លោក​ Trump ៖ សហរដ្ឋ​អាមេរិក​នឹង​អាច​មាន​វ៉ាក់​សាំង​COVID-19​​ នៅ​ចុង​ឆ្នាំ​នេះ​

លោក​ Trump ៖ សហរដ្ឋ​អាមេរិក​នឹង​អាច​មាន​វ៉ាក់​សាំង​COVID-19​​ នៅ​ចុង​ឆ្នាំ​នេះ​

ប្រធានាធិបតី​​ Donald Trump បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក​​អាច​អភិវឌ្ឍ​វ៉ាក់​សាំង​COVID-19 ដោយ​ជោគ​ជ័យ​នៅ​មុន​កាល​កំណត់​ នៅ​ចុង​ឆ្នាំ​នេះ​ ឬ​ដើម​ឆ្នាំ​2021​។

“យើង​កំពុង​ធ្វើ​ឱ្យ​មាន​តុល្យ​ភាព​រវាង​ល្បឿន​និង​សុវត្ថិ​ភាព​។ យើង​កំពុង​តែ​ “ដុត​ដៃដុត​ជើង​” ដើម្បី​មាន​វ៉ាក់​សាំង​នៅក្នុង​ឆ្នាំ​នេះ​ ហើយ​វា​អាច​នឹង​ឆាប់​ជាង​​ចុង​ឆ្នាំ​” លោក​ Trump ថ្លែង​ដូច្នេះ​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាលពី​ម្សិល​មិញ (3​សីហា)​នៅ​សេតវិមាន​។

លោក​ Trump បន្ថែម​ថា “យើង​ក៏​កំពុង​តែ​ផលិត​វ៉ាក់​សាំង​​​ជា​ច្រើន​​ដែល​នឹង​នាំ​មក​នូវ​ក្ដីសង្ឃឹម​បំផុត ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ប្រើប្រាស់​ភ្លាម​ៗ​បន្ទាប់​ពី​បាន​អនុម័ត​។ កម្លាំង​ភស្តុភារនៃ​កង​ទ័ព​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយដែរ​”។

មេដឹកនាំ​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ដល់​ប្រភេទ​វ៉ាក់សាំង​ដែល​មាន​សក្កានុពល​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ Pfizer និង Moderna។ ក្រុម​មន្ត្រីជាន់​​ខ្ពស់​អាមេរិកាំង​បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ទាំង2​នេះ​ បាន​ធ្វើ​ការ​សាកល្បង​ដំណាក់​កាល​ចុង​ក្រោយ​នៅ​​លើ​មនុស្ស​តាំងតែ​​ពី​សប្ដាហ៍​មុន​។ លោក​ Trump អះអាង​ថា “ទាំង​នេះ​មិន​ត្រឹម​តែ​ជា​ក្រុម​ហ៊ុន​ល្បីឈ្មោះ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ត្រូវ​បាន​វាយ​តម្លៃ​ខ្ពស់ទៀត​ផង”។

ម្ចាស់​សេតវិមាន​​សង្ឃឹម​ថា ក្រោយពី​មាន​វ៉ាក់សាំង​ សហរដ្ឋ​អាមេរិក​អាច​លុប​បំបាត់​COVID-19 បាន​យ៉ាង​​ឆាប់​រហ័ស​បំផុត​។

បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​គឺជា​សម្បុកវីរុស​COVID-19 ធំជាង​គេ​បង្អស់ក្នុង​ពិភពលោក​ ដោយ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ចំនួន​ 4,862,285នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​មាន​ចំនួន​ជាង​158,000​នាក់​។

នៅទូទាំង​ពិភពលោក​ គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ជំងឺ​COVID-19 សរុប​18,467,839នាក់​ អ្នក​ស្លាប់​សរុប​697,876​នាក់​ និង​អ្នកជំងឺ​បាន​ជាសះស្បើយ​មាន​ចំនួន​​11,695,336​នាក់​៕

ប្រភព៖ CNBC

Advertisement