SpaceX អាច​នឹង​បាញ់​បង្ហោះ​យានអវកាស Starship ពីរ​ប្រភេទ​ក្នុងពេល​តែមួយ

បើសិន​មិនមាន​អ្វី​ប្រែប្រួល ក្រុមហ៊ុន SpaceX អាច​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើតេស្ត​កំណែ​ចំនួន​ពីរ​នៃ​យានអវកាស Starship នា​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។

កាលពី​ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2020 នៅក្នុង​ការឆ្លើយតប​ទៅនឹង​រូប​ភាពមិន​ផ្លូវការ​មួយ​សន្លឹក​ដែល​បាន​ឆ្លងកាត់​ការកាត់ត បង្ហាញ​អំពី​យានអវកាស Starship ចំនួន​ពីរ​គ្រឿង​ដែល​ស្ថិតនៅលើ​ប្រព័ន្ធ​បាញ់​បង្ហោះ​របស់ SpaceX នៅក្នុង​រដ្ឋ South Texas លោក Elon Musk បានឱ្យដឹងថា រូបភាព​ប្រដូច​នេះ «នឹង​ក្លាយជា​ការពិត​ក្នុងពេលឆាប់»។

ក្នុង​រយៈពេល 4 ខែ​ចុងឆ្នាំ 2020 ក្រុម​វិស្វករ​របស់ SpaceX បានចាប់ផ្ដើម​សាងសង់​បង្គោល​ទម្រ​បាញ់​បង្ហោះ​ថ្មី (ប្រព័ន្ធ​សម្រាប់​ទ្រ ចាក់​ប្រេង និង​បាញ់​បង្ហោះ​យានអវកាស Starship) ដើម្បី​បន្ថែម​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ស្រាប់​នាបច្ចុប្បន្ន។ ដំណើរការ​នៃ​ការសាងសង់​នេះ ត្រូវបាន​ធ្វើឡើង​មុនពេល​បាញ់​បង្ហោះ​យាន SN5 និង SN6 និង​ក្រោយ​ការផ្ទុះ​របស់​យាន Starship SN4 ដែល​បាន​បំផ្លាញ​ប្រព័ន្ធ​ទម្រ​មួយកន្លែង។

តាម​គម្រោង ប្រព័ន្ធ​បាញ់​បង្ហោះ​នេះ​នឹង​ជួយ​ដល់​ការធ្វើ​តេស្ត​សាកល្បង​ជាមួយនឹង​អណ្ដាតភ្លើង​ថេរ​របស់​យាន Starship ដែល​ត្រូវធ្វើឡើង​នៅក្នុង​ថ្ងៃទី 4 ខែមករា ឆ្នាំ 2021 (ថ្ងៃទី 5 នៅ​កម្ពុជា) នេះ។

យានអវកាស​សម្រាប់ធ្វើ​តេស្ត SN10 និង SN11 ត្រូវបាន​ដំឡើង​កាលពី​ថ្ងៃទី 2 មករា ឆ្នាំ 2021 ដូច្នេះ ការសាកល្បង​បាញ់​បង្ហោះ​យាន​ច្រើន​គ្រឿង​ក្នុងពេល​តែមួយ ពិតជា​អាចទៅរួច​ក្នុងអំឡុង​ខែមករា​នេះ៕

ប្រភព៖ Teslarati

Advertisement