាប្រធានផ្នែករូបភាព (Director of Photography) ឯនោះវិញ បានបញ្ជាក់ ថា៖ «មូលហេតុដែលផលិតកម្ម«រាម»ជ្រើសរើសយកARRI គឺដោយសារ៣ចំណុច។ ទី១ ផលិតកម្មចង់ពង្រឹងគុណភាព ភាពយន្តឱ្យខ្លាំង ដោយប្រើកាមេរ៉ាលំដាប់អន្តរជាតិ។ ទី២ យើងចង់នាំចេញស្នាដៃដែលយើងផលិត ឱ្យបានលក់ចេញទៅ ក្រៅស្រុក ដោយការសម្រិតសម្រាំងទាំងរូបភាព និងប្រភេទកាមេរ៉ា។ ទី៣ បើស្ត់ងដាររូបភាព និងការងារយើងល្អហើយ មិនថាទស្សនិកជនក្នុងស្រុក ឬបរទេស ពួកគាត់នឹងទទួលស្គាល់បាន។»

    សម្រាប់លោក រុន សុខហេងដែលជាការីថតអាជីព (Cinematographer) និងត្រូវបណ្តាញអ្នកថតភាពយន្ត ស្គាល់តាម រយៈគណនី Frame29 ហើយត្រូវបានជ្រើសរើសថតរឿង«កម្ម»នេះវិញ យល់ថា៖ «ក្នុងនាមខ្ញុំជា អ្នកថតយូរឆ្នាំហើយ ខ្ញុំតែងតែស្វែងរកម៉ាកកាមេរ៉ាណាដែលផ្តល់ភាពងាយស្រួលសម្រាប់ការងារខ្ញុំ។ ដូច្នេះ ARRI ជាពិសេស Alexa Mini LF សម្រាប់ខ្ញុំ ប្រៀបដូចជាជំនួយការដ៏តូចច្រឡឹង (compact)ផ្នែករូបភាពរបស់ដែលដឹងចិត្ត ខ្ញុំ។ មិនថាខ្ញុំថតក្នុងម្លប់ ឬ ប្រើពន្លឺថ្ងៃ កាមេរ៉ាសម្រួលកម្រិតពណ៌ (Color-grading) បានងាយ។ ឧបករណ៍ភ្ញោច (Sensor) មានភាពរស់ជាមួយ ពន្លឺខាងក្រៅ ដែលកាត់បន្ថយការកែសាច់ពណ៌ (Color Tone)។» មួយវិញទៀត ARRI សម្រួលដល់ការកាត់ត រូបភាព ជាមួយអេក្រង់ខៀវ ឬបៃតង (Green or Blue Screens) សក្តិសមជាមួយរូបារម្មណ៍ របស់រឿងរន្ធត់ដូចជា «កម្ម»នេះ តែម្តង។»

    បើក្រឡេកទៅលោក ប៉ោយ ឈុនលី តំណាងឱ្យសិក្ខាកាមវគ្គបង្ហាត់បង្ហាញARRIនេះវិញ ដែលគេឯងច្រើនហៅថា Pacquiao ខ្មែរនោះ លោកបានសម្តែងការភ្ញាក់ផ្អើលថា៖ «បន្ទាប់ពីសិក្សាស្វែងយល់ពីARRI តាមរយៈឧទាហរណ៍ រឿង «កម្ម»រួចហើយ ខ្ញុំមិននឹកស្មានថា មានកាមេរ៉ាផ្តល់រូបភាពអស្ចារ្យ និងបែបអាជីពដូចARRIសោះ។ ដូច្នេះខ្ញុំក៏នឹង សាកប្រើកាមេរ៉ា សម្រាប់ភាពយន្តខ្លី ក្រោយរបស់ខ្ញុំ និងក្រុមខ្ញុំនៅបាត់ដំបងផងដែរ។»

    ដូច្នេះសូមទស្សនិកជនទាំងអស់កុំភ្លេចតាមដាន រូបភាពទាំងស្រុងពីរឿង «កម្ម» តាមរយៈARRI នៅថ្ងៃចាក់បញ្ចាំង ខាងមុខនេះ ដើម្បីដឹងថាតើគុណភាពរូបពិតជា មិនខុសបំណងលោកអ្នកមែននោះ។ តាមតម្រុយខ្លះៗពី«ដានស៊ីងរ៉េន» ដែលជាក្រុមហ៊ុនចែកចាយផលិតផលARRI និងភាពយន្តរឿង «កម្ម»នេះ បើស្ថានភាពអំណោយផល ខ្សែភាពយន្ត ខ្នាតធំរន្ធត់១នេះ នឹងបង្ហាញជូនទស្សនិកជន នៅគ្រប់រោង ភាពយន្តក្នុងស្រុក នៅដើមឆ្នាំ ២០២១នេះ ហើយក្រុមហ៊ុន សង្ឃឹមថានឹងអាចនាំភាពយន្ត១នោះ​ ទៅចែកចាយក្រៅស្រុក ដោយសារគុណភាពរូបពីកាមេរ៉ាទំនើបចុងក្រោយគេមួយ នេះ។

    (វីដេអូឈុតខ្លីពីភាពយន្តដែលប្រើARRIក្នុងឆ្នាំ២០១៩)

    អំពី ARRI

    មានទីស្នាក់ការដើមនៅប្រទេសអាល្លឺម៉ង់ និងការិយាល័យតំបន់នៅហុងកុង ARRI បម្រើជូនទាំងផលិតផល និងសេវាកម្ម លើប្រព័ន្ធកាមេរ៉ា ភ្លើង ផ្សព្វផ្សាយ និងជួល ដែលសុទ្ធតែសម្រាំងផ្សារភ្ជាប់សិល្បៈ និងបច្ចេកវិទ្យាអនាគត ដើម្បី ប្រយោជន៍វិស័យភាពយន្ត។ ARRI Mini LF រួមបញ្ចូលទំហំតូច និងទម្ងន់ស្រាលរបស់ប្រភេទARRI Miniដ៏ពេញនិយម ដោយប្រើសិនស័រAlexa LFខ្នាតធំ ដោយនាំមកនូវជម្រើស ចាប់រូបភាពថ្មីប្លែក ដល់ប្រព័ន្ធកាមេរ៉ាខ្នាតធំរបស់ARRI។ តំណាងចែកចាយផ្លូវការនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៩មកគឺ ក្រុមហ៊ុន «ដេនស៊ីងរ៉េន» (DancingRains Co., Ltd.)។

    សង្ខេបរឿង «កម្ម»

    អ្វីៗចាប់ផ្តើមឡើង នៅភូមិគ្រឹះ១នៅខេត្តបាត់ដំបង ក្នុងឆ្នាំ១៩៦០។ ស្នេហាដ៏ស្អិតរមួត រវាងវិសុទ្ធ និងលំអងឈានដល់គម្រួប ១ឆ្នាំ ដែលជាថ្ងៃដ៏មានក្តីសុខរបស់លំអង។ នាងលាន់មាត់ ជាចុងក្រោយថា៖ «ឱ្យថ្ងៃណា ក៏ដូចថ្ងៃនោះរហូត»។ ប៉ុន្តែ ក្រោយពីវត្តមានមាលា ដែលជាប្អូនបង្កើតម្តាយទីទៃចូលមកក្នុងថ្ងៃនោះ លំអងមានអាការៈប្លែក រហូតត្រូវស្លាប់ដោយ អាថ៌កំបាំង។

    សម្រា់ព័ត៌មានបន្ថែមអំពីARRI និងរឿង«កម្ម» សូមទាក់ទង៖

    [email protected]

    +85512 684 955 /15 226 602

  • Miss Cosmoworld 2019 កញ្ញា ផៃ រ៉ាវី ទទូចចង់ក្ដោបតំណែងជាតារាសម្ដែង

    Miss Cosmoworld 2019 កញ្ញា ផៃ រ៉ាវី ទទូចចង់ក្ដោបតំណែងជាតារាសម្ដែង

    តារាបង្ហាញម៉ូដរបស់ New Face Cambodia កញ្ញា ផៃ រ៉ាវី បានកំពុងសម្លឹងរកឱកាសអាជីពជាតារាសម្តែងមួយទៀត បន្ថែមពីលើអាជីពតារាបង្ហាញម៉ូដសព្វថ្ងៃ។ ផ្តើមប្រឡូកវិស័យបង្ហាញម៉ូដក្នុងឆ្នាំ 2016 អតីតបេក្ខភាព Miss Cambodia 2017 និង Miss Cosmoworld 2019 ធ្លាប់ទទួលការហ្វឹកហាត់លើសិល្បៈសម្តែងពីស្ថាប័នគ្រប់គ្រងរបស់ខ្លួន ហើយធ្លាប់បង្ហាញសមត្ថភាពសម្តែងតាមរយៈ MV កាលពីពេលកន្លងទៅ។ តែឱកាសថតភាពយន្តដុំ និងភាគ នាងនៅមិនទាន់ទទួលបានពីផលិតករក្នុងស្រុកឡើយ។

    យ៉ាងណាមិញ ស្រីស្រស់សោភានេះមិនបោះបង់ការប៉ងចង់ចាប់យកអាជីពសម្តែងនេះទេ ដោយសង្ឃឹមថាថ្ងៃណាមួយនាងនឹងអាចទទួលបានឱកាសនេះពីផលិតករណាម្នាក់។ ជាមួយមហិច្ឆតាខ្ពស់ ក្រៅពីការប៉ងចង់ក្លាយជាតារាសម្តែង ផៃ រ៉ាវី បានលើកឡើងពីបំណងចង់រៀនរាំមួយមុខទៀត។ ដោយឡែកអាជីពផ្សេងៗក្នុងវិស័យសិល្បៈគឺនាងចង់ចេះទាំងអស់ ជារួមគ្រប់យ៉ាងក្នុងរង្វង់សិល្បៈតែម្តង។

    ទើបប្រឡូកសិល្បៈ៤ឆ្នាំក៏ពិតមែន ប៉ុន្តែ រ៉ាវី បានសាងកេរ្តិ៍ឈ្មោះឱ្យគ្រប់គ្នាស្គាល់តាមរយៈការបញ្ចេញសមត្ថភាពដើរម៉ូដតាមកម្មវិធីបង្ហាញម៉ូដធំៗក្នុងស្រុកជាច្រើន កាលពីពេលកន្លងទៅ។

  • ឈ្មោះកូនប្រុស អ្នកនាង ស៊ុន ស្រីពេជ្រ កំពុងធ្វើឱ្យមហាជនសង្ស័យរឿងប្រះឆារបស់នាងជាមួយស្វាមី

    ឈ្មោះកូនប្រុស អ្នកនាង ស៊ុន ស្រីពេជ្រ កំពុងធ្វើឱ្យមហាជនសង្ស័យរឿងប្រះឆារបស់នាងជាមួយស្វាមី

    កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា នោះ តារាចម្រៀងស្រី ស៊ុន ស្រីពេជ្រ បានសម្រាលកូនប្រុសបណ្ដូលចិត្ត និងសម្រេចមិនយកឈ្មោះត្រកូលស្វាមីមកដាក់ឱ្យកូនឡើយ ពោលគឺនាងសម្រេចដាក់ឈ្មោះអ្នកនាង ជាត្រកូលកូន គឺ «ពេជ្រ វឌ្ឍនា» ដែលចំណុចនេះ រឹងតែធ្វើឱ្យមហាជនសង្ស័យកាន់តែខ្លាំងពីរឿងប្រះឆារបស់នាងជាមួយស្វាមី។

    រូបភាពនៅបណ្ដាញសង្គមហ្វេសប៊ុកដែលទើបបង្ហោះនោះ ក៏ត្រូវបានគេកត់សម្គាល់ឃើញថា ស្វាមីរបស់នាងមកមើលថែឡើយ បើទោះបីជាសម្រាលហើយ ក៏នៅតែមិនឃើញវត្តមានស្វាមីនាងមកមើលដែរ។  អ្នកនាង ស៊ុន ស្រីពេជ្រ បានបដិសេដមិនផ្ដល់បទសម្ភាសន៍ចំពោះបញ្ហានេះទេ បើទោះបីជាមហាជនកំពុងចាប់អារម្មណ៍លើរឿងនេះខ្លាំងកម្រិតណាក៏ដោយ។

    គួរឱ្យរំឭកដែរថា ជិវិតស្នេហារបស់អ្នកនាង ស៊ុន ស្រីពេជ្រ ន ស្រីពេជ្រ បានសម្រេចចិត្តចូលរោងការជាផ្លូវការហើយនៅថ្ងៃទី២៣ខែតុលា ឆ្នាំ2019 ។ ការសម្រេចចិត្តចូលរោងការនោះ ក្រោយពីនាងបានរួមរស់ជាមួយស្វាមីក្រោមការដឹងលឺពីចាស់ទុំរហូតទទួលបានចំណងដៃកូនស្រីម្នាក់វ័យជិត១ខួប។ រហូតដល់សម្រាលកូនប្រុសមួយ ពេជ្រ វឌ្ឍនា នេះ ក៏ស្រាប់ធ្វើឱ្យមានការភ្ញាក់ផ្អើលនូវរឿងអាស្រូវថ្មីមួយទៀតឈានដល់ផ្លូវស្នេហាបំបែកជាមួយស្វាមី។

  • ក្រោយទទួលភាពជោគជ័យលើវិថីសិល្បៈ បវរកញ្ញា រឿន ណាត គ្រោងបញ្ចេញមុខជំនួញថ្មី

    ក្រោយទទួលភាពជោគជ័យលើវិថីសិល្បៈ បវរកញ្ញា រឿន ណាត គ្រោងបញ្ចេញមុខជំនួញថ្មី

    កញ្ញា រឿន ណាត កញ្ញាឯកចក្រវាលកម្ពុជា2018 បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនគ្រោងនឹងបើកជំនួញមួយនាពេលឆាប់ៗខាងមុខ ខណៈបច្ចុប្បន្ននាងកំពុងសាកល្បងធ្វើតេសលើគុណភាពផលិតផលឱ្យបានជាក់លាក់មុននាំចូលមកកាន់ទីផ្សារកម្ពុជា។

    យ៉ាងណាមិញ កញ្ញាឯកចក្រវាលកម្ពុជា2018 រូបនេះ នៅមិនទាន់បញ្ជាក់នៅឡើយទេថាផលិតផលនោះជាផលិតផលអ្វីឱ្យប្រាកដ គ្រាន់តែថាឆាប់ៗនេះ ទស្សនិកជន អ្នកគាំទ្រច្បាស់ជាបានឃើញជំនួញថ្មីនេះ។ ទន្ទឹមគ្នានឹងគ្រោងការបើកជំនួញនេះ ស្រីស្អាត រឿន ណាត ក៏កំពុងសំលឹងមើលកម្មវិធីអន្តរជាតិថ្មី សម្រាប់ការចូលប្រកួតដូចគ្នាដែល ដោយពេលនេះនាងកំពុងសិក្សាលក្ខខណ្ឌរបស់កម្មវិធីចំនួន គឺ Miss International និង Miss Supranational។

    គួររំលឹកថា ក្រោយត្រឡប់ពីការប្រកួត Miss Universe International 2018 នៅប្រទេសថៃ ទីផ្សារការងារសិល្បៈរបស់ កញ្ញា រឿន ណាត ផ្ទុះឡើងខ្លាំងគួរឱ្យកត់សម្គាល់ ដោយនាងមានការងាររដឹកជាប់គ្នាដូចកន្ទុយខ្លែង ដូចជាការងារជាតារាម៉ូដែល ការសម្តែង ការថតម៉ូដសម្អាងការ ការថតផ្សព្វផ្សាយផលិតផល និងការងារផ្សេងៗទៀតជាច្រើន។

  • ក្រុមតន្ត្រីនិងចម្រៀង Coconut Band ប្រកាសវិលត្រឡប់មកវិញ

    ក្រុមតន្ត្រីនិងចម្រៀង Coconut Band ប្រកាសវិលត្រឡប់មកវិញ

    អតីត​តារាចម្រៀង​លោក​កង ពិសិដ្ឋ លេចធ្លោ​តាម​រយៈ​បទ​ចម្រៀង «​ស្នេហ៍​គឺ​វា​យ៉ាងនេះ​» «​បេះដូង​កំព្រា​» «​តំណែង​ស្នេហ៍​» និង​បទ «​ស្នេហ៍​ដំបូង »​ក្នុង​ផលិតកម្ម​Spark Music គឺមេដឹកនាំក្រុមតន្រ្តីនិងចម្រៀង Coconut Band ខណៈប៉ុន្មាននេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក បានប្រកាសឱ្យដឹងពីការវិលត្រឡប់វិញរបស់ក្រុមលោក ដែលមានសមាជិកទាំងអស់ចំនួន 4 រូប។

    កាលពីឆ្នាំ2018 កន្លងទៅ ប្រធាន​ក្រុម​ច្រៀង Coconut រូបនេះ ធ្លាប់បានបង្ហាញ​ភាព​ជឿ​ជាក់​លើស្នាដៃ​នៃការសម្រិត​សម្រាំង​អាល់ប៊ុមចម្រៀងដែលមានចំណងជើងថា «ធាតុ​ក្ដៅ ធាតុ​ត្រជាក់» នឹង​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន ព្រោះ​អាល់ប៊ុម​នេះ ក្រុម​ចម្រៀង​របស់​លោកបាន​យក​ចិត្ត​ទុក​ខ្ពស់ ទាំង​សាច់​ភ្លេងនិង​អត្ថន័យ។ យ៉ាងណាមិញ ភាព​ល្បី​ល្បាញ របស់​ក្រុម​ចម្រៀង Coconut ហាក់​ស្ងប់​ស្ងាត់​ខ្លាំង ក្នុង​មួយ​រយៈចុង​ក្រោយ​នេះ ធ្វើឱ្យមហាជនទន្ទឹងចាំការចេញបទចម្រៀងបន្ដបន្ទាប់របស់ក្រុមមួយនេះ ។

    គួរបញ្ជាក់ផងដែរថា ការប្រកាសត្រឡប់របស់ Coconut Band លោក កង ពិសិដ្ឋ ក៏បានបញ្ចេញឆាណែល «ស្នូលតន្ត្រី» មួយទៀតនៅលើបណ្ដាញសង្គមយូធូប ដែលលោកបានអះអាងថា នេះជាការបើកទំព័រថ្មីនៃមូលដ្ឋានការប្រមូលអ្នកផលិតសិល្បៈបទចម្រៀង។ លោកបន្ដថា លោកបង្កើត «ស្នូលតន្ត្រី» នេះឡើង គឺដើម្បីបង្កើន និងលើកតម្ដើងការផលិតបទចម្រៀងនិពន្ធថ្មីឱ្យបានច្រើន។ ទីពីរគឺលោក ចង់ផ្ដល់ឱ្យដល់អ្នកមានទេពកោសល្យច្រៀង ដែលមានគ្មានកន្លែងនឹងបញ្ចេញឱ្យមហាជនបានឃើញ។ ហើយចុងក្រោយនោះ លោកក៏ផ្ដោតសំខាន់ទៅលើចំណីអារម្មណ៍របស់អ្នកស្ដាប់ ដើម្បីឱ្យអ្នកគាំទ្របានរំសាយអារម្មណ៍ និងខណៈដែលនឹកឃើញចង់ស្ដាប់ចម្រៀងគឺ នឹកឃើញដល់ «ស្នូលតន្ត្រី» ៕