Skip to content

លឹម ឈីវហូ៖ កម្ពុជា​នឹង​ក្លាយ​ជា​អ្នក​មាន​បើ​ជប៉ុន​វិនិយោគ​ត្រឹម​តែ​2%​ ធៀប​នឹង​ថៃ

វិនិយោគិន​ដ៏​លេច​ធ្លោ​ក្នុង​វិស័យ​ជា​ច្រើន​នៅ​កម្ពុជា​បាន​អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​រឹត​តែ​រីក​ចម្រើន ខ្លាំង​បន្ថែម​ទៀត បើ​កម្ពុជា​ទទួល​បាន​វិនិយោគិន​ជប៉ុន​ត្រឹម​តែ​2%​នៃ​ចំនួន​វិនិយោគិន​ជប៉ុន​ ដែល​​​ចូល​ទៅ​វិនិយោគ​ក្នុង​ប្រទេស​ថៃ។

លោកជំទាវ លឹម ឈីវហូ អគ្គនាយិកា​ក្រុមហ៊ុន LCH Investment Group Co,. Ltd ដែល​ជា​ក្រុមហ៊ុន​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជា​ច្រើន​ក្នុង​វិស័យ​ជំនួញ​ដូច​ជា អចលន​ទ្រព្យ អប់រំ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ បាន​អះអាង​ពី​ភាព​ច្បាស់លាស់​របស់​វិនិយោគិន​ជប៉ុន​ក្នុង​ការ​បណា្តក់​ទុន​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​ណា​មួយ​។ លោក​ជំទាវ​ បញ្ជាក់​ថា កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មាន​សំណាង ហើយ​អាច​ក្លាយ​ជា​ប្រទេសមាន​សេដ្ឋ​កិច្ច​រីក​ចម្រើន​ខ្លាំង​ទៀត​ផង ​បើ​សិនកម្ពុជា​ទទួល​បាន​វិនិយោគិន​ជប៉ុន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន​វិនិយោគិន​ជប៉ុន ​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​នៅ​មាន​ចំនួន​តិច​តួច​បំផុត បើ​ធៀប​ទៅ​នឹង​ការ​ចូល​ទៅ​វិនិយោគ​ក្នុង​ប្រទេស​ថៃ​។

លោកជំទាវ​ មាន​ប្រសាសន៍​ថា ៖“បើ​សិន​ជា​ក្រុមហ៊ុន​ជប៉ុន​តែ​2% នៃ​ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​នៅ​ប្រទេស​​ថៃ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ប្រទេស​កម្ពុជា​អាច​ធ្វើ​ជា​អ្នក​មាន ហើយ​ប្រជាជន​ខ្មែរ​នឹង​មាន​ការ​ងារ​​ធ្វើ​ទាំង​អស់​គ្នា”។ រហូត​មក​ដល់​ពេល​នេះ​សម្រាប់​វិនិយោគិន​ខ្មែរ​ទាំង​អស់​ ទំនង​ជា​មាន​តែ​លោក​ជំទាវ​ លឹម ឈីវហូ ម្នាក់​​ប៉ុណ្ណោះ​​​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន ដោយ​សារ​តែ​​ក្រុមហ៊ុន​​ជប៉ុនភាគ​ច្រើន​​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​គ្រប់​គ្រង​ដោយ​លោក​ជំទាវ​ លឹម ឈីវហូ។ ក្រុមហ៊ុន​សរុប​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ចំនួន​84​ក្រុម​ហ៊ុន ក្នុង​នោះ​50​ក្រុមហ៊ុន​ជា​ក្រុមហ៊ុន​របស់​ជប៉ុន។

នៅ​ក្នុង​កិច្ច​ពិភាក្សា​ជា​សាធារណ​ជាមួយ​វាគ្មិន​ល្បីៗ​ក្នុង​វិស័យ​អចលនទ្រព្យ​ នា​ពេល​កន្លងមក លោក​ជំទាវ លឹម ឈីវហូ បាន​ប្រាប់​ពី​មូលហេតុ​ខ្លះ​ដែល​វិនិយោគិន​ជប៉ុន​យល់​ឃើញ និង​មិន​ចូល​មក​វិនិយោគទុន​នៅ​កម្ពុជា។

លោក​ជំទាវ​បញ្ជាក់​ថា​៖“​មូលហេតុ​អ្វី​បាន​ជា​ប្រទេស​កម្ពុជា គេ (ជប៉ុន)​ មក​ជួយ​តែ​ស្ពាន ថ្នល់ តែ​គេ​មិន​មក​វិនិយោគ​? ខ្ញុំ​តែង​ទាម​ទារ​ហើយ​អង្វរ​គេ​ថា ហេតុ​អី​មិន​មក​វិនិយោគ​នៅ​កម្ពុជា ព្រោះ​កម្ពុជា​​មាន​ស្ថិរភាព​នយោបាយ​ល្អ ដី​ក៏​ថោក កម្លាំង​ពលកម្ម​ក៏​ថោក ហើយ​ច្បាស់​លាស់​ទៀត។ គាត់​(ជប៉ុន)​គិត​ថា ប្រទេស​កម្ពុជា ទី1 មាន​អំពើ​ពុក​រលួយ​ច្រើន ទី2 ការ​វិនិយោគ​មិន​ច្បាស់​លាស់ ដូចជា​ការ​រត់​អាជ្ញាប័ណ្ណ អាច​ត្រូវ​ប្រើ​ពេល​រាប់​ឆ្នាំ ការ​ធ្វើ​ការងារ​អ្វីៗ​មិន​ច្បាស់លាស់​ជាដើម”។

លោក​ជំទាវ​បាន​អះអាង​ថា ក្រោយ​ពី​ការ​បញ្ចុះ​បញ្ចូល និង​មាន​ការ​ធានា​ដល់​វិនិយោគិន​ជប៉ុន​ពី​ភាព​ស្អាត​ស្អំ និង​ច្បាស់លាស់ ទើប​ក្រុមហ៊ុន​លោក​ជំទាវ​អាច​ទាក់​ទាញ​ក្រុមហ៊ុន​ជប៉ុន​មួយ​ចំនួន​បាន​មក​ចាប់​ដៃគូ​ដើម្បី​បង្កើត​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ ជា​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​​ក្នុង​ខែមេសា​ឆ្នាំ​2016 ហើយ​ជា​ក្រុមហ៊ុន​ឯកជន​ទី2 ដែលបាន​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ។ ដោយសារ​មាន​ក្រុមហ៊ុន​ជប៉ុន​វិនិ​យោគ​ច្រើន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ហើយ​ប្រព័ន្ធ​គ្រប់គ្រង​មាន​ភាព​ច្បាស់លាស់ ទើប​ធ្វើ​ឱ្យ​តម្លៃហ៊ុន​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មានភាពទាក់​ទាញ​ខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *