ទាហានចិនត្រូវបានចោទប្រកាន់ថា បាននាំគ្នាកាន់ដាវ លំពែង និងកាំបិតផ្គាក់ ប្រមូលផ្ដុំគ្នានៅក្បែរព្រំដែនឥណ្ឌា

ទាហានចិនត្រូវបានចោទប្រកាន់ថា បាននាំគ្នាកាន់ដាវ លំពែង និងកាំបិតផ្គាក់ ប្រមូលផ្ដុំគ្នានៅក្បែរព្រំដែនឥណ្ឌា

សារព័ត៌មានឥណ្ឌាបានចុះផ្សាយរូបភាពដែលបង្ហាញថា មនុស្សរាប់សិបនាក់ដែលស្លៀកឈុតទាហានចិន ដៃកាន់ដាវលំពែង នាំគ្នាឈរត្រៀមត្រានៅលើជម្រាលភ្នំក្បែរព្រំដែននៃប្រទេសទាំងពីរ។

នៅក្នុងរូបភាពដែលត្រូវបានសារព័ត៌មានឥណ្ឌាចុះផ្សាយកាលពីម្សិលមិញ បង្ហាញថា មនុស្សមួយក្រុមដែលត្រូវបានគេជឿថាជាទាហានចិននោះ ម្នាក់ៗសុទ្ធតែកាន់ដាវ លំពែង ដំបង កាំបិតផ្គាក់ និងកាំភ្លើង ឈរតាមបណ្ដោយលេណដ្ឋានធ្វើអំពីថ្ម នៅលើជម្រាលភ្នំ កាលពីថ្ងៃទី7កញ្ញា។

ប្រភពព័ត៌មាននានាពីរដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងថា ទាហានចិនប្រមាណពី40-60នាក់ បានបង្ហាញខ្លួននៅក្នុងតំបន់ Mukhpari ភាគខាងត្បូង Ladahk ដែលជាតំបន់កំពុងមានជម្លោះរវាងប្រទេសចិននិងឥណ្ឌា។ ក្រុមទាហានចិនខាងលើនេះ បានរកវិធីចូលទៅជិតទីតាំងដែលកងទ័ពឥណ្ឌាកំពុងកាន់កាប់ នៅវេលាម៉ោងប្រមាណជា18 ក្នុងថ្ងៃទី7កញ្ញា។

អាវុធនៅក្នុងរូបភាពដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានឥណ្ឌា ស្រដៀងទៅនឹងប្រភេទអាវុធដែលត្រូវបានប្រើប្រាស់ក្នុងករណីប្រើកម្លាំងបាយដាក់គ្នាកាលពីថ្ងៃទី15មិថុនានៅជ្រលងភ្នំ Galwan បណ្ដាលឱ្យទាហានឥណ្ឌា20នាក់ និងទាហានចិនជាច្រើននាក់បានបាត់បង់ជីវិត។

ប្រភពព័ត៌មានបានឱ្យដឹងថា “ទាហានចិនទំនងជាចង់វាយប្រហារទៅលើទាហានឥណ្ឌា ដូចទៅនឹងករណីហិង្សានៅជ្រលងភ្នំ Galwan ព្រោះពួកគេយកដំបង ផ្គាក់ ដំបងឆក់ និងដាវទៅតាមខ្លួន”។

“នៅពេលកងទ័ពជើងគោកឥណ្ឌា រុញច្រានទាហានចិន ពួកគេ (ទាហានចិន) បានបាញ់កាំភ្លើងឡើងលើប្រមាណពី10ទៅ15គ្រាប់ដើម្បីគំរាមទាហានឥណ្ឌា។ នេះគឺជាលើកដំបូងហើយដែលចិនបានផ្ទុះអាវុធតាមបន្ទាត់ព្រំដែនគ្រប់គ្រងជាក់ស្ដែង LAC (Line of Actual Control) ក្រោយរយៈពេល45ឆ្នាំ។ ការផ្ទុះអាវុធដាក់គ្នាលើកមុន បានកើតឡើងកាលពីឆ្នាំ1975។ ទាហានឥណ្ឌាមិនបានបាញ់តបតនោះទេ” នេះបើតាមប្រភពព័ត៌មានពីឥណ្ឌា។

សារព័ត៌មានឥណ្ឌាក៏បានឱ្យដឹងថា ស្ថានភាពនៅតាមបន្ទាត់ព្រំដែនគ្រប់គ្រងជាក់ស្ដែង LAC ជាកន្លែងដែលមិនទាន់មានការបែងចែកច្បាស់លាស់រវាងចិននិងឥណ្ឌា កំពុងមានភាពតានតឹងខ្លាំង និងមិនមានស្ថិរភាព។ ទាហានចិនព្យាយាមរកវិធីដើម្បីរុញច្រានទាហានឥណ្ឌាឱ្យចេញឆ្ងាយពីទីតាំងខ្ពស់ៗ ជាកន្លែងយុទ្ធសាស្ត្រនៅចន្លោះកំពូលភ្នំ Mukhpari និងតំបន់ Rezang La។

“ទាហានចិនបានកាត់ផ្ដាច់របងបន្លាលួសរបស់ឥណ្ឌា កាលពីថ្ងៃទី7កញ្ញា។ កងទ័ពឥណ្ឌាបន្តគ្រប់គ្រងទីតាំងខ្ពស់ៗជាយុទ្ធសាស្ត្រនៅក្នុងតំបន់ភាគខាងត្បូងនៃបឹង Pangong Tso និងកំពុងតាមដានសកម្មភាពរបស់ទាហារចិនក្នុងតំបន់ Moldo” ប្រភពព័ត៌មានបានឱ្យដឹងដូច្នេះ។

ក៏ប៉ុន្តែ ទាំងរដ្ឋាភិបាលឥណ្ឌា ទាំងរដ្ឋាភិបាលចិន សុទ្ធតែមិនទាន់មានប្រតិកម្មអ្វីអំពីព័ត៌មានខាងលើនេះនៅឡើយ។

ភាពតានតឹងនៅព្រំដែនឥណ្ឌា-ចិន បានឡើងកម្ដៅខ្លាំងចាប់ពីចុងខែមេសា និងដើមខែឧសភា ឆ្នាំ2020។ ក្រោយមក នៅពាក់កណ្ដាលខែមិថុនា ហេតុការណ៍ប្រើអំពើហិង្សាដាក់គ្នាមួយប្រាវក៏បានកើតឡើង បណ្ដាលឱ្យទាហានឥណ្ឌាចំនួន20នាក់ និងទាហានចិនជាច្រើននាក់បានបាត់បង់ជីត។ ហេតុការណ៍នេះបាននាំឱ្យចិន និងឥណ្ឌាបញ្ជូនទាហានយ៉ាងច្រើនទៅកាន់ព្រំដែន។ កងទ័ពឥណ្ឌា ក៏បានអនុញ្ញាតឱ្យមេបញ្ជាការនៅតាមព្រំដែន មានសិទ្ធិបញ្ជាឱ្យបាញ់ប្រហារនៅពេលចាំបាច់ ក្រោយពីហេតុការណ៍ប៉ះទង្គិចគ្នាកន្លងមកបានកើតឡើង។

រដ្ឋាភិបាលនៃប្រទេសឥណ្ឌា និងរដ្ឋាភិបាលចិន ក្រោយមកក៏បានចោទប្រកាន់គ្នាជាបន្តបន្ទាប់ ទាក់ទិននឹងហេតុការណ៍នានានៅព្រំដែន និងរកតែចំណុចត្រូវរៀងៗខ្លួន៕

ប្រភព៖ Sputnik, Times of India

Advertisement