មហាសេដ្ឋី Elon Musk ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​5​ក្នុង​ពិភពលោក​ បន្ទាប់​ពី​ម្ចាស់​ Facebook

មហាសេដ្ឋី Elon Musk ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​5​ក្នុង​ពិភពលោក​ បន្ទាប់​ពី​ម្ចាស់​ Facebook

ភាគ​ហ៊ុន​នៃ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ Tesla បាន​កើន​ឡើង​ជិត​300​%​ នៅក្នុង​ឆ្នាំ​2020​ ប្រការ​នេះ​បាន​ជួយ​ឱ្យ​ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​ Elon Musk កើន​ឡើង​ជិត​3​ដង​ ដោយ​បច្ចុប្បន្ន លោក​ Musk មាន​ទ្រព្យ​ជាង​74​ពាន់​លាន​ដុល្លារ​។

ក្រោយ​បញ្ចប់​ការ​ជួញ​ដូរ​កាល​​ពី​ថ្ងៃទី​20​មករា​ តម្លៃ​មូល​បត្រ​របស់​ Tesla បាន​កើន​9.5​%​ ពោល​គឺ​​ក្នុង​1​ហ៊ុន​មាន​តម្លៃ​1,643​ដុល្លារ​។ ទ្រព្យ​សម្បត្តិ​របស់ Elon Musk​ ដែល​ជា​​ CEO នៃ​ក្រុម​ហ៊ុន​ Tesla ក៏​កើន​ឡើង​ទៅ​តាម​នោះ​ដែរ​ គឺ​កើន​ឡើង​ដល់​74.2​ពាន់​លាន​ដុល្លារ​អាមេរិក។ ដូច្នេះ មហា​សេដ្ឋី​រូប​នេះ​ ក៏​បាន​ក្លាយ​ជា​អ្នកមាន​ជាង​គេ​លំដាប់​ទី​5​ក្នុង​ពិភពលោក។ នេះ​បើ​តាម​ទស្សនាវដ្ដី Forbes។

ជា​សរុប​ នៅក្នុង​រយៈពេល​3​សប្ដាហ៍​កន្លង​ទៅ មូលបត្រ​ Tesla កើន​ឡើង​60​% ហើយ​បើ​គិត​តាម​ឆ្នាំវិញ​ Tesla កើន​ឡើង​ជិត​300​%​។ លោក​ Musk កាន់​កាប់​ភាគ​ហ៊ុន​​ Tesla ប្រមាណ​ជា​21​%​ ប៉ុន្តែជាង​ពាក់​កណ្ដាល​នៃ​ចំនួន​នេះ​ ត្រូវ​បាន​​យក​ទៅ​​ដាក់​បញ្ចាំ​នៅ​ធនាគារ​ដើម្បី​ខ្ចី​ប្រាក់​មក​វិនិយោគ​បន្ថែម។ ក្រៅ​ពី​នេះ ភាគ​ហ៊ុន​របស់​លោក​ Musk នៅក្នុង​ក្រុម​ហ៊ុន​អវកាស​ SpaceX ក៏​មាន​តម្លៃ​ប្រមាណ​ជា​15​ពាន់​លាន​ដុល្លារ​ផងដែរ​។

បច្ចុប្បន្ន Tesla មិន​ត្រឹម​តែ​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ដែល​មាន​តម្លៃ​​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ ជាមួយ​នឹង​ទុន​សរុប​ចំនួន​304.5​ពាន់​លាន​ដុលារ​​នោះ​ទេ ប៉ុន្តែ Tesla មាន​តម្លៃ​ទុន​សរុប​ច្រើន​ជាងទុន​របស់​​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ Ford, Ferrari, General Motors និង​ BMW បូក​ចូល​គ្នា​ទៀត​ផង​។

តម្លៃ​មូលបត្រ​របស់​ Tesla បាន​ឡើង​ថ្លៃ​ជាបន្ត​បន្ទាប់​​ នាំ​ឱ្យ​ទ្រព្យ​របស់​លោក​ Musk បង្កើត​បាន​កំណត់ត្រា​ថ្មី​ៗ​ជា​ហូរ​ហែ​ក្នុង​មួយ​រយៈ​ពេល​ខ្លី​កន្លង​ទៅ​នេះ​។ ទស្សនាវដ្ដី​ Forbes បាន​ឱ្យ​ដឹង​ថា កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា លោក Musk មាន​ទ្រព្យ​មិន​ដល់​25​ពាន់​លាន​ដុល្លារ​នោះ​ទេ​​ និង​ឈរ​លំដាប់​លេខ​31​ក្នុង​ចំណោម​អ្នក​មាន​ជាង​គេ​ក្នុងពិភព​លោក​។ លោក​ Elon Musk ចាប់​ផ្ដើម​មាន​វត្តមាន​​ជា​លើក​ដំបូង​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​មាន​ជាង​គេ​ទាំង​400​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​2012​ ដោយ​មាន​ទ្រព្យសរុប​2.4​ពាន់​លាន​ដុល្លារ​ និង​ឈរ​លំដាប់​ទី​190​ក្នុង​បញ្ជី​នេះ​។

លោក​ Jeff Bezos, លោក Bernard Arnoult, លោក Bill Gates និង​លោក Zuck Markerberg (រាប់​ពី​ឆ្វេង​មក​ស្ដាំ ពី​លើ​ចុះ​ក្រោម)

ក្រុម​ហ៊ុន​ Tesla ផលិត​បាន​រថយន្ត​ចំនួន​103,000​គ្រឿង​ក្នុង​ត្រី​មាស​ទី​1​នៃ​ឆ្នាំ​2020​។ ចំណែក​ Toyota វិញ បាន​នាំ​ចេញ​រថយន្ត​ដល់​ទៅ​2.4​លាន​គ្រឿង​ឯណោះ​។

នៅក្នុង​ពិភពលោក​ អ្នក​មាន​ជាង​គេ​បង្អស់នា​បច្ចុប្បន្ន នៅ​តែ​ជា​ម្ចាស់​ក្រុម​ហ៊ុន​ Amazon គឺលោក Jeff Bezos ដោយ​មាន​ទ្រព្យ​សរុប​​189​ពាន់​លាន​ដុល្លារ​អាមេរិក​។ កាលពី​ថ្ងៃទី​20​កក្កដា​ ទ្រព្យ​របស់​លោក​ Bezos បាន​កើន​13​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ ដោយសារ​តម្លៃ​មូល​បត្រ​ Amazon កើន​​8%។ ឈរ​លំដាប់​ទី​2​ គឺ​ម្ចាស់​​ក្រុម​ហ៊ុន​ LVMH លោក​ Bernard Arnault ជាមួយ​នឹង​ទ្រព្យ​សរុប​​114​ពាន់​លាន​ដុល្លារ​។ លោក Bill Gates ឈរ​លំដាប់​ទី​3 (113​ពាន់​លាន​ដុល្លារ​) និង​ទី​4​​គឺ​លោក​ Mark Zuckerberg (90​ពាន់​លាន​ដុល្លារ​)៕

ប្រភព​៖ Forbes

Advertisement