Covid-19! វៀតណាម​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​គ្រូពេទ្យ​និង​អ្នកជំងឺ​ជាង 200នាក់ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត​ជាប់​ក្រុង​ហូជីមិញ

គ្រូពេទ្យ និង​អ្នកជំងឺ​ជាង 200 នាក់​នៅក្នុង​មន្ទីរពេទ្យ​ពហុ​ព្យាបាល Binh Duong នៃ​ខេត្ត Binh Duong ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​មន្ទីរពេទ្យ​នេះ ដោយសារ​ជាប់ទាក់ទង​នឹង​អ្នកជំងឺ​ទី 1,843។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត Binh Duong នា​ព្រឹក​ថ្ងៃទី 3 មករា​នេះ បានឱ្យដឹងថា ការស្រាវជ្រាវ​លើ​ការធ្វើដំណើរ​របស់​អ្នកជំងឺ Covid-19 ទី 1,843 (ជា​និស្សិត​ស្រី​ម្នា​ក់នៅ​ទីក្រុង​ហូជីមិញ) បាន​បង្ហាញថា នាង​ធ្លាប់​ចូល​មន្ទីរពេទ្យ​ខាងលើ​រយៈពេល​កន្លះ​ម៉ោង។ បន្ទាប់ពី​ពិនិត្យ​ក្នុង​វីដេអូ​កាមេរ៉ា អាជ្ញាធរ​ក៏បាន​ដឹងថា មាន​មនុស្ស​ប្រហែល 10 នាក់ បាន​នៅក្បែរ​អ្នកជំងឺ​នេះ។

ក្រោយពី​អ្នកជំងឺ​ទី 1,843 ត្រូវ​បានកំណត់​អត្តសញ្ញាណ មន្ទីរ​សុខាភិបាល​នៃ​ខេត្ត Binh Duong ក៏បាន​បិទ​ការចេញចូល​ផ្នែក​ខ្លះ​នៃ​មន្ទីរពេទ្យ​នេះ ក្នុងនោះ​មានការ​ដាក់​បុគ្គលិក​សុខាភិបាល និង​អ្នកជំងឺ រួម​នឹង​សាច់ញាតិ​ដែល​មក​មើលថែ​អ្នកជំងឺ ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅនឹងកន្លែង​ផងដែរ។

គិត​មកដល់​បច្ចុប្បន្ន វៀតណាម បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 1,891 ក្នុងនោះ​មាន 393 នាក់​កំពុង​ព្យាបាល ខណៈ 1,460 នាក់​បានជា​សះស្បើយ និង 35 នាក់​បាន​បាត់​បង់ជីវិត៕

ប្រភព​៖ VNE

Advertisement