សេចក្ដីជូនដំណឹងពីក្រុមហ៊ុន Serge Comtesse ពីការចរាចរណ៍ផលិតផលក្លែងក្លាយរបស់ជនខិលខូច

អាស្រ័យដោយមានការគាំទ្រ និងជឿទុកចិត្តពីសំណាក់អតិថិជន ដែលជាអ្នកប្រើប្រាស់ ក៏ដូចជាអ្នកចែកចាយបន្តនូវផលិតផលដ៏ល្បីឈ្មោះម៉ាក Schwarzkopf Professional មកពីប្រទេសបារាំង ដោយជ្រកក្រោមក្រុមហ៊ុន ស៊ែក កុងតេស (Serge Comtesse company) ប្រចាំនៅកម្ពុជា តែមួយគត់ ក្នុងការនាំចូលនិងចែកចាយផ្តាច់មុខ កាលពីពេលកន្លងទៅថ្មីៗនេះ បច្ចុប្បន្នក្រុមហ៊ុនបានសង្កេតឃើញថា មានជនខិលខូច និងក្រុមហ៊ុនខុសច្បាប់មួយចំនួន ដែលមានទីតាំងនៅក្នុងប្រទេសជិតខាង ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង បានរំលោភលើកម្មសិទ្ធិបញ្ញា ប្រាស់ចាកច្បាប់ពាណិជ្ជកម្ម ជាពិសេស បានលួចផលិតនូវផលិតផលក្លែងបន្លំ ដោយដាក់ម៉ាកសញ្ញា (Schwarzkopf Professional) ហើយចរាចរណ៍នៅលើទីផ្សារកម្ពុជា។

ប្រការនេះ ក្នុងនាមយើងខ្ញុំជាអ្នកតំណាងនាំចូល និងចែកចាយផលិតផល Schwarzkopf Professional សូមបញ្ជាក់ថា ក្រុមហ៊ុន ស៊ែក កុងតេស គឺជាក្រុមហ៊ុនស្របច្បាប់តែមួយគត់ប៉ុណ្ណោះ ដែលបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយផលិតផល Schwarzkopf Professional ទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុន ស៊ែក កុងតេស ក៏សូមប្រកាសជូនដំណឹងទៅដល់បណ្តាអតិថិជន ដែលជាអ្នកប្រើប្រាស់ផ្ទាល់ផងដែរ គម្បីមានការប្រុងប្រយ័ត្នខ្ពស់មុនពេលទិញ ព្រោះផលិតផលរបស់ Schwarzkopf Professional គឺមានដាក់លក់នៅតែក្នុងក្រុមហ៊ុន ស៊ែក កុងតេស និងតាមបណ្តាហាងសាឡនមួយចំនួនតែប៉ុណ្ណោះ ដែលទទួលបានសិទ្ធិចែកចាយបន្តពីក្រុមហ៊ុន ។ ដោយឡែកនៅតាមបណ្តាផ្សារទំនើប ទីប្រជុំជន ស្តាម៉ាត មីនីម៉ាត ជាពិសេសនៅតាមបណ្តាផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញតែម្ដង ដូចជាផ្សារអូរឡាំពិក ផ្សារថ្មី ផ្សារអូរឫស្សី គឺមិនមានដាក់លក់នោះឡើយ។

នៅក្នុងឱកាសនេះ ក្នុងនាមក្រុមហ៊ុន ស៊ែក កុងតេស ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផលិតផល Schwarzkopf Professional ផ្ដាច់មុខនៅកម្ពុជា សូមអំពាវនាវទៅដល់អ្នកដែលក្លែងបន្លំម៉ាកសញ្ញា ក៏ដូចជាអ្នកចូលរួមគំនិតប្រព្រឹត្តអំពើល្មើសច្បាប់ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ខណៈដែលពេលនេះ ក្រុមហ៊ុន និងកម្លាំងមានសមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេត ដើម្បីឈានដល់ការឃាត់ខ្លួនយកមកប្រឈមចំពោះមុខច្បាប់ ។

សូមបញ្ជាក់ផងដែរថា ចំពោះផលិតផលរបស់ Schwarzkopf Professional ដែលត្រូវបានជនខិតខូច និងក្រុមហ៊ុនខុសច្បាប់កំពុងឆ្លៀតឱកាសលួចផលិតក្លែងបន្លំ និងកំពុងចរាចរណ៍នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ រួមមាន ផលិតផល IGORA Royal (ទឹកលាយថ្នាំលាបពណ៌សក់) ផលិតផល Spa essence (សាប៊ូកក់សក់) និងផលិតផល SIL HOUETTE (ស្ព្រៃយ៍ សម្រាប់បាញ់ធ្វើឱ្យសក់រឹង)។ ដូច្នេះ សូមអតិថិជនទាំងអស់ប្រុងប្រយ័ត្នចំពោះបុគ្គលទាំងឡាយណា ដែលមិនមែនជាបុគ្គលិករបស់ក្រុមហ៊ុន ហើយយកផលិតផល ដូចដែលបានបង្ហាញឈ្មោះខាងដើម ពីព្រោះវាជាផលិតផលក្លែងក្លាយ។ ប្រសិនបើ លោក លោកស្រី មានចង្ងល់អំពីបញ្ហានេះ សូមធ្វើរការទំនាក់ទំនងមកពួកយើងខ្ញុំតាមរយៈទូរស័ព្ទលេខ 023 966 263 ឬតាមរយៈ E-mail: [email protected]

Advertisement