ផ្លាស់ប្តូរទង្វើកូនតូចដែលពិបាកញ៉ាំអាហារ

បញ្ហាការពិបាកញ៉ាំ មិនព្រមញ៉ាំអាហារ និងរើសច្រើនរបស់កូន ជាបញ្ហាដែលធ្វើឱ្យឪពុកម្តាយឈឺក្បាលជាច្រើនយុគសម័យមកហើយ ទង្វើទាំងនេះអាចនឹងក្លាយជាបញ្ហាធំរបស់គ្រួសារបាន ដោយសារតែឪពុកម្តាយព្រួយបារម្ភថា កូនញ៉ាំបានតិច បានទទួលសារជាតិអាហារមិនគ្រប់គ្រាន់ នឹងក្លាយជាក្មេងដែលខ្វះសារជាតិអាហារ មានរូបរាងកាយតូចជាងក្មេងក្នុងវ័យដូចគ្នា។

កូនខ្លួនតូច មិនងាយ និងពិបាកញ៉ាំអាហារ ប្រថុយនឹងសភាវខ្វះសារជាតិអាហារ!

“កូនខ្លួនតូច ពិបាកញ៉ាំ រើសច្រើន” ដែលឪពុកម្តាយព្រួយបារម្ភនោះ ខាងផ្នែកវេជ្ជសាស្រ្ត និងភោជនាហារមានន័យពី ក្មេងដែលមានទម្ងន់ខ្លួនតិចជាងទម្ងន់ខ្លួនជាមធ្យមរបស់ក្មេងក្នុងវ័យដូចគ្នា ដោយមានមូលហេតុមកពីទង្វើជ្រើសរើសញ៉ាំអាហារប្រភេទខ្លះមិនសម្បូរបែប ដែលនឹងធ្វើប្រថុយប្រថានដល់ការបានទទួលសារជាតិអាហារមិនគ្រប់គ្រាន់សម្រាប់ការរីកចម្រើនធំធាត់របស់រាងកាយ ដូចជាសារធាតុអាហារពពួក ប្រូតេអ៊ីន វីតាមីន A B C D E អ៊ីយ៉ូដ កាល់ស្យូម ស័ង្កសី និងជាតិដែក ហុចផលឱ្យកូនមាន “ខ្លួនតូច” ទម្ងន់ខ្លួនតិច។

បញ្ហា “ក្មេងពិបាកញ៉ាំ រើសច្រើន” នេះ តាមរយៈការសិក្សាស្រាវជ្រាវ បានរកឃើញថា អាចកើតឡើងបានលើក្មេងគ្រប់វ័យដោយអាចកែខៃ និងកែសម្រួលទង្វើនេះបាននៅលើក្មេងដែលមានអាយុចន្លោះពី 1 – 3 ឆ្នាំ ព្រោះឪពុកម្តាយអាចទប់ទល់បាន​ងាយខ្លាំង​ជាងក្មេងដែលធំហើយ។

អ្នកម្តាយកុំបារម្ភអី “កូនពិបាកញ៉ាំ រើសច្រើន” អាចកែសម្រួលបាន!

ក្មេងខ្លះជ្រើសរើសក្នុងការមិនញ៉ាំបន្លែព្រោះគិតថាល្វីង តែក្មេងខ្លះជ្រើសរើសមិនញ៉ាំសាច់សត្វព្រោះស្វិត ពិបាកទំពារ ឬមិនធ្លាប់ ក្មេងខ្លះទៀតមិនចូលចិត្តញ៉ាំរបស់ចៀនបំពង ឬញ៉ាំតែនំមិនញ៉ាំបាយ ជាដើម។ ទង្វើទាំងអស់នេះធ្វើឱ្យឪពុកម្តាយមានអារម្មណ៍ភ័យបារម្ភ ខ្លាចកូនទទួលបានសារធាតុអាហារមិនគ្រប់គ្រាន់ ទើបចេះតែបង្ខំឱ្យកូនញ៉ាំអាហារឱ្យអស់ ហុចផលឱ្យកូនកើតមានអារម្មណ៍ធុញថប់តានតឹងនៅពេលដល់ម៉ោងញ៉ាំបាយម្តងៗ តែយើងអាចកែសម្រួលទង្វើទាំងនោះរបស់កូនបាន បើគ្រប់គ្នាក្នុងគ្រួសារផ្តល់នូវការសហការទៅក្នុងទិសដៅតែមួយ។

ឪពុកម្តាយគួរចាប់ផ្តើមសង្កេតប្រភេទអាហារដែលកូនចូលចិត្ត និងមិនចូលចិត្ត ដែលអាចកើតចេញពី រសជាតិ ពណ៌ ក្លិនរួមទាំងការប៉ះពាល់ទៀតផង។

1 – ធ្វើជាអ្នកភ្លក់អាហារដើម្បីកូន ៈ ឪពុកម្តាយគួរតែបង្ហាញទឹកមុខថាឆ្ងាញ់ ព្រមទាំងសម្តែងក្តីចូលចិត្តមុខម្ហូបនោះ ដើម្បីជំរុញឱ្យកូនចង់ញ៉ាំដែរ។

2 – កុំគាបសង្កត់ អត់ប្រយោជន៍ទេ ៈ មិនគួរប្រើការគាបសង្កត់ ដាក់សម្ពាធ ឬបង្ខំឱ្យកូនញ៉ាំមុខម្ហូបដែលមិនធ្លាប់ញ៉ាំឱ្យសោះ ព្រោះបើបទពិសោធន៍លើកដំបូងយ៉ាប់យ៉ឺនហើយនោះ កូនក៏នឹងលែងចង់ញ៉ាំមុខម្ហូបមួយនោះរហូត។

3 – ដាក់លាយឡំគ្នា ៈ គួររៀបចំមុខម្ហូបដែលកូនចូលចិត្ត ចូលគ្នាជាមួយមុខម្ហូបប្លែកថ្មី ដែលនឹងធ្វើឱ្យកូនហ៊ានសាកល្បងញ៉ាំ និងទទួលយកមុខម្ហូបថ្មីនោះបានកាន់តែងាយឡើង។

4 – តុបតែងមុខម្ហូបឱ្យមើលទៅគួរឱ្យកាន់តែចង់ញ៉ាំឡើង : អាចដាក់ក្នុងចានរូបតុក្កតាស្អាតៗ និងជំរុញឱ្យកូនចង់ញ៉ាំអាហារ ដោយការលេងហ្គេមរកមើលរូបតុក្កតានៅបាតចានជាដើម។

5 – ញ៉ាំអាហារជុំគ្នាជាមួយមនុស្សក្នុងក្រុមគ្រួសារ : ដើម្បីជួយសាងបរិយាកាសក្នុងពេលញ៉ាំបាយឱ្យសប្បាយរីករាយ និងកក់ក្តៅ។

6 – កំណត់រយៈពេលក្នុងការញ៉ាំអាហារមួយពេលៗឱ្យច្បាស់លាស់ : បើចប់ម៉ោងបាយហើយគួររៀបចំទុកដាក់ភ្លាមតែម្តង ដើម្បីឱ្យកូនរៀនយល់ដឹងថា គួរតែញ៉ាំបាយឱ្យឆ្អែតៗក្នុងអំឡុងពេលនោះតែម្តង មិនដូច្នោះទេនឹងត្រូវទ្រាំហេវ និងរង់ចាំដល់ពេលបាយបន្ទាប់ទៀត។

ការផ្លាស់ប្តូរទង្វើ “ពិបាកញ៉ាំ រើសច្រើន” របស់កូននឹងកើតឡើងបាន នៅពេលឪពុកម្តាយរួមគ្នាកែសម្រួលទង្វើការញ៉ាំរបស់កូនយ៉ាងពិតប្រាកដ ដោយអាចស្វែងរកព័ត៌មានបន្ថែមដើម្បីឆ្លើយតបនឹងចម្ងល់របស់ខ្លួនឯង រួមទាំងប្រឹក្សាជាមួយអ្នកជំនាញខាងភោជនាហារកុមារផងដែរ៕

Advertisement