រឿងសំខាន់ក្នុងការច្នៃម៉ូដផ្ទះសម្រាប់មនុស្សចាស់ ឬទុកនៅក្រោយពេលចូលនិវត្តន៍

ការច្នៃម៉ូដផ្ទះសម្រាប់ក្រុមគ្រួសារដែលមានមនុស្សចាស់ ឬកំពុងចង់សាងសង់ផ្ទះជូនឪពុកម្តាយ ឬទុកស្នាក់នៅក្នុងអំឡុងពេលចុងក្រោយរបស់ជីវិត ដែលទោះជាវាជាផ្ទះរបស់យើងខ្លួនក៏ដោយ ក៏ត្រូវតែរៀបផែនការយ៉ាងល្អិតល្អន់ និងគិតទុកជាមុនសម្រាប់ការស្នាក់នៅ និងភាពងាយស្រួលរបស់បណ្តាមនុស្សចាស់ក្នុងផ្ទះផងដែរ ជាពិសេសរឿងសំខាន់ខាងក្រោមនេះគឺជារឿងដែលគួរយកចិត្តទុកដាក់ជាពិសេសក្នុងការច្នៃម៉ូដ និងការតុបតែងផ្ទះដែលមានមនុស្សចាស់រស់នៅជាមួយ។

1. ផ្ទះត្រូវមានសីតុណ្ហភាពដែលស័ក្តិសម

ដោយរាងកាយរបស់មនុស្សចាស់ដែលមិនអាចស៊ូទ្រាំចំពោះសភាពធាតុអាកាសដែលប្រែប្រួលយ៉ាងឆាប់រហ័សបាននោះ ទើបយើងចាំបាច់ត្រូវតែនឹកដល់សីតុណ្ហភាពក្នុងផ្ទះជាចម្បង ទាំងទិសខ្យល់ ប្រឡោះខ្យល់ ឌីហ្សាញខាងក្នុង និងការជ្រើសរើសប្រើសម្ភារៈដែលមានគុណសម្បត្តិជួយសម្រួលសីតុណ្ហភាពក្នុងផ្ទះឱ្យសក្តិសមល្ម មិនក្តៅ ឬត្រជាក់រហូតជ្រុលពេកទោះជាធាតុអាកាសខាងក្រៅប្រែប្រួលយ៉ាងណាក៏ដោយ។

2. ពន្លឺភ្លើងភ្លឺល្មមគ្រប់គ្រាន់

ដោយសារតែការមើលឃើញរបស់មនុស្សចាស់មិនសូវជាល្អប៉ុន្មាននោះ ដូច្នេះចំណុចផ្សេងៗនៅក្នុងផ្ទះ មិនថាតែបន្ទប់គេង បន្ទប់ទឹក បន្ទប់អង្គុយលេង ប្រឡោះផ្លូវដើរ និងផ្លូវចូលផ្ទះនោះឡើយ គួរតែមានកម្រឹតនៃភាពភ្លឺ និងពន្លឺភ្លើងដែលភ្លឺល្មមគ្រប់គ្រាន់ដើម្បីការពារឧបត្តិហេតុ។

3. កម្រាលឥដ្ឋគឺជាការងារដែលត្រូវប្រយ័ត្ន

ឌីហ្សាញដែលសំខាន់សម្រាប់ផ្ទះដើម្បីមនុស្សចាស់នោះក៏គឺ កម្រាលឥដ្ឋ ដូច្នេះយើងគួរតែជ្រើសរើសប្រើកម្រាលឥដ្ឋដែលមានភាពប្រថុយប្រថានក្នុងការរអឹលតិចបំផុត កុំឱ្យមានកម្រាលឥដ្ឋដែលខ្ពស់ទាបជាងគ្នាច្រើនពេក ក្រៅពីនេះបើចង់ក្រាលកម្រាលព្រំ បន្ថែមពីលើផងនោះ នឹងធ្វើឱ្យមនុស្សចាស់ដើរបានកាន់តែងាយស្រួលខ្លាំងឡើងទៀតផង តែត្រូវមិនភ្លេចបិទបន្ទះការពាររអឹលនៅពីក្រោមកម្រាលព្រំដើម្បីការពារឧបត្តិហេតុផ្សេងៗនោះឡើយ។

4. ឌីហ្សាញបន្ទប់ចង្រ្កានបាយដែលធ្វើឱ្យមនុស្សចាស់ជួយខ្លួនឯងបានងាយស្រួល

មនុស្សចាស់ច្រើនតែធ្វើការងារក្នុងចង្រ្កានបាយមិនសូវបានពេញទំហឹងឡើយ ដូចជាមានបញ្ហារឿងទូជាប់ជញ្ជាំងខ្ពស់ពេក កម្ពស់របស់តុត្រៀមម្ហូបអាហារមិនសមល្មមជាមួយការប្រើការ ជាដើម ដូច្នេះបើចង់ច្នៃម៉ូដបន្ទប់ចង្រ្កានបាយឱ្យសក្តិសមជាមួយមនុស្សចាស់នោះ យើងចាំបាច់ត្រូវតែរៀបកម្ពស់របស់ទូជាប់ជញ្ជាំងឱ្យមានកម្ពស់សមល្មមនឹងកម្ពស់របស់មនុស្សចាស់ ធ្វើតុត្រៀមអាហារឱ្យមនុស្សចាស់អាចឈរធ្វើការបានយ៉ាងងាយស្រួល មិនបាច់ឱន ឬជំទើត។

5. សុវត្ថិភាពក្នុងបន្ទប់ទឹកគឺជារឿងសំខាន់បំផុត

បន្ទប់ទឹកនេះឯង គឺជាផ្នែកសំខាន់មួយដែលយើងត្រូវតែផ្តល់ភាពប្រយ័ត្នប្រយែងខ្ពស់បំផុត ដោយត្រូវបំពាក់បង្កាន់ដៃឱ្យពេញក្នុងទីកន្លែងដែលប្រើការ បំបែកបន្ទប់ងូតទឹកចេញពីបរិវេណផ្សេងៗដោយឡែក ត្រៀមកៅអីអង្គុយងូតទឹកទុកជាស្រេច បំពាក់ពន្លឺឱ្យភ្លឺគ្រប់គ្រាន់ បំពាក់កញ្ចក់ផ្ទាំងធំៗដែលមើលពីត្រង់ណាក៏មើលឃើញច្បាស់ ដើម្បីកុំឱ្យមនុស្សចាស់ត្រូវដើរចូល-ចេញបន្ទប់ទឹកញឹកញាប់ និងពិសេសបំផុតគឺក្រាលកម្រាលឥដ្ឋដែលការពារការរអឹលផង៕

Advertisement