អ្នកវីរុសវិទ្យាចិនម្នាក់ ដែលត្រូវ​​គេ​ចោទ​ថា​ ដឹងរឿង “កូវីដ-19 បែកធ្លាយចេញពីបន្ទប់ពិសោធន៍វូហាន” បានបដិសេធរឿង “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារភៀសខ្លួនចេញពីចិន

អ្នកវីរុសវិទ្យាចិនម្នាក់ ដែលត្រូវគេចោទថា ដឹងរឿង “កូវីដ-19 បែកធ្លាយចេញពីបន្ទប់ពិសោធន៍វូហាន” បានបដិសេធរឿង “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារភៀសខ្លួនចេញពីចិន
លោកស្រី ស៊ឺ ជឹងលី អ្នកស្រាវជ្រាវវីរុសកូរ៉ូណានៅក្នុងសត្វប្រចៀវដ៏ល្បីឈ្មោះ ប្រចាំស្ថាប័នវីរុសវិទ្យា ក្នុងទីក្រុងវូហាន និងជាអ្នកស្រាវជ្រាវរកឃើញវីរុសកូរ៉ូណានៅក្នុងសត្វប្រចៀវដែលបង្កជំងឺ SARS មុនគេ

របាយការណ៍ព័ត៌មានរបស់ចិន កាលពីថ្ងៃចុងសប្ដាហ៍មុន(ថ្ងៃទី2ឧសភា) បានឱ្យដឹងថា អ្នកវីរុសវិទ្យាល្បីឈ្មោះម្នាក់ នៃស្ថាប័នវីរុសវិទ្យាក្នុងទីក្រុងវូហាន លោកស្រី ស៊ឺ ជឹងលី ដែលបានធ្លាក់ខ្លួនក្លាយជាជនសង្ស័យពាក់ព័ន្ធនឹងប្រភពកំណើតនៃការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ទូទាំងពិភពលោកនាពេលបច្ចុប្បន្ន បានចេញមកបដិសេធចំពោះព័ត៌មានចចាមអារ៉ាមដ៏ច្រើនសន្ធឹកដែលថា “លោកស្រីបានក្បត់ឧត្ដមគតិខ្លួនឯង និងបានរត់ភៀសខ្លួនចេញពីប្រទេសចិន”។

លោកស្រី ស៊ឺ អ្នកស្រាវជ្រាវវីរុសសត្វប្រចៀវល្បីឈ្មោះលំដាប់ពិភពលោក បានផូស្តសំណេរមួយផ្ញើទៅក្រុមមិត្តភក្តិក្នុងបណ្ដាញសង្គមចិន វីឆាត កាលពីថ្ងៃសៅរ៍(ទី2មេសា) ថា “មិនថាត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរប៉ុនណាឡើយ គ្មានថ្ងៃដែលនឹងកើតហេតុការណ៍ក្បត់ឧត្ដមគតិខ្លួនឯង ដូចដែលពាក្យចចាមអារ៉ាមលេចឮនោះឡើយ”។

ដោយសារតែមានចរន្តព័ត៌មានចចាមអារ៉ាមកាលពីពេលថ្មីៗនេះ បញ្ជាក់ថា លោកស្រី ស៊ឺ ជឹងលី បាន “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារ និងប្រមូល “ឯកសារសម្ងាត់ប្រមាណជា 1ពាន់ឈុត” រត់ភៀសខ្លួនគេចទៅអឺរ៉ុប និងបានដាក់ពាក្យស្នើសុំការគាំពារពីស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសបារាំង។

រហូតទាល់តែទីភ្នាក់ងារព័ត៌មានរបស់ចិន ដែលមានដូចជា វេបសាយព័ត៌មាននៅក្នុងប្រទេស Global Times និងទីភ្នាក់ងារព័ត៌មាននៅទីក្រុងហុងកុង សៅថ៍ ឆាយណា ម៉រនីង ផូស្ត បានចេញមករាយការណ៍ព័ត៌មាន(កាលពីថ្ងៃទី2 ឧសភា) បដិសេធរាល់ព័ត៌មានចចាមអារ៉ាមទាំងនោះ ដោយបានផ្សព្វផ្សាយសំណេររបស់លោកស្រី ស៊ឺ នៅក្នុងបណ្ដាញសង្គម WeChat ទៀតផង។

អ្នកវីរុសវិទ្យាចិនម្នាក់ ដែលត្រូវគេចោទថា ដឹងរឿង “កូវីដ-19 បែកធ្លាយចេញពីបន្ទប់ពិសោធន៍វូហាន” បានបដិសេធរឿង “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារភៀសខ្លួនចេញពីចិន
លោកស្រី ស៊ឺ ជឹងលី ផូស្តសំណេរនៅលើ WeChat បដិសេធព័ត៌មានចចាមអារ៉ាមរឿង “ក្បត់ឧត្ដមគតិ” និងនាំក្រុមគ្រួសាររត់គេចខ្លួនចេញពីប្រទេសចិន ទៅសុំការគាំពារពីស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសបារាំង

សារព័ត៌មាន គ្លោបល ថាមស៍ របស់បក្សកុម្មុយនីស្តចិន បានអះអាងថា លោកស្រីស៊ឺ ជឹងលី ជាអ្នកសរសេរសំណេរ ផូស្តនៅលើបណ្ដាញសង្គម WeChat ពិតប្រាកដមែន ដោយសំណេរនោះបានសរសេរថា “មិត្តភក្តិជាទីស្រឡាញ់…ខ្ញុំ និងក្រុមគ្រួសារសុខសប្បាយជាទេ មិនថាត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរប៉ុនណាក៏ដោយ គ្មានថ្ងៃដែលខ្ញុំនឹង “ក្បត់ឧត្ដមគតិខ្លួនឯង” ដូចដែលព័ត៌មានចចាមអារ៉ាមបានលេចឮនោះទេ។ ពួកយើងមិនបានធ្វើអ្វីខុសទេ ពួកយើងមានជំនឿដ៏គង់វង្សចំពោះវិទ្យាសាស្ត្រ នឹងត្រូវតែមានថ្ងៃដែលដុំមេឃខ្មៅរលាយបាត់អស់ និងដួងព្រះអាទិត្យចាំងចែងពន្លឺចេញមកមិនខាន”

លោកស្រី ស៊ឺ ជឹងលី អ្នកស្រាវជ្រាវប្រចាំស្ថាប័នវីរុសវិទ្យាទីក្រុងវូហាន បានធ្លាក់ខ្លួនក្លាយជាមុខសញ្ញាក្នុងការរិះគន់ និងក្លាយជាជនសង្ស័យថាបានដឹង បានឮរឿងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី ដែលចាប់ផ្ដើមឆ្លងរាលដាលក្នុងវូហានកាលពីចុងឆ្នាំកន្លងទៅ។

លោកស្រី ស៊ឺ បានបំពេញការងារសិក្សាស្រាវជ្រាវជាមួយមេរោគវីរុសកូរ៉ូណាយូរជាង 10ឆ្នាំមកហើយ និងជាអ្នករកឃើញវីរុសកូរ៉ូណានៅក្នុងសត្វប្រចៀវ ដែលបង្កជាជំងឺ SARS (ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងទាន់ហន់) នៅឆ្នាំ2002 ដល់ 2003។

ក្រុមអ្នកវិទ្យាសាស្ត្រនាំគ្នាជឿថា វីរុសកូរ៉ូណាប្រភេទថ្មី បានចម្លងមេរោគពីសត្វ មកមនុស្ស និងអាចជាសត្វប្រចៀវ ហើយនិងមើលទៅហាក់ដូចជាមិនអាចទៅរួចសោះឡើយ ដែលវាអាចរបូតធ្លាយចេញមកពីស្ថាប័នវីរុសវិទ្យានៅទីក្រុងវូហានដោយឧប្បត្តិហេតុ ឬដោយទង្វើដែលកើតចេញពីស្នាដៃមនុស្ស។

តែយ៉ាងណាក៏ដោយ នៅមិនទាន់មានអ្នកណាបានដឹងពីប្រភពកំណើតពិតប្រាកដនៃវីរុសមរណៈនេះនៅឡើយ ចំណែកប្រទេសចិន បានថ្លែងថា ខ្លួនកំពុងតែដំណើរការស៊ើបអង្កេតអំពីរឿងនេះ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement