ប្រៀបធៀប “មុន និងក្រោយ” ទិដ្ឋភាព​ក្នុងទីក្រុងវូហាន ដោយរូបភាព

ប្រៀបធៀប “មុន និងក្រោយ” ក្នុងទីក្រុងវូហាន ដោយរូបភាព

សារព័ត៌មានស៊ីនហួ សូមនាំមិត្តអ្នកអានទាំងអស់ទៅទស្សនាទិដ្ឋភាពនៃបរិយាកាសក្នុងថ្ងៃដំបូង ក្រោយពីទីក្រុងវូហានលុបចោលបទបញ្ជា ហាមចេញក្រៅផ្ទះកាលពីថ្ងៃពុធ(ទី8មេសា) ធៀបនឹងទិដ្ឋភាពខណៈដែលទីក្រុងមួយនេះនៅបិទជិតនៅឡើយ ដែលមិនថាតែក្បួនរថយន្តដែលចតបន្តគ្នាជាជួររង់ចាំបង់ថ្លៃឆ្លងកាត់ផ្លូវហាយវេយ៍ អ្នកដំណើរដែលម្នាក់ៗពាក់ម៉ាស់ការពារ ខណៈជិះរថភ្លើង ជាដើម ដែលទាំងអស់នោះសុទ្ធតែបង្ហាញឱ្យឃើញថា មហាទីក្រុងនៃមណ្ឌលហ៊ូពេយ ភាគកណ្ដាលរបស់ប្រទេសចិនមួយនេះ បានចាប់ផ្ដើមវិលត្រឡប់មកមានជីវិតជីវ៉ាជាថ្មីម្ដងទៀត ក្រោយពីបានបិទទីក្រុង ដើម្បីទប់ទល់នឹងជំងឺឆ្លងដោយសារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 អស់ជិត 11សប្ដាហ៍រួចមក។

ថ្ងៃពុធ(ទី8មេសា) អ្នកដំណើរនៅក្នុងស្ថានីយរថភ្លើង អ៊ូឆាង ទាំងអស់ 442នាក់ បានឡើងជិះរថភ្លើងលេខ សម្គាល់ K81 ដែលនឹងចេញដំណើរឆ្ពោះទៅទីក្រុងក្វាងចូវ ទីក្រុងឯករបស់មណ្ឌលក្វាងទុង ភាគខាងត្បូងប្រទេសចិន។

មានការប៉ាន់ប្រមាណទុកថា នឹងមានអ្នកដំណើរ ធ្វើដំណើរចេញពីទីក្រុងវូហានតាមរថភ្លើងច្រើនជាង 55,000 នាក់ ដែលប្រមាណ 40%នឹងធ្វើដំណើរឆ្ពោះទៅតំបន់ត្រីកោណតាមដងទន្លេជូចៀង ហើយនឹងមានក្បួនរថភ្លើង ដឹកអ្នកដំណើរ ដែលនឹងចេញដំណើរពីវូហាន ឆ្ពោះទៅមហានគរស៊ាងហៃ លើនជឹន និងទីក្រុងផ្សេងៗទៀតទាំងអស់ 276ក្បួនរថភ្លើង។

អង្គភាពអយស្ម័យយាន បានកំណត់ឱ្យអ្នកដំណើរត្រូវស្គែនលេខកូដសុខភាព និងពិនិត្យសីតុណ្ហភាពរាងកាយ ពេលចូលទៅក្នុងស្ថានីយ និងត្រូវពាក់ម៉ាស់អនាម័យការពារ ដើម្បីកាត់បន្ថយការប្រថុយប្រថានក្នុងការឆ្លងមេរោគ ខណៈដែលអាជ្ញាធរបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគតាមទូរថភ្លើង តាមមាត់ទ្វារ ផ្លូវចូល ផ្លូវចេញ និងនៅតាមកន្លែងរង់ចាំមុននឹងឡើងជិះរថភ្លើង ទុកមុនរួចជាស្រេចហើយ។

ក្រៅពីនេះ នៅអាកាសយានដ្ឋានអន្តរជាតិវូហាន ធៀនហ៊ើ បានចាប់ផ្ដើមត្រឡប់មកផ្ដល់សេវាកម្មជើងហោះហើរក្នុងប្រទេសឡើងវិញ ដោយបានប៉ាន់ប្រមាណថា នឹងមានជើងហោះហើរចូល-ចេញ ក្នុងថ្ងៃពុធ(ទី8មេសា) ច្រើនជាង 200ជើង។

ទាំងអស់នេះ កាលពីថ្ងៃទី23 មករា វូហានបានប្រកាសប្រើបទបញ្ជា ហាមធ្វើដំណើរ ដែលអាចនិយាយបានថា ជាការបិទទីក្រុង គ្រាប្រវត្តិសាស្ត្រមួយ ដែលគ្របដណ្ដប់លើការផ្អាកប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់ទីក្រុងទាំងមូល រួមទាំងជើងហោះហើរ និងខ្សែរថភ្លើងចេញ-ចូលទាំងអស់ ដែលទាំងអស់នេះ ជាការព្យាយាមក្នុងការការពារការឆ្លងរាលដាលរបស់មេរោគ៕

ប្រភព៖សារព័ត៌មានបរទេស

Advertisement