WHO បង្កើត​បាន​មូល​ដ្ឋាន​ស៊ើបអង្កេតរក​​ប្រភព​COVIDD-19​ ខណៈ​​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​កើន​ដល់ជាង​​692,000​នាក់​

WHO បង្កើត​បាន​មូល​ដ្ឋាន​ស៊ើបអង្កេតរក​​ប្រភព​COVIDD-19​ ខណៈ​​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​កើន​ដល់ជាង​​692,000​នាក់​

ក្រុម​អ្នក​ជំនាញ​របស់​អង្គ​ការ​សុខភាព​ពិភពលោក​ (WHO) ប្រចាំ​ប្រទេស​ចិន​ សម្រេច​បាន​មូលដ្ឋាន​សម្រាប់​បេសកកម្ម​ស្រាវ​ជ្រាវ​រក​ប្រភព​ពិត​ប្រាកដ​របស់​វីរុស​COVID-19 ដែលកំពុង​បង្ក​​ជំងឺ​សួត​ប្រភេទ​ថ្មី​ និង​រាត​ត្បាត​ពេញ​ពិភពលោក​។

សារ​ព័ត៌មាន​ SCMP ដក​ស្រង់​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃទី​2សីហា​របស់​ WHO បាន​ឱ្យ​ដឹង​ថា​ “ក្រុម​អ្នក​ជំនាញ2​រូប​របស់​ WHO បាន​បំពេញ​បេសកកម្ម​រយៈ​ពេល​3​សប្ដាហ៍​ដោយ​ជោគ​ជ័យ​នៅ​ប្រទេស​ចិន​ ក្នុងការ​បង្កើត​មូលដ្ឋាន​សម្រាប់​ជំនួយ​ដល់​កិច្ច​ប្រឹង​ប្រែង​រួម​ក្នុង​ការ​​កំណត់​ឱ្យ​បាន​ច្បាស់​អំពី​ប្រភព​របស់​ COVID-19″។

សេចក្ដី​ជូន​ដំណឹង​​បាន​បន្ត​ថា ក្រុម​អ្នកជំនាញ​របស់​ WHO បាន​ “ពិភាក្សា​ស៊ីជម្រៅ​ជាមួយ​នឹង​ដៃ​គូ​នានា​នៅ​ប្រទេស​ចិន​ និង​ទទួលបា​នព័ត៌មាន​​ចុង​ក្រោយ​បំផុត​ស្ដី​អំពី​​ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​រោគ​រាតត្បាត​ ការ​វិភាគ​ផ្នែក​ជីវ​សាស្ត្រ​ និង​តំណ​ពូជ​ ក៏ដូចជា​សុខភាព​សត្វ”។

ក្រុម​មក​ពី​ WHO នេះ​ក៏​បាន​ពិភាក្សា​ពី​ចម្ងាយ​ជាមួយ​ក្រុម​អ្នកជំនាញ​ផ្នែក​វីរុស​សាស្ត្រ ក្រុម​អ្នកវិទ្យា​សាស្ត្រ​នៅ​ Wuhan ប្រទេស​ចិន​ រួម​ជាមួយ​នឹង​ក្រុម​មន្ត្រី​នៅ​ទីក្រុង​ប៉េកាំង​ផងដែរ​។

សេចក្ដី​ប្រកាស​ខាង​លើ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកជំនាញ​មួយ​ក្រុម​បាន​ជំរុញ​ឱ្យ​ WHO ​ពន្លឿន​ការ​ស្រាវ​ជ្រាវ​ដែល​បាន​ចាប់​ផ្ដើម​តាំង​តែ​ពី​ខែ​មិថុនា​។

COVID-19 បាន​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​នៅ​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​2019 ហើយ​បច្ចុប្បន្ន​ កំពុង​រាតត្បាត​ពាស​ពេញ​ពិភពលោក​ បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​ជាង​18​លាន​នាក់​បាន​ឆ្លង​រោគ​ និង​ជាង​​692,700​នាក់​បាន​បាត់​បង់​ជីវិត​។

នៅក្នុង​កិច្ច​ប្រជុំពេញ​អង្គ​របស់​អង្គការ​សុខ​ភាព​ពិភពលោក​កាល​ពី​ខែ​ឧសភា​ សមាជិក​ចំនួន​194​នាក់​បាន​មូល​មតិ​គ្នា​សម្រេច​ចិត្ត​ធ្វើ​ការ​ស្រាវជ្រាវ​រក​ប្រភព​របស់​ COVID-19 ក៏ដូច​ជា​វិធី​ដើម្បី​ទប់​ស្កាត់​របស់​ពិភពលោក​។

សហរដ្ឋ​អាមេរិក​និង​បណ្ដា​ប្រទេស​​លោក​ខាង​លិច​យល់​ថា វីរុស​COVID-19 មាន​ប្រភព​ពី​ប្រទេស​ចិន ហើយ​ទីក្រុង​ប៉េកាំង​បាន​ព្យាយាម​លាក់​បាំង​បញ្ហា​ទាក់​ទិន​នឹង​វីរុស​នេះ​។ ប៉ុន្តែ ភាគី​ចិន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​៕

ប្រភព៖ សារព័ត៌មាន​បេទេស

Advertisement